ព្រះយេហូវ៉ាជាព្រះនៃកិច្ចព្រមព្រៀង
«អញនឹងតាំងសញ្ញា[កិច្ចព្រមព្រៀង]ថ្មី នឹងពួកវង្សអ៊ីស្រាអែល ហើយនឹងពួកវង្សយូដា»។—យេរេមា ៣១:៣១
១, ២. (ក) តើពិធីបុណ្យមួយណាដែលព្រះយេស៊ូបានតែងតាំងក្នុងរាត្រីថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣ ស.យ.? (ខ) តើព្រះយេស៊ូសំដៅទៅកិច្ចព្រមព្រៀងមួយណា ដែលទាក់ទងនឹងការសោយទិវង្គតរបស់ទ្រង់?
នៅយប់នៃថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣ ស.យ. ព្រះយេស៊ូបានធ្វើបុណ្យរំលងជាមួយសាវ័ក១២នាក់របស់ទ្រង់។ ដោយសារទ្រង់ជ្រាបថា នេះជាអាហារចុងក្រោយជាមួយពួកគេ ហើយថាទ្រង់នឹងសោយទិវង្គតមិនយូរប៉ុន្មានទៀតក្រោមកណ្ដាប់ដៃនៃពួកសត្រូវ នោះព្រះយេស៊ូឆ្លៀតយកឱកាសនេះ ដើម្បីពន្យល់នូវរឿងសំខាន់ៗទាំងឡាយ ដល់ពួកសិស្សដ៏ជិតស្និទ្ធរបស់ទ្រង់។—យ៉ូហាន ១៣:១–១៧:២៦
២ គឺនៅពេលនេះហើយ ក្រោយពីបានបណ្ដេញយូដាស អ៊ីស្ការីយ៉ុតចេញ ដែលព្រះយេស៊ូបានតែងតាំងពិធីបុណ្យតែមួយខាងសាសនា មួយឆ្នាំមួយដងសំរាប់ពួកគ្រីស្ទាន—គឺជាពិធីបុណ្យរំឭកនៃការសោយទិវង្គតរបស់ទ្រង់។ ឯកសារចែងថា៖ «គ្រាដែលកំពុងតែបរិភោគ នោះព្រះយេស៊ូវទ្រង់យកនំប៉័ង ហើយកាលទ្រង់បានប្រទានពរ នោះក៏កាច់ប្រទានទៅពួកសិស្ស ដោយបន្ទូលថា៖ ‹ចូរយកបរិភោគចុះ នេះហើយជារូបកាយខ្ញុំ› រួចទ្រង់យកពែងមកប្រទានពរ ក៏ហុចទៅឲ្យគេ ដោយបន្ទូលថា៖ ‹ចូរបរិភោគពីពែងនេះទាំងអស់គ្នាចុះ ដ្បិតនេះជាឈាមខ្ញុំ គឺជា«ឈាមនៃសញ្ញា[កិច្ចព្រមព្រៀង]ថ្មី» ដែលបានច្រួចចេញ សំរាប់មនុស្សជាច្រើនប្រយោជន៍នឹងផ្ដាច់បាប› »។ (ម៉ាថាយ ២៦:២៦-២៨) ពួកអ្នកកាន់តាមព្រះយេស៊ូ បានតម្រូវឲ្យធ្វើបុណ្យរំឭកនៃការសោយទិវង្គតរបស់ទ្រង់ តាមបែបបទដ៏ឥតស្មុគស្មាញ និងប្រកបដោយថ្លៃថ្នូរ។ ហើយព្រះយេស៊ូបានសំដៅទៅកិច្ចព្រមព្រៀង ដែលទាក់ទងនឹងការសោយទិវង្គតរបស់ទ្រង់។ ក្នុងដំណើររឿងនៃសៀវភៅលូកា គឺបានត្រូវហៅជា‹កិច្ចព្រមព្រៀងថ្មី›។—លូកា ២២:២០
៣. តើសំនួរអ្វីខ្លះ ដែលបានសួរអំពីកិច្ចព្រមព្រៀងថ្មី?
៣ តើអ្វីទៅជាកិច្ចព្រមព្រៀងថ្មី? ប្រសិនបើជាកិច្ចព្រមព្រៀងថ្មី តើនេះមានន័យថា គឺមានកិច្ចព្រមព្រៀងចាស់ឬ? តើមានកិច្ចព្រមព្រៀងឯទៀតដែលទាក់ទងនឹងកិច្ចព្រមព្រៀងថ្មីនេះទេ? នេះជាសំនួរដ៏សំខាន់ទាំងឡាយ ពីព្រោះព្រះយេស៊ូបានមានបន្ទូលថា ឈាមនៃកិច្ចព្រមព្រៀងនឹងចាក់ចេញ‹សំរាប់ការអត់ទោសនៃសេចក្ដីបាប›។ យើងគ្រប់គ្នាត្រូវការការអត់ទោសនេះយ៉ាងខ្លាំងណាស់។—រ៉ូម ៣:២៣
កិច្ចព្រមព្រៀងជាមួយអ័ប្រាហាំ
៤. តើសេចក្ដីសន្យានៅពីបុរាណមួយណា ដែលជួយយើងឲ្យយល់អំពីកិច្ចព្រមព្រៀងថ្មី?
៤ ដើម្បីឲ្យយល់កិច្ចព្រមព្រៀងថ្មី នោះយើងត្រូវតែត្រឡប់មើលក្រោយ ជិត២.០០០ឆ្នាំមុននឹងកិច្ចបំរើផ្សាយរបស់ព្រះយេស៊ូនៅលើផែនដី គឺទៅគ្រាដែលថេរ៉ានិងគ្រួសាររបស់លោក—រួមបញ្ចូលអាប់រ៉ាម (ក្រោយមកឈ្មោះអ័ប្រាហាំ) និងសារ៉ាយ (ក្រោយមកឈ្មោះសារ៉ា) ជាប្រពន្ធរបស់អាប់រ៉ាម—បានធ្វើដំណើរពីក្រុងដ៏រីកចំរើនឈ្មោះអ៊ើរនៃស្រុកខាល់ដេ ទៅឯខារ៉ាន នៅទិសខាងជើងនៃស្រុកមេសូប៉ូតាមា។ ពួកគេបានរស់នៅកន្លែងនោះ រហូតដល់សេចក្ដីស្លាប់នៃលោកថេរ៉ា។ រួចមក តាមសេចក្ដីបង្គាប់របស់ព្រះយេហូវ៉ា អ័ប្រាហាំដែលមានអាយុ៧៥ឆ្នាំ ក៏បានឆ្លងទន្លេអ៊ើប្រាត ហើយក៏បានធ្វើដំណើរទៅទិសខាងត្បូងឆៀងខាងលិចទៅស្រុកកាណាន ដើម្បីប្រកបជីវិតដែលមិននឹងលំនៅក្នុងត្រសាល។ (លោកុប្បត្តិ ១១:៣១–១២:១, ៤, ៥; កិច្ចការ ៧:២-៥) នោះគឺនៅឆ្នាំ១៩៤៣ ម.ស.យ.។ កាលដែលអ័ប្រាហាំនៅក្នុងខារ៉ាននៅឡើយ ព្រះយេហូវ៉ាមានបន្ទូលទៅលោកថា៖ «អញនឹងបង្កើតនគរ១យ៉ាងធំពីឯង អញនឹងឲ្យពរដល់ឯង ទាំងលើកឈ្មោះឯងជាធំផង ឯងនឹងបានធ្វើជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ អញនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរដល់ឯង ហើយនឹងដាក់បណ្ដាសាដល់អស់អ្នកណាដែលផ្ដាសាឯង គ្រប់ទាំងគ្រួនៅផែនដីនឹងបានពរដោយសារឯង»។ ក្រោយមក បន្ទាប់ពីអ័ប្រាហាំបានឆ្លងចូលទៅក្នុងស្រុកកាណាន ព្រះយេហូវ៉ាមានបន្ទូលទៀតថា៖ «អញនឹងឲ្យស្រុកនេះដល់ពូជឯង»។—លោកុប្បត្តិ ១២:២, ៣, ៧
៥. សេចក្ដីសន្យារបស់ព្រះយេហូវ៉ាជាមួយអ័ប្រាហាំ គឺទាក់ទងនឹងទំនាយមួយណាក្នុងប្រវត្ដិសាស្ត្រ?
៥ សេចក្ដីសន្យានេះជាមួយអ័ប្រាហាំ គឺបានទាក់ទងដល់សេចក្ដីសន្យាមួយទៀតរបស់ព្រះយេហូវ៉ា។ ប្រាកដហើយ នេះបានធ្វើឲ្យអ័ប្រាហាំជាបុគ្គលដ៏សំខាន់ម្នាក់ក្នុងប្រវត្ដិសាស្ត្រ ដែលទាក់ទងនឹងសេចក្ដីសម្រេចនៃទំនាយទីមួយដែលបានកត់ទុក។ ក្រោយពីអ័ដាមនិងអេវ៉ាបានប្រព្រឹត្តអំពើបាបក្នុងសួនច្បារអេដែន នោះព្រះយេហូវ៉ាបានធ្វើការជំនុំជំរះលើគេទាំងពីរនាក់។ ហើយនៅគ្រាដដែលនេះ ទ្រង់មានបន្ទូលទៅសាតាំង ដែលបានល្បួងអេវ៉ា ដោយមានបន្ទូលថា៖ «អញនឹងធ្វើឲ្យឯងហើយនឹងស្ត្រី គឺទាំងពូជឯងនឹងពូជនាងមានសេចក្ដីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ»។ (លោកុប្បត្តិ ៣:១៥) កិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ាជាមួយអ័ប្រាហាំ បានបង្ហាញថា ពូជនេះដែលជារបៀបបំផ្លាញការរបស់សាតាំង គឺនឹងលេចមកតាមពូជអំបូរនៃឰយុកោមួយនេះ។
៦. (ក) តាមរយៈអ្នកណាគេ ដែលសេចក្ដីសន្យារបស់ព្រះយេហូវ៉ាជាមួយនឹងអ័ប្រាហាំ នឹងត្រូវបានសម្រេច? (ខ) តើកិច្ចព្រមព្រៀងអ័ប្រាហាំជាអ្វី?
៦ ដោយសារពាក្យសន្យារបស់ព្រះយេហូវ៉ាបានទាក់ទងទៅនឹងពូជមួយ នោះអ័ប្រាហាំត្រូវការកូនប្រុសមួយ ដើម្បីឲ្យពូជនោះនឹងលេចមក។ ប៉ុន្តែ លោកនិងសារ៉ាបានទៅជាចាស់ជរា ហើយនៅតែឥតមានកូនសោះ។ ប៉ុន្តែ នៅទីក្រោយ ព្រះយេហូវ៉ាបានប្រទានពរដល់គេ ដោយធ្វើឲ្យគេមានសមត្ថភាពនៃការបង្កើតកូន។ សារ៉ាក៏បានបង្កើតកូនមួយ អ៊ីសាក ឲ្យអ័ប្រាហាំ ម្ល៉ោះហើយក៏រក្សាទុកសេចក្ដីសន្យាអំពីពូជមួយ។ (លោកុប្បត្តិ ១៧:១៥-១៧; ២១:១-៧) ជាច្រើនឆ្នាំក្រោយមក ក្រោយពីបានសាកល្បងជំនឿរបស់អ័ប្រាហាំ—ព្រមទាំងដល់កំរិតដែលលោកសុខចិត្តបូជាអ៊ីសាក ជាកូនដ៏ជាទីស្រឡាញ់របស់លោក—នោះព្រះយេហូវ៉ាក៏មានបន្ទូលម្ដងទៀតអំពីសេចក្ដីសន្យារបស់ទ្រង់ដល់អ័ប្រាហាំថា៖ «នោះអញនឹងឲ្យពរដល់ឯង ហើយនឹងចំរើនពូជឯងឲ្យមានគ្នាសន្ធឹកដូចផ្កាយនៅលើមេឃ ហើយដូចខ្សាច់នៅមាត់សមុទ្រ ពូជឯងនឹងបានគ្រប់គ្រងលើទ្វារក្រុងនៃពួកខ្មាំងសត្រូវ គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារពូជឯង ពីព្រោះឯងបានស្ដាប់តាមពាក្យអញ»។ (លោកុប្បត្តិ ២២:១៥-១៨) សេចក្ដីសន្យាដែលបានពង្រីកនេះ គឺតែងបានត្រូវហៅជា កិច្ចព្រមព្រៀងអ័ប្រាហាំ ហើយនៅពេលក្រោយមក កិច្ចព្រមព្រៀងថ្មីគឺនឹងទាក់ទងយ៉ាងជិតដិតជាមួយនឹងសេចក្ដីសន្យានេះ។
៧. តើពូជរបស់អ័ប្រាហាំចាប់ផ្ដើមរីកចំរើនយ៉ាងដូចម្ដេច ហើយតើកាលៈទេសៈអ្វី ដែលបាននាំឲ្យគេរស់នៅក្នុងស្រុកអេស៊ីប?
៧ នៅពេលក្រោយមក អ៊ីសាកក៏មានកូនប្រុសភ្លោះ អេសាវ និងយ៉ាកុប។ ព្រះយេហូវ៉ាបានរើសយកយ៉ាកុប ឲ្យធ្វើជាជីដូនជីតានៃពូជដែលបានត្រូវសន្យានេះ។ (លោកុប្បត្តិ ២៨:១០-១៥; រ៉ូម ៩:១០-១៣) យ៉ាកុបមានកូនប្រុស១២នាក់។ យ៉ាងប្រាកដណាស់ នេះជាគ្រាដែលពូជអ័ប្រាហាំចាប់ផ្ដើមរីកចំរើន។ ពេលដែលកូនប្រុសរបស់យ៉ាកុបមានវ័យធំឡើងហើយ កូនច្រើនទាំងនេះមានគ្រួសារខ្លួនគេ នោះក៏មានទុរភិក្ស ដែលនាំឲ្យគេរើទៅនៅស្រុកអេស៊ីប ហើយដោយការដឹកនាំពីព្រះ យ៉ូសែបជាកូនប្រុសម្នាក់របស់យ៉ាកុប បានរៀបចំផ្លូវជាស្រេច។ (លោកុប្បត្តិ ៤៥:៥-១៣; ៤៦:២៦, ២៧) បីបួនឆ្នាំក្រោយមក ទុរភិក្សក្នុងស្រុកកាណាន ក៏បានស្រាក។ ប៉ុន្តែ គ្រួសាររបស់យ៉ាកុបបានបន្តរស់នៅក្នុងស្រុកអេស៊ីប—មុនដំបូងជាភ្ញៀវ តែក្រោយមកជាបាវទៅវិញ។ ដល់ឆ្នាំ១៥១៣ ម.ស.យ. គឺ៤៣០ឆ្នាំក្រោយពីអ័ប្រាហាំបានឆ្លងទន្លេអ៊ើប្រាត ដែលម៉ូសេបាននាំកូនចៅរបស់យ៉ាកុបចេញពីស្រុកអេស៊ីបឲ្យមានសេរីភាព។ (និក្ខមនំ ១:៨-១៤; ១២:៤០, ៤១; កាឡាទី ៣:១៦, ១៧) ឥឡូវនេះ ព្រះយេហូវ៉ានឹងយកព្រះទ័យទុកដាក់ដ៏ពិសេសដល់កិច្ចព្រមព្រៀងរបស់ទ្រង់ ជាមួយនឹងលោកអ័ប្រាហាំ។—និក្ខមនំ ២:២៤; ៦:២-៥
‹កិច្ចព្រមព្រៀងចាស់›
៨. តើព្រះយេហូវ៉ាបានធ្វើអ្វីជាមួយនឹងកូនចៅយ៉ាកុបនៅឯភ្នំស៊ីណាយ ហើយតើនេះមានការទាក់ទងយ៉ាងណាជាមួយនឹងកិច្ចព្រមព្រៀងអ័ប្រាហាំ?
៨ នៅពេលដែលយ៉ាកុបនិងកូនរបស់គាត់បានទៅនៅស្រុកអេស៊ីប នោះជាគ្រួសារមួយដែលរួមបញ្ចូលគ្រួសារដ៏ជិតស្និទ្ធទាំងឡាយ។ ប៉ុន្តែ កូនចៅរបស់គេបានចាកចេញពីស្រុកអេស៊ីប ជាក្រុមនៃកុលសម្ព័ន្ធដែលមានប្រជាជនជាច្រើន។ (និក្ខមនំ ១:៥-៧; ១២:៣៧, ៣៨) មុននឹងព្រះយេហូវ៉ានាំគេឲ្យចូលស្រុកកាណាន ទ្រង់បាននាំគេទៅទិសខាងត្បូង ទៅជើងភ្នំមួយឈ្មោះហូរែប (ឬស៊ីណាយ) ក្នុងស្រុកអារ៉ាប់។ នៅទីនោះ ទ្រង់បានធ្វើកិច្ចព្រមព្រៀងជាមួយនឹងពួកគេ។ នេះក៏បានត្រូវហៅជា‹កិច្ចព្រមព្រៀងចាស់› បើស្តីអំពី‹កិច្ចព្រមព្រៀងថ្មី›។ (កូរិនថូសទី២ ៣:១៤) តាមរយៈកិច្ចព្រមព្រៀងចាស់ នោះព្រះយេហូវ៉ាបានអនុវត្តន៍សេចក្ដីសម្រេចដំបូង នៃកិច្ចព្រមព្រៀងរបស់ទ្រង់ជាមួយអ័ប្រាហាំ។
៩. (ក) តើមានអ្វីបួនយ៉ាងដែលព្រះយេហូវ៉ាបានសន្យាតាមរយៈកិច្ចព្រមព្រៀងអ័ប្រាហាំ? (ខ) តើមានអ្វីទៀត ដែលកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ាជាមួយអ៊ីស្រាអែល បានបើកឲ្យមាននោះ ហើយតើលើលក្ខខណ្ឌអ្វី?
៩ ព្រះយេហូវ៉ាបានពន្យល់ប្រាប់ល័ក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងទៅសាសន៍អ៊ីស្រាអែលថា៖ «ដូច្នេះបើឯងរាល់គ្នានឹងស្ដាប់តាមអញឥឡូវ ហើយកាន់តាម[កិច្ចព្រមព្រៀង]របស់អញ នោះឯរាល់គ្នានឹងបានដាច់ជារបស់ផងអញ លើសជាងអស់ទាំងសាសន៍ ដ្បិតផែនដីទាំងមូលជារបស់ផងអញ។ ឯងរាល់គ្នានឹងបានធ្វើជានគរដល់អញ ដែលសុទ្ធតែជាសង្ឃ ហើយជាសាសន៍បរិសុទ្ធឲ្យអញដែរ»។ (និក្ខមនំ ១៩:៥, ៦) ព្រះយេហូវ៉ាបានសន្យាថា ពូជរបស់អ័ប្រាហាំនឹង (១) ក្លាយទៅជាសាសន៍ដ៏ធំ (២) នឹងទទួលជ័យជំនះលើពួកសត្រូវរបស់គេ (៣) ទទួលស្រុកកាណានជាមរតក ហើយ(៤) ជាខ្សែរយៈសំរាប់ពរដល់សាសន៍ទាំងឡាយ។ ឥឡូវនេះ ទ្រង់បានសម្ដែងប្រាប់ថាគេអាចទទួលពរទាំងនេះជាមរតក ជាប្រជាជនដ៏ពិសេស អ៊ីស្រាអែលក្លាយ‹ជានគរ ដែលសុទ្ធតែជាសង្ឃ ហើយជាសាសន៍បរិសុទ្ធ› ប្រសិនបើគេស្ដាប់តាមពាក្យបង្គាប់របស់ទ្រង់។ តើពួកអ៊ីស្រាអែលយល់ព្រមធ្វើកិច្ចព្រមព្រៀងនេះទេ? ពួកគេបានឆ្លើយដោយសាមគ្គីភាពថា៖ «យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់សេចក្ដី ដែលព្រះយេហូវ៉ាទ្រង់មានបន្ទូលមក»។—និក្ខមនំ ១៩:៨
១០. តើតាមរបៀបណាដែលព្រះយេហូវ៉ារៀបចំពួកអ៊ីស្រាអែលទៅជាសាសន៍មួយ ហើយតើទ្រង់តម្រូវអ្វីពីពួកគេ?
១០ ដូច្នេះ ព្រះយេហូវ៉ាបានរៀបចំពួកអ៊ីស្រាអែលឲ្យទៅជាសាសន៍មួយ។ ទ្រង់បានប្រទានច្បាប់ដល់គេ ដែលដាក់កំរិតទៅលើការថ្វាយបង្គំនិងរបៀបរស់នៅ។ ទ្រង់ក៏បានប្រទានរោងឧបោសថ (ក្រោយមក ព្រះវិហារមួយក្នុងក្រុងយេរូសាឡិម) ហើយពួកអ្នកជាសង្ឃ ដើម្បីផ្ដល់កិច្ចបំរើបរិសុទ្ធក្នុងរោងឧបោសថនោះ។ ការរក្សាកិច្ចព្រមព្រៀងមានន័យថា ធ្វើការតាមច្បាប់របស់ព្រះយេហូវ៉ា ហើយជាពិសេស គឺការថ្វាយបង្គំទ្រង់តែមួយអង្គប៉ុណ្ណោះ។ ច្បាប់មួយនៃក្រិត្យវិន័យដប់ប្រការ ដែលជាគ្រឹះនៃច្បាប់ទាំងនេះ គឺ៖ «អញនេះគឺយេហូវ៉ា ជាព្រះនៃឯង ដែលបាននាំឯងចេញពីផ្ទះពួកបាវបំរើនៅស្រុកអេស៊ីព្ទមក។ កុំឲ្យមានព្រះឯណាទៀតនៅចំពោះអញឲ្យសោះ»។—និក្ខមនំ ២០:២, ៣
ទទួលពរតាមរយៈកិច្ចព្រមព្រៀងខាងក្រិត្យវិន័យ
១១, ១២. ក្នុងផ្លូវណា ដែលសេចក្ដីសន្យាទាំងឡាយក្នុងកិច្ចព្រមព្រៀងចាស់បានសម្រេចចំពោះអ៊ីស្រាអែល?
១១ តើសេចក្ដីសន្យាទាំងឡាយក្នុងកិច្ចព្រមព្រៀងខាងក្រិត្យវិន័យ បានសម្រេចចំពោះអ៊ីស្រាអែលទេ? តើអ៊ីស្រាអែលបានក្លាយទៅជា‹សាសន៍បរិសុទ្ធមួយ›ទេ? ជាកូនចៅរបស់អ័ដាម ពួកអ៊ីស្រាអែលជាពួកមានបាប។ (រ៉ូម ៥:១២) ប៉ុន្តែ នៅក្រោមច្បាប់ យញ្ញបូជាបានថ្វាយដើម្បីគ្របបាំងបាបរបស់គេ។ ស្តីអំពីយញ្ញបូជាដែលបានថ្វាយនៅថ្ងៃបុណ្យធួនបាបប្រចាំឆ្នាំ ព្រះយេហូវ៉ាមានបន្ទូលថា៖ «ដ្បិតនៅថ្ងៃនោះនឹងបានធ្វើឲ្យធួននឹងឯងរាល់គ្នា ដើម្បីនឹងញែកចេញជាស្អាត នោះឯងរាល់គ្នានឹងបានស្អាតពីអំពើបាបទាំងប៉ុន្មាននៅចំពោះព្រះយេហូវ៉ា»។ (លេវីវិន័យ ១៦:៣០) ដូច្នេះ នៅពេលដែលគេបានគោរពតាមយ៉ាងស្មោះត្រង់ នោះអ៊ីស្រាអែលជាសាសន៍ដ៏បរិសុទ្ធមួយ ដែលបានសំអាតសំរាប់កិច្ចបំរើរបស់ព្រះយេហូវ៉ា។ ប៉ុន្តែ ស្ថានភាពដ៏ស្អាតនេះបានពឹងលើការគោរពតាមច្បាប់ ហើយការថ្វាយយញ្ញបូជាជានិច្ច។
១២ តើអ៊ីស្រាអែលបានក្លាយទៅជា‹នគរមួយនៃពួកសង្ឃ›ទេ? តាំងពីដើមដំបូងឡើយ សាសន៍នេះជានគរមួយ ដែលមានព្រះយេហូវ៉ាជាព្រះមហាក្សត្រនៅលើស្ថានសួគ៌។ (អេសាយ ៣៣:២២) ម្យ៉ាងទៀត កិច្ចព្រមព្រៀងខាងក្រិត្យវិន័យរួមបញ្ចូលនឹងសំវិធានការឲ្យមនុស្សធ្វើជាស្តេច ដើម្បីក្រោយមក ព្រះយេហូវ៉ាបានត្រូវតំណាងដោយស្តេចដែលសោយរាជ្យក្នុងក្រុងយេរូសាឡិម។ (ចោទិយកថា ១៧:១៤-១៨) ប៉ុន្តែ តើអ៊ីស្រាអែលជានគរនៃពួកសង្ឃទេ? ត្រូវហើយ គឺមានពួកសង្ឃផ្ដល់កិច្ចបំរើបរិសុទ្ធនៅឯរោងឧបោសថ។ រោងឧបោសថ (និងក្រោយមក វិហារ) ជាមណ្ឌលនៃការថ្វាយបង្គំបរិសុទ្ធសំរាប់ពួកអ៊ីស្រាអែល ហើយសំរាប់ពួកសាសន៍ដទៃដែរ។ ហើយសាសន៍នេះ ជាខ្សែរយៈដែលបានសម្ដែងសេចក្ដីពិតដល់មនុស្សលោក។ (របាក្សត្រទី២ ៦:៣២, ៣៣; រ៉ូម ៣:១, ២) ពួកអ៊ីស្រាអែលស្មោះត្រង់ទាំងអស់ មិនគ្រាន់តែពួកសង្ឃលេវីប៉ុណ្ណោះ ជា«ស្មរបន្ទាល់»របស់ព្រះយេហូវ៉ា។ អ៊ីស្រាអែលជា‹អ្នកបំរើ›របស់ព្រះយេហូវ៉ា បានស្ថាបនាដើម្បីឲ្យ‹សម្ដែងសេចក្ដីសរសើររបស់ទ្រង់›។ (អេសាយ ៤៣:១០, ២១) ពួកបរទេសដ៏រាបទាបជាច្រើន ដែលបានឃើញព្រះចេស្ដារបស់ព្រះយេហូវ៉ាសំរាប់រាស្ត្ររបស់ទ្រង់ ហើយបានត្រូវទាក់ទាញមកឯការថ្វាយបង្គំបរិសុទ្ធ។ ពួកគេបានក្លាយទៅជាពួកចូលសាសនាយូដា។ (យ៉ូស្វេ ២:៩-១៣) ប៉ុន្តែ មានតែកុលសម្ព័ន្ធមួយទេដែលបំរើជាសង្ឃដែលបានចាក់ប្រេងតាំង។
ពួកចូលសាសនាយូដាក្នុងអ៊ីស្រាអែល
១៣, ១៤. (ក) ហេតុអ្វីក៏អាចនិយាយថា ពួកចូលសាសនាយូដា មិនមែនជាពួកចូលរួមក្នុងកិច្ចព្រមព្រៀងខាងក្រិត្យវិន័យ? (ខ) តើពួកចូលសាសនាយូដាបាននៅក្រោមកិច្ចព្រមព្រៀងខាងក្រិត្យវិន័យយ៉ាងដូចម្ដេច?
១៣ តើពួកចូលសាសនាយូដាមានឋានៈយ៉ាងណា? នៅពេលដែលព្រះយេហូវ៉ាបានធ្វើកិច្ចព្រមព្រៀងរបស់ទ្រង់ គឺគ្រាន់តែធ្វើជាមួយពួកអ៊ីស្រាអែលប៉ុណ្ណោះ។ ពួកអ្នកនៃ«មនុស្សសន្ធឹកគ្រប់បែប» ទោះជាមានវត្តមានក៏ដោយ តែឥតបានរាប់ជាអ្នកចូលរួមជាមួយនោះឡើយ។ (និក្ខមនំ ១២:៣៨; ១៩:៣, ៧, ៨) កូនច្បងរបស់គេមិនបានរួមបញ្ចូលទេ ពេលដែលតម្លៃកូនច្បងនៃអ៊ីស្រាអែលបានត្រូវយកមកវាយតម្លៃនោះ។ (ជនគណនា ៣:៤៤-៥១) ជាច្រើនទសវត្សក្រោយមក នៅពេលដែលស្រុកកាណានបានញែកចេញរវាងកុលសម្ព័ន្ធអ៊ីស្រាអែល គឺគ្មានអ្វីដែលបានរំលែកទុកសំរាប់ពួកអ្នកជឿ ដែលមិនមែនជាជាតិអ៊ីស្រាអែលទេ។ (លោកុប្បត្តិ ១២:៧; យ៉ូស្វេ ១៣:១-១៤) ហេតុអ្វី? ពីព្រោះកិច្ចព្រមព្រៀងខាងក្រិត្យវិន័យ មិនបានធ្វើឡើងជាមួយពួកអ្នកចូលសាសនាយូដាទេ។ ប៉ុន្តែពួកបុរសដែលចូលសាសនាយូដា បានត្រូវកាត់ស្បែកក្នុងការគោរពដល់ច្បាប់។ គេបានធ្វើតាមបង្គាប់ទាំងឡាយ ហើយគេក៏បានទទួលផលប្រយោជន៍ពីសំវិធានការនេះដែរ។ ពួកអ៊ីស្រាអែល ព្រមទាំងពួកអ្នកចូលសាសនាយូដា បាននៅក្រោមកិច្ចព្រមព្រៀងខាងក្រិត្យវិន័យ។—និក្ខមនំ ១២:៤៨, ៤៩; ជនគណនា ១៥:១៤-១៦; រ៉ូម ៣:១៩
១៤ ជាឧទាហរណ៍ ប្រសិនបើអ្នកចូលសាសនាយូដាបានសម្លាប់បុគ្គលណាម្នាក់ដោយចៃដន្យ នោះដូចជាជនអ៊ីស្រាអែលដែរ គាត់ក៏អាចរត់ទៅក្រុងពំនាក់។ (ជនគណនា ៣៥:១៥, ២២-២៥; យ៉ូស្វេ ២០:៩) នៅថ្ងៃបុណ្យធួនបាប យញ្ញបូជាបានថ្វាយប្រយោជន៍ឲ្យ«ពួកជំនុំ នៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នាផង»។ ដោយមានចំណែកក្នុងក្រុមជំនុំ ពួកចូលសាសនាយូដាក៏បានចូលរួមក្នុងការធ្វើនេះ ហើយបានត្រូវគ្របបាំងដោយយញ្ញបូជានោះដែរ។ (លេវីវិន័យ ១៦:៧-១០, ១៥, ១៧, ២៩; ចោទិយកថា ២៣:៧, ៨) ពួកអ្នកចូលសាសនាយូដាបានចូលរួមយ៉ាងជិតស្និទ្ធម្ល៉េះជាមួយអ៊ីស្រាអែលនៅក្រោមច្បាប់ ដែលនៅបុណ្យភិន្ដាកុសនៃឆ្នាំ៣៣ ស.យ. កាលដែល‹សោទីមួយនៃព្រះរាជាណាចក្រ›បានត្រូវប្រើសំរាប់ពួកយូដា នោះពួកចូលសាសនាយូដាក៏បានទទួលផលប្រយោជន៍ដែរ។ ជាលទ្ធផល «នីកូឡាស ជាអ្នកស្រុកអាន់ទីយ៉ូក» បានក្លាយទៅជាគ្រីស្ទាន ហើយគឺក្នុងចំណោមបុរស«៧នាក់»ដែលបានតែងតាំង ឲ្យថែរក្សាក្រុមជំនុំនៃក្រុងយេរូសាឡិម។—ម៉ាថាយ ១៦:១៩; កិច្ចការ ២:៥-១០; ៦:៣-៦; ៨:២៦-៣៩
ព្រះយេហូវ៉ាប្រទានពរដល់ពូជរបស់អ័ប្រាហាំ
១៥, ១៦. តើតាមរបៀបណាដែលកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ាជាមួយអ័ប្រាហាំបានសម្រេចនៅក្រោមកិច្ចព្រមព្រៀងខាងក្រិត្យវិន័យ?
១៥ ដោយកូនចៅរបស់អ័ប្រាហាំបានរៀបចំឲ្យទៅជាសាសន៍មួយនៅក្រោមច្បាប់ នោះព្រះយេហូវ៉ាបានប្រទានពរដល់គេ ស្របតាមសេចក្ដីសន្យារបស់ទ្រង់ដល់លោកអ័ប្រាហាំ។ ក្នុងឆ្នាំ១៤៧៣ ម.ស.យ យ៉ូស្វេ ដែលជាអ្នកស្នងនៃលោកម៉ូសេ បាននាំអ៊ីស្រាអែលចូលទៅស្រុកកាណាន។ ការញែករំលែកនៃស្រុកក្នុងចំណោមពួកកុលសម្ព័ន្ធ បានសម្រេចសេចក្ដីសន្យារបស់ព្រះយេហូវ៉ា ដើម្បីប្រទានស្រុកដល់ពូជនៃអ័ប្រាហាំ។ នៅពេលដែលអ៊ីស្រាអែលបានស្មោះត្រង់ នោះព្រះយេហូវ៉ាបានសម្រេចសេចក្ដីសន្យារបស់ទ្រង់ ដើម្បីឲ្យគេមានជ័យជំនះលើពួកសត្រូវរបស់គេ។ ជាពិសេសនេះពិតមែន ក្នុងកំឡុងការសោយរាជ្យនៃស្តេចដាវីឌ។ ទំរាំមកដល់គ្រាសាឡូម៉ូន ដែលជាបុត្ររបស់ដាវីឌ ជាលក្ខណៈទីបីនៃការសម្រេចកិច្ចព្រមព្រៀងអ័ប្រាហាំ។ «ឯពួកយូដា នឹងពួកអ៊ីស្រាអែល គេមានគ្នាសន្ធឹកដូចជាខ្សាច់ដែលនៅមាត់សមុទ្រ ក៏តែងតែបរិភោគ ហើយលេងសប្បាយ»។—ពង្សាវតារក្សត្រទី១ ៤:២០
១៦ ប៉ុន្តែ តើតាមរបៀបណាដែលសាសន៍ទាំងឡាយនឹងបានពរតាមរយៈអ៊ីស្រាអែល ដែលជាពូជរបស់អ័ប្រាហាំ? ដូចបានរៀបរាប់មកហើយ អ៊ីស្រាអែលជារាស្ត្រដ៏ពិសេសរបស់ព្រះយេហូវ៉ា គឺជាសាសន៍តំណាងរបស់ទ្រង់ក្នុងចំណោមសាសន៍ទាំងឡាយ។ មុននឹងអ៊ីស្រាអែលបានធ្វើដំណើរចូលស្រុកកាណាន ម៉ូសេមានប្រសាសន៍ថា៖ «ឱអស់ទាំងសាសន៍អើយ ចូរសរសើរដល់រាស្ត្រទ្រង់ចុះ»។ (ចោទិយកថា ៣២:៤៣) ពួកបរទេសជាច្រើនបានតបឆ្លើយ។ «មនុស្សសន្ធឹកគ្រប់បែប» បានដើរតាមពួកអ៊ីស្រាអែលចេញពីស្រុកអេស៊ីប ហើយបានឃើញព្រះចេស្ដារបស់ព្រះយេហូវ៉ាក្នុងទីរហោស្ថាន និងបានឮសេចក្ដីអញ្ជើញរបស់ម៉ូសេឲ្យមានអំណរ។ (និក្ខមនំ ១២:៣៧, ៣៨) ក្រោយមក នាងរស់ជាសាសន៍ម៉ូអាប់បានរៀបការជាមួយបូអូសសាសន៍អ៊ីស្រាអែល ហើយក៏បានក្លាយទៅជាជីដូននៃព្រះមេស្ស៊ី។ (នាងរស់ ៤:១៣-២២) យ៉ូណាដាបដែលជាសាសន៍កែនហើយកូនចៅរបស់លោក និងអេបេឌ-មេលេក សាសន៍អេធីយ៉ូពី បានធ្វើឲ្យឃើញប្លែក ដោយកាន់តាមគោលការណ៍ដ៏ត្រឹមត្រូវ នៅពេលដែលពួកអ៊ីស្រាអែលខាងសាច់ឈាមឥតមានសេចក្ដីស្មោះត្រង់។ (ពង្សាវតារក្សត្រទី២ ១០:១៥-១៧; យេរេមា ៣៥:១-១៩; ៣៨:៧-១៣) នៅក្រោមចក្រភពពើស៊ី ពួកបរទេសជាច្រើនបានក្លាយទៅជាអ្នកចូលសាសនាយូដា ហើយបានប្រយុទ្ធជាមួយអ៊ីស្រាអែល ក្នុងការប្រឆាំងពួកសត្រូវ។—នាងអេសធើរ ៨:១៧
ត្រូវការកិច្ចព្រមព្រៀងថ្មី
១៧. (ក) ហេតុអ្វីក៏ព្រះយេហូវ៉ាបដិសេធព្រះរាជាណាចក្រអ៊ីស្រាអែលនៅខាងជើងនិងខាងត្បូង? (ខ) តើអ្វីដែលនាំឲ្យមានការបដិសេធចុងក្រោយនៃពួកយូដា?
១៧ ដើម្បីទទួលការសម្រេចទាំងស្រុងនៃសេចក្ដីសន្យារបស់ព្រះ សាសន៍ដ៏ពិសេសរបស់ព្រះគឺត្រូវតែមានចិត្តស្មោះត្រង់។ ពួកគេឥតនៅស្មោះត្រង់ទេ។ ពិតមែន គឺមានជនអ៊ីស្រាអែលដែលមានជំនឿដ៏អស្ចារ្យ។ (ហេព្រើរ ១១:៣២–១២:១) ប៉ុន្តែ នៅគ្រាជាច្រើន សាសន៍នេះបានបែរទៅព្រះពាហិរជន ដោយសង្ឃឹមចង់បានផលប្រយោជន៍ខាងសម្ភារៈ។ (យេរេមា ៣៤:៨-១៦; ៤៤:១៥-១៨) គឺមានបុគ្គលដែលអនុវត្តឥតត្រឹមត្រូវតាមច្បាប់ ឬឥតទាំងអើពើច្បាប់នោះផង។ (នេហេមា ៥:១-៥; អេសាយ ៥៩:២-៨; ម៉ាឡាគី ១:១២-១៤) ក្រោយពីការសោយទិវង្គតរបស់សាឡូម៉ូន អ៊ីស្រាអែលបានញែកជាព្រះរាជាណាចក្រខាងជើងនិងខាងត្បូង។ នៅពេលដែលព្រះរាជាណាចក្រខាងជើងបានសឲ្យឃើញជាអ្នកបះបោរទាំងស្រុង នោះព្រះយេហូវ៉ាប្រកាសថា៖ «ដោយព្រោះឯងមិនព្រមទទួលដំរិះ បានជាអញក៏នឹងបោះបង់ចោលឯង»។ (ហូសេ ៤:៦) ព្រះរាជាណាចក្រខាងត្បូងក៏បានត្រូវទទួលទណ្ឌកម្មជាខ្លាំងដែរ ពីព្រោះគេមិនស្មោះត្រង់ចំពោះកិច្ចព្រមព្រៀង។ (យេរេមា ៥:២៩-៣១) នៅពេលដែលពួកយូដាបានបដិសេធព្រះយេស៊ូជាព្រះមេស្ស៊ី នោះព្រះយេហូវ៉ាក៏បានបដិសេធគេដែរ។ (កិច្ចការ ៣:១៣-១៥; រ៉ូម ៩:៣១–១០:៤) នៅទីបំផុត ព្រះយេហូវ៉ាបានរៀបចំការថ្មី ដើម្បីអនុវត្តសេចក្ដីសម្រេចទាំងស្រុងនៃកិច្ចព្រមព្រៀងអ័ប្រាហាំ។—រ៉ូម ៣:២០
១៨, ១៩. តើការរៀបចំថ្មីណា ដែលព្រះយេហូវ៉ាបានធ្វើដើម្បីឲ្យកិច្ចព្រមព្រៀងអ័ប្រាហាំបានសម្រេចទាំងស្រុង?
១៨ ការរៀបចំថ្មីនេះគឺជាកិច្ចព្រមព្រៀងថ្មី។ ព្រះយេហូវ៉ាបានទាយប្រាប់អំពីរឿងនេះ ពេលទ្រង់មានបន្ទូលថា៖ «‹នឹងមានគ្រាមកដល់ ដែលអញនឹងតាំងសញ្ញា[កិច្ចព្រមព្រៀង]ថ្មី នឹងពួកវង្សអ៊ីស្រាអែល . . . សេចក្ដីសញ្ញាដែលអញនឹងតាំងចំពោះពួកវង្សអ៊ីស្រាអែល ក្នុងពេលក្រោយគ្រានោះ គឺយ៉ាងដូច្នេះ អញនឹងដាក់ក្រិត្យវិន័យរបស់អញ នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ នោះអញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់អញ›»។—យេរេមា ៣១:៣១-៣៣
១៩ នេះជាកិច្ចព្រមព្រៀងថ្មី ដែលព្រះយេស៊ូបានសំដៅទៅក្នុងថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣ ស.យ.។ នៅគ្រានោះ ទ្រង់មានបន្ទូលប្រាប់ថា កិច្ចព្រមព្រៀងដែលបានសន្យាមក ជិតនឹងសម្រេចរវាងពួកសិស្សទ្រង់និងព្រះយេហូវ៉ា ដែលព្រះយេស៊ូធ្វើជាអ្នកកណ្ដាល។ (កូរិនថូសទី១ ១១:២៥; ធីម៉ូថេទី១ ២:៥; ហេព្រើរ ១២:២៤) តាមរយៈកិច្ចព្រមព្រៀងថ្មីនេះ សេចក្ដីសន្យារបស់ព្រះយេហូវ៉ាដល់អ័ប្រាហាំនឹងមានការសម្រេចដ៏រុងរឿងហើយស្ថាពរថែមទៀត ដែលយើងនឹងឃើញក្នុងអត្ថបទជាបន្ទាប់។
តើអ្នកអាចពន្យល់ទេ?
◻ តើព្រះយេហូវ៉ាសន្យាអ្វីក្នុងកិច្ចព្រមព្រៀងអ័ប្រាហាំ?
◻ តើតាមរបៀបណាដែលព្រះយេហូវ៉ាបានប្រទានការសម្រេចនៃកិច្ចព្រមព្រៀងអ័ប្រាហាំ ដល់ពួកអ៊ីស្រាអែលខាងសាច់ឈាម?
◻ តើពួកចូលសាសនាយូដាបានទទួលផលប្រយោជន៍អ្វីពីកិច្ចព្រមព្រៀងចាស់?
◻ ហេតុអ្វីក៏ត្រូវការកិច្ចព្រមព្រៀងថ្មី?
[រូបភាពនៅទំព័រ៩]
តាមរយៈកិច្ចព្រមព្រៀងខាងក្រិត្យវិន័យ ព្រះយេហូវ៉ាបានអនុវត្តការសម្រេចដំបូងនៃកិច្ចព្រមព្រៀងអ័ប្រាហាំ