សំបុត្រទី១ជូនចំពោះធីម៉ូថេ
៦ ចូរឲ្យអស់អ្នកដែលជាខ្ញុំបម្រើ បន្តគោរពម្ចាស់ខ្លួនយ៉ាងអស់ពីចិត្ត+ ដើម្បីកុំឲ្យគេប្រមាថនាមរបស់ព្រះ ឬសេចក្ដីបង្រៀនរបស់លោកឡើយ។+ ២ ម្យ៉ាងទៀត អស់អ្នកដែលមានម្ចាស់ជាអ្នកជឿ មិនត្រូវខ្វះការគោរពចំពោះម្ចាស់ខ្លួន ដោយសារតែពួកគាត់ជាបងប្អូនរួមជំនឿទេ។ ផ្ទុយទៅវិញ អ្នកទាំងនោះត្រូវខំបម្រើម្ចាស់ខ្លួនលើសពីធម្មតា ពីព្រោះម្ចាស់ដែលគាត់កំពុងព្យាយាមបម្រើនោះ គឺជាអ្នកជឿនិងជាបងប្អូនជាទីស្រឡាញ់។
ចូរបន្តបង្រៀនសេចក្ដីទាំងនេះ ហើយលើកទឹកចិត្តពួកគេឲ្យធ្វើតាមការទាំងនេះ។ ៣ ប្រសិនបើអ្នកណាផ្សាយសេចក្ដីបង្រៀនមិនពិត ហើយមិនយល់ស្របនឹងសេចក្ដីបង្រៀនដែលមានប្រយោជន៍+ ពោលគឺសេចក្ដីបង្រៀនរបស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង ហើយបើមិនយល់ស្របនឹងសេចក្ដីបង្រៀនដែលជំរុញឲ្យមានភក្ដីភាពចំពោះព្រះទេ+ ៤ អ្នកនោះមានចិត្តក្រអឺតក្រអោង ហើយមិនយល់អ្វីសោះ។+ អ្នកនោះវក់នឹងការឈ្លោះប្រកែក និងការជជែកតវ៉ាអំពីពាក្យ។+ នេះបណ្ដាលឲ្យមានការឈ្នានីស ទំនាស់ ការបង្កាច់បង្ខូច* ការសង្ស័យក្នុងផ្លូវអាក្រក់ ៥ និងការឈ្លោះប្រកែកឥតឈប់ឈរអំពីរឿងតូចតាច ដែលបង្កដោយពួកអ្នកមានគំនិតខូចអាក្រក់+និងបានចាកឆ្ងាយពីសេចក្ដីពិត ដោយមានគំនិតថាភក្ដីភាពចំពោះព្រះ គឺជាវិធីនាំឲ្យបានផលប្រយោជន៍។+ ៦ ប៉ុន្តែតាមការពិត ភក្ដីភាពចំពោះព្រះ+ ព្រមជាមួយនឹងការស្កប់ចិត្ត នាំឲ្យបានផលប្រយោជន៍ច្រើនក្រៃលែង។ ៧ ព្រោះយើងមិនបានយកអ្វីចូលមកក្នុងពិភពលោកទេ ហើយក៏មិនអាចយកអ្វីចេញទៅជាមួយបានដែរ។+ ៨ ដូច្នេះ យើងនឹងស្កប់ចិត្តហើយ ដោយមានអាហារបរិភោគ សម្លៀកបំពាក់។*+
៩ ប៉ុន្តែ អ្នកដែលតាំងចិត្តធ្វើជាអ្នកមាន នឹងជួបប្រទះសេចក្ដីល្បួង ហើយធ្លាក់ចូលអន្ទាក់+ ថែមទាំងចាប់ផ្ដើមមានសេចក្ដីប៉ងប្រាថ្នាជាច្រើនដែលផ្ដេសផ្ដាស និងនាំឲ្យមានទុក្ខលំបាក ជាសេចក្ដីប៉ងប្រាថ្នាដែលធ្វើឲ្យមនុស្សលិចលង់ទៅក្នុងសេចក្ដីវិនាសអន្តរាយ។+ ១០ ព្រោះការស្រឡាញ់ប្រាក់ជាឫសគល់មួយនៃអំពើអាក្រក់សព្វបែបយ៉ាង ហើយការបណ្ដុះសេចក្ដីស្រឡាញ់បែបនោះ ធ្វើឲ្យអ្នកខ្លះបែរចេញពីជំនឿ ថែមទាំងបានចាក់ទម្លុះខ្លួនគ្រប់កន្លែងដោយទុក្ខវេទនាជាច្រើន។+
១១ ចំណែកអ្នកវិញ ឱអ្នកបម្រើព្រះអើយ ចូររត់ចេញពីការទាំងនោះ។ ប៉ុន្តែ ចូរព្យាយាមឲ្យមានសេចក្ដីសុចរិត ភក្ដីភាពចំពោះព្រះ ជំនឿ សេចក្ដីស្រឡាញ់ ការស៊ូទ្រាំ និងចិត្តស្លូតបូតជានិច្ច។+ ១២ ចូរតស៊ូអស់ពីសមត្ថភាពដើម្បីការពារជំនឿ។ ចូរចាប់ឲ្យជាប់នូវជីវិតដែលគ្មានទីបញ្ចប់ ព្រោះព្រះបានហៅអ្នកឲ្យទទួលជីវិតបែបនេះ ជាជីវិតដែលអ្នកបានប្រកាសផ្សាយយ៉ាងប្រសើរនៅមុខសាក្សីជាច្រើន។
១៣ នៅចំពោះមុខព្រះដែលរក្សាការពារអ្វីៗទាំងអស់ដែលមានជីវិត និងនៅចំពោះមុខគ្រិស្តយេស៊ូដែលបានធ្វើជាសាក្សីប្រកាសផ្សាយយ៉ាងប្រសើរនៅមុខប៉ុនទាសពីឡាត+ ខ្ញុំបង្គាប់អ្នក ១៤ ឲ្យកាន់តាមបញ្ញត្ដិដោយគ្មានកន្លែងបន្ទោស និងដោយបរិសុទ្ធ ដរាបដល់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើងលេចមក។+ ១៥ ព្រោះនៅពេលកំណត់ លោកដែលមានសេចក្ដីសប្បាយ និងជាអ្នកគ្រប់គ្រងតែមួយ នឹងបង្ហាញខ្លួន។ លោកជាស្ដេចលើអស់អ្នកដែលគ្រប់គ្រងជាស្ដេច និងជាម្ចាស់លើអស់អ្នកដែលគ្រប់គ្រងជាម្ចាស់+ ១៦ គឺលោកតែមួយដែលមានជីវិតអមតៈ+ លោកនៅក្នុងពន្លឺដែលគ្មានអ្នកណាអាចចូលទៅជិតបាន+ ហើយគ្មានមនុស្សណាម្នាក់ធ្លាប់ឃើញលោក ឬអាចមើលឃើញលោកឡើយ។+ សូមឲ្យលោកប្រកបដោយកិត្តិយស និងឫទ្ធានុភាពខ្លាំងក្លាជារៀងរហូត។ អាមេន។
១៧ ចូរបង្គាប់*ពួកអ្នកមានក្នុងរបៀបរបបពិភពលោក*នេះ កុំឲ្យមានអំណួត* ហើយចូរបង្គាប់ឲ្យពួកគេមានសង្ឃឹម តែមិនមែនលើទ្រព្យដែលមិនទៀងទេ។+ ផ្ទុយទៅវិញ គឺមានសង្ឃឹមលើព្រះដែលផ្គត់ផ្គង់អ្វីៗទាំងអស់ ដើម្បីឲ្យយើងបានសប្បាយរីករាយ។+ ១៨ ចូរប្រាប់ពួកគេឲ្យព្យាយាមធ្វើអំពើល្អ និងធ្វើជាអ្នកមានខាងការល្អប្រសើរ ដោយមានចិត្តទូលាយ ហើយប្រុងប្រៀបចែករំលែកជានិច្ច។+ ១៩ ដោយធ្វើដូច្នេះ ប្រៀបដូចជាពួកគេកំពុងរក្សាគ្រឹះដ៏ល្អមួយសម្រាប់អនាគតខ្លួនទុកជាទ្រព្យសម្បត្តិ+ ដើម្បីឲ្យពួកគេចាប់យ៉ាងជាប់នូវជីវិតដ៏ពិតប្រាកដ។+
២០ ធីម៉ូថេអើយ ចូររក្សាការពារអ្វីដែលបានត្រូវផ្ញើទុកនឹងអ្នក+ ដោយជៀសចេញពីសម្ដីអសារឥតការដែលមិនស្របតាមអ្វីដែលបរិសុទ្ធ និងជៀសចេញពីចំណេះក្លែងក្លាយដែលនាំឲ្យនិយាយអ្វីដែលផ្ទុយពីការពិត។+ ២១ អ្នកខ្លះបានបែរចេញពីជំនឿ ដោយសារពួកគេអួតអំពីចំណេះបែបនោះ។
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏វិសេសលើសលប់។