ចូរមើល! ព្រះដ៏ជាអ្នកធ្វើកិច្ចការដ៏អស្ចារ្យ
«សូមឈរឲ្យនឹង ហើយពិចារណាអស់ទាំងការអស្ចារ្យរបស់ព្រះសិន»។—យ៉ូប ៣៧:១៤
១, ២. នៅឆ្នាំ១៩២២ តើគេបានរកឃើញអ្វីដ៏អស្ចារ្យ? ហើយតើពួកគេបានមានប្រតិកម្មយ៉ាងណា?
បុរាណវត្ថុវិទូនិងសភាជាន់ខ្ពស់ប្រទេសអង់គ្លេស បានសហការគ្នាជាយូរយារមកហើយ ក្នុងការស្វែងរករតនសម្បត្ដិ។ នៅទីបំផុត នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ១៩២២ នៅឯកន្លែងបញ្ចុះសពនៃពួកស្តេចផារ៉ោនជាតិអេស៊ីប នៅឯជ្រលងភ្នំដ៏ល្បីនៃពួកស្តេច នោះបុរាណវត្ថុវិទូលោកហាវ៉ាត់ខាទ្ដើ និងលោកឧកញ៉ាខណ្ណរវិន បានរកឃើញរង្វាន់នេះ គឺជាផ្នូរនៃស្តេចធូថាន់ខាមិន។ ពេលមកដល់ទ្វារដែលបានបិទជាប់ នោះពួកគេបានខួងប្រហោងមួយ។ លោកខាទ្ដើបានស៊កទៀនចូលក្នុងប្រហោងនោះ និងបានសម្លឹងមើលទៅខាងក្នុង។
២ ក្រោយមកលោកខាទ្ដើបានរៀបរាប់ថា៖ «នៅពេលលោកឧកញ៉ាខណ្ណរវិន មិនអាចទ្រាំនឹងការរង់ចាំដោយថប់បារម្ភបានទៀតទេ គាត់ក៏បានសួរទាំងរសាប់រសល់ថា ‹តើអ្នកមើលឃើញអ្វីទេ?›។ ខ្ញុំបានខំប្រឹងណាស់ដើម្បីគ្រាន់តែនិយាយថា ‹បាទ! គឺឃើញរបស់របរដ៏អស្ចារ្យមែន!›»។ ក្ដារមឈូសធ្វើពីមាសសុទ្ធ គឺមានក្នុងចំណោមរតនសម្បត្ដិរាប់ពាន់ក្នុងផ្នូរនោះ។ អ្នកប្រហែលជាបានឃើញ«របស់ដ៏អស្ចារ្យ»ទាំងនោះ ក្នុងរូបថតឬនៅឯសារមន្ទីរ ដែលគេដាក់តាំងឲ្យមើល។ ក៏ប៉ុន្តែ ទោះជារបស់នៅសារមន្ទីរអាចជាអ្វីៗដ៏អស្ចារ្យក៏ដោយ នោះច្បាស់ជាឥតទាក់ទងនឹងជីវិតរបស់អ្នកទេ។ ដូច្នេះ សូមឲ្យយើងបែរអារម្មណ៍ទៅឯរបស់ដ៏អស្ចារ្យ ដែលប្រាកដជាទាក់ទងនឹងអ្នកហើយមានតម្លៃចំពោះអ្នកផងដែរ។
៣. តើនៅកន្លែងណាដែលយើងអាចរកឃើញពត៌មានអំពីរបស់ដ៏អស្ចារ្យ ដែលអាចមានតម្លៃចំពោះយើងរាល់គ្នា?
៣ ជាឧទាហរណ៍ សូមគិតអំពីបុរសដែលបានរស់នៅជាច្រើនសតវត្សមកហើយ ដែលល្បីឈ្មោះជាងតួកុន កីឡាករល្បីៗ អ្នកនយោបាយ ឬពូជពង្សនៃរាជវង្សទៅទៀត។ គេបានហៅគាត់ថាជាអ្នកឧត្តមបំផុតក្នុងចំណោមអស់អ្នកដែលរស់នៅបូព៌ាប្រទេស។ អ្នកនឹងស្គាល់ឈ្មោះរបស់គាត់ គឺយ៉ូប។ ក្នុងព្រះគម្ពីរមានសៀវភៅមួយទាំងមូលដែលរៀបរាប់អំពីគាត់។ ក៏ប៉ុន្តែ យុវបុរសម្នាក់ឈ្មោះអេលីហ៊ូវ ជាបុគ្គលម្នាក់ដែលបានរស់នៅសម័យលោកយ៉ូប បានមានអារម្មណ៍ជំរុញឲ្យគាត់កែតម្រង់លោកយ៉ូប។ បើសង្ខេបទៅ អេលីហ៊ូវបានមានប្រសាសន៍ថា៖ លោកយ៉ូបយកចិត្តទុកដាក់នឹងខ្លួនឯង និងអស់អ្នកដែលនៅជុំវិញគាត់យ៉ាងហួសហេតុពេក។ នៅយ៉ូបជំពូកទី៣៧ យើងនឹងរកឃើញនូវឱវាទខ្លះៗដែលប្រកបដោយប្រាជ្ញា ដែលពិតជាមានតម្លៃដល់យើងរាល់គ្នា។—យ៉ូប ១:១-៣; ៣២:១–៣៣:១២
៤. តើអ្វីដែលបាននាំឲ្យអេលីហ៊ូវធ្វើការដាស់តឿនយ៉ូប ដូចដែលបានកត់ទុកនៅបទគម្ពីរយ៉ូប ៣៧:១៤?
៤ មិត្តក្លែងក្លាយបីនាក់ដែលសម្រាលទុក្ខយ៉ូប បានចង្អុលប្រាប់យ៉ាងវែង ពីផ្នែកណាខ្លះដែលពួកគេបានជឿថា យ៉ូបបានធ្វើខុសតាមគំនិតឬអំពើនោះ។ (យ៉ូប ១៥:១-៦, ១៦; ២២:៥-១០) អេលីហ៊ូវបានរង់ចាំយ៉ាងអត់ធ្មត់ដើម្បីឲ្យការពិគ្រោះនោះចប់។ រួចមក គាត់បាននិយាយដោយមានការយល់ធ្លុះនិងដោយប្រាជ្ញា។ គាត់បាននិយាយនូវចំណុចដ៏មានតម្លៃ តែសូមកត់សម្គាល់នូវចំណុចដ៏សំខាន់នេះដែលថា៖ «ឱយ៉ូបអើយ! សូមស្ដាប់សេចក្ដីនេះចុះ! សូមឈរឲ្យនឹង ហើយពិចារណាអស់ទាំងការអស្ចារ្យរបស់ព្រះសិន»។—យ៉ូប ៣៧:១៤
ព្រះអង្គដែលបានធ្វើកិច្ចការទាំងនោះ
៥. តើ«អស់ទាំងការអស្ចារ្យរបស់ព្រះ» ដែលអេលីហ៊ូវបានសំដៅទៅនោះ បានទាក់ទងនឹងអ្វីខ្លះ?
៥ ចូរកត់សម្គាល់ថា អេលីហ៊ូវមិនបានប្រាប់យ៉ូបឲ្យយកចិត្តទុកដាក់នឹងខ្លួនឯង ឬនឹងអេលីហ៊ូវផ្ទាល់ ឬក៏នឹងមនុស្សឯទៀតនោះទេ។ ដោយប្រាជ្ញាអេលីហ៊ូវបានដាស់តឿនយ៉ូបនិងយើងរាល់គ្នា ឲ្យយកចិត្តទុកដាក់ នឹងកិច្ចការដ៏អស្ចារ្យរបស់ព្រះយេហូវ៉ាវិញ។ តើអ្នកគិតថាឃ្លា«អស់ទាំងការអស្ចារ្យរបស់ព្រះ»រួមបញ្ចូលអ្វីខ្លះ? ម្យ៉ាងវិញទៀត ដោយអ្នកមានការខ្វល់ខ្វាយអំពីសុខភាព ប្រាក់កាស អនាគត ក្រុមគ្រួសាររបស់អ្នក អ្នកធ្វើការជាមួយគ្នា និងអ្នកជិតខាង ហេតុអ្វីក៏អ្នកចាំបាច់យកចិត្តទុកដាក់នឹងកិច្ចការរបស់ព្រះវិញ? យ៉ាងច្បាស់ណាស់ អស់ទាំងការអស្ចារ្យរបស់ព្រះយេហូវ៉ា រួមបញ្ចូលនូវប្រាជ្ញារបស់ទ្រង់ និងអំណាចគ្រប់គ្រងរបស់ទ្រង់លើការបង្កើតទាំងអស់ ដែលមាននៅជុំវិញយើង។ (នេហេមា ៩:៦; ទំនុកដំកើង ២៤:១; ១០៤:២៤; ១៣៦:៥, ៦) ដើម្បីឲ្យឃើញបានច្បាស់ទៀត ចូរកត់សម្គាល់នូវចំណុចពីសៀវភៅយ៉ូស្វេ។
៦, ៧. (ក) តើព្រះយេហូវ៉ាបានធ្វើកិច្ចការអ្វីដ៏អស្ចារ្យនៅសម័យម៉ូសេនិងយ៉ូស្វេ? (ខ) បើអ្នកបានឃើញកិច្ចការដ៏អស្ចារ្យទាំងនោះនៅសម័យរបស់លោកម៉ូសេនិងសម័យរបស់លោកយ៉ូស្វេ តើអ្នកនឹងមានទឹកចិត្តយ៉ាងណាដែរ?
៦ ព្រះយេហូវ៉ាបាននាំឲ្យមានសេចក្ដីវេទនាមកលើស្រុកអេស៊ីបពីបុរាណ ហើយរួចមកបានញែកសមុទ្រក្រហម ដើម្បីឲ្យលោកម៉ូសេអាចនាំពួកអ៊ីស្រាអែលពីបុរាណមានសេរីភាពវិញ។ (និក្ខមនំ ៧:១–១៤:៣១; ទំនុកដំកើង ១០៦:៧, ២១, ២២) នៅសៀវភៅយ៉ូស្វេជំពូកទី៣ នោះគឺបានរៀបរាប់អំពីព្រឹត្ដិការណ៍ស្រដៀងគ្នានេះដែរ។ យ៉ូស្វេដែលជាអ្នកស្នងរបស់លោកម៉ូសេ គឺនាំរាស្ត្ររបស់ព្រះឆ្លងកាត់ទន្លេមួយទៀត និងចូលទៅក្នុងស្រុកសន្យា។ យ៉ូស្វេបាននិយាយថា៖ «ចូរឯងរាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធចុះ! ពីព្រោះថ្ងៃស្អែក ព្រះយេហូវ៉ាទ្រង់នឹងធ្វើការអស្ចារ្យនៅក្នុងពួកឯង»។ (យ៉ូស្វេ ៣:៥) តើនឹងមានការដ៏អស្ចារ្យអ្វីខ្លះទៅ?
៧ ដំណើររឿងនេះបង្ហាញថា ព្រះយេហូវ៉ាក៏បានបើកផ្លូវឆ្លងកាត់របាំងទឹកគឺទន្លេយ័រដាន់ ដើម្បីឲ្យមនុស្សប្រុសស្រីនិងកូនក្មេងរាប់សែននាក់ អាចដើរកាត់លើដីស្ងួត។ (យ៉ូស្វេ ៣:៧-១៧) ប្រសិនបើយើងបាននៅទីនោះកំពុងតែមើល នូវទន្លេបើកចំហ ហើយប្រជាជនទាំងនោះឆ្លងដោយឥតគ្រោះថ្នាក់ យើងច្បាស់ជាស្ងើចនឹងការអស្ចារ្យនៃគ្រានោះហើយ! នេះបានសម្ដែងនូវអព្ភូតហេតុដ៏អស្ចារ្យពីព្រះចេស្ដារបស់ព្រះលើរបស់ដែលបានបង្កើតមក។ ក៏ប៉ុន្តែ ឥឡូវនេះ ក្នុងជីវិតរបស់យើង គឺមានរបស់ផ្សេងៗដែលអស្ចារ្យដូចគ្នាដែរ។ ដើម្បីយល់ឃើញថា របស់ទាំងនេះមានអ្វីខ្លះ និងហេតុដែលយើងគួរយកចិត្តទុកដាក់នឹងរបស់ទាំងនេះ សូមពិនិត្យមើលយ៉ូប ៣៧:៥-៧។
៨, ៩. តើយ៉ូប ៣៧:៥-៧ សំដៅទៅកិច្ចការដ៏អស្ចារ្យអ្វី? ប៉ុន្តែតើហេតុអ្វីបានជាយើងគួរគិតអំពីកិច្ចការទាំងនេះ?
៨ អេលីហ៊ូវបានប្រកាសថា៖ «ព្រះទ្រង់បញ្ចេញសំឡេងជាផ្គរលាន់យ៉ាងអស្ចារ្យ ក៏ធ្វើការយ៉ាងធំដែលយើងរាល់គ្នារកយល់មិនបាន»។ តើអេលីហ៊ូវបាននឹកគិតអំពីអ្វី ស្តីអំពីការដែលព្រះធ្វើ«យ៉ាងអស្ចារ្យ»នោះ? អេលីហ៊ូវរៀបរាប់អំពីហិមៈនិងភ្លៀងរំលា។ របស់ទាំងនេះបញ្ឈប់កិច្ចការរបស់កសិករម្នាក់ក្នុងចំការរបស់គាត់ ហើយអនុញ្ញាតឲ្យគាត់មានពេលនិងមូលហេតុពិចារណាមើលនូវកិច្ចការរបស់ព្រះ។ យើងប្រហែលមិនមែនជាកសិករម្នាក់នោះទេ ក៏ប៉ុន្តែ ភ្លៀងនិងទឹកកកធ្លាក់ពីលើមេឃអាចមានឥទ្ធិពលមកលើយើងរាល់គ្នា។ ទឹកកកនិងភ្លៀងអាចរំខានសកម្មភាពរបស់យើង នោះស្រេចលើកន្លែងដែលយើងរស់នៅលើផែនដីនេះ។ តើយើងឆ្លៀតពេលសញ្ជឹងគិតអំពីអ្នកណាដែលបណ្ដាលឲ្យមានរបស់ដ៏អស្ចារ្យបែបនេះទេ? ហើយតើនេះមានន័យយ៉ាងណាទៅ? តើអ្នកធ្លាប់ដែលសញ្ជឹងគិតឬទេ?
៩ គឺមានសារៈសំខាន់ណាស់ កាលដែលយើងអាននៅក្នុងយ៉ូបជំពូកទី៣៨ ព្រះយេហូវ៉ាអង្គទ្រង់ផ្ទាល់ក៏មានគំនិតស្រដៀងគ្នានេះដែរ កាលដែលទ្រង់មានបន្ទូលសួរសំនួរខ្លះៗដ៏មានខ្លឹមសារដល់យ៉ូប។ ទោះជាព្រះដ៏ជាអ្នកបង្កើតបានសួរសំនួរទាំងនេះដល់លោកយ៉ូប តែសំនួរទាំងនេះក៏មានឥទ្ធិពលលើអាកប្បកិរិយា អត្ថិភាព និងអនាគតរបស់យើងដែរ។ ដូច្នេះសូមឲ្យយើងមើលនូវអ្វីដែលព្រះមានបន្ទូលសួរ និងគិតអំពីអ្វីៗដែលទាក់ទងនឹងនេះ។ ត្រូវហើយ សូមឲ្យយើងធ្វើតាមអ្វីដែលយ៉ូប ៣៧:១៤ ដាស់តឿនឲ្យយើងធ្វើ។
១០. តើយ៉ូបជំពូកទី៣៨ គួរមានអានុភាពយ៉ាងណាលើយើង? ហើយតើមានសំនួរអ្វីដែលបានត្រូវសួរឡើងនោះ?
១០ ជំពូកទី៣៨ ចាប់ផ្ដើមដោយចែងថា៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលពីក្នុងខ្យល់កួចតបនឹងយ៉ូបថា៖ ‹តើអ្នកណានេះដែលបង្អាប់ព្រះដំរិះ ដោយសារពាក្យសំដីឥតប្រាជ្ញាដូច្នេះ? ចូរក្រវាត់ចង្កេះឯង ដូចជាមនុស្សក្លាហានឥឡូវចុះ! អញនឹងសួរឯង ហើយឯងត្រូវប្រាប់ដល់អញ›»។ (យ៉ូប ៣៨:១-៣) សេចក្ដីនេះក៏បានរៀបចំនូវបរិយាកាសដ៏ល្អ។ នេះបានជួយយ៉ូបឲ្យកែសម្រួលគំនិតរបស់គាត់ ថាខ្លួនគាត់ពិតជាឈរពីមុខព្រះដ៏ជាអ្នកបង្កើតសកលលោកនេះ ហើយថាគាត់គឺទទួលខុសត្រូវចំពោះទ្រង់។ នេះក៏ជាអ្វីដ៏ល្អសំរាប់យើងនិងចំពោះអស់អ្នកដែលរស់នៅសម័យយើងឲ្យធ្វើដូចនោះដែរ។ រួចមក ព្រះក៏បានលើកឡើងនូវអ្វីៗ ដូចដែលអេលីហ៊ូវបានរៀបរាប់នោះដែរ។ «តើឯងនៅឯណាក្នុងកាលដែលអញចាប់តាំងបង្កផែនដីឡើង? ចូរប្រាប់មក បើឯងមានយោបល់។ បើឯងដឹង តើអ្នកណាបានកំណត់ទំហំផែនដី? តើអ្នកណាបានសន្ធឹងខ្សែទៅវាស់? តើឫសផែនដីបានជាប់នៅលើអ្វី? តើអ្នកណាបានបញ្ចុះថ្មជ្រុងនោះ?»។—យ៉ូប ៣៨:៤-៦
១១. តើយ៉ូប ៣៨:៤-៦ គួរធ្វើឲ្យយើងដឹងអំពីអ្វី?
១១ តើយ៉ូបនៅឯណា? ប្រាកដហើយ តើយើងរាល់គ្នានៅឯណា ពេលដែលចាប់តាំងបង្កបង្កើតផែនដីឡើងនោះ? តើយើងជានិម្មាបនិក ក្នុងការធ្វើប្លង់តួផែនដីរបស់យើង ហើយពីតួនោះ គូរទំហំដោយបន្ទាត់ឬទេ? ច្បាស់ជាមិនមែនទេ! មនុស្សជាតិមិនទាំងមានវត្តមាននៅពេលនោះផង។ ដោយប្រៀបប្រដូចផែនដីរបស់យើងទៅនឹងអាគារដ៏ធំមួយ ព្រះទ្រង់សួរថា៖ «តើអ្នកណាបានបញ្ចុះថ្មជ្រុងនោះ?»។ យើងដឹងថា ផែនដីបានត្រូវដាក់ចម្ងាយត្រឹមត្រូវពីសុរិយា ដើម្បីឲ្យយើងអាចរស់នៅហើយចំរើនលូតលាស់នៅទីនេះ។ ហើយផែនដីមានទំហំត្រឹមត្រូវទៀតផង។ ប្រសិនបើផែនដីយើងធំជាងនេះ នោះឧស្ម័នអ៊ីដ្រូសែននឹងមិនអាចគេចចេញពីបរិយាកាសយើង ហើយភពយើងនឹងមិនមែនជាកន្លែងល្អសំរាប់ជីវិតឡើយ។ យ៉ាងច្បាស់ណាស់ បុគ្គលមួយអង្គ«បានបញ្ចុះថ្មជ្រុង»នៅកន្លែងត្រឹមត្រូវ។ តើយ៉ូបសមទទួលកិត្ដិយសនោះទេ? ចុះយើងវិញ តើសមទទួលកិត្ដិយសនោះទេ? ឬក៏តើព្រះយេហូវ៉ាសមនឹងទទួលកិត្ដិយសនោះទៅវិញទេ?—សុភាសិត ៣:១៩; យេរេមា ១០:១២
តើមនុស្សណាដែលអាចឆ្លើយបាន?
១២. សំនួរដែលមាននៅឯយ៉ូប ៣៨:៦ នាំឲ្យយើងគិតអំពីអ្វី?
១២ ព្រះទ្រង់ក៏បានសួរថា៖ «តើឫសផែនដីបានជាប់នៅលើអ្វី?»។ សំនួរល្អណាស់ មែនទេ? ប្រហែលជាយើងស្គាល់ពាក្យដែលយ៉ូបមិនដែលស្គាល់នោះដែរ គឺជាទំនាញផែនដី។ យើងភាគច្រើនយល់ថា ទំនាញផែនដីពីសុរិយាដ៏ធំនោះ ជួយរក្សាផែនដីយើងឲ្យនៅចំកន្លែងត្រឹមត្រូវ ដូចជាមានឫសផែនដីដែលបានចាក់ជាប់។ ក៏ប៉ុន្តែ តើអ្នកណាម្នាក់យល់ពេញលេញអំពីទំនាញផែនដីឬទេ?
១៣, ១៤. (ក) តើយើងត្រូវទទួលស្គាល់អ្វីស្តីអំពីទំនាញផែនដី? (ខ) តើយើងគួរមានទឹកចិត្តយ៉ាងណានឹងស្ថានការណ៍ ដែលយ៉ូប ៣៨:៦ លើកមកនោះ?
១៣ សៀវភៅមួយដែលបានបោះពុម្ពថ្មីៗនេះ ដែលមានចំណងជើងថា៖ ការពន្យល់ប្រាប់អំពីសកលលោក នោះសារភាពថា‹ទំនាញផែនដីជាថាមពលមួយក្នុងធម្មជាតិដែលយើងស្គាល់ច្រើនជាងគេ តែជាអ្វីដែលយើងយល់តិចជាងគេនោះដែរ›។ សៀវភៅនេះចែងបន្តថា៖ «ទំនាញផែនដីហាក់ដូចជាឆ្លងកាត់ទីល្ហល្ហេវភ្លាមមួយរំពេច ដោយឥតមានខ្សែរយៈដ៏ច្បាស់ដើម្បីធ្វើអ៊ីចឹងឡើយ។ ក៏ប៉ុន្តែ នៅឆ្នាំថ្មីៗនេះ អ្នករូបនិយមបានចាប់ផ្ដើមស្មានថា ទំនាញផែនដីប្រហែលជាធ្វើដំណើរជារលក ដែលធ្វើពីចុណ្ណភាគហៅថាហ្គ្រាវីតុន(gravitons) . . . ប៉ុន្តែ ឥតមានអ្នកណាដឹងឲ្យបានច្បាស់ថា មានមែននោះទេ»។ សូមគិតពីសេចក្ដីនេះ ថាមានន័យយ៉ាងណាទៅហ្ន៎!
១៤ វិទ្យាសាស្ត្របានជឿនលឿនអស់៣០០០ឆ្នាំមកហើយ តាំងពីព្រះយេហូវ៉ាបានសួរសំនួរទាំងនោះទៅយ៉ូប។ ក៏ប៉ុន្តែ ពួកយើងព្រមទាំងពួកអ្នករូបវិទ្យាដ៏ជំនាញ ក៏នៅតែមិនអាចពន្យល់យ៉ាងពេញលេញអំពីទំនាញផែនដី ដែលរក្សាផែនដីយើងឲ្យមានដំណើរត្រឹមត្រូវ ហើយដែលអនុញ្ញាតឲ្យយើងមានជីវិតរស់នៅទីនេះឲ្យបានច្បាស់លាស់បាននោះទេ។ (យ៉ូប ២៦:៧; អេសាយ ៤៥:១៨) នេះគឺមិនមានន័យថា យើងគ្រប់គ្នាគួរខំយ៉ាងលំបាកដើម្បីសិក្សាឲ្យបានជ្រៅជ្រះអំពីរឿងអាថ៌កំបាំងខាងទំនាញផែនដីឡើយ។ ផ្ទុយទៅវិញ ការយកចិត្តទុកដាក់នឹងលក្ខណៈតែមួយនេះនៃកិច្ចការដ៏អស្ចារ្យរបស់ព្រះ គួរមានអានុភាពលើទស្សនៈរបស់យើងចំពោះទ្រង់។ តើអ្នកមានចិត្តស្ញប់ស្ញែងកាន់តែខ្លាំងឡើងចំពោះទ្រង់ ព្រមទាំងចំពោះប្រាជ្ញានិងព្រះដំរិះរបស់ទ្រង់ទេ? ហើយតើអ្នកយល់ដឹង ពីមូលហេតុដែលយើងត្រូវរៀនថែមទៀតអំពីបំណងព្រះហឫទ័យរបស់ទ្រង់ឬទេ?
១៥-១៧. (ក) តើយ៉ូប ៣៨:៨-១១ សំដៅលើអ្វី? ហើយនេះនាំឲ្យមានសំនួរអ្វី? (ខ) តើត្រូវតែទទួលស្គាល់អ្វីខ្លះ អំពីចំណេះខាងមហាសាគរនិងការបែងចែងលើផែនដីនេះ?
១៥ ព្រះដ៏ជាអ្នកបង្កើតបន្តសួរទៀតថា៖ «តើអ្នកណាបានបិទទ្វារទប់សមុទ្រទុក ក្នុងកាលដែលធ្លាយចេញមក បែបដូចជាសំរាលចេញពីផ្ទៃម្ដាយ គឺក្នុងកាលដែលអញបានហ៊ុមដោយពពក ទុកដូចជាអាវ ហើយរុំព័ទ្ធនឹងសេចក្ដីងងឹតជាយ៉ាងក្រាស់ ទុកជាកន្សែង ព្រមទាំងដាក់គោលចារិកឲ្យ ហើយក៏ដាក់រនុក នឹងទ្វារផង ដោយពាក្យថា៖ ‹ឯងនឹងមកបានតែត្រឹមនេះ នឹងហួសទៅទៀតមិនបាន រលកដ៏អង់អាចរបស់ឯងត្រូវឈប់នៅទីនេះ›?»។—យ៉ូប ៣៨:៨-១១
១៦ ការបិទទ្វារទប់សមុទ្រ ទាក់ទងទ្វីប មហាសាគរនានា និងលំនាចជាដើម។ តើមនុស្សជាតិបានសង្កេតឃើញនិងសិក្សារបស់ទាំងនេះបានយូរប៉ុន្មានហើយ? គឺបានធ្វើរាប់ពាន់ឆ្នាំមកហើយ និងប៉ុន្មានសតវត្សកន្លងទៅនេះគឺបានខំប្រឹងស្រាវជ្រាវយ៉ាងខ្លាំង។ អ្នកអាចគិតស្មានថា ការដឹងភាគច្រើនអំពីរបស់ទាំងនេះ ត្រូវយល់អស់ហើយ។ ក៏ប៉ុន្តែ នៅឆ្នាំ២០០១នេះ ប្រសិនបើអ្នកស្រាវជ្រាវខាងប្រធាននោះ នូវឯបណ្ណាល័យដ៏ធំសម្បើមឬប្រើរបស់រិះរកដ៏អស្ចារ្យពីប្រព័ន្ធអ៊ិនថឺណិត ដើម្បីរកហេតុការណ៍ទំនើបៗ តើអ្នកនឹងរកឃើញអ្វីខ្លះ?
១៧ នៅក្នុងឯកសារមួយដែលមានគេទទួលស្គាល់ទូទៅ នោះអ្នកនឹងឃើញសេចក្ដីសារភាពនេះថា៖ «ទីតាំងនៃទ្វីបនានានិងជលសីមាមហាសាគរលើផែនដី ព្រមទាំងលក្ខណៈសំខាន់ៗនៃទីគោកនេះ ក៏ធ្លាប់ជាបញ្ហានៃការមានចំណាប់អារម្មណ៍ជាទីបំផុតដែលមានជាយូរយារមកហើយ ឲ្យពួកអ្នកវិទ្យាសាស្ត្រស្រាវជ្រាវនិងបង្កើតទ្រឹស្តី»។ ក្រោយពីបានចែងដូចនេះ សព្វវចនាធិប្បាយនោះផ្ដល់ឲ្យការពន្យល់ដែលអាចមានបួនយ៉ាងដែលចែងថា ការពន្យល់ទាំងនេះគឺ«នៅក្នុងចំណោមសម្មតិកម្មជាច្រើន»។ ដូចជាអ្នកប្រហែលដឹងស្រាប់ហើយ សម្មតិកម្ម«ថ្លែងថា គ្មានទីសំអាងគ្រប់គ្រាន់ទេ អាចពន្យល់ដោយស្ទាក់ស្ទើរតែប៉ុណ្ណោះ»។
១៨. តើយ៉ូប ៣៨:៨-១១ នាំឲ្យអ្នកសន្និដ្ឋានយ៉ាងណា?
១៨ របស់ទាំងនេះពិតជាបញ្ជាក់ថា សំនួរទាំងឡាយដែលយើងអាននៅយ៉ូប ៣៨:៨-១១ តើសមត្រូវពេលមែនឬ? យ៉ាងប្រាកដណាស់ យើងមិនអាចទទួលនូវកិត្ដិយសជាអ្នករៀបចំលក្ខណៈផ្សេងៗនៃផែនដីយើងទាំងនេះបានទេ។ គឺមិនមែនពួកយើងទេ ដែលបានរៀបដាក់លោកខែ ដើម្បីធ្វើឲ្យមានទំនាញដែលនឹងជួយបង្កើតជំនោរ ដែលជាធម្មតាឥតបង្ខូចបរិយាកាសយើង ឬដល់យើងផ្ទាល់នោះឡើយ។ អ្នកដឹងថាព្រះជាអ្នកធ្វើកិច្ចការដ៏អស្ចារ្យទាំងនេះ។—ទំនុកដំកើង ៣៣:៧; ៨៩:៩; សុភាសិត ៨:២៩; កិច្ចការ ៤:២៤; វិវរណៈ ១៤:៧
ថ្វាយព្រះយេហូវ៉ានូវកិត្ដិយសដែលសមទទួល
១៩. ឃ្លាដូចកំណាព្យនៅយ៉ូប ៣៨:១២-១៤ នាំឲ្យយើងយកចិត្តទុកដាក់នឹងហេតុការណ៍ខាងផែនដីយ៉ាងណា?
១៩ មនុស្សជាតិក៏មិនអាចទទួលកិត្ដិយសដោយព្រោះផែនដីមានដំណើរវិល ដូចបានរៀបរាប់មកនៅយ៉ូប ៣៨:១២-១៤នោះឡើយ។ ដំណើរវិលនៃផែនដីក៏ធ្វើឲ្យថ្ងៃរះ ដែលច្រើនតែមានសោភ័ណភាពដ៏អស្ចារ្យ។ កាលដែលសុរិយារះឡើង នោះអាចឃើញរូបរាងផ្សេងៗនៅលើផែនដីយើងកាន់តែច្បាស់ឡើងៗ។ នៅពេលដែលយើងយកចិត្តទុកដាក់តែបន្ដិចបន្តួចខាងដំណើរផែនដី យើងមានចិត្តអស្ចារ្យថា ផែនដីមិនវិលលឿនពេកនោះទេ។ បើមានអ៊ីចឹងមែន យើងអាចយល់ដឹងបានថា នេះប្រកបដោយមហន្តរាយមែន។ ហើយផែនដីក៏មិនវិលយឺតៗដល់ម្ល៉េះ ដែលធ្វើឲ្យថ្ងៃនិងយប់មានរយៈពេលយូរជាង និងនាំឲ្យមានកំដៅក្ដៅនិងត្រជាក់ហួសហេតុ ដែលនឹងធ្វើឲ្យជីវិតមិនអាចរស់បាននោះទេ។ បើនិយាយឲ្យត្រង់ទៅ យើងគួរសប្បាយចិត្តមែន ដែលព្រះបានកំណត់ល្បឿននៃដំណើរវិលនេះ មិនមែនជាមនុស្សមួយក្រុមនោះឡើយ។—ទំនុកដំកើង ១៤៨:១-៥
២០. តើអ្នកនឹងឆ្លើយយ៉ាងណាចំពោះសំនួរនៅយ៉ូប ៣៨:១៦, ១៨?
២០ ឥឡូវសូមនឹកគិតថា ព្រះកំពុងតែសួរអ្នកសំនួរថែមទៀតថា៖ «តើឯងដែលចូលទៅក្នុងរន្ធនៃទឹកសមុទ្រ ឬបានដើរចុះទៅរកទីជំរៅនៃបាតសមុទ្រឬទេ?»។ សូម្បីតែអ្នកសិក្សាមហាសាគរ ក៏មិនអាចឆ្លើយសំនួរនេះឲ្យបានក្បោះក្បាយនោះទេ! «តើឯងបានពិចារណាឃើញទទឹងបណ្ដោយនៃផែនដីឬ? ចូរប្រាប់មកចុះ! បើឯងដឹងសេចក្ដីទាំងអស់នេះហើយ»។ (យ៉ូប ៣៨:១៦, ១៨) តើអ្នកធ្លាប់ទៅលេងនិងរុករកគ្រប់ទីកន្លែងលើផែនដីនេះ ឬក៏ផ្នែកភាគច្រើននៃផែនដីឬទេ? តើការយកចិត្តទុកដាក់នឹងកន្លែងដ៏ល្អៗទាំងប៉ុន្មាននៃផែនដីយើងនេះ អាចតម្រូវឲ្យមានជីវិតប៉ុន្មានតំណទៅ? ហើយនោះជាសម័យដ៏អស្ចារ្យយ៉ាងណាទៅហ្ន៎!
២១. (ក) សំនួរនៅយ៉ូប ៣៨:១៩ អាចនាំឲ្យមានទស្សនៈខាងវិទ្យាសាស្ត្រយ៉ាងណា? (ខ) ហេតុការណ៍ពិតអំពីពន្លឺគួរជំរុញឲ្យយើងធ្វើអ្វី?
២១ សូមមើលសំនួរដ៏ជ្រាលជ្រៅទាំងប៉ុន្មាននៅក្នុងយ៉ូប ៣៨:១៩ ដែលថា៖ «តើផ្លូវឯណាដែលនាំទៅដល់សំណាក់នៃពន្លឺ? ឯសេចក្ដីងងឹត តើមានកន្លែងនៅឯណា?»។ អ្នកប្រហែលជាដឹងថា អស់មួយរយៈយូរហើយ គេមានទស្សនៈថា ពន្លឺធ្វើដំណើរដូចរលក អង្កាញ់ៗដែលយើងអាចឃើញក្នុងស្រះ។ រួចមកនៅឆ្នាំ១៩០៥ លោកអាលបឺត អែនស្តែនបានបង្កើតទ្រឹស្តីថា ពន្លឺគឺដូចជាសំណុំតូច ឬក៏ចុណ្ណភាគជាថាមពល។ តើនោះបានដោះស្រាយរឿងនេះទេ? សព្វវចនាធិប្បាយថ្មីៗនេះបានសួរថា៖ «តើពន្លឺជារលកឬជាចុណ្ណភាគ?»។ សៀវភៅនេះបានកត់សម្គាល់ថា៖ «មើលទៅដូចជា[ពន្លឺ]មិនអាចជារបស់ទាំងពីរនេះបានទេ ពីព្រោះគំរូទាំងពីរ[ទាំងរលក និងចុណ្ណភាគ] គឺខុសគ្នាឆ្ងាយណាស់។ ចម្លើយដ៏ប្រសើរបំផុតគឺថា ពន្លឺមិនមែនអ៊ីចឹងទាំងស្រុងទេ»។ ក៏ប៉ុន្តែ យើងនៅមានកំដៅតាមរយៈពន្លឺព្រះអាទិត្យ តាមរបៀបចំៗឬឥតចំៗដដែល ទោះជាមនុស្សជាតិមិនអាចពន្យល់ឲ្យបានពេញលេញអំពីកិច្ចការរបស់ព្រះស្តីអំពីរឿងនេះក៏ដោយ។ យើងមានអាហារនិងអុកស៊ីសែន ដែលបានផលិតឡើងដោយព្រោះរុក្ខជាតិមានប្រតិកម្មនឹងពន្លឺ។ យើងអាចអាន អាចឃើញមុខរបស់បុគ្គលដ៏ជាទីស្រឡាញ់របស់យើង អាចសម្លឹងមើលថ្ងៃលិច។ល។ កាលដែលយើងធ្វើដូច្នេះ តើយើងមិនគួរទទួលស្គាល់នូវកិច្ចការដ៏អស្ចារ្យរបស់ព្រះទេឬ?—ទំនុកដំកើង ១០៤:១, ២; ១៤៥:៥; អេសាយ ៤៥:៧; យេរេមា ៣១:៣៥
២២. តើដាវីឌពីសម័យបុរាណមានទឹកចិត្តយ៉ាងណា នឹងកិច្ចការដ៏អស្ចារ្យរបស់ព្រះ?
២២ តើការរំពឹងគិតរបស់យើងលើកិច្ចការដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា គឺគ្រាន់តែដើម្បីឲ្យយើងស្ងើចចិត្ត ដែលដូចជាស្ញប់ស្ញែង ឬស្រឡាំងកាំងនឹងកិច្ចការដ៏អស្ចារ្យទាំងនេះឬ? មិនមែនទេ។ អ្នកតែងបទទំនុកដំកើងពីសម័យបុរាណបានសារភាពពីការគ្មានលទ្ធភាពចំពោះការយល់ និងបានពណ៌នាអំពីកិច្ចការទាំងអស់របស់ព្រះ។ ដាវីឌបានសរសេរថា៖ «ឱព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ ការអស្ចារ្យដែលទ្រង់បានធ្វើ នោះមានច្រើនណាស់ . . . បើទូលបង្គំនឹងចង់និទានប្រាប់ នោះមានច្រើនហួសកំណត់នឹងរាប់បាន»។ (ទំនុកដំកើង ៤០:៥) ប៉ុន្តែ គាត់ប្រាកដជាមិនចង់និយាយថា គាត់នឹងនៅស្ងៀមឥតនិយាយអំពីកិច្ចការដ៏អស្ចារ្យទាំងនេះឡើយ។ ដាវីឌបានសឲ្យឃើញតាមរយៈការតាំងចិត្តរបស់គាត់ ដូចបានសម្ដែងមកនៅឯទំនុកដំកើង ៩:១ ដែលថា៖ «ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ាអស់អំពីចិត្ត ទូលបង្គំនឹងនិទាន ពីអស់ទាំងការអស្ចារ្យរបស់ទ្រង់»។
២៣. តើអ្នកនឹងប្រព្រឹត្តតបយ៉ាងណាចំពោះកិច្ចការដ៏អស្ចារ្យរបស់ព្រះ? ហើយតើអ្នកអាចជួយអ្នកដទៃទៀតបានយ៉ាងណា?
២៣ តើយើងមិនគួរមានចិត្តជំរុញដូចនេះដែរឬទេ? តើការដឹងអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះ មិនគួរជំរុញយើងឲ្យនិយាយអំពីទ្រង់ នូវអ្វីដែលទ្រង់បានធ្វើ និងនូវអ្វីដែលទ្រង់នឹងធ្វើឬទេ? ចម្លើយគឺច្បាស់ណាស់ យើងគួរ«ថ្លែងប្រាប់ពីសិរីល្អទ្រង់នៅកណ្ដាលអស់ទាំងសាសន៍ ហើយពីការអស្ចារ្យរបស់ទ្រង់ នៅកណ្ដាលបណ្ដាជនទាំងឡាយ»។ (ទំនុកដំកើង ៩៦:៣-៥) ត្រូវហើយ យើងអាចសម្ដែងនូវការអបអររបស់យើងចំពោះកិច្ចការដ៏អស្ចារ្យរបស់ព្រះ ដោយជួយចែកប្រាប់អ្នកដទៃនូវអ្វីដែលយើងបានរៀនអំពីទ្រង់។ សូម្បីមនុស្សខ្លះបានធំឡើងក្នុងសង្គម ដែលមិនគិតគូរអំពីព្រះដ៏ជាអ្នកបង្កើតក៏ដោយ តែការសម្ដែងដ៏វិជ្ជមាន ដែលមានពត៌មាន អាចធ្វើឲ្យគេភ្ញាក់ខ្លួនទទួលស្គាល់ព្រះវិញ។ អ្វីដែលសំខាន់ជាងនោះ នេះអាចជំរុញឲ្យគេចង់រៀននិងបំរើ ព្រះមួយអង្គដែល«បានបង្កើតរបស់សព្វសារពើមក» ទ្រង់ជាអ្នកធ្វើកិច្ចការដ៏អស្ចារ្យ គឺព្រះយេហូវ៉ា។—វិវរណៈ ៤:១១
តើអ្នកនឹងតបឆ្លើយយ៉ាងណា?
• តើការដាស់តឿនដែលបានកត់ទុកនៅយ៉ូប ៣៧:១៤ នាំអ្នកឲ្យគិតអំពីកិច្ចការអ្វីរបស់ព្រះ?
• តើមានរបស់ណាខ្លះ ដែលបានបញ្ជាក់នៅយ៉ូបជំពូក ៣៧និង៣៨ ដែលវិទ្យាសាស្ត្រមិនអាចពន្យល់ឲ្យបានពេញលេញនោះ?
• តើអ្នកមានអារម្មណ៍យ៉ាងណាអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះ? ហើយនេះនឹងជំរុញឲ្យអ្នកធ្វើអ្វី?
[រូបភាពនៅទំព័រ២៣]
តើអ្នកណាដែលអាចទប់សមុទ្របាន ដោយធ្វើឲ្យវានៅមួយកន្លែងនោះ?
[រូបភាពនៅទំព័រ២៣]
តើអ្នកណាដែលបានទៅលេងកន្លែងដ៏ល្អៗទាំងអស់ លើផែនដីយើងនេះដែលព្រះបានបង្កើតមក?