ថ្ងៃដែល‹ឆេះធ្លោដូចជាគុកភ្លើង›
«ដ្បិតមើល ថ្ងៃនោះកំពុងតែមកដល់ ថ្ងៃនោះឆេះធ្លោ ដូចជាគុកភ្លើង»។—ម៉ាឡាគី ៤:១
១. តើសំនួរអ្វីកើតមានឡើងដែលទាក់ទងនឹងម៉ាឡាគី ៤:១?
នៅកំឡុងថ្ងៃជាន់ក្រោយបង្អស់នេះ សប្បាយហើយអស់អ្នកណាដែលព្រះយេហូវ៉ាជ្រើសរើសកត់ឈ្មោះទុកនៅក្នុងសៀវភៅរំឭករបស់ទ្រង់នោះ។ ប៉ុន្តែ ចុះយ៉ាងណាវិញចំពោះពួកអ្នកដែលគ្មានសិទ្ធិទទួលឯកសិទ្ធិនោះ? ទោះបីពួកគេជាអ្នកគ្រប់គ្រង ឬជាមនុស្សសាមញ្ញក្ដី តើពួកគេនឹងទៅជាយ៉ាងណាដែរ បើសិនជាពួកគេប្រព្រឹត្តដោយសេចក្ដីមើលងាយដល់ពួកអ្នកប្រកាសរាជាណាចក្ររបស់ព្រះនោះ? ម៉ាឡាគីមានប្រសាសន៍អំពីថ្ងៃនៃការជំនុំជំរះ។ នៅជំពូក៤ ខ១ យើងអានថា៖ « ‹ដ្បិតមើល ថ្ងៃនោះកំពុងតែមកដល់ ថ្ងៃនោះឆេះធ្លោ ដូចជាគុកភ្លើង នោះអស់ពួកអ្នកឆ្មើងឆ្មៃ ហើយនឹងអស់ពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្ជ្រាំង។ ហើយថ្ងៃដែលត្រូវមកដល់នោះ នឹងឆេះបន្សុសគេទាំងអស់ទៅ ឥតទុកឲ្យគេមានឫស ឬមែកនៅសល់ឡើយ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ›»។
២. តើអេសេគាលបានរៀបរាប់យ៉ាងច្បាស់យ៉ាងណា អំពីថ្ងៃជំនុំជំរះរបស់ព្រះយេហូវ៉ា?
២ ពួកព្យាការីឯទៀតក៏បានប្រៀបធៀបការជំនុំជំរះរបស់ព្រះយេហូវ៉ា នៃសាសន៍ទាំងឡាយទៅនឹងកំដៅយ៉ាងខ្លាំងនៃគុកភ្លើងនោះដែរ។ ចំពោះការជំនុំជំរះរបស់ព្រះនៃពួកនិកាយនៃអ្នកបះបោរជំនឿរបស់ពិភពគ្រីស្ទសាសនា អេសេគាល ២២:១៩-២២បានទាយមកយ៉ាងត្រឹមត្រូវមែន! គឺអានថា៖ «ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ‹ដោយព្រោះឯងរាល់គ្នាបានត្រឡប់ជាអាចម៍ប្រាក់ទាំងអស់គ្នាទៅហើយ នោះមើលអញនឹងប្រមូលឯងរាល់គ្នា . . . ដូចជាគេប្រមូលប្រាក់ លង្ហិន ដែកសំណ ហើយនឹងស៊ីវិឡាត ដាក់ក្នុងបាវឡ ដើម្បីសប់ភ្លើងរំលាយទៅដែរ គឺយ៉ាងនោះដែលអញនឹងប្រមូលឯងរាល់គ្នា ដោយសេចក្ដីកំហឹង នឹងសេចក្ដីឃោរឃៅរបស់អញ គឺអញនឹងដាក់ឯងរាល់គ្នានៅទីនោះ ហើយរំលាយទៅ អើ អញនឹងប្រមូលឯង ហើយផ្លុំលើឯង ដោយភ្លើងនៃសេចក្ដីក្រោធរបស់អញ នោះឯងរាល់គ្នានឹងត្រូវរលាយទៅ នៅកណ្ដាលទីក្រុង ប្រាក់ត្រូវរលាយទៅក្នុងបាវឡយ៉ាងណា នោះឯងរាល់គ្នានឹងត្រូវរលាយទៅនៅកណ្ដាលនោះយ៉ាងនោះដែរ ដូច្នេះ ឯងរាល់គ្នានឹងដឹងថា អញគឺព្រះយេហូវ៉ានេះ អញបានចាក់សេចក្ដីក្រោធរបស់អញទៅលើឯងរាល់គ្នា› »។
៣, ៤. (ក) តើការអះអាងដ៏លាក់ពុតអ្វីដែលពួកបព្វជិតបានធ្វើឡើង? (ខ) តើឯកសាររបស់សាសនាដ៏ថោកទាបមានយ៉ាងណាខ្លះ?
៣ នេះជាឧទាហរណ៍និទស្សន៍ដ៏ខ្លាំងក្លាមែន! ពួកបព្វជិតដែលបានបដិសេធមិនប្រើព្រះនាមព្រះយេហូវ៉ា ហើយថែមទាំងប្រមាថមើលងាយព្រះនាមបរិសុទ្ធនោះ ពួកគេត្រូវតែប្រឈមមុខនឹងថ្ងៃជំនុំជំរះនោះ។ ដោយឥតកោតក្រែង គេបានអះអាងថាគេនិងសម្ព័ន្ធមិត្តខាងនយោបាយរបស់គេនឹងស្ថាបនារាជាណាចក្ររបស់ព្រះនៅលើផែនដី ឬយ៉ាងហោចណាស់ក៏ធ្វើឲ្យផែនដីជាកន្លែងដែលសមសំរាប់ព្រះរាជាណាចក្រដែរ។
៤ ពិភពគ្រីស្ទសាសនាដែលបះបោរជំនឿបានចូលដៃជាមួយនឹងពួកអ្នកគ្រប់គ្រងខាងនយោបាយក្នុងការប្រយុទ្ធសង្គ្រាមដ៏អាក្រក់ជាច្រើន។ ប្រវត្ដិសាស្ត្របានកត់ទុកសង្គ្រាមសាសនានៃមជ្ឈិមសម័យ ទារុណកម្មសាសនាអេស្ប៉ាញដែលបានជំរុញមនុស្សឲ្យផ្លាស់ប្ដូរសាសនា សង្គ្រាមសាមសិបឆ្នាំដែលបានបំផ្លាញប្រទេសអឺរ៉ុបក្នុងសតវត្សទី១៧ និងសង្គ្រាមចំបាំងគ្នាឯងនៃប្រទេសអេស្ប៉ាញនៃទសវត្សនៅឆ្នាំ១៩៣០ដែលបានប្រយុទ្ធដើម្បីធ្វើឲ្យសាសនាកាតូលិកមានឋានៈនៅក្នុងប្រទេសអេស្ប៉ាញ។ ការបង្ហូរឈាមដ៏ធំក្រៃលែងនោះ គឺមាននៅក្នុងសង្គ្រាមលោកលើកទាំងពីរនៃសតវត្សយើងនេះ នៅពេលដែលពួកកាតូលិកនិងពួកប្រូតេស្តង់បានចូលប្រយុទ្ធគ្នា ដោយសម្លាប់អ្នកជឿគ្នីគ្នាមិនថាអ្នកណាជាអ្នកណា ព្រមទាំងសម្លាប់ពួកសាសនាផ្សេងៗទៀតផង។ នៅពេលថ្មីៗនេះ មានការប្រយុទ្ធសម្លាប់គ្នារវាងសាសនាកាតូលិកនិងសាសនាប្រូតេស្តង់នៅប្រទេសអៀកឡង់ រវាងបក្សផ្សេងៗខាងសាសនាក្នុងប្រទេសឥណ្ឌា និងរវាងក្រុមសាសនានៃអតីតប្រទេសយូកូស្លាវា។ ទំព័រជាច្រើននៃប្រវត្ដិសាស្ត្រខាងសាសនា ក៏មានការសម្លាប់ពួកស្មរបន្ទាល់ព្រះយេហូវ៉ាដ៏ស្មោះត្រង់រាប់ពាន់នាក់ដែរ។—វិវរណៈ ៦:៩, ១០
៥. តើការជំនុំជំរះអ្វីដែលនឹងមានទៅលើសាសនាមិនពិតនោះ?
៥ យើងអាចអបអរយ៉ាងខ្លាំងនូវយុត្ដិធម៌របស់ព្រះយេហូវ៉ានៃការប្រហារជីវិតបាប៊ីឡូនដ៏ធំ ចក្រភពលោកនៃសាសនាមិនពិត រួមទាំងពួកអ្នកគាំទ្រសាសនាទាំងនោះដែរ។ ការប្រហារជីវិតនេះត្រូវបានរៀបរាប់មកនៅវិវរណៈ ១៨:២១, ២៤ថា៖ «នោះមានទេវតាខ្លាំងពូកែ១រូប បានលើកថ្ម ដូចជាថ្មត្បាល់កិនយ៉ាងធំ ទំលាក់ចុះទៅក្នុងសមុទ្រ ដោយពោលថា៖ ‹ទីក្រុងបាប៊ីឡូនដ៏ជាធំ នឹងត្រូវបោះទំលាក់ទៅ ដោយគំហុកយ៉ាងដូច្នេះ គេនឹងរកទៀតមិនឃើញឡើយ រីឯនៅក្នុងទីក្រុងនោះ ឃើញមានសុទ្ធតែឈាមនៃពួកហោរា នឹងពួកបរិសុទ្ធ ហើយនឹងឈាមនៃអស់អ្នក ដែលត្រូវគេសំឡាប់នៅផែនដីដែរ›»។
៦. (ក) តើអ្នកណានឹងក្លាយទៅជាជញ្ជ្រាំង ហើយហេតុអ្វី? (ខ) តើមានការធានារ៉ាប់រងអ្វីចំពោះអស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ា?
៦ ក្រោយមកពួកសត្រូវទាំងឡាយនៃសេចក្ដីសុចរិត ហើយអស់អ្នកដែលកាន់តាមពួកគេនោះ«នឹងដូចជាជញ្ជ្រាំង»។ ថ្ងៃនៃព្រះយេហូវ៉ានឹងឆេះក្នុងចំណោមពួកគេដូចជាគុកភ្លើងអញ្ចឹង។ «ឥតទុកឲ្យគេមានឫស ឬមែកនៅសល់ឡើយ»។ នៅក្នុងថ្ងៃនៃជំនុំជំរះនោះ ពួកក្មេងៗ ឬមែកឈើនឹងប្រព្រឹត្តទៅលើដោយយុត្ដិធម៌ យោងទៅតាមការវិនិច្ឆ័យរបស់ព្រះយេហូវ៉ានៃឫសរបស់គេ គឺមាតាបិតារបស់គេ ដែលមើលទទួលខុសត្រូវនឹងកូនក្មេងទាំងនេះ។ មាតាបិតាអាក្រក់នឹងមិនមានកូនចៅទៀត ដែលគេនឹងប្រព្រឹត្តផ្លូវដ៏អាក្រក់ជួជាតិរបស់គេជារហូតឡើយ។ ប៉ុន្តែ អស់អ្នកដែលអនុវត្តជំនឿក្នុងកិច្ចសន្យានៃរាជាណាចក្ររបស់ព្រះនឹងមិនត្រូវបានរញ្ជួយឡើយ។ ហេព្រើរ ១២:២៨, ២៩ដាស់តឿនយើងថា៖ «ត្រូវឲ្យយើងដឹងគុណ ដែលដោយសារសេចក្ដីនោះ យើងនឹងបំរើព្រះបែបឲ្យទ្រង់សព្វព្រះហឫទ័យ ទាំងមានចិត្តគោរពប្រតិបត្ដិ ហើយកោតខ្លាចដល់ទ្រង់ ដ្បិតព្រះនៃយើងរាល់គ្នា ទ្រង់ជាភ្លើងដែលឆេះបន្សុស»។
តើព្រះយេហូវ៉ាជាព្រះដ៏ឃោរឃៅឬ?
៧. តើសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាមានក្នុងការជំនុំជំរះរបស់ទ្រង់យ៉ាងដូចម្ដេច?
៧ តើនេះមានន័យថាព្រះយេហូវ៉ាជាព្រះដ៏ឃោរឃៅហើយចងគំនុំឬ? គឺប្រាកដជាមិនដូច្នេះទេ! នៅយ៉ូហានទី១ ៤:៨ សាវ័កបានថ្លែងនូវសេចក្ដីពិតថា៖ «ព្រះទ្រង់ជាសេចក្ដីស្រឡាញ់»។ រួចមកនៅខ១៦ គាត់ក៏បញ្ជាក់ថែមទៀតដោយមានប្រសាសន៍ថា៖ «ព្រះទ្រង់ជាតួសេចក្ដីស្រឡាញ់ ឯអ្នកណាដែលនៅជាប់ក្នុងសេចក្ដីស្រឡាញ់ នោះក៏បាននៅជាប់ក្នុងព្រះ ហើយព្រះទ្រង់គង់នៅក្នុងអ្នកនោះដែរ»។ ដោយសារទ្រង់មានសេចក្ដីស្រឡាញ់ចំពោះមនុស្សលោក ព្រះយេហូវ៉ាមានគោលបំណងដើម្បីនឹងសំអាតអំពើអាក្រក់ជួជាតិពីផែនដីនេះចេញ។ ព្រះដែលមានសេចក្ដីស្រឡាញ់និងសេចក្ដីមេត្ដាករុណារបស់យើងមានបន្ទូលថា៖ «ដូចជាអញរស់នៅ នោះប្រាកដជាអញមិនរីករាយចំពោះសេចក្ដីស្លាប់របស់មនុស្សអាក្រក់ឡើយ គឺចូលចិត្តឲ្យគេលះចោលផ្លូវរបស់ខ្លួន ហើយមានជីវិតរស់នៅវិញទេតើ ចូរឲ្យឯងរាល់គ្នាបែរមក ចូរបែរមកពីផ្លូវអាក្រក់របស់ខ្លួនចុះ . . . ហេតុអ្វីបានជាចង់ស្លាប់»។—អេសេគាល ៣៣:១១
៨. តើយ៉ូហានបញ្ជាក់នូវសេចក្ដីស្រឡាញ់យ៉ាងដូចម្ដេច តែបានបង្ហាញខ្លួនគាត់ជាកូនផ្គរលាន់វិញនោះ?
៨ យ៉ូហានបានសំដៅទៅពាក្យអាហ្គាប៉េ ដែលជាសេចក្ដីស្រឡាញ់ដែលមានមូលដ្ឋានទៅលើគោលការណ៍ ច្រើនជាងពួកបីនាក់ទៀតដែលសរសេរសៀវភៅដំណឹងល្អទៅទៀត ប៉ុន្តែនៅម៉ាកុស ៣:១៧ លោកយ៉ូហានផ្ទាល់បានត្រូវរៀបរាប់ជា‹កូនផ្គរលាន់›។ គឺដោយព្រះយេហូវ៉ាបានបណ្ដាលមក ដែលកូនផ្គរលាន់នេះបានសរសេរសារទំនាយ នៃសៀវភៅចុងក្រោយបង្អស់ វិវរណៈ ដែលរៀបរាប់ព្រះយេហូវ៉ាជាព្រះដែលប្រតិបត្ដិយុត្ដិធម៌ដែរ។ សៀវភៅនេះគឺពោរពេញទៅដោយការថ្លែងជំនុំជំរះ ដូចជា«ធុងជាន់ផ្លែយ៉ាងធំរបស់ផងសេចក្ដីក្រោធនៃព្រះ» «សេចក្ដីឃោរឃៅរបស់ព្រះដែលនៅក្នុងចានទាំង៧» ហើយ«សេចក្ដីខ្ញាល់នៃព្រះដ៏មានព្រះចេស្ដាបំផុត»។—វិវរណៈ ១៤:១៩; ១៦:១; ១៩:១៥
៩. តើព្រះយេស៊ូបានសម្ដែងអ្វីទៅលើការជំនុំជំរះរបស់ព្រះយេហូវ៉ា ហើយតើទំនាយរបស់ទ្រង់បានសម្រេចយ៉ាងដូចម្ដេច?
៩ ព្រះអម្ចាស់យេស៊ូគ្រីស្ទរបស់យើង ដែលជា«រូបអង្គនៃព្រះដ៏មើលមិនឃើញ»បានប្រកាសការជំនុំជំរះរបស់ព្រះយេហូវ៉ាយ៉ាងក្លាហាន កាលដែលទ្រង់នៅលើផែនដីនេះ។ (កូល៉ុស ១:១៥) ជាឧទាហរណ៍ នៅម៉ាថាយជំពូក ២៣គឺមានសេចក្ដីវេទនាប្រាំពីរ ដែលទ្រង់បានប្រកាសយ៉ាងត្រង់ៗប្រឆាំងពួកលាក់ពុតខាងសាសនានៅសម័យរបស់ទ្រង់។ ទ្រង់បានបញ្ចប់ការជំនុំជំរះផ្ដន្ទាទោសនោះ ដោយមានបន្ទូលពាក្យទាំងនេះថា៖ «ឱយេរូសាឡិម ក្រុងយេរូសាឡិមអើយ ឯងដែលសំឡាប់ពួកហោរា ហើយយកថ្មចោលពួកអ្នកដែលបានចាត់មកឯឯង តើប៉ុន្មានដងហើយ ដែលអញចង់ប្រមូលកូនឯងទាំងប៉ុន្មាន ដូចជាមេមាន់ក្រុងកូនវាឲ្យជ្រកក្រោមស្លាប តែឯងមិនព្រមទេ មើល ផ្ទះឯងនឹងត្រូវចោលស្ងាត់ទុកឲ្យឯង»។ សាមសិបប្រាំពីរឆ្នាំក្រោយមក ការជំនុំជំរះត្រូវបានប្រតិបត្ដិឡើងដោយពួកកងទ័ពរ៉ូម៉ាំង នៅក្រោមឧត្តមសេនីយថៃធើស។ នោះជាថ្ងៃដែលគួរឲ្យខ្លាចមែន ដែលទាយទុកជាមុននូវអ្វីដែលទៅជាថ្ងៃគួរឲ្យស្ញែងខ្លាចជាងគេក្នុងការពិសោធន៍របស់មនុស្សលោក—គឺថ្ងៃនៃព្រះយេហូវ៉ា ដែលនឹងផ្ទុះឡើងនៅពេលឆាប់ៗនេះ!
‹សុរិយា›នឹងរះឡើង
១០. តើ«ព្រះអាទិត្យនៃសេចក្ដីសុចរិត»នឹងធ្វើឲ្យប្រជារាស្ត្ររបស់ព្រះមានអំណរយ៉ាងណា?
១០ ព្រះយេហូវ៉ាបានធ្វើឲ្យឃើញច្បាស់ថានឹងមានពួកអ្នករួចរស់ជីវិតពីថ្ងៃរបស់ទ្រង់។ ទ្រង់សំដៅទៅពួកទាំងនេះនៅម៉ាឡាគី ៤:២ ដោយមានបន្ទូលថា៖ «តែព្រះអាទិត្យ,[សុរិយា, ព.ថ.] នៃសេចក្ដីសុចរិតនឹងរះឡើង មានទាំងអំណាចប្រោសឲ្យជា នៅក្នុងចំអេងស្លាប សំរាប់ឯងរាល់គ្នាដែលកើតខ្លាចដល់ឈ្មោះអញ»។ សុរិយានៃសេចក្ដីសុចរិតនោះ គឺព្រះយេស៊ូគ្រីស្ទនោះឯង។ ទ្រង់ជា«ពន្លឺលោកីយ»ខាងវិញ្ញាណ។ (យ៉ូហាន ៨:១២) តើតាមរបៀបណាដែលទ្រង់នឹងរះឡើង? ទ្រង់រះឡើងដោយប្រោសឲ្យជាក្នុងស្លាបរបស់ទ្រង់—ទីមួយគឺការប្រោសឲ្យជាខាងវិញ្ញាណ ដែលយើងអាចពិសោធនៅសព្វថ្ងៃនេះ ហើយរួចមក នឹងមានការប្រោសឲ្យជាខាងរូបកាយចំពោះមនុស្សពីគ្រប់សាសន៍ នៅក្នុងពិភពលោកថ្មីនៅខាងមុខនេះ។ (ម៉ាថាយ ៤:២៣; វិវរណៈ ២២:១, ២) ជាអត្ថបដិរូប ដូចជាម៉ាឡាគីបានមានប្រសាសន៍មក ពួកអ្នកដែលបានប្រោសឲ្យជានឹង«ចេញទៅ លោតកញ្ឆេងដូចជាកូនគោ»ដែលទើបតែលែងពីក្រោល។ ពួកអ្នកដែលបានប្រោសឲ្យរស់ឡើងវិញដែលមានសង្ឃឹមទទួលនូវភាពល្អឥតខ្ចោះ ក៏នឹងមានការអរសប្បាយដែរ!
១១, ១២. (ក) តើលទ្ធផលចុងបំផុតចំពោះពួកអាក្រក់ជួជាតិជាអ្វី? (ខ) តើប្រជារាស្ត្ររបស់ព្រះ«ឈ្លីពួកអាក្រក់»យ៉ាងដូចម្ដេច?
១១ ប៉ុន្តែ ចុះមនុស្សអាក្រក់ជួជាតិយ៉ាងណាដែរ? នៅម៉ាឡាគី ៤:៣យើងអានថា៖ «ហើយព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា៖ ‹នៅថ្ងៃដែលធ្វើការនោះ ឯងរាល់គ្នានឹងជាន់ឈ្លីពួកអាក្រក់បង់ ដ្បិតគេនឹងដូចជាផេះនៅក្រោមបាទជើងរបស់ឯងរាល់គ្នា»។ កាលដែលការពារពួកអ្នកដែលស្រឡាញ់ទ្រង់ ព្រះជាអ្នកចំបាំងរបស់យើងនឹងកំទេចចោលពួកសត្រូវដែលគួរឲ្យខ្លាចទាំងនេះឲ្យស្អាតចេញពីផែនដី។ ព្រះនឹងទប់ទល់សាតាំងហើយពួកបិសាចរបស់វាបានដែរ។—ទំនុកដំកើង ១៤៥:២០; វិវរណៈ ២០:១-៣
១២ ប្រជារាស្ត្ររបស់ព្រះនឹងមិនមានចំណែកក្នុងការកំទេចពួកមនុស្សអាក្រក់ជួជាតិទេ។ បើដូច្នេះ តើពួកគេនឹង«ឈ្លីពួកអាក្រក់»យ៉ាងដូចម្ដេច? គេនឹងធ្វើការនេះ ជាអត្ថបដិរូប ដោយចូលរួមក្នុងការធ្វើពិធីបុណ្យជ័យជំនះយ៉ាងធំមួយ។ នៅនិក្ខមនំ ១៥:១-២១រៀបរាប់អំពីពិធីបុណ្យបែបនេះ។ នេះត្រូវបានធ្វើឡើងក្រោយពីសេចក្ដីហិនវិនាសនៃស្តេចផារ៉ោននិងកងទ័ពទាំងឡាយនៅឯសមុទ្រក្រហម។ ក្នុងការសម្រេចបទគម្ពីរអេសាយ ២៥:៣-៩ នឹងមានការជប់លៀងជ័យជំនះក្រោយពីការយកចេញនៃ‹មនុស្សដែលគួរស្ញែងខ្លាច› ដែលទាក់ទងនឹងកិច្ចសន្យារបស់ព្រះដែលថា៖ «ទ្រង់នឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប នោះព្រះអម្ចាស់យេហូវ៉ា ទ្រង់នឹងជូតទឹកភ្នែកអីមុខមនុស្សទាំងអស់ ហើយទ្រង់នឹងដកសេចក្ដីត្មះតិះដៀលចំពោះរាស្ត្រទ្រង់ ពីផែនដីទាំងមូលចេញ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានបន្ទូលដូច្នេះហើយ។ នៅគ្រានោះ គេនឹងពោលថា៖ ‹មើល! នេះគឺជាព្រះនៃយើងរាល់គ្នា . . . នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំទ្រង់ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្ដីសង្គ្រោះរបស់ទ្រង់›»។ យើងនឹងមានអំណរណាស់ មិនមែនដោយចងគំនុំឬសេចក្ដីពេញចិត្តដោយព្យាបាទនោះទេ ប៉ុន្តែអបអរសាទរដោយឃើញព្រះនាមព្រះយេហូវ៉ាបានបរិសុទ្ធ និងផែនដីបានសំអាតសំរាប់ការរស់នៅដ៏សុខសាន្ត ដោយពួកមនុស្សលោកដែលមានសាមគ្គីភាពគ្នា។
កម្មវិធីអប់រំដ៏ធំមួយ
១៣. តើការអប់រំអ្វីដែលនឹងមានឡើងនៅក្នុង«ផែនដីថ្មី»?
១៣ នៅម៉ាឡាគី ៤:៤ ពួកសាសន៍យូដាត្រូវបានដាស់តឿនឲ្យ«នឹកចាំ . . . ក្រិត្យវិន័យរបស់លោកម៉ូសេ»។ ដូច្នេះនៅសព្វថ្ងៃនេះ យើងក៏ត្រូវធ្វើតាម«ក្រិត្យវិន័យនៃព្រះគ្រីស្ទ»ដែរ ដូចបានពិពណ៌នាមកនៅកាឡាទី ៦:២។ ពួកអ្នករួចរស់ជីវិតពីសង្គ្រាមអើម៉ាគេដូននឹងត្រូវទទួលការបង្រៀនថែមទៀត ដែលមានមូលដ្ឋានលើក្រិត្យវិន័យនៃព្រះគ្រីស្ទ ហើយការបង្រៀនថែមទៀតទាំងនេះប្រហែលជាសរសេរក្នុង«បញ្ជី»នៃវិវរណៈ ២០:១២ ដែលនឹងបើកឡើងនៅគ្រានៃដំណើររស់ឡើងវិញ។ នេះជាថ្ងៃដ៏អស្ចារ្យមែន កាលដែលមនុស្សរស់ឡើងវិញបានអប់រំឲ្យប្រព្រឹត្តតាមបែបលំនាំក្នុងការរស់នៅនៃ«ផែនដីថ្មី»!—វិវរណៈ ២១:១
១៤, ១៥. (ក) តើអេលីយ៉ានៅសម័យថ្មីនេះបានសម្គាល់យ៉ាងដូចម្ដេច? (ខ) តើភារកិច្ចអ្វីដែលក្រុមអេលីយ៉ាបំពេញនោះ?
១៤ នោះនឹងជាកិច្ចការអប់រំដែលនឹងពង្រីក ដែលព្រះយេហូវ៉ាបានសំដៅមកនៅម៉ាឡាគី ៤:៥៖ «មើល! មុនដែលថ្ងៃដ៏ធំហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់ នោះអញនឹងចាត់អេលីយ៉ា ឲ្យមកឯឯងរាល់គ្នា»។ តើពួកណាជាអេលីយ៉ានៅសម័យថ្មីនេះ? ដូចបានបង្ហាញមកនៅម៉ាថាយ ១៦:២៧, ២៨ ក្នុងការសំដៅអំពី‹ការយាងមកក្នុងព្រះរាជាណាចក្ររបស់ទ្រង់› ព្រះយេស៊ូបានមានបន្ទូលថា៖ «កូនមនុស្សនឹងមកក្នុងសិរីល្អនៃព្រះវរបិតា ជាមួយនឹងពួកទេវតារបស់លោក គ្រានោះលោកនឹងសងដល់គ្រប់គ្នា តាមការដែលបានធ្វើរៀងខ្លួន»។ ប្រាំមួយថ្ងៃក្រោយមក កាលដែលនៅលើភ្នំជាមួយពេត្រុសនិងយ៉ាកុបព្រមទាំងយ៉ូហាននោះ «ទ្រង់បានផ្លាស់ប្រែនៅមុខអ្នកទាំងនោះ ព្រះភក្ដ្រទ្រង់បានភ្លឺដូចព្រះអាទិត្យ ហើយព្រះពស្ត្រទ្រង់ក៏ត្រឡប់ជាសដូចពន្លឺ»។ តើមានតែទ្រង់នៅក្នុងចក្ខុនិមិត្តនោះឬ? គឺអត់ទេ ដ្បិត«ឃើញលោកម៉ូសេ នឹងលោកអេលីយ៉ា លេចមកឯគេ កំពុងតែទូលនឹងទ្រង់»។—ម៉ាថាយ ១៧:២, ៣
១៥ តើនេះអាចមានន័យយ៉ាងណា? នេះគឺបានចង្អុលប្រាប់ថាព្រះយេស៊ូជាមហាលោកម៉ូសេដែលបានទាយមក នៅគ្រាដែលទ្រង់យាងមកជំនុំជំរះ។ (ចោទិយកថា ១៨:១៨, ១៩; កិច្ចការ ៣:១៩-២៣) រួចមក ពួកក្រុមអេលីយ៉ានៅសម័យថ្មីនេះនឹងចូលរួមជាមួយទ្រង់ ក្នុងការសម្រេចកិច្ចការដ៏សំខាន់ គឺការផ្សាយដំណឹងល្អនេះនៃព្រះរាជាណាចក្រដល់ចុងផែនដី មុននឹងថ្ងៃនៃព្រះយេហូវ៉ាដែលគួរឲ្យស្ញែងខ្លាចផ្ទុះឡើង។ ក្នុងការរៀបរាប់កិច្ចការនៃក្រុម«អេលីយ៉ា»នេះ ម៉ាឡាគី ៤:៦ថ្លែងថា៖ «លោកនឹងបង្វែរចិត្តពួកឪពុកមកឯកូន និងចិត្តកូនមកឯឪពុកវិញ ក្រែងអញមកវាយផែនដីដោយសេចក្ដីបណ្ដាសា»។ ដូច្នេះ «អេលីយ៉ា»ត្រូវបានសម្គាល់ជាពួកអ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃនៃក្រុមគ្រីស្ទានចាក់ប្រេងតាំងនៅលើផែនដី ដែលព្រះយេស៊ូជាព្រះអម្ចាស់បានប្រគល់ឲ្យកម្មសិទ្ធិរបស់ទ្រង់ទាំងអស់។ នេះរួមបញ្ចូលការផ្ដល់ឲ្យក្រុមគ្រួសារនៃជំនឿនូវម្ហូបអាហារដែលត្រូវការជាចាំបាច់«តាមត្រូវពេល»។—ម៉ាថាយ ២៤:៤៥, ៤៦
១៦. តើកិច្ចការនៃក្រុមអេលីយ៉ាបានផលិតនូវលទ្ធផលដ៏សប្បាយយ៉ាងណាខ្លះ?
១៦ នៅពេញពិភពលោកសព្វថ្ងៃនេះ យើងអាចឃើញនូវលទ្ធផលដ៏សប្បាយនៃកម្មវិធីបំប៉ននោះ។ ទស្សនាវដ្ដីប៉មយាមដែលលេខទស្សនាវដ្ដីនិមួយៗត្រូវបានបោះពុម្ពដោយមានចំនួន១៦.១០០.០០០ក្បាលក្នុង១២០ភាសា ដែលមាន៩៧ភាសាបោះពុម្ពក្នុងពេលជាមួយគ្នានោះ គឺកំពុងតែបំពេញផែនដីដោយ«ដំណឹងល្អនេះ ដែលសំដែងពីនគរ»។ (ម៉ាថាយ ២៤:១៤) ប្រកាសនវត្ថុឯទៀតក្នុងភាសាជាច្រើនទៀតត្រូវបានប្រើគ្រប់ទិដ្ឋភាពនៃការផ្សាយនិងកិច្ចបង្រៀននៃស្មរបន្ទាល់ព្រះយេហូវ៉ា។ ក្រុមអេលីយ៉ា ដែលជាអ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ គឺប្រុងការដើម្បីនឹងផ្ដល់ដ៏បរិបូរសំរាប់‹អស់អ្នកដឹងនូវសេចក្ដីត្រូវការខាងវិញ្ញាណរបស់គេ›។ (ម៉ាថាយ ៥:៣) ម្យ៉ាងវិញទៀត អស់អ្នកដែលទទួលសេចក្ដីសង្ឃឹមព្រះរាជាណាចក្រនេះ ហើយប្រព្រឹត្តតាមនោះ ក៏មុខតែនឹងចូលសាមគ្គីភាពយ៉ាងអស្ចារ្យនៅពេញពិភពលោក។ នេះគឺកាន់យកពួកហ្វូងធំ«ពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា»។ (វិវរណៈ ៧:៩) នៅពេលដែលកិច្ចការនេះបានសំរេចដល់ទំហំដែលព្រះយេហូវ៉ាប្រាថ្នាហើយ នោះទើបទីបញ្ចប់នឹងមកដល់ក្នុងថ្ងៃដ៏ធំហើយគួរឲ្យស្ញែងខ្លាចផង។
១៧. តើថ្ងៃនៃព្រះយេហូវ៉ាដែលគួរឲ្យស្ញែងខ្លាចនឹងចាប់ផ្ដើមនៅពេលណាទៅ?
១៧ តើថ្ងៃដែលគួរឲ្យស្ញែងខ្លាចនោះនឹងចាប់ផ្ដើមឡើងនៅពេលណាទៅ? សាវ័កប៉ុលឆ្លើយថា៖ «ថ្ងៃនៃ[ព្រះយេហូវ៉ា, ព.ថ.]នឹងមកដល់ ដូចជាចោរ មកនៅពេលយប់ ដ្បិតកាលណាគេកំពុងតែនិយាយថា[តាមរបៀបដ៏ប្លែកនោះ]មានសេចក្ដីសុខសាន្ត មានសេចក្ដីរៀបរយហើយ នោះលោតែមានសេចក្ដីហិនវិនាសមកលើគេភ្លាម ដូចជាស្ត្រី មានគភ៌ឈឺនឹងសំរាល ហើយគេចមិនរួចឡើយ»។—ថែស្សាឡូនីចទី១ ៥:២, ៣
១៨, ១៩. (ក) តើ‹សន្ដិភាពនិងសន្ដិសុខ›នឹងត្រូវប្រកាសឡើងដោយយ៉ាងណា? (ខ) តើនៅពេលណាដែលប្រជារាស្ត្ររបស់ព្រះយេហូវ៉ាទទួលការធូរស្បើយ?
១៨ តើ«គេ»នៅក្នុងទំនាយនេះជាពួកណា? គេជាមេដឹកនាំខាងនយោបាយដែលអះអាងថាគេអាចស្ថាបនាការរៀបចំថ្មីដ៏ឯកភាពចេញពីផ្នែកនៃលោកីយ៍ដ៏ឃោរឃៅនេះ។ ផលិតផលដ៏ធំអស្ចារ្យរបស់គេ គឺអង្គការសហពលកម្មប្រជាជាតិ និងអង្គការសហប្រជាជាតិមានបរាជ័យក្នុងការស្ថាបនាការរៀបចំថ្មីនេះ។ ដូចជាព្យាការីរបស់ព្រះយេហូវ៉ាបានទាយមក សូម្បីតែឥឡូវនេះក៏ពួកគេ«ពោលតែពាក្យថា សុខៗប៉ុណ្ណោះ ក្នុងកាលដែលឥតមានសេចក្ដីសុខឡើយ»។—យេរេមា ៦:១៤; ៨:១១; ១៤:១៣-១៦
១៩ នៅពេលដដែលនេះ ប្រជារាស្ត្ររបស់ព្រះយេហូវ៉ាខំស៊ូទ្រាំនឹងសេចក្ដីលំបាកហើយការបៀតបៀនពីលោកីយ៍ដែលឥតកោតខ្លាចព្រះនេះ។ ប៉ុន្តែមិនយូរប៉ុន្មានទៀត ដូចបានថ្លែងមកនៅថែស្សាឡូនីចទី២ ១:៧, ៨ ពួកគេនឹងទទួលការធូរស្បើយ«ក្នុងកាលដែលព្រះអម្ចាស់យេស៊ូវ ទ្រង់លេចមកពីស្ថានសួគ៌ ជាមួយនឹងពួកទេវតានៃព្រះចេស្ដាទ្រង់ នៅក្នុងអណ្ដាតភ្លើង ទាំងសងសឹកនឹងពួកអ្នកដែលមិនស្គាល់ព្រះ ហើយនឹងពួកអ្នកដែលមិនស្ដាប់តាមដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើង»។
២០. (ក) អំពីថ្ងៃដែល‹ឆេះដូចគុកភ្លើង›នោះ តើសេផានានិងហាបាគុកបានទាយយ៉ាងណា? (ខ) តើការទូន្មាននិងការលើកទឹកចិត្តអ្វីដែលទំនាយទាំងនេះផ្ដល់ឲ្យនោះ?
២០ តើនឹងយូរប៉ុន្មានទៀតទៅ? យើងជាច្រើននាក់បានរង់ចាំជាយូរឆ្នាំមកហើយ។ នៅគ្រាដដែលនោះ ពួកមនុស្សរាបទាបមួយចំនួនធំដែលនឹងរួចរស់ជីវិត កំពុងតែតបឆ្លើយនឹងដង្ហោយហៅនៅសេផានា ២:២, ៣៖ «ចូរស្វែងរកទ្រង់[ព្រះយេហូវ៉ា, ព.ថ.] ចូរស្វែងរកសេចក្ដីសុចរិត ចូរស្វែងរកសេចក្ដីសុភាពចុះ ប្រហែលជាអ្នករាល់គ្នានឹងបានបាំងទុក នៅក្នុងថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា»។ រួចមកនៅសេផានា ៣:៨ មានការដាស់តឿនដូចនេះថា៖ «‹ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា៖ ‹ចូរឯងរាល់គ្នារង់ចាំ ដរាបដល់ថ្ងៃដែលអញក្រោកឡើងសង្គ្រុបលើគេ ពីព្រោះអញបានគិតសំរេច នឹងប្រមូលអស់ទាំងសាសន៍ដើម្បីនឹងភ្ជុំនគរទាំងប៉ុន្មាន ប្រយោជន៍នឹងចាក់សេចក្ដីគ្នាន់ក្នាញ់របស់អញ គឺជាសេចក្ដីក្រេវក្រោធដ៏សហ័សរបស់អញទៅលើគេ ដ្បិតផែនដីទាំងមូលនឹងត្រូវឆេះ ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់អញ›»។ ទីបញ្ជាប់គឺជិតណាស់ហើយ! ព្រះយេហូវ៉ាទ្រង់ជ្រាបដឹងអំពីថ្ងៃ និងម៉ោងនៃថ្ងៃនោះ ហើយទ្រង់នឹងមិនផ្លាស់ប្ដូរពេលវេលារបស់ទ្រង់ឡើយ។ សូមឲ្យយើងខំស៊ូទ្រាំដោយអត់ធ្មត់ចុះ។ «ដ្បិតការជាក់ស្តែងនេះ ទុកសំរាប់ដល់វេលាកំណត់ ក៏កំពុងត្រួតឲ្យដល់ពេលនោះហើយ នៅគ្រានោះ នឹងមិនកុហកទេ បើសិនជាបង្អង់យូរ ក៏ចូររង់ចាំចុះ ដ្បិតនឹងមកជាពិត ឥតរារង់ឡើយ»។ (ហាបាគុក ២:៣) ថ្ងៃនៃព្រះយេហូវ៉ាដែលគួរឲ្យស្ញែងខ្លាចនោះកាន់តែខិតមកដល់ហើយ។ ចូរចងចាំថាថ្ងៃនោះនឹងមិនពន្យារឡើយ!
តាមរបៀបពិនិត្យសាឡើងវិញ
◻ តើពួកអ្នកគ្រប់គ្រងនិងមនុស្សសាមញ្ញនឹងបានទៅជាយ៉ាងណា ក្នុងថ្ងៃនៃព្រះយេហូវ៉ាដែលគួរឲ្យស្ញែងខ្លាចនោះ?
◻ តើព្រះយេហូវ៉ាជាព្រះប្រភេទណា?
◻ តើការអប់រំប្រភេទណាដែលត្រូវបានរៀបរាប់មកចំពោះប្រជារាស្ត្ររបស់ព្រះ?
◻ ដោយឃើញនូវការជិតមកដល់នៃទីបញ្ចប់ តើតាមរបៀបណាដែលពួកព្យាការីរបស់ព្រះដាស់តឿនយើងនោះ?
[រូបភាពនៅទំព័រ២៧]
ក្នុងកំឡុងទារុណកម្មសាសនាអេស្ប៉ាញ មនុស្សជាច្រើនត្រូវបានគេជំរុញឲ្យផ្លាស់ប្ដូរកាន់សាសនាកាតូលិក
[អ្នកផ្ដល់សិទ្ធិ]
The Complete Encyclopedia of Illustration/J. G. Heck