តើអ្នកនឹងស្មោះត្រង់ដូចលោកអេលីយ៉ាទេ?
«មើល មុនដែលថ្ងៃដ៏ធំហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់ នោះអញនឹងចាត់អេលីយ៉ា ឲ្យមកឯឯងរាល់គ្នា»។—ម៉ាឡាគី ៤:៥
១. តើវិបត្ដិភ័យអ្វីដែលកើតឡើងក្រោយពីពួកអ៊ីស្រាអែល បាននៅក្នុងស្រុកដែលបានសន្យាមក ប្រមាណ៥០០ឆ្នាំ?
«ជាស្រុកដែលមានទឹកដោះនឹងទឹកឃ្មុំហូរហៀរ»។ (និក្ខមនំ ៣:៧, ៨) នោះហើយជាអ្វីដែលព្រះយេហូវ៉ាបានប្រទានដល់ពួកអ៊ីស្រាអែល ក្រោយពីបានរំដោះពួកគេចេញពីសេវកភាពអេស៊ីប ក្នុងសតវត្សទី១៦ ម.ស.យ.។ ប៉ុន្តែ សូមមើល! ប្រាំសតវត្សបានកន្លងទៅ ហើយឥឡូវនេះ រាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធដប់ គឺកំពុងតែមានទុរភិក្សយ៉ាងខ្លាំង។ សូម្បីតែរកស្មៅខ្ចី ក៏ពិបាកដែរ។ សត្វទាំងឡាយគឺកំពុងតែស្លាប់ ហើយឥតមានភ្លៀងធ្លាក់អស់រយៈបីឆ្នាំកន្លះមកហើយ។ (ពង្សាវតារក្សត្រទី១ ១៨:៥; លូកា ៤:២៥) តើអ្វីដែលទទួលខុសត្រូវចំពោះវិបត្ដិភ័យនេះ?
២. តើអ្វីជាមូលហេតុនៃវិបត្ដិភ័យនៃសាសន៍អ៊ីស្រាអែល?
២ សេចក្ដីក្បត់ជំនឿ គឺបានបណ្ដាលឲ្យមានវិបត្ដិភ័យនេះ។ ដោយប្រព្រឹត្តល្មើសនឹងច្បាប់របស់ព្រះ នោះស្តេចអ័ហាប់បានរៀបការយេសិបិល ជាជាតិកាណាន ហើយបានអនុញ្ញាតឲ្យនាងយកការថ្វាយបង្គំព្រះបាល ចូលមកក្នុងប្រទេសអ៊ីស្រាអែល។ អ្វីដែលអាក្រក់ជាងនេះទៀត ទ្រង់បានសង់ព្រះវិហារជូនព្រះក្លែងក្លាយនេះ ក្នុងក្រុងសាម៉ារី ក្នុងរាជធានី។ ពួកអ៊ីស្រាអែលបានត្រូវប្រលោមឲ្យជឿថា ការថ្វាយបង្គំព្រះបាល នឹងធ្វើឲ្យគេមានដំណាំហូរហៀរ! ប៉ុន្តែ ដូចព្រះយេហូវ៉ាបានព្រមានមក ឥឡូវនេះ ពួកគេមានគ្រោះថ្នាក់នៃ‹ការបាត់បង់ដីដ៏ល្អរបស់គេ›។—ចោទិយកថា ៧:៣, ៤; ១១:១៦, ១៧; ពង្សាវតារក្សត្រទី១ ១៦:៣០-៣៣
ការសាកល្បងដ៏អស្ចារ្យនៃភាពជាព្រះ
៣. តើតាមរបៀបណាដែលព្យាការីអេលីយ៉ា សំដៅទៅលើបញ្ហាដ៏ធំនៃអ៊ីស្រាអែល?
៣ ពេលដែលមានទុរភិក្ស លោកអេលីយ៉ាជាព្យាការីដ៏ស្មោះត្រង់របស់ព្រះ ក៏ទូលប្រាប់ស្តេចអ័ហាប់ថា៖ «ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដ៏មានព្រះជន្មរស់ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា ក្នុងប៉ុន្មានឆ្នាំទៅមុខនេះនឹងគ្មានភ្លៀង គ្មានសន្សើមឡើយ វៀរតែដោយសារពាក្យទូលបង្គំប៉ុណ្ណោះ»! (ពង្សាវតារក្សត្រទី១ ១៧:១) ក្រោយពីបានពិសោធការសម្រេចដ៏អាក្រក់នៃសេចក្ដីប្រកាសនោះ ស្តេចនេះបានដាក់បន្ទោសលើអេលីយ៉ា ជាអ្នកដែលនាំឲ្យមានសេចក្ដីវេទនាដល់ពួកអ៊ីស្រាអែល។ ប៉ុន្តែ លោកអេលីយ៉ាទូលតបថា ស្តេចអ័ហាប់និងពួកវង្សរបស់ទ្រង់ ជាអ្នកជាប់ទោស ពីព្រោះនៃសេចក្ដីក្បត់ជំនឿរបស់គេ ជាអ្នកថ្វាយបង្គំព្រះបាល។ ដើម្បីនឹងដោះស្រាយរឿងនេះ ព្យាការីនៃព្រះយេហូវ៉ា ដាស់តឿនស្តេចអ័ហាប់ឲ្យប្រមូលពួកអ៊ីស្រាអែលទាំងអស់ ទៅភ្នំកើមែល ព្រមទាំងពួកព្យាការីនៃព្រះបាល៤៥០នាក់ និងពួកព្យាការីនៃរូបព្រះទាំង៤០០នាក់។ ស្តេចអ័ហាប់និងរាស្ត្ររបស់ទ្រង់បានមកផ្ដុំគ្នាកន្លែងនោះ ប្រហែលជាសង្ឃឹមថា គ្រានោះនឹងនាំឲ្យមានទីបញ្ចប់ពេលរាំងភ្លៀងដ៏យូរ។ ប៉ុន្តែ លោកអេលីយ៉ាសំដៅទៅឯរឿងដ៏សំខាន់ជាងនោះទៀត។ លោកសួរថា៖ «តើអ្នករាល់គ្នានៅតែស្ទាក់ស្ទើរកណ្ដាលផ្លូវទាំង២នេះ ដល់កាលណាទៀត? បើព្រះយេហូវ៉ាទ្រង់ជាព្រះ នោះចូរដើរតាមទ្រង់ទៅ តែបើព្រះបាលជាព្រះវិញ នោះចូរប្រតិបត្ដិតាមចុះ»។ ពួកអ៊ីស្រាអែលមិនដឹងនិយាយយ៉ាងម៉េចទេ។—ពង្សាវតារក្សត្រទី១ ១៨:១៨-២១
៤. ដើម្បីដោះស្រាយរឿងនៃភាពជាព្រះ តើលោកអេលីយ៉ាបានដាក់ស្នើអ្វី?
៤ ជាយូរឆ្នាំមកហើយ ដែលពួកអ៊ីស្រាអែលបានប្រឡូកប្រឡាក់ការថ្វាយបង្គំរបស់ព្រះយេហូវ៉ា ជាមួយនឹងការថ្វាយបង្គំព្រះបាល។ ដើម្បីដោះស្រាយរឿងនៃភាពជាព្រះ ឥឡូវនេះអេលីយ៉ាបានដាក់ស្នើការប្រកួតមួយ។ លោកនឹងរៀបចំឲ្យមានគោឈ្មោលមួយសំរាប់ធ្វើយញ្ញបូជា ហើយគោឈ្មោលមួយទៀត នឹងបានរៀបចំដោយពួកព្យាការីនៃព្រះបាល។ រួចមក លោកអេលីយ៉ាមានប្រសាសន៍ថា៖ «ហើយចូរឲ្យអ្នករាល់គ្នាអំពាវនាវដល់ព្រះនាមព្រះរបស់អ្នករាល់គ្នាចុះ ឯខ្ញុំក៏នឹងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាវិញ បើព្រះណាឆ្លើយមកដោយសារភ្លើង នោះចូរឲ្យរាប់ព្រះនោះទុកជាព្រះពិតចុះ»។ (ពង្សាវតារក្សត្រទី១ ១៨:២៣, ២៤) សូមគិតមើល ភ្លើងចេញមកពីផ្ទៃមេឃក្នុងការតបឆ្លើយនឹងសេចក្ដីអធិស្ឋាន!
៥. តើតាមរបៀបណាដែលភាពឥតប្រយោជន៍នៃការថ្វាយបង្គំព្រះបាលបានលាតត្រដាងឡើង?
៥ លោកអេលីយ៉ាបានអញ្ជើញពួកព្យាការីនៃព្រះបាលឲ្យចាប់ផ្ដើម។ គេបានរៀបចំគោឈ្មោលដើម្បីធ្វើយញ្ញបូជា ហើយក៏ដាក់លើអាសនៈ។ រួចគេ ក៏ដើរខ្ចើចៗជុំវិញអាសនៈ ដោយអធិស្ឋានថា៖ «ឱព្រះបាលអើយ សូមឆ្លើយមកយើងខ្ញុំរាល់គ្នាផង»! គេបានធ្វើដូចនេះ «ចាប់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់»។ លោកអេលីយ៉ាពោលចំអកថា៖ «ចូរស្រែកឲ្យខ្លាំងឡើង»។ ព្រះបាលច្បាស់ជារវល់ណាស់ ឬ «ប្រហែលជាដេកលក់ទេដឹង ត្រូវដាស់លោកឡើង»! មិនយូរប៉ុន្មាន ពួកព្យាការីនៃព្រះបាលបានចូលក្នុងដំណើរវក់។ សូមមើល! គេយកកាំបិតឆូតសាច់ ហើយឈាមហូរប្រឡាក់កាយ។ ហើយមានសម្រែកខ្លាំងមែន ក្នុងកាលដែលពួក៤៥០នាក់ ស្រែកខ្លាំងឡើង! ប៉ុន្តែគ្មានចម្លើយណាឡើយ!—ពង្សាវតារក្សត្រទី១ ១៨:២៦-២៩
៦. តើការរៀបចំអ្វីដែលលោកអេលីយ៉ាបានធ្វើ សំរាប់ការសាកល្បងនៃភាពជាព្រះ?
៦ ឥឡូវនេះ គឺដល់វេនលោកអេលីយ៉ា។ លោកសង់អាសនៈនៃព្រះយេហូវ៉ា ហើយជីកប្រឡាយព័ទ្ធជុំវិញ រួចមកក៏រៀបចំតង្វាយជាស្រេច។ រួចមក លោកក៏យកទឹកចាក់លើឧសនិងតង្វាយ។ មានទឹកដប់ពីរក្អមដ៏ធំៗ ដែលបានចាក់លើអាសនៈ រហូតដល់ពេញប្រឡាយដែរ។ សូមគិតនូវការថប់បារម្ភ កាលដែលលោកអេលីយ៉ាអធិស្ឋានថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃអ័ប្រាហាំ នៃអ៊ីសាក ហើយនៃអ៊ីស្រាអែលអើយ សូមឲ្យមនុស្សបានដឹងនៅថ្ងៃនេះថា ទ្រង់ជាព្រះនៃពួកអ៊ីស្រាអែល ហើយថា ទូលបង្គំជាអ្នកបំរើទ្រង់ ព្រមទាំងថា ទូលបង្គំបានធ្វើការទាំងនេះ ដោយស្ដាប់តាមព្រះបន្ទូលទ្រង់ផង។ សូមស្ដាប់ទូលបង្គំ ឱព្រះយេហូវ៉ាអើយ សូមស្ដាប់ទូលបង្គំ ដើម្បីឲ្យប្រជាជននេះបានដឹងថា គឺទ្រង់ ឱព្រះយេហូវ៉ាអើយ ដែលជាព្រះ ហើយថា គឺទ្រង់ដែលនាំចិត្តគេត្រឡប់មកវិញ»។—ពង្សាវតារក្សត្រទី១ ១៨:៣០-៣៧
៧, ៨. (ក) តើតាមរបៀបណាដែលព្រះយេហូវ៉ាឆ្លើយដល់សេចក្ដីអធិស្ឋានរបស់អេលីយ៉ា? (ខ) តើអ្វីដែលបានសម្រេចដោយព្រឹត្ដិការណ៍លើភ្នំកេមែល?
៧ ក្នុងការឆ្លើយដល់សេចក្ដីអធិស្ឋានរបស់លោកអេលីយ៉ា ‹ភ្លើងនៃព្រះយេហូវ៉ាក៏ធ្លាក់ចុះមកបញ្ឆេះតង្វាយ ព្រមទាំងឧស ថ្ម និងធូលីដី ហើយក៏លិទ្ធទឹកដែលនៅក្នុងប្រឡាយអស់ទៅដែរ›។ ពួកជនទាំងឡាយក៏ក្រាបផ្កាប់មុខពោលថា៖ «ព្រះយេហូវ៉ាទ្រង់ជាព្រះ ព្រះយេហូវ៉ា ទ្រង់ជាព្រះពិតហើយ»! (ពង្សាវតារក្សត្រទី១ ១៨:៣៨, ៣៩) ឥឡូវនេះ លោកអេលីយ៉ាក៏ចាត់វិធានការដ៏ឥតរារែក។ លោកបង្គាប់ថា៖ «ចូរចាប់ពួកហោរារបស់ព្រះបាលទៅ! កុំឲ្យអ្នកណាមួយរួចឡើយ»! ក្រោយពីបានសម្លាប់ពួកគេនៅជ្រោះគីសុន មេឃត្រឡប់ជាខ្មៅដោយពពក។ នៅទីបំផុត ក៏ធ្លាក់ភ្លៀងជាខ្លាំង!—ពង្សាវតារក្សត្រទី១ ១៨:៤០-៤៥; ប្រៀបធៀប ចោទិយកថា ១៣:១-៥
៨ នេះជាថ្ងៃដ៏រុងរឿងមែន! ព្រះយេហូវ៉ាមានជ័យជំនះក្នុងការសាកល្បងដ៏អស្ចារ្យនៃភាពជាព្រះ។ ម្យ៉ាងវិញទៀត ព្រឹត្ដិការណ៍ទាំងនេះ បានប្រែចិត្តពួកអ៊ីស្រាអែលជាច្រើនឲ្យត្រឡប់មកព្រះវិញ។ ក្នុងផ្លូវនេះនិងផ្លូវឯទៀត លោកអេលីយ៉ាបានសឲ្យឃើញថាស្មោះត្រង់ ជាព្យាការីម្នាក់ ហើយលោកបានដើរតួក្នុងទំនាយផងដែរ។
‹អេលីយ៉ាជាព្យាការី› មិនទាន់មកដល់នៅឡើយ?
៩. តើអ្វីដែលបានទាយនៅម៉ាឡាគី ៤:៥, ៦?
៩ ក្រោយមក តាមរយៈម៉ាឡាគី ព្រះបានទាយប្រាប់ថា៖ «មើល មុនដែលថ្ងៃដ៏ធំហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់ នោះអញនឹងចាត់អេលីយ៉ា ឲ្យមកឯឯងរាល់គ្នា លោកនឹងបង្វែរចិត្តពួកឪពុកមកឯកូន និងចិត្តកូនមកឯឪពុកវិញ ក្រែងអញមកវាយផែនដីដោយសេចក្ដីបណ្ដាសា»។ (ម៉ាឡាគី ៤:៥, ៦) លោកអេលីយ៉ាបានរស់នៅ ប្រមាណ៥០០ឆ្នាំ មុននឹងពាក្យទាំងនោះបានថ្លែងមក។ ពីព្រោះនេះជាពាក្យទំនាយ ពួកសាសន៍យូដានៃសតវត្សទីមួយ ស.យ. បានទន្ទឹងចាំការត្រឡប់មកវិញនៃលោកអេលីយ៉ា ដើម្បីនឹងសម្រេចទំនាយនេះ។—ម៉ាថាយ ១៧:១០
១០. តើអ្នកណាដែលជាលោកអេលីយ៉ាដែលបានទាយកមក ហើយតើយើងដឹងដោយដូចម្ដេច?
១០ ដូច្នេះ តើអ្នកណាជាលោកអេលីយ៉ាដែលនឹងមកខាងមុខ? អត្តសញ្ញាណរបស់លោកបានសម្ដែងប្រាប់ដោយព្រះយេស៊ូគ្រីស្ទ ដែលមានបន្ទូលថា៖ «តាំងតែពីគ្រាយ៉ូហាន-បាទីស្ទ ដរាបដល់គ្រាឥឡូវនេះ នោះមានគេខំប្រឹងចាប់បាននគរស្ថានសួគ៌ ហើយគឺជាពួកខំប្រឹងពិតដែលចាប់បានផង ពីព្រោះអស់ទាំងហោរា នឹងក្រិត្យវិន័យបានទាយ ដរាបមកដល់គ្រាលោកយ៉ូហាន ហើយបើសិនជាអ្នករាល់គ្នាព្រមទទួលពាក្យនេះ នោះគឺលោកនេះហើយ ‹ជាលោកអេលីយ៉ាដែលត្រូវមក›»។ ត្រូវហើយ លោកយ៉ូហានជាអ្នកដែលធ្វើបុណ្យជ្រមុជទឹក បានត្រូវរៀបរាប់មកជាបុគ្គលដែលមានឋានៈស្មើនឹងលោកអេលីយ៉ា។ (ម៉ាថាយ ១១:១២-១៤; ម៉ាកុស ៩:១១-១៣) ទេវតាមួយអង្គបានប្រាប់សាការី ជាឪពុករបស់យ៉ូហាន ថាយ៉ូហាននឹងមាន«អំណាចរបស់លោកអេលីយ៉ា» ហើយនឹង«រៀបចំមនុស្ស១ពួកទុកជាស្រេច សំរាប់ជារាស្ត្ររបស់ព្រះអម្ចាស់»។ (លូកា ១:១៧) ពិធីជ្រមុជទឹក ដែលយ៉ូហានធ្វើឡើង ជាសញ្ញាសាធារណៈនៃការប្រែចិត្តរបស់បុគ្គលម្នាក់លើបាបរបស់ខ្លួន ដែលប្រឆាំងនឹងច្បាប់ ដែលនឹងនាំពួកយូដាទៅឯព្រះគ្រីស្ទ។ (លូកា ៣:៣-៦; កាឡាទី ៣:២៤) ដូច្នេះ កិច្ចការរបស់លោកយ៉ូហាន ‹បានរៀបចំមនុស្សសំរាប់ព្រះយេហូវ៉ា›។
១១. នៅបុណ្យភិន្ដាកុស តើពេត្រុសមានប្រសាសន៍យ៉ាងណា អំពី«ថ្ងៃនៃព្រះយេហូវ៉ា» ហើយតើពេលណាដែលបានកើតឡើង?
១១ កិច្ចការនៃលោកយ៉ូហានជាអ្នកដែលធ្វើបុណ្យជ្រមុជទឹក ដូចជា«លោកអេលីយ៉ា» បានបង្ហាញថា «ថ្ងៃនៃព្រះយេហូវ៉ា» គឺបានមកជិតហើយ។ ការជិតមកដល់នៃថ្ងៃនោះ ក្នុងកាលដែលព្រះចាត់វិធានការប្រឆាំងលើពួកសត្រូវទ្រង់ ហើយរក្សាការពាររាស្ត្រទ្រង់ ក៏បង្ហាញដោយសាវ័កពេត្រុសដែរ។ គាត់បានចង្អុលប្រាប់ថា ព្រឹត្ដិការណ៍ដ៏អព្ភូតហេតុដែលបានកើតឡើងនៅបុណ្យភិន្ដាកុសនៃឆ្នាំ៣៣ ស.យ. ជាការសម្រេចនៃទំនាយរបស់យ៉ូអែល អំពីការចាក់នៃវិញ្ញាណរបស់ព្រះ។ ពេត្រុសបានបង្ហាញថា នេះនឹងកើតឡើងមុន«ដែលថ្ងៃធំឧត្តមរបស់ព្រះអម្ចាស់មកដល់»។ (កិច្ចការ ២:១៦-២១; យ៉ូអែល ២:២៨-៣២) ថ្ងៃនោះបានកើតឡើងក្នុងឆ្នាំ៧០ ស.យ. ពេលដែលព្រះយេហូវ៉ាបានសម្រេចបន្ទូលរបស់ទ្រង់ ដោយបណ្ដាលឲ្យពួកទ័ពរ៉ូម ប្រហារជំនុំជំរះលើសាសន៍ដែលបដិសេធចោលបុត្រារបស់ទ្រង់។—ដានីយ៉ែល ៩:២៤-២៧; យ៉ូហាន ១៩:១៥
១២. (ក) តើប៉ុលនិងពេត្រុសមានប្រសាសន៍យ៉ាងណា អំពី«ថ្ងៃនៃព្រះយេហូវ៉ា»ដែលនឹងមកខាងមុខនេះ? (ខ) ហេតុអ្វីនឹងមានអ្វីមួយកើតឡើងជាប្រាកដ ដូចបានតំណាងដោយកិច្ចការរបស់លោកអេលីយ៉ា?
១២ ប៉ុន្តែ នឹងមានអ្វីទៀតដែលនឹងកើតឡើង ក្រោយពីឆ្នាំ៧០ ស.យ.។ សាវ័កប៉ុលបានសំដៅទៅ ការយាងមក«ថ្ងៃនៃព្រះយេហូវ៉ា» ជាមួយនឹងវត្តមានរបស់ព្រះយេស៊ូគ្រីស្ទ។ ម្យ៉ាងទៀត ពេត្រុសបាននិយាយអំពីថ្ងៃនោះ ដោយភ្ជាប់នឹង«ផ្ទៃមេឃថ្មីនិងផែនដីថ្មី»ដែលមាននៅអនាគត។ (ថែស្សាឡូនីចទី២ ២:១, ២; ពេត្រុសទី២ ៣:១០-១៣) សូមចាំថា លោកយ៉ូហាន-បាទីស្ទ បានធ្វើកិច្ចការដូចលោកអេលីយ៉ា មុននឹង«ថ្ងៃនៃព្រះយេហូវ៉ា»បានមកដល់ក្នុងឆ្នាំ៧០ ស.យ.។ រឿងទាំងនេះបញ្ជូលគ្នាទៅ បានបញ្ជាក់យ៉ាងច្បាស់ថា មានអ្វីមួយទៀតដែលនឹងកើតឡើង ដូចបានតំណាងដោយកិច្ចការរបស់លោកអេលីយ៉ាបានសម្រេច។ តើកិច្ចការនោះជាអ្វី?
ពួកគេមានគតិរបស់លោកអេលីយ៉ា
១៣, ១៤. (ក) តើមានការស្មើគ្នាយ៉ាងណា រវាងសកម្មភាពនៃលោកអេលីយ៉ា និងចំពោះពួកអ្នកចាក់ប្រេងតាំងគ្រីស្ទានក្នុងសម័យនេះ? (ខ) តើពួកអ្នកក្បត់ជំនឿនៃពិភពគ្រីស្ទសាសនាបានធ្វើអ្វី?
១៣ កិច្ចការរបស់លោកអេលីយ៉ាមិនគ្រាន់តែមានស្មើគ្នានឹងសកម្មភាពនៃយ៉ូហាន ជាអ្នកដែលធ្វើបុណ្យជ្រមុជទឹកប៉ុណ្ណោះ ប៉ុន្តែក៏ស្មើនឹងពួកគ្រីស្ទានចាក់ប្រេងតាំងក្នុងកំឡុងដ៏សំខាន់នេះ ដែលនាំទៅដល់«ថ្ងៃនៃព្រះយេហូវ៉ា»។ (ធីម៉ូថេទី២ ៣:១-៥) ដោយមានគតិនិងអំណាចរបស់លោកអេលីយ៉ា ពួកគេជាអ្នកគាំទ្រដ៏ស្មោះត្រង់នៃការថ្វាយបង្គំពិត។ ហើយនេះជាកិច្ចការដ៏ចាំបាច់មែន! ក្រោយពីមរណភាពនៃពួកសាវ័ករបស់ព្រះយេស៊ូ គឺមានសេចក្ដីក្បត់ជំនឿពីសាសនាគ្រីស្ទានពិត ដូចការថ្វាយបង្គំព្រះបាលដែលបានលូតលាស់ក្នុងអ៊ីស្រាអែលនៃសម័យរបស់លោកអេលីយ៉ាដែរ។ (ពេត្រុសទី២ ២:១) ពួកដែលអះអាងថាគ្រីស្ទាន បានចាប់ផ្ដើមឡូកឡំសាសនាគ្រីស្ទាន ជាមួយនឹងការបង្រៀននិងការប្រព្រឹត្តក្លែងក្លាយ។ ជាឧទាហរណ៍ គេចាប់ផ្ដើមយកការបង្រៀនពាហិរជន ដែលមិនមែនជាការបង្រៀនពីព្រះគម្ពីរ ថាមនុស្សមានព្រលឹងអមតៈ។ (សាស្ដា ៩:៥, ១០; អេសេគាល ១៨:៤) ពួកអ្នកក្បត់ជំនឿនៃពិភពគ្រីស្ទសាសនា បានឈប់ប្រើឈ្មោះនៃព្រះពិត ព្រះយេហូវ៉ា។ ផ្ទុយទៅវិញ គេថ្វាយបង្គំព្រះត្រីឯកភាព។ ពួកគេក៏យកការប្រព្រឹត្តដូចព្រះបាល នៃការលត់ជង្គង់ដល់រូបព្រះយេស៊ូនិង មាតាទ្រង់ ម៉ារា។ (រ៉ូម ១:២៣; យ៉ូហានទី១ ៥:២១) ប៉ុន្តែ មិនគ្រាន់តែធ្វើប៉ុណ្ណោះទេ។
១៤ តាំងពីសតវត្សទី១៩មក ពួកមេដឹកនាំនៃពិភពគ្រីស្ទសាសនា បានចាប់ផ្ដើមសម្ដែងការសង្ស័យអំពីភាគជាច្រើននៃព្រះគម្ពីរ។ ជាឧទាហរណ៍ គេបានបដិសេធដំណើររឿងនៃសេចក្ដីបង្កើត ហើយបានសរសើរដល់ទ្រឹស្តីនៃវិវត្តន៍ ដោយហៅថា នេះជា«ស្របតាមវិទ្យាសាស្ត្រ»។ នេះបានជំទាស់យ៉ាងចំៗជាមួយនឹងការបង្រៀនរបស់ព្រះយេស៊ូគ្រីស្ទ និងពួកសាវ័កទ្រង់។ (ម៉ាថាយ ១៩:៤, ៥; កូរិនថូសទី១ ១៥:៤៧) ប៉ុន្តែ ដូចព្រះយេស៊ូនិងពួកអ្នកកាន់តាមទ្រង់ពីមុន ពួកគ្រីស្ទានដែលចាក់ប្រេងតាំងសព្វថ្ងៃនេះ លើកដំកើងដំណើររឿងនៃសេចក្ដីបង្កើតក្នុងព្រះគម្ពីរ។—លោកុប្បត្តិ ១:២៧
១៥, ១៦. ផ្ទុយនឹងពិភពគ្រីស្ទសាសនា តើអ្នកណាដែលបានទទួលអាហារខាងវិញ្ញាណដ៏ទៀងទាត់ ហើយតើតាមរយៈណា?
១៥ កាលដែលលោកនេះបានចូល«គ្រាចុងបញ្ចប់» គឺមានទុរភិក្សខាងវិញ្ញាណលើពិភពគ្រីស្ទសាសនា។ (ដានីយ៉ែល ១២:៤; អេម៉ុស ៨:១១, ១២) ប៉ុន្តែ ពួកគ្រីស្ទានចាក់ប្រេងតាំងដែលជាក្រុមតូចមួយនេះ បានទទួលអាហារខាងវិញ្ញាណដ៏ទៀងទាត់ដែលបានប្រទានដោយព្រះ ‹នៅពេលត្រឹមត្រូវ› ដូចព្រះយេហូវ៉ាបានធានារ៉ាប់រងឲ្យលោកអេលីយ៉ាទទួលអាហារ ក្នុងកាលដែលមានទុរភិក្សនៃសម័យរបស់លោក។ (ម៉ាថាយ ២៤:៤៥; ពង្សាវតារក្សត្រទី១ ១៧:៦, ១៣-១៦) ដែលមានឈ្មោះជាសិស្សព្រះគម្ពីរអន្តរជាតិ ពួកអ្នកបំរើស្មោះត្រង់របស់ព្រះទាំងនេះ ក្រោយមកបានទទួលឈ្មោះស្មរបន្ទាល់ព្រះយេហូវ៉ា ដែលមានក្នុងព្រះគម្ពីរ។—អេសាយ ៤៣:១០
១៦ លោកអេលីយ៉ាបានបំពេញកិច្ចការដែលស្របតាមឈ្មោះរបស់គាត់ ដែលមានន័យថា «ព្រះរបស់ខ្ញុំជាព្រះយេហូវ៉ា»។ ប៉មយាមជាទស្សនាវដ្ដីផ្លូវការនៃពួកអ្នកបំរើរបស់ព្រះយេហូវ៉ាលើផែនដី បានប្រើព្រះនាមរបស់ព្រះជារៀងរាល់ដង។ តាមការពិត ក្នុងទស្សនាវដ្ដីលេខទីពីរ (សីហា ១៨៧៩) បានសម្ដែងការទុកចិត្តថា ទស្សនាវដ្ដីនេះ មានការគាំទ្រពីព្រះយេហូវ៉ា។ ទស្សនាវដ្ដីនេះនិងប្រកាសនវត្ថុឯទៀតនៃសមាគមប៉មយាម លាតត្រដាងការបង្រៀននៃពិភពគ្រីស្ទសាសនាដែលឥតមានមូលដ្ឋានក្នុងព្រះគម្ពីរ និងបាប៊ីឡូនដ៏ធំទាំងអស់ ដែលជាចក្រភពទូទៅនៃសាសនាមិនពិត ក្នុងកាលដែលលើកដំកើងភាពពិតនៃបន្ទូលរបស់ព្រះ គឺព្រះគម្ពីរ។—ធីម៉ូថេទី២ ៣:១៦, ១៧; វិវរណៈ ១៨:១-៥
ប្រកបដ៏ស្មោះត្រង់ក្រោមការសាកល្បង
១៧, ១៨. តើតាមរបៀបណាដែលយេសិបិលប្រតិកម្មដល់ការសម្លាប់នៃពួកព្យាការីរបស់ព្រះបាល ប៉ុន្តែតើលោកអេលីយ៉ាបានទទួលជំនួយដោយយ៉ាងណា?
១៧ ប្រតិកម្មរបស់ពួកបព្វជិតចំពោះការលាតត្រដាងនេះ គឺមានសភាពដូចយេសិបិល ក្នុងកាលដែលដឹងថា លោកអេលីយ៉ាបានសម្លាប់ពួកព្យាការីនៃព្រះបាល។ នាងបានបញ្ជូនសារដល់ព្យាការីដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា ដោយសន្យានឹងសម្លាប់លោក។ នេះមិនមែនជាការគំរាមកំហែងឥតសកម្មនោះឡើយ ព្រោះយេសិបិលបានសម្លាប់ព្យាការីរបស់ព្រះជាច្រើនមកហើយ។ ដោយភ័យខ្លាច លោកអេលីយ៉ាបានរត់គេចទៅទិសខាងត្បូងឆៀងខាងលិចនៃបៀរ-សេបា។ លោកក៏ទុកអ្នកបំរើនៅទីនោះ តែខ្លួនលោកបានដើរទៅឆ្ងាយទៀត ចូលក្នុងទីរហោស្ថាន រួចទូលអធិស្ឋានសូមឲ្យខ្លួនស្លាប់ទៅ។ ប៉ុន្តែ ព្រះយេហូវ៉ាមិនបានបោះបង់ចោលព្យាការីរបស់ទ្រង់ទេ។ ទេវតាបានលិចខ្លួនដល់លោកអេលីយ៉ា ដើម្បីរៀបចំលោកសំរាប់ការធ្វើដំណើរដ៏ឆ្ងាយទៅភ្នំហោរែប។ ដូច្នេះ លោកបានទទួលចំណីអាហារសំរាប់ដំណើរអស់៤០ថ្ងៃ ដែលមានប្រវែងជាង៣០០គីឡូម៉ែត្រ។ នៅឯភ្នំហោរែប ព្រះមានបន្ទូលដល់លោក ក្រោយពីបានបង្ហាញនូវអំណាចដ៏អស្ចារ្យរបស់ទ្រង់ ដែលធ្វើឲ្យមានខ្យល់ព្យុះគំហុកជាខ្លាំង កក្រើកផែនដី និងភ្លើងឆេះ។ ព្រះយេហូវ៉ាមិនមែនគង់នៅក្នុងការសម្ដែងនេះទេ។ នេះគឺជាការសម្ដែងនៃវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ឬសកម្មពល។ រួចមក ព្រះយេហូវ៉ាបានមានបន្ទូលដល់ព្យាការីរបស់ទ្រង់។ សូមគិតមើល ការពិសោធនេះច្បាស់ជាបានពង្រឹងអេលីយ៉ាហើយ។ (ពង្សាវតារក្សត្រទី១ ១៩:១-១២) ដូចលោកអេលីយ៉ា ចុះយ៉ាងណាដែរ ប្រសិនបើយើងទៅជាខ្លាច ពេលបានគំរាមកំហែងដោយពួកសត្រូវនៃការថ្វាយបង្គំពិត? ការពិសោធរបស់លោក គួរជួយយើងឲ្យដឹងថា ព្រះយេហូវ៉ាមិនបោះបង់រាស្ត្ររបស់ទ្រង់ឡើយ។—សាំយូអែលទី១ ១២:២២
១៨ ព្រះបានមានបន្ទូលយ៉ាងច្បាស់ថា លោកអេលីយ៉ានៅមានកិច្ចការធ្វើជាព្យាការីម្នាក់។ ម្យ៉ាងវិញទៀត ទោះជាលោកអេលីយ៉ា បានគិតថា លោកជាអ្នកថ្វាយបង្គំតែឯងនៃព្រះពិតក្នុងអ៊ីស្រាអែលក៏ដោយ ព្រះយេហូវ៉ាបានបង្ហាញលោកថា មាន៧.០០០នាក់ដែលឥតបានលត់ជង្គង់ដល់ព្រះបាល។ រួចមក ព្រះក៏បានបញ្ជូនលោកអេលីយ៉ាឲ្យទៅធ្វើកិច្ចការរបស់លោកវិញ។ (ពង្សាវតារក្សត្រទី១ ១៩:១៣-១៨) ដូចលោកអេលីយ៉ា យើងប្រហែលជាបានត្រូវដេញតាម ដោយពួកសត្រូវនៃការថ្វាយបង្គំពិត។ យើងប្រហែលជាត្រូវមានការបៀតបៀនយ៉ាងខ្លាំង ដូចព្រះយេស៊ូបានទាយមក។ (យ៉ូហាន ១៥:១៧-២០) នៅពេលខ្លះ យើងប្រហែលទៅជាថប់ព្រួយចិត្ត។ ប៉ុន្តែ យើងក៏អាចដូចលោកអេលីយ៉ាដែរ ដែលបានទទួលការធានារ៉ាប់រងពីព្រះ ហើយរួចមក ខំតស៊ូដ៏ស្មោះត្រង់ក្នុងកិច្ចបំរើរបស់ព្រះយេហូវ៉ា។
១៩. តើពួកគ្រីស្ទានចាក់ប្រេងតាំងបានពិសោធអ្វីក្នុងកំឡុងសង្គ្រាមលោកលើកទី១?
១៩ ពីព្រោះមានការបៀតបៀនយ៉ាងខ្លាំងក្នុងសង្គ្រាមលោកលើកទី១ ពួកគ្រីស្ទានចាក់ប្រេងតាំងខ្លះបានចុះញ៉មដល់ការខ្លាច ហើយឈប់ដើរផ្សាយ។ ពួកគេបានខុស ដោយគិតថា កិច្ចការរបស់គេលើផែនដីបានចប់ហើយ។ ប៉ុន្តែ ព្រះទ្រង់មិនបានបោះបង់ចោលគេទេ។ ផ្ទុយទៅវិញ ព្រះបានទ្រទ្រង់ពួកគេដោយមេត្ដាករុណា ដូចដែលទ្រង់បានឲ្យចំណីអាហារដល់លោកអេលីយ៉ាដែរ។ ដូចលោកអេលីយ៉ា ពួកចាក់ប្រេងតាំងដ៏ស្មោះត្រង់ ទទួលយកការកែប្រដៅពីព្រះ ហើយបានរួចផុតពីការឥតមានសកម្មភាព។ ភ្នែករបស់គេបានបើកឡើងដល់ភារកិច្ចដ៏ធំនៃការផ្សាយសារព្រះរាជាណាចក្រ។
២០. សព្វថ្ងៃនេះ តើឯកសិទ្ធិអ្វីដែលបានផ្ដល់ឲ្យពួកអ្នកដែលមានចិត្តស្មោះត្រង់ដូចលោកអេលីយ៉ា?
២០ ក្នុងបទទំនាយអំពីវត្តមានរបស់ទ្រង់ ព្រះយេស៊ូបានរៀបរាប់អំពីកិច្ចការពេញពិភពលោក ដែលនឹងត្រូវធ្វើឲ្យចប់សិន មុននឹងទីបញ្ចប់នៃរបបលោកីយ៍នេះ។ (ម៉ាថាយ ២៤:១៤) សព្វថ្ងៃនេះ កិច្ចការនេះគឺកំពុងតែធ្វើឡើងដោយពួកគ្រីស្ទានចាក់ប្រេងតាំង និងពួកគូកនរាប់លាននាក់របស់គេ ដែលទន្ទឹងរង់ចាំជីវិតលើផែនដីមនោរម្យ។ ការធ្វើកិច្ចការផ្សាយព្រះរាជាណាចក្ររហូតដល់ចប់ គឺជាភារកិច្ច ដែលឲ្យដល់តែពួកណាដែលស្មោះត្រង់ដូចលោកអេលីយ៉ាទេ។
សូមឲ្យស្មោះត្រង់ដូចលោកអេលីយ៉ា
២១, ២២. (ក) តើអ្វីជាកិច្ចការដែលពួកគ្រីស្ទានចាក់ប្រេងតាំងនាំមុខធ្វើសព្វថ្ងៃនេះ? (ខ) កិច្ចការផ្សាយកំពុងតែបានសម្រេចដោយជំនួយអ្វី ហើយហេតុអ្វីក៏ត្រូវការជំនួយនេះ?
២១ ដោយមានចិត្តខ្នះខ្នែងដូចលោកអេលីយ៉ា ពួកគ្រីស្ទានចាក់ប្រេងតាំងដែលមានចំនួនតូច បានបំពេញភារកិច្ចរបស់គេនៃការមើលថែរក្សាទ្រព្យលើផែនដីរបស់ព្រះយេស៊ូគ្រីស្ទ ដែលជាស្តេចសោយរាជ្យ។ (ម៉ាថាយ ២៤:៤៧) ហើយជាង៦០ឆ្នាំមកហើយ ព្រះបានប្រើពួកចាក់ប្រេងតាំងនេះ ឲ្យនាំមុខក្នុងកិច្ចការនៃធ្វើឲ្យមានសិស្ស នៃពួកមនុស្សដែលទ្រង់បានផ្ដល់ឲ្យសេចក្ដីសង្ឃឹមដ៏អស្ចារ្យនៃជីវិតអស់កល្បជានិច្ចលើផែនដីមនោរម្យ។ (ម៉ាថាយ ២៨:១៩, ២០) ពួករាប់លានទាំងនេះមានអំណរគុណណាស់ ដែលពួកចាក់ប្រេងតាំងដែលនៅសល់ដ៏តិចនេះ គឺមើលថែរក្សាភារកិច្ចរបស់គេយ៉ាងខ្នះខ្នែងនិងដ៏ស្មោះត្រង់នោះ!
២២ កិច្ចការផ្សាយព្រះរាជាណាចក្រនេះ បានសម្រេចឡើងដោយមនុស្សឥតគ្រប់ល័ក្ខណ៍ ហើយសម្រេចបានដោយកម្លាំងដែលព្រះយេហូវ៉ាប្រទានដល់អស់អ្នក ដែលទុកចិត្តលើទ្រង់។ យ៉ាកុបជាសិស្សម្នាក់ បាននិយាយថា «ហោរាអេលីយ៉ា លោកមានចិត្តដូចជាយើងដែរ» ក្នុងកាលរៀបរាប់គំរូអធិស្ឋានរបស់ពួកព្យាការី ដើម្បីបង្ហាញនូវកម្លាំងនៃសេចក្ដីអធិស្ឋានរបស់មនុស្សសុចរិតម្នាក់។ (យ៉ាកុប ៥:១៦-១៨) លោកអេលីយ៉ាមិនតែងតែទាយឬធ្វើអព្ភូតហេតុនោះទេ។ លោកមានចិត្តនិងភាពទន់ខ្សោយដូចយើង ប៉ុន្តែ លោកបានបំរើព្រះដោយស្មោះត្រង់។ ដោយសារយើងមានជំនួយពីព្រះដែរនោះ ហើយទ្រង់ពង្រឹងកម្លាំងយើង យើងក៏អាចទៅជាស្មោះត្រង់ដូចលោកអេលីយ៉ាដែរ។
២៣. ហេតុអ្វីក៏យើងមានមូលហេតុល្អចំពោះសេចក្ដីស្មោះត្រង់និងការប្រកបដោយវិជ្ជមាន?
២៣ យើងមានមូលហេតុល្អចំពោះសេចក្ដីស្មោះត្រង់និងការប្រកបដោយវិជ្ជមាន។ សូមចាំថា យ៉ូហានជាអ្នកដែលធ្វើបុណ្យជ្រមុជទឹក បានធ្វើកិច្ចការដូចលោកអេលីយ៉ា មុននឹង«ថ្ងៃនៃព្រះយេហូវ៉ា»បានផ្ទុះឡើងក្នុងឆ្នាំ៧០ ស.យ.។ ដោយមានគតិនិងកម្លាំងដូចលោកអេលីយ៉ា ពួកគ្រីស្ទានចាក់ប្រេងតាំង បានធ្វើកិច្ចការដូចនេះដែរ ដែលព្រះប្រទានមកក្នុងទូទាំងផែនដី។ នេះសឲ្យឃើញយ៉ាងច្បាស់ថា «ថ្ងៃនៃព្រះយេហូវ៉ា»ដ៏ធំគឺកៀកណាស់ហើយ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើភាពជាព្រះរបស់ព្រះយេហូវ៉ាបានសឲ្យឃើញយ៉ាងណា លើភ្នំកេមែល?
◻ តើអ្នកណាជា ‹លោកអេលីយ៉ាដែលនឹងមកខាងមុខ› ហើយតើអ្វីដែលលោកបានធ្វើ?
◻ តើតាមរបៀបណាដែលពួកគ្រីស្ទានចាក់ប្រេងតាំងសម័យនេះ បានបង្ហាញថាគេមានគតិដូចលោកអេលីយ៉ា?
◻ ហេតុអ្វីក៏យើងអាចទៅជាស្មោះត្រង់ដូចលោកអេលីយ៉ា?
[ប្រអប់នៅទំព័រ២៧]
តើអេលីយ៉ាឡើងទៅស្ថានសួគ៌មួយណា?
«រួចកំពុងដែលអ្នកទាំង២[អេលីយ៉ានិងអេលីសេ]ដើរទៅ ហើយនិយាយគ្នាទៀត នោះស្រាប់តែឃើញរថជាភ្លើង នឹងសេះជាភ្លើង មកញែកលោកចេញពីគ្នា ហើយអេលីយ៉ាក៏ឡើងទៅឯស្ថានសួគ៌ ដោយខ្យល់កួច»។—ពង្សាវតារក្សត្រទី២ ២:១១
តើក្នុងករណីនេះពាក្យ«ស្ថានសួគ៌»មានន័យអ្វី? ពេលខ្លះពាក្យនេះសំដៅទៅទីដំណាក់វិញ្ញាណនៃព្រះនិងពួកទេវតា ជាបុត្ររបស់ទ្រង់។ (ម៉ាថាយ ៦:៩; ១៨:១០) «ស្ថានសួគ៌»ប្រហែលជាសំដៅទៅលើសកលលោកមែនទែន។ (ចោទិយកថា ៤:១៩) ហើយព្រះគម្ពីរប្រើពាក្យនេះ គឺសំដៅទៅលើបរិយាកាសផែនដី ទីដែលសត្វស្លាបហើរហើយខ្យល់បក់។—ទំនុកដំកើង ៧៨:២៦; ម៉ាថាយ ៦:២៦
តើព្យាការីអេលីយ៉ាបានឡើងទៅស្ថានសួគ៌មួយណា? គឺជាក់ស្តែងណាស់ គាត់បាននាំដោយបរិយាកាសផែនដី ហើយបានដាក់នៅកន្លែងផ្សេងនៃផែនដី។ ប៉ុន្មានឆ្នាំក្រោយមក អេលីយ៉ារស់នៅផែនដីនៅឡើយ ដ្បិតគាត់បានសរសេរសំបុត្រមួយទៅស្តេចយ៉ូរ៉ាមនៃសាសន៍យូដា។ (របាក្សត្រទី២ ២១:១, ១២-១៥) ហេតុដែលអេលីយ៉ាមិនបានឡើងទៅដំណាក់វិញ្ញាណនៃព្រះយេហូវ៉ានោះ ក្រោយមកបានបញ្ជាក់ដោយព្រះយេស៊ូគ្រីស្ទ ដែលប្រកាសថា៖ «គ្មានអ្នកណាបានឡើងទៅស្ថានសួគ៌ឡើយ មានតែព្រះអង្គ ដែលយាងចុះពីស្ថានសួគ៌មកប៉ុណ្ណោះ គឺជាកូនមនុស្សដែលនៅស្ថានសួគ៌នោះឯង» នោះគឺព្រះយេស៊ូអង្គទ្រង់តែម្ដង។ (យ៉ូហាន ៣:១៣) ផ្លូវទៅជីវិតនៅស្ថានសួគ៌បានបើកឲ្យមនុស្សឥតគ្រប់ល័ក្ខណ៍ក្រោយពីការសោយទិវង្គត ដំណើររស់ឡើងវិញ និងការយាងឡើងនៃព្រះយេស៊ូគ្រីស្ទ។—យ៉ូហាន ១៤:២, ៣; ហេព្រើរ ៩:២៤; ១០:១៩, ២០