ជំពូកទី២៥
‹ព្រះហឫទ័យមេត្ដាករុណាប្រោសប្រណីរបស់ព្រះនៃយើង›
១, ២. (ក) តាមប្រក្រតី តើម្ដាយមួយរូបប្រព្រឹត្តយ៉ាងណានៅពេលកូនរបស់ខ្លួនយំ? (ខ) តើអារម្មណ៍អ្វីគឺខ្លាំងជាងក្ដីមេត្ដាករុណារបស់ម្ដាយ?
នៅពាក់កណ្ដាលយប់ទារកមួយយំ ហើយភ្លាមៗនោះម្ដាយក៏ភ្ញាក់ឡើង។ តាំងពីកូនគាត់កើតមក ម្ដាយមិនសូវគេងលក់ស្រួលដូចពីមុនទេ។ គាត់ចាប់ផ្ដើមចេះសម្គាល់សម្លេងយំរបស់កូនគាត់។ ដូច្នេះ គាត់ច្រើនតែដឹងថាកូនដែលទើបកើតនេះយំទារទឹកដោះ ឬចង់ឲ្យម្ដាយលើកបី ឬក៏ត្រូវការអ្វីផ្សេងទៀត។ ប៉ុន្តែ មិនថាកូនគាត់យំចង់បានអ្វីក៏ដោយ ម្ដាយបានទៅឯកូនភ្លាម។ ចិត្តម្ដាយមិនអាចទ្រាំដោយធ្វើមិនដឹងមិនឮចំពោះសេចក្ដីត្រូវការរបស់កូនខ្លួនទេ។
២ ចិត្តមេត្ដាករុណាដែលម្ដាយមានចំពោះកូនកើតពីផ្ទៃខ្លួន គឺជាអារម្មណ៍ប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅកក់ក្ដៅបំផុតដែលមនុស្សជាតិស្គាល់។ ក៏ប៉ុន្តែ មានអារម្មណ៍មួយទៀតដែលខ្លាំងជាងអារម្មណ៍នេះឆ្ងាយណាស់ ពោលគឺ ព្រះទ័យមេត្ដាករុណាប្រោសប្រណីរបស់ព្រះយេហូវ៉ាដែលជាព្រះនៃយើង។ ការពិចារណានូវគុណសម្បត្ដិដែលគួរឲ្យស្រឡាញ់នេះអាចជួយយើងចូលទៅជិតព្រះយេហូវ៉ាជាង។ ដូច្នេះ យើងសូមពិចារណានូវអត្ថន័យនៃក្ដីមេត្ដាករុណានិងរបៀបព្រះសម្ដែងគុណសម្បត្ដិនេះ។
តើសេចក្ដីមេត្ដាករុណាជាអ្វី?
៣. តើកិរិយាស័ព្ទភាសាហេព្រើរដែលត្រូវបកប្រែថា«មេត្ដាប្រណី»ឬ«អាណិតអាសូរ»មានន័យអ្វី?
៣ ក្នុងព្រះគម្ពីរ ពាក្យភាសាហេព្រើរនិងក្រិចមួយចំនួនមានខ្លឹមសារទាក់ទងនឹងមេត្ដាករុណាប្រោសប្រណី។ ជាឧទាហរណ៍ សូមពិចារណានូវពាក្យរ៉ាខាម់ ជាកិរិយាស័ព្ទភាសាហេព្រើរ ដែលច្រើនតែបកប្រែថា«មេត្ដាប្រណី»ឬ«អាណិតអាសូរ»។ ឯកសារយោងមួយពន្យល់ថា កិរិយាស័ព្ទរ៉ាខាម់ «បញ្ជាក់ជំរៅចិត្តមេត្ដាករុណាប្រោសប្រណីយ៉ាងជ្រាលជ្រៅ ដូចជាអារម្មណ៍ដែលកើតមានក្នុងចិត្តពេលឃើញអ្នកជាទីស្រឡាញ់របស់យើងឬអ្នកដែលត្រូវការយើងជួយកំពុងតែរងទុក្ខឬធ្លាក់ចុះក្នុងភាពទន់ខ្សោយ»។ ពាក្យភាសាហេព្រើរនេះដែលព្រះយេហូវ៉ាប្រើសំដៅទៅអង្គទ្រង់ផ្ទាល់ ក៏ជាប់ទាក់ទងនឹងពាក្យសំរាប់«ស្បូន» និងអាចត្រូវពន្យល់ម្យ៉ាងទៀតថា«សេចក្ដីមេត្ដាករុណារបស់ម្ដាយ»។a—និក្ខមនំ ៣៣:១៩; យេរេមា ៣៣:២៦
៤, ៥. តើព្រះគម្ពីរសំដៅលើអារម្មណ៍ដែលម្ដាយមួយរូបមានចំពោះកូនរបស់ខ្លួនដើម្បីបង្រៀនយើងអំពីសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៤ ព្រះគម្ពីរសំដៅលើអារម្មណ៍ដែលម្ដាយមួយរូបមានចំពោះកូនរបស់ខ្លួនដើម្បីបង្រៀនយើងអំពីសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ា។ អេសាយ ៤៩:១៥ ចែងថា៖«តើស្ត្រីនឹងភ្លេចកូនដែលកំពុងតែនៅបៅ ឥតមានសេចក្ដីមេត្ដាករុណា[រ៉ាខាម់]ដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ? អើ! គេនឹងភ្លេចបាន ប៉ុន្តែយើងនឹងមិនដែលភ្លេចអ្នកឡើយ»។ (ព្រះគម្ពីរអាមភ្លីហ្វែត) ការពណ៌នាដែលស្ដាប់ទៅគួរឲ្យរំភើបចិត្តនេះបញ្ជាក់ពីជំរៅព្រះទ័យមេត្ដាករុណានៃព្រះយេហូវ៉ាចំពោះរាស្ត្ររបស់ទ្រង់។ តើបញ្ជាក់យ៉ាងដូចម្ដេច?
៥ ពិតជាពិបាកជឿណាស់ថាម្ដាយម្នាក់អាចភ្លេចចិញ្ចឹមថែរក្សាកូនខ្លួនដែលនៅបៅ។ យ៉ាងណាមិញ ទារកមួយមិនអាចទីពឹងខ្លួនឯងបានទេ និងត្រូវការឲ្យម្ដាយយកចិត្តទុកដាក់ទាំងយប់ទាំងថ្ងៃ។ ប៉ុន្តែ គួរឲ្យសោកស្ដាយណាស់ ពិតមែនមានម្ដាយខ្លះដែលមិនចិញ្ចឹមបីបាច់ថែរក្សាកូនខ្លួននោះទេ ជាពិសេសនៅ«គ្រាលំបាក»នេះដែលសម្គាល់ដោយការ«មិនស្រឡាញ់តាមធម្មតាមនុស្ស»។ (ធីម៉ូថេទី២ ៣:១, ៣) «ប៉ុន្តែ» ព្រះយេហូវ៉ាប្រកាសថា«យើងនឹងមិនដែលភ្លេចអ្នកឡើយ»។ សេចក្ដីមេត្ដាករុណាប្រោសប្រណីដែលព្រះយេហូវ៉ាមានចំពោះអ្នកបំរើទ្រង់មិនដែលសាបសូន្យឡើយ។ ហើយបើប្រៀបធៀបសេចក្ដីមេត្ដាករុណាប្រោសប្រណីរបស់ព្រះយេហូវ៉ាទៅនឹងសេចក្ដីមេត្ដាករុណាដែលម្ដាយមានចំពោះទារករបស់ខ្លួនដែលជាអារម្មណ៍កក់ក្ដៅបំផុតដែលមនុស្សមានជាធម្មតា នោះសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ាគឺខ្លាំងជាងឆ្ងាយណាស់រហូតដល់រកពណ៌នាពុំបាន។ គ្មានអ្វីប្លែកទេដែលអ្នកធ្វើអត្ថាធិប្បាយម្នាក់បានមានប្រសាសន៍អំពីអេសាយ ៤៩:១៥ថា៖«ក្នុងសញ្ញាចាស់ នេះប្រហែលជាចំណែងខ្លាំងបំផុតស្តីអំពីសេចក្ដីស្រឡាញ់របស់ព្រះ»។
៦. តើមនុស្សឥតគ្រប់ល័ក្ខណ៍ជាច្រើនធ្លាប់ប្រកាន់ទស្សនៈអ្វីចំពោះសេចក្ដីមេត្ដាករុណាប្រោសប្រណី? ប៉ុន្តែ តើព្រះយេហូវ៉ាជួយឲ្យយើងមានទំនុកចិត្តយ៉ាងណា?
៦ តើសេចក្ដីមេត្ដាករុណាប្រោសប្រណីជាលក្ខណៈដែលសម្គាល់ភាពខ្សោយឬ? មនុស្សឥតគ្រប់ល័ក្ខណ៍ជាច្រើនធ្លាប់មានទស្សនៈដូច្នេះ។ ឧទាហរណ៍ ទស្សនវិទូជនជាតិរ៉ូមម្នាក់ឈ្មោះស៊ីនីកាដែលធ្លាប់រស់នៅសម័យព្រះយេស៊ូនិងជាអ្នកបញ្ញវន្តឈានមុខគេនៅប្រទេសរ៉ូមបានបង្រៀនថា«ការអាណិតអាសូរផុសចេញពីភាពខ្សោយនៃសតិមនុស្ស»។ លោកស៊ីនីកាធ្លាប់កាន់ទស្សនវិជ្ជាស្តូអិកដែលសង្កត់ធ្ងន់ទៅលើការសង្រួមចិត្តឲ្យប្រាសចាកគ្រប់អារម្មណ៍ទាំងអស់។ លោកស៊ីនីកាបានបង្រៀនថា អ្នកដែលមានប្រាជ្ញាអាចជួយមនុស្សម្នាក់ដែលកំពុងតែជួបលំបាកបាន ប៉ុន្តែគាត់មិនត្រូវមានអារម្មណ៍អាណិតគេនោះឡើយ ដ្បិតអារម្មណ៍អាណិតអាសូរនេះនឹងធ្វើឲ្យគាត់បាត់បង់អារម្មណ៍ស្ងប់។ ទស្សនៈប្រកបដោយអត្តទត្ថភាពនេះមិនអនុញ្ញាតឲ្យបង្ហាញសេចក្ដីមេត្ដាករុណាពីដួងចិត្តនោះឡើយ។ ប៉ុន្តែ ព្រះយេហូវ៉ាគឺមិនដូច្នេះសោះឡើយ! ក្នុងព្រះបន្ទូលរបស់ព្រះយេហូវ៉ា ទ្រង់ជួយឲ្យយើងមានទំនុកចិត្តថាទ្រង់មាន«ព្រះហឫទ័យមេត្ដាករុណា នឹងសេចក្ដីអាណិតអាសូរពោរពេញ»។ (យ៉ាកុប ៥:១១) យើងនឹងរៀនក្រោយមកថា សេចក្ដីមេត្ដាករុណាមិនមែនជាលក្ខណៈខ្សោយនោះទេ ប៉ុន្តែគឺជាគុណសម្បត្ដិដែលមានឥទ្ធិពលខ្លាំងក្លាហើយក៏ជាគុណសម្បត្ដិដ៏ចាំបាច់មួយ។ យើងសូមពិចារណានូវរបៀបព្រះយេហូវ៉ាបង្ហាញគុណសម្បត្ដិនេះដូចបិតាមួយរូបដែលប្រកបដោយសេចក្ដីស្រឡាញ់។
ពេលព្រះយេហូវ៉ាបង្ហាញក្ដីមេត្ដាករុណាចំពោះសាសន៍មួយទាំងមូល
៧, ៨. នៅប្រទេសអេស៊ីបពីបុរាណ តើជនជាតិអ៊ីស្រាអែលបានរងទុក្ខយ៉ាងណាខ្លះ? ហើយតើព្រះយេហូវ៉ាបានប្រព្រឹត្តតបនឹងការរងទុក្ខរបស់ពួកគេយ៉ាងដូចម្ដេច?
៧ សេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ាសឲ្យឃើញយ៉ាងប្រចក្សក្នុងរបៀបទ្រង់ប្រព្រឹត្តចំពោះសាសន៍អ៊ីស្រាអែល។ មកដល់ដំណាច់សតវត្សទី១៦មុនស.យ.ហើយ ជនជាតិអ៊ីស្រាអែលរាប់លាននាក់ត្រូវបានឃុំទុកបង្ខំឲ្យធ្វើជាខ្ញុំកញ្ជះនៅប្រទេសអេស៊ីបពីបុរាណ ហើយត្រូវគេជិះជាន់សង្កត់សង្កិនយ៉ាងខ្លាំង។ ជនជាតិអេស៊ីប«ធ្វើឲ្យជីវិតគេមានសេចក្ដីជូរល្វីង ដោយការលំបាកវេទនា គឺប្រើឲ្យធ្វើបាយអនឹងឥដ្ឋ»។ (និក្ខមនំ ១:១១, ១៤) នៅចំពោះមុខក្ដីទុក្ខវេទនានេះ ជនជាតិអ៊ីស្រាអែលបានអំពាវនាវព្រះយេហូវ៉ាឲ្យជួយ។ តើព្រះនៃសេចក្ដីមេត្ដាករុណាប្រោសប្រណីបានតបឆ្លើយយ៉ាងដូចម្ដេច?
៨ នេះបានធ្វើឲ្យព្រះយេហូវ៉ារំជួលព្រះទ័យ។ ទ្រង់មានបន្ទូលថា៖‹យើងបានឃើញសេចក្ដីវេទនារបស់រាស្ត្រយើង ដែលនៅស្រុកអេស៊ីព្ទ ហើយក៏បានឮពាក្យគេអំពាវនាវដោយព្រោះពួកអ្នកដែលសង្កត់សង្កិនដែរ ពីព្រោះយើងស្គាល់សេចក្ដីទុក្ខព្រួយរបស់ពួកគេ›។ (និក្ខមនំ ៣:៧) ព្រះយេហូវ៉ាមិនអាចទតឃើញការរងទុក្ខរបស់រាស្ត្រទ្រង់ឬឮសម្រែកអំពាវនាវរបស់ពួកគេដោយមិនអាណិតអាសូរកើតទុក្ខក្នុងព្រះទ័យបានឡើយ។ ដូចយើងបានរៀនក្នុងជំពូកទី២៤ហើយ ព្រះយេហូវ៉ាជាព្រះមួយអង្គដែលចេះយល់អារម្មណ៍។ ហើយការយល់អារម្មណ៍ឬក៏ការយល់ទំហំទុក្ខរបស់អ្នកដទៃរហូតដល់កើតទុក្ខក្នុងចិត្តខ្លួនឯង គឺផ្សារភ្ជាប់ជាមួយនឹងសេចក្ដីមេត្ដាករុណា។ ប៉ុន្តែ ព្រះយេហូវ៉ាមិនគ្រាន់តែបានយល់អារម្មណ៍រាស្ត្ររបស់ទ្រង់ប៉ុណ្ណោះទេ តែព្រះទ័យទ្រង់ជំរុញទ្រង់ឲ្យជួយពួកគេ។ អេសាយ ៦៣:៩ ចែងថា៖«ទ្រង់បានប្រោសលោះគេ ដោយសេចក្ដីស្រឡាញ់ នឹងសេចក្ដីមេត្ដាករុណារបស់ទ្រង់»។ ដោយ«ព្រះហស្តដ៏មានព្រះចេស្ដា» ព្រះយេហូវ៉ាបានសង្គ្រោះសាសន៍អ៊ីស្រាអែលចេញពីអេស៊ីប។ (ចោទិយកថា ៤:៣៤) ក្រោយនោះ ទ្រង់បានផ្គត់ផ្គង់អាហារសំរាប់ពួកគេដោយអព្ភូតហេតុ ហើយនាំទៅដល់ស្រុកសំបូរភោគផលមួយដែលទុកបំរុងឲ្យពួកគេ។
៩, ១០. (ក) ហេតុអ្វីបានជាព្រះយេហូវ៉ាសង្គ្រោះអ៊ីស្រាអែលម្ដងហើយម្ដងទៀតក្រោយពួកគេតាំងលំនៅក្នុងស្រុកសន្យារួចហើយនោះ? (ខ) នៅសម័យលោកយែបថា តើព្រះយេហូវ៉ាសង្គ្រោះអ៊ីស្រាអែលឲ្យរួចពីការជិះជាន់ក្នុងកណ្ដាប់ដៃអ្នកណា? តើអ្វីបានជំរុញព្រះទ័យទ្រង់ឲ្យធ្វើដូច្នេះ?
៩ សេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ាមិនបានឈប់សម្ដែងនៅពេលនោះទេ។ នៅពេលពួកគេតាំងលំនៅក្នុងស្រុកសន្យារួចហើយនោះ សាសន៍អ៊ីស្រាអែលបានបែរជាឥតស្មោះភក្ដីម្ដងហើយម្ដងទៀត ជាហេតុនាំឲ្យពួកគេបានរងទុក្ខលំបាក។ ប៉ុន្តែ ក្រោយមកពួកគេភ្ញាក់រឭកដឹងខ្លួននិងអំពាវនាវរកព្រះយេហូវ៉ាវិញ។ ម្ដងហើយម្ដងទៀតទ្រង់បានសង្គ្រោះពួកគេ។ ហេតុអ្វី? «ដ្បិតទ្រង់មានព្រះហឫទ័យអាណិតមេត្ដាដល់រាស្ត្រទ្រង់»។—របាក្សត្រទី២ ៣៦:១៥; ពួកចៅហ្វាយ ២:១១-១៦
១០ សូមពិចារណាអ្វីដែលកើតឡើងនៅសម័យលោកយែបថា។ ដោយសារជនជាតិអ៊ីស្រាអែលបានបែរទៅថ្វាយបង្គំព្រះមិនពិតនោះ ព្រះយេហូវ៉ាអនុញ្ញាតឲ្យសាសន៍អាំម៉ូនជិះជាន់ពួកគេអស់១៨ឆ្នាំ។ នៅទីបំផុត សាសន៍អ៊ីស្រាអែលបានប្រែចិត្ត។ ព្រះគម្ពីរចែងថា៖«គេយកអស់ទាំងព្រះដទៃរបស់គេចោលចេញ ក៏បែរមកគោរពប្រតិបត្ដិដល់ព្រះយេហូវ៉ាវិញ ទ្រង់ក៏មានសេចក្ដីរំជួល ដោយព្រោះសេចក្ដីវេទនានៃពួកអ៊ីស្រាអែល»។b (ពួកចៅហ្វាយ ១០:៦-១៦) នៅពេលរាស្ត្ររបស់ទ្រង់បង្ហាញថាបានប្រែចិត្តយ៉ាងស្មោះ នោះព្រះយេហូវ៉ាមិនអាចទ្រាំទតមើលពួកគេរងទុក្ខទៀតឡើយ។ ដូច្នេះ ព្រះនៃសេចក្ដីមេត្ដាករុណាប្រោសប្រណីបានពង្រឹងកម្លាំងយែបថាដើម្បីរំដោះជនជាតិអ៊ីស្រាអែលឲ្យរួចពីក្រញាំពួកបច្ចាមិត្ត។—ពួកចៅហ្វាយ ១១:៣០-៣៣
១១. ដោយមើលការប្រព្រឹត្តរបស់ព្រះយេហូវ៉ាទៅលើសាសន៍អ៊ីស្រាអែល តើយើងរៀនអ្វីអំពីសេចក្ដីមេត្ដាករុណា?
១១ តើការប្រព្រឹត្តរបស់ព្រះយេហូវ៉ាចំពោះសាសន៍អ៊ីស្រាអែលបង្រៀនយើងអ្វីខ្លះអំពីសេចក្ដីមេត្ដាករុណាប្រោសប្រណី? អ្វីមួយគឺ យើងឃើញថាសេចក្ដីមេត្ដាករុណាប្រោសប្រណីមិនគ្រាន់តែជាការអាណិតមនុស្សដែលជួបនឹងបញ្ហាប៉ុណ្ណោះទេ។ សូមនឹកចាំនូវឧទាហរណ៍អំពីម្ដាយដែលសេចក្ដីមេត្ដាករុណាជំរុញគាត់ឲ្យទៅរកកូនរបស់ខ្លួនដែលកំពុងតែយំនោះ។ ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាមិនមែនធ្វើមិនដឹងមិនឮចំពោះការស្រែកអំពាវនាវរបស់រាស្ត្រទ្រង់នោះទេ។ សេចក្ដីមេត្ដាករុណាប្រោសប្រណីរបស់ទ្រង់ជំរុញព្រះទ័យទ្រង់ឲ្យបំបាត់នូវក្ដីទុក្ខរបស់ពួកគេ។ ម្យ៉ាងទៀត ការប្រព្រឹត្តរបស់ព្រះយេហូវ៉ាទៅលើសាសន៍អ៊ីស្រាអែលបង្រៀនយើងថា សេចក្ដីមេត្ដាករុណាមិនមែនជាលក្ខណៈខ្សោយសោះឡើយ ដ្បិតគុណសម្បត្ដិដ៏កក់ក្ដៅនេះបានជំរុញទ្រង់ឲ្យតាំងព្រះទ័យចាត់វិធានដ៏ម៉ឺងម៉ាត់ដើម្បីជួយរាស្ត្រទ្រង់។ ប៉ុន្តែ តើព្រះយេហូវ៉ាបង្ហាញសេចក្ដីមេត្ដាករុណាចំពោះតែអ្នកបំរើទ្រង់ដែលមានជាក្រុមឬ?
សេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ាចំពោះមនុស្សម្នាក់ៗ
១២. តើក្រិត្យវិន័យបង្ហាញឲ្យឃើញសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ាចំពោះមនុស្សម្នាក់ៗយ៉ាងដូចម្ដេច?
១២ ក្រិត្យវិន័យដែលព្រះបានប្រទានដល់សាសន៍អ៊ីស្រាអែលបញ្ជាក់ឲ្យឃើញសេចក្ដីមេត្ដាករុណារបស់ទ្រង់ចំពោះមនុស្សម្នាក់ៗ។ ជាឧទាហរណ៍ សូមពិចារណានូវការយកព្រះទ័យទុកដាក់របស់ទ្រង់ទៅលើជនក្រីក្រ។ ព្រះយេហូវ៉ាជ្រាបថាជនជាតិអ៊ីស្រាអែលណាម្នាក់អាចជួបហេតុអាក្រក់ដោយមិនដឹងទុកជាមុនហើយធ្លាក់ខ្លួនទៅជាជនក្រីក្រ។ តើសាសន៍អ៊ីស្រាអែលត្រូវប្រព្រឹត្តយ៉ាងណាទៅលើជនក្រីក្រ? ព្រះយេហូវ៉ាបានបង្គាប់ជនជាតិអ៊ីស្រាអែលយ៉ាងចំថា៖‹មិនត្រូវឲ្យតាំងចិត្តរបឹង ឬក្ដាប់ដៃនឹងបងប្អូនជាអ្នកក្រនោះឡើយ ត្រូវឲ្យអ្នកចែកដល់គេជាកុំខាន ដោយមានចិត្តឥតស្ដាយផង ដ្បិតបើប្រព្រឹត្តយ៉ាងដូច្នោះ នោះព្រះយេហូវ៉ា ជាព្រះនៃអ្នក ទ្រង់នឹងប្រទានពរដល់អ្នកក្នុងគ្រប់ទាំងការរបស់អ្នក ហើយក្នុងអស់ទាំងការអ្វី ដែលអ្នកដាក់ដៃធ្វើផង›។ (ចោទិយកថា ១៥:៧, ១០) ព្រះយេហូវ៉ាបានបង្គាប់អ៊ីស្រាអែលតទៅទៀតថា ពួកគេមិនត្រូវច្រូតដល់កៀនឲ្យអស់ផលដំណាំទេ ឬក៏រើសផលដំណាំដែលជ្រុះនោះ។ ផលដែលនៅសល់ទាំងនេះគឺសំរាប់អ្នកឥតទីពឹង។ (លេវីវិន័យ ២៣:២២; នាងរស់ ២:២-៧) នៅពេលសាសន៍អ៊ីស្រាអែលគោរពតាមច្បាប់នេះដែលបង្ហាញការគិតដល់ប្រយោជន៍ជនក្រីក្រក្នុងចំណោមពួកគេ នោះអ្នកដែលខ្វះខាតនៅស្រុកអ៊ីស្រាអែលមិនចាំបាច់ក្លាយជាអ្នកដើរសុំអាហារទេ។ នេះពិតជាបង្ហាញឲ្យឃើញនូវសេចក្ដីមេត្ដាករុណាប្រោសប្រណីរបស់ព្រះយេហូវ៉ា មែនទេ?
១៣, ១៤. (ក) តើពាក្យរបស់ដាវីឌធ្វើឲ្យយើងមានទំនុកចិត្តថាព្រះយេហូវ៉ាយកព្រះទ័យទុកដាក់យ៉ាងខ្លាំងមកលើរូបយើងម្នាក់ៗយ៉ាងដូចម្ដេច? (ខ) តើយើងអាចឲ្យឧទាហរណ៍អ្វីដែលបញ្ជាក់អំពីព្រះយេហូវ៉ាថាទ្រង់គង់នៅជិតបង្កើយនឹងអ្នកដែល«មានចិត្តសង្រេង»និង«វិញ្ញាណទន់ទាប»នោះ?
១៣ សព្វថ្ងៃនេះក៏ដូចជាពីមុនដែរ ព្រះរបស់យើងដែលប្រកបដោយសេចក្ដីស្រឡាញ់ក៏យកព្រះទ័យទុកដាក់យ៉ាងខ្លាំងមកលើរូបយើងម្នាក់ៗដែរ។ យើងអាចជឿជាក់ថាទ្រង់ជ្រាបយ៉ាងច្បាស់អំពីទុក្ខលំបាកណាដែលយើងកំពុងតែឆ្លងកាត់។ ដាវីឌបានតែងទំនុកមួយថា៖«ព្រះនេត្រព្រះយេហូវ៉ាទតទៅចំពោះមនុស្សសុចរិត ហើយព្រះកាណ៌ទ្រង់ក៏ប្រុងស្ដាប់សំរែករបស់គេ ព្រះយេហូវ៉ាទ្រង់គង់ជិតបង្កើយនឹងអស់អ្នកដែលមានចិត្តសង្រេង ហើយទ្រង់ជួយសង្គ្រោះដល់អស់អ្នក ដែលមានវិញ្ញាណទន់ទាប»។ (ទំនុកដំកើង ៣៤:១៥, ១៨) ស្តីអំពីអ្នកដែលទំនុកនេះសំដៅទៅលើ អ្នកអត្ថាធិប្បាយម្នាក់អំពីព្រះគម្ពីរបានកត់សម្គាល់ថា៖ «ចិត្តរបស់ពួកគេខ្ទេចខ្ទាំនិងសោកសង្រេង គឺថាមានវិប្បដិសារីដោយសារបាបរបស់ខ្លួន ក៏គិតថាខ្លួនគ្មានតម្លៃ ហើយលែងស្រឡាញ់ខ្លួនទៀត ថែមទាំងគ្មានទំនុកចិត្តថាខ្លួនមានគុណសម្បត្ដិ»។ អ្នកទាំងនេះប្រហែលជាមានអារម្មណ៍ថាព្រះយេហូវ៉ាគង់នៅឆ្ងាយពីពួកគេ ហើយគិតថាខ្លួនអត់សំខាន់ដល់ម្ល៉េះដែលទ្រង់មិនអាចយកព្រះទ័យទុកដាក់នឹងពួកគេបានឡើយ។ ប៉ុន្តែ ទ្រង់គឺមិនដូច្នេះនោះទេ។ ទំនុករបស់ដាវីឌធ្វើឲ្យយើងមានទំនុកចិត្តថា ព្រះយេហូវ៉ាមិនដែលលះចោលអ្នកដែល«លែងស្រឡាញ់ខ្លួន»នោះទេ។ ព្រះនៃសេចក្ដីមេត្ដាករុណារបស់យើងជ្រាបថា យើងត្រូវការទ្រង់ខ្លាំងបំផុតនៅពេលមានអារម្មណ៍ដូច្នេះ ហើយទ្រង់គង់នៅជិតបង្កើយនឹងពួកគេ។
១៤ សូមពិចារណានូវបទពិសោធន៍មួយ។ ម្ដាយម្នាក់នៅសហរដ្ឋអាមេរិកបានប្រញាប់ប្រញាល់យកកូនប្រុសអាយុពីរឆ្នាំរបស់គាត់ទៅមន្ទីរពេទ្យ ដោយសារមានជំងឺរលាកបំពង់កកំពុងតែធ្វើទុក្ខយ៉ាងខ្លាំង។ ក្រោយពិនិត្យក្មេងប្រុសនោះហើយ គ្រូពេទ្យបានប្រាប់ម្ដាយថាត្រូវឲ្យកូននោះដេកពេទ្យមួយយប់។ តើម្ដាយបានគេងនៅឯណាពេលយប់នោះ? គាត់បានគេងនៅបន្ទប់ពេទ្យលើកៅអីមួយជិតបង្កើយនឹងគ្រែរបស់កូនប្រុសគាត់! កូនតូចរបស់គាត់កំពុងតែឈឺហើយគាត់ចង់នៅជិតកូនណាស់។ យើងពិតជាអាចជឿជាក់ថា ព្រះវរបិតាយើងនៅស្ថានសួគ៌ដែលប្រកបដោយសេចក្ដីស្រឡាញ់នឹងធ្វើលើសជាងនោះទៅទៀត! យ៉ាងណាមិញ ទ្រង់បានបង្កើតយើងឲ្យមានភាពដូចទ្រង់។ (លោកុប្បត្តិ ១:២៦) ពាក្យក្នុងទំនុកដំកើង ៣៤:១៨ដែលនាំឲ្យរំភើបក្នុងចិត្តនេះ ប្រាប់ឲ្យយើងដឹងថា នៅពេលយើង«មានចិត្តសង្រេង»ឬ«វិញ្ញាណទន់ទាប» នោះព្រះយេហូវ៉ាគង់«នៅជិតបង្កើយ»ដូចជាបិតាមួយរូបប្រកបដោយសេចក្ដីស្រឡាញ់ ហើយមានសេចក្ដីមេត្ដាករុណាជានិច្ចនិងប្រុងប្រៀបតែនឹងជួយយើង។
១៥. តើព្រះយេហូវ៉ាជួយយើងម្នាក់ៗយ៉ាងដូចម្ដេច?
១៥ ដូច្នេះ តើព្រះយេហូវ៉ាជួយយើងម្នាក់ៗយ៉ាងដូចម្ដេចទៅ? ទ្រង់មិនតែងតែបំបាត់នូវអ្វីដែលកំពុងតែធ្វើឲ្យយើងមានទុក្ខលំបាកនោះទេ។ ប៉ុន្តែ ទ្រង់ផ្គត់ផ្គង់សំវិធានការយ៉ាងបរិបូរសំរាប់អស់អ្នកណាដែលស្រែកអំពាវនាវរកជំនួយពីទ្រង់។ ព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ទ្រង់ ផ្ដល់ការណែនាំដែលមានប្រយោជន៍និងផ្ដល់ជំនួយបានច្រើនណាស់។ នៅក្នុងក្រុមជំនុំ ព្រះយេហូវ៉ារៀបចំឲ្យមានអ្នកត្រួតពិនិត្យដែលមានលក្ខណៈគ្រប់គ្រាន់ខាងវិញ្ញាណ និងដែលព្យាយាមបង្ហាញសេចក្ដីមេត្ដាករុណាដូចព្រះយេហូវ៉ាក្នុងការជួយអ្នកថ្វាយបង្គំគ្នីគ្នា។ (យ៉ាកុប ៥:១៤, ១៥) ក្នុងនាមជា«ព្រះដែលស្ដាប់សេចក្ដីអធិស្ឋាន» នោះព្រះយេហូវ៉ាប្រទាន«វិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម»។ (ទំនុកដំកើង ៦៥:២; លូកា ១១:១៣) វិញ្ញាណនោះអាចពង្រឹងកម្លាំងយើងឲ្យមាន«ឥទ្ធិឫទ្ធិដ៏លើសលប់» ដើម្បីអាចស៊ូទ្រាំទាល់តែព្រះរាជាណាចក្ររបស់ព្រះបំបាត់ចោលរាល់បញ្ហាដែលនាំឲ្យយើងលំបាកចិត្ត។ (កូរិនថូសទី២ ៤:៧) យើងពិតជាមានកតញ្ញូធម៌ដែលមានសំវិធានការទាំងអស់នេះ មែនទេ? កុំបីឲ្យយើងភ្លេចថាអ្វីៗទាំងនេះជាការសម្ដែងនូវព្រះហឫទ័យមេត្ដាករុណាប្រោសប្រណីរបស់ព្រះយេហូវ៉ា។
១៦. តើអ្វីជាឧទាហរណ៍ប្រសើរបណ្ដាច់ដែលបង្ហាញពីសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ា? ហើយតើនោះទាក់ទងនឹងយើងម្នាក់ៗយ៉ាងដូចម្ដេច?
១៦ គឺពិតណាស់ដែលថា ឧទាហរណ៍ប្រសើរបណ្ដាច់ដែលបង្ហាញពីសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ា គឺដោយទ្រង់បញ្ជូនបុគ្គលជាទីស្រឡាញ់បំផុតរបស់ទ្រង់ឲ្យមកធ្វើជាតម្លៃលោះយើង។ ដោយធ្វើដូច្នេះ ព្រះយេហូវ៉ាបានធ្វើពលិកម្មដែលសម្ដែងឲ្យឃើញពីសេចក្ដីស្រឡាញ់ ហើយក៏បានបើកផ្លូវឲ្យយើងទទួលនូវសេចក្ដីសង្គ្រោះ។ សូមនឹកចាំថា តម្លៃលោះនេះគឺសំរាប់ខ្លួនយើងម្នាក់ៗ។ លោកសាការីជាបិតារបស់យ៉ូហានដែលធ្វើបុណ្យជ្រមុជទឹកឲ្យគេបានទាយថា តម្លៃលោះបានតម្កើងនូវ«ព្រះហឫទ័យមេត្ដាករុណា[«ប្រោសប្រណី», ព.ថ.] របស់ព្រះនៃយើង»។—លូកា ១:៧៨
ពេលព្រះយេហូវ៉ាមិនបង្ហាញសេចក្ដីមេត្ដាករុណា
១៧-១៩. (ក) តើព្រះគម្ពីរបង្ហាញថាសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ាមានកំរិតយ៉ាងដូចម្ដេច? (ខ) ហេតុអ្វីសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ាចំពោះរាស្ត្រទ្រង់ដល់កំរិត?
១៧ តើយើងគួរនឹកស្មានថាសេចក្ដីមេត្ដាករុណាប្រោសប្រណីរបស់ព្រះយេហូវ៉ាគ្មានកំរិតឬ? ផ្ទុយទៅវិញ ព្រះគម្ពីរបង្ហាញឲ្យឃើញច្បាស់ថា ព្រះយេហូវ៉ាមិនបង្ហាញសេចក្ដីមេត្ដាករុណាចំពោះមនុស្សដែលតាំងខ្លួនប្រឆាំងនឹងគោលការណ៍សុចរិតរបស់ទ្រង់ឡើយ។ (ហេព្រើរ ១០:២៨) ដើម្បីយល់ពីមូលហេតុទ្រង់ធ្វើដូច្នេះ សូមចាំនូវគំរូរបស់សាសន៍អ៊ីស្រាអែល។
១៨ ទោះជាព្រះយេហូវ៉ាសង្គ្រោះសាសន៍អ៊ីស្រាអែលពីសត្រូវរបស់ពួកគេម្ដងហើយម្ដងទៀតក៏ពិតមែន នៅទីបំផុត សេចក្ដីមេត្ដាករុណារបស់ទ្រង់បានដល់កំរិត។ រាស្ត្ររឹងចចេសនេះបានថ្វាយបង្គំរូបព្រះ និងរហូតដល់យករូបព្រះដ៏គួរស្អប់ខ្ពើមទាំងនោះចូលមកក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាតែម្ដង! (អេសេគាល ៥:១១; ៨:១៧, ១៨) ម្យ៉ាងទៀត ព្រះគម្ពីរប្រាប់យើងថា៖«គេចំអកឲ្យពួកទូតនៃព្រះ ក៏មើលងាយដល់ព្រះបន្ទូលទ្រង់ ព្រមទាំងឡកឡឺយឲ្យពួកហោរាទ្រង់វិញ ដរាបដល់សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆួលឡើងទាស់នឹងគេទាល់តែរកកែខៃមិនបានឡើយ»។ (របាក្សត្រទី២ ៣៦:១៦) សាសន៍អ៊ីស្រាអែលបានឈានទៅដល់សភាពមួយដែលមិនសមទទួលនូវសេចក្ដីមេត្ដាករុណាទៀតឡើយ ហើយពួកគេបាននាំឲ្យព្រះយេហូវ៉ាមានសេចក្ដីខ្ញាល់ដ៏សុចរិត។ តើអ្វីជាលទ្ធផល?
១៩ ព្រះយេហូវ៉ាមិនអាចមានព្រះទ័យមេត្ដាករុណាចំពោះពួកគេទៀតឡើយ។ ទ្រង់បានប្រកាសថា៖«យើងមិនត្រាប្រណី មិនមេត្ដា ឬអាណិតអាសូរពួកគេទេ គ្មានអ្វីរារាំងយើងមិនអោយកំទេចពួកគេឡើយ»។ (យេរេមី ១៣:១៤, ខ.ស.) ដូច្នេះ ទីក្រុងយេរូសាឡិមនិងព្រះវិហារត្រូវបានបំផ្លាញចោល ហើយសាសន៍អ៊ីស្រាអែលត្រូវធ្វើជាឈ្លើយនាំទៅទីក្រុងបាប៊ីឡូន។ នៅពេលមនុស្សមានបាបបះបោរប្រឆាំងរហូតដល់ព្រះទ្រង់អស់សេចក្ដីមេត្ដាករុណានោះ លទ្ធផលគឺខ្លោចផ្សាក្រៃលែង!—បរិទេវ ២:២១
២០, ២១. (ក) នៅសម័យយើង តើអ្វីនឹងកើតឡើងពេលសេចក្ដីមេត្ដាករុណារបស់ព្រះបានដល់កំរិត? (ខ) តើអ្វីជាសំវិធានការប្រកបដោយសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ាដែលនឹងត្រូវពិចារណាក្នុងជំពូកបន្ទាប់?
២០ ចុះយ៉ាងណាវិញសព្វថ្ងៃនេះ? ព្រះយេហូវ៉ាមិនបានប្រែប្រួលឡើយ។ ដោយសារទ្រង់មានសេចក្ដីមេត្ដាករុណា ទ្រង់បានបង្គាប់ស្មរបន្ទាល់របស់ទ្រង់ឲ្យផ្សព្វផ្សាយ‹ដំណឹងល្អដែលសំដែងពីនគរ›ទូទាំងផែនដី។ (ម៉ាថាយ ២៤:១៤) នៅពេលមនុស្សដែលមានចិត្តគំនិតត្រឹមត្រូវព្រមទទួលដំណឹងល្អនេះ ព្រះយេហូវ៉ាជួយពួកគេយល់នូវសារព្រះរាជាណាចក្រ។ (កិច្ចការ ១៦:១៤) ប៉ុន្តែ កិច្ចការនេះនឹងមិនបន្តជានិច្ចទេ។ បើព្រះយេហូវ៉ាឲ្យរបបលោកីយ៍ដ៏ទុច្ចរិតនេះទាំងការឈឺចាប់ទុក្ខលំបាករបស់វាបន្តជានិច្ច នោះមិនមែនជាសេចក្ដីមេត្ដាករុណាទេ។ នៅពេលក្ដីមេត្ដាករុណារបស់ព្រះបានដល់កំរិតហើយ ព្រះយេហូវ៉ានឹងសម្រេចតាមការជំនុំរះរបស់ទ្រង់ចំពោះរបបលោកីយ៍នេះ។ សូម្បីតែនៅពេលនោះក៏ដោយ ទ្រង់ប្រព្រឹត្តដោយសេចក្ដីមេត្ដាករុណាដែរ ពោលគឺមេត្ដាករុណាចំពោះ‹ព្រះនាមបរិសុទ្ធ›របស់ទ្រង់និងអ្នកបំរើភក្ដីរបស់ទ្រង់។ (អេសេគាល ៣៦:២០-២៣) ព្រះយេហូវ៉ានឹងបោសសំអាតអស់ទាំងសេចក្ដីអាក្រក់ចេញ និងបង្កើតនូវពិភពលោកថ្មីដ៏សុចរិតមួយ។ ស្តីអំពីមនុស្សទុច្ចរិត ព្រះយេហូវ៉ាមានបន្ទូលដោយប្រកាសថា៖‹ភ្នែកយើងនឹងមិនប្រណីទេ យើងមិនអាណិតមេត្ដាឡើយ គឺយើងនឹងទំលាក់អំពើរបស់គេមកលើក្បាលគេវិញ›។—អេសេគាល ៩:១០
២១ ទំរាំដល់ថ្ងៃនោះមកដល់ ព្រះយេហូវ៉ាមានព្រះទ័យមេត្ដាករុណាចំពោះមនុស្ស សូម្បីតែអ្នកដែលនឹងត្រូវបំផ្លាញចោល។ មនុស្សមានបាបដែលប្រែចិត្តយ៉ាងស្មោះអាចទទួលប្រយោជន៍ពីសំវិធានការមួយរបស់ព្រះយេហូវ៉ាដែលប្រកបដោយសេចក្ដីមេត្ដាករុណាបំផុត ពោលគឺការអត់ឱនទោស។ ក្នុងជំពូកបន្ទាប់ យើងនឹងពិចារណានូវការពណ៌នាដ៏ពីរោះស្ដាប់ស្តីអំពីភាពពេញលេញនៃការអត់ទោសរបស់ព្រះយេហូវ៉ា។
a ប៉ុន្តែ គួរឲ្យចាប់អារម្មណ៍ដែរ នៅទំនុកដំកើង ១០៣:១៣ កិរិយាស័ព្ទភាសាហេព្រើររ៉ាខាម់សំដៅលើក្ដីអាណិតអាសូរឬសេចក្ដីមេត្ដាករុណាដែលបិតាម្នាក់មានចំពោះកូនខ្លួន។
b ឃ្លាថា«ទ្រង់ក៏មានសេចក្ដីរំជួល»មានន័យត្រង់ៗថា«ព្រលឹងទ្រង់ត្រូវបានកាត់ឲ្យខ្លី ឬទ្រង់អស់ក្ដីអត់ធ្មត់ហើយ»។ ព្រះគម្ពីរអង់គ្លេសកំណែថ្មីអានថា៖«ទ្រង់មិនអាចទ្រាំមើលទុក្ខវេទនារបស់សាសន៍អ៊ីស្រាអែលតទៅទៀតបានទេ»។ សេចក្ដីបកប្រែថ្មីនៃបទគម្ពីរតាណាកបកប្រែឃ្លានេះថា៖«ទ្រង់ទ្រាំលែងបាននឹងទុក្ខលំបាករបស់សាសន៍អ៊ីស្រាអែលហើយ»។