វិធីបំពេញតាមគោលបំណងរបស់ព្រះក្នុងជីវិតសព្វថ្ងៃនេះ
«[ព្រះគ្រិស្ត]បានសុគតជំនួសមនុស្សទាំងអស់ . . . ដើម្បីឲ្យពួកអ្នកដែលរស់នៅ មិនរស់សំរាប់តែខ្លួនឯងទៀត»។—កូរិនថូសទី២ ៥:១៥
១. សូមរៀបរាប់អំពីបទពិសោធន៍របស់សាសនទូតម្នាក់នៅតំបន់ផ្សាយរបស់គាត់។
សាសនទូតម្នាក់រំលឹកថា៖ «នៅប្រទេសមួយនាទ្វីបអាហ្វ្រិក ក្រោយសង្គ្រាមស៊ីវិលបានចប់នោះ យើងបានជិះឡានចូលទៅក្នុងភូមិដាច់ស្រយាលមួយ ហើយឡានរបស់យើងជាឡានមុនគេដែលពួកអ្នកភូមិបានឃើញដែលមិនមែនជាឡានទាហាន។ ដោយសារយើងមិនបានទទួលដំណឹងមួយរយៈពីក្រុមជំនុំនៅភូមិនោះ នេះជំរុញយើងឲ្យទៅសួរសុខទុក្ខបងប្អូននៅទីនោះ។ យើងបានដឹកជញ្ជូនឲ្យដល់ពួកគេនូវអាហារ ខោអាវនិងសៀវភៅផ្សេងៗអំពីគម្ពីរ ថែមទាំងយកកាស្សែតវីដេអូអំពីអង្គការដែលគាំទ្រពួកស្មរបន្ទាល់ព្រះយេហូវ៉ា។a យើងបានរៀបចំឲ្យមានទូរទស្សន៍និងម៉ាស៊ីនវីដេអូក្នុងខ្ទមប្រក់ស្បូវមួយខ្នង ប្រៀបដូចជារោងកុន។ មនុស្សកុះករបាននាំគ្នាមកមើលរឿងហ្នឹង ដល់ម្ល៉េះបានជាយើងត្រូវបញ្ចាំងពីរដង។ ទាំងពីរដងដែលយើងបញ្ចាំងរឿងនោះ មនុស្សច្រើនបានសូមរៀនគម្ពីរដែរ។ គឺច្បាស់ហើយថា ការប្រឹងប្រែងរបស់យើងមានលទ្ធផលល្អមែន!»។
២. (ក) ហេតុអ្វីក៏ពួកគ្រិស្តសាសនិកតាំងចិត្តយកជីវិតសព្វថ្ងៃនេះទៅបម្រើព្រះ? (ខ) តទៅនេះ តើយើងនឹងឆ្លើយសំណួរអ្វីខ្លះ?
២ ហេតុអ្វីបានជាសាសនទូតនិងគ្នីគ្នារបស់គាត់បានធ្វើការនឿយហត់បែបនោះ? គឺពីព្រោះពួកគាត់មានអំណរគុណចំពោះព្រះយេហូវ៉ា ដែលបានចាត់ព្រះយេស៊ូគ្រិស្តមកឲ្យបូជាជីវិតទ្រង់ទុកជាតម្លៃលោះ ដូច្នេះពួកគាត់បានឧទ្ទិសថ្វាយខ្លួនចំពោះព្រះ ព្រមទាំងមានចិត្តចង់រស់សមស្របទៅតាមគោលបំណងរបស់ទ្រង់ដែរ។ គ្រិស្តសាសនិកទាំងឡាយដែលបានឧទ្ទិសថ្វាយខ្លួនចំពោះព្រះ ក៏មានទស្សនៈដូចអ្នកទាំងនោះដែរ ហើយតាំងចិត្ត«មិនរស់សំរាប់តែខ្លួនឯងទៀត» តែមានបំណងធ្វើការអស់ពីសមត្ថភាព «ដោយយល់ដល់តែដំណឹងល្អ»។ (កូរិនថូសទី២ ៥:១៥; កូរិនថូសទី១ ៩:២៣) ពួកគាត់យល់ថា ពេលពិភពលោកនេះកន្លងផុតទៅ លុយនិងឈ្មោះល្បីល្បាញនឹងលែងមានតម្លៃទៀត។ ដូច្នេះ ពួកគាត់ចង់ប្រើជីវិតនិងសុខភាពល្អដែលពួកគាត់មានសព្វថ្ងៃនេះ ឲ្យស្របទៅតាមគោលបំណងរបស់ព្រះ។ (សាស្ដា ១២:១) តើយើងអាចធ្វើដូចពួកគាត់ដោយរបៀបណា? តើអ្វីនឹងជួយផ្ដល់ឲ្យយើងមានចិត្តក្លាហាននិងកម្លាំងចិត្តដើម្បីសម្រេចការនោះបាន? តើយើងអាចបម្រើព្រះយេហូវ៉ាដោយរបៀបណាខ្លះ?
ការជឿនទៅមុខដោយសម្រេចការជាបណ្ដើរៗ
៣. តើការធ្វើតាមបំណងចិត្តរបស់ព្រះយេហូវ៉ាតម្រូវឲ្យយើងសម្រេចការអ្វីខ្លះ?
៣ ពួកគ្រិស្តសាសនិកពិតមានគោលបំណងបំពេញតាមបំណងចិត្តរបស់ព្រះយេហូវ៉ាអស់មួយជីវិត។ ធម្មតានេះតម្រូវឲ្យពួកគេសម្រេចការជាបណ្ដើរៗ ដោយអានគម្ពីររាល់ថ្ងៃ ចុះឈ្មោះក្នុងសាលាកិច្ចបម្រើផ្សាយ រួមចំណែកក្នុងកិច្ចការផ្សព្វផ្សាយ ហើយក្រោយមកពួកគេក៏ទទួលការជ្រមុជទឹកផង។ ពេលដែលយើងជឿនទៅមុខ យើងក៏នឹកចាំពាក្យរបស់សាវ័កប៉ុលដែលថា៖ «ចូរឧស្សាហ៍ប្រព្រឹត្តតាមសេចក្ដីទាំងនោះ ហើយកាន់ខ្ជាប់ផង ដើម្បីឲ្យមនុស្សទាំងឡាយបានឃើញសេចក្ដីជំនឿនរបស់អ្នក»។ (ធីម៉ូថេទី១ ៤:១៥) ពួកគេខំជឿនទៅមុខ មិនមែនដោយព្រោះមានមហិច្ឆតា តែដោយសារមានគោលបំណងចង់ធ្វើតាមបំណងចិត្តរបស់ព្រះយេហូវ៉ាដោយមិនគិតពីប្រយោជន៍ខ្លួនឯង។ ការប្រព្រឹត្តបែបនោះបង្ហាញថា យើងអនុញ្ញាតឲ្យព្រះយេហូវ៉ាតម្រង់ជំហានរបស់យើងក្នុងគ្រប់លក្ខណៈនៃជីវិត ហើយការណែនាំរបស់ទ្រង់ប្រសើរជាងគំនិតរបស់យើងឆ្ងាយណាស់!—ទំនុកដំកើង ៣២:៨
៤. បើយើងចេះតែខ្វល់ខ្វាយដោយឥតហេតុ តើយើងអាចយកឈ្នះលើកង្វល់ទាំងនោះដោយរបៀបណា?
៤ ចិត្តស្ទាក់ស្ទើរនិងការខ្វល់ខ្វាយថាខ្លួនគ្មានសមត្ថភាពគ្រប់គ្រាន់នោះ អាចរារាំងជំនឿនរបស់យើងក្នុងកិច្ចបម្រើព្រះ។ (សាស្ដា ១១:៤) ដូច្នេះ ដើម្បីទទួលអំណរពិតក្នុងកិច្ចបម្រើព្រះនិងការជួយមនុស្សដទៃ ប្រហែលជាយើងត្រូវតែយកឈ្នះលើកង្វល់ក្នុងចិត្តយើងជាមុនសិន។ ជាឧទាហរណ៍ បងប្រុសម្នាក់បានគិតថាចង់ទៅជួយក្រុមជំនុំមួយដែលនិយាយភាសាបរទេស។ ប៉ុន្តែ គាត់ខ្វល់ខ្វាយថា ‹តើខ្ញុំចូលចុះនឹងបងប្អូនជនជាតិនោះទេ? តើពួកគេនឹងស្រឡាញ់ខ្ញុំឬ? ហើយតើខ្ញុំនឹងស្រឡាញ់ពួកគេឬទេ?›។ គាត់រៀបរាប់ថា «នៅទីបំផុតខ្ញុំទទួលស្គាល់ថា ខ្ញុំត្រូវយកចិត្តទុកដាក់ចំពោះបងប្អូនជាជាងគិតពីខ្លួនខ្ញុំ។ ខ្ញុំខំទប់ចិត្តកុំឲ្យខ្វល់ខ្វាយពេក ហើយបានសម្រេចចិត្តជួយបងប្អូនទាំងនោះយ៉ាងអស់ពីសមត្ថភាព ដោយមិនគិតពីប្រយោជន៍ខ្លួនឯង។ ខ្ញុំបានអធិស្ឋានសូមព្រះឲ្យជួយផង ហើយក៏ធ្វើតាមផែនការរបស់ខ្ញុំភ្លាម។ ឥឡូវនេះ ខ្ញុំមានចិត្តសប្បាយណាស់ក្នុងកិច្ចបម្រើជាមួយក្រុមជំនុំនោះ»។ (រ៉ូម ៤:២០) ត្រូវហើយ ដរាបណាដែលយើងបម្រើព្រះយេហូវ៉ានិងអ្នកដទៃដោយមិនគិតពីប្រយោជន៍ខ្លួនឯង ដរាបនោះយើងក៏នឹងមានអំណរហើយគាប់ចិត្តផង។
៥. ហេតុអ្វីក៏សំខាន់ម្ល៉េះឲ្យយើងមានផែនការក្នុងជីវិតដើម្បីបំពេញតាមគោលបំណងរបស់ព្រះ? សូមរៀបរាប់ឧទាហរណ៍មួយ។
៥ ការបំពេញតាមគោលបំណងរបស់ព្រះយេហូវ៉ាដោយជោគជ័យ ក៏តម្រូវឲ្យយើងមានផែនការក្នុងជីវិត។ យកល្អកុំឲ្យយើងខ្ចីលុយច្រើន ដែលក្រោយមកតម្រូវឲ្យយើងធ្វើការរហូតដើម្បីសងបំណុល ហើយនេះអាចដាក់កម្រិតទៅលើពេលដែលយើងអាចចំណាយក្នុងកិច្ចបម្រើព្រះ។ គម្ពីររំលឹកយើងថា៖ «អ្នកណាដែលខ្ចីគេ ជាបាវបំរើដល់អ្នកដែលឲ្យខ្ចីនោះ»។ (សុភាសិត ២២:៧) បើយើងទុកចិត្តទៅលើព្រះយេហូវ៉ា និងរក្សាទុកកិច្ចបម្រើទ្រង់ជាអាទិភាពក្នុងជីវិត នេះអាចជួយយើងឲ្យផ្ដោតអារម្មណ៍ទៅលើអ្វីដែលពិតជាសំខាន់។ ជាឧទាហរណ៍ សូមគិតអំពីបុរសម្នាក់ដែលរស់ជាមួយម្ដាយ បងស្រីម្នាក់និងប្អូនស្រីម្នាក់។ ពួកគាត់រស់នៅតំបន់ដែលផ្ទះសុទ្ធតែថ្លៃ និងពិបាករកការងារធ្វើដែរ។ ប៉ុន្តែ ពួកគាត់រស់បានដោយជួយគ្នាទៅវិញទៅមកយ៉ាងសន្សំសំចៃ សូម្បីតែពេលដែលពួកគាត់ម្នាក់ឬពីរនាក់គ្មានការងារធ្វើក្ដី។ បងប្រុសនិយាយថា៖ «ជួនកាលម្នាក់គ្មានប្រាក់ខែទេ តែយើងនៅតែធ្វើកិច្ចបម្រើជាអ្នកត្រួសត្រាយនៅឡើយ ថែមទាំងចិញ្ចឹមម្ដាយផង។ យើងសប្បាយចិត្តណាស់ដែលម្ដាយយើងមិនតម្រូវឲ្យយើងលះបង់កិច្ចបម្រើព្រះដើម្បីរកអ្វីដែលអាចនាំឲ្យគាត់មានជីវិតសម្បូរសប្បាយទេ»។—កូរិនថូសទី២ ១២:១៤; ហេព្រើរ ១៣:៥
៦. សូមរៀបរាប់ឧទាហរណ៍មួយដែលបង្ហាញពីរបៀបដែលយើងអាចកែប្រែបាន ដើម្បីឲ្យមានគោលបំណងសមស្របនឹងគោលបំណងរបស់ព្រះយេហូវ៉ា។
៦ បើយើងជាប់រវល់ក្នុងការបំពេញតាមគោលដៅរបស់ខ្លួន មិនថាការប្រមូលលុយឬការអ្វីទៀតក៏ដោយ យើងប្រហែលជាត្រូវតែកែប្រែចិត្តគំនិតរបស់យើង ទើបអាចចាត់ទុកគោលបំណងរបស់ព្រះយេហូវ៉ាជាអាទិភាពក្នុងជីវិត។ តាមធម្មតា មិនជាការងាយស្រួលទេ ឲ្យយើងកែប្រែចិត្តគំនិត។ ប៉ុន្តែ ទោះបើយើងខំកែប្រែជាលើកដំបូងនោះ ហើយបែរជាប្រព្រឹត្តដូចដើមវិញក្ដី កុំឲ្យអស់សង្ឃឹមឡើយ។ សូមគិតអំពីបុរសម្នាក់ដែលមានទម្លាប់មិនល្អ ដោយចំណាយពេលច្រើនពេកក្នុងការកម្សាន្ត។ ពេលមានវ័យជំទង់ គាត់បានរៀនគម្ពីរដែរ តែច្រើនឆ្នាំនោះ គាត់វីវក់នឹងការលេងហ្គេមវីដេអូ។ នៅថ្ងៃមួយ គាត់បានសួរខ្លួនឯងថា៖ ‹ឯងធ្វើអី? ឯងមានអាយុ៣០ឆ្នាំហើយ តែមិនដែលបំពេញគោលបំណងល្អអ្វីសោះក្នុងជីវិត!›។ គាត់ចាប់ផ្ដើមសិក្សាគម្ពីរម្ដងទៀត ហើយបានទទួលជំនួយពីបងប្អូនក្នុងក្រុមជំនុំ។ ទោះជាពិបាកក៏ដោយ គាត់ចេះតែព្យាយាម ហើយបានកែប្រែបន្ដិចម្ដងៗ។ ដោយសារគាត់អធិស្ឋានសូមជំនួយច្រើនដង និងមានជំនួយពីបងប្អូនផង នៅទីបំផុតគាត់បានយកឈ្នះលើចិត្តគំនិតដែលចេះតែវីវក់នឹងការលេងហ្គេមវីដេអូ។ (លូកា ១១:៩) ឥឡូវនេះ គាត់បម្រើការយ៉ាងសប្បាយជាអ្នកងារជំនួយ។
ចូររៀនឲ្យចេះប្រមាណកម្លាំងខ្លួន
៧. ហេតុអ្វីក៏សំខាន់ម្ល៉េះឲ្យយើងចេះប្រមាណកម្លាំងខ្លួនក្នុងកិច្ចបម្រើព្រះ?
៧ គប្បីឲ្យយើងខំបំពេញតាមគោលបំណងរបស់ព្រះយេហូវ៉ាយ៉ាងអស់ពីកម្លាំង។ កុំឲ្យយើងខ្ជិលឬមានគំនិតសំចៃកម្លាំងក្នុងកិច្ចបម្រើទ្រង់ឲ្យសោះ។ (ហេព្រើរ ៦:១១, ១២) យ៉ាងណាក្ដី ព្រះយេហូវ៉ាក៏មិនចង់ឲ្យយើងព្យាយាមរហូតដល់អស់កម្លាំងកាយកម្លាំងចិត្ត និងទាល់គំនិតឡើយ។ ពេលដែលយើងមានចិត្តរាបទាបនិងទទួលស្គាល់ថា យើងមិនអាចបំពេញកិច្ចការរបស់ព្រះយេហូវ៉ាដោយអាងកម្លាំងខ្លួនឯង នេះលើកតម្កើងទ្រង់ ហើយក៏បង្ហាញថាយើងចេះប្រមាណកម្លាំងខ្លួនដែរ។ (ពេត្រុសទី១ ៤:១១) ព្រះយេហូវ៉ាសន្យាប្រទានកម្លាំងដែលយើងត្រូវការដើម្បីធ្វើតាមបំណងចិត្តទ្រង់ តែយើងមិនគួរព្យាយាមហួសពីកម្រិតសមត្ថភាពរបស់ខ្លួន ដែលលើសពីតម្រូវការរបស់ទ្រង់ឡើយ។ (កូរិនថូសទី២ ៤:៧) យើងត្រូវតែចេះប្រមាណកម្លាំងខ្លួនដើម្បីឲ្យមានលទ្ធភាពបម្រើទ្រង់តទៅទៀត ដោយមិនធ្វើទុក្ខដល់ខ្លួន។
៨. ពេលគ្រិស្តសាសនិកម្នាក់នេះបានព្យាយាមបម្រើព្រះយេហូវ៉ាយ៉ាងអស់ពីសមត្ថភាព និងប្រកបការងារអស់ពីកម្លាំងផងដែរ តើមានលទ្ធផលអ្វី? តើបងស្រីបានកែសម្រួលជីវិតដោយធ្វើអ្វី?
៨ ជាឧទាហរណ៍ បងស្រីម្នាក់នៅទ្វីបអាស៊ីជាអ្នកត្រួសត្រាយ ហើយដំណាលគ្នានោះ គាត់ក៏ប្រកបការងារអស់រយៈពេលពីរឆ្នាំ ដែលស៊ីកម្លាំងគាត់អស់។ គាត់រៀបរាប់ថា៖ «ខ្ញុំបានព្យាយាមបម្រើព្រះយេហូវ៉ាយ៉ាងអស់ពីសមត្ថភាព ហើយក៏ខំប្រកបការងារយ៉ាងអស់ពីកម្លាំងផងដែរ។ ប៉ុន្តែ ខ្ញុំសម្រាន្តពេលយប់តែប្រាំម៉ោងប៉ុណ្ណោះ។ នៅទីបំផុត ខ្ញុំអស់កម្លាំងចិត្តដល់ម្ល៉េះបានជាខ្ជិលគិតពីការថ្វាយបង្គំ ហើយមិនសូវមានអំណរទៀតក្នុងកិច្ចបម្រើព្រះ»។ ដោយមានបំណងចង់បម្រើព្រះយេហូវ៉ាយ៉ាង‹អស់ពីចិត្ត អស់ពីព្រលឹង អស់ពីគំនិតហើយអស់ពីកំឡាំង›នោះ បងស្រីបានរកការងារផ្សេងដែលមិនស៊ីកម្លាំងពេក។ (ម៉ាកុស ១២:៣០) គាត់ពន្យល់ទៀតថា៖ «ទោះជាក្រុមគ្រួសាររបស់ខ្ញុំបានបង្ខិតបង្ខំខ្ញុំឲ្យរកលុយច្រើនក៏ដោយ ខ្ញុំបានរក្សាទុកគោលបំណងរបស់ព្រះជាអ្វីដែលមានអាទិភាពក្នុងជីវិត។ ឥឡូវ ខ្ញុំនៅតែមានប្រាក់ខែល្មមនឹងទិញអ្វីដែលចាំបាច់ ដូចជាសម្លៀកបំពាក់ជាដើម ហើយខ្ញុំក៏មានកម្លាំងច្រើនជាងដែរ ដោយព្រោះអាចដេកឆ្អែតបាន! ខ្ញុំមានអំណរច្រើនជាងក្នុងកិច្ចការផ្សព្វផ្សាយ ហើយមានចំណងមិត្តភាពល្អជាងជាមួយនឹងព្រះយេហូវ៉ាផង។ លទ្ធផលល្អទាំងអស់នេះ គឺដោយសារខ្ញុំមិនសូវជាប់រវល់នឹងអ្វីៗក្នុងពិភពលោកនេះ ដែលទាក់ទាញចិត្តនិងបំបែរអារម្មណ៍»។—សាស្ដា ៤:៦; ម៉ាថាយ ៦:២៤, ២៨-៣០
៩. តើកិច្ចការផ្សព្វផ្សាយរបស់យើងអាចមានឥទ្ធិពលយ៉ាងណាទៅលើមនុស្សដទៃ?
៩ មិនមែនបងប្អូនទាំងអស់គ្នាទេ ដែលមានលទ្ធភាពបម្រើព្រះយេហូវ៉ាជាអ្នកផ្សព្វផ្សាយពេញពេល។ ប្រសិនបើអ្នកកំពុងស៊ូទ្រាំនឹងសុខភាពមិនល្អ ភាពចាស់ជរា ឬកម្រិតសមត្ថភាពណាទៀត ចូរចាំថា ព្រះយេហូវ៉ាឲ្យតម្លៃចំពោះអ្នក ជាអ្នកដែលមានចិត្តស្មោះត្រង់ក្នុងកិច្ចបម្រើទ្រង់យ៉ាងអស់ពីចិត្ត សមស្របទៅតាមកាលៈទេសៈក្នុងជីវិតរបស់អ្នកផ្ទាល់។ (លូកា ២១:២, ៣) កុំឲ្យយើងគិតថា យើងមិនសូវមានអានុភាពទៅលើអ្នកដទៃក្នុងកិច្ចបម្រើព្រះទេ។ ជាឧទាហរណ៍ ចុះយ៉ាងណាបើយើងទៅផ្សព្វផ្សាយ តែមនុស្សដែលយើងជួបមិនបង្ហាញចំណាប់អារម្មណ៍ចំពោះសារដែលយើងប្រកាសនោះ។ យើងមិនដឹងថា ពេលដែលយើងចេញពីតំបន់នោះទៅ ម្ចាស់ផ្ទះទាំងនោះ សូម្បីតែអ្នកដែលមិនបានបើកទ្វារដើម្បីស្ដាប់យើងក្ដី ប្រហែលជាអស់ច្រើនម៉ោងឬច្រើនថ្ងៃដែលពួកគេនឹងនិយាយអំពីពេលដែលយើងបានទៅជួបពួកគេក៏មិនដឹង! យើងដឹងថា ពេលមនុស្សស្ដាប់ដំណឹងល្អ អ្នកខ្លះនឹងចាប់អារម្មណ៍ តែមិនមែនមនុស្សទាំងអស់ទេ។ (ម៉ាថាយ ១៣:១៩-២៣) អ្នកខ្លះប្រហែលជាយូរឆ្នាំក្រោយមកទើបបានចាប់ភ្លឹក ពេលដែលកាលៈទេសៈក្នុងជីវិត ឬស្ថានភាពក្នុងពិភពលោកប្រែប្រួលទៅ។ យ៉ាងណាក៏ដោយ យើងចេះតែធ្វើកិច្ចបម្រើផ្សាយយ៉ាងអស់ពីសមត្ថភាព ដែលជាកិច្ចការរបស់ព្រះ ហើយដូច្នេះយើងជា«អ្នកធ្វើការជាមួយនឹង[ទ្រង់]»។—កូរិនថូសទី១ ៣:៩
១០. តើបងប្អូនទាំងអស់គ្នាក្នុងក្រុមជំនុំអាចជួយគ្នាយ៉ាងណា?
១០ បន្ថែមទៅទៀត យើងរាល់គ្នាអាចជួយក្រុមគ្រួសាររបស់យើង និងបងប្អូនរួមជំនឿផងដែរ។ (កាឡាទី ៦:១០) យើងអាចមានឥទ្ធិពលល្អទៅលើពួកគេ ដោយជំរុញលើកទឹកចិត្តពួកគេ ហើយនេះអាចនាំឲ្យមានលទ្ធផលល្អយ៉ាងយូរផង។ (សាស្ដា ១១:១, ៦) ពេលដែលពួកអ្នកចាស់ទុំនិងអ្នកងារជំនួយបំពេញភារកិច្ចរៀងៗខ្លួនយ៉ាងអស់ពីសមត្ថភាព ពួកគាត់ជួយឲ្យបងប្អូនក្នុងក្រុមជំនុំមានចំណងមិត្តភាពរឹងមាំជាមួយព្រះយេហូវ៉ា ហើយនេះក៏ជំរុញឲ្យពួកគេទាំងអស់គ្នាមានសកម្មភាពកាន់តែច្រើនក្នុងកិច្ចការផ្សព្វផ្សាយជាគ្រិស្តសាសនិក។ ក្នុងគម្ពីរមានការធានាថា ពេលដែលយើង«ធ្វើការព្រះអម្ចាស់ឲ្យបរិបូរ» កិច្ចការនោះ«មិនមែនឥតប្រយោជន៍ទេ»។—កូរិនថូសទី១ ១៥:៥៨
ចូរចាត់ទុកការបំពេញតាមគោលបំណងរបស់ព្រះ ជាអាជីព
១១. ក្រៅពីកិច្ចបម្រើជាមួយក្រុមជំនុំនាតំបន់ខ្លួន តើយើងអាចមានឱកាសបម្រើការនៅកន្លែងណាទៀត?
១១ ជាគ្រិស្តសាសនិក យើងសប្បាយនឹងជីវិត ហើយយើងក៏ចង់ចម្រើនសិរីល្អឬលើកតម្កើងព្រះយេហូវ៉ា ក្នុងគ្រប់អ្វីៗទាំងអស់ដែលយើងធ្វើ។ (កូរិនថូសទី១ ១០:៣១) ពេលដែលយើងមានចិត្តស្មោះត្រង់ដោយខិតខំបំពេញភារកិច្ចរបស់យើងក្នុងការផ្សព្វផ្សាយដំណឹងល្អ និងការបង្រៀនមនុស្សឲ្យធ្វើតាមអ្វីៗទាំងអស់ដែលព្រះយេស៊ូបានបង្គាប់នោះ យើងក៏នឹងទទួលស្គាល់ថា វិធីបម្រើព្រះយេហូវ៉ាមានច្រើនយ៉ាង ហើយក៏នាំឲ្យមានសុភមង្គលផង។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) ក្រៅពីការបម្រើជាមួយក្រុមជំនុំនាតំបន់យើង ប្រហែលជាយើងអាចមានឱកាសទៅជួយនៅកន្លែងដែលត្រូវការអ្នកផ្សាយច្រើនជាង មិនថានៅតំបន់ផ្សេងក្នុងស្រុកកំណើត នៅប្រទេសក្រៅ ឬរៀនភាសាមួយទៀតក៏ដោយ។ ពួកអ្នកចាស់ទុំនិងអ្នកងារជំនួយដែលនៅលីវ អាចចូលសាលាបង្ហាត់ខាងកិច្ចបម្រើ ហើយក្រោយមកអាចទៅជួយក្រុមជំនុំដែលត្រូវការបងប្អូនគ្រិស្តសាសនិកដែលមានភាពចាស់ទុំ មិនថានៅស្រុករបស់ខ្លួន ឬនៅបរទេសក្ដី។ គូស្វាមីភរិយាដែលជាអ្នកផ្សព្វផ្សាយពេញពេល ប្រហែលជាមានលក្ខណៈគ្រប់គ្រាន់ដើម្បីចូលរៀននៅឯសាលាគីលាត ហើយក្រោយមកអាចបម្រើការជាសាសនទូតនៅប្រទេសផ្សេង។ ហើយអង្គការរបស់យើងតែងតែត្រូវការបុគ្គលិកដែលស្ម័គ្រចិត្តធ្វើការនៅឯការិយាល័យបេតអែល ព្រមទាំងធ្វើកិច្ចការសាងសង់និងជួសជុលសាលប្រជុំនិងការិយាល័យសាខានានាផង។
១២, ១៣. (ក) តើអ្វីនឹងជួយអ្នកឲ្យសម្រេចចិត្តបំពេញតាមកិច្ចបម្រើមួយណា? (ខ) សូមរៀបរាប់បទពិសោធន៍មួយដែលបង្ហាញថា សមត្ថភាពដែលយើងមានក្នុងកិច្ចបម្រើម្យ៉ាង អាចមានប្រយោជន៍ក្នុងកិច្ចបម្រើឯទៀតដែរ។
១២ តើអ្នកគួរជ្រើសរើសបំពេញតាមកិច្ចបម្រើបែបណា? ក្នុងនាមជាអ្នកបម្រើព្រះយេហូវ៉ាដែលបានឧទ្ទិសថ្វាយខ្លួនចំពោះទ្រង់ ចូរស្វែងរកការណែនាំពីទ្រង់និងអង្គការរបស់ទ្រង់។ «វិញ្ញាណដ៏ល្អ»ឬសកម្មពលរបស់ព្រះយេហូវ៉ានឹងជួយអ្នកឲ្យធ្វើការសម្រេចចិត្តល្អ។ (នេហេមា ៩:២០) តាមធម្មតា កិច្ចបម្រើម្យ៉ាងបើកផ្លូវឲ្យយើងធ្វើកិច្ចបម្រើឯទៀត ហើយក្រោយៗមក បទពិសោធន៍និងសមត្ថភាពដែលយើងមានក្នុងកិច្ចបម្រើម្យ៉ាង ក៏ច្រើនតែមានប្រយោជន៍ក្នុងកិច្ចបម្រើឯទៀតដែរ។
១៣ ជាឧទាហរណ៍ បងប្រុសម្នាក់និងភរិយារបស់គាត់ជួយសាងសង់និងជួសជុលសាលប្រជុំផ្សេងៗជាញឹកញាប់។ ក្រោយខ្យល់ព្យុះដែលគេដាក់ឈ្មោះកាទ្រីណានោះ បានបោកបក់សហរដ្ឋអាម៉េរិកប៉ែកខាងត្បូង បងប្រុសនិងបងស្រីនេះបានចុះឈ្មោះជាអ្នកដែលស្ម័គ្រចិត្តជួយ។ បងប្រុសរៀបរាប់ថា៖ «យើងមានអំណរយ៉ាងខ្លាំង ពេលមានឱកាសជួយបងប្អូនរបស់យើង ហើយយើងមានសមត្ថភាពជួយពីព្រោះយើងធ្លាប់ធ្វើការសាងសង់សាលប្រជុំ។ យើងមានចិត្តរំភើបណាស់ ដោយសារបងប្អូនដែលយើងបានជួយនោះ បានបង្ហាញអំណរគុណយ៉ាងខ្លាំងចំពោះយើង។ អង្គការឯទៀតដែលមានផែនការជួយសាងសង់ផ្ទះឲ្យជនរងគ្រោះ មិនបានសម្រេចការច្រើនប៉ុន្មានទេ។ ប៉ុន្តែ ស្មរបន្ទាល់ព្រះយេហូវ៉ាបានសាងសង់និងជួសជុលផ្ទះជាង៥.៣០០ខ្នងរួចហើយ ថែមទាំងសាលប្រជុំជាច្រើនផងដែរ។ មនុស្សដទៃឃើញអ្វីដែលយើងបានធ្វើនោះ ហើយឥឡូវពួកគេក៏ចាប់អារម្មណ៍កាន់តែច្រើនចំពោះសារដែលយើងផ្សព្វផ្សាយ»។
១៤. បើអ្នកប្រាថ្នាចង់ធ្វើកិច្ចបម្រើព្រះពេញពេលដែរ តើអ្នកគួរធ្វើអ្វីខ្លះ?
១៤ តើអ្នកអាចបំពេញតាមគោលបំណងរបស់ព្រះយេហូវ៉ាដោយចាត់ទុកកិច្ចបម្រើពេញពេលជាអាជីពបានទេ? ធ្វើដូច្នេះ អ្នកនឹងទទួលពរជាបរិបូរដែរ។ បើកាលៈទេសៈក្នុងជីវិតសព្វថ្ងៃនេះមិនហុចឱកាសឲ្យចូលរួមកិច្ចបម្រើពេញពេល ប្រហែលជាអ្នកអាចកែប្រែកាលៈទេសៈទាំងនោះ។ ចូរអធិស្ឋានដូចលោកនេហេមាដែលមានបំណងចង់ធ្វើកិច្ចបម្រើពិសេសដែរ។ គាត់អង្វរព្រះថា៖ «ឱព្រះអម្ចាស់អើយ! . . . សូមចំរើន[ឬ«ប្រទានអោយ»]ទូលបង្គំជាអ្នកបំរើទ្រង់[«ទទួលជោគជ័យនៅថ្ងៃនេះ»]»។ (នេហេមា ១:១១; ខ.ស.) រួចមក ដោយមានទំនុកចិត្តទៅលើ«ព្រះដែលស្ដាប់សេចក្ដីអធិស្ឋាន» ចូរចាត់វិធានការស្របទៅតាមសំណូមពររបស់អ្នកចុះ! (ទំនុកដំកើង ៦៥:២) បើអ្នកចង់បម្រើព្រះយេហូវ៉ាច្រើនជាង អ្នកត្រូវតែចាត់វិធានការជាមុនសិន ទើបទ្រង់អាចប្រទានពរឲ្យអ្នកបាន។ ពេលដែលអ្នកសម្រេចចិត្តធ្វើកិច្ចបម្រើព្រះពេញពេល ចូរធ្វើតាមការសម្រេចចិត្តនោះជានិច្ចចុះ! បន្ដិចម្ដងៗ អ្នកនឹងទទួលបទពិសោធន៍កាន់តែច្រើន ហើយនេះនឹងនាំឲ្យអ្នកមានអំណររឹតតែអរសប្បាយផង។
ជីវិតដែលពិតជាមានន័យខ្លឹមសារ
១៥. (ក) ពេលនិយាយជាមួយបងប្អូនដែលបានបម្រើព្រះយេហូវ៉ាអស់ជាច្រើនឆ្នាំហើយ និងអានជីវប្រវត្ដិរបស់ពួកគាត់ តើយើងអាចទទួលប្រយោជន៍អ្វីខ្លះ? (ខ) សូមរៀបរាប់អំពីជីវប្រវត្ដិរបស់បងប្អូនដែលបានលើកទឹកចិត្តអ្នកជាងគេ។
១៥ តើការបំពេញតាមគោលបំណងរបស់ព្រះយេហូវ៉ាអាចនាំឲ្យមានលទ្ធផលអ្វីខ្លះ? ចូរនិយាយជាមួយបងប្អូនខ្លះដែលបានបម្រើព្រះយេហូវ៉ាយ៉ាងយូរ ជាពិសេសបងប្អូនណាដែលបានធ្វើកិច្ចបម្រើពេញពេលច្រើនឆ្នាំទៅហើយ។ ពួកគាត់គាប់ចិត្តនិងជីវិតដែលមានន័យខ្លឹមសារណាស់! (សុភាសិត ១០:២២) ពួកគាត់នឹងប្រាប់អ្នកថា ព្រះយេហូវ៉ារមែងជួយពួកគាត់។ សូម្បីតែពេលមានការពិបាកបន្ដិច ព្រះយេហូវ៉ាតែងតែផ្ដល់អ្វីដែលពួកគាត់ត្រូវការ ហើយក៏ផ្ដល់លើសជាងនោះទៅទៀត។ (ភីលីព ៤:១១-១៣) ចាប់ពីឆ្នាំ១៩៥៥ រហូតដល់ឆ្នាំ១៩៦១ ទស្សនាវដ្ដីប៉មយាម ជាភាសាអង់គ្លេសមានអត្ថបទអំពីជីវប្រវត្ដិរបស់បងប្អូនច្រើននាក់ដែលមានចិត្តស្មោះត្រង់ក្នុងកិច្ចបម្រើពេញពេល។ អត្ថបទទាំងនោះមានចំណងជើងថា «ការបំពេញតាមគោលបំណងរបស់ខ្ញុំក្នុងជីវិតនេះ» (“Pursuing My Purpose in Life”)។ ក្នុងទស្សនាវដ្ដីប៉មយាម បន្តបន្ទាប់ពីឆ្នាំទាំងនោះ ក៏មានអត្ថបទរាប់រយទៀតជាជីវប្រវត្ដិរបស់បងប្អូនផ្សេងៗ។ អត្ថបទទាំងអស់នោះ បង្ហាញពីចិត្តខ្នះខ្នែងនិងអំណររបស់បងប្អូនយើង ហើយរំលឹកយើងពីកំណត់ហេតុក្នុងសៀវភៅកិច្ចការក្នុងគម្ពីរ។ ពេលដែលយើងអានជីវប្រវត្ដិរបស់បងប្អូនទាំងប៉ុន្មាននោះ យើងក៏នឹងលាន់មាត់ថា ‹ខ្ញុំចង់ពិសោធអ្វីដូចគាត់ដែរ!›។
១៦. តើអ្វីនាំឲ្យពួកគ្រិស្តសាសនិកមានជីវិតសប្បាយដែលមានន័យខ្លឹមសារ?
១៦ បងប្រុសសាសនទូតដែលរៀបរាប់ពីបទពិសោធន៍របស់គាត់នៅដើមអត្ថបទនេះក៏រំលឹកថា៖ «ពេលនៅប្រទេសមួយនាទ្វីបអាហ្វ្រិកនោះ ខ្ញុំបានជួបយុវវ័យច្រើននាក់ដែលកំពុងធ្វើដំណើរកាត់ស្រុកនោះឯង ដោយសង្ឃឹមថាអាចស្វែងយល់អំពីគោលបំណងនៃជីវិត។ ប៉ុន្តែ ភាគច្រើនរកមិនឃើញគោលបំណងអ្វីទេ។ រីឯយើងវិញ យើងបានទៅស្រុកនោះដើម្បីបំពេញតាមគោលបំណងរបស់ព្រះ ដោយផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ទ្រង់ ហើយនេះបាននាំឲ្យយើងមានជីវិតដែលមានន័យខ្លឹមសារ សូម្បីតែពេលដែលមានការពិបាកក្ដី។ យើងបានពិសោធខ្លួនឯងថា ពេលដែលយើងឲ្យដល់អ្នកដទៃ នេះពិតជានាំឲ្យមានពរច្រើនជាងទទួល»។—កិច្ចការ ២០:៣៥
១៧. ហេតុអ្វីក៏សំខាន់ម្ល៉េះឲ្យយើងបំពេញតាមគោលបំណងរបស់ព្រះក្នុងជីវិតសព្វថ្ងៃនេះ?
១៧ ចុះយ៉ាងណាចំពោះអ្នកផ្ទាល់? តើអ្នកកំពុងបំពេញតាមគោលបំណងអ្វីក្នុងជីវិតសព្វថ្ងៃនេះ? បើអ្នកមិនមានគោលដៅជាក់លាក់ក្នុងការបំពេញតាមគោលបំណងរបស់ព្រះយេហូវ៉ា អ្នកច្បាស់ជានឹងបែរទៅជាជាប់រវល់នឹងកិច្ចការបន្ទាប់បន្សំវិញ។ តើការដេញតាមអ្វីៗក្នុងពិភពលោកនេះរបស់សាតាំងមានប្រយោជន៍ទេ? មិនយូរប៉ុន្មានទៀត ពេលដែលគ្រា«វេទនាជាខ្លាំង»ចាប់ផ្ដើមនោះ ទ្រព្យសម្បត្ដិនិងមុខមាត់ធំដុំក្នុងពិភពលោកនេះនឹងគ្មានតម្លៃអ្វីសោះ! នៅគ្រានោះ មានតែចំណងមិត្តភាពជាមួយព្រះយេហូវ៉ាប៉ុណ្ណោះ ដែលមានតម្លៃ។ ដូច្នេះ នៅពេលនោះឯង យើងនឹងមានចិត្តរីករាយមែន! ដែលយើងបានបម្រើព្រះយេហូវ៉ាព្រមទាំងអ្នកដទៃ និងបំពេញតាមគោលបំណងរបស់ទ្រង់ក្នុងជីវិតយើង។—ម៉ាថាយ ២៤:២១; វិវរណៈ ៧:១៤, ១៥
[កំណត់សម្គាល់]
a កាស្សែតវីដេអូជាភាសាអង់គ្លេសមានចំណងជើងថា Jehovah’s Witnesses—The Organization Behind the Name រៀបចំដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
តើអ្នកអាចពន្យល់បានទេ?
• តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាពេលដែលយើងបម្រើទ្រង់?
• ក្នុងកិច្ចបម្រើព្រះព្រមទាំងអ្នកដទៃ តើការចេះប្រមាណកម្លាំងខ្លួនដោយសម្រេចការជាបណ្ដើរៗអាចជួយយើងយ៉ាងណា?
• តើយើងអាចបម្រើព្រះយេហូវ៉ាដោយរបៀបណាខ្លះ?
• តើយើងត្រូវធ្វើអ្វីដើម្បីឲ្យមានគោលបំណងពិតក្នុងជីវិតសព្វថ្ងៃនេះ?
[រូបភាពនៅទំព័រ២៥]
យើងត្រូវតែចេះប្រមាណកម្លាំងខ្លួនដើម្បីបម្រើព្រះយេហូវ៉ាយ៉ាងអស់ពីចិត្តតទៅទៀត
[រូបភាពនៅទំព័រ២៦]
កិច្ចបម្រើព្រះមានច្រើនយ៉ាង