ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅពង្សាវតារក្សត្រទី២
សៀវភៅពង្សាវតារក្សត្រទីពីររៀបរាប់ប្រាប់បន្តពីពង្សាវតារក្សត្រទីមួយអំពីប្រវត្ដិអ៊ីស្រាអែលនិងស្រុកយូដា។ នេះជាកំណត់ហេតុអំពីស្តេច២៩អង្គ ពោលគឺ១២អង្គមកពីព្រះរាជាណាចក្រអ៊ីស្រាអែលខាងជើង និង១៧អង្គមកពីព្រះរាជាណាចក្រយូដាខាងត្បូង។ ពង្សាវតារក្សត្រទីពីរក៏រៀបរាប់អំពីសកម្មភាពរបស់ព្យាការីអេលីយ៉ា អេលីសេនិងអេសាយដែរ។ កំណត់ហេតុនេះរួមបញ្ចូលព្រឹត្ដិការណ៍ដែលបានកើតឡើងនៅគ្រានៃសេចក្ដីហិនវិនាសក្រុងសាម៉ារីនិងក្រុងយេរូសាឡិម ទោះជាមិនបានរៀបរាប់តាមកាលប្រវត្ដិវិទ្យាក៏ដោយ។ សរុបទៅ ពង្សាវតារក្សត្រទីពីររៀបរាប់អំពីព្រឹត្ដិការណ៍ដែលបានកើតឡើងក្នុងរយៈពេល៣៤០ឆ្នាំ ចាប់ផ្ដើមពីឆ្នាំ៩២០ មុនគ.ស. រហូតដល់ឆ្នាំ៥៨០ មុនគ.ស. ពេលដែលព្យាការីយេរេមាបានសរសេរសៀវភៅនេះចប់។
តើពង្សាវតារក្សត្រទីពីរមានប្រយោជន៍យ៉ាងណាចំពោះយើង? តើសៀវភៅនេះបង្ហាញយ៉ាងណាអំពីព្រះយេហូវ៉ានិងការប្រព្រឹត្តរបស់ទ្រង់ចំពោះមនុស្ស? តើយើងអាចទាញមេរៀនអ្វីពីការប្រព្រឹត្តរបស់ស្តេច ព្យាការី និងអ្នកឯទៀតដែលបានរៀបរាប់ក្នុងសៀវភៅនេះ? សូមឲ្យយើងពិនិត្យមើលនូវប្រយោជន៍ដែលយើងអាចទាញយកពីពង្សាវតារក្សត្រទីពីរ។
អេលីសេទទួលភារកិច្ចពីអេលីយ៉ា
(ពង្សាវតារក្សត្រទី២ ១:១–៨:២៩)
ស្តេចអ័ហាស៊ីយ៉ានៃស្រុកអ៊ីស្រាអែលទ្រង់ធ្លាក់ពីទីខ្ពស់ ហើយទ្រង់ប្រឈួនឬឈឺយ៉ាងខ្លាំង។ ទ្រង់បានសុំយោបល់ពីព្យាការីអេលីយ៉ា ហើយបានទទួលដំណឹងថានឹងសោយទិវង្គត។ ស្តេចអ័ហាស៊ីយ៉ាបានសោយទិវង្គត ហើយព្រះអនុជនាមយ៉ូរ៉ាមបានឡើងសោយរាជ្យជំនួស។ ក្នុងគ្រានោះ យ៉ូសាផាតជាស្តេចស្រុកយូដា។ អេលីយ៉ាត្រូវបានខ្យល់កួចយកទៅបាត់ ហើយអេលីសេក៏ជាអ្នកស្នងភារកិច្ចធ្វើជាព្យាការី។ អេលីសេបានធ្វើអព្ភូតហេតុជាច្រើនមែនក្នុងប្រមាណ៦០ឆ្នាំនៃកិច្ចបំរើរបស់គាត់។—សូមមើលប្រអប់«អព្ភូតហេតុដែលអេលីសេបានធ្វើ»។
នៅពេលដែលស្តេចជនជាតិម៉ូអាប់មួយអង្គបានប្រឆាំងសាសន៍អ៊ីស្រាអែល នោះស្តេចយ៉ូរ៉ាម ស្តេចយ៉ូសាផាត និងស្តេចស្រុកអេដំមបានទៅច្បាំងនឹងស្តេចនោះ។ ស្តេចបីអង្គទាំងនោះបានទទួលជោគជ័យពីព្រោះស្តេចយ៉ូសាផាតមានចិត្តស្មោះត្រង់ចំពោះព្រះ។ ក្រោយមក ស្តេចនៃស្រុកស៊ីរីបានគ្រោងវាយលុកស្រុកអ៊ីស្រាអែលដោយសម្ងាត់។ ក៏ប៉ុន្តែ លោកអេលីសេបានធ្វើឲ្យគម្រោងនោះឥតកើតការ។ ស្តេចស្រុកស៊ីរីខ្ញាល់ណាស់ ហើយចាត់«ពលសេះ រទេះចំបាំង នឹងពួកទ័ពសន្ធឹកឲ្យចេញទៅ»ចាប់អេលីសេ។ (ពង្សាវតារក្សត្រទី២ ៦:១៤) អេលីសេបានធ្វើអព្ភូតហេតុពីរ ហើយដោយសន្ដិវិធីក៏ជំរុញពួកស៊ីរីឲ្យត្រឡប់ទៅវិញ។ ក្រោយមក ស្តេចស៊ីរីនាមបេនហាដាឌ់ក៏ឡោមព័ទ្ធក្រុងសាម៉ារី។ នេះនាំឲ្យមានទុរភិក្សខ្លាំងមួយ ប៉ុន្តែអេលីសេទាយប្រាប់ថាទុរភិក្សនឹងត្រូវចប់។
ក្រោយមក អេលីសេទៅក្រុងដាម៉ាស។ ពេលនោះស្តេចបេនហាដាឌ់ទ្រង់ប្រឈួន ហើយទ្រង់ចាត់ឲ្យហាសែលទៅសួរអេលីសេថា តើទ្រង់អាចជាពីជំងឺនេះទេ? អេលីសេទាយថាស្តេចនឹងសោយទិវង្គត ហើយថាហាសែលនឹងសោយរាជ្យជំនួសទ្រង់វិញ។ នៅថ្ងៃស្អែក នោះហាសែលបានយក«ផួយមួយជ្រលក់ទឹក»ទៅខ្ទប់ព្រះភក្ដ្រនៃស្តេចឲ្យទ្រង់សុគតទៅ រួចហាសែលបានសោយរាជ្យជំនួសបេនហាដាឌ់។ (ពង្សាវតារក្សត្រទី២ ៨:១៥) នៅស្រុកយូដាវិញ បុត្រារបស់យ៉ូសាផាតនាមយ៉ូរ៉ាមបានឡើងជាស្តេច ហើយបន្ទាប់មក អ័ហាស៊ីយ៉ាក៏ស្នងរាជ្យបន្ទាប់ពីយ៉ូរ៉ាម។—សូមមើលប្រអប់«ស្តេចស្រុកយូដានិងអ៊ីស្រាអែល»។
ចម្លើយចំពោះសំនួរអំពីបទគម្ពីរ:
២:៩—ហេតុអ្វីបានជាអេលីសេសុំ‹វិញ្ញាណរបស់អេលីយ៉ាដល់ទៅពីរភាគ›? ដើម្បីបំពេញកិច្ចការជាព្យាការីនៃសាសន៍អ៊ីស្រាអែល នោះអេលីសេត្រូវមានវិញ្ញាណឬចិត្តគំនិតដូចអេលីយ៉ាដែរ ពោលគឺសេចក្ដីក្លាហាននិងការឥតភ័យខ្លាច។ ដោយសារអេលីសេដឹងថាខ្លួនគាត់ត្រូវការនូវចិត្តគំនិតបែបនោះ គាត់បានសុំវិញ្ញាណរបស់អេលីយ៉ាដល់ទៅពីរភាគ។ អេលីយ៉ាបានតែងតាំងអេលីសេដើម្បីបំរើជាព្យាការីជំនួសលោក ហើយអេលីសេបានបំរើជាអ្នកជំនួយអស់ប្រាំមួយឆ្នាំហើយ ដូច្នេះអេលីសេចាត់ទុកអេលីយ៉ាជាឪពុកខាងវិញ្ញាណ។ អេលីសេប្រៀបដូចជាកូនច្បងខាងវិញ្ញាណរបស់លោកអេលីយ៉ា។ (ពង្សាវតារក្សត្រទី១ ១៩:១៩-២១; ពង្សាវតារក្សត្រទី២ ២:១២) ហេតុដូច្នេះហើយ ដូចជាកូនច្បងទទួលមត៌ករបស់ឪពុកដល់ទៅពីរភាគ នោះអេលីសេក៏បានសុំវិញ្ញាណរបស់អេលីយ៉ាដល់ទៅពីរភាគនូវមត៌កខាងវិញ្ញាណ ហើយគាត់បានទទួលមត៌កខាងវិញ្ញាណនោះមែន។
២:១១—នៅពេលដែល‹អេលីយ៉ាឡើងទៅដោយខ្យល់កួច› តើគាត់ពិតជាឡើងទៅស្ថានសួគ៌មែនឬ? សូមកត់សម្គាល់ពាក្យដើមជាភាសាហេព្រើរដែលបានបកប្រែនៅទីនេះថា ‹ស្ថានសួគ៌› ក៏អាចបកប្រែថា ‹មេឃ›ក៏បាន។ ជាឧទាហរណ៍ សូមមើលទំនុកដំកើង ៧៨:២៦ ដែលប្រើពាក្យដើមភាសាហេព្រើរដូចគ្នា។ អេលីយ៉ាបានឡើងទៅលើមេឃ មិនមែនឡើងទៅភពណាផ្សេងនៅឆ្ងាយក្នុងសកលលោកយើងនេះទេ ហើយក៏មិនបានឡើងទៅកន្លែងដែលព្រះនិងទេវតាគង់នៅនោះទេ។ (ចោទិយកថា ៤:១៩; ទំនុកដំកើង ១១:៤; ម៉ាថាយ ៦:៩; ១៨:១០) តាមមើលទៅ រទេះដែលមានអណ្ដាតភ្លើងនោះបានធ្វើដំណើរនៅលើបរិយាកាសផែនដីដើម្បីដឹកអេលីយ៉ាទៅកន្លែងផ្សេងទៀតនៅផែនដី ដែលជាទីកន្លែងដែលគាត់រស់នៅអស់មួយរយៈ។ តាមពិត ប៉ុន្មានឆ្នាំក្រោយមកអេលីយ៉ាបានសរសេរសំបុត្រទៅស្តេចយ៉ូរ៉ាម ដែលជាស្តេចនៃស្រុកយូដា។—របាក្សត្រទី២ ២១:១, ១២-១៥
៥:១៥, ១៦—ហេតុអ្វីបានជាអេលីសេមិនព្រមទទួលរង្វាន់ពីណាម៉ាន់? អេលីសេបដិសេធមិនព្រមទទួលយករង្វាន់នោះពីព្រោះគាត់បានទទួលស្គាល់ថា អព្ភូតហេតុដែលធ្វើឲ្យណាម៉ាន់ជា នោះគឺជាអំណាចរបស់ព្រះយេហូវ៉ាទេ មិនមែនរបស់គាត់ឡើយ។ គាត់មិនដែលគិតយកចំណេញពីការងារដែលព្រះតែងតាំងគាត់ឲ្យធ្វើនោះទេ។ អ្នកថ្វាយបង្គំពិតសព្វថ្ងៃនេះក៏មិនរកចំណេញពីកិច្ចការដែលយើងធ្វើដើម្បីបំរើព្រះយេហូវ៉ាដែរ។ ពួកគេស្ដាប់តាមការដាស់តឿនរបស់ព្រះយេស៊ូថា៖ «អ្នករាល់គ្នាបានទទួលទទេ ត្រូវឲ្យទទេដែរ»។—ម៉ាថាយ ១០:៨
៥:១៨, ១៩—តើណាម៉ាន់សុំការអត់ឱនទោស ដោយសារគាត់បានចូលរួមថ្វាយបង្គំព្រះផ្សេងឬ? តាមមើលទៅ ស្តេចស៊ីរីគឺចាស់ជរាហើយទន់ខ្សោយ ហើយត្រូវពឹងលើណាម៉ាន់ឲ្យជួយ។ នៅពេលដែលស្តេចលុតជង្គង់ថ្វាយបង្គំព្រះរីម៉ូន នោះណាម៉ាន់ក៏ត្រូវលុតជង្គង់ដែរ។ ប៉ុន្តែ ចំពោះណាម៉ាន់ ទង្វើនេះគ្រាន់តែដើម្បីបង្គ្រប់កិច្ចតែប៉ុណ្ណោះ ក្នុងបំណងជួយទ្រព្រះកាយរបស់ស្តេច ហើយមិនមែនថ្វាយបង្គំព្រះនោះទេ។ ណាម៉ាន់សុំព្រះយេហូវ៉ាអត់ឱនទោសឲ្យគាត់ចំពោះការប្រព្រឹត្តនេះដែលជាភារកិច្ចបំពេញជូនស្តេច។ អេលីសេជឿពាក្យរបស់ណាម៉ាន់ ក៏និយាយទៅគាត់ថា៖ «អញ្ជើញទៅដោយសុខសាន្តចុះ!»។
មេរៀនសំរាប់យើង:
១:១៣, ១៤: ការរៀនពីការពិនិត្យមើលនិងប្រព្រឹត្តដោយចិត្តរាបទាបអាចសង្គ្រោះជីវិតយើង។
២:២, ៤, ៦: ទោះជាអេលីសេបានបំរើជាអ្នកជំនួយប្រហែលជាដល់អេលីយ៉ាអស់ប្រាំមួយឆ្នាំក៏ដោយ គាត់ទទូចមិនចង់ឃ្លាតចេញពីលោកទេ។ នេះជាគំរូដ៏ល្អមែនចំពោះការសម្ដែងចិត្តស្មោះត្រង់និងចំណងមិត្តភាពដែលពួកគាត់មាន!—សុភាសិត ១៨:២៤
២:២៣, ២៤: មូលហេតុចំបងចំពោះការមើលងាយអេលីសេ គឺដោយសារគាត់ពាក់ក្រមារបស់អេលីយ៉ា។ ក្មេងៗទាំងនោះបានទទួលស្គាល់អេលីសេជាអ្នកតំណាងព្រះយេហូវ៉ា ហើយមិនចង់ឲ្យគាត់មានវត្តមាននៅតំបន់របស់ពួកគេទេ។ ពួកគេពោលប្រាប់អេលីសេឲ្យ«ឡើងទៅចុះ» ពោលគឺឲ្យបន្តឡើងទៅបេតអែលឬធ្វើការនៅកន្លែងដែលអេលីយ៉ាធ្លាប់ធ្វើ។ តាមមើលទៅ កូនក្មេងៗទាំងនេះបង្ហាញនូវចិត្តគំនិតដ៏អាក្រក់របស់ឪពុកម្ដាយរបស់គេដែរ។ គឺសំខាន់ចាំបាច់មែន ដែលឪពុកម្ដាយបង្រៀនកូនៗឲ្យគោរពអ្នកតំណាងរបស់ព្រះ!
៣:១៤, ១៨, ២៤: ពាក្យបន្ទូលរបស់ព្រះយេហូវ៉ាតែងតែសម្រេចជានិច្ច។
៣:២២: ថ្ងៃចាំងនៅព្រឹកព្រហាមធ្វើឲ្យមើលឃើញទឹកដូចជាឈាម ប្រហែលជាដីនោះដែលទើបតែជីកមានភក់ក្រហម។ ព្រះយេហូវ៉ាអាចប្រើអំណាចអធិធម្មជាតិដើម្បីសម្រេចគោលបំណងរបស់ទ្រង់។
៤:៨-១១: ដោយទទួលស្គាល់ថា អេលីសេជា«អ្នកបរិសុទ្ធរបស់ព្រះ» នោះស្ត្រីពីក្រុងស៊ូណែមបានបង្ហាញភាពរាក់ទាក់ដល់គាត់។ យើងគួរបង្ហាញចិត្តរាក់ទាក់ដល់អ្នកថ្វាយបង្គំដ៏ស្មោះភក្ដីរបស់ព្រះយេហូវ៉ាដែរ មែនទេ?
៥:៣: ក្មេងស្រីជនជាតិអ៊ីស្រាអែលមានជំនឿថាព្រះមានសមត្ថភាពធ្វើអព្ភូតហេតុ។ ក្មេងស្រីនេះក៏មានចិត្តក្លាហាននិយាយប្រាប់អំពីជំនឿខ្លួនដែរ។ តើប្អូនៗយុវវ័យខំប្រឹងពង្រឹងជំនឿប្អូនលើសេចក្ដីសន្យារបស់ព្រះ និងប្រមូលចិត្តក្លាហានដើម្បីប្រាប់គ្រូនិងមិត្តរួមថ្នាក់អំពីសេចក្ដីពិតឬទេ?
៥:៩-១៩: គំរូរបស់ណាម៉ាន់បង្ហាញថា មនុស្សដែលមានអំនួតអាចរៀនឲ្យចេះបង្ហាញចិត្តរាបទាបបាន មែនទេ?—ពេត្រុសទី១ ៥:៥
៥:២០-២៧: ការភូតភរគឺខាតបង់ប្រយោជន៍មែន! បើយើងគិតអំពីការឈឺចាប់ដែលមកពីការធ្វើជាមនុស្សពុតត្បុត នេះអាចជួយយើងចៀសវាងពីការធ្វើជាមនុស្សបែបនេះ។
សាសន៍អ៊ីស្រាអែលនិងជនជាតិយូដាត្រូវនិរទេស
(ពង្សាវតារក្សត្រទី២ ៩:១–២៥:៣០)
យេហ៊ូវបានត្រូវតែងតាំងជាស្តេចលើព្រះរាជាណាចក្រអ៊ីស្រាអែល។ ស្តេចយេហ៊ូវបានចាត់វិធានការភ្លាមដើម្បីប្រហារជំនួរវង្សអ័ហាប់។ ដោយប៉ិនប្រសប់ នោះយេហ៊ូវ‹បានបំបាត់ការថ្វាយបង្គំព្រះបាលចេញពីពួកអ៊ីស្រាអែល›។ (ពង្សាវតារក្សត្រទី២ ១០:២៨) ពេលមហាក្សត្រីនាមអ័ថាលាជ្រាបថាយេហ៊ូវបានធ្វើគុតដល់បុត្ររបស់ព្រះនាង នាមអ័ហាស៊ីយ៉ានោះ ‹ព្រះនាងក៏ចាត់ចែងបំផ្លាញជំនួរវង្សនៃស្តេចទាំងប៉ុន្មាននៃព្រះរាជាណាចក្រយូដា› ហើយប្រឆាំងដណ្ដើមយកអំណាចគ្រប់គ្រង។ (ពង្សាវតារក្សត្រទី២ ១១:១) មានតែបុត្ររបស់អ័ហាស៊ីយ៉ា នាមយ៉ូអាសប៉ុណ្ណោះទេដែលត្រូវបានសង្គ្រោះ ហើយក្រោយពីបានលាក់ខ្លួនអស់ប្រាំមួយឆ្នាំ នោះក៏ត្រូវបានតែងតាំងជាស្តេចលើស្រុកយូដា។ យ៉ូអាសបានធ្វើអ្វីដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យពីព្រោះបានត្រូវបង្ហាត់បង្រៀនដោយយេហូយ៉ាដាដែលជាសម្ដេចសង្ឃ។
ស្តេចទាំងឡាយដែលបានគ្រប់គ្រងនៅព្រះរាជាណាចក្រអ៊ីស្រាអែលបន្ទាប់ពីយេហ៊ូវនោះ សុទ្ធតែបានធ្វើអំពើអាក្រក់នៅព្រះនេត្ររបស់ព្រះយេហូវ៉ា។ អេលីសេបានស្លាប់ដោយចាស់ជរានៅសម័យចៅយេហ៊ូវ។ អ័ហាសជាស្តេចទីបួនដែលបានគ្រប់គ្រងព្រះរាជាណាចក្រយូដាបន្ទាប់ពីស្តេចយ៉ូអាស ហើយអ័ហាស«មិនបានប្រព្រឹត្តអំពើដ៏ត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា»ទេ។ (ពង្សាវតារក្សត្រទី២ ១៦:១, ២) ប៉ុន្តែ បុត្រស្តេចអ័ហាស នាមហេសេគាជាស្តេចមួយអង្គដែលបាន«កាន់ខ្ជាប់តាមព្រះយេហូវ៉ា»។ (ពង្សាវតារក្សត្រទី២ ១៧:២០; ១៨:៦) នៅឆ្នាំ៧៤០ មុនគ.ស. ហេសេគាជាស្តេចនៃព្រះរាជាណាចក្រយូដានិងហូស៊ាជាអ្នកគ្រប់គ្រងលើព្រះរាជាណាចក្រអ៊ីស្រាអែល នោះស្តេចអាសស៊ើរ នាមសាលម៉ានេស៊ើរបាន«វាយយកក្រុងសាម៉ារីបាន ហើយទ្រង់ដឹកនាំពួកអ៊ីស្រាអែលទៅឯស្រុកអាសស៊ើរ»។ (ពង្សាវតារក្សត្រទី២ ១៧:៦) បន្ទាប់មក ពួកបរទេសត្រូវបាននាំមកដែនដីអ៊ីស្រាអែល ហើយសាសនារបស់ពួកសាម៉ារីក៏កើតឡើង។
ក្នុងចំណោមស្តេចប្រាំពីរអង្គដែលសោយរាជ្យលើព្រះរាជាណាចក្រយូដាបន្ទាប់ពីហេសេគានោះ មានតែយ៉ូសៀសទេដែលចាត់វិធានការកំចាត់ការថ្វាយបង្គំក្លែងក្លាយ។ នៅទីបំផុត នៅឆ្នាំ៦០៧ មុនគ.ស. នោះពួកបាប៊ីឡូនចាប់យកក្រុងយេរូសាឡិម ហើយ«យូដាត្រូវដឹកនាំទៅជាឈ្លើយ ក្រៅពីស្រុករបស់ខ្លួន»។—ពង្សាវតារក្សត្រទី២ ២៥:២១
ចម្លើយចំពោះសំនួរអំពីបទគម្ពីរ:
១៣:២០, ២១—តើអព្ភូតហេតុនេះគាំទ្រការថ្វាយបង្គំវត្ថុស័ក្ដិសិទ្ធិឬ? អត់ទេ! ព្រះគម្ពីរមិនបង្ហាញថាឆ្អឹងរបស់អេលីសេធ្លាប់មានគេថ្វាយបង្គំនោះឡើយ។ គឺជាព្រះចេស្ដារបស់ព្រះទេដែលបណ្ដាលឲ្យមានអព្ភូតហេតុនេះ ក៏ដូចអព្ភូតហេតុផ្សេងៗដែលអេលីសេបានធ្វើពេលដែលគាត់នៅរស់។
១៥:១-៦—ហេតុអ្វីបានជាព្រះយេហូវ៉ាធ្វើឲ្យអ័សារា (ដែលហៅថា អូសៀស នៅរបាក្សត្រទី២ ២៦:១-២៣ និងសាការី ១៤:៥ ហើយ អ៊ូសៀស នៅអេសាយ ៦:១) កើតរោគឃ្លង់? «កាល[អូសៀស]មានកំឡាំងឡើងហើយ នោះព្រះទ័យទ្រង់ក៏ប៉ោងធំឡើង . . . ទ្រង់ក៏ប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដ្បិតទ្រង់បានយាងចូលទៅ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដុតកំញាននៅលើអាសនាគ្រឿងក្រអូប»។ នៅពេលដែលពួកសង្ឃ«បានឃាត់ស្តេចអូសៀស» ហើយប្រាប់ទ្រង់ឲ្យ«ចេញពីទីបរិសុទ្ធនេះទៅ» ទ្រង់ក្រេវក្រោធនឹងពួកសង្ឃ ដូច្នេះក៏កើតរោគឃ្លង់ភ្លាម។—របាក្សត្រទី២ ២៦:១៦-២០
១៨:១៩-២១, ២៥—តើស្តេចហេសេគាបានចងមិត្តភាពជាមួយនឹងស្តេចស្រុកអេស៊ីបទេ? អត់ទេ! ការចោទរបស់រ៉ាបសាកេគឺខុស ហើយពាក្យអះអាងថាគាត់មាន‹អំណាចពីព្រះយេហូវ៉ា› នោះក៏ខុសដែរ។ ស្តេចហេសេគាមានចិត្តស្មោះភក្ដីដូច្នេះបានទុកចិត្តទាំងស្រុងលើព្រះយេហូវ៉ា។
មេរៀនសំរាប់យើង:
៩:៧, ២៦: ការផ្ដន្ទាទោសយ៉ាងខ្លាំងចំពោះជំនួរវង្សអ័ហាប់បង្ហាញថាការថ្វាយបង្គំមិនពិតនិងការសម្លាប់មនុស្សឥតទោស គឺជាអ្វីដ៏ស្អប់ខ្ពើមចំពោះព្រះយេហូវ៉ា។
៩:២០: កេរ្ដិ៍ឈ្មោះរបស់យេហ៊ូវជាអ្នកបើកបររទេះយ៉ាងលឿននោះ ជាទីសំអាងដែលបញ្ជាក់ពីចិត្តខ្នះខ្នែងចំពោះការបំពេញកិច្ចការរបស់ខ្លួន។ តើមនុស្សដទៃស្គាល់អ្នកជាមនុស្សម្នាក់ដែលមានចិត្តខ្នះខ្នែងប្រកាសដំណឹងល្អពីព្រះរាជាណាចក្ររបស់ព្រះទេ?—ធីម៉ូថេទី២ ៤:២
៩:៣៦, ៣៧; ១០:១៧; ១៣:១៨, ១៩, ២៥; ១៤:២៥; ១៩:២០, ៣២-៣៦; ២០:១៦, ១៧; ២៤:១៣: យើងអាចមានទំនុកចិត្តថា‹ពាក្យរបស់ព្រះយេហូវ៉ាដែលចេញពីព្រះឱស្ឋទ្រង់ នោះនឹងបានសម្រេចជាក់ជាពុំខាន›។—អេសាយ ៥៥:១០, ១១
១០:១៥: យ៉ូណាដាបបានយល់ព្រមភ្លាមពេលដែលយេហ៊ូវអញ្ជើញគាត់ឡើងជិះរទេះជាមួយ។ ដូចគ្នាដែរ«មនុស្ស១ហ្វូងយ៉ាងធំ»ក៏ពេញចិត្តគាំទ្រព្រះយេស៊ូគ្រីស្ទក្នុងនាមជាយេហ៊ូវនៅសម័យនេះ ហើយគាំទ្រពួកអ្នកចាក់ប្រេងតាំងដែលជាអ្នកកាន់តាមទ្រង់ផង។—វិវរណៈ ៧:៩
១០:៣០, ៣១: ទោះជាយេហ៊ូវមិនមានប្រវត្ដិល្អឥតខ្ចោះក៏ដោយ ព្រះយេហូវ៉ានៅតែបង្ហាញការអបអរចំពោះអ្វីដែលគាត់បានធ្វើដែរ។ ប្រាកដហើយ ‹ព្រះទ្រង់មិនមែនជាអ្នករមិលគុណ ដែលនឹងភ្លេចការដែលយើងរាល់គ្នាធ្វើទេ›។—ហេព្រើរ ៦:១០
១៣:១៤-១៩, ខ.ស.: ចៅរបស់ស្តេចយេហ៊ូវ នាមយ៉ូអាស មិនបានខំប្រឹងធ្វើនោះទេ គ្រាន់តែបានយកព្រួញវាយលើដីបីដងប៉ុណ្ណោះ ដូច្នេះទ្រង់មិនសូវមានជ័យជំនះប៉ុន្មានទេក្នុងការយកឈ្នះលើពួកស៊ីរី។ ព្រះយេហូវ៉ាតម្រូវឲ្យយើងធ្វើកិច្ចការដែលទ្រង់ចាត់ឲ្យធ្វើនោះដោយអស់ពីចិត្តនិងដោយចិត្តខ្នះខ្នែង។
២០:២-៦: ព្រះយេហូវ៉ាជា«ព្រះដែលស្ដាប់សេចក្ដីអធិស្ឋាន»។—ទំនុកដំកើង ៦៥:២
២៤:៣, ៤: ព្រះយេហូវ៉ា«មិនព្រមអត់ទោសឲ្យ»ស្រុកយូដាទេ ដោយសារទោសរបស់ម៉ាន៉ាសេក្នុងការកំចាយឈាម។ ព្រះយេហូវ៉ាចាត់ទុកឈាមនៃមនុស្សដែលគ្មានទោសនោះ ជាអ្វីដែលមានតម្លៃ។ យើងអាចប្រាកដក្នុងចិត្តដែរថា ព្រះយេហូវ៉ានឹងសងសឹកជំនួសមនុស្សដែលស្លាប់ដោយឥតទោស ដោយបំផ្លាញពួកមនុស្សដែលកំចាយឈាមដែរ។—ទំនុកដំកើង ៣៧:៩-១១; ១៤៥:២០
មានប្រយោជន៍ចំពោះយើង
សៀវភៅពង្សាវតារក្សត្រទីពីរបង្ហាញថាព្រះយេហូវ៉ាជាព្រះអង្គដែលបំពេញសេចក្ដីសន្យារបស់ទ្រង់។ ការនិរទេសប្រជាជនចេញពីព្រះរាជាណាចក្រទាំងពីរនោះ ពោលគឺរាជាណាចក្រអ៊ីស្រាអែលជាមុននិងរាជាណាចក្រយូដាបន្ទាប់មក បញ្ជាក់យ៉ាងច្បាស់ដល់យើងថាទំនាយអំពីការជំនុំជំរះដែលបានកត់ទុកនៅចោទិយកថា ២៨:១៥–២៩:២៧ បានកើតឡើងមែន។ ពង្សាវតារក្សត្រទីពីរក៏រៀបរាប់អំពីអេលីសេជាព្យាការីមួយរូបដែលមានចិត្តខ្នះខ្នែងយ៉ាងខ្លាំងចំពោះព្រះនាមព្រះយេហូវ៉ានិងចំពោះការថ្វាយបង្គំពិត។ ដូចបានបង្ហាញឲ្យឃើញពីមុននោះ ស្តេចហេសេគានិងយ៉ូសៀសជាស្តេចពីរអង្គដែលមានចិត្តរាបទាប ដែលបានគោរពតាមក្រិត្យវិន័យរបស់ព្រះ។
កាលដែលយើងរំពឹងគិតលើចិត្តគំនិតនិងការប្រព្រឹត្តរបស់ស្តេច ព្យាការី និងអ្នកដទៃដែលបានរៀបរាប់ក្នុងសៀវភៅពង្សាវតារក្សត្រទីពីរ យើងទាញយកមេរៀនល្អផ្សេងៗស្តីអំពីអ្វីដែលយើងត្រូវប្រព្រឹត្តនិងអ្វីដែលយើងត្រូវចៀសវាង មែនទេ? (រ៉ូម ១៥:៤; កូរិនថូសទី១ ១០:១១) មែនហើយ «ព្រះបន្ទូលនៃព្រះនោះរស់នៅ ហើយពូកែផង»។—ហេព្រើរ ៤:១២
[ប្រអប់/រូបភាពនៅទំព័រ៣០]
អព្ភូតហេតុដែលអេលីសេបានធ្វើ
១. ទឹកទន្លេយ័រដាន់ញែកចេញពីគ្នា។—ពង្សាវតារក្សត្រទី២ ២:១៤
២. ទឹកមិនល្អនៅទីក្រុងយេរីខូរបានប្រែជាល្អវិញ។—ពង្សាវតារក្សត្រទី២ ២:១៩-២២
៣. ខ្លាឃ្មុំបានចាប់ហែកក្មេងដែលព្រហើនកោងកាច។—ពង្សាវតារក្សត្រទី២ ២:២៣, ២៤
៤. ការប្រទានទឹកដល់ពួកទាហាន។—ពង្សាវតារក្សត្រទី២ ៣:១៦-២៦
៥. ស្ត្រីមេម៉ាយបានទទួលប្រេងចំអិនអាហារ។—ពង្សាវតារក្សត្រទី២ ៤:១-៧
៦. ស្ត្រីអារម្នាក់នៅស្រុកស៊ូណែមមានគភ៌។—ពង្សាវតារក្សត្រទី២ ៤:៨-១៧
៧. ក្មេងម្នាក់ត្រូវប្រោសឲ្យរស់ឡើងវិញ។—ពង្សាវតារក្សត្រទី២ ៤:១៨-៣៧
៨. បបរដែលមានជាតិពុល ត្រូវបរិភោគបានវិញ។—ពង្សាវតារក្សត្រទី២ ៤:៣៨-៤១
៩. មនុស្សមួយរយនាក់អាចបរិភោគឆ្អែត ដោយមានតែនំប៉័ង២០ដុំតែប៉ុណ្ណោះ។—ពង្សាវតារក្សត្រទី២ ៤:៤២-៤៤
១០. ណាម៉ាន់ត្រូវបានប្រោសឲ្យជាពីរោគឃ្លង់។—ពង្សាវតារក្សត្រទី២ ៥:១-១៤
១១. កេហាស៊ីទទួលរោគឃ្លង់ពីណាម៉ាន់។—ពង្សាវតារក្សត្រទី២ ៥:២៤-២៧
១២. ផ្លែពូថៅអាចអណ្ដែតឡើងបាន។—ពង្សាវតារក្សត្រទី២ ៦:៥-៧
១៣. អ្នកបំរើបានឃើញរទេះចំបាំងរបស់ពួកទេវតា។—ពង្សាវតារក្សត្រទី២ ៦:១៥-១៧
១៤. ភ្នែករបស់ពួកទាហានស៊ីរីត្រូវថ្ពឹន។—ពង្សាវតារក្សត្រទី២ ៦:១៨
១៥. ភ្នែករបស់ពួកទាហានស៊ីរីបានភ្លឺឡើង។—ពង្សាវតារក្សត្រទី២ ៦:១៩-២៣
១៦. មនុស្សស្លាប់បានរស់ឡើងវិញ។—ពង្សាវតារក្សត្រទី២ ១៣:២០, ២១
[តារាង/រូបភាពនៅទំព័រ៣២]
ស្តេចស្រុកយូដានិងអ៊ីស្រាអែល
សូល/ដាវីឌ/សាឡូម៉ូន: ១១១៧/១០៧៧/១០៣៧មុនគ.ស.a
ព្រះរាជាណាចក្រយូដា ឆ្នាំ(មុនគ.ស.) ព្រះរាជាណាចក្រអ៊ីស្រាអែល
រេហូបោម ․․ ៩៩៧ ․․ យេរ៉ូបោម
អ័ប៊ីយ៉ា/អេសា ․․ ៩៨០/៩៧៨ ․․
․․ ៩៧៦/៩៧៥/៩៥២ ․․ ណាដាប/ប្អាសា/អេឡា
․․ ៩៥១/៩៥១/៩៥១ ․․ ស៊ីមរី/អំរី/ធីបនី
․․ ៩៤០ ․․ អ័ហាប់
យ៉ូសាផាត ․․ ៩៣៧ ․․
․․ ៩២០/៩១៧ ․․ អ័ហាស៊ីយ៉ា/យ៉ូរ៉ាម
យ៉ូរ៉ាម ․․ ៩១៣ ․․
អ័ហាស៊ីយ៉ា ․․ ៩០៦ ․․
(អ័ថាលា) ․․ ៩០៥ ․․ យេហ៊ូវ
យ៉ូអាស ․․ ៨៩៨ ․․
․․ ៨៧៦/៨៥៩ ․․ យ៉ូអាហាស/យ៉ូអាស
អ័ម៉ាស៊ីយ៉ា ․․ ៨៥៨ ․․
․․ ៨៤៤ ․․ យេរ៉ូបោមទី២
អ័សារា(អូសៀសឬអ៊ូសៀស) ․․ ៨២៩ ․․
․․ ៨០៣/៧៩១/៧៩១ ․․ សាការី/សាលូម/មណាហិម
․․ ៧៨០/៧៧៨ ․․ ពេកាហ៊ា/ពេកា
យ៉ូថាម/អ័ហាស ․․ ៧៧៧/៧៦២ ․․
․․ ៧៥៨ ․․ ហូស៊ា
ហេសេគា ․․ ៧៤៦ ․․
․․ ៧៤០ ․․ ស្រុកសាម៉ារីត្រូវគេដណ្ដើមយក
ម៉ាន៉ាសេ/អាំម៉ូន/យ៉ូសៀស ․․ ៧១៦/៦៦១/៦៥៩ ․․
យ៉ូអាហាស/យេហូយ៉ាគីម ․․ ៦២៨/៦២៨ ․․
យ៉ូយ៉ាគីន/សេដេគា ․․ ៦១៨/៦១៧ ․․
ក្រុងយេរូសាឡិមត្រូវបំផ្លាញចោល ․․ ៦០៧ ․․
[កំណត់សម្គាល់]
a ឆ្នាំខ្លះគ្រាន់តែជាការប្រមាណនៃពេលដែលចាប់ផ្ដើមសោយរាជ្យ។
[រូបភាពនៅទំព័រ២៨, ២៩]
ណាម៉ាន់បានបន្ទាបខ្លួនហើយបានត្រូវប្រោសឲ្យជាដោយសារព្រះចេស្ដារបស់ព្រះយេហូវ៉ា
[រូបភាពនៅទំព័រ២៨, ២៩]
តើអ្វីបានកើតឡើងដល់អេលីយ៉ាពេលដែល«ឡើងទៅឯស្ថានសួគ៌ដោយខ្យល់កួចនោះ»?