ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី១-៧ ខែវិច្ឆិកា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យ៉ូស្វេ ១៨-១៩
«របៀបដែលព្រះយេហូវ៉ាបែងចែកទឹកដីបង្ហាញពីប្រាជ្ញារបស់លោក»
it-1-E ទំ.១២០០ វ.១
មត៌ក
ទឹកដីមត៌ក។ ព្រះយេហូវ៉ាបានផ្ដល់មត៌កឲ្យជនជាតិអ៊ីស្រាអែល ហើយតាមរយៈម៉ូសេ លោកបានបែងចែកព្រំប្រទល់នៃទឹកដីមត៌កឲ្យពួកគេ។ (ជប. ៣៤:១-១២; យ៉ូស. ១:៤) កុលសម្ព័ន្ធកាដ កុលសម្ព័ន្ធរូបេន និងពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេបានទទួលទឹកដីរបស់ពួកគេពីម៉ូសេ។ (ជប. ៣២:៣៣; យ៉ូស. ១៤:៣) រីឯកុលសម្ព័ន្ធឯទៀតបានទទួលទឹកដីរបស់ពួកគេក្រោមការដឹកនាំរបស់យ៉ូស្វេនិងអេលាសារ។ (យ៉ូស. ១៤:១, ២) ស្របតាមអ្វីដែលយ៉ាកុបបានទាយទុកនៅដើមកំណើត ៤៩:៥, ៧ កុលសម្ព័ន្ធស៊ីម្មាននិងកុលសម្ព័ន្ធលេវីមិនបានទទួលទឹកដីដែលនៅដាច់ដោយឡែកពីគេនោះឡើយ។ ទឹកដី (ដែលរួមបញ្ចូលទីក្រុងមួយចំនួន) របស់កុលសម្ព័ន្ធស៊ីម្មានគឺជាមួយចំណែកនៃទឹកដីរបស់កុលសម្ព័ន្ធយូដា (យ៉ូស. ១៩:១-៩) រីឯកុលសម្ព័ន្ធលេវីវិញ បានទទួលទីក្រុងចំនួន៤៨ដែលនៅក្នុងស្រុកអ៊ីស្រាអែលទាំងមូល។ ដោយសារកុលសម្ព័ន្ធលេវីត្រូវតែងតាំងឲ្យធ្វើកិច្ចបម្រើពិសិដ្ឋនៅទីបរិសុទ្ធ នោះព្រះយេហូវ៉ាជាមត៌ករបស់ពួកគេ។ ពួកគេបានទទួល១ភាគ១០នៃវិភាគទានរបស់បណ្ដាជនអ៊ីស្រាអែលជាមត៌កសម្រាប់កិច្ចការដែលពួកគេធ្វើ។ (ជប. ១៨:២០, ២១; ៣៥:៦, ៧) ក្រុមគ្រួសារនីមួយៗបានទទួលភារកិច្ចផ្សេងៗក្នុងទឹកដីនៃកុលសម្ព័ន្ធរបស់ពួកគេ។ កាលដែលក្រុមគ្រួសារកាន់តែមានគ្នាច្រើនទៅៗ ហើយកូនប្រុសៗទទួលមត៌ករបស់ពួកគេ នោះទឹកដីក៏កាន់តែត្រូវបែងចែងឲ្យតូចទៅៗដែរ។
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-1-E ទំ.៣៥៩ វ.៥
ព្រំប្រទល់
កំណត់ហេតុអំពីការបែងចែកទឹកដីនៅខាងលិចនៃទន្លេយ៉ូដាន់បង្ហាញថាកុលសម្ព័ន្ធយូដា (យ៉ូស. ១៥:១-៦៣) យ៉ូសែប (អេប្រាអ៊ីម) (យ៉ូស. ១៦:១-១០) និងពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេ (យ៉ូស. ១៧:១-១៣) បានទទួលទឹកដីនិងទីក្រុងមុនគេ។ ក្រោយមក មើលទៅការបែងចែកទឹកដីបានផ្អាកដោយសារពួកអ៊ីស្រាអែលបានរើពីក្រុងគីលកាលទៅក្រុងស៊ីឡូរ។ (យ៉ូស. ១៤:៦; ១៨:១) យើងមិនដឹងថា៧កុលសម្ព័ន្ធបានពន្យារពេលយូរប៉ុណ្ណាទេក្នុងការទៅវាយយកទឹកដីដែលនៅសល់ ប៉ុន្តែយ៉ូស្វេបានស្ដីបន្ទោសពួកគេដោយសារពួកគេបានបង្អែបង្អង់យូរ។ (យ៉ូស. ១៨:២, ៣) មានការបកស្រាយខ្លះដែលពន្យល់អំពីមូលហេតុដែល៧កុលសម្ព័ន្ធបានពន្យារពេល។ អ្នកខ្លះនិយាយថា ដោយសារជនជាតិអ៊ីស្រាអែលមានរបស់របរជាច្រើនដែលបានរឹបអូសពីសត្រូវ ហើយពួកគេលែងខ្លាចការវាយប្រហារពីជនជាតិកាណានទៀត នេះនាំឲ្យពួកគេគិតថាការទៅវាយយកទឹកដីដែលនៅសល់គឺមិនមែនជាការបន្ទាន់ឡើយ។ មូលហេតុមួយទៀតដែលជនជាតិអ៊ីស្រាអែលពន្យារពេល គឺប្រហែលជាដោយសារតែពួកគេមិនចង់ទៅច្បាំងយកទឹកដីពីសត្រូវខ្លាំងក្លាដែលនៅស្រុកនោះ។ (យ៉ូស. ១៣:១-៧) បន្ថែមទៅទៀត ពួកអ៊ីស្រាអែលប្រហែលជាមិនសូវស្គាល់ទឹកដីដែលពួកគេនឹងទទួលនេះ ដូចទឹកដីដែលបានត្រូវបែងចែករួចទៅហើយទេ។
ថ្ងៃទី៨-១៤ ខែវិច្ឆិកា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យ៉ូស្វេ ២០-២២
«មេរៀនដែលយើងអាចរៀនពីការយល់ច្រឡំ»
w០៨-E ១៥/១១ ទំ.១៨ វ.៥
ចូរ«ខំព្យាយាមធ្វើអ្វីដែលនាំឲ្យមានសន្តិភាព»
ពួកអ៊ីស្រាអែលខ្លះប្រហែលជាមានអារម្មណ៍ថា ពួកគេមានភ័ស្តុតាងគ្រប់គ្រាន់ហើយពីអំពើខុសឆ្គងរបស់កុលសម្ព័ន្ធបីដែលនៅខាងកើតទន្លេយ៉ូដាន់ និងថាបើពួកគេទៅវាយប្រហារស្ងាត់ៗ នោះនឹងមិននាំឲ្យមានមនុស្សស្លាប់ច្រើនទេ។ ប៉ុន្តែ ជាជាងទៅវាយប្រហារដោយមិនបានគិតវែងឆ្ងាយ កុលសម្ព័ន្ធនៅខាងលិចបានចាត់អ្នកតំណាងឲ្យទៅពិភាក្សាអំពីបញ្ហានេះសិន។ ពួកគេសួរថា៖ «ហេតុអ្វីបានជាពួកអ្នកប្រព្រឹត្តមិនស្មោះត្រង់ចំពោះព្រះនៃជនជាតិអ៊ីស្រាអែលដូច្នេះ?»។ តាមពិត កុលសម្ព័ន្ធដែលបានសង់ទីបូជាមិនបានប្រព្រឹត្តដោយមិនស្មោះត្រង់នោះឡើយ។ ដូច្នេះ តើពួកគេមានប្រតិកម្មយ៉ាងណាចំពោះការចោទប្រកាន់នេះ? តើពួកគេនឹងខឹងច្រឡោត ឬឈប់និយាយរកអ្នកចោទប្រកាន់ឬទេ? កុលសម្ព័ន្ធទាំងបីនោះបានតបឆ្លើយដោយស្លូតបូត ដោយបញ្ជាក់យ៉ាងច្បាស់ថាអ្វីដែលពួកគេបានធ្វើគឺដោយសារតែពួកគេចង់បម្រើព្រះយេហូវ៉ាប៉ុណ្ណោះ។ ការតបឆ្លើយរបស់ពួកគេបានរក្សាចំណងមិត្តភាពដែលពួកគេមានជាមួយព្រះ ហើយក៏បានសង្គ្រោះជីវិតផងដែរ។ ការពិគ្រោះគ្នាដោយចិត្តស្ងប់បានដោះស្រាយបញ្ហា ហើយនាំឲ្យមានសន្តិភាពឡើងវិញ។—យ៉ូស. ២២:១៣-៣៤
ថ្ងៃទី១៥-២១ ខែវិច្ឆិកា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យ៉ូស្វេ ២៣-២៤
«យ៉ូស្វេដាស់តឿនបណ្ដាជនជាលើកចុងក្រោយ»
it-1-E ទំ.៧៥
ការចងសម្ព័ន្ធភាព
ពេលដែលជនជាតិអ៊ីស្រាអែលចូលស្រុកកាណានដែលជាស្រុកសន្យា នោះពួកគេមានស្ថានភាពខុសពីមុន។ ដោយសារព្រះបានផ្ដល់ឲ្យពួកគេនូវសិទ្ធិពេញលេញដើម្បីទទួលទឹកដីនោះជាមត៌ក ដូចដែលលោកបានសន្យានឹងបុព្វបុរសរបស់ពួកគេ ដូច្នេះ ពួកគេមិនចូលស្រុកនោះក្នុងនាមជាជនបរទេសទេ។ ព្រះយេហូវ៉ាបានហាមពួកគេមិនឲ្យចងសម្ព័ន្ធភាពដោយចំណងអាពាហ៍ពិពាហ៍ជាមួយនឹងសាសន៍ដែលគោរពប្រណិប័តន៍ព្រះមិនពិតក្នុងទឹកដីនោះជាដាច់ខាត។ (ដច. ២៣:៣១-៣៣; ៣៤:១១-១៦) ជនជាតិអ៊ីស្រាអែលត្រូវធ្វើតាមច្បាប់និងបញ្ញត្តិរបស់ព្រះប៉ុណ្ណោះ មិនមែនរបស់សាសន៍ដែលនឹងត្រូវបណ្ដេញចេញឡើយ។ (ចល. ១៨:៣, ៤; ២០:២២-២៤) ពួកគេបានត្រូវព្រមានមិនឲ្យចងសម្ព័ន្ធភាពជាមួយនឹងសាសន៍ដ៏ទៃដោយចំណងអាពាហ៍ពិពាហ៍ឡើយ។ ការធ្វើដូច្នេះនឹងមិនត្រឹមតែនាំឲ្យពួកគេមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រពន្ធដែលគោរពព្រះក្លែងក្លាយប៉ុណ្ណោះទេ តែក៏រួមបញ្ចូលសាច់ញាតិនិងទំនៀមទម្លាប់សាសនាមិនពិតដែរ។ ជាលិទ្ធផល នេះជាអន្ទាក់ដែលអាចបណ្ដាលឲ្យពួកគេក្បត់ជំនឿ។—បច. ៧:២-៤; ដច. ៣៤:១៦; យ៉ូស. ២៣:១២, ១៣
ថ្ងៃទី២២-២៨ ខែវិច្ឆិកា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | អ្នកសម្រេចក្ដី ១-៣
រឿងមួយអំពីចិត្តក្លាហានដែលគួរឲ្យចាប់អារម្មណ៍
w០៤-E ១៥/៣ ទំ.៣១ វ.៣
អ៊ីហឺតបានបំបាក់នឹមនៃអ្នកជិះជាន់
ការជោគជ័យរបស់អ៊ីហឺតមិនមែនដោយសារតែភាពឈ្លាសវៃរបស់គាត់ ឬដោយសារសត្រូវរបស់គាត់គ្មានសមត្ថភាពនោះទេ។ ប៉ុន្តែការនេះបានជោគជ័យមិនមែនអាស្រ័យទៅលើមនុស្សនោះឡើយ។ មូលហេតុសំខាន់ដែលអ៊ីហឺតទទួលបានជោគជ័យគឺដោយសារមានការគាំទ្រពីព្រះ និងដោយសារគាត់បានប្រព្រឹត្តតាមបំណងប្រាថ្នារបស់ព្រះក្នុងការរំដោះរាស្ត្ររបស់លោក។ ព្រះបានតែងតាំងអ៊ីហឺត ហើយ«រាល់ដងដែលព្រះយេហូវ៉ាតែងតាំងអ្នកសម្រេចក្ដីណាម្នាក់សម្រាប់[រាស្ត្ររបស់លោក] ព្រះយេហូវ៉ាតែងនៅជាមួយនឹងអ្នកនោះ»។—អ្នកសម្រេចក្ដី ២:១៨; ៣:១៥
w០៤-E ១៥/៣ ទំ.៣០ វ.១-៣
អ៊ីហឺតបានបំបាក់នឹមនៃអ្នកជិះជាន់
ជំហានដំបូងរបស់អ៊ីហឺតគឺជាការរៀបចំ«ដាវមួយដែលមានមុខពីរ» គឺជាដាវដែលមានប្រវែងខ្លីល្មមដើម្បីលាក់ក្នុងសម្លៀកបំពាក់។ គាត់ប្រហែលបានដឹងទុកជាមុនហើយ ថាគេនឹងឆែកគាត់។ ធម្មតាគេដាក់ដាវនៅចង្កេះខាងឆ្វេងខ្លួន ព្រោះនេះងាយស្រួលសម្រាប់អ្នកដែលប្រើដៃស្ដាំពេលត្រូវការដកដាវភ្លាមៗ។ ដោយសារអ៊ីហឺតប្រើដៃឆ្វេង ដូច្នេះគាត់បាន«ក្រវាត់ដាវនោះនៅភ្លៅស្ដាំក្រោមអាវរបស់គាត់» ជាកន្លែងដែលទាហានមិនបានឆែកឆេរ។ ដូច្នេះដោយគ្មានឧបសគ្គ «អ៊ីហឺតបានយកសួយអាករទៅឲ្យ . . . អេកឡូនស្ដេចស្រុកម៉ូអាប់»។—អ្នកសម្រេចក្ដី ៣:១៦, ១៧
មិនមានព័ត៌មានល្អិតល្អន់អំពីដំណាក់របស់ស្ដេចអេកឡូននោះទេ។ គម្ពីរគ្រាន់តែរៀបរាប់ថា៖ «ក្រោយពីឲ្យសួយអាកររួចរាល់ហើយ អ៊ីហឺតនិងពួកបុរសដែលមកជាមួយ ក៏ចាកចេញទៅវិញ»។ (អ្នកសម្រេចក្ដី ៣:១៨) ក្រោយពីអ៊ីហឺតបានជូនសួយអាករ គាត់និងពួកបុរសបានដើរចេញពីដំណាក់របស់ស្ដេចអេកឡូន តែក្រោយមកគាត់ក៏បានត្រលប់មកវិញម្នាក់ឯង។ ហេតុអ្វីបានជាគាត់ធ្វើដូច្នេះ? តើគាត់ត្រូវការពួកបុរសទាំងនោះដើម្បីការពារគាត់ ឬក៏គ្រាន់តែឲ្យពួកគេជួយយកសួយអាករប៉ុណ្ណោះ? ហើយតើគាត់ពិតជាមិនចង់ឲ្យពួកបុរសទាំងនោះមានគ្រោះថ្នាក់ដោយសារគម្រោងរបស់គាត់ឬ? មិនថាអ៊ីហឺតបានគិតយ៉ាងណាក៏ដោយ គាត់បានត្រឡប់មកវិញដោយក្លាហានតែម្នាក់ឯង។
«ពេលធ្វើដំណើរទៅដល់ក្រុងគីលកាលនៅម្ដុំរូបសំណាក អ៊ីហឺតបានត្រឡប់មកជួបអេកឡូនវិញ។ គាត់និយាយទៅអេកឡូនថា៖ ‹ឱស្ដេចជាម្ចាស់ ខ្ញុំមានសារសម្ងាត់ចង់ជម្រាបលោក›»។ គម្ពីរមិនបានប្រាប់យ៉ាងល្អិតល្អន់ពីរបៀបដែលគាត់បានចូលក្នុងដំណាក់ស្ដេចនោះទេ។ តើទាហានមិនបានសង្ស័យគាត់ទេឬ? តើពួកគេគិតថាជនជាតិអ៊ីស្រាអែលម្នាក់អាចធ្វើឲ្យស្ដេចរបស់ពួកគេមានគ្រោះថ្នាក់បានដែរឬទេ? កាលដែលគាត់ត្រឡប់មកវិញតែម្នាក់ឯង តើនេះនាំឲ្យពួកទាហានគិតថាគាត់បានក្បត់ជនរួមជាតិរបស់គាត់ឬ? ទោះជាដោយសារមូលហេតុអ្វីក៏ដោយ អ៊ីហឺតនៅតែមានឱកាសនៅជាមួយស្ដេចតែពីរនាក់។—អ្នកសម្រេចក្ដី ៣:១៩
ថ្ងៃទី២៩ ខែវិច្ឆិកា–ថ្ងៃទី៥ ខែធ្នូ
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | អ្នកសម្រេចក្ដី ៤-៥
«ព្រះយេហូវ៉ាប្រើស្ត្រីពីរនាក់ដើម្បីសង្គ្រោះរាស្ត្ររបស់លោក»
w១៥-E ១/៨ ទំ.១៣ វ.១
ខ្ញុំ«បានត្រូវតែងតាំងឲ្យធ្វើជាម្ដាយរបស់ជនជាតិអ៊ីស្រាអែល»
ស៊ីសេរ៉ា! គឺជាឈ្មោះដែលនាំឲ្យជនជាតិអ៊ីស្រាអែលភ័យខ្លាចយ៉ាងខ្លាំង។ សាសនានិងវប្បធម៌របស់ជនជាតិកាណានគឺសាហាវឃោរឃៅណាស់ ដោយសារពួកគេបូជាកូនក្មេងហើយមានអំពើពេស្យាចារនៅឯវិហារ។ តើការដែលមានមេទ័ពនិងទាហានរបស់ជនជាតិកាណានគ្រប់គ្រងនៅលើទឹកដីនោះ នឹងនាំឲ្យមានស្ថានភាពបែបណា? តាមរយៈបទចម្រៀងរបស់ដេបូរ៉ាបង្ហាញថា ជនជាតិអ៊ីស្រាអែលមិនអាចធ្វើដំណើរសូម្បីតែនៅក្នុងតំបន់ជិតៗក្ដី ហើយពួកគេមានជីវិតរស់នៅដែលពិបាក។ (អ្នកសម្រេចក្ដី ៥:៦, ៧) យើងអាចស្រមៃឃើញថា បណ្ដាជនអ៊ីស្រាអែលពួនខ្លួននៅក្នុងព្រៃនិងនៅតាមភ្នំ ហើយពួកគេមានការភ័យខ្លាចក្នុងការធ្វើចម្ការឬរស់នៅក្នុងភូមិតូចៗ មិនតែប៉ុណ្ណោះពួកគេក៏មិនហ៊ានធ្វើដំណើរតាមផ្លូវធំៗដែរ ពីព្រោះពួកគេខ្លាចពួកទាហានជនជាតិកាណានចាប់កូនក្មេង និងចាប់ពួកស្រីៗយកទៅរំលោភ។
w១៥-E ១/៨ ទំ.១៣ វ.២
ខ្ញុំ«បានត្រូវតែងតាំងឲ្យធ្វើជាម្ដាយរបស់ជនជាតិអ៊ីស្រាអែល»
ជនជាតិអ៊ីស្រាអែលបានត្រូវសង្កត់សង្កិនយ៉ាងព្រៃផ្សៃ អស់រយៈពេល២០ឆ្នាំ រហូតដល់ព្រះយេហូវ៉ាបានឃើញភ័ស្តុតាងដែលបញ្ជាក់ថា រាស្ត្រដ៏រឹងរូសរបស់លោកបានប្រែចិត្ត ដូចចម្រៀងអំពីដេបូរ៉ានិងបារ៉ាក់ដែលរៀបរាប់ថា៖ «រហូតដល់ខ្ញុំជាដេបូរ៉ាបានត្រូវតែងតាំង គឺបានត្រូវតែងតាំងឲ្យធ្វើជាម្ដាយរបស់ជនជាតិអ៊ីស្រាអែល»។ យើងមិនដឹងថាដេបូរ៉ាដែលជាប្រពន្ធរបស់ឡាពិដូត គឺជាម្ដាយពិតប្រាកដនោះទេ ប៉ុន្តែពាក្យថាម្ដាយរបស់ជនជាតិអ៊ីស្រាអែលគឺក្នុងន័យធៀប។ តាមពិត ព្រះយេហូវ៉ាបានតែងតាំងដេបូរ៉ាឲ្យការពារជនជាតិអ៊ីស្រាអែល ដូចម្ដាយដែលការពារកូន។ លោកបានបង្គាប់គាត់ឲ្យហៅបុរសដ៏ខ្លាំងក្លាម្នាក់ដែលមានជំនឿរឹងមាំឈ្មោះបារ៉ាក់ដើម្បីទៅច្បាំងនឹងស៊ីសេរ៉ា។—អ្នកសម្រេចក្ដី ៤:៣, ៦, ៧; ៥:៧
w១៥-E ១/៨ ទំ.១៥ វ.២
ខ្ញុំ«បានត្រូវតែងតាំងឲ្យធ្វើជាម្ដាយរបស់ជនជាតិអ៊ីស្រាអែល»
យ៉ាអែលត្រូវធ្វើការសម្រេចចិត្តភ្លាមៗ។ នាងបានផ្ដល់កន្លែងឲ្យស៊ីសេរ៉ាសម្រាក។ ស៊ីសេរ៉ាបានបង្គាប់នាងមិនឲ្យប្រាប់អ្នកណាអំពីកន្លែងដែលគាត់លាក់ខ្លួន។ នាងបានយកភួយដណ្ដប់ឲ្យគាត់ ហើយពេលគាត់សុំទឹកនាងផឹក នាងបានយកទឹកដោះឲ្យគាត់ផឹក។ មិនយូរក្រោយមក ស៊ីសេរ៉ាបានដេកលង់លក់បាត់ទៅ។ រួចមកយ៉ាអែលបានយកឧបករណ៍ដែលស្ត្រីធ្លាប់រស់នៅក្នុងត្រសាល ប្រើជាញឹកញយដោយប៉ិនប្រសប់គឺ ស្នឹងនិងញញួរ។ កាលដែលនាងកំពុងដើរលបៗទៅជិតក្បាលរបស់ស៊ីសេរ៉ា នាងភ័យខ្លាចយ៉ាងខ្លាំងព្រោះឥឡូវនាងមានភារកិច្ចធ្វើជាអ្នកពិឃាតសម្រាប់ព្រះយេហូវ៉ា។ បើសិនជានាងស្ទាក់ស្ទើរឬបង្អែបង្អង់សូម្បីតែបន្តិច នោះនាងអាចបាត់បង់ជីវិតបាន។ តើនាងបានគិតអំពីរាស្ត្ររបស់ព្រះនិងរបៀបដែលបុរសម្នាក់នេះបានប្រព្រឹត្តទៅលើពួកគេយ៉ាងឃោរឃៅដែរឬទេ? ឬតើនាងបានគិតអំពីឯកសិទ្ធិដែលនាងមានក្នុងការគាំទ្រព្រះយេហូវ៉ា? កំណត់ហេតុនេះមិនបានរៀបរាប់អំពីរឿងនោះទេ។ ប៉ុន្តែយើងគ្រាន់តែដឹងថាមិនយូរក្រោយមក នាងបានសម្លាប់ស៊ីសេរ៉ា។—អ្នកសម្រេចក្ដី ៤:១៨-២១; ៥:២៤-២៧
ថ្ងៃទី៦-១២ ខែធ្នូ
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | អ្នកសម្រេចក្ដី ៦-៧
«ចូរចេញទៅ ហើយប្រើកម្លាំងដែលអ្នកមានចុះ»
w០២-E ១៥/២ ទំ.៦-៧
គោលការណ៍របស់ព្រះមានប្រយោជន៍សម្រាប់អ្នក
គេឌានដែលជាអ្នកសម្រេចក្ដីម្នាក់ក្នុងចំណោមជនជាតិហេប្រឺសម័យបុរាណ ជាបុគ្គលដែលមានទស្សនៈត្រឹមត្រូវអំពីខ្លួន។ គាត់មិនចង់បានតំណែងជាអ្នកដឹកនាំក្នុងសាសន៍អ៊ីស្រាអែលនោះទេ។ ប៉ុន្តែ ពេលដែលគាត់បានត្រូវតែងតាំងឲ្យបំពេញតួនាទីនេះ គេឌានមានអារម្មណ៍ថាខ្លួនមិនសាកសមនឹងតួនាទីនេះឡើយ។ គាត់ពន្យល់ថា៖ «ពូជពង្សខ្ញុំតូចទាបជាងគេក្នុងកុលសម្ព័ន្ធម៉ាណាសេ ហើយក្នុងក្រុមគ្រួសាររបស់ឪពុកខ្ញុំ ខ្ញុំមិនមែនជាមនុស្សសំខាន់អ្វីទេ»។—អ្នកសម្រេចក្ដី ៦:១២-១៦
w០៥-E ១៥/៧ ទំ.១៦ វ.៣
«ចម្បាំងរបស់ព្រះយេហូវ៉ានិងរបស់គេឌាន!»
ឥឡូវពួកសាសន៍ម៉ាឌានភ័យខ្លាចយ៉ាងខ្លាំង! ភ្លាមៗ ស្រាប់តែឮសំឡេងមនុស្ស៣០០នាក់បំបែកក្អម៣០០ ផ្លុំត្រែ និងស្រែកយ៉ាងខ្លាំងៗថា៖ «ចម្បាំងរបស់ព្រះយេហូវ៉ានិងរបស់គេឌាន!»។ ពួកសាសន៍ម៉ាឌានបានស្រឡាំងកាំងពេលដែលឮដូច្នេះ ហើយស្រែកយ៉ាងស្លន់ស្លោ។ ក្នុងស្ថានភាពដ៏ច្របូកច្របល់នេះ ពួកគេមិនដឹងថាអ្នកណាជាមិត្ត និងអ្នកណាជាសត្រូវរបស់ពួកគេឡើយ។ បុរស៣០០នាក់នោះបានឈរស្ងៀមនៅកន្លែងដដែល កាលដែលព្រះបណ្ដាលឲ្យពួកសត្រូវយកដាវរបស់ខ្លួនមកកាប់សម្លាប់គ្នាទៅវិញទៅមក។ ជំរុំបានត្រូវបែកខ្ញែក ពួកគេគ្មានកន្លែងគេចខ្លួនទេ ហើយពួកអ៊ីស្រាអែលបានដេញតាមសម្លាប់ពួកសត្រូវទាល់តែអស់។ ការឈ្លានពានមកយកទឹកដីរបស់ពួកអ៊ីស្រាអែលបានមកដល់ទីបញ្ចប់។—អសក. ៧:១៩-២៥; ៨:១០-១២, ២៨
ថ្ងៃទី១៣-១៩ ខែធ្នូ
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | អ្នកសម្រេចក្ដី ៨-៩
«ចិត្តរាបទាបប្រសើរជាងចិត្តអំណួត»
w០០-E ១៥/៨ ទំ.២៥ វ.៣
តើអ្នកធ្វើយ៉ាងណាពេលមានការទាស់ទែងគ្នា?
គេឌានបានច្បាំងជាមួយពួកម៉ាឌាន ហើយក្រោយមកបានសុំជំនួយពីកុលសម្ព័ន្ធអេប្រាអ៊ីម។ ប៉ុន្តែ ក្រោយចម្បាំង កុលសម្ព័ន្ធអេប្រាអ៊ីមបានខឹងនឹងគេឌាន ដោយសារគាត់មិនបានហៅពួកគេមកច្បាំងតាំងពីដំបូង។ កំណត់ហេតុនេះរៀបរាប់ថា៖ «ពួកគេបានតវ៉ានឹងគេឌានយ៉ាងខ្លាំង»។ ប៉ុន្តែ គេឌានបានតបថា៖ «តើអ្វីដែលខ្ញុំធ្វើអាចប្រៀបស្មើនឹងអ្វីដែលអ្នករាល់គ្នាធ្វើឬ? កិច្ចការទាំងអស់ដែលយើងខ្ញុំជាកូនចៅអាប៊ីអ៊ីសឺបានធ្វើ មិនស្មើនឹងកិច្ចការបន្តិចបន្តួចដែលអ្នករាល់គ្នាជាកុលសម្ព័ន្ធអេប្រាអ៊ីមបានធ្វើឡើយ។ ព្រះបានប្រគល់អូរេបនិងសៀបដែលជាអ្នកគ្រប់គ្រងរបស់ពួកម៉ាឌាន ទៅក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា។ តើអ្វីដែលខ្ញុំបានធ្វើអាចប្រៀបស្មើនឹងអ្វីដែលអ្នករាល់គ្នាបានធ្វើដូចម្ដេចបាន?»។ (អសក. ៨:១-៣) ការតបឆ្លើយដោយស្លូតបូតរបស់គេឌាន បានជួយមិនឲ្យមានជម្លោះរវាងកុលសម្ព័ន្ធទាំងពីរនេះ។ ពួកកុលសម្ព័ន្ធអេប្រាអ៊ីមប្រហែលជាគិតថាខ្លួនសំខាន់ ហើយមានអំណួត។ ប៉ុន្តែ នេះមិនបណ្ដាលឲ្យគេឌានឈប់ព្យាយាមធ្វើឲ្យមានសន្តិភាពនោះឡើយ។ តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-1-E ទំ.៧៥៣ វ.១
អេផូឌ
ទោះបីជាគេឌានមានបំណងចិត្តល្អ ដោយយកអាវអេផូឌមកតាំងដើម្បីរំលឹកអំពីជ័យជម្នះដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យពួកអ៊ីស្រាអែល ហើយលើកតម្កើងព្រះក៏ដោយ តែក្រោយមកអាវនោះ«បានទៅជាអន្ទាក់ដល់គេឌាននិងពួកអ្នកផ្ទះរបស់គាត់»វិញ ដោយសារពួកគេបានគោរពបូជាអាវនោះ។ (អសក. ៨:២៧) ប៉ុន្តែ គម្ពីរមិនបានចែងថាគេឌានបានគោរពបូជាអាវនោះដែរទេ ផ្ទុយទៅវិញ សាវ័កប៉ូលបានលើកឡើងឈ្មោះរបស់គាត់ក្នុងចំណោមពួក«សាក្សីមួយក្រុមធំ»ដែលបានបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់មុនសម័យគ្រិស្តសាសនិក។—ហេ. ១១:៣២; ១២:១
ថ្ងៃទី២០-២៦ ខែធ្នូ
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | អ្នកសម្រេចក្ដី ១០-១២
it-2-E ទំ.២៧ វ.២
យែបថា
យែបថាបានចាត់វិធានការភ្លាមៗ ហើយចាប់ផ្ដើមដឹកនាំជនជាតិអ៊ីស្រាអែល។ គាត់បានចាត់អ្នកនាំសារឲ្យទៅប្រាប់ស្ដេចជនជាតិអាំម៉ូនថា ពួកគេជាអ្នកឈ្លានពានស្រុកអ៊ីស្រាអែល។ ស្ដេចជនជាតិអាំម៉ូនក៏បានតបវិញថា ជនជាតិអ៊ីស្រាអែលជាអ្នកឈ្លានពានយកទឹកដីរបស់ជនជាតិអាំម៉ូនមុន។ (អសក. ១១:១២, ១៣) យែបថាបានបង្ហាញថា គាត់មិនមែនជាមេទ័ពដែលគ្មានចំណេះដឹងនោះឡើយ តែគាត់គឺជាអ្នកដែលយល់ច្បាស់អំពីប្រវត្តិសាស្ត្រ ជាពិសេសអំពីទំនាក់ទំនងរបស់ព្រះជាមួយនឹងរាស្ត្រលោក។ គាត់បានបដិសេធហេតុផលរបស់ជនជាតិអាំម៉ូនដោយបង្ហាញថា (១) ពួកអ៊ីស្រាអែលមិនបានប្រយុទ្ធប្រឆាំងនឹងពួកអាំម៉ូន ពួកម៉ូអាប់ ឬពួកអេដំទេ។ (អសក. ១១:១៤-១៨; បច. ២:៩, ១៩, ៣៧; ២ប្រ. ២០:១០, ១១) (២) ជនជាតិអាំម៉ូនមិនបានរស់នៅក្នុងទឹកដីនោះ ពេលដែលពួកអ៊ីស្រាអែលបានធ្វើការដណ្ដើមយកទឹកដីនោះឡើយ ដោយសារទឹកដីនោះនៅក្នុងកណ្ដាប់ដៃរបស់ជនជាតិកាណាន សាសន៍អាម៉ូរី។ ព្រះបានប្រគល់ស្ដេចស៊ីហុន និងទឹកដីរបស់គាត់ឲ្យជនជាតិអ៊ីស្រាអែល។ (៣) ជនជាតិអាំម៉ូនមិនបានបដិសេធពេលដែលជនជាតិអ៊ីស្រាអែលបានចូលទឹកដីនេះតាំងពី៣០០មុនឡើយ ដូច្នេះ តើឥឡូវមានមូលហេតុអ្វីដែលពួកគេទាមទារយកទឹកដីនេះ?—អសក. ១១:១៩-២៧
it-2-E ទំ.២៧ វ.៣
យែបថា
យែបថាបានផ្ដោតអារម្មណ៍ទៅលើអ្វីដែលសំខាន់បំផុត គឺការគោរពប្រណិប័តន៍ព្រះ។ គាត់បានប្រកាសថា ព្រះយេហូវ៉ាបានប្រគល់ទឹកដីនេះឲ្យជនជាតិអ៊ីស្រាអែលហើយ ដូច្នេះពួកគេនឹងមិនឲ្យទឹកដីនេះ សូម្បីតែបន្តិចដល់សាសន៍ដែលគោរពប្រណិប័តន៍ព្រះក្លែងក្លាយទេ។ គាត់ហៅព្រះកេម៉ូសថាជាព្រះរបស់ជនជាតិអាំម៉ូន។ អ្នកខ្លះគិតថានេះគឺមិនត្រឹមត្រូវទេ។ ប៉ុន្តែ ទោះជាព្រះរបស់ពួកអាំម៉ូនគឺព្រះមីលខម ហើយព្រះរបស់ពួកម៉ូអាប់គឺព្រះកេម៉ូសក៏ដោយ តែសាសន៍ទាំងពីរនេះគោរពប្រណិប័តន៍ព្រះជាច្រើន។ សូម្បីតែស្ដេចសាឡូម៉ូន ក៏បាននាំយកការគោរពប្រណិប័តន៍ព្រះកេម៉ូសឲ្យចូលក្នុងស្រុកអ៊ីស្រាអែលតាមរយៈប្រពន្ធជាច្រើនរបស់គាត់ដែរ។ (អសក. ១១:២៤; ១បស. ១១:១, ៧, ៨, ៣៣; ២បស. ២៣:១៣) យោងទៅតាមបណ្ឌិតខាងគម្ពីរខ្លះ ពាក្យ«កេម៉ូស»ជាភាសាហេប្រឺអាចមានន័យថា«អ្នកច្បាំងដណ្ដើមយក»។ យែបថាប្រហែលជាចង់និយាយថាពួកអាំម៉ូនបានសរសើរតម្កើងព្រះនោះ ជាព្រះដែលបាន‹ច្បាំងដណ្ដើមយក›ទឹកដីពីសាសន៍ឯទៀតដើម្បីឲ្យពួកគេ។
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-2-E ទំ.២៦
យែបថា
យែបថាជាកូនដែលស្របច្បាប់។ ទោះជាម្ដាយរបស់យែបថាជា«ស្ត្រីពេស្យា»ម្នាក់ក៏ដោយ ប៉ុន្តែនេះមិនមានន័យថាគាត់បានកើតមក ដោយសារម្ដាយរបស់គាត់បានប្រព្រឹត្តអំពើប្រាសចាកសីលធម៌នោះឡើយ។ ម្ដាយរបស់គាត់ធ្លាប់ជាស្ត្រីពេស្យាមុនពេលគាត់ក្លាយទៅជាប្រពន្ធទី២របស់គីលាត ដូចរ៉ាហាបដែលធ្លាប់ជាស្ត្រីពេស្យា ហើយក្រោយមកបានរៀបការជាមួយសាលម៉ូនដែរ។ (អសក. ១១:១; យ៉ូស. ២:១; ម៉ាថ. ១:៥) ភ័ស្តុតាងដែលបញ្ជាក់ថាយែបថាមិនមែនជាកូនមិនស្របច្បាប់ គឺពេលដែលបងប្អូនប្រុសៗរបស់គាត់ដែលជាកូនៗរបស់ប្រពន្ធដើមគីលាតបានបណ្ដេញយែបថាចេញ ដើម្បីកុំឲ្យគាត់ទទួលមត៌កពីឪពុករបស់គាត់។ (អសក. ១១:២) បន្ថែមទៅទៀត ក្រោយមក ពួកបុរសចាស់ទុំស្រុកគីលាត (ដែលមើលទៅមានបងប្អូនប្រុសៗរបស់យែបថាជាប្រមុខ) បានលើកយែបថាឲ្យធ្វើជាមេដឹកនាំ។ (អសក. ១១:១១) មិនត្រឹមតែប៉ុណ្ណោះ គាត់បានជូនគ្រឿងបូជាដល់ព្រះនៅត្រសាល។ (អសក. ១១:៣០, ៣១) បើគាត់ជាកូនមិនស្របច្បាប់ គាត់ប្រហែលជាមិនអាចធ្វើអ្វីទាំងអស់នេះបានឡើយ ដោយសារច្បាប់បានចែងយ៉ាងច្បាស់ថា៖ «មិនត្រូវឲ្យកូនប្រុសដែលឥតខាន់ស្លាចូលក្នុងក្រុមជំនុំរបស់ព្រះយេហូវ៉ាឡើយ។ សូម្បីតែកូនចៅគាត់ដល់ទៅ១០ជំនាន់ក្រោយមក ក៏មិនអាចចូលក្នុងក្រុមជំនុំរបស់ព្រះយេហូវ៉ាបានដែរ»។—បច. ២៣:២
ថ្ងៃទី២៧ ខែធ្នូ–ថ្ងៃទី២ ខែមករា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | អ្នកសម្រេចក្ដី ១៣-១៤
w០៥-E ១៥/៣ ទំ.២៥-២៦
សាំសុនយកឈ្នះដោយកម្លាំងពីព្រះយេហូវ៉ា!
កាលដែលសាំសុនកាន់តែធំឡើង ‹ព្រះយេហូវ៉ាបន្តឲ្យពរគាត់›។ (អសក. ១៣:២៤) ថ្ងៃមួយ គាត់ទៅជួបឪពុកម្ដាយរបស់គាត់ ហើយប្រាប់ពួកគាត់ថា៖ «ខ្ញុំពេញចិត្តកូនស្រីជនជាតិភីលីស្ទីនម្នាក់នៅក្រុងធីមណា។ សូមពុកម៉ែទៅដណ្ដឹងនាងឲ្យធ្វើជាប្រពន្ធខ្ញុំ»។ (អសក. ១៤:២) សូមស្រមៃថាពួកគាត់ភ្ញាក់ផ្អើលយ៉ាងណាពេលដែលឮដូច្នេះ! ជាជាងដោះលែងជនជាតិអ៊ីស្រាអែលពីកណ្ដាប់ដៃរបស់ពួកអ្នកដែលគាបសង្កត់ កូនប្រុសគាត់ចង់ភ្ជាប់សាច់ឈាមជាមួយនឹងពួកនោះទៅវិញ។ ការយកប្រពន្ធពីក្នុងចំណោមសាសន៍ដែលគោរពប្រណិប័តន៍ព្រះក្លែងក្លាយគឺខុសពីច្បាប់របស់ព្រះ។ (ដច. ៣៤:១១-១៦) ដូច្នេះ ឪពុកម្ដាយគាត់បានឃាត់គាត់ថា៖ «តើមិនមាននារីណាក្នុងសាច់ញាតិយើង ឬក្នុងជនជាតិយើងដែលត្រូវចិត្តកូនទេឬ? ហេតុអ្វីបានជាកូនចង់បានប្រពន្ធពីជនជាតិភីលីស្ទីនដែលមិនកាត់ចុងស្បែក?» ប៉ុន្តែ សាំសុនបានបដិសេធថា៖ «សូមដណ្ដឹងនារីនោះឲ្យខ្ញុំ ព្រោះខ្ញុំពេញចិត្តនាងតែម្នាក់គត់»។—អសក. ១៤:៣
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
w០៥-E ១៥/៣ ទំ.២៦ វ.១
សាំសុនយកឈ្នះដោយកម្លាំងពីព្រះយេហូវ៉ា!
ពេលដែលសាំសុននិយាយអំពីស្ត្រីជនជាតិភីលីស្ទីនថា៖ «ខ្ញុំពេញចិត្តនាងតែម្នាក់គត់» តើនេះមានន័យអ្វី? សព្វវចនាធិប្បាយរបស់លោកម៉ាក់ឃ្លីនថុកនិងលោកស្ត្រងបានរៀបរាប់ថា នេះមិនមានន័យថានាង«ស្រស់ស្អាត គួរឲ្យចាប់អារម្មណ៍ឬគួរឲ្យទាក់ទាញ»នោះទេ «តែគឺដោយសារសាំសុនចង់សម្រេចគោលដៅអ្វីមួយ»។ តើគោលដៅនោះជាអ្វី? អ្នកសម្រេចក្ដី ១៤:៤ ពន្យល់ថាសាំសុនព្យាយាម«រកឱកាសដើម្បីចាត់ការជនជាតិភីលីស្ទីន»។ សាំសុនចាប់អារម្មណ៍នឹងនារីម្នាក់នោះដោយសារគាត់មានគោលដៅនេះ។ ពេលសាំសុនធំឡើងទៅជាមនុស្សពេញវ័យ «ឫទ្ធានុភាពរបស់ព្រះយេហូវ៉ាចាប់ផ្ដើមមានឥទ្ធិពលលើសាំសុន» ឬជំរុញចិត្តគាត់ឲ្យចាត់វិធានការ។ (អសក. ១៣:២៥) ដូច្នេះ ឫទ្ធានុភាពរបស់ព្រះយេហូវ៉ាបានជំរុញសាំសុនឲ្យស្នើសុំប្រពន្ធ ហើយឲ្យគាត់បំពេញភារកិច្ចជាអ្នកសម្រេចក្ដីក្នុងស្រុកអ៊ីស្រាអែល។ តើសាំសុនរកឱកាសចាត់ការពួកភីលីស្ទីនបានទេ? សូមពិនិត្យមើលរបៀបដែលព្រះយេហូវ៉ាបង្ហាញថាលោកគាំទ្រគាត់។