ជំពូកទី១៩
ពេលចំណេះអំពីព្រះជ្រួតជ្រាបពេញផែនដី
១, ២. តើរបស់ព្រះយេហូវ៉ាបានបង្កបង្កើតមក បានត្រូវជាខូចយ៉ាងដូចម្ដេច?
ឧបមាថាជាងគំនូរដ៏ចំណានម្នាក់ទើបបានគូរគំនូរដ៏ស្អាតអស្ចារ្យមួយ។ គាត់អាចចាត់យ៉ាងត្រឹមត្រូវថា គំនូរនេះស្អាតល្អណាស់—ជាស្នាដៃឯក! ប៉ុន្តែស្រាប់តែនៅពេលយប់គូប្រជែងដ៏ច្រណែនឈ្នានីសម្នាក់បានបំផ្លាញគំនូរនោះឲ្យខូចអស់។ យើងអាចយល់បានថា នេះធ្វើឲ្យជាងគំនូរឈឺចិត្តក្រៃលែង។ ចិត្តគាត់ចង់ឲ្យជនបំផ្លិចបំផ្លាញនេះជាប់ឃុំណាស់! ហើយអ្នកក៏អាចនឹកដល់ដែរថាជាងគំនូរនេះ មានចិត្តចង់យកគំនូរដែលគាត់បានគូរមកកែឆ្នៃឲ្យមានសម្ផស្សស្រស់ដូចដើមវិញ។
២ ដូចជាងគំនូរនោះ ព្រះយេហូវ៉ាបានបង្កបង្កើតស្នាដៃឯកមួយក្នុងការរៀបចំផែនដី និងការដាក់មនុស្សជាតិឲ្យរស់នៅលើនោះ។ ក្រោយពីបានបង្កើតបុរសនិងស្ត្រី ទ្រង់បានប្រកាសថា ស្នាដៃរបស់ទ្រង់ទាំងអស់លើផែនដីជា«ការល្អប្រពៃ»។ (លោកុប្បត្តិ ១:៣១) អ័ដាមនិងអេវ៉ាជាកូនរបស់ព្រះផ្ទាល់ ហើយទ្រង់ស្រឡាញ់ពួកគេ។ ទ្រង់បានទតឃើញអនាគតដ៏សប្បាយរុងរឿងសំរាប់ពួកគេ។ ពិតមែន សាតាំងបាននាំពួកគេឲ្យបះបោរ ប៉ុន្តែរបស់សព្វសារពើដ៏អស្ចារ្យដែលព្រះបានបង្កបង្កើតមកនេះ គឺមិនមែនខូចបង់អស់រកជួសជុលកែឡើងវិញពុំបាននោះឡើយ។—លោកុប្បត្តិ ៣:២៣, ២៤; ៦:១១, ១២
៣. តើអ្វីជា«ជីវិតពិតប្រាកដ»?
៣ ព្រះទ្រង់បានតាំងព្រះហឫទ័យកែតម្រូវបញ្ហានេះ។ ទ្រង់ពិតជាចង់ឲ្យយើងរស់នៅតាមរបៀបដែលទ្រង់មានបំណងពីដើមមកណាស់។ ជីវិតដ៏ខ្លីពោរពេញទៅដោយបញ្ហារបស់យើងនេះ គឺមិនមែនជា«ជីវិតពិតប្រាកដ»ទេ ពីព្រោះជីវិតនេះគឺអន់ណាស់ មិនបានស្របដូចចំណង់ព្រះហឫទ័យនៃព្រះយេហូវ៉ាសោះឡើយ។ «ជីវិតពិតប្រាកដ» ដែលព្រះទ្រង់ចង់ឲ្យយើងមាន នោះគឺ«ជីវិតអស់កល្បជានិច្ច» នៅក្រោមស្ថានការណ៍ដ៏គ្រប់ល័ក្ខណ៍។—ធីម៉ូថេទី១ ៦:១២, ១៩
៤, ៥. (ក) តើសេចក្ដីសង្ឃឹមអំពីសួនមនោរម្យនឹងបានសម្រេចយ៉ាងដូចម្ដេច? (ខ) ហេតុអ្វីក៏យើងគួរគិតអំពីសេចក្ដីសង្ឃឹមរបស់យើងសំរាប់អនាគត?
៤ ចំណេះអំពីព្រះនាំឲ្យមានភារកិច្ចនៅចំពោះព្រះយេហូវ៉ា។ (យ៉ាកុប ៤:១៧) ប៉ុន្តែ សូមគិតនូវពរដែលអ្នកនឹងបាន ប្រសិនបើអ្នកអនុវត្តតាមចំណេះនោះ ហើយឈោងចាប់យកជីវិតអស់កល្បជានិច្ច។ ក្នុងបន្ទូលរបស់ទ្រង់ គឺព្រះគម្ពីរ ព្រះយេហូវ៉ាបានពណ៌នាប្រាប់ថាជីវិតនោះនឹងបានល្អត្រចង់យ៉ាងណា លើផែនដីមនោរម្យដែលកាន់តែជិតមកដល់ហើយ។ ប្រាកដហើយ ជារាស្ត្ររបស់ព្រះយេហូវ៉ា យើងមិនមែនបំរើព្រះ ដោយចង់តែបានរង្វាន់នោះទេ។ យើងបំរើព្រះ ពីព្រោះយើងស្រឡាញ់ទ្រង់។ (ម៉ាកុស ១២:២៩, ៣០) ម្យ៉ាងវិញទៀត យើងមិនមែនមានសិទ្ធិទទួលជីវិតដោយសារការបំរើព្រះយេហូវ៉ានោះឡើយ។ ជីវិតអស់កល្បជានិច្ចគឺជាអំណោយពីព្រះ។ (រ៉ូម ៦:២៣) ជាការល្អប្រសើរសំរាប់យើង ក្នុងការរំពឹងគិតអំពីជីវិតបែបនេះ ពីព្រោះសេចក្ដីសង្ឃឹមអំពីសួនមនោរម្យ រំឭកយើងថាព្រះយេហូវ៉ាជាព្រះប្រភេទណា—គឺជាព្រះប្រកបដោយសេចក្ដីស្រឡាញ់ ដោយ«ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់»។ (ហេព្រើរ ១១:៦) សេចក្ដីសង្ឃឹមដ៏ក្រហមឆ្អិនឆ្អៅក្នុងចិត្តគំនិតយើង នឹងជួយយើងឲ្យស៊ូទ្រាំនឹងសេចក្ដីលំបាកក្នុងលោកីយ៍របស់សាតាំង។—យេរេមា ២៣:២០
៥ ឥឡូវនេះ ចូរយើងប្រឹងស្មារតីទៅលើសេចក្ដីសង្ឃឹមអំពីជីវិតអស់កល្បជានិច្ចលើផែនដីមនោរម្យនៅអនាគត ជាសេចក្ដីសង្ឃឹមដែលសំអាងលើព្រះគម្ពីរ។ តើជីវិតនឹងបានជាយ៉ាងណា ពេលដែលចំណេះអំពីព្រះជ្រួតជ្រាបពេញផែនដី?
ក្រោយពេលអើម៉ាគេដូន—ផែនដីមនោរម្យ
៦. តើអ្វីជាអើម៉ាគេដូន ហើយវាមានន័យយ៉ាងណាចំពោះមនុស្សជាតិ?
៦ ដូចបានបង្ហាញមកនៅមុននេះ ព្រះយេហូវ៉ាបន្ដិចទៀតនឹងបំផ្លាញរបបលោកីយ៍ដ៏អាក្រក់នេះចេញ។ លោកីយ៍នេះគឺកំពុងតែខិតជិតដល់អ្វី ដែលព្រះគម្ពីរហៅថាអើម៉ាគេដូន។ ពាក្យនេះប្រហែលជាធ្វើឲ្យមនុស្សខ្លះគិតអំពីហាយនភាពនុយក្លេអែ ដែលកើតឡើងមកដោយពួកសាសន៍នានាធ្វើសឹកសង្គ្រាមនឹងគ្នា ប៉ុន្តែសង្គ្រាមអើម៉ាគេដូន គឺមិនមែនបែបនោះទេ។ ដូចវិវរណៈ ១៦:១៤-១៦ បង្ហាញមក សង្គ្រាមអើម៉ាគេដូនគឺជា«ចំបាំង នៅថ្ងៃដ៏ធំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាបំផុត»។ នេះជាសង្គ្រាមដែលជាប់ទាក់ទងនឹង«អស់ទាំងស្តេច នៅផែនដីទាំងមូល» ឬពួកសាសន៍ទាំងឡាយ។ រាជបុត្រារបស់ព្រះយេហូវ៉ា ជាស្តេចដែលបានរើសតាំងមក មិនយូរទេនឹងសម្រុកចូលធ្វើសង្គ្រាម។ លទ្ធផលគឺប្រាកដជាក់ស្តែងណាស់។ អស់អ្នកដែលប្រឆាំងព្រះរាជាណាចក្ររបស់ព្រះ ហើយជាចំណែកនៃរបបដ៏អាក្រក់របស់សាតាំងនឹងត្រូវកំទេចចោល។ មានតែពួកអ្នកដែលស្មោះត្រង់ចំពោះព្រះយេហូវ៉ាទេដែលនឹងនៅគង់វង់។—វិវរណៈ ៧:៩, ១៤; ១៩:១១-២១
៧. តើសាតាំងនិងពួកបិសាចរបស់វានឹងនៅឯណាក្នុងគ្រាសោយរាជ្យមួយពាន់ឆ្នាំនៃព្រះគ្រីស្ទ ហើយនេះមានប្រយោជន៍យ៉ាងណាដល់មនុស្សជាតិ?
៧ ចូរនឹកគិតថាអ្នកមានជីវិតគង់វង់ពីមហាវិនាសនោះ។ តើជីវិតនឹងទៅជាយ៉ាងណា ក្នុងពិភពលោកថ្មីដែលព្រះបានសន្យា? (ពេត្រុសទី២ ៣:១៣) យើងមិនចាំបាច់គិតស្មានទេ ដ្បិតព្រះគម្ពីរចែងប្រាប់យើង ហើយអ្វីដែលចែងមកនោះគឺធ្វើឲ្យរំភើបចិត្តណាស់។ យើងជ្រាបថា សាតាំងនិងពួកបិសាចរបស់វានឹងត្រូវកាត់ចេញមិនឲ្យមានអនុភាព ត្រូវឃុំទុកចោលក្នុងជង្ហុកធំដែលគ្មានសកម្មភាពក្នុងគ្រាសោយរាជ្យមួយពាន់ឆ្នាំនៃព្រះយេស៊ូគ្រីស្ទ។ ពួកអាក្រក់ដែលតាមព្យាបាទទាំងនេះនឹងលែងមកចាំឆ្មក់ពីក្រោយ បង្កបញ្ហា ហើយខំជំរុញយើងឲ្យប្រព្រឹត្តអំពើឥតស្មោះត្រង់ប្រឆាំងនឹងព្រះទៀតហើយ។ នេះនឹងបានធូរស្បើយអ្វីម្ល៉េះហ្ន៎!—វិវរណៈ ២០:១-៣
៨, ៩. ក្នុងពិភពលោកថ្មី តើអ្វីកើតឡើងដល់ទុក្ខវេទនា ជម្ងឺនិងជរាភាព?
៨ ក្រោយមក ជម្ងឺគ្រប់បែបយ៉ាងនឹងលែងមានទៀតហើយ។ (អេសាយ ៣៣:២៤) នៅពេលនោះ មនុស្សពិការនឹងក្រោកឈរ ដើរ រត់ ហើយរាំលេងនឹងជើងដែលល្អរឹងមាំ។ ក្រោយពេលបានរស់នៅក្នុងភាពស្ងាត់ជ្រងំពុំអាចឮអ្វីអស់ជាច្រើនឆ្នាំមក នោះមនុស្សថ្លង់នឹងឮសម្លេងអរសប្បាយនៅជុំវិញគេ។ មនុស្សខ្វាក់នឹងមានចិត្តស្ងើច កាលដែលពិភពលោកពោរពេញទៅដោយពណ៌ឆើតឆាយ និងទ្រង់ទ្រាយគ្រប់បែបយ៉ាងលាតត្រដាងនៅពីមុខភ្នែករបស់គេ។ (អេសាយ ៣៥:៥, ៦) នៅទីបំផុត ពួកគេអាចមើលឃើញមុខនៃពួកស្ងួនភ្ងារបស់គេ! ពេលនោះ គេប្រហែលជាស្រវាំងភ្នែកមួយភ្លែតដោយព្រោះទឹកភ្នែកនៃសេចក្ដីអំណរ។
៩ សូមគិតមើលចុះ! លែងត្រូវការវ៉ែនតា លែងត្រូវការឈើឆ្ពាបនិងឈើច្រត់ លែងត្រូវការថ្នាំសង្កូវ លែងត្រូវការមន្ទីរពេទ្យធ្មេញឬមន្ទីរពេទ្យជម្ងឺទៀត! ជម្ងឺចិត្តនិងដំណើរធ្លាក់ទឹកចិត្តនឹងលែងមកដកហូតសុភមង្គលពីមនុស្សទៀតហើយ។ គ្មានកុមារភាពនឹងត្រូវរងទុក្ខដោយរោគទៀតឡើយ។ ការបំផ្លិចបំផ្លាញនៃជរាភាពនឹងត្រូវកែឡើងវិញ។ (យ៉ូប ៣៣:២៥) យើងនឹងក្លាយទៅជាមាំមួនជាងមុន ហើយមានសុខភាពល្អប្រសើរឡើង។ រៀងរាល់ព្រឹក យើងនឹងក្រោកឡើងពីការគេងយ៉ាងស្រួលនៅពេលយប់ ទាំងមានកម្លាំងខ្លាំងជាថ្មី ពេញទៅដោយសេចក្ដីស្វាហាប់ ហើយមានចំណង់ចិត្តទទួលថ្ងៃថ្មីនៃជីវិតដ៏រស់រវើក និងទទួលកិច្ចការជាទីពេញចិត្ត។
១០. តើកិច្ចការអ្វីដែលពួកមានជីវិតរស់រានពីសង្គ្រាមអើម៉ាគេដូននឹងទទួលធ្វើ?
១០ នឹងមានកិច្ចការធ្វើយ៉ាងសប្បាយ សំរាប់ពួកអ្នកដែលរស់រានមានជីវិតពីសង្គ្រាមអើម៉ាគេដូន។ ពួកគេនឹងកសាងផែនដីនេះឲ្យក្លាយទៅជាសួនមនោរម្យ។ ដំណែលសេសសល់ណាមួយនៃរបបចាស់ដ៏ក្រខ្វក់នេះនឹងត្រូវជម្រះចោលចេញ។ នៅទីកន្លែងដែលមនុស្សក្រីក្ររស់នៅនិងដីហិនហោច នោះនឹងមានសួនឧទ្យាននិងសួនច្បារផុសឡើងជំនួសវិញ។ មនុស្សគ្រប់រូបនឹងមានផ្ទះនៅយ៉ាងសុខស្រួល យ៉ាងចូលចិត្ត។ (អេសាយ ៦៥:២១) កាលដែលវេលាកំពុងកន្លងទៅ ដែនមនោរម្យទាំងប៉ុន្មាននៃផែនដីនោះ នឹងរីកធំឡើងហើយភ្ជាប់គ្នារហូតដល់ពិភពលោកទាំងមូល បានស្រស់បំព្រងពេញកំរិតដូចព្រះអាទិទេពបានកំណត់ទុកកាលនៅឯសួនច្បារអេដែន។ ជាទីពេញចិត្តម្ល៉េះហ្ន៎ ដោយមានចំណែកក្នុងកិច្ចការកសាងនេះ!
១១. តើនៅពេលអនាគតមនុស្សនឹងមានទំនាក់ទំនងយ៉ាងណា ជាមួយបរិយាការផែនដីនិងជីវិតសត្វ?
១១ កិច្ចការទាំងនេះនឹងសម្រេចឡើងក្រោមការដឹកនាំរបស់ព្រះ ដើម្បីកុំឲ្យមានការខូចខាតដល់បរិយាការ។ មនុស្សនឹងបានសុខសាន្តជាមួយនឹងសត្វ។ ជាជាងសម្លាប់សត្វដោយឥតត្រាប្រណី មនុស្សនឹងចាប់កាន់កាប់លើផែនដី មើលថែរក្សាវាឲ្យបានល្អ។ សូមនឹកគិតមើល សត្វចចកនិងកូនចៀម សត្វតោនិងកូនគោ ស៊ីចំណីជាមួយគ្នា—ហើយសត្វពាហនៈវិញក៏ឥតមានគ្រោះថ្នាក់អ្វីឡើយ។ សូម្បីតែក្មេងតូចម្នាក់ ក៏មិនត្រូវខ្លាចសត្វសាហាវដែរ ហើយភាពសុខសាន្តនៃពិភពលោកថ្មី ក៏នឹងលែងមានការរំខានពីមនុស្សកាចសាហាវដែរ។ (អេសាយ ១១:៦-៨) នេះជាពិភពលោកថ្មីដ៏សុខក្សេមក្សាន្តអ្វីម្ល៉េះហ្ន៎!
មនុស្សជាតិបានត្រូវកែប្រែ
១២. តើអេសាយ ១១:៩ កំពុងតែសម្រេចយ៉ាងដូចម្ដេចសព្វថ្ងៃនេះ ហើយវានឹងសម្រេចយ៉ាងដូចម្ដេចនៅក្នុងសួនមនោរម្យ?
១២ អេសាយ ១១:៩ ប្រាប់យើងនូវហេតុដែលនឹងលែងមានគ្រោះថ្នាក់ធ្លាក់មកលើគ្រប់ផ្ទៃផែនដីទៀត។ ព្រះគម្ពីរចែងថា៖ «គ្រប់ទាំងអស់នឹង[មានចំណេះអំពី, ព.ថ]ព្រះយេហូវ៉ា នៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ»។ នេះគឺទាក់ទងទៅលើមនុស្ស ពីព្រោះសត្វមិនអាចទទួលយក‹ចំណេះអំពីព្រះយេហូវ៉ា›ទេ ហើយក៏មិនអាចធ្វើការកែប្រែបានដែរ ពីព្រោះសត្វគឺត្រូវគ្រប់គ្រងដោយសភាវគតិ។ ប៉ុន្តែ ចំណេះអំពីព្រះអាទិទេពរបស់យើង គឺអាចកែប្រែមនុស្សបាន។ អ្នកមុខជាបានធ្វើការកែប្រែខ្លះរួចទៅហើយ ដោយប្រើចំណេះអំពីព្រះក្នុងជីវិតអ្នក។ មនុស្សរាប់លាននាក់ក៏បានធ្វើដូច្នេះដែរ។ ដូច្នេះ ទំនាយនេះបានចាប់ផ្ដើមសម្រេចទៅហើយចំពោះអស់អ្នកដែលកំពុងតែបំរើព្រះយេហូវ៉ា។ ប៉ុន្តែ ទំនាយនេះក៏ចង្អុលទៅគ្រាដែលមនុស្សក្នុងពិភពលោកទាំងមូលនឹងបំបាត់ចោលលក្ខណៈពាលដូចសត្វ ឬលក្ខណៈឃោរឃៅ ហើយនឹងក្លាយទៅជាមនុស្សស្រឡាញ់សន្ដិភាពវិញជារៀងរហូតតទៅ។
១៣. តើកម្មវិធីអប់រំអ្វីដែលនឹងមានឡើងនៅលើផែនដី?
១៣ ជាការអស្ចារ្យយ៉ាងណាទៅហ្ន៎ ពេលដែលចំណេះអំពីព្រះជ្រួតជ្រាបពេញផែនដី! នោះនឹងមានកម្មវិធីអប់រំយ៉ាងធំមួយ ក្រោមការដឹកនាំនៃព្រះយេស៊ូគ្រីស្ទដ៏ជាស្តេច និងពួក១៤៤.០០០នាក់ ដែលជាអ្នកគ្រប់គ្រងរួមរបស់ទ្រង់។ នៅពេលនោះ «បញ្ជី»ថ្មីនឹងបានយកមកប្រើ។ នេះជាបង្គាប់របស់ព្រះដែលបានសរសេរចុះ ដើម្បីទុកជាមូលដ្ឋានសំរាប់អប់រំមនុស្សដែលរស់នៅលើផែនដី។ (វិវរណៈ ២០:១២) មនុស្សជាតិនឹងរៀនអំពីសន្ដិភាព មិនមែនអំពីសង្គ្រាមទេ។ គ្រឿងអាវុធដែលបំផ្លិចបំផ្លាញទាំងអស់នឹងលែងមានទៀតជារៀងរហូត។ (ទំនុកដំកើង ៤៦:៩) ពួកអ្នកដែលរស់នៅក្នុងពិភពលោកថ្មីនឹងទទួលការអប់រំឲ្យចេះប្រព្រឹត្តនឹងមនុស្សដូចគ្នា ដោយសេចក្ដីស្រឡាញ់ សេចក្ដីគោរព និងដោយសេចក្ដីថ្លៃថ្នូរ។
១៤. តើពិភពលោកនឹងខុសប្លែកយ៉ាងណា ពេលដែលមនុស្សជាតិគឺជាគ្រួសារមួយដែលមានឯកភាព?
១៤ មនុស្សជាតិនឹងក្លាយទៅជាគ្រួសារមួយដែលមានឯកភាព។ នឹងមិនមានឧបសគ្គដល់ឯកភាពនិងភាតរភាពទៀត។ (ទំនុកដំកើង ១៣៣:១-៣) យើងមិនចាំបាច់ចាក់សោផ្ទះរបស់យើង ដើម្បីការពារកុំឲ្យចោរចូលនោះឡើយ។ សន្ដិភាពនឹងជ្រួតជ្រាបក្នុងគ្រប់ដួងចិត្តមនុស្ស គ្រប់ផ្ទះ និងគ្រប់ភូមិភាគទាំងអស់នៃផែនដី។—មីកា ៤:៤
ការប្រោសឲ្យរស់ឡើងវិញដ៏សប្បាយរីករាយ
១៥. តើពីរក្រុមណាដែលនឹងបានប្រោសឲ្យរស់ឡើងវិញលើផែនដី?
១៥ ក្នុងគ្រាសោយរាជ្យមួយពាន់ឆ្នាំនោះ នឹងមានការប្រោសឲ្យរស់ឡើងវិញ។ ពួកអ្នកដែលបានធ្វើបាបកម្មដោយចេតនាទាស់នឹងវិញ្ញាណបរិសុទ្ធ ឬសកម្មពលនៃព្រះ ដោយប្រព្រឹត្តទាំងចិត្តរឹងរូសប្រឆាំងនឹងការសម្ដែងនិងការដឹកនាំនៃវិញ្ញាណបរិសុទ្ធ នឹងមិនបានប្រោសឲ្យរស់ឡើងវិញទេ។ (ម៉ាថាយ ២៣:១៥, ៣៣; ហេព្រើរ ៦:៤-៦) ប្រាកដហើយ ព្រះនឹងសម្រេចថាអ្នកណាមួយដែលបានប្រព្រឹត្តអំពើបាបបែបនេះ។ ប៉ុន្តែនឹងមានពីរក្រុមផ្សេងគ្នាដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញ—គឺ«មនុស្សសុចរិត នឹងមនុស្សទុច្ចរិត»។ (កិច្ចការ ២៤:១៥) ពីព្រោះនឹងមានរបៀបរៀបរយ យើងអាចសន្និដ្ឋានដោយសមហេតុផលថា ក្រុមទីមួយដែលនឹងទទួលស្វាគមន៍ឲ្យមានជីវិតឡើងវិញនៅលើផែនដី គឺជាពួកសុចរិតគឺអស់អ្នកដែលបានបំរើព្រះយេហូវ៉ាដោយស្មោះត្រង់។—ហេព្រើរ ១១:៣៥-៣៩
១៦. (ក) តើអ្នកណាដែលនៅក្នុងចំណោម«ពួកសុចរិត»ដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅលើផែនដី? (ខ) តើពួកស្មោះត្រង់មួយណាពីបុរាណ ដែលអ្នកចង់ជួបជាពិសេស ហើយហេតុអ្វី?
១៦ ជាជាងឮដំណឹងអំពីសង្គ្រាម មហន្តរាយ និងសេចក្ដីស្លាប់ ពួកអ្នកបំរើព្រះយេហូវ៉ានឹងទទួលសេចក្ដីរាយការណ៍ដ៏អស្ចារ្យអំពីការប្រោសឲ្យរស់ឡើងវិញ។ ជាការរំភើបចិត្តណាស់ ដោយបានដឹងអំពីការរស់ឡើងវិញនៃបុរសនិងស្ត្រីដ៏ស្មោះត្រង់ជាច្រើននាក់ ដូចជា អេបិល ហេណុក ណូអេ អ័ប្រាហាំ សារ៉ា យ៉ូប ម៉ូសេ នាងរ៉ាហាប នាងរស់ ដាវីឌ អេលីយ៉ា និងនាងអេសធើរ។ ហេតុការណ៍ប្រវត្ដិសាស្ត្រពិតដ៏រំភើបចិត្តអ្វីម្ល៉េះ ដែលពួកគេនឹងសម្ដែងប្រាប់ កាលដែលពួកគេរៀបរាប់នូវប្រវត្ដិដ៏ល្អិតល្អន់អំពីដំណើររឿងព្រះគម្ពីរជាច្រើននោះ! ច្បាស់ណាស់ ពួកគេនិងពួកសុចរិតជាច្រើននាក់ដែលបានស្លាប់ទៅនៅពេលថ្មីៗនេះ ក៏មានចិត្តចង់ដឹងដែរអំពីទីបញ្ចប់នៃរបបរបស់សាតាំង និងអំពីរបៀបដែលព្រះយេហូវ៉ាបានធ្វើឲ្យព្រះនាមទ្រង់បានបរិសុទ្ធ ហើយជម្រះអធិបតេយ្យភាពរបស់ទ្រង់ឲ្យស្រឡះពីទោសកំហុសគ្រប់បែបយ៉ាង។
១៧. តើជំនួយអ្វីដែលពួកស្មោះត្រង់នឹងផ្ដល់ឲ្យពួកអ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ?
១៧ ពួកស្មោះត្រង់ទាំងនេះនឹងមានប្រយោជន៍ណាស់ ក្នុងគ្រាដែលក្រុមបន្ទាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ គឺពេលដែល«ពួកទុច្ចរិត»រាប់ពាន់លាននាក់ បានត្រូវដោះលែងឲ្យរួចពីចំណងមរណៈមក! មនុស្សជាតិភាគច្រើនមិនដែលមានឱកាសស្គាល់ព្រះយេហូវ៉ាសោះ។ សាតាំងបាន‹ធ្វើឲ្យចិត្តគំនិតរបស់គេស្រពិល›។ (កូរិនថូសទី២ ៤:៤) ប៉ុន្តែ ផលអាក្រក់នៃស្នាដៃរបស់អារក្សនឹងត្រូវកែឡើងវិញ។ ពួកទុច្ចរិតនឹងរស់ឡើងវិញនៅលើផែនដីដ៏ល្អស្អាតនិងសុខក្សេមក្សាន្ត។ ពួកគេនឹងបានទទួលស្វាគមន៍ដោយមនុស្សដែលបានត្រូវចាត់ចែងរៀបចំយ៉ាងល្អ ដើម្បីបង្រៀនពួកគេអំពីព្រះយេហូវ៉ានិងព្រះរាជបុត្រាដែលកំពុងសោយរាជ្យរបស់ទ្រង់ គឺព្រះយេស៊ូគ្រីស្ទ។ កាលដែលមនុស្សរាប់ពាន់លាននាក់ដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ បានស្គាល់ហើយស្រឡាញ់ព្រះអាទិទេពរបស់គេ នោះចំណេះអំពីព្រះយេហូវ៉ានឹងជ្រួតជ្រាបផែនដី ក្នុងរបៀបដែលមិនដែលមានតាំងពីមុនមក។
១៨. តើអ្នកគិតថា អ្នកនឹងមានអារម្មណ៍ដូចម្ដេច ពេលអ្នកទទួលស្វាគមន៍ពួកស្ងួនភ្ងាដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ?
១៨ ការប្រោសឲ្យរស់ឡើងវិញនឹងធ្វើឲ្យចិត្តយើងបានសប្បាយរីករាយអ្វីម្ល៉េះហ្ន៎! តើអ្នកណាដែលមិនធ្លាប់បានរងទុក្ខដោយព្រោះសេចក្ដីស្លាប់ដែលជាសត្រូវរបស់យើងនោះ? ប្រាកដណាស់ តើចិត្តអ្នកណាមួយដែលមិនដែលត្រូវបំបែកបំបាក់ ពេលដែលចំណងនៃសេចក្ដីស្រឡាញ់ឬមិត្តភាពបានត្រូវបណ្ដាច់ទៅ កាលដែលជម្ងឺ ជរាភាព គ្រោះថ្នាក់ ឬអំពើឃោរឃៅទាមទារយកជីវិតនៃពួកអ្នកជាទីស្រឡាញ់នោះ? ដូច្នេះ សូមនឹកគិតមើល នូវអំណរនៃការជួបជុំគ្នាវិញក្នុងសួនមនោរម្យ។ ម្ដាយឪពុក កូនប្រុសកូនស្រី បងប្អូនញាតិមិត្ត នឹងរត់ចំហដៃមកឱបគ្នា សើចផងយំផងដោយសេចក្ដីអំណរ។
សេចក្ដីគ្រប់ល័ក្ខណ៍នៅទីបំផុត!
១៩. តើអព្ភូតហេតុអ្វីនឹងកើតឡើងក្នុងគ្រាសោយរាជ្យមួយពាន់ឆ្នាំ?
១៩ ក្នុងគ្រាសោយរាជ្យមួយពាន់ឆ្នាំ អព្ភូតហេតុដ៏អស្ចារ្យនឹងកើតឡើង។ ចំពោះមនុស្សជាតិ នេះគឺប្រហែលជាទិដ្ឋភាពរំភើបបំផុតនៃការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទ។ ព្រះយេហូវ៉ានឹងបង្គាប់ព្រះរាជ្យបុត្រាទ្រង់ ឲ្យប្រទានផលប្រយោជន៍នៃយញ្ញបូជាលោះដល់មនុស្សប្រុសស្រីទាំងអស់ដែលមានចិត្តស្មោះត្រង់និងស្ដាប់បង្គាប់។ តាមរបៀបនេះ បាបទាំងអស់នឹងត្រូវដកចេញ ហើយមនុស្សជាតិនឹងបានក្លាយទៅជាគ្រប់ល័ក្ខណ៍។—យ៉ូហានទី១ ២:២; វិវរណៈ ២១:១-៤
២០. (ក) តើសេចក្ដីគ្រប់ល័ក្ខណ៍មានន័យយ៉ាងណា? (ខ) នៅពេលណាដែលពួកមានជីវិតរស់រានពីអើម៉ាគេដូននិងពួកដែលប្រោសឲ្យរស់ឡើងវិញ ចាប់ផ្ដើមរស់នៅក្នុងន័យពេញលេញ?
២០ សេចក្ដីគ្រប់ល័ក្ខណ៍! តើនេះមានន័យយ៉ាងណា? នេះនឹងមានន័យថា ត្រឡប់មកឯជីវិតដែលអ័ដាមនិងអេវ៉ាធ្លាប់បានសប្បាយ មុនពេលគេបានប្រព្រឹត្តអំពើបាបប្រឆាំងនឹងព្រះយេហូវ៉ា។ ខាងរូបកាយ ខាងគំនិត ខាងចិត្ត ខាងសីលធម៌ ខាងវិញ្ញាណ—ក្នុងរបៀបគ្រប់យ៉ាងដែលយើងអាចគិតដល់—មនុស្សគ្រប់ល័ក្ខណ៍នឹងបានល្អគ្រប់សព្វស្របតាមខ្នាតតម្រារបស់ព្រះទាំងស្រុង។ ប៉ុន្តែ តើមនុស្សទាំងអស់នៅពេលនោះនឹងដូចគ្នាសុទ្ធសាធឬ? គឺមិនមែនសោះឡើយ! របស់ព្រះយេហូវ៉ាបានបង្កបង្កើតមក—ដើមឈើ ផ្កា សត្វ—ទាំងអស់សុទ្ធតែបង្រៀនយើងថា ទ្រង់ស្រឡាញ់របស់ច្រើនយ៉ាង។ មនុស្សគ្រប់ល័ក្ខណ៍នឹងមានបុគ្គលិកលក្ខណៈនិងការប៉ិនប្រសប់ខុសៗគ្នា។ មនុស្សម្នាក់ៗនឹងបានសប្បាយនឹងជីវិតដូចព្រះទ្រង់បានមានបំណងមក។ វិវរណៈ ២០:៥ ចែងថា៖ «មនុស្សស្លាប់ឯទៀត មិនបានរស់វិញទេ ទាល់តែផុតពី១ពាន់ឆ្នាំនោះទៅ»។ ដូចពួកហ្វូងធំដែលមានជីវិតរស់រានពីសង្គ្រាមអើម៉ាគេដូន ពួកអ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ នឹងមានជីវិតរស់នៅពេញកំរិត ពេលដែលពួកគេឈោងដល់សេចក្ដីគ្រប់ល័ក្ខណ៍ដ៏គ្មានបាបសោះ។
២១. (ក) តើអ្វីនឹងកើតឡើងនៅទីបញ្ចប់នៃការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទ? (ខ) នៅទីបំផុត តើអ្វីនឹងកើតឡើងដល់សាតាំងនិងពួកអ្នកដែលចូលខាងវា?
២១ មនុស្សគ្រប់ល័ក្ខណ៍នឹងប្រឈមនឹងការល្បងចុងក្រោយមួយ។ នៅចុងគ្រាសោយរាជ្យមួយពាន់ឆ្នាំ សាតាំងនិងពួកបិសាចរបស់វានឹងត្រូវពន្លែងចេញពីជង្ហុកធំមកមួយរយៈខ្លី ហើយនឹងត្រូវអនុញ្ញាតឲ្យទៅបំបែរមនុស្សជាលើកចុងក្រោយឲ្យចេញពីព្រះយេហូវ៉ា។ អ្នកខ្លះនឹងទុកសេចក្ដីប៉ងប្រាថ្នាមិនគប្បីខ្ពស់ជាងសេចក្ដីស្រឡាញ់ចំពោះព្រះ ប៉ុន្តែការបះបោរនេះនឹងមាននៅតែមួយរយៈខ្លីប៉ុណ្ណោះ។ ព្រះយេហូវ៉ានឹងប្រហារជីវិតពួកមានចិត្តកំណាញ់ទាំងនេះជាមួយសាតាំងនិងពួកបិសាចរបស់វា។ អស់អ្នកប្រព្រឹត្តអំពើអាក្រក់ នៅពេលនោះ នឹងលែងមានទៀតហើយជារៀងរហូតតទៅ។—វិវរណៈ ២០:៧-១០
តើអ្នកនឹងធ្វើយ៉ាងណា?
២២. តើអ្នកទន្ទឹងចាំចង់ធ្វើអ្វីក្នុងសួនមនោរម្យ?
២២ ភាពអស់កល្បជានិច្ចនឹងលាតត្រដាង នៅពីមុខអស់អ្នកដែលស្រឡាញ់ព្រះយេហូវ៉ា និងរស់នៅលើផែនដីមនោរម្យ។ យើងរកនឹកគិតមិនដល់ឡើយនូវអំណររបស់ពួកគេ ហើយអ្នកវិញក៏អាចមានចំណែកនេះដែរ។ ភ្លេង គំនូរ សិល្បវត្ថុ—ការសម្រេចរបស់មនុស្សជាតិដ៏គ្រប់ល័ក្ខណ៍នឹងល្អលើសស្នាដៃនៃពួកជាងជំនាញក្នុងលោកីយ៍ចាស់នេះទៅទៀត! ម្យ៉ាងទៀត មនុស្សនឹងបានគ្រប់ល័ក្ខណ៍ ហើយពួកគេនឹងមានពេលវេលាវែងទៅមុខមិនចេះដាច់សោះឡើយ។ សូមគិតនូវអ្វីដែលអ្នកអាចធ្វើ ដោយខ្លួនអ្នកជាមនុស្សគ្រប់ល័ក្ខណ៍។ សូមនឹកគិតដែរអំពីចំណេះដែលអ្នកនិងមនុស្សគ្នីគ្នាឯទៀតនឹងទទួលអំពីរបស់ដែលព្រះយេហូវ៉ាបានបង្កបង្កើតមក—គឺតាំងពីតារាវលីរាប់រយកោដិដែលលាតសន្ធឹងពេញសកលលោក រហូតដល់ចុណ្ណភាគតូចល្អិតជាងបរមាណូទៅទៀត។ អ្វីៗដែលមនុស្សជាតិបានសម្រេចនឹងធ្វើឲ្យព្រះយេហូវ៉ា ព្រះវរបិតាស្ថានសួគ៌ដែលប្រកបដោយសេចក្ដីស្រឡាញ់របស់យើងបានគាប់ព្រះហឫទ័យថែមទៀត។—ទំនុកដំកើង ១៥០:១-៦
២៣. ហេតុអ្វីក៏ជីវិតក្នុងសួនមនោរម្យមិនដែលធុញទ្រាន់សោះ?
២៣ ជីវិតនៅពេលនោះគឺមិនមែនធុញទ្រាន់ទេ។ កាលដែលពេលវេលាកន្លងទៅមុខ ជីវិតនឹងកាន់តែមានការចាប់អារម្មណ៍ឡើង។ អ្នកឃើញទេ ចំណេះអំពីព្រះគឺគ្មានទីបញ្ចប់ទេ។ (រ៉ូម ១១:៣៣) អស់ទាំងកល្បជានិច្ច នោះតែងមានរបស់ជាច្រើនទៀតដែលយើងនឹងរៀនចេះ និងកន្លែងផ្សេងទៀតដែលយើងនឹងរុករក។ (សាស្ដា ៣:១១) ហើយកាលដែលអ្នករៀនអំពីព្រះយេហូវ៉ាតទៅទៀត នោះអ្នកនឹងតែងមានជីវិតរស់នៅ—ជារៀងរហូតតទៅ មិនមែនគ្រាន់តែពីរបីឆ្នាំប៉ុណ្ណោះទេ!—ទំនុកដំកើង ២២:២៦
២៤, ២៥. ហេតុអ្វីក៏ឥឡូវនេះអ្នកគួររស់នៅឲ្យស្របតាមចំណេះអំពីព្រះ?
២៤ តើអនាគតដ៏សប្បាយរីករាយលើផែនដីមនោរម្យ មិនមែនជាអ្វីដែលសមឲ្យអ្នកខំខ្នះខ្នែងឬខំបូជាដើម្បីឲ្យបានទទួលទេឬ? គឺសមជាប្រាកដហើយ! ព្រះយេហូវ៉ាបានប្រទានកូនសោសំរាប់អនាគតដ៏រុងរឿងនេះដល់អ្នក។ កូនសោនោះគឺជាចំណេះអំពីព្រះ។ តើអ្នកនឹងប្រើកូនសោនោះឬទេ?
២៥ ប្រសិនបើអ្នកស្រឡាញ់ព្រះយេហូវ៉ា នោះអ្នកនឹងមានចិត្តរីករាយក្នុងការធ្វើតាមបំណងព្រះហឫទ័យទ្រង់។ (យ៉ូហានទី១ ៥:៣) កាលដែលអ្នកធ្វើតាមបំណងព្រះហឫទ័យទ្រង់ នោះអ្នកនឹងពិសោធនឹងពរដ៏ល្អជាច្រើន! ប្រសិនបើអ្នកអនុវត្តតាមចំណេះអំពីព្រះ នោះអ្នកបានជីវិតកាន់តែសប្បាយឡើង សូម្បីក្នុងពិភពលោកដ៏មានបញ្ហានេះ។ ហើយឯរង្វាន់នៅអនាគតគឺធំក្រៃលែង ដ្បិតនេះជាចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច! ឥឡូវនេះ ជាពេលត្រឹមត្រូវដែលអ្នកត្រូវចាត់វិធានការ។ សូមប្ដេជ្ញារស់នៅឲ្យស្របតាមចំណេះអំពីព្រះ។ សូមសម្ដែងសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះយេហូវ៉ា។ សូមលើកកិត្ដិយសដល់ព្រះនាមបរិសុទ្ធរបស់ទ្រង់ ហើយបង្ហាញឲ្យឃើញថាសាតាំងជាអ្នកកុហកវិញ។ ក្រោយមក ព្រះយេហូវ៉ាដែលជាប្រភពនៃប្រាជ្ញានិងចំណេះ នឹងបានត្រេកអរចំពោះអ្នកក្នុងព្រះទ័យដ៏ល្អ ដ៏ស្រឡាញ់របស់ទ្រង់។ (យេរេមា ៣១:៣; សេផានា ៣:១៧) ហើយទ្រង់នឹងស្រឡាញ់អ្នកជានិច្ចរហូតតទៅ!
សាកល្បងចំណេះរបស់អ្នក
តើអ្វីជាជីវិត«ពិតប្រាកដ»?
ក្រោយពេលសង្គ្រាមអើម៉ាគេដូន តើនឹងមានអ្វីកើតឡើងលើផែនដី?
តើអ្នកណានឹងបានត្រូវប្រោសឲ្យរស់ឡើងវិញលើផែនដី?
តើតាមរបៀបណាដែលមនុស្សជាតិនឹងក្លាយទៅជាគ្រប់ល័ក្ខណ៍ហើយក្រោយបំផុតនឹងត្រូវល្បងនោះ?
តើអ្នកមានសេចក្ដីសង្ឃឹមយ៉ាងណា អំពីសួនមនោរម្យ?
[រូបភាពនៅទំព័រ១៨៨, ១៨៩]
តើអ្នកសង្ឃឹមថាបានរស់នៅក្នុងសួនមនោរម្យឬទេ ពេលដែលចំណេះអំពីព្រះជ្រួតជ្រាបពេញផែនដីនោះ?