គោលបំណងរបស់ព្រះសម្រាប់ផែនដី ជិតនឹងសម្រេចហើយ!
ពេលអ័ដាមនិងនាងអេវ៉ារស់នៅក្នុងសួនច្បារដែលព្រះបានរៀបចំរួចហើយនោះ ពួកគេបានទទួលសេចក្ដីបង្គាប់ថា «ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ! ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាសនឹងជីវិតផងទាំងឡាយដែលកំរើកនៅផែនដីផង»។—លោកុប្បត្តិ ១:២៨
ការបង្ក្រាបផែនដីមិនមែនមានន័យថាគ្រាន់តែដាំដុះសាបព្រោះ ឬថែទាំមួយចំណែកតូចនៃផែនដីនោះទេ។ អ័ដាមនិងនាងអេវ៉ាព្រមទាំងកូនចៅរបស់ពួកគាត់ត្រូវពង្រីកសួនមនោរម្យឲ្យបានពេញផែនដី។ ក៏ប៉ុន្តែ គូស្វាមីភរិយាទីមួយនោះបានធ្វើអំពើបាប ហើយបានត្រូវបណ្ដេញចេញពីសួនច្បារអេដែន។ (លោកុប្បត្តិ ៣:២៣, ២៤) តែនេះមិនមានន័យថាផែនដីនឹងលែងត្រូវបង្ក្រាបជារហូតនោះឡើយ។
ដោយសារព្រះនឹងប្រទានពរដល់មនុស្សជាតិដែលស្ដាប់បង្គាប់ នោះពួកគេ នឹងអាចបង្ក្រាបផែនដីបាន។ ពេលដែលព្រះសព្វព្រះទ័យនឹងប្រជាជនអ៊ីស្រាអែលពីបុរាណ ទ្រង់ប្រទានពរដល់ពួកគេ ដោយធ្វើឲ្យស្រែចម្ការរបស់ពួកគេបង្កើតបានភោគផលដំណាំដែលមានគុណភាពល្អនិងឆ្ងាញ់ពិសា។ នៅពេលអនាគតនឹងមានស្ថានភាពសម្បូរភោគផលបែបនេះដែរ ពេលផែនដីក្លាយបន្ដិចម្ដងៗជាសួនមនោរម្យ។ ដូចពាក្យដែលព្រះបានសន្យាក្នុងព្រះគម្ពីរថា៖ «នោះដីនឹងបង្កើតផលឡើង ហើយព្រះដ៏ជាព្រះនៃយើងខ្ញុំ ទ្រង់នឹងប្រទានពរមកយើងខ្ញុំ»។ (ទំនុកដំកើង ៦៧:៦) ហេតុនេះហើយគឺហាក់ដូចជា វាលស្មៅ ភ្នំ ដើមឈើ បុប្ផានានា ទន្លេព្រមទាំងសមុទ្រនឹងមានអំណរ។ (ទំនុកដំកើង ៩៦:១១-១៣; ៩៨:៧-៩) ផែនដីនឹងពេញទៅដោយរុក្ខជាតិដ៏ខៀវស្រងាត់ បក្សាបក្សីចម្រុះពណ៌ សត្វដ៏គួរឲ្យអស្ចារ្យ និងមនុស្សដែលចេះបង្ហាញសេចក្ដីស្រឡាញ់។
ជិតមានពិភពលោកថ្មីហើយ!
យើងស្ថិតនៅមាត់ទ្វារនៃពិភពលោកថ្មីមួយដែលព្រះយេហូវ៉ាបានសន្យា។ សាវ័កពេត្រុសបានសរសេរថា៖ «តាមសេចក្ដីសន្យារបស់ទ្រង់ នោះយើងរាល់គ្នាទន្ទឹងចាំផ្ទៃមេឃថ្មី នឹងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ»។ (ពេត្រុសទី២ ៣:១៣) បន្ទាប់ពីបានអានពាក្យរបស់ពេត្រុស អ្នកខ្លះសន្មតថា ភពផែនដីនេះមិនអាចក្លាយទៅជាសួនមនោរម្យបានឡើយ។ ប្រហែលជាពួកគេគិតថាផ្ទៃមេឃនិងផែនដីត្រូវតែបង្កើតសាជាថ្មី។ តើពិតជាមានន័យដូច្នេះទេ?
តើអ្វីជា«ផ្ទៃមេឃថ្មី»? ពិតជាមិនមែនផ្ទៃមេឃដែលព្រះបានបង្កើតទេ។ (ទំនុកដំកើង ១៩:១, ២) ពីរបីខមុនពេត្រុសចង់និយាយជាន័យធៀប សំដៅទៅរដ្ឋាភិបាលរបស់មនុស្ស ដែលរដ្ឋាភិបាលនោះត្រូវលើកតម្កើងខ្លួនឲ្យខ្ពស់លើរាស្ត្រ ដូចជា«ផ្ទៃមេឃ»ដែលនៅខ្ពស់ពីលើផែនដីដែរ។ (ពេត្រុសទី២ ៣:១០-១២) «ផ្ទៃមេឃ»នេះធ្លាប់បរាជ័យក្នុងការគ្រប់គ្រង ហើយនឹងមិនស្ថិតស្ថេរបានឡើយ។ (យេរេមា ១០:២៣; ដានីយ៉ែល ២:៤៤) «ផ្ទៃមេឃថ្មី»គឺជារដ្ឋាភិបាលរបស់ព្រះ ដែលមានព្រះយេស៊ូគ្រិស្តជាស្តេចនិងអ្នកគ្រងរាជ្យជាមួយទ្រង់១៤៤.០០០នាក់ ដែលនឹងត្រូវប្រោសឲ្យមានជីវិតនៅស្ថានសួគ៌។ ផ្ទៃមេឃថ្មីនេះនឹងត្រូវជំនួសរដ្ឋាភិបាលរបស់មនុស្ស។—រ៉ូម ៨:១៦, ១៧; វិវរណៈ ៥:៩, ១០; ១៤:១, ៣
«ផែនដីថ្មី»ដែលពេត្រុសបាននិយាយមិនមែនភពមួយថ្មីទេ។ ព្រះយេហូវ៉ាបានបង្កើតផែនដីល្អឥតខ្ចោះដើម្បីឲ្យមនុស្សរស់នៅជារៀងរហូត។ (ទំនុកដំកើង ១០៤:៥) ជួនកាល ព្រះគម្ពីរប្រើពាក្យ«ផែនដី»សំដៅទៅលើមនុស្ស។ (លោកុប្បត្តិ ១១:១) ផែនដីដែលនឹងត្រូវបំផ្លាញចោលក្នុងពេលឆាប់ៗ គឺជាមនុស្សដែលតាំងខ្លួនជាផ្នែកនៃលោកិយដ៏អាក្រក់នេះ។ ដូចគ្នាសម័យណូអេ ព្រះបានបំផ្លាញចោលមនុស្សទមិឡល្មើសឬមនុស្សអាក្រក់។ (ពេត្រុសទី២ ៣:៥-៧) បើដូច្នេះ«ផែនដីថ្មី»ជាអ្វីទៅ? គឺជាសង្គមមនុស្សថ្មីដែលជាអ្នកថ្វាយបង្គំព្រះពិត និងមាន«ចិត្តទៀងត្រង់»។ (ទំនុកដំកើង ១២៥:៤; យ៉ូហានទី១ ២:១៧) «ផ្ទៃមេឃថ្មី»នឹងរៀបចំច្បាប់ទាំងអស់សម្រាប់«ផែនដីថ្មី»។ បុរសស្មោះភក្ដីនៅផែនដីនឹងចាត់ចែងឲ្យមនុស្សទាំងអស់ប្រព្រឹត្តតាមច្បាប់ទាំងនោះ។
នឹងមានអ្វីៗថ្មីហើយប្រសើរកន្លង!
ពេលទ្រង់រៀបចំផែនដី ព្រះយេហូវ៉ាប្រាកដជាបានប្រទានលំនៅស្ថានដ៏ល្អអស្ចារ្យមែន ដើម្បីឲ្យមនុស្សរស់នៅ។ អង្គទ្រង់ផ្ទាល់មានបន្ទូលថាអ្វីៗដែលទ្រង់បានរៀបចំសម្រាប់ផែនដីគឺ«ល្អប្រពៃ»។ (លោកុប្បត្តិ ១:៣១) អារក្សសាតាំង(ទេវតាមួយរូបដែលប្រឆាំងនឹងព្រះ) បាននាំអ័ដាមនិងនាងអេវ៉ាឲ្យបះបោរប្រឆាំងនឹងព្រះ។ (លោកុប្បត្តិ ៣:១-៥; វិវរណៈ ១២:៩) ទោះជាយ៉ាងនេះក៏ដោយ ព្រះនឹងចាត់វិធានការក្នុងពេលឆាប់ៗដើម្បីឲ្យមនុស្សសុចរិតមាន«ជីវិតដ៏ពិតប្រាកដ»។ នោះជា«ជីវិតអស់កល្បជានិច្ច»ឬជីវិតជារៀងរហូតក្រោមស្ថានភាពដ៏ល្អឥតខ្ចោះក្នុងសួនមនោរម្យ។ (ធីម៉ូថេទី១ ៦:១២, ១៩, ខ.ស.) សូមពិចារណាពីពរខ្លះដែលមនុស្សជាតិនឹងទទួលដោយអំណរនៅពេលនោះ។
ក្នុងរាជ្យ១.០០០ឆ្នាំរបស់ព្រះគ្រិស្ត សាតាំងនឹងត្រូវឃុំទុកមិនឲ្យមានសកម្មភាព ហើយមិនអាចបង្កសេចក្ដីវេទនាដល់មនុស្សជាតិ។ សាវ័កយ៉ូហានរៀបរាប់ថា «ខ្ញុំក៏ឃើញទេវតា១ [មហាទេវតាមីកែលឬព្រះយេស៊ូគ្រិស្ត] ចុះពីស្ថានសួគ៌មក ទាំងកាន់កូនសោជង្ហុកធំ នឹងច្រវាក់១យ៉ាងធំនៅដៃ។ ទេវតានោះក៏ចាប់នាគចងវាទុក១ពាន់ឆ្នាំ គឺជាពស់ពីចាស់បុរាណ ដែលជាអារក្សឈ្មោះថា សាតាំង។ ក៏បោះវាចោលទៅក្នុងជង្ហុកធំ ទាំងខ្ទប់ ហើយបិទត្រាពីលើ ដើម្បីកុំឲ្យវានាំអស់ទាំងសាសន៍ ឲ្យវង្វេងទៀត ទាល់តែផុតពី១ពាន់ឆ្នាំនោះទៅ»។ (វិវរណៈ ២០:១-៣; ១២:១២) សាតាំងលែងមានឥទ្ធិពលមកលើមនុស្សជាតិនៅពេលដែលវាបានត្រូវជាប់ក្នុងជង្ហុកធំ។ ក៏ប៉ុន្តែមិនមានត្រឹមតែប៉ុណ្ណោះទេ ដ្បិតមនុស្សជាតិនឹងទទួលពរបន្ថែមទៀតក្រោមការដឹកនាំនៃរដ្ឋាភិបាលរបស់ព្រះ។
សង្គ្រាម អំពើទុច្ចរិត និងអំពើឃោរឃៅ នឹងលែងមានទៀត។ ព្រះគម្ពីរចែងថា៖ «បន្ដិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ អើ អ្នកនឹងខំមើលកន្លែងគេ តែគេមិននៅទេ។ ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយ ដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ។ ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។ (ទំនុកដំកើង ៣៧:១០, ១១, ២៩) ព្រះយេហូវ៉ា‹នឹងបណ្ដាលឲ្យសង្គ្រាមស្ងប់រំងាប់ រហូតដល់ចុងផែនដី›។ (ទំនុកដំកើង ៤៦:៩) នេះពិតជាសេចក្ដីសន្យាដ៏អស្ចារ្យមែន! អំពីគ្រាដែលប្រកបដោយសន្ដិភាពនិងសេចក្ដីសុខ!
មនុស្សជាតិនឹងមានម្ហូបអាហារដ៏បរិបូរដែលមានជីវជាតិនិងឱជារសឆ្ងាញ់ពិសា។ អ្នកតែងទំនុកដំកើងបានរៀបរាប់ថា៖ «នឹងមានស្រូវជាបរិបូរនៅក្នុងស្រុក រហូតដល់កំពូលភ្នំ»។ (ទំនុកដំកើង ៧២:១៦) នៅពេលនោះ គ្មាននរណាម្នាក់នឹងរងក្ដីឈឺចាប់ដោយការអត់ឃ្លានសោះ។
គ្មាននរណាម្នាក់នឹងរងទុក្ខដោយបញ្ហាសុខភាពនិងជំងឺទៀតទេ។ ប្រាកដមែន «ពួកអ្នកដែលនៅក្នុងក្រុងគេនឹងមិនថា៖ ‹ខ្ញុំឈឺទៀតឡើយ›»។ (អេសាយ ៣៣:២៤; ៣៥:៥, ៦) ពេលព្រះយេស៊ូទ្រង់គង់នៅលើផែនដី ទ្រង់បានប្រោសមនុស្សឃ្លង់ឲ្យបានស្អាត ព្យាបាលមនុស្សខ្វិន ខ្វាក់ឲ្យបានជាឡើងវិញ។ (ម៉ាថាយ ៩:៣៥; ម៉ាកុស ១:៤០-៤២; យ៉ូហាន ៥:៥-៩) សូមគិតមើល នេះជាអ្វីដែលទ្រង់ច្បាស់ជានឹងធ្វើនៅក្នុងពិភពលោកថ្មី! សូមស្រមៃគិតពីទឹកចិត្តដ៏សែនសប្បាយពេលឃើញមនុស្សខ្វាក់ ថ្លង់ ខ្វិន និងគបានជាឡើងវិញ។
កាលដែលអ្នកស្ដាប់បង្គាប់ព្រះក្លាយទៅជាគ្រប់លក្ខណ៍ អ្នកចាស់ជរាក្នុងចំណោមពួកគេនឹងក្លាយទៅជាក្មេងវិញ។ លែងត្រូវការវ៉ែនតា ឈើច្រត់ មន្ទីរពេទ្យ និងថ្នាំពេទ្យ។ នេះពិតជាការកែប្រែដ៏អស្ចារ្យណាស់ ពេលដែលយើងនឹងបានទទួលកម្លាំងយុវវ័យឡើងវិញ! (យ៉ូប ៣៣:២៥) រៀងរាល់ព្រឹកយើងនឹងភ្ញាក់ពីដំណេកដោយមានកម្លាំងដើម្បីបន្តសកម្មភាពដែលនាំឲ្យមានអំណរ។
យើងនឹងមានអំណរពេលដែលអ្នកជាទីស្រឡាញ់និងមនុស្សឯទៀតត្រូវប្រោសឲ្យរស់ឡើងវិញ។ (យ៉ូហាន ៥:២៨, ២៩; កិច្ចការ ២៤:១៥) ពិតជាគួរឲ្យរំភើបមែនពេលដែលអ្នកបម្រើស្មោះភក្ដីនៅសម័យបុរាណបានត្រូវប្រោសឲ្យរស់ឡើងវិញ ហើយយើងនឹងទទួលស្វាគមន៍ពួកគាត់ ដូចជាអេបិល ណូអេ អ័ប្រាហាំ សារ៉ា យ៉ូប ម៉ូសេ នាងរស់ ដាវីឌ អេលីយ៉ា នាងអេសធើរជាដើម! មនុស្សរាប់លាននាក់ឯទៀតក៏នឹងត្រូវប្រោសឲ្យរស់ឡើងវិញដែរ។ ពួកគេភាគច្រើនមិនធ្លាប់ស្គាល់ព្រះយេហូវ៉ាទេ។ ក៏ប៉ុន្តែ នឹងមានមនុស្សរង់ចាំទទួលស្វាគមន៍ពួកគេដោយមានចិត្តចង់បង្រៀនអំពីព្រះយេហូវ៉ា គោលបំណងរបស់ទ្រង់ និងអំពីរាជបុត្រារបស់ទ្រង់ដែលជាព្រះយេស៊ូគ្រិស្ត។ ពេលមនុស្សដែលត្រូវប្រោសឲ្យរស់ឡើងវិញបានស្គាល់ព្រះជាអ្នកបង្កើត នោះផែនដីពិតជានឹងពេញដោយមនុស្សដែលមានចំណេះអំពីព្រះយេហូវ៉ា។
អ្វីដែលល្អបំផុតគឺយើងអាចថ្វាយបង្គំព្រះពិតតែមួយជារៀងរហូត។ យើងនឹងមានកិត្ដិយស«គោរពប្រតិបត្ដិដល់ព្រះយេហូវ៉ា ដោយអរសប្បាយ» ហើយធ្វើការជាមួយគ្នាយ៉ាងសស្រាក់សស្រាំក្នុងការសង់លំនៅស្ថានដ៏ល្អប្រណីត ភ្ជួររាស់ដី រហូតដល់ទីបំផុតបង្ក្រាបផែនដីទាំងមូលឲ្យទៅជាសួនមនោរម្យ។ (ទំនុកដំកើង ១០០:១-៣; អេសាយ ៦៥:២១-២៤) យើងពិតជានឹងរីករាយមែន! ពេលរស់ជារៀងរហូតលើផែនដីមនោរម្យដែលផ្ដល់ភោគផលដ៏បរិបូរ មានសន្ដិភាព និងជាសួនមនោរម្យដ៏ស្រស់ស្អាត។ ទាំងអស់នេះជាអ្វីដែលពិតជាផ្ដល់កិត្ដិយសដល់ព្រះនាមដ៏បរិសុទ្ធរបស់ព្រះយេហូវ៉ាមែន!—ទំនុកដំកើង ១៤៥:២១; យ៉ូហាន ១៧:៣
ការសាកល្បងចុងក្រោយរបស់មនុស្សជាតិ
ក្នុងរាជ្យ១.០០០ឆ្នាំរបស់ព្រះយេស៊ូ មនុស្សដែលស្ដាប់បង្គាប់ព្រះទទួលប្រយោជន៍ពេញលេញពីយញ្ញបូជាលោះរបស់ព្រះយេស៊ូ។ នៅទីបំផុត បាបនឹងត្រូវដកចេញ ហើយមនុស្សជាតិនឹងក្លាយទៅជាគ្រប់លក្ខណ៍។ (យ៉ូហានទី១ ២:២; វិវរណៈ ២១:១-៤) ដោយសារឥទ្ធិពលពីបាបរបស់អ័ដាមលែងមានទៀត មនុស្សនឹងបានគ្រប់លក្ខណ៍ ទាំងរូបកាយ ចិត្តគំនិត សីលធម៌ និងការថ្វាយបង្គំស្របតាមខ្នាតតម្រារបស់ព្រះ។ ពេលដែលពួកគេលែងមានបាបហើយក្លាយទៅជាគ្រប់លក្ខណ៍ នោះចាត់ទុកថាពួកគេពិតជាបាន«រស់វិញ»មែន។ (វិវរណៈ ២០:៥) មនុស្សក្លាយទៅជាគ្រប់លក្ខណ៍ ផែនដីក៏ទៅជាសួនមនោរម្យ នេះពិតជានឹងសរសើរតម្កើងព្រះយេហូវ៉ាមែន!
ផុតរាជ្យ១.០០០ឆ្នាំរបស់ព្រះគ្រិស្ត អារក្សសាតាំងនិងបរិវារឬពួកទេវតាអាក្រក់ នឹងត្រូវដោះលែងមួយរយៈខ្លីពីជង្ហុកធំ ជាកន្លែងដែលពួកវាបានត្រូវឃុំទុកអស់ប្រមាណជា១.០០០ឆ្នាំនោះ។ (វិវរណៈ ២០:១-៣) ពួកវានឹងត្រូវអនុញ្ញាតឲ្យខំប្រឹងនាំអស់ទាំងមនុស្សឲ្យវង្វេងចេញពីព្រះជាលើកចុងក្រោយ។ ទោះជាមនុស្សខ្លះនឹងបណ្ដោយឲ្យខ្លួនប្រព្រឹត្តតាមសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវក៏ដោយ ក៏ការបះបោរប្រឆាំងនេះនឹងត្រូវបរាជ័យ។ ព្រះយេហូវ៉ានឹងបំផ្លាញចោលមនុស្សអាត្មានិយមជាមួយអារក្សសាតាំងព្រមទាំងទេវតារបស់វា។ អំពើអាក្រក់នឹងលែងមានទៀត។ មនុស្សទុច្ចរិតនឹងត្រូវបំផ្លាញចោលជារៀងរហូត រីឯមនុស្សសុចរិតនឹងទទួលជីវិតដែលគ្មានទីបញ្ចប់។—វិវរណៈ ២០:៧-១០
តើលោកអ្នកចង់រស់នៅផែនដីមនោរម្យទេ?
អស់អ្នកដែលស្រឡាញ់ព្រះយេហូវ៉ាមានលទ្ធភាពរស់នៅដោយមានសុភមង្គលជារៀងរហូត។ ជីវិតជារៀងរហូតគ្មានអ្វីដែលនាំឲ្យអផ្សុកឡើយ។ តាមការពិត កាលពេលវេលាចេះតែកន្លងទៅមុខ អ្វីៗក្នុងជីវិតនឹងមានលក្ខណៈរឹតតែគួរឲ្យចាប់អារម្មណ៍ទៅទៀត ព្រោះចំណេះរបស់ព្រះជ្រៅណាស់គ្មានអ្នកណានឹងស្ទង់បាន។ (រ៉ូម ១១:៣៣) អ្នកនឹងរៀនអំពីរបស់ថ្មីជានិច្ច ហើយអ្នកនឹងមានពេលច្រើនណាស់ដើម្បីក្រេបជញ្ជក់យកចំណេះ។ ហេតុអ្វី? ពីព្រោះអ្នកនឹងរស់នៅជារៀងរហូត មិនគ្រាន់តែ៧០ឬ៨០ឆ្នាំប៉ុណ្ណោះទេ។—ទំនុកដំកើង ២២:២៦; ៩០:១០; សាស្ដា ៣:១១
បើអ្នកស្រឡាញ់ព្រះ អ្នកនឹងសប្បាយចិត្តដើម្បីធ្វើតាមព្រះហឫទ័យទ្រង់ជានិច្ច។ សាវ័កយ៉ូហានបានសរសេរថា «ដ្បិតនេះហើយជាសេចក្ដីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់ ឯបញ្ញត្តទ្រង់នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ»។ (យ៉ូហានទី១ ៥:៣) ដូច្នេះ សូមកុំឲ្យអ្វីបង្អាក់អ្នកពីការខំប្រឹងផ្គាប់ព្រះហឫទ័យព្រះឲ្យសោះ ដោយប្រព្រឹត្តអំពើសុចរិតវិញ។ ចូរចងចាំនូវសេចក្ដីសង្ឃឹមដ៏អស្ចារ្យដែលព្រះប្រទានឲ្យតាមរយៈបន្ទូលរបស់ទ្រង់ គឺព្រះគម្ពីរ។ ចូរប្ដេជ្ញាចិត្តធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ា ដោយមិនងាករេឡើយ។ ជាលទ្ធផល ពេលគោលបំណងរបស់ព្រះសម្រាប់ផែនដីនឹងបានសម្រេច អ្នកនឹងនៅទីនោះ។ ផែនដីដែលជាលំនៅស្ថានរបស់យើងនឹងក្លាយជាសួនមនោរម្យជារៀងរហូត។
[រូបភាពនៅទំព័រ៤]
ដោយសារព្រះយេហូវ៉ាប្រទានពរ នោះស្រែចម្ការរបស់អ៊ីស្រាអែលធ្លាប់បង្កើតភោគផលដ៏បរិបូរ
[រូបភាពនៅទំព័រ៧]
តើស្ថានភាពបែបណា នៃសួនមនោរម្យដែលអ្នករង់ចាំ?