ជំពូកទី៦
តើមនុស្សស្លាប់ទៅទីណា?
១-៣. តើមនុស្សសួរសំណួរអ្វីខ្លះស្តីអំពីសេចក្ដីស្លាប់ ហើយតើសាសនាផ្សេងៗឆ្លើយយ៉ាងណាចំពោះសំណួរទាំងនោះ?
មានសេចក្ដីសន្យាមួយក្នុងគម្ពីរថាថ្ងៃមួយ«សេចក្ដីស្លាប់នឹងលែងមានទៀត»។ (ការបើកបង្ហាញ ២១:៤) ក្នុងជំពូកទី៥ យើងបានរៀនថាថ្លៃលោះផ្ដល់ឱកាសឲ្យយើងអាចរស់ជារៀងរហូត។ ក៏ប៉ុន្តែ សព្វថ្ងៃនេះមនុស្សនៅតែស្លាប់។ (សាស្ដា ៩:៥) ដូច្នេះ យើងឆ្ងល់អំពីសំណួរសំខាន់មួយដែលថា តើមនុស្សស្លាប់មានស្ថានភាពបែបណា?
២ យើងពិតជាចង់ដឹងចម្លើយចំពោះសំណួរនេះ ជាពិសេសនៅពេលដែលមនុស្សជាទីស្រឡាញ់ស្លាប់ទៅ។ យើងប្រហែលជាឆ្ងល់ថា ‹តើគាត់បានទៅទីណា? តើគាត់កំពុងមើលថែយើងឬ? តើគាត់អាចជួយយើងបានទេ? តើយើងនឹងអាចជួបគាត់ម្ដងទៀតឬទេ?›។
៣ សាសនាផ្សេងៗឆ្លើយខុសៗគ្នាស្តីអំពីសេចក្ដីស្លាប់។ សាសនាខ្លះបង្រៀនថា ប្រសិនបើអ្នកជាមនុស្សល្អ នោះអ្នកនឹងឡើងទៅស្ថានសួគ៌ តែបើអ្នកជាមនុស្សអាក្រក់វិញ អ្នកនឹងទៅស្ថាននរករងទុក្ខក្នុងភ្លើង។ សាសនាឯទៀតបង្រៀនថា ពេលអ្នកស្លាប់អ្នកនឹងទៅជាបុគ្គលវិញ្ញាណមួយរូប ហើយរស់នៅជាមួយនឹងសមាជិកក្រុមគ្រួសារដែលបានស្លាប់មុនអ្នក។ រីឯសាសនាផ្សេងទៀតបង្រៀនថា ក្រោយពីអ្នកបានស្លាប់ អ្នកនឹងទទួលការវិនិច្ឆ័យ រួចមកអ្នកនឹងចាប់ជាតិជាមនុស្សឬជាសត្វ។
៤. តើសាសនាជាច្រើនបង្រៀនយ៉ាងណាអំពីសេចក្ដីស្លាប់?
៤ តាមមើលទៅ សាសនាផ្សេងៗបង្រៀនខុសៗគ្នាអំពីរឿងនេះ។ ប៉ុន្តែ សាសនាស្ទើរតែទាំងអស់មានសេចក្ដីបង្រៀនមួយដូចគ្នា។ ពួកគេបង្រៀនថានៅពេលមនុស្សម្នាក់ស្លាប់ មានផ្នែកមួយនៃរូបកាយរបស់គាត់បន្តរស់នៅ។ តើសេចក្ដីបង្រៀននេះគឺពិតទេ?
តើមនុស្សស្លាប់ទៅទីណា?
៥, ៦. តើមនុស្សស្លាប់ទៅទីណា?
៥ ព្រះយេហូវ៉ាជ្រាបអំពីអ្វីដែលកើតឡើងដល់យើងពេលយើងស្លាប់ ហើយលោកបានប្រាប់យើងថានៅពេលមនុស្សម្នាក់ស្លាប់ គាត់លែងមានជីវិតទៀត។ សេចក្ដីស្លាប់គឺផ្ទុយគ្នាពីជីវិត។ ហេតុនេះ ពេលអ្នកណាម្នាក់ស្លាប់ អារម្មណ៍និងការនឹកចាំរបស់គាត់មិនបន្តរស់នៅឯកន្លែងណាមួយទេ។a ពេលយើងស្លាប់យើងមិនអាចមើលឃើញ មិនអាចស្ដាប់ឮ ហើយក៏មិនអាចគិតគូរទៀតឡើយ។
៦ ស្តេចសាឡូម៉ូនបានសរសេរថា៖ «មនុស្សស្លាប់ឥតដឹងអ្វីឡើយ»។ មនុស្សស្លាប់មិនអាចស្រឡាញ់ឬស្អប់បានទេ ហើយ«នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ . . . នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានដំរិះ ឬប្រាជ្ញាឡើយ»។ (សូមអាន សាស្ដា ៩:៥, ៦, ១០) បន្ថែមទៅទៀត គម្ពីរប្រាប់យើងនៅទំនុកតម្កើង ១៤៦:៤ ថាពេលអ្នកណាម្នាក់ស្លាប់ «គំនិតរបស់គេ»ក៏សូន្យទៅ។
អ្វីដែលលោកយេស៊ូបានប្រាប់អំពីសេចក្ដីស្លាប់
៧. តើលោកយេស៊ូមានប្រសាសន៍យ៉ាងណាអំពីសេចក្ដីស្លាប់?
៧ ពេលឡាសាដែលជាមិត្តសម្លាញ់របស់លោកយេស៊ូបានស្លាប់ លោកប្រាប់ពួកអ្នកកាន់តាមថា៖ «ឡាសាជាសម្លាញ់របស់យើងបានដេកលក់ទៅហើយ»។ ប៉ុន្តែ លោកយេស៊ូមិនមានន័យថាឡាសាកំពុងសម្រាកនោះទេ។ លោកយេស៊ូមានប្រសាសន៍បន្តថា៖ «ឡាសាបានស្លាប់ហើយ»។ (យ៉ូហាន ១១:១១-១៤) ដូច្នេះ លោកយេស៊ូបានប្រៀបប្រដូចសេចក្ដីស្លាប់ទៅនឹងការដេកលក់។ លោកមិនបានមានប្រសាសន៍ថាឡាសាបានទៅស្ថានសួគ៌ ឬនៅជាមួយនឹងសមាជិកក្រុមគ្រួសារដែលបានស្លាប់មុនគាត់ឡើយ។ ម្យ៉ាងទៀត លោកក៏មិនបានមានប្រសាសន៍ថាឡាសាកំពុងទទួលការរងទុក្ខក្នុងស្ថាននរក ឬចាប់ជាតិជាមនុស្សផ្សេងឬសត្វនោះទេ។ ផ្ទុយទៅវិញ ឡាសាហាក់ដូចជាកំពុងដេកលក់ស្កប់ស្កល់។ ខគម្ពីរឯទៀតក៏ប្រៀបប្រដូចសេចក្ដីស្លាប់ទៅនឹងការដេកលក់ស្កប់ស្កល់ដែរ។ គម្ពីរប្រាប់ថាពេលស្ទេផានបានត្រូវគេសម្លាប់ នោះ«គាត់ក៏ដេកលក់ក្នុងសេចក្ដីស្លាប់ទៅ»។ (សកម្មភាព ៧:៦០) សាវ័កប៉ូលក៏បានសរសេរដែរថាគ្រិស្តសាសនិកខ្លះបាន«ដេកលក់ក្នុងសេចក្ដីស្លាប់ហើយ»។—កូរិនថូសទី១ ១៥:៦
៨. ហេតុអ្វីយើងដឹងថាព្រះមិនបានបង្កើតមនុស្សមកដើម្បីឲ្យស្លាប់ទៅវិញ?
៨ ពេលព្រះបានបង្កើតអាដាមនិងអេវ៉ា តើលោកមានបំណងចង់ឲ្យពួកគេស្លាប់ទៅវិញឬ? មិនមែនទេ! ព្រះយេហូវ៉ាបានបង្កើតពួកគេឲ្យមានសុខភាពល្អឥតខ្ចោះ ហើយរស់នៅជារៀងរហូត។ ពេលព្រះបានបង្កើតមនុស្ស លោកធ្វើឲ្យពួកគេមានបំណងប្រាថ្នារស់ជារៀងរហូត។ (សាស្ដា ៣:១១) ធម្មតាឪពុកម្ដាយមិនចង់ឃើញកូនរបស់ពួកគេទៅជាឈឺហើយស្លាប់ទេ ព្រះយេហូវ៉ាក៏មានអារម្មណ៍ដូច្នេះដែរ។ ប៉ុន្តែ បើព្រះបង្កើតយើងដើម្បីឲ្យរស់ជារៀងរហូត ហេតុអ្វីយើងស្លាប់?
ហេតុអ្វីយើងស្លាប់?
៩. ហេតុអ្វីបង្គាប់ដែលព្រះយេហូវ៉ាបានឲ្យអាដាមនិងអេវ៉ាគឺសមហេតុសមផល?
៩ ក្នុងសួនអេដែន ព្រះយេហូវ៉ាបានប្រាប់អាដាមថា៖ «ឯងនឹងស៊ីផ្លែឈើទាំងអស់ក្នុងសួនច្បារនេះបានតាមចិត្ត តែឯត្រង់ដើមដឹងខុសត្រូវ នោះមិនត្រូវឲ្យឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន»។ (លោកុប្បត្តិ ២:៩, ១៦, ១៧) បង្គាប់យ៉ាងច្បាស់នេះមិនពិបាកធ្វើតាមឡើយ។ ម្យ៉ាងទៀត ព្រះយេហូវ៉ាមានសិទ្ធិប្រាប់អាដាមនិងអេវ៉ាអំពីអ្វីល្អនិងអ្វីអាក្រក់។ ដោយស្ដាប់បង្គាប់ព្រះយេហូវ៉ា ពួកគេនឹងបង្ហាញថាពួកគេគោរពសិទ្ធិអំណាចរបស់លោក។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេនឹងបង្ហាញថាពួកគេដឹងគុណព្រះចំពោះអ្វីៗទាំងអស់ដែលលោកបានផ្ដល់ឲ្យ។
១០, ១១. (ក) តើតាមរបៀបណាសាថានបាននាំឲ្យអាដាមនិងអេវ៉ាមិនស្ដាប់បង្គាប់ព្រះ? (ខ) ហេតុអ្វីទង្វើរបស់អាដាមនិងអេវ៉ាគឺមិនអាចអភ័យទោសឲ្យបាន?
១០ គួរឲ្យស្ដាយណាស់ អាដាមនិងអេវ៉ាបានសម្រេចចិត្តមិនស្ដាប់បង្គាប់ព្រះយេហូវ៉ា។ សាថានបាននិយាយទៅអេវ៉ាថា៖ «តើព្រះមានបន្ទូលហាមមិនឲ្យអ្នកបរិភោគផ្លែឈើណានៅក្នុងសួនច្បារមែនឬ?»។ អេវ៉ាបានឆ្លើយតបថា៖ «យើងបរិភោគអស់ទាំងផ្លែឈើនៅក្នុងសួនច្បារបាន តែត្រង់ដើមឈើ១ដែលនៅកណ្ដាលសួនច្បារនោះ ព្រះទ្រង់មានបន្ទូលថា ‹កុំឲ្យបរិភោគផ្លែនោះឡើយ ថែមទាំងកុំឲ្យពាល់ប៉ះផង ក្រែងលោស្លាប់›»។—លោកុប្បត្តិ ៣:១-៣
១១ បន្ទាប់មក សាថានបាននិយាយទៅអេវ៉ាថា៖ «អ្នកមិនស្លាប់ជាពិតមែនទេ ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង»។ (លោកុប្បត្តិ ៣:៤-៦) សាថានចង់ឲ្យអេវ៉ាគិតថានាងអាចសម្រេចចិត្តដោយខ្លួនឯងអំពីអ្វីដែលល្អនិងអ្វីដែលអាក្រក់។ ដំណាលគ្នានោះ វាបានកុហកអំពីអ្វីដែលនឹងកើតឡើង បើនាងមិនស្ដាប់បង្គាប់ព្រះ។ សាថានបាននិយាយថាអេវ៉ានឹងមិនស្លាប់ទេ ដូច្នេះអេវ៉ាបានបរិភោគផ្លែនោះហើយចែកឲ្យប្ដីរបស់នាងបរិភោគដែរ។ អាដាមនិងអេវ៉ាដឹងថាព្រះបានហាមពួកគេមិនឲ្យបរិភោគផ្លែនោះ។ ពេលពួកគេបរិភោគផ្លែនោះ ពួកគេបានជ្រើសរើសមិនធ្វើតាមបង្គាប់មួយដែលច្បាស់ និងដែលសមហេតុសមផល។ ដោយបរិភោគផ្លែនោះ ពួកគេបានបង្ហាញថាពួកគេមិនគោរពបិតានៅស្ថានសួគ៌ដែលស្រឡាញ់ពួកគេឡើយ។ ដូច្នេះ ទង្វើរបស់ពួកគេគឺមិនអាចអភ័យទោសឲ្យបានទេ!
១២. ហេតុអ្វីគឺគួរឲ្យស្ដាយណាស់ដែលអាដាមនិងអេវ៉ាមិនបានស្ដាប់បង្គាប់ព្រះ?
១២ គួរឲ្យសោកស្ដាយណាស់ដែលឪពុកម្ដាយដំបូងរបស់យើងមិនបង្ហាញការគោរពចំពោះអ្នកបង្កើតពួកគេ! តើអ្នកនឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើកូនដែលអ្នកបានខំចិញ្ចឹមបីបាច់ បែរជាប្រឆាំងអ្នកហើយមិនព្រមស្ដាប់បង្គាប់អ្នកនោះ? អ្នកនឹងឈឺចិត្តណាស់ មែនទេ?
១៣. ពេលព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹ឯងត្រូវត្រឡប់ទៅជាធូលីដីវិញ› តើនេះមានន័យយ៉ាងណា?
១៣ ពេលដែលអាដាមនិងអេវ៉ាលែងស្ដាប់បង្គាប់ព្រះ នោះពួកគេបានបាត់បង់ឱកាសរស់ជារៀងរហូត។ ព្រះយេហូវ៉ាបានប្រាប់អាដាមថា៖ «ដ្បិតឯងជាធូលីដី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ»។ (សូមអាន លោកុប្បត្តិ ៣:១៩) នេះមានន័យថាអាដាមនឹងទៅជាធូលីដីវិញ គឺហាក់ដូចជាគាត់មិនបានត្រូវបង្កើតមក។ (លោកុប្បត្តិ ២:៧) ក្រោយពីអាដាមបានប្រព្រឹត្តអំពើខុសឆ្គង គាត់បានស្លាប់ ហើយលែងមានជីវិតទៀត។
១៤. ហេតុអ្វីយើងស្លាប់?
១៤ បើអាដាមនិងអេវ៉ាបានស្ដាប់បង្គាប់ព្រះ នោះពួកគេនឹងនៅមានជីវិតរហូតដល់សព្វថ្ងៃនេះ។ ប៉ុន្តែ ពេលពួកគេលែងស្ដាប់បង្គាប់ព្រះ ពួកគេបានប្រព្រឹត្តអំពើខុសឆ្គង ហើយនៅទីបំផុតពួកគេបានស្លាប់។ ភាពខុសឆ្គងគឺប្រៀបដូចជាជំងឺដ៏សាហាវមួយដែលយើងឆ្លងពីឪពុកម្ដាយដំបូងរបស់យើង។ យើងទាំងអស់គ្នាកើតមកដោយមានភាពខុសឆ្គង ហើយនេះជាមូលហេតុដែលយើងទាំងអស់គ្នាស្លាប់ទៅវិញ។ (រ៉ូម ៥:១២) ក៏ប៉ុន្តែ នេះមិនមែនជាគោលបំណងរបស់ព្រះសម្រាប់មនុស្សជាតិឡើយ។ ព្រះមិនដែលមានគោលបំណងឲ្យមនុស្សជាតិស្លាប់ទេ ហើយគម្ពីរហៅសេចក្ដីស្លាប់ថាជា«សត្រូវ»មួយ។—កូរិនថូសទី១ ១៥:២៦
សេចក្ដីពិតរំដោះយើងឲ្យមានសេរីភាព
១៥. តើការដឹងសេចក្ដីពិតអំពីសេចក្ដីស្លាប់រំដោះយើងឲ្យរួចផុតពីអ្វី?
១៥ ការដឹងការពិតអំពីសេចក្ដីស្លាប់រំដោះយើងឲ្យរួចផុតពីសេចក្ដីបង្រៀនមិនពិតជាច្រើន។ គម្ពីរបង្រៀនថាមនុស្សស្លាប់គ្មានទុក្ខសោកឬការឈឺចាប់ឡើយ។ យើងមិនអាចនិយាយជាមួយនឹងពួកគេ ហើយពួកគេក៏មិនអាចនិយាយជាមួយនឹងយើងដែរ។ យើងមិនអាចជួយមនុស្សស្លាប់ ហើយពួកគេក៏មិនអាចជួយយើងដែរ។ ពួកគេមិនអាចធ្វើបាបយើងបានទេ ដូច្នេះយើងមិនចាំបាច់ខ្លាចពួកគេឡើយ។ ក៏ប៉ុន្តែ សាសនាជាច្រើនបង្រៀនថាមនុស្សស្លាប់បន្តរស់នៅកន្លែងណាមួយ ហើយថាយើងអាចជួយពួកគេបានបើយើងឲ្យលុយទៅពួកបូជាចារ្យ ឬអ្នកណាដែលមនុស្សចាត់ទុកថាបរិសុទ្ធ។ ប៉ុន្តែពេលយើងដឹងការពិតអំពីសេចក្ដីស្លាប់ យើងមិនចាញ់បោកសេចក្ដីភូតភរទាំងនេះទេ។
១៦. តើសាសនាជាច្រើនបង្រៀនសេចក្ដីភូតភរអ្វីស្តីអំពីសេចក្ដីស្លាប់?
១៦ សាថានប្រើសាសនាមិនពិតដើម្បីបោកបញ្ឆោតយើងឲ្យជឿថាមនុស្សស្លាប់បន្តរស់នៅ។ ជាឧទាហរណ៍ សាសនាខ្លះបង្រៀនថាពេលយើងស្លាប់ មានអ្វីមួយក្នុងខ្លួនយើងដែលបន្តរស់នៅកន្លែងណាមួយ។ តើសាសនារបស់អ្នកបង្រៀនដូច្នេះទេ ឬក៏សាសនារបស់អ្នកបង្រៀនដូចអ្វីដែលគម្ពីរបង្រៀនស្តីអំពីសេចក្ដីស្លាប់? សាថានបោកបញ្ឆោតមនុស្សដើម្បីកុំឲ្យពួកគេគោរពប្រណិប័តន៍ព្រះយេហូវ៉ា។
១៧. ហេតុអ្វីសេចក្ដីបង្រៀនអំពីការដាក់ទារុណកម្មមនុស្សអាក្រក់ក្នុងភ្លើងនរកក្រោយគាត់ស្លាប់បង្ខូចនាមព្រះយេហូវ៉ា?
១៧ អ្វីដែលសាសនាជាច្រើនបង្រៀនគឺគួរឲ្យទើសចិត្តណាស់។ ជាឧទាហរណ៍ សាសនាខ្លះបង្រៀនថាមនុស្សអាក្រក់នឹងទទួលទារុណកម្មក្នុងភ្លើងនរកជារៀងរហូតក្រោយពីគាត់ស្លាប់។ សេចក្ដីបង្រៀននេះបង្ខូចនាមព្រះយេហូវ៉ា។ លោកនឹងមិនធ្វើឲ្យមនុស្សឈឺចាប់ដូច្នេះឡើយ! (សូមអាន យ៉ូហានទី១ ៤:៨) តើអ្នកនឹងមានអារម្មណ៍យ៉ាងណាចំពោះអ្នកណាម្នាក់ដែលប្រដៅកូនដោយយកដៃកូនដាក់ក្នុងអណ្ដាតភ្លើង? អ្នកច្បាស់ជាគិតថាគាត់ជាមនុស្សសាហាវណាស់ មែនទេ? អ្នកប្រាកដជាមិនចង់រាប់អានគាត់ឡើយ។ សាថានចង់ឲ្យយើងមានអារម្មណ៍ដូចនេះចំពោះព្រះយេហូវ៉ា!
១៨. ហេតុអ្វីយើងមិនគួរខ្លាចមនុស្សស្លាប់?
១៨ សាសនាខ្លះបង្រៀនថាក្រោយពីមនុស្សស្លាប់ ពួកគេក្លាយទៅជាវិញ្ញាណ។ សាសនាទាំងនោះក៏បង្រៀនដែរថាមនុស្សរស់ត្រូវគោរព និងខ្លាចវិញ្ញាណទាំងនោះ ពីព្រោះវិញ្ញាណរបស់មនុស្សស្លាប់អាចទៅជាមិត្តភក្ដិដ៏ល្អឬសត្រូវដែលគួរឲ្យខ្លាច។ មនុស្សជាច្រើនជឿសេចក្ដីភូតភរនោះ។ ពួកគេខ្លាចមនុស្សស្លាប់ ដូច្នេះពួកគេគោរពប្រណិប័តន៍មនុស្សស្លាប់ជាជាងព្រះយេហូវ៉ា។ សូមចាំថាមនុស្សស្លាប់មិនដឹងអ្វីទេ ដូច្នេះយើងមិនចាំបាច់ខ្លាចពួកគេឡើយ។ ព្រះយេហូវ៉ាជាអ្នកបង្កើតយើង។ លោកគឺជាព្រះពិត ហើយមានតែលោកប៉ុណ្ណោះដែលយើងគួរគោរពប្រណិប័តន៍។—ការបើកបង្ហាញ ៤:១១
១៩. តើការដឹងការពិតអំពីសេចក្ដីស្លាប់ជួយយើងយ៉ាងដូចម្ដេច?
១៩ ពេលយើងដឹងការពិតអំពីសេចក្ដីស្លាប់ យើងរួចផុតពីសេចក្ដីភូតភរខាងសាសនា។ ម្យ៉ាងទៀត សេចក្ដីពិតនេះជួយយើងឲ្យយល់នូវសេចក្ដីសន្យាដ៏អស្ចារ្យរបស់ព្រះយេហូវ៉ាអំពីជីវិតនិងអនាគតរបស់យើង។
២០. តើយើងនឹងរៀនអ្វីក្នុងជំពូកបន្ទាប់?
២០ នៅសម័យបុរាណ បុរសម្នាក់ឈ្មោះយ៉ូបដែលជាអ្នកបម្រើព្រះបានសួរថា៖ «បើមនុស្សស្លាប់ទៅ តើនឹងមានជីវិតរស់ឡើងទៀតឬ?»។ (យ៉ូប ១៤:១៤) តើមនុស្សដែលបានស្លាប់ទៅពិតជាអាចរស់ឡើងវិញបានទេ? អ្វីដែលព្រះប្រាប់យើងក្នុងគម្ពីរគឺគួរឲ្យរំភើបចិត្តមែន។ យើងនឹងរៀនអំពីរឿងនេះក្នុងជំពូកបន្ទាប់។
a មនុស្សខ្លះជឿថាព្រលឹងឬវិញ្ញាណបន្តរស់នៅក្រោយពីមនុស្សម្នាក់ស្លាប់។ ដើម្បីរៀនថែមទៀតសូមមើលលេខ១៧និង១៨ក្នុងកំណត់នៅចុងសៀវភៅ។