អត្ថបទសិក្សា ២១
របៀបព្រះយេហូវ៉ាតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើង
«យើងដឹងថាយើងនឹងទទួល ពីព្រោះយើងបានសុំពីលោក»។—១យ៉ូន. ៥:១៥
ចម្រៀងលេខ៤១ សូមលោកស្ដាប់ខ្ញុំអធិដ្ឋាន
សេចក្ដីសង្ខេបa
១-២. ស្ដីអំពីសេចក្ដីអធិដ្ឋានរបស់យើង តើយើងប្រហែលជាឆ្ងល់អំពីអ្វី?
តើអ្នកធ្លាប់ឆ្ងល់ថាតើព្រះយេហូវ៉ាតបឆ្លើយសេចក្ដីអធិដ្ឋានរបស់អ្នកឬយ៉ាងណាទេ? បើដូច្នេះ មិនមែនមានតែអ្នកប៉ុណ្ណោះទេ។ បងប្អូនជាច្រើននាក់ក៏បាននិយាយថាពួកគេឆ្ងល់អំពីរឿងនេះដែរ ជាពិសេសពេលពួកគេជួបបញ្ហា។ បើយើងកំពុងរងទុក្ខ យើងក៏ប្រហែលជាពិបាកកត់សម្គាល់ជាងនូវរបៀបដែលព្រះយេហូវ៉ាកំពុងតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើង។
២ សូមយើងពិចារណាឡើងវិញអំពីមូលហេតុដែលយើងអាចជឿជាក់ថា ព្រះយេហូវ៉ាតបឆ្លើយសេចក្ដីអធិដ្ឋានរបស់ពួកអ្នកគោរពប្រណិប័តន៍លោក។ (១យ៉ូន. ៥:១៥) យើងក៏នឹងឆ្លើយសំណួរទាំងនេះដែរគឺ៖ ហេតុអ្វីជួនកាលមើលទៅព្រះយេហូវ៉ាមិនតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើង? តើព្រះយេហូវ៉ាតបឆ្លើយសេចក្ដីអធិដ្ឋាននៅសព្វថ្ងៃនេះតាមរបៀបណា?
ព្រះយេហូវ៉ាប្រហែលជាតបឆ្លើយតាមរបៀបដែលយើងមិននឹកស្មាន
៣. ហេតុអ្វីព្រះយេហូវ៉ាចង់ឲ្យយើងអធិដ្ឋានទៅលោក?
៣ បទគម្ពីរពង្រឹងទំនុកចិត្តយើងថា ព្រះយេហូវ៉ាស្រឡាញ់យើងខ្លាំងណាស់ ហើយថាយើងមានតម្លៃចំពោះលោក។ (ហាក. ២:៧; ១យ៉ូន. ៤:១០) នេះជាមូលហេតុដែលលោកអញ្ជើញយើងឲ្យអធិដ្ឋានសុំជំនួយពីលោក។ (១ពេ. ៥:៦, ៧) លោកចង់ជួយយើងឲ្យបន្តនៅជិតស្និទ្ធនឹងលោក ហើយស៊ូទ្រាំនឹងការពិបាកផ្សេងៗដែលយើងជួបប្រទះ។
៤. ហេតុអ្វីយើងដឹងថាព្រះយេហូវ៉ាតបឆ្លើយសេចក្ដីអធិដ្ឋានរបស់ពួកអ្នកគោរពប្រណិប័តន៍លោក? (សូមមើលរូបភាពផងដែរ)
៤ ក្នុងគម្ពីរ យើងច្រើនតែឃើញថាព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានរបស់ពួកអ្នកគោរពប្រណិប័តន៍លោក។ តើអ្នកអាចគិតអំពីឧទាហរណ៍មួយបានឬទេ? សូមគិតអំពីស្ដេចដាវីឌ។ គាត់មានសត្រូវដ៏សាហាវឃោរឃៅជាច្រើនក្នុងជីវិតរបស់គាត់ ហើយគាត់ច្រើនតែអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ា។ នៅពេលមួយ គាត់បានអង្វរសុំលោកថា៖ «ឱព្រះយេហូវ៉ា សូមលោកឮសេចក្ដីអធិដ្ឋានរបស់ខ្ញុំ សូមស្ដាប់ពាក្យអង្វររបស់ខ្ញុំ។ សូមមេត្តាឆ្លើយតបមកខ្ញុំ ព្រោះលោកសុចរិតនិងស្មោះត្រង់»។ (ចសព. ១៤៣:១) ព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានអង្វរសុំសង្គ្រោះរបស់ដាវីឌ។ (១សាំ. ១៩:១០, ១៨-២០; ២សាំ. ៥:១៧-២៥) ហេតុនេះ ដាវីឌអាចនិយាយដោយមានទំនុកចិត្តថា៖ «ព្រះយេហូវ៉ានៅជិតអស់អ្នកដែលហៅរកលោក»។ យើងក៏អាចមានទំនុកចិត្តបែបនេះដែរ។—ចសព. ១៤៥:១៨
៥. តើសេចក្ដីអធិដ្ឋានរបស់ពួកអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ានៅអតីតកាលតែងតែបានត្រូវតបឆ្លើយតាមរបៀបដែលពួកគេនឹកស្មានឬទេ? សូមលើកឧទាហរណ៍។ (សូមមើលរូបភាពផងដែរ)
៥ ព្រះយេហូវ៉ាប្រហែលជាមិនតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើងដូចការរំពឹងទុករបស់យើងឡើយ។ នេះបានកើតឡើងចំពោះសាវ័កប៉ូល។ គាត់បានសុំព្រះឲ្យដកចេញនូវ«បន្លាមួយក្នុងសាច់ឈាម»របស់គាត់។ អស់បីដង ប៉ូលបានអធិដ្ឋានអំពីការពិបាកនោះ។ តើព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានទាំងនោះឬទេ? គឺមែន ប៉ុន្តែលោកបានតបឆ្លើយតាមរបៀបដែលប៉ូលមិនបានរំពឹងទុក។ ជាជាងបំបាត់ចោលបញ្ហានោះ ព្រះយេហូវ៉ាបានផ្ដល់កម្លាំងដែលគាត់ត្រូវការដើម្បីបន្តបម្រើលោកយ៉ាងស្មោះត្រង់។—២កូ. ១២:៧-១០
៦. ហេតុអ្វីជួនកាលប្រហែលជាមើលទៅព្រះយេហូវ៉ាមិនតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើង?
៦ ជួនកាល យើងក៏ប្រហែលជាទទួលចម្លើយដែលខុសពីអ្វីដែលយើងនឹកស្មានដែរ។ យើងអាចប្រាកដថាព្រះយេហូវ៉ាដឹងច្បាស់អំពីរបៀបល្អបំផុតដើម្បីជួយយើង។ លោកថែមទាំងអាច«ធ្វើហួសពីអ្វីៗទាំងអស់ដែលយើងសុំឬគិតឃើញ»។ (អេភ. ៣:២០) ហេតុនេះ ការតបឆ្លើយរបស់លោកចំពោះសេចក្ដីអធិដ្ឋានរបស់យើងអាចមកនៅពេល ឬតាមរបៀបមួយដែលយើងនឹកស្មានមិនដល់។
៧. ហេតុអ្វីយើងប្រហែលជាត្រូវផ្លាស់ប្ដូរសំណូមពររបស់យើង? សូមលើកឧទាហរណ៍មួយ។
៧ យើងប្រហែលជាត្រូវផ្លាស់ប្ដូរសំណូមពរក្នុងការអធិដ្ឋាន កាលដែលយើងស្គាល់បំណងប្រាថ្នារបស់ព្រះយេហូវ៉ាកាន់តែច្បាស់។ សូមគិតអំពីគំរូរបស់បងម៉ាធិន ផូស៊ីងហ្គើ។ មិនយូរក្រោយពីបងផូស៊ីងហ្គើរៀបការ គាត់បានត្រូវជាប់ឃុំនៅជំរំឃុំឃាំងរបស់ពួកណាត្ស៊ី។ ដំបូង គាត់បានសុំព្រះយេហូវ៉ាឲ្យដោះលែងគាត់ចេញពីជំរំឃុំឃាំងនោះដើម្បីគាត់អាចមើលថែប្រពន្ធរបស់គាត់និងផ្សព្វផ្សាយម្ដងទៀត។ ទោះជាពីរសប្ដាហ៍កន្លងទៅក្ដី មើលទៅព្រះយេហូវ៉ាមិនបើកផ្លូវឲ្យគាត់ចេញទេ។ ដូច្នេះ គាត់បានចាប់ផ្ដើមអធិដ្ឋានថា៖ «ព្រះយេហូវ៉ាអើយ សូមបង្ហាញខ្ញុំអំពីអ្វីដែលលោកចង់ឲ្យខ្ញុំធ្វើផង»។ បន្ទាប់មក គាត់ចាប់ផ្ដើមគិតអំពីអ្វីដែលបងប្អូនប្រុសៗឯទៀតក្នុងជំរំនោះកំពុងស៊ូទ្រាំ។ គាត់ឃើញថាបងប្អូនជាច្រើននាក់នោះព្រួយបារម្ភជាខ្លាំងអំពីប្រពន្ធនិងកូនរបស់ពួកគេ។ បងផូស៊ីងហ្គើអធិដ្ឋានថា៖ «ឱព្រះយេហូវ៉ា សូមអរគុណដែលលោកឲ្យខ្ញុំមានភារកិច្ចថ្មី។ សូមជួយខ្ញុំឲ្យពង្រឹងកម្លាំងនិងលើកទឹកចិត្តបងប្អូនរបស់ខ្ញុំផង»។ គាត់បានធ្វើដូច្នេះអស់៩ឆ្នាំដែលគាត់នៅក្នុងជំរំឃុំឃាំង!
៨. តើយើងគួរចាំអំពីរឿងដ៏សំខាន់អ្វីពេលអធិដ្ឋាន?
៨ យើងត្រូវចាំថាព្រះយេហូវ៉ាមានគោលបំណងមួយ ហើយថាលោកនឹងសម្រេចគោលបំណងនោះនៅពេលកំណត់របស់លោក។ គោលបំណងនោះរួមមានការបំបាត់ចោលទាំងស្រុងនិងជារៀងរហូតនូវបញ្ហាទាំងអស់ដែលបណ្ដាលឲ្យមានទុក្ខវេទនាជាច្រើននៅសព្វថ្ងៃនេះ ដូចជាមហន្តរាយធម្មជាតិ ជំងឺ និងសេចក្ដីស្លាប់ជាដើម។ ព្រះយេហូវ៉ានឹងសម្រេចគោលបំណងរបស់លោកតាមរយៈរាជាណាចក្រលោក។ (ដាន. ២:៤៤; បប. ២១:៣, ៤) ប៉ុន្តែទម្រាំដល់ពេលនោះ ព្រះយេហូវ៉ាអនុញ្ញាតឲ្យសាថានគ្រប់គ្រងពិភពលោក។b (យ៉ូន. ១២:៣១; បប. ១២:៩) បើព្រះយេហូវ៉ាដោះស្រាយបញ្ហាទាំងអស់របស់មនុស្សជាតិនៅឥឡូវនេះ នោះប្រហែលជាមើលទៅសាថានកំពុងគ្រប់គ្រងពិភពលោកយ៉ាងល្អ។ ដូច្នេះ ទោះជាយើងត្រូវរង់ចាំឲ្យព្រះយេហូវ៉ាសម្រេចសេចក្ដីសន្យាខ្លះៗក្ដី នេះមិនមានន័យថាលោកទុកយើងចោលដោយមិនជួយនោះទេ។ សូមយើងពិចារណាអំពីរបៀបខ្លះដែលព្រះយេហូវ៉ាជួយយើង។
របៀបដែលព្រះយេហូវ៉ាតបឆ្លើយសេចក្ដីអធិដ្ឋាននៅសព្វថ្ងៃនេះ
៩. តើព្រះយេហូវ៉ាអាចជួយយើងយ៉ាងណាពេលយើងត្រូវធ្វើការសម្រេចចិត្ត? សូមឲ្យឧទាហរណ៍។
៩ លោកផ្ដល់ប្រាជ្ញាឲ្យយើង។ ព្រះយេហូវ៉ាសន្យាថាលោកនឹងផ្ដល់ប្រាជ្ញាដែលយើងត្រូវការដើម្បីធ្វើការសម្រេចចិត្តល្អ។ ជាពិសេស យើងត្រូវការប្រាជ្ញាពីព្រះពេលធ្វើការសម្រេចចិត្តដែលនឹងមានឥទ្ធិពលលើយើងអស់មួយជីវិត ដូចជាការសម្រេចចិត្តថានៅលីវឬរៀបការជាដើម។ (យ៉ា. ១:៥) សូមគិតអំពីបទពិសោធន៍របស់បងស្រីនៅលីវម្នាក់ឈ្មោះម៉ារៀ។c គាត់កំពុងបម្រើជាអ្នកត្រួសត្រាយពេញពេលយ៉ាងសប្បាយរីករាយ កាលដែលគាត់ជួបបងប្រុសម្នាក់។ គាត់និយាយថា៖ «កាលដែលចំណងមិត្តភាពរបស់យើងកាន់តែជិតស្និទ្ធទៅ យើងកាន់តែចូលចិត្តគ្នា។ ខ្ញុំដឹងថាខ្ញុំត្រូវធ្វើការសម្រេចចិត្តមួយ ហើយខ្ញុំបានអធិដ្ឋានច្រើនអំពីរឿងនេះ។ ខ្ញុំត្រូវការការណែនាំពីព្រះយេហូវ៉ា ប៉ុន្តែខ្ញុំក៏ដឹងថាព្រះយេហូវ៉ានឹងមិនធ្វើការសម្រេចចិត្តនោះឲ្យខ្ញុំទេ»។ គាត់មានអារម្មណ៍ថាព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានរបស់គាត់ដែលសុំប្រាជ្ញា។ តើតាមរបៀបណា? កាលដែលគាត់បានធ្វើការស្រាវជ្រាវក្នុងសៀវភៅរបស់យើង គាត់បានរកឃើញអត្ថបទដែលបានជួយគាត់ឲ្យទទួលចម្លើយចំពោះសំណួរដែលគាត់មាន។ គាត់ក៏ស្ដាប់យោបល់ដែលប្រកបដោយប្រាជ្ញាពីម្ដាយដ៏ស្មោះត្រង់របស់គាត់។ យោបល់នោះបានជួយបងម៉ារៀឲ្យពិចារណាអំពីអារម្មណ៍របស់គាត់។ ដូច្នេះ គាត់អាចធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។
១០. យោងទៅតាមភីលីព ៤:១៣ តើព្រះយេហូវ៉ានឹងធ្វើអ្វីដើម្បីជួយពួកអ្នកគោរពប្រណិប័តន៍លោក? សូមឲ្យឧទាហរណ៍មួយ។ (សូមមើលរូបភាពផងដែរ)
១០ លោកផ្ដល់កម្លាំងឲ្យយើងស៊ូទ្រាំ។ ដូចលោកបានធ្វើចំពោះសាវ័កប៉ូល ព្រះយេហូវ៉ានឹងផ្ដល់កម្លាំងដែលយើងត្រូវការដើម្បីស៊ូទ្រាំនឹងទុក្ខលំបាករបស់យើង។ (សូមអាន ភីលីព ៤:១៣) សូមគិតអំពីរបៀបដែលព្រះយេហូវ៉ាបានជួយបងប្រុសម្នាក់ឈ្មោះបេនយ៉ាមីនឲ្យស៊ូទ្រាំនឹងស្ថានភាពពិបាក។ ក្នុងអំឡុងកុមារភាពរបស់បងបេនយ៉ាមីន ភាគច្រើនគាត់និងក្រុមគ្រួសាររបស់គាត់រស់នៅក្នុងជំរំជនភៀសខ្លួននាទ្វីបអាហ្វ្រិក។ បងបេនយ៉ាមីននិយាយថា៖ «ខ្ញុំបានអធិដ្ឋានជានិច្ចទៅព្រះយេហូវ៉ា ដោយសុំលោកឲ្យផ្ដល់កម្លាំងដល់ខ្ញុំដើម្បីធ្វើអ្វីដែលនាំឲ្យលោកពេញចិត្ត។ ព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានរបស់ខ្ញុំដោយឲ្យខ្ញុំមានសេចក្ដីសុខសាន្តក្នុងចិត្ត ចិត្តក្លាហានដើម្បីបន្តផ្សព្វផ្សាយ ព្រមទាំងសៀវភៅផ្សេងៗដើម្បីខ្ញុំអាចរក្សាខ្លួននៅជិតស្និទ្ធនឹងលោក»។ គាត់ក៏និយាយថា៖ «ការអានបទពិសោធន៍របស់បងប្អូនរួមជំនឿនិងការរៀនអំពីរបៀបដែលព្រះយេហូវ៉ាបានជួយពួកគេឲ្យស៊ូទ្រាំ បានពង្រឹងការតាំងចិត្តរបស់ខ្ញុំឲ្យរក្សាភាពស្មោះត្រង់»។
១១-១២. តើព្រះយេហូវ៉ាប្រហែលជាប្រើក្រុមគ្រួសាររួមជំនឿរបស់យើងយ៉ាងដូចម្ដេច ដើម្បីតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើង? (សូមមើលរូបភាពផងដែរ)
១១ លោកប្រើក្រុមគ្រួសាររួមជំនឿរបស់យើង។ នៅយប់មុនលោកយេស៊ូលះបង់ជីវិតខ្លួន លោកបានអធិដ្ឋានអស់ពីចិត្ត។ លោកបានអង្វរសុំព្រះយេហូវ៉ាឲ្យរួចពីការតិះដៀលដែលមកពីការចាត់ទុកលោកជាអ្នកប្រមាថព្រះ។ ជាជាងធ្វើតាមសំណូមពរនោះ ព្រះយេហូវ៉ាបានជួយលោកយេស៊ូដោយចាត់ទេវតាមួយរូបដែលជាបងប្អូនរបស់លោកឲ្យពង្រឹងកម្លាំងលោក។ (លូក. ២២:៤២, ៤៣) ព្រះយេហូវ៉ាក៏ប្រហែលជាជួយយើងតាមរយៈការទូរស័ព្ទឬការសួរសុខទុក្ខដែលលើកទឹកចិត្តពីបងប្អូនរបស់យើង។ យើងទាំងអស់គ្នាអាចរកឱកាសដើម្បីនិយាយ«ពាក្យសម្ដីល្អ»ទៅកាន់បងប្អូនរួមជំនឿ។—សុភ. ១២:២៥
១២ សូមគិតអំពីបទពិសោធន៍របស់បងស្រីម្នាក់ឈ្មោះមៀរាម។ ប៉ុន្មានសប្ដាហ៍ក្រោយពីប្ដីរបស់គាត់ស្លាប់ បងមៀរាមកើតទុក្ខនៅផ្ទះម្នាក់ឯង និងធ្លាក់ទឹកចិត្ត។ គាត់យំរហូត ហើយត្រូវការអ្នកណាម្នាក់និយាយជាមួយ។ គាត់និយាយថា៖ «ខ្ញុំគ្មានកម្លាំងទូរស័ព្ទទៅអ្នកណាទេ ដូច្នេះខ្ញុំបានអធិដ្ឋានទៅព្រះយេហូវ៉ា។ កាលដែលខ្ញុំកំពុងយំបណ្ដើរអធិដ្ឋានបណ្ដើរ ទូរស័ព្ទរបស់ខ្ញុំបានរោទ៍។ អ្នកចាស់ទុំម្នាក់ដែលជាមិត្តជាទីស្រឡាញ់បានទូរស័ព្ទមក»។ បងមៀរាមបានទទួលការសម្រាលទុក្ខពីអ្នកចាស់ទុំនោះនិងប្រពន្ធរបស់គាត់។ គាត់ជឿជាក់ថាព្រះយេហូវ៉ាបានជំរុញចិត្តបងប្រុសនោះឲ្យទូរស័ព្ទមក។
១៣. សូមលើកឧទាហរណ៍អំពីរបៀបដែលព្រះយេហូវ៉ាអាចប្រើពួកអ្នកដែលមិនគោរពប្រណិប័តន៍លោកឲ្យតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើង។
១៣ លោកប្រហែលជាប្រើមនុស្សដែលមិនគោរពប្រណិប័តន៍លោក។ (សុភ. ២១:១) ជួនកាល ព្រះយេហូវ៉ាតបឆ្លើយសេចក្ដីអធិដ្ឋានរបស់រាស្ត្រលោកដោយជំរុញចិត្តអ្នកមិនជឿឲ្យជួយពួកគេ។ ជាឧទាហរណ៍ លោកបានជំរុញចិត្តស្ដេចអើថាស៊ើកសេសឲ្យធ្វើតាមសំណូមពររបស់នេហេមាឲ្យត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដើម្បីគាត់អាចជួយសង់ក្រុងនោះឡើងវិញ។ (នេហ. ២:៣-៦) នៅសព្វថ្ងៃនេះដែរ ព្រះយេហូវ៉ាអាចជំរុញចិត្តសូម្បីតែពួកអ្នកដែលមិនគោរពប្រណិប័តន៍លោកឲ្យជួយយើងពេលដែលយើងត្រូវការ។
១៤. តើបទពិសោធន៍របស់បងស៊ូហ៊ីងបានលើកទឹកចិត្តអ្នកយ៉ាងណា? (សូមមើលរូបភាពផងដែរ)
១៤ បងស្រីម្នាក់ឈ្មោះស៊ូហ៊ីងមានអារម្មណ៍ថាព្រះយេហូវ៉ាបានជួយគាត់តាមរយៈគ្រូពេទ្យម្នាក់។ កូនប្រុសរបស់គាត់មានជំងឺផ្សេងៗខាងផ្លូវចិត្ត។ ប៉ុន្មានឆ្នាំក្រោយមក ពេលកូនប្រុសរបស់គាត់ជួបគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ គាត់និងប្ដីរបស់គាត់បានលាឈប់ពីការងារដើម្បីមើលថែកូនប្រុសនោះ។ ជាលទ្ធផល ពួកគេមានបញ្ហាលុយកាក់។ បងស៊ូហ៊ីងនិយាយថាគាត់មានអារម្មណ៍ថាខ្លួនគាត់ហាក់ដូចជាខ្សែកៅស៊ូដែលយឺតយ៉ាងតឹង គឺគាត់មិនអាចស៊ូទ្រាំនឹងបញ្ហាលើសពីនោះទេ។ គាត់បានអធិដ្ឋានអស់ពីចិត្តទៅព្រះយេហូវ៉ាដោយសុំជំនួយពីលោក។ គ្រូពេទ្យម្នាក់បានយកចិត្តទុកដាក់ចំពោះក្រុមគ្រួសាររបស់បងស៊ូហ៊ីង។ ហេតុនេះ ពួកគេបានទទួលជំនួយពីរដ្ឋាភិបាលនិងមានកន្លែងស្នាក់នៅដែលមានតម្លៃសមរម្យ។ ក្រោយមក បងស៊ូហ៊ីងនិយាយថា៖ «យើងបានឃើញរបៀបដែលព្រះយេហូវ៉ាជួយយើង។ លោកពិតជា‹ព្រះដែលស្ដាប់សេចក្ដីអធិដ្ឋាន›មែន»។—ចសព. ៦៥:២
យើងត្រូវការជំនឿដើម្បីស្វែងរកនិងទទួលយកចម្លើយពីព្រះយេហូវ៉ា
១៥. តើអ្វីបានជួយបងស្រីម្នាក់ឲ្យដឹងថាព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានរបស់គាត់?
១៥ តាមធម្មតា សេចក្ដីអធិដ្ឋានរបស់យើងមិនបានត្រូវតបឆ្លើយតាមរបៀបដ៏អស្ចារ្យទេ។ ប៉ុន្តែ ចម្លើយដែលយើងទទួលគឺជាអ្វីដែលយើងត្រូវការដើម្បីរក្សាភក្ដីភាពចំពោះបិតារបស់យើងនៅស្ថានសួគ៌។ ដូច្នេះ សូមព្យាយាមកត់សម្គាល់អំពីរបៀបដែលព្រះយេហូវ៉ាតបឆ្លើយសេចក្ដីអធិដ្ឋានរបស់អ្នក។ បងស្រីម្នាក់ឈ្មោះយ៉ូកូមានអារម្មណ៍ថាព្រះយេហូវ៉ាមិនតបឆ្លើយសេចក្ដីអធិដ្ឋានរបស់គាត់ តែក្រោយមកគាត់បានចាប់ផ្ដើមសរសេរអ្វីដែលគាត់បានសុំពីព្រះយេហូវ៉ាក្នុងសៀវភៅកំណត់មួយ។ ទាល់តែមួយរយៈពេលបានកន្លងផុតទៅ ទើបគាត់បានមើលសៀវភៅកំណត់របស់គាត់ឡើងវិញ ហើយឃើញថាព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានភាគច្រើនរបស់គាត់ សូម្បីតែសេចក្ដីអធិដ្ឋានខ្លះដែលគាត់បានភ្លេចហើយ ក៏លោកបានតបឆ្លើយដែរ។ ម្ដងម្កាល យើងត្រូវផ្អាកនិងគិតអំពីរបៀបដែលព្រះយេហូវ៉ាតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើង។—ចសព. ៦៦:១៩, ២០
១៦. ស្ដីអំពីសេចក្ដីអធិដ្ឋាន តើយើងអាចបង្ហាញជំនឿយ៉ាងដូចម្ដេច? (ហេប្រឺ ១១:៦)
១៦ យើងបង្ហាញជំនឿមិនគ្រាន់តែដោយអធិដ្ឋានទៅព្រះយេហូវ៉ាប៉ុណ្ណោះទេ ប៉ុន្តែដោយទទួលយកចម្លើយពីលោកចំពោះសេចក្ដីអធិដ្ឋានរបស់យើង មិនថានោះគឺចម្លើយបែបណាក្ដី។ (សូមអាន ហេប្រឺ ១១:៦) សូមគិតអំពីគំរូរបស់បងប្រុសម៉ៃក៍និងបងគ្រីស៊ីដែលជាប្រពន្ធគាត់។ ពួកគាត់មានគោលដៅបម្រើនៅបេតអែល។ បងម៉ៃក៍និយាយថា៖ «អស់ជាច្រើនឆ្នាំយើងបានដាក់ពាក្យសុំជាគូប្ដីប្រពន្ធ ហើយអធិដ្ឋានម្ដងហើយម្ដងទៀតទៅព្រះយេហូវ៉ាអំពីគោលដៅនេះ តែយើងមិនដែលបានទទួលការអញ្ជើញឡើយ»។ បងម៉ៃក៍និងបងគ្រីស៊ីបានបន្តមានទំនុកចិត្តថា ព្រះយេហូវ៉ាដឹងអំពីរបៀបល្អបំផុតដើម្បីប្រើពួកគាត់ក្នុងកិច្ចបម្រើរបស់លោក។ ពួកគាត់បានបន្តខំអស់ពីសមត្ថភាពដោយបម្រើជាអ្នកត្រួសត្រាយពេញពេលនៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាង និងដោយគាំទ្រគម្រោងសាងសង់អគារសម្រាប់អង្គការព្រះយេហូវ៉ា។ សព្វថ្ងៃនេះ ពួកគាត់ធ្វើកិច្ចការធ្វើដំណើរត្រួតពិនិត្យ។ បងម៉ៃក៍និយាយថា៖ «ព្រះយេហូវ៉ាមិនតែងតែតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើងតាមរបៀបដែលយើងបានរំពឹងទុកឡើយ។ ប៉ុន្តែ លោកបានតបឆ្លើយសេចក្ដីអធិដ្ឋានទាំងនោះ ហើយលោកធ្វើដូច្នេះតាមរបៀបដែលល្អប្រសើរជាងយើងនឹកស្មានទៅទៀត»។
១៧-១៨. យោងទៅតាមចម្រៀងសរសើរព្រះ ៨៦:៦, ៧ តើយើងអាចជឿជាក់អំពីអ្វី?
១៧ សូមអាន ចម្រៀងសរសើរព្រះ ៨៦:៦, ៧។ ដាវីឌដែលជាអ្នកតែងចម្រៀងសរសើរព្រះបានជឿជាក់ថា ព្រះយេហូវ៉ាស្ដាប់និងតបឆ្លើយសេចក្ដីអធិដ្ឋានរបស់គាត់។ អ្នកក៏អាចមានការជឿជាក់ដូចនេះដែរ។ គំរូដែលបានត្រូវពិចារណាក្នុងអត្ថបទនេះពង្រឹងទំនុកចិត្តយើងថា ព្រះយេហូវ៉ាអាចឲ្យយើងប្រាជ្ញានិងកម្លាំងដែលយើងត្រូវការដើម្បីស៊ូទ្រាំ។ លោកប្រហែលជាប្រើក្រុមគ្រួសាររួមជំនឿរបស់យើង ឬថែមទាំងពួកអ្នកដែលមិនទាន់ជាអ្នកគោរពប្រណិប័តន៍លោកដើម្បីជួយយើងតាមរបៀបណាមួយ។
១៨ ទោះជាព្រះយេហូវ៉ាប្រហែលជាមិនតែងតែតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើងតាមរបៀបដែលយើងនឹកស្មានក្ដី យើងដឹងថាលោកនឹងតបឆ្លើយសេចក្ដីអធិដ្ឋានទាំងនោះ។ លោកនឹងផ្ដល់អ្វីដែលយើងត្រូវការនិងនៅចំពេល។ ដូច្នេះ សូមបន្តអធិដ្ឋានដោយមានជំនឿ និងមានទំនុកចិត្តថាព្រះយេហូវ៉ានឹងថែរក្សាអ្នកនៅឥឡូវនេះ ហើយថាលោកនឹង«បំពេញបំណងប្រាថ្នារបស់ជីវិតទាំងឡាយ»ក្នុងពិភពលោកថ្មីដែលនឹងមកដល់។—ចសព. ១៤៥:១៦
ចម្រៀងលេខ៤៦ យើងអរគុណព្រះយេហូវ៉ា
a ព្រះយេហូវ៉ាពង្រឹងទំនុកចិត្តរបស់យើងថាលោកនឹងតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើង បើនោះសមស្របតាមបំណងប្រាថ្នារបស់លោក។ ពេលយើងជួបទុក្ខលំបាក យើងអាចជឿជាក់ថាលោកនឹងផ្ដល់ជំនួយដែលយើងត្រូវការដើម្បីរក្សាភាពស្មោះត្រង់ចំពោះលោក។ សូមយើងពិចារណាអំពីរបៀបដែលព្រះយេហូវ៉ាតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើង។
b ដើម្បីអានការពន្យល់អំពីមូលហេតុដែលព្រះយេហូវ៉ាបានអនុញ្ញាតឲ្យសាថានគ្រប់គ្រងពិភពលោក សូមមើលអត្ថបទដែលមានចំណងជើងថា «ចូរផ្ដោតអារម្មណ៍ទៅលើរឿងដ៏សំខាន់»ដែលបានត្រូវបោះពុម្ពផ្សាយក្នុងទស្សនាវដ្ដីប៉មយាម ខែមិថុនា ឆ្នាំ២០១៧។
c ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។
d ការពណ៌នាអំពីរូបភាព: ម្ដាយនិងកូនស្រីភៀសខ្លួនទៅប្រទេសថ្មី។ បងប្អូនរួមជំនឿដែលនៅប្រទេសនោះស្វាគមន៍ពួកគេយ៉ាងកក់ក្ដៅនិងផ្ដល់ជំនួយដល់ពួកគេ។