ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅសុភាសិត
ស្តេចសាឡូម៉ូននៅប្រទេសអ៊ីស្រាអែលសម័យបុរាណ«បាននិពន្ធពាក្យសុភាសិត៣ពាន់ខ»។ (ពង្សាវតារក្សត្រទី១ ៤:៣២) នៅសព្វថ្ងៃនេះ តើមានលទ្ធភាពឲ្យយើងមើលសំណេរទាំងនោះដែលសុទ្ធតែជាឱវាទដែលមានប្រាជ្ញាឬទេ? យើងពិតជាអាចមើលបាន ដ្បិតសៀវភៅសុភាសិតក្នុងព្រះគម្ពីរដែលគេសរសេរចប់ប្រហែលជានៅឆ្នាំ៧១៧ មុនគ.ស. នេះច្រើនតែជាសុភាសិតរបស់សាឡូម៉ូន។ មានតែជំពូកពីរចុងក្រោយដែលមានអ្នកនិពន្ធផ្សេង ពោលគឺ អេគើរដែលជាកូនយ៉ាកេ និងស្តេចលេមយួល។ រីឯលេមយួល មនុស្សខ្លះជឿថានេះជានាមមួយទៀតរបស់ស្តេចសាឡូម៉ូន។
សំណេរដែលបានប្រមូលទុកក្នុងសៀវភៅសុភាសិតដែលព្រះបណ្ដាលឲ្យមនុស្សសរសេរនោះ មានគោលបំណងពីរយ៉ាង គឺ«សំរាប់ឲ្យបានស្គាល់ប្រាជ្ញានឹងសេចក្ដីប្រៀនប្រដៅ»។ (សុភាសិត ១:២) សំណេរក្នុងសៀវភៅសុភាសិតជួយយើងបណ្ដុះឲ្យមានប្រាជ្ញាដែលជាសមត្ថភាពយល់ធ្លុះនិងប្រើចំណេះដើម្បីដោះស្រាយបញ្ហាផ្សេងៗ។ យើងក៏ទទួលការប្រៀនប្រដៅជាការបង្ហាត់បង្រៀនខាងសីលធម៌ពីសុភាសិតទាំងនោះដែរ។ បើយើងប្រមូលអារម្មណ៍និងធ្វើតាមយោបល់ក្នុងសុភាសិតទាំងនោះ នេះអាចមានឥទ្ធិពលលើចិត្តយើង ទាំងជួយយើងរកសុភមង្គលពិតនិងសម្រេចការបានក្នុងជីវិតយើង។—ហេព្រើរ ៤:១២
‹ចូរខំឲ្យបានប្រាជ្ញានិងដំបូន្មាន›
សាឡូម៉ូនមានបន្ទូលថា៖ «ប្រាជ្ញាតែងបន្លឺឡើងនៅក្នុងផ្លូវ»។ (សុភាសិត ១:២០) តើយើងគួរស្ដាប់តាមសំឡេងដែលប្រាជ្ញាបន្លឺឡើងយ៉ាងច្បាស់នោះដោយព្រោះអ្វី? ជំពូកទីពីររៀបរាប់ពីផលប្រយោជន៍ជាច្រើនដែលយើងទទួលពីការបណ្ដុះឲ្យមានប្រាជ្ញា។ ជំពូកទីបីពន្យល់អំពីរបៀបបង្កើតឲ្យមានភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ ក្រោយមក សាឡូម៉ូនមានបន្ទូលថា៖ «ប្រាជ្ញាជាសំខាន់លេខ១។ ដូច្នេះចូរខំឲ្យបានប្រាជ្ញាចុះ! អើ! កំពុងដែលខំឲ្យបានរបស់ផ្សេងៗ នោះចូរខំឲ្យបានយោបល់ផង។ ចូរតោងជាប់តាមសេចក្ដីដំបូន្មានកុំលែងឲ្យសោះ»។—សុភាសិត ៤:៧, ១៣
តើអ្វីនឹងជួយយើងទប់ទល់នឹងរបៀបរស់នៅដ៏អសីលធម៌របស់លោកិយនេះ? ជំពូកទីប្រាំក្នុងសៀវភៅសុភាសិតឆ្លើយថា យើងគួរមានគំនិតវាងវៃនិងទទួលស្គាល់ល្បិចលួងលោមរបស់លោកិយនេះ។ ចូរគិតផងដែរពីផលអាក្រក់ដែលមកពីអំពើអសីលធម៌។ ជំពូកទី៦ព្រមានអំពីទង្វើនិងអាកប្បកិរិយាផ្សេងៗដែលអាចបង្ខូចចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ា។ ជំពូកទី៧បង្ហាញនូវចរិតរបស់មនុស្សដែលធ្វើអំពើអសីលធម៌។ ជំពូកទី៨រៀបរាប់យ៉ាងគួរឲ្យចាប់អារម្មណ៍អំពីហេតុដែលយើងគួរចង់បានប្រាជ្ញា និងប្រយោជន៍ដែលមកពីនោះ។ ចុងបង្អស់ ជំពូកទី៩មានពាក្យប្រៀបប្រដូចដែលពញ្ញាក់ស្មារតីហើយជំរុញចិត្តយើងឲ្យចង់បានប្រាជ្ញា។
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
១:៧; ៩:១០—តើការកោតខ្លាចព្រះយេហូវ៉ា «ជាដើមចម[ឬ«ប្រភព», ខ.ស.]នៃដំរិះ»និង«ប្រាជ្ញា»យ៉ាងដូចម្ដេច? បើមនុស្សមិនកោតខ្លាចព្រះយេហូវ៉ា ពួកគេមិនអាចទទួលតម្រិះឬចំណេះបានទេ ពីព្រោះទ្រង់ជាព្រះដែលបានបង្កើតអ្វីៗទាំងអស់ ហើយជាអ្នកនិពន្ធព្រះគម្ពីរ។ (រ៉ូម ១:២០; ធីម៉ូថេទី២ ៣:១៦, ១៧) ព្រះយេហូវ៉ាជាប្រភពនៃចំណេះពិតទាំងអស់។ អាស្រ័យហេតុនេះបានជាយើងត្រូវកោតខ្លាចព្រះយេហូវ៉ាដើម្បីទទួលបានចំណេះ។ ការកោតខ្លាចព្រះយេហូវ៉ាក៏ជាប្រភពនៃប្រាជ្ញាដែរ ពីព្រោះយើងមិនអាចមានប្រាជ្ញាបើគ្មានចំណេះ។ ម្យ៉ាងទៀត មនុស្សដែលមិនកោតខ្លាចព្រះយេហូវ៉ា នឹងមិនប្រើចំណេះរបស់ខ្លួនដើម្បីលើកកិត្ដិយសទ្រង់ទេ។
៥:៣—ហេតុអ្វីបានជាសាឡូម៉ូនប្រើពាក្យ«ស្ត្រីដទៃ»ពេលសំដៅទៅលើស្រីពេស្យា? សុភាសិត ២:១៦, ១៧ រៀបរាប់អំពី«ស្រីដទៃ»ជា«ស្រីអាវ៉ាសែ»ដែល«ភ្លេចសេចក្ដីសញ្ញានៃព្រះរបស់ខ្លួន»។ មនុស្សណាដែលក្រាបថ្វាយបង្គំព្រះក្លែងក្លាយ ឬប្រព្រឹត្តដូចមនុស្សសាសន៍ដទៃដែលមិនស្គាល់ក្រឹត្យវិន័យម៉ូសេ រួមទាំងពួកស្រីពេស្យា បានត្រូវគេហៅជាមនុស្សសាសន៍ដទៃ។—យេរេមា ២:២៥; ៣:១៣
៧:១, ២—តើ«អស់ទាំងពាក្យរបស់អញ» និង«អស់ទាំងបណ្ដាំអញ»រួមបញ្ចូលអ្វីខ្លះ? ពាក្យនិងបណ្ដាំទាំងនេះមិនគ្រាន់តែសំដៅទៅលើសេចក្ដីបង្រៀនក្នុងព្រះគម្ពីរប៉ុណ្ណោះទេ តែរួមបញ្ចូលច្បាប់ដែលមាតាបិតាដាក់សម្រាប់សមាជិកគ្រួសារដើម្បីឲ្យគ្រប់គ្នាទទួលប្រយោជន៍។ កូនៗត្រូវធ្វើតាមច្បាប់របស់មាតាបិតានិងសេចក្ដីបង្រៀនរបស់ពួកគាត់ដែលមានមូលដ្ឋានលើព្រះគម្ពីរ។
៨:៣០—តើពាក្យ«មេជាង»សំដៅទៅលើអ្នកណា? ក្នុងជំពូកនេះ ប្រាជ្ញាប្រៀបដូចជាមនុស្សដែលហៅខ្លួនជាមេជាង។ ពាក្យប្រៀបប្រដូចនេះមិនគ្រាន់តែពន្យល់អំពីលក្ខណៈផ្សេងៗនៃប្រាជ្ញាប៉ុណ្ណោះ តែក៏សំដៅទៅលើព្រះយេស៊ូគ្រិស្តដែលជារាជបុត្រច្បងរបស់ព្រះយេហូវ៉ា មុនទ្រង់ចាប់កំណើតជាមនុស្ស។ យូរឆ្នាំមុនព្រះយេស៊ូយាងមកផែនដី ព្រះយេហូវ៉ា‹បានតាំងទ្រង់ឡើងជាដើមការនៃទ្រង់›។ (សុភាសិត ៨:២២) ក្នុងនាមជា«មេជាង» ព្រះយេស៊ូបានធ្វើការជាមួយព្រះវរបិតាទ្រង់ក្នុងការបង្កើតរបស់សព្វសារពើ។—កូល៉ុស ១:១៥-១៧
៩:១៧—តើ«ទឹកដែលលួចពីគេ»សំដៅទៅលើអ្វី? ហេតុអ្វីក៏ទឹកនោះ«រមែងផ្អែម»ដូច្នេះ? ព្រះគម្ពីរប្រៀបធៀបការរួមដំណេករវាងស្វាមីភរិយាទៅនឹងការផឹកទឹកពីអណ្ដូង។ ដូច្នេះ ការលួចទឹកនោះសំដៅទៅលើអំពើអសីលធម៌ដែលមនុស្សប្រព្រឹត្តដោយលួចលាក់។ (សុភាសិត ៥:១៥-១៧) ពេលមនុស្សគិតថាគេអាចបិទបាំងអំពើអសីលធម៌របស់ខ្លួន នោះប្រៀបដូចជាការផឹកទឹកដែលមើលទៅដូចជាផ្អែម។
មេរៀនសម្រាប់យើង:
១:១០-១៤: យើងត្រូវឃាត់ចិត្តកុំអនុញ្ញាតឲ្យមនុស្សដែលមានបាបលួងចិត្តយើងឲ្យធ្វើអំពើអាក្រក់ ដោយសន្យាថាយើងអាចទទួលបានលុយយ៉ាងច្រើន។
៣:៣: យើងត្រូវទទួលស្គាល់តម្លៃនៃសេចក្ដីមេត្ដានិងសេចក្ដីពិត ហើយបង្ហាញឲ្យមនុស្សដទៃឃើញគុណសម្បត្ដិទាំងនេះ ដូចជាពាក់ខ្សែកថ្លៃៗ។ យើងក៏ត្រូវចារឹកទុកគុណសម្បត្ដិទាំងនោះក្នុងចិត្តយើង ឲ្យក្លាយជាលក្ខណៈរបស់យើង។
៤:១៨: យើងទទួលចំណេះអំពីអ្វីៗខាងវិញ្ញាណជាបណ្ដើរៗ។ បើយើងចង់ទទួលពន្លឺខាងវិញ្ញាណជានិច្ច យើងត្រូវបង្ហាញលក្ខណៈរាបសានិងមានចិត្តរាបទាប។
៥:៨: យើងត្រូវជៀសឲ្យឆ្ងាយពីអ្វីៗដែលអាចទាក់ចិត្តទាញអារម្មណ៍យើងឲ្យប្រព្រឹត្តអំពើអសីលធម៌ មិនថាជាបទភ្លេង ការកម្សាន្ត ប្រព័ន្ធអ៊ីនធឺណិត ឬសៀវភៅនិងទស្សនាវដ្ដីជាដើម។
៥:២១: បើយើងស្រឡាញ់ព្រះយេហូវ៉ា តើយើងសុខចិត្តបង្ខូចចំណងមិត្តភាពជាមួយនឹងទ្រង់ដោយព្រោះចង់បានការសប្បាយតែមួយភ្លែតឬ? ពិតជាអត់ទេ! ការចងចាំថាព្រះយេហូវ៉ាទតឃើញអស់ទាំងការប្រព្រឹត្តរបស់យើង ហើយថាទ្រង់នឹងកាត់ទោសយើងផង ជាអ្វីដែលជំរុញឲ្យយើងប្ដេជ្ញាចិត្តរក្សាភាពស្អាតស្អំខាងសីលធម៌។
៦:១-៥: ខទាំងប៉ុន្មាននេះមានយោបល់ល្អណាស់ ឲ្យយើងប្រយ័ត្ននឹងការចូលហ៊ុនឬ«ធានាឲ្យ»អ្នកឯទៀតដោយឥតចេះគិត។ បើយើងបានធ្វើដូច្នេះរួចហើយ តែទទួលស្គាល់ថាទង្វើនោះមិនប្រកបទៅដោយប្រាជ្ញា ចូរ«អង្វរដល់គេ»ម្ដងហើយម្ដងទៀត និងព្យាយាមដោះស្រាយរឿងនោះអស់ពីសមត្ថភាព។
៦:១៦-១៩: អំពើទាំង៧យ៉ាងនេះរួមបញ្ចូលស្ទើរតែគ្រប់អំពើអាក្រក់ទាំងអស់។ យើងត្រូវរៀនឲ្យចេះស្អប់អំពើទាំងនោះ។
៦:២០-២៤: ការអប់រំកូនតាមគោលការណ៍ព្រះគម្ពីរអាចការពារពួកគេពីអំពើអសីលធម៌ខាងកាមដែលប្រៀបដូចជាអន្ទាក់។ មាតាបិតាមិនគួរធ្វេសប្រហែសក្នុងការអប់រំកូនអំពីរឿងនេះ។
៧:៤: យើងគួរបណ្ដុះឲ្យមានចិត្តស្រឡាញ់ប្រាជ្ញានិងយោបល់ឬការយល់ដឹង។
សុភាសិតដែលណែនាំផ្លូវយើង
សុភាសិតឯទៀតរបស់សាឡូម៉ូនជាឱវាទផ្សេងៗដែលមានខ្លឹមសារ។ សុភាសិតភាគច្រើននេះសរសេរជាការប្រៀបធៀបសឲ្យឃើញលក្ខណៈផ្សេងៗដែលខុសស្រឡះពីគ្នា ឬក៏បង្ហាញលក្ខណៈប្រហាក់ប្រហែលនឹងគ្នាក៏មាន។ សុភាសិតទាំងនេះជាមេរៀនសំខាន់ណាស់ អំពីអាកប្បកិរិយា ពាក្យសម្ដីនិងចិត្តគំនិតរបស់មនុស្សជាតិ។
សុភាសិតជំពូក១០ដល់២៤បញ្ជាក់នូវប្រយោជន៍ដែលមកពីការកោតខ្លាចព្រះយេហូវ៉ា។ សុភាសិតជំពូក២៥ដល់២៩បានចម្លងទុកដោយ«ពួកស្មៀនរបស់ហេសេគា ស្តេចសាសន៍យូដា»។ (សុភាសិត ២៥:១) សុភាសិតទាំងនេះបង្រៀនឲ្យយើងពឹងផ្អែកលើព្រះយេហូវ៉ា ហើយមានមេរៀនសំខាន់ៗឯទៀតដែរ។
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
១០:៦—តើ«សេចក្ដីច្រឡោតតែងខ្ទប់មាត់របស់មនុស្សអាក្រក់»យ៉ាងដូចម្ដេច? ជាការធម្មតាដែលមនុស្សល្អស្អប់មនុស្សអាក្រក់ ដូច្នេះនេះប្រហែលជាធ្វើឲ្យមនុស្សអាក្រក់មិនហ៊ាននិយាយ។ ប៉ុន្តែ ឯកសារដើមជាភាសាហេព្រើរប្រហែលជាបញ្ជាក់ន័យម្យ៉ាងទៀត សមស្របនឹងព្រះគម្ពីរភាសាខ្មែរសម្រាយ ដែលបកប្រែឃ្លានេះថា៖ «មនុស្សពាលតែងតែនិយាយបិទបាំងអំពើឃោរឃៅរបស់ខ្លួន»។ នេះបានន័យថា គេប្រើពាក្យផ្អែមពីរោះដើម្បីបិទបាំងបំណងអាក្រក់របស់ខ្លួន។
១០:១០—តើ‹អ្នកដែលមិចភ្នែក›នាំឲ្យអ្នកដទៃកើតទុក្ខយ៉ាងដូចម្ដេច? «មនុស្សចោលម្សៀត»មិនគ្រាន់តែ«ប្រើមាត់ពោលពាក្យវៀច»ប៉ុណ្ណោះ តែប្រហែលជាចង់បិទបាំងផែនការអាក្រក់ដោយធ្វើកាយវិការដូចជា«មិចភ្នែក»ជាដើម។ (សុភាសិត ៦:១២, ១៣) កាយវិការបោកបញ្ឆោតនោះធ្វើឲ្យអ្នកដទៃពិបាកចិត្តណាស់។
១០:២៩—តើ«ផ្លូវព្រះយេហូវ៉ា»សំដៅទៅលើអ្វី? ផ្លូវនេះមិនសំដៅទៅលើរបៀបរស់នៅរបស់យើងទេ តែបញ្ជាក់ពីរបៀបព្រះយេហូវ៉ាប្រព្រឹត្តលើមនុស្សជាតិវិញ ពោលគឺប្រទានឲ្យមនុស្សទៀងត្រង់នូវសេចក្ដីសុខ តែជាសេចក្ដីហិនវិនាសដល់មនុស្សអាក្រក់។
១១:៣១—ហេតុអ្វីបានជាមនុស្សអាក្រក់នឹងទទួលសំណងលើសជាងមនុស្សសុចរិត? សំណងក្នុងខនេះសំដៅទៅលើទោសដែលគេនឹងទទួល។ ពេលមនុស្សសុចរិតភ្លាត់ធ្វើខុស គាត់ទទួលការទូន្មានប្រដៅជាសំណង។ រីឯមនុស្សអាក្រក់គេគួរនឹងទទួលទោសច្រើនជាងដោយសារគេធ្វើអំពើបាបដោយចេតនាហើយមិនព្រមកែប្រែ។
១២:២៣—តើមនុស្សអាច«គ្របបាំងចំណេះរបស់ខ្លួន»ដោយរបៀបណា? ការគ្របបាំងចំណេះមិនបានសេចក្ដីថា ធ្វើដូចជាអត់ចេះអ្វីសោះនោះទេ។ ផ្ទុយទៅវិញ ការគ្របបាំងចំណេះសំដៅទៅលើការប្រើចំណេះដោយចេះវិនិច្ឆ័យ គឺដោយមិនអួតខ្លួនឲ្យអ្នកដទៃដឹង។
១៨:១៩—តើ‹បងប្អូនដែលអន់ចិត្ត នោះពិបាកពង្រាបជាជាងទីក្រុងយ៉ាងមាំមួន›យ៉ាងដូចម្ដេច? ដូចជាទីក្រុងមាំមួនដែលសត្រូវមិនអាចលុកលុយចូលបាន នោះមនុស្សដែលអន់ចិត្តប្រហែលជាមិនព្រមអត់ទោសឲ្យគេជាដាច់ខាត។ ជម្លោះរវាងអ្នកទាំងពីរអាចក្លាយទៅជារឿងធំធៀបដូចជា«រនុកទ្វារបន្ទាយ»។
មេរៀនសម្រាប់យើង:
១០:១១-១៤: បើយើងចង់ពោលពាក្យដែលពង្រឹងកម្លាំងចិត្តអ្នកដទៃ យើងត្រូវតែមានគំនិតពេញទៅដោយចំណេះពិត ចិត្តជំរុញដោយសេចក្ដីស្រឡាញ់ ហើយមានប្រាជ្ញាដើម្បីជ្រើសរើសពាក្យត្រឹមត្រូវ។
១០:១៩; ១២:១៨; ១៣:៣; ១៥:២៨; ១៧:២៨: ចូរឲ្យយើងពោលពាក្យតិចដែលបង្កប់អត្ថន័យជ្រៅ។
១១:១; ១៦:១១; ២០:១០, ២៣: ព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យយើងប្រកបមុខរបរដោយទៀងត្រង់។
១១:៤: មនុស្សដែលរកទ្រព្យសម្បត្ដិយ៉ាងច្រើនដល់ម្ល៉េះបានជាខកខានក្នុងការសិក្សាព្រះគម្ពីរនិងការអធិស្ឋាន ព្រមទាំងខានចូលរួមកិច្ចប្រជុំនិងកិច្ចបម្រើផ្សាយ នោះមានភាពល្ងីល្ងើមែន។
១៣:៤: ការ«ប្រាថ្នាចង់បាន»ប៉ុណ្ណោះ នូវភារកិច្ចផ្សេងៗក្នុងក្រុមជំនុំ ឬជីវិតក្នុងពិភពលោកថ្មី នោះមិនគ្រប់គ្រាន់ទេ។ យើងក៏ត្រូវមានចិត្តខ្នះខ្នែងហើយសង្វាតព្យាយាមដើម្បីបំពេញតម្រូវការ។
១៣:២៤; ២៩:១៥, ២១: ចំពោះកំហុសរបស់កូន មាតាបិតាដែលស្រឡាញ់កូននឹងមិនទម្រើសវាឬធ្វើមិនដឹងមិនឮនោះឡើយ។ ផ្ទុយទៅវិញ មាតាបិតាចាត់វិធានការដើម្បីជម្រះទំនោរចិត្តអាក្រក់ចេញពីចិត្តកូនកុំឲ្យក្លាយជាទម្លាប់។
១៤:១០: អ្នកដទៃមិនតែងតែយល់អារម្មណ៍ដែលកប់ជ្រៅក្នុងចិត្តយើង ហើយជួនកាលយើងក៏ពិបាកបង្ហាញឲ្យគេដឹងពីមនោសញ្ចេតនារបស់យើងដែរ។ ជាលទ្ធផល ការសម្រាលទុក្ខពីមនុស្សដទៃមានកម្រិត។ ដូច្នេះ យើងប្រហែលជាត្រូវស៊ូទ្រាំការពិបាកខ្លះដោយពឹងផ្អែកលើព្រះយេហូវ៉ាទាំងស្រុង។
១៥:៧: អ្នកសាបព្រោះមិនចាក់គ្រាប់ស្រូវនៅកន្លែងតែមួយទេ។ ដូចគ្នាដែរ មិនគប្បីឲ្យយើងប្រាប់អ្នកដទៃពីអ្វីៗទាំងអស់ភ្លាមៗនោះទេ ដ្បិតមនុស្សប្រាជ្ញរមែងផ្សាយចំណេះចេញម្ដងបន្ដិចៗតាមដែលត្រូវការ។
១៥:១៥; ១៨:១៤: ការរក្សាឲ្យមានគំនិតល្អដែលចេះតែសង្ឃឹមទៅមុខ នឹងជួយយើងមានអំណរសូម្បីតែក្រោមកាលៈទេសៈដែលមានទុក្ខក្ដី។
១៧:២៤: គប្បីឲ្យយើងខំរកតម្រិះដើម្បីប្រព្រឹត្តដោយប្រាជ្ញា ជាជាងធ្វើដូច«មនុស្សល្ងីល្ងើ»ដែលមិនចេះប្រមូលអារម្មណ៍លើរឿងសំខាន់ៗ ហើយចេះតែមើលពីនេះពីនោះ។
២៣:៦-៨: យើងត្រូវប្រុងប្រយ័ត្ននឹងពួកអ្នកដែលធ្វើពុតជាមនុស្សមានចិត្តសទ្ធាតែសម្បកក្រៅ។
២៧:២១: លក្ខណៈពិតរបស់យើងអាចលេចមកយ៉ាងច្បាស់ពេលយើងទទួលសេចក្ដីសរសើរ។ បើសេចក្ដីសរសើរជំរុញឲ្យយើងទទួលស្គាល់ថាយើងជំពាក់គុណព្រះយេហូវ៉ា ឬលើកទឹកចិត្តយើងឲ្យបម្រើទ្រង់ជាបន្ត នេះបង្ហាញថាយើងមានចិត្តរាបទាបមែន។ ប៉ុន្តែ បើយើងកើតមានចិត្តធំពេលទទួលសេចក្ដីសរសើរ នេះសឲ្យឃើញថាយើងគ្មានចិត្តរាបទាបទេ។
២៧:២៣-២៧: សុភាសិតទាំងនេះរៀបរាប់ពីទិដ្ឋភាពផ្សេងៗនៅជនបទដែលលើកបញ្ជាក់នូវប្រយោជន៍ដែលមកពីការពេញចិត្តនឹងធ្វើការដោយខ្នះខ្នែងដើម្បីឲ្យមានជីវភាពរស់នៅសាមញ្ញធម្មតា។ សុភាសិតទាំងនេះបង្កប់អត្ថន័យដែលបង្ហាញពីសារៈសំខាន់នៃការពឹងផ្អែកលើព្រះយេហូវ៉ា។
២៨:៥: បើយើង«ស្វែងរកព្រះយេហូវ៉ា»ដោយសិក្សាព្រះបន្ទូលរបស់ទ្រង់និងអធិស្ឋានផង យើងអាច«យល់គ្រប់ទាំងអស់»ដែលចាំបាច់ដើម្បីផ្គាប់ព្រះហឫទ័យព្រះក្នុងកិច្ចបម្រើទ្រង់។
«ពាក្យទូន្មាន»
ជំពូកទាំងពីរចុងក្រោយបង្អស់ក្នុងសៀវភៅសុភាសិតមាន«សេចក្ដីទំនាយ[ឬ«ពាក្យទូន្មាន»]»ដ៏សំខាន់។ (សុភាសិត ៣០:១; ខ.ស.; ៣១:១) ពាក្យទូន្មានរបស់អេគើររួមបញ្ចូលពាក្យប្រៀបប្រដូចផ្សេងៗដែលជំរុញយើងឲ្យគិតវែងឆ្ងាយ។ គាត់លើកឧទាហរណ៍ដែលបង្ហាញថា មនុស្សលោភមិនចេះស្កប់ចិត្ត។ អេគើរក៏បង្ហាញឲ្យដឹងថា ពាក្យស្នេហាដែលពួកប្រុសៗប្រើដើម្បីលួងចិត្តស្រីក្រមុំ គឺមិនងាយសម្គាល់ទេ។ ហើយពាក្យទូន្មានរបស់អេគើរក៏ព្រមានកុំឲ្យយើងអួតខ្លួនឬគំហកដាក់គេដោយព្រោះមានចិត្តខឹង។
ទំនាយឬសេចក្ដីទូន្មានដែលលេមយួលទទួលពីមាតាទ្រង់ មានយោបល់ល្អៗអំពីការពិសាស្រាទំពាំងបាយជូរនិងគ្រឿងស្រវឹងឯទៀត ព្រមទាំងពន្យល់អំពីរបៀបវិនិច្ឆ័យតាមសេចក្ដីសុចរិត។ ក្រោយមកក៏មានការពណ៌នាអំពីលក្ខណៈនៃភរិយាល្អ ហើយសុភាសិតនេះចប់ដោយជូនយោបល់ថា៖ «ចូរថ្លែងពីផលដែលដៃនាងបានបង្កើត ហើយទុកឲ្យស្នាដៃរបស់នាងបានជាទីសរសើរដល់នាង»។—សុភាសិត ៣១:៣១
ចូរខំឲ្យបានប្រាជ្ញាចុះ! ចូរព្រមទទួលសេចក្ដីប្រៀនប្រដៅដែរ ហើយបណ្ដុះឲ្យមានចិត្តកោតខ្លាចព្រះយេហូវ៉ានិងពឹងផ្អែកទ្រង់ទាំងស្រុង។ សៀវភៅសុភាសិតដែលព្រះបានបណ្ដាលឲ្យមនុស្សសរសេរនោះ ពិតជាមានមេរៀនពិសេសណាស់! ដូច្នេះ ចូរឲ្យយើងធ្វើតាមយោបល់ក្នុងសៀវភៅសុភាសិត ដើម្បីឲ្យបានសុភមង្គលជាពួក‹អ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ា›។—ទំនុកដំកើង ១១២:១