ព្រះយេហូវ៉ា ជាព្រះ«បំរុងតែនឹងអត់ទោស»
«ឱព្រះអម្ចាស់[យេហូវ៉ា]អើយ ទ្រង់ល្អ ទ្រង់បំរុងតែនឹងអត់ទោស»។—ទំនុកដំកើង ៨៦:៥
១. តើស្តេចដាវីឌកាន់បន្ទុកធ្ងន់អ្វី ហើយទ្រង់រកឃើញសេចក្ដីធូរស្រាលយ៉ាងណាចំពោះចិត្តថែថប់របស់ទ្រង់?
ស្តេចដាវីឌនៃអ៊ីស្រាអែលសម័យបុរាណ ទ្រង់ជ្រាបថាបន្ទុកនៃមនសិការមានទោសអាចទៅជាបន្ទុកដ៏ធ្ងន់មួយ។ ទ្រង់សរសេរថា៖ «ដ្បិតអំពើទុច្ចរិតរបស់ទូលបង្គំ បានឡើងលិចក្បាលទូលបង្គំហើយ ក៏ដូចជាបន្ទុកយ៉ាងធ្ងន់ ដែលទូលបង្គំទ្រាំមិនបាន ទូលបង្គំហេវ ហើយត្រូវជាំជាខ្លាំង ទូលបង្គំបានថ្ងូរ ដោយព្រោះសេចក្ដីថែថប់ក្នុងចិត្ត»។ (ទំនុកដំកើង ៣៨:៤, ៨) យ៉ាងណាក្ដី ដាវីឌបានទទួលសេចក្ដីធូរស្រាលចំពោះចិត្តថែថប់របស់ទ្រង់។ ទ្រង់ជ្រាបថា ព្រះយេហូវ៉ាទ្រង់ស្អប់បាប តែទ្រង់មិនស្អប់អ្នកធ្វើបាបនោះទេ—បើបុគ្គលនោះពិតជាកែប្រែចិត្តគំនិត ហើយបដិសេធចោលដំណើរដ៏មានបាបរបស់ខ្លួន។ (ទំនុកដំកើង ៣២:៥; ១០៣:៣) ដោយជឿជាក់ថាព្រះយេហូវ៉ានឹងសម្ដែងចិត្តមេត្ដាធម៌ដល់បុគ្គលប្រែចិត្ត ដាវីឌមានប្រសាសន៍ថា៖ «ឱព្រះអម្ចាស់[យេហូវ៉ា]អើយ ទ្រង់ល្អ ទ្រង់បំរុងតែនឹងអត់ទោស»។—ទំនុកដំកើង ៨៦:៥
២, ៣. (ក) ពេលយើងធ្វើបាប តើយើងអាចកាន់បន្ទុកអ្វីជាលទ្ធផល ហើយហេតុអ្វីក៏នេះជាការល្អទៅវិញ? (ខ) តើមានគ្រោះថ្នាក់អ្វីពេលខ្លួនយើង«អស់សង្ឃឹម»ដោយកំហុស? (គ) តើព្រះគម្ពីរប្រាប់យើងយ៉ាងណាចំពោះព្រះយេហូវ៉ាបំរុងតែអត់ទោសនោះ?
២ កាលណាយើងធ្វើបាប យើងក៏អាចមានបន្ទុកដ៏ធ្ងន់នៃមនសិការដ៏ឈឺចាប់ដែរ។ ការមានចិត្តវិប្បដិសារីបែបនេះជាការធម្មតាទេ ហើយអាចជាការល្អផង។ នេះអាចធ្វើឲ្យយើងចាត់វិធានការដើម្បីកែកំហុសរបស់យើង។ ប៉ុន្តែ គ្រីស្ទានខ្លះទៅជាដាក់ទោសមកលើខ្លួនហួសហេតុ។ ក្នុងចិត្តរបស់គេដែលចេះតែបន្ទោសខ្លួន គេគិតថាព្រះនឹងមិនអត់ទោសឲ្យគេទេ ទោះជាគេខំកែប្រែខ្លួនយ៉ាងណាក្ដី។ ដោយគិតអំពីកំហុសដែលនាងបានប្រព្រឹត្ត បងស្រីម្នាក់បានមានប្រសាសន៍ថា «នេះជាការពិបាកចិត្តមែន នៅពេលដែលអ្នកគិតថាព្រះយេហូវ៉ាលែងស្រឡាញ់អ្នកទៀត»។ សូម្បីតែបន្ទាប់ពីនាងបានកែប្រែខ្លួន ហើយបានទទួលយកដំបូន្មានពីអ្នកចាស់ទុំក្នុងក្រុមជំនុំក៏ដោយ ក៏នាងនៅតែមានអារម្មណ៍ថាខ្លួនមិនសមគួរនឹងការអត់ទោសពីព្រះឡើយ។ នាងពន្យល់ទៀតថា «គ្មានថ្ងៃណាមួយកន្លងទៅ ដែលខ្ញុំមិនបានសុំការអត់ទោសពីព្រះយេហូវ៉ាសោះ»។ បើយើងត្រូវ‹អស់សង្ឃឹម›ដោយកំហុស សាតាំងអាចធ្វើឲ្យយើងព្រមចាញ់ ហើយឲ្យយើងមានអារម្មណ៍ថាយើងមិនសមបំរើព្រះយេហូវ៉ាទេ។—កូរិនថូសទី២ ២:៥-៧, ១១
៣ ប៉ុន្តែ ព្រះយេហូវ៉ាឥតមានព្រះទ័យបែបនេះសោះ! បន្ទូលរបស់ទ្រង់ឲ្យយើងដឹងថា នៅពេលយើងសម្ដែងវិប្បដិសារីដោយស្មោះអស់ពីចិត្ត នោះព្រះយេហូវ៉ានឹងអត់ទោស ត្រូវហើយទ្រង់បំរុងតែអត់ទោស។ (សុភាសិត ២៨:១៣) ដូច្នេះ បើការអត់ទោសពីព្រះហាក់បីដូចជាមិនអាចទទួលបានសោះចំពោះអ្នក ប្រហែលជាអ្នកត្រូវការការយល់ដឹងច្បាស់ថែមទៀតនូវមូលហេតុនិងរបៀបដែលព្រះអត់ទោស។
ហេតុអ្វីក៏ព្រះយេហូវ៉ា«បំរុងតែនឹងអត់ទោស»?
៤. តើព្រះយេហូវ៉ាចាំអ្វីខ្លះអំពីចរិតរបស់យើង ហើយនេះធ្វើឲ្យទ្រង់ប្រព្រឹត្តយ៉ាងណាមកលើយើង?
៤ យើងអានថា៖ «ឯទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទ្រង់បានដកយកអស់ទាំងការល្មើសនៃយើងឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ។ ព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យអាណិតដល់អស់អ្នកដែលកោតខ្លាចទ្រង់ ដូចជាឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនដែរ»។ ហេតុអ្វីក៏ព្រះយេហូវ៉ាសម្ដែងសេចក្ដីអាណិតមេត្ដា? បទជាបន្ទាប់ឆ្លើយថា៖ «ដ្បិតទ្រង់ស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ»។ (ទំនុកដំកើង ១០៣:១២-១៤) ពិតមែនហើយ ព្រះយេហូវ៉ាទ្រង់មិនភ្លេចថាយើងកើតមកពីធូលីដី មានគុណវិបត្ដិ ឬភាពទន់ខ្សោយ ដោយសារតែភាពឥតគ្រប់ល័ក្ខណ៍នោះ។ ឃ្លាដែលថាទ្រង់«ស្គាល់រាងកាយរបស់យើង» រំឭកយើងថាព្រះគម្ពីរប្រៀបប្រដូចព្រះយេហូវ៉ាទៅនឹងជាងស្មូន ហើយយើងទៅនឹងភាជនៈដែលទ្រង់សូនធ្វើ។a (យេរេមា ១៨:២-៦) ជាងស្មូនធ្វើភាជនៈពីដីឥដ្ឋយ៉ាងមាំមួន តែដោយប្រិតប្រៀងជានិច្ច ទាំងគិតដល់ចរិតនៃវត្ថុនោះផង។ យ៉ាងនេះដែរ ព្រះយេហូវ៉ា ជាមេជាងស្មូន ទ្រង់ប្រែប្រួលទំនាក់ទំនងរបស់ទ្រង់ជាមួយយើង ទៅតាមភាពទន់ខ្សោយនៃចរិតដ៏មានបាបរបស់យើង។—ប្រៀបធៀប កូរិនថូសទី២ ៤:៧
៥. តើសៀវភៅគម្ពីររ៉ូមរៀបរាប់យ៉ាងណាខ្លះ អំពីយើងធ្លាក់នៅក្នុងកណ្ដាប់ដៃដ៏ខ្លាំងក្លានៃបាប?
៥ ព្រះយេហូវ៉ាទ្រង់ជ្រាបថាអំពើបាបមានអំណាចខ្លាំងណាស់។ ព្រះគម្ពីររៀបរាប់អំពីបាបថា ដូចជាមហាឥទ្ធិពលមួយដែលមនុស្សលោកធ្លាក់នៅក្នុងកណ្ដាប់ដៃវា។ តើកណ្ដាប់ដៃរបស់បាបខ្លាំងយ៉ាងណាទៅ? ក្នុងសៀវភៅរ៉ូម សាវ័កប៉ុលពន្យល់ប្រាប់អំពីបាបយ៉ាងបេះបិទដូចនេះថា៖ យើង«នៅក្រោមអំពើបាប» ដូចជាទាហាននៅក្រោមមេបញ្ជាការខ្លួន (រ៉ូម ៣:៩); វា«បានសោយរាជ្យ»លើមនុស្សលោកដូចជាស្តេចមួយអង្គ (រ៉ូម ៥:២១); វា«នៅក្នុងខ្លួន»យើង (រ៉ូម ៧:១៧, ២០); យើងនៅ«ក្រោមអំណាចអំពើបាប» បើនិយាយឲ្យចំ វាខំដឹកនាំដំណើរជីវិតរបស់យើង។ (រ៉ូម ៧:២៣, ២៥) នេះជាការប្រយុទ្ធដ៏ពិបាកមួយចំពោះយើង ក្នុងការទប់ទល់នឹងអំណាចដ៏ខ្លាំងក្លានៃអំពើបាបលើសាច់ឈាមដ៏ទន់ខ្សោយរបស់យើង។—រ៉ូម ៧:២១, ២៤
៦. តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះអស់អ្នក ដែលសុំសេចក្ដីមេត្ដាធម៌ពីព្រះដោយស្មោះពីចិត្ត?
៦ ដូច្នេះហើយ ព្រះដ៏អាណិតមេត្ដារបស់យើង ទ្រង់ជ្រាបថា យើងមិនអាចថ្វាយការគោរពដ៏គ្រប់ល័ក្ខណ៍ដល់ទ្រង់បានទេ ទោះបីជាក្នុងចិត្តរបស់យើងចង់ថ្វាយទ្រង់ជាខ្លាំងក៏ដោយ។ (ពង្សាវតារក្សត្រទី១ ៨:៤៦) ទ្រង់ដាស់តឿនយើងដោយស្រឡាញ់ថា បើយើងលន់តួសុំសេចក្ដីមេត្ដាករុណាដោយចិត្តស្មោះ នោះទ្រង់នឹងឲ្យមកយើង។ អ្នកតែងបទទំនុកដំកើង ដាវីឌ បានមានប្រសាសន៍ថា៖ «ឯដង្វាយដែលគួរថ្វាយដល់ព្រះ នោះគឺជាវិញ្ញាណខ្ទេចខ្ទាំ ឱព្រះអង្គអើយ ទ្រង់មិនមើលងាយចំពោះចិត្តខ្ទេចខ្ទាំ ហើយទន់ទាបឡើយ»។ (ទំនុកដំកើង ៥១:១៧) ព្រះយេហូវ៉ានឹងមិនបដិសេធចោល ឬ ងាកចេញឡើយ ពីចិត្តខ្ទេចខ្ទាំដោយបន្ទុកនៃកំហុសនោះ។ ពាក្យនេះរៀបរាប់យ៉ាងពីរោះនូវការសុខចិត្តរបស់ព្រះយេហូវ៉ាក្នុងការបំរុងអត់ទោស!
៧. ហេតុអ្វីក៏យើងមិនអាចរំលោភលើសេចក្ដីមេត្ដាធម៌របស់ព្រះ?
៧ តើនេះមានន័យថាយើងអាចរំលោភលើសេចក្ដីអាណិតមេត្ដារបស់ព្រះឬ ដោយប្រើចរិតមានបាបរបស់យើងជាការដោះសាចំពោះការធ្វើបាប? មិនអញ្ចឹងទេ! ព្រះយេហូវ៉ាមិនមែនដឹកនាំដោយមនោអារម្មណ៍ប៉ុណ្ណោះទេ។ សេចក្ដីអាណិតមេត្ដារបស់ទ្រង់មានព្រំដែន។ ទ្រង់នឹងមិនអត់ទោសឲ្យពួកអ្នកដែលប្រព្រឹត្តដោយរឹងចចេសនូវអំពើបាបដោយគ្មានចិត្តវិប្បដិសារីសោះ។ (ហេព្រើរ ១០:២៦-៣១) ផ្ទុយទៅវិញ ពេលទ្រង់ទតឃើញចិត្ត«ខ្ទេចខ្ទាំ» នោះទ្រង់«បំរុងតែនឹងអត់ទោស»។ (សុភាសិត ១៧:៣) សូមឲ្យយើងពិនិត្យមើលពាក្យដ៏ពីរោះដែលព្រះគម្ពីរប្រើក្នុងការរៀបរាប់អំពីភាពពេញលេញនៃការអត់ទោសរបស់ព្រះ។
តើព្រះយេហូវ៉ាអត់ទោសដល់កំរិតណា?
៨. ពេលព្រះយេហូវ៉ាអត់ទោសដល់បាបយើង តើទ្រង់ប្រៀបដូចជាធ្វើអ្វី ហើយតើនេះមានឥទ្ធិពលយ៉ាងណាមកលើយើង?
៨ ស្តេចដាវីឌដែលបានប្រែចិត្ត ទ្រង់មានប្រសាសន៍ថា៖ «ទូលបង្គំនឹងលន់តួអស់ទាំងការរំលងរបស់ទូលបង្គំដល់ព្រះយេហូវ៉ា ឯទ្រង់ក៏បានអត់ទោសចំពោះអំពើបាបនៃទូលបង្គំទៅ»។ (ទំនុកដំកើង ៣២:៥) ពាក្យហេព្រើរដែលថា «អត់ទោស» នៅត្រង់នេះ មានន័យថា «ដកយកចេញ» «ផ្ទេរយក»។ ការប្រើពាក្យនេះនៅទីនេះឲ្យន័យថា ‹ដកយកកំហុស អំពើបាប សេចក្ដីរំលងចេញ›។ ដូច្នេះ នេះប្រៀបដូចជាព្រះយេហូវ៉ាដកយកអំពើបាបរបស់ដាវីឌចេញ។ (ប្រៀបធៀប លេវីវិន័យ ១៦:២០-២២) នេះច្បាស់បានបន្ធូរដល់អារម្មណ៍ដ៏មានទោសដែលដាវីឌបានកាន់ទុក្ខជាយូរមក។ (ប្រៀបធៀប ទំនុកដំកើង ៣២:៣) យើងក៏អាចជឿជាក់ទៅលើព្រះ ដែលថាទ្រង់នឹងអត់ទោសដល់អំពើបាបនៃអស់អ្នកណាដែលសុំសេចក្ដីអត់ទោសពីទ្រង់ ដោយសំអាងលើមូលដ្ឋាននៃជំនឿរបស់គេលើយញ្ញបូជាលោះរបស់ព្រះយេស៊ូគ្រីស្ទ។ (ម៉ាថាយ ២០:២៨; ប្រៀបធៀប អេសាយ ៥៣:១២) អស់អ្នកដែលព្រះយេហូវ៉ាបានដកយកអំពើបាបចេញ មិនត្រូវបន្តកាន់បន្ទុកនៃអារម្មណ៍ដ៏មានទោសចំពោះបាបពីអតីតកាលទៀតឡើយ។
៩. តើអ្វីជាអត្ថន័យនៃពាក្យរបស់ព្រះយេស៊ូ ដែលថា៖ ‹សូមអត់ទោសដល់បំណុលរបស់យើងខ្ញុំផង›?
៩ ព្រះយេស៊ូបានលើកយករឿងប្រៀបប្រដូចមួយស្តីអំពីទំនាក់ទំនងរវាងចៅហ្វាយនិងកូនបំណុល ដើម្បីបង្ហាញពីរបៀបដែលព្រះយេហូវ៉ាអត់ទោស។ ឧទាហរណ៍ ព្រះយេស៊ូដាស់តឿនឲ្យយើងអធិស្ឋានដូចនេះថា៖ ‹សូមអត់ទោសដល់បំណុលរបស់យើងខ្ញុំផង›។ (ម៉ាថាយ ៦:១២) ដូច្នេះ ព្រះយេស៊ូប្រដូច«អំពើបាប» ទៅនឹង ‹បំណុល›។ (លូកា ១១:៤) កាលណាយើងធ្វើបាប យើងក្លាយទៅជា ‹កូនបំណុល›នៃព្រះយេហូវ៉ា។ ពាក្យក្រិកដែលប្រែថា «អត់ទោស» អាចមានន័យថា «ដោះលែង លះបង់ចោល បំណុល ឥតទាមទារយក»។ ក្នុងន័យមួយ កាលណាព្រះយេហូវ៉ាអត់ទោស នោះទ្រង់បណ្ដាច់បំណុលនោះចេញ ជាបំណុលដែលត្រូវសងចេញពីគណនីយើង។ ដូច្នេះហើយ ពួកអ្នកដែលប្រែចិត្តអាចទទួលយកសេចក្ដីធូរស្រាល។ ព្រះយេហូវ៉ានឹងមិនទាមទារឲ្យសងបំណុលនោះទៀតទេ បើទ្រង់ផ្ដាច់ទៅហើយនោះ!—ទំនុកដំកើង ៣២:១, ២; ប្រៀបធៀប ម៉ាថាយ ១៨:២៣-៣៥
១០, ១១. (ក) ឃ្លាដែលថា ‹បានលុបចេញ› នៅក្នុងកិច្ចការ ៣:១៩ បញ្ចេញឲ្យឃើញគំនិតអ្វី? (ខ) តើនេះសម្ដែងយ៉ាងណាអំពីភាពពេញលេញនៃការអត់ទោសរបស់ព្រះយេហូវ៉ា?
១០ នៅកិច្ចការ ៣:១៩ ព្រះគម្ពីរប្រើពាក្យដ៏រស់រវើកមួយទៀត ក្នុងការរៀបរាប់អំពីការអត់ទោសរបស់ព្រះ៖ «ដូច្នេះ ចូរប្រែចិត្ត ហើយវិលមកចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ»។ ឃ្លាដែលថា ‹បានលុបចេញ› បានបកប្រែចេញពីកិរិយាសព្ទក្រិកមួយ ហើយកាលណាប្រើជាការប្រៀបធៀប អាចមានន័យថា «បោសចេញ កំចាត់ចោល កាត់ចេញ ឬ បំផ្លាញ»។ យោងទៅតាមអ្នកប្រាជ្ញខ្លះ គំនិតដែលចង់សម្ដែងនៅទីនេះ គឺជាការលុបចេញនូវអក្សរដៃ។ តើអាចធ្វើយ៉ាងម៉េចបាន? ទឹកខ្មៅដែលគេនិយមប្រើនៅសម័យបុរាណ ច្រើនតែធ្វើឡើងពីល្បាយដែលមានជាតិការបោន ជាតិជ័រ និងទឹក។ ក្រោយពីបានប្រើទឹកខ្មៅបែបនេះហើយ បុគ្គលម្នាក់អាចយកអេប៉ុងសើមមកជូតអក្សរនោះចេញ។
១១ ត្រង់នោះហើយជាសេចក្ដីរៀបរាប់ដ៏ពីរោះនូវភាពពេញលេញនៃការអត់ទោសនៃព្រះយេហូវ៉ា។ នៅពេលដែលទ្រង់អត់ទោសអំពើបាបយើង នេះប្រៀបដូចជាទ្រង់យកអេប៉ុងមកជូតចេញនូវអំពើបាបទាំងនោះ។ នៅអនាគត យើងមិនត្រូវខ្លាចថាទ្រង់នឹងលើកយកបាបនោះមកជំទាស់នឹងយើងឡើយ ពីព្រោះព្រះគម្ពីរបង្ហាញប្រាប់អ្វីផ្សេងទៀតអំពីសេចក្ដីអត់ទោសនៃព្រះយេហូវ៉ា ដែលពិតជាអស្ចារ្យមែន គឺ៖ កាលណាទ្រង់អត់ទោសឲ្យ ទ្រង់ក៏បំភ្លេចចោលដែរ!
«ហើយនឹងលែងនឹកចាំពីអំពើបាបគេទៀតជាដរាបទៅ»
១២. ពេលដែលព្រះគម្ពីរចែងថាព្រះយេហូវ៉ាបំភ្លេចបាបយើង តើនេះមានន័យថាទ្រង់មិនអាចនឹកចាំបានឬ ហើយហេតុអ្វីបានជាអ្នកឆ្លើយដូច្នេះ?
១២ តាមរយ:ព្យាការីយេរេមា ព្រះយេហូវ៉ាបានសន្យាចំពោះពួកអ្នកនៅក្នុងកិច្ចព្រមព្រៀងថ្មី ថា៖ «ព្រោះអញនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់គេ ហើយនឹងលែងនឹកចាំពីអំពើបាបគេទៀតជាដរាបទៅ»។ (យេរេមា ៣១:៣៤) តើនេះមានន័យថា ពេលព្រះយេហូវ៉ាអត់ទោស ទ្រង់មិនអាចនឹកចាំបាបនោះទៀតឬ? មិនមែនដូច្នេះទេ។ ព្រះគម្ពីរប្រាប់យើងអំពីបាបរបស់មនុស្សជាច្រើន ដែលព្រះយេហូវ៉ាបានអត់ទោសឲ្យ រួមទាំងបាបរបស់ដាវីឌ។ (សាំយូអែលទី២ ១១:១-១៧; ១២:១-១៣) ព្រះយេហូវ៉ានៅតែដឹងអំពីកំហុសដែលគេបានប្រព្រឹត្ត ហើយយើងដូច្នោះដែរ។ ប្រវត្ដិនៃបាបរបស់គេ រួមទាំងប្រវត្ដិនៃការប្រែចិត្តរបស់គេ ហើយការអត់ទោសពីព្រះ ត្រូវបានរក្សាទុកដើម្បីជាប្រយោជន៍ដល់យើង។ (រ៉ូម ១៥:៤) អញ្ចឹង តើព្រះគម្ពីរចង់មានន័យយ៉ាងណា ពេលចែងថា ព្រះយេហូវ៉ា «លែងនឹកចាំ» បាបរបស់បុគ្គលណាដែលទ្រង់អត់ទោសឲ្យនោះ?
១៣. (ក) កិរិយាសព្ទហេព្រើរដែលប្រែថា «នឹកចាំ» នេះរួមបញ្ចូលន័យអ្វីខ្លះ? (ខ) ពេលដែលព្រះយេហូវ៉ាមានបន្ទូលថា «[ទ្រង់]នឹងលែងនឹកចាំពីអំពើបាបគេទៀតជាដរាបទៅ» ទ្រង់ចង់ឲ្យយើងដឹងអ្វី?
១៣ កិរិយាសព្ទហេព្រើរដែលប្រែថា «នឹកចាំ» មានន័យច្រើន គឺមិនគ្រាន់តែនឹកចាំពីអតីតកាលប៉ុណ្ណោះ។ យោងទៅតាម វចនានុក្រមសាសនវិទ្យានៃគម្ពីរសញ្ញាចាស់ ឃ្លានេះរួមបញ្ចូល «អត្ថន័យនៃការចាត់វិធានការត្រឹមត្រូវណាមួយ»។ ដូច្នេះ នៅក្នុងបទនេះ ការ«នឹកចាំ»បាប ទាក់ទងការចាត់វិធានការប្រឆាំងនឹងពួកអ្នកធ្វើបាប។ នៅពេលដែលព្យាការីហូសេមានប្រសាសន៍អំពីពួកអ៊ីស្រាអែលដ៏វៀចវេរថា «ទ្រង់[យេហូវ៉ា]នឹងនឹកចាំពីអំពើទុច្ចរិតរបស់គេ» គាត់ចង់បានសេចក្ដីថា ព្រះយេហូវ៉ានឹងចាត់វិធានការប្រឆាំងនឹងពួកគេដោយព្រោះគេឥតកែប្រែចិត្តគំនិត។ ដូច្នេះនេះហើយបានជានៅចុងបទនោះចែងថា៖ «ហើយ[ទ្រង់]នឹងតបស្នងចំពោះបាបគេដែរ»។ (ហូសេ ៩:៩) ម្យ៉ាងវិញទៀត នៅពេលដែលព្រះយេហូវ៉ាមានបន្ទូលថា «[ទ្រង់]នឹងលែងនឹកចាំពីអំពើបាបគេទៀតជាដរាបទៅ» ទ្រង់ចង់ឲ្យយើងដឹងថា កាលណាទ្រង់អត់ទោសឲ្យអ្នកធ្វើបាបដែលប្រែចិត្តណាម្នាក់ហើយ នោះទ្រង់នឹងមិនប្រព្រឹត្តប្រឆាំងនឹងបុគ្គលនោះចំពោះអំពើបាបដដែលនៅគ្រាអនាគតណាទៀតឡើយ។ (អេសេគាល ១៨:២១, ២២) ដូច្នេះ ទ្រង់នឹងបំភ្លេចបាបយើងចោល ក្នុងន័យថា ទ្រង់នឹងមិនរំឭកប្រាប់ពីបាបនោះម្ដងហើយម្ដងទៀត ដើម្បីចោទ ឬធ្វើទណ្ឌកម្មដល់យើងជានិច្ចនោះឡើយ។ ត្រង់នេះហើយ ព្រះយេហូវ៉ាបានធ្វើជាគំរូដ៏អស្ចារ្យសំរាប់យើង ក្នុងការប្រស្រ័យទាក់ទងជាមួយអ្នកឯទៀត។ កាលណាមានបញ្ហាចោទឡើង ជាការល្អបើមិនរំឭកនឹកចាំពីកំហុសនៅអតីតកាល ដែលអ្នកសុខចិត្តបំភ្លេចចោលទៅហើយនោះ។
ចុះកម្មផលនៃបាបយើងយ៉ាងណាដែរ?
១៤. ហេតុអ្វីក៏ការអត់ទោសមិនមានន័យថាអ្នកធ្វើបាបដែលបានប្រែចិត្ត បានរួចពីកម្មផលនៃដំណើរខុសរបស់ខ្លួន?
១៤ តើព្រះយេហូវ៉ាបំរុងតែអត់ទោសនោះ មានន័យថា អ្នកធ្វើបាបដែលប្រែចិត្តបានរួចពីកម្មផលទាំងអស់នៃដំណើរខុសរបស់គាត់ឬ? អត់ទេ។ យើងមិនអាចជៀសផុតពីកម្មផលនៃបាបបានឡើយ។ ប៉ុលបានសរសេរថា៖ «ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ»។ (កាឡាទី ៦:៧) យើងអាចជួបប្រទះកម្មផលណាមួយនៃបញ្ហារបស់យើង តែបន្ទាប់ពីបានអត់ទោសឲ្យហើយ ព្រះយេហូវ៉ាមិនបណ្ដាលឲ្យអន្តរាយធ្លាក់មកលើយើងឡើយ។ កាលណាកើតមានបញ្ហា គ្រីស្ទានមិនគួរមានគំនិតដូច្នេះឡើយ គឺ ‹ប្រហែលជាព្រះយេហូវ៉ាដាក់ទណ្ឌកម្មខ្ញុំចំពោះអំពើបាបមុនៗហើយ›។ (ប្រៀបធៀប យ៉ាកុប ១:១៣) ម្យ៉ាងវិញទៀត ព្រះយេហូវ៉ាមិនការពារយើងពីកម្មផលនៃអំពើខុសរបស់យើងទេ។ ការលែងលះគ្នា ការមានផ្ទៃពោះដែលមិនចង់បាន រោគកាមឆ្លង ការបាត់បង់សេចក្ដីគោរព—ទាំងអស់នេះហើយអាចជាកម្មផលនៃបាប ហើយព្រះយេហូវ៉ានឹងមិនការពារយើងពីកម្មផលនេះឡើយ។ នៅចាំទេ ថ្វីបើព្រះយេហូវ៉ាបានអត់ទោសឲ្យដាវីឌ ចំពោះបាបដែលលោកបានប្រព្រឹត្តជាមួយនាងបាតសេបានិងអ៊ូរី ទ្រង់មិនបានការពារដាវីឌពីកម្មផលដ៏អន្តរាយដែលនឹងធ្លាក់មកលើលោកឡើយ។—សាំយូអែលទី២ ១២:៩-១៤
១៥, ១៦. តើក្រិត្យវិន័យដែលបានកត់ទុកក្នុងលេវីវិន័យ ៦:១-៧ ផ្ដល់ផលប្រយោជន៍ដល់ជនរងគ្រោះផងនិងអ្នកធ្វើទោសផងយ៉ាងដូចម្ដេច?
១៥ អំពើបាបយើងអាចមានកម្មផលផ្សេងទៀតដែរ។ ឧទាហរណ៍ សូមពិចារណាមើលរឿងក្នុងលេវីវិន័យ ជំពូក ៦។ នៅកន្លែងនេះ ក្រិត្យវិន័យម៉ូសេសម្ដែងប្រាប់ពីស្ថានការណ៍ដែលបុគ្គលម្នាក់ប្រព្រឹត្តអំពើខុសយ៉ាងធ្ងន់ ដោយចាប់យកទ្រព្យសម្បត្ដិនៃជនអ៊ីស្រាអែលគ្នាឯង តាមរយ:ការលួចប្លន់ ការគំរាមកំហែងយក ឬលួចបន្លំ។ បន្ទាប់មក អ្នកទោសនោះបដិសេធទោសរបស់ខ្លួន ថែមទាំងហ៊ានស្បថដោយខុសទៀត។ នេះជាករណីដែលពាក្យសំដីម្នាក់ទល់ម្នាក់ ឥតមានភស្តុតាងណាទៀត។ ក្រោយមក អ្នកទោសកើតទុក្ខជាខ្លាំងក្នុងមនសិការ ហើយសារភាពប្រាប់បាបរបស់គាត់។ ដើម្បីឲ្យព្រះអត់ទោសឲ្យ គាត់ត្រូវតែធ្វើអ្វីបីយ៉ាងទៀត៖ ត្រូវយកទ្រព្យសម្បត្ដិឲ្យទៅម្ចាស់ដើមវិញ បង់ពិន័យដល់ជនរងគ្រោះនូវ២០ភាគរយ ហើយថ្វាយចៀមឈ្មោលជាដង្វាយសំរាប់អំពើរំលង។ បន្ទាប់មក ក្រិត្យវិន័យចែងថា៖ «ហើយត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងអ្នកនោះនៅចំពោះព្រះយេហូវ៉ា រួចអ្នកនោះនឹងរួចចាកទោស»។—លេវីវិន័យ ៦:១-៧; ប្រៀបធៀប ម៉ាថាយ ៥:២៣, ២៤
១៦ ក្រិត្យវិន័យនេះជាការផ្ដល់ដ៏មេត្ដាធម៌ពីព្រះ។ វាផ្ដល់ឲ្យប្រយោជន៍ដល់ជនរងគ្រោះដែលបានទទួលទ្រព្យសម្បត្ដិខ្លួនវិញ ហើយគាត់ច្បាស់ជាធូរចិត្តពេលដែលអ្នកជាប់ទោសសារភាពបាបរបស់ខ្លួននៅទីបំផុតនោះ។ នៅពេលដំណាលគ្នានេះ ក្រិត្យនេះក៏ផ្ដល់ផលប្រយោជន៍ដល់ជនដែលមនសិការខ្លួនបានជំរុញឲ្យគាត់សារភាពកំហុសរបស់គាត់នៅទីបំផុត ហើយបានកែផ្លូវរបស់គាត់។ បើគាត់មិនព្រមធ្វើដូច្នេះទេ គាត់មុខជាមិនបានទទួលការអត់ទោសពីព្រះឡើយ។
១៧. នៅពេលដែលអ្នកដទៃឈឺចាប់ដោយសារបាបយើង តើព្រះយេហូវ៉ាតម្រូវឲ្យយើងធ្វើអ្វី?
១៧ ថ្វីបើយើងមិននៅក្រោមក្រិត្យវិន័យម៉ូសេក្ដី នេះឲ្យយើងឃើញធ្លុះដល់សតិរបស់ព្រះយេហូវ៉ា ព្រមទាំងទស្សនៈរបស់ទ្រង់ចំពោះការអត់ទោស។ (កូល៉ុស ២:១៣, ១៤) នៅពេលអ្នកដទៃឈឺចាប់ ឬរងគ្រោះដោយបាបរបស់យើង ព្រះយេហូវ៉ាសព្វព្រះហឫទ័យ បើយើងខំប្រឹងកែប្រែផ្លូវខុសរបស់យើង។ (កូរិនថូសទី២ ៧:១១) ការនេះតម្រូវឲ្យយើងទទួលស្គាល់បាបរបស់យើង សារភាពកំហុសយើង ហើយថែមទាំងសុំទោសពីជនរងគ្រោះផង។ ដោយធ្វើដូច្នេះ ទើបយើងអាចអំពាវនាវដល់ព្រះយេហូវ៉ាដោយសំអាងលើមូលដ្ឋាននៃយញ្ញបូជារបស់ព្រះយេស៊ូ ហើយពិសោធមនសិការស្អាតស្អំ ហើយដឹងថាព្រះបានអត់ទោសឲ្យយើងហើយ។—ហេព្រើរ ១០:២១, ២២
១៨. តើមានការប្រដែប្រដៅអ្វីខ្លះជាមួយនឹងការអត់ទោសពីព្រះយេហូវ៉ានោះ?
១៨ ដូចឪពុកម្ដាយដ៏មានសេចក្ដីស្រឡាញ់ឯទៀតដែរ ព្រះយេហូវ៉ាអាចផ្ដល់ឲ្យការអត់ទោសព្រមទាំងការប្រដែប្រដៅខ្លះ។ (សុភាសិត ៣:១១, ១២) ចំពោះអំពើខុសខ្លាំង គ្រីស្ទានដែលប្រែចិត្តអាចបាត់បង់ឯកសិទ្ធិនៃការបំរើជាអ្នកចាស់ទុំ អ្នកងារជំនួយ ឬ អ្នកត្រួសត្រាយ។ នេះអាចធ្វើឲ្យគាត់ឈឺចាប់ក្នុងការបាត់បង់ឯកសិទ្ធិទាំងនេះមួយរយ:ពេល ដែលជាអ្វីដ៏មានតម្លៃចំពោះគាត់។ ប៉ុន្តែ ការប្រដែប្រដៅបែបនេះមិនមែនមានន័យថា គាត់លែងមានការអនុគ្រោះពីព្រះយេហូវ៉ា ឬ ព្រះយេហូវ៉ាឈប់ឲ្យការអត់ទោសដល់គាត់ទៀតនោះឡើយ។ បន្ថែមទៅទៀត យើងត្រូវតែចាំថាការប្រដែប្រដៅពីព្រះយេហូវ៉ា ជាភស្តុតាងបញ្ជាក់ថាទ្រង់ស្រឡាញ់យើង។ ការទទួលយកហើយអនុវត្តតាមការប្រដៅនោះជាផលប្រយោជន៍ដល់យើង ហើយអាចនាំឲ្យបានជីវិតអស់កល្បជានិច្ចផង។—ហេព្រើរ ១២:៥-១១
១៩, ២០. (ក) បើអ្នកបានធ្វើខុស ហេតុអ្វីក៏មិនគួរមានអារម្មណ៍ថាខ្លួននៅឆ្ងាយពីសេចក្ដីមេត្ដាធម៌របស់ព្រះយេហូវ៉ា? (ខ) តើអត្ថបទជាបន្ទាប់នឹងពិគ្រោះរឿងអ្វី?
១៩ យើងធូរចិត្តណាស់ដោយដឹងថាយើងបំរើព្រះដែល«បំរុងតែនឹងអត់ទោស»! ព្រះយេហូវ៉ាមិនគ្រាន់តែទតឃើញបាបនិងកំហុសរបស់យើងប៉ុណ្ណោះទេ។ (ទំនុកដំកើង ១៣០:៣, ៤) ទ្រង់ជ្រាបពីអ្វីៗនៅក្នុងចិត្តយើង។ បើអ្នកមានអារម្មណ៍ថាចិត្តរបស់អ្នកគឺខ្ទេចខ្ទាំអស់ហើយដោយព្រោះតែការធ្វើខុសពីមុន សូមអ្នកកុំសន្និដ្ឋានថាខ្លួននៅឆ្ងាយពីសេចក្ដីមេត្ដាធម៌របស់ព្រះយេហូវ៉ាឲ្យសោះ។ ថ្វីបើអ្នកធ្វើខុសយ៉ាងណាក្ដី បើអ្នកពិតជាប្រែចិត្ត ចាត់វិធានការកែតម្រូវផ្លូវខុសនោះ ហើយខំប្រឹងអធិស្ឋានសុំការអត់ទោសពីព្រះយេហូវ៉ាទៅលើមូលដ្ឋាននៃលោហិតរបស់ព្រះយេស៊ូ នោះអ្នកអាចជឿជាក់ក្នុងចិត្តថា ពាក្យនៅយ៉ូហានទី១ ១:៩ សំដៅចំពោះអ្នកជាមិនខាន គឺថា៖ «បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនឹងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង»។
២០ ព្រះគម្ពីរដាស់តឿនយើងឲ្យធ្វើត្រាប់តាមការអត់ទោសនៃព្រះយេហូវ៉ា ពេលយើងប្រស្រ័យទាក់ទងជាមួយគ្នាទៅវិញទៅមក។ ប៉ុន្តែ តើយើងត្រូវអត់ទោសហើយបំភ្លេចចោលទោសនោះដល់កំរិតណាទៅ ពេលអ្នកដទៃធ្វើបាបប្រឆាំងនឹងយើង? រឿងនេះនឹងត្រូវពិគ្រោះនៅអត្ថបទជាបន្ទាប់។
[កំណត់សម្គាល់]
a គួរឲ្យចាប់អារម្មណ៍ដែរ ពាក្យហេព្រើរដែលប្រែថា«រូបកាយរបស់យើង» គឺបានប្រើដែលស្តីអំពីភាជនៈដីឥដ្ឋដែលសូនធ្វើដោយជាងស្មូន។—អេសាយ ២៩:១៦
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ ហេតុអ្វីក៏ព្រះយេហូវ៉ា «ទ្រង់បំរុងតែនឹងអត់ទោស»?
◻ តើព្រះគម្ពីររៀបរាប់យ៉ាងណា អំពីភាពពេញលេញនៃការអត់ទោសរបស់ព្រះយេហូវ៉ា?
◻ នៅពេលដែលព្រះយេហូវ៉ាអត់ទោស តើទ្រង់បំភ្លេចទោសនោះក្នុងន័យយ៉ាងណា?
◻ តើព្រះយេហូវ៉ាចង់ឲ្យយើងធ្វើអ្វី នៅពេលដែលអ្នកដទៃបានឈឺចាប់ដោយសារបាបយើង?
[រូបភាពនៅទំព័រ១២]
កាលណាអ្នកដទៃបានឈឺចាប់ដោយសារបាបយើង ព្រះយេហូវ៉ាតម្រូវឲ្យយើងកែសម្រួលវិញ