ការចាត់ចែងដោយព្រះក្នុងសម័យគ្រីស្ទាន
«តាមគំនិតដែលទ្រង់បានគិតសំរេច ក្នុងព្រះអង្គទ្រង់ . . . ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ នឹងរបស់នៅផែនដីផង»។—អេភេសូរ ១:៩, ១០
១, ២. (ក) តើតាមរបៀបណាដែលការយកចូលនៃ«របស់នៅស្ថានសួគ៌»បានចាប់ផ្ដើមឡើង ក្នុងឆ្នាំ៣៣ ស.យ.? (ខ) តើពួកគ្រីស្ទានចាក់ប្រេងតាំងបានបង្ហាញគំនិតដូចម៉ូសេនិងអេលីយ៉ាដូចម្ដេច តាំងពីឆ្នាំ១៩១៤?
កិច្ចការយកចូលនៃ«របស់នៅស្ថានសួគ៌» បានចាប់ផ្ដើមឡើងក្នុងឆ្នាំ៣៣ ស.យ. នៅពេលដែល«សាសន៍អ៊ីស្រាអែលនៃព្រះ»បានចាប់កំណើតឡើង។ (កាឡាទី ៦:១៦; អេសាយ ៤៣:១០; ពេត្រុសទី១ ២:៩, ១០) ក្រោយពីសតវត្សទីមួយ ស.យ. ការយកចូលនៃពួកគ្រីស្ទានពិតបានបង្អង់ល្បឿន កាលពួកគ្រីស្ទានពិត (បានហៅថា «ស្រូវសាលី»ដោយព្រះយេស៊ូ) ត្រូវបានដុះលើសលុបដោយ«ស្រងែ»ដែលក្បត់ជំនឿដែលបានដាំដោយសាតាំង។ ប៉ុន្តែ កាលដែល«គ្រាចុងបញ្ចប់»មកដល់ សាសន៍អ៊ីស្រាអែលពិតនៃព្រះ បានលេចខ្លួនឡើងវិញ ហើយក្នុងឆ្នាំ១៩១៩ត្រូវបានតែងតាំងលើទ្រព្យទាំងអស់របស់ព្រះយេស៊ូ។a—ម៉ាថាយ ១៣:២៤-៣០, ៣៦-៤៣; ២៤:៤៥-៤៧; ដានីយ៉ែល ១២:៤
២ ក្នុងកំឡុងសង្គ្រាមលោកលើកទីមួយ ពួកគ្រីស្ទានចាក់ប្រេងតាំងបានធ្វើកិច្ចការដ៏ខ្លាំង ដូចម៉ូសេនិងអេលីយ៉ាបានធ្វើដែរ។b (វិវរណៈ ១១:៥, ៦) តាំងពីឆ្នាំ១៩១៩ ពួកគេបានផ្សាយដំណឹងល្អក្នុងលោកីយ៍ដ៏សាហាវ ហើយធ្វើការនេះដោយមានសេចក្ដីក្លាហានដូចអេលីយ៉ា។ (ម៉ាថាយ ២៤:៩-១៤) ហើយតាំងពីឆ្នាំ១៩២២ ពួកគេបានប្រកាសសេចក្ដីកាត់ទោសរបស់ព្រះយេហូវ៉ាទៅលើមនុស្សជាតិ ដូចម៉ូសេបានធ្វើឲ្យមានសេចក្ដីវេទនាមកលើប្រទេសអេស៊ីបពីបុរាណ។ (វិវរណៈ ១៥:១; ១៦:២-១៧) ពួកសំណល់នៃគ្រីស្ទានចាក់ប្រេងតាំងទាំងនេះ នៅសព្វថ្ងៃជាគ្រឹះនៃសង្គមពិភពលោកថ្មីនៃស្មរបន្ទាល់ព្រះយេហូវ៉ា។
គណៈអភិបាលកំពុងតែមានសកម្មភាព
៣. តើព្រឹត្ដិការណ៍អ្វីដែលបង្ហាញថាក្រុមជំនុំគ្រីស្ទានពីដើម បានមានរបៀបរៀបរយល្អ?
៣ តាំងពីដើមដំបូងនៃក្រុមជំនុំ ពួកអ្នកចាក់ប្រេងតាំងដែលកាន់តាមព្រះយេស៊ូ គឺមានរបៀបរៀបរយ។ កាលដែលចំនួនសិស្សមានច្រើនឡើង ក្រុមជំនុំក្នុងតំបន់នានាត្រូវបានស្ថាបនាឡើង ហើយពួកចាស់ទុំត្រូវបានតែងតាំង។ (ទីតុស ១:៥) ក្រោយពីឆ្នាំ៣៣ ស.យ. ពួកសាវ័ក១២នាក់បានធ្វើជាអាជ្ញាធរ គឺគណៈអភិបាល។ ពួកគេបាននាំមុខដ៏ក្លាហានក្នុងកិច្ចការធ្វើបន្ទាល់។ (កិច្ចការ ៤:៣៣, ៣៥, ៣៧; ៥:១៨, ២៩) ពួកគេបានរៀបចំការចែកចាយអាហារឲ្យមនុស្សក្រខ្សត់ ហើយគេបានបញ្ជូនពេត្រុសនិងយ៉ូហានទៅស្រុកសាម៉ារី ឲ្យទៅពិនិត្យមើលពួកអ្នកដែលចាប់អារម្មណ៍នូវសេចក្ដីពិតនៅទីនោះ។ (កិច្ចការ ៦:១-៦; ៨:៦-៨, ១៤-១៧) បាណាបាសបានយកប៉ុលទៅឯពួកគេដើម្បីបញ្ជាក់ថា អ្នកបៀតបៀនគេពីមុននេះ ឥឡូវនេះជាអ្នកកាន់តាមរបស់ព្រះយេស៊ូ។ (កិច្ចការ ៩:២៧; កាឡាទី ១:១៨, ១៩) ហើយក្រោយពីពេត្រុសបានផ្សាយទៅកូនេលាសនិងគ្រួសាររបស់គាត់ លោកត្រឡប់ទៅក្រុងយេរូសាឡិមវិញ ហើយពន្យល់ប្រាប់ពួកសាវ័កនិងបងប្អូនយូដាឯទៀត នូវរបៀបដែលវិញ្ញាណបរិសុទ្ធបានបង្ហាញបំណងព្រះហឫទ័យរបស់ព្រះក្នុងករណីនេះ។—កិច្ចការ ១១:១-១៨
៤. តើមានការប៉ុនប៉ងអ្វីដើម្បីសម្លាប់ពេត្រុស ប៉ុន្តែតើជីវិតរបស់លោកត្រូវបានសង្គ្រោះយ៉ាងណា?
៤ នៅពេលនោះ គណៈអភិបាលបានត្រូវគេវាយលុកមកលើយ៉ាងខ្លាំង។ ពេត្រុសត្រូវបានគេចាប់ដាក់គុក ហើយជីវិតរបស់លោកត្រូវបានសង្គ្រោះដោយសារតែការអន្តរាគមន៍ពីទេវតា។ (កិច្ចការ ១២:៣-១១) ឥឡូវជាលើកដំបូង មានម្នាក់ក្រៅពីពួកសាវ័ក១២នាក់ បានលេចខ្លួនជាបុគ្គលដ៏ធំដុំក្នុងក្រុងយេរូសាឡិម។ នៅពេលដែលពេត្រុសបានដោះលែងពីគុក លោកបានប្រាប់ពួកមនុស្សមួយក្រុមដែលបានមកជួបជុំក្នុងផ្ទះម្ដាយយ៉ូហាន-ម៉ាកុសថា៖ «សូមប្រាប់រឿងនេះដល់យ៉ាកុប[ជាប្អូនព្រះយេស៊ូកើតពីម្ដាយតែមួយ] នឹងពួកបងប្អូនឲ្យដឹងផង»។—កិច្ចការ ១២:១៧
៥. តើគណៈអភិបាលបានផ្លាស់ប្រែយ៉ាងណា ក្រោយពីយ៉ាកុបបានស្លាប់ទៅ?
៥ នៅពេលមុនៗ ក្រោយពីយូដាស អ៊ីស្ការីយ៉ុត ជាសាវ័កដ៏ក្បត់បានសម្លាប់ខ្លួនឯងទៅ គឺបានវិនិច្ឆ័យថាមានសេចក្ដីត្រូវការឲ្យបំពេញ ‹មុខតំណែងនៃការមើលខុសត្រូវរបស់គាត់›ជាសាវ័ក ឲ្យទៅបុគ្គលដែលបាននៅជាមួយព្រះយេស៊ូក្នុងកំឡុងកិច្ចបំរើរបស់ទ្រង់ ហើយដែលបានឃើញការសោយទិវង្គតនិងដំណើររស់ឡើងវិញរបស់ទ្រង់។ ប៉ុន្តែ នៅពេលដែលយ៉ាកុប ប្អូនយ៉ូហានបានគេសម្លាប់ទៅ គ្មានអ្នកណាមួយបានជំនួសលោកក្នុងចំណោម១២នាក់នោះទេ។ (កិច្ចការ ១:២០-២៦; ១២:១, ២) ទោះបីគ្មានអ្នកណាមួយបានមកជំនួសយ៉ាកុបក៏ដោយ ឯកសារយោងក្នុងព្រះគម្ពីរជាបន្ទាប់ចំពោះគណៈអភិបាល បង្ហាញថានេះត្រូវបានពង្រីកឡើង។ នៅពេលដែលមានការប្រកែកគ្នា ថាតើពួកសាសន៍ដទៃដែលកាន់តាមព្រះយេស៊ូត្រូវនៅក្រោមក្រិត្យវិន័យម៉ូសេនោះ រឿងនេះត្រូវបានដាក់ស្នើសុំសេចក្ដីសម្រេចចិត្តពី«ពួកសាវ័ក នឹងពួកចាស់ទុំ នៅក្រុងយេរូសាឡិម»។ (កិច្ចការ ១៥:២, ៦, ២០, ២២, ២៣; ១៦:៤) ហេតុអ្វីក៏ឥឡូវនេះមាន«ពួកចាស់ទុំ»ក្នុងគណៈអភិបាល? ព្រះគម្ពីរឥតចែងអំពីរឿងនេះទេ ប៉ុន្តែនេះគឺឃើញនូវផលប្រយោជន៍ល្អ។ មរណភាពនៃយ៉ាកុបនិងការជាប់គុកនៃពេត្រុស បានបង្ហាញថាពួកសាវ័កប្រហែលជាថ្ងៃណាមួយនឹងជាប់គុកឬស្លាប់ជាមិនខាន។ ក្នុងព្រឹត្ដិការណ៍បែបនេះ វត្តមាននៃពួកចាស់ទុំឯទៀតដែលមានសមត្ថភាព ហើយមានការពិសោធក្នុងទម្រង់ការណ៍នៃគណៈអភិបាល នឹងធានារ៉ាប់រងថានឹងមានការមើលខុសត្រូវយ៉ាងរៀបរយជានិច្ច។
៦. តើតាមរបៀបណាដែលគណៈអភិបាលបន្តមានសកម្មភាពក្នុងក្រុងយេរូសាឡិម ទោះជាពួកសមាជិកដើមឥតមានក្នុងទីក្រុងនោះទៀត?
៦ នៅពេលដែលប៉ុលបានមកឯក្រុងយេរូសាឡិមប្រហែលជាឆ្នាំ៥៦ ស.យ. លោកបានរាយការណ៍ប្រាប់យ៉ាកុប ហើយព្រះគម្ពីរចែងថា «ពួកចាស់ទុំទាំងអស់ប្រជុំគ្នានៅទីនោះ»។ (កិច្ចការ ២១:១៨) ហេតុអ្វីក៏ព្រះគម្ពីរឥតបានចែងអ្វីអំពីពួកសាវ័កក្នុងកិច្ចប្រជុំនេះដូច្នេះ? ម្ដងនេះទៀត ព្រះគម្ពីរឥតចែងប្រាប់ទេ។ ប៉ុន្តែក្រោយមក អ្នកប្រវត្ដិសាស្ត្រយូស៊ីប៊ាស រាយការណ៍ថា ក្នុងគ្រាមុនឆ្នាំ៦៦ ស.យ.«ពួកសាវ័កដែលនៅសល់ទាំងប៉ុន្មាន ដោយភ័យខ្លាចគេសម្លាប់ខ្លួន ត្រូវបានគេចចេញពីស្រុកយូដា។ ប៉ុន្តែ ដើម្បីបង្រៀនសាររបស់គេ ពួកសាវ័កបានធ្វើដំណើរគ្រប់ប្រទេសក្នុងព្រះចេស្ដានៃព្រះគ្រីស្ទ»។ (យូស៊ីប៊ាស សៀវភៅ ៣, ៥, ក្បាលទី២) ប្រាកដមែន ពាក្យរបស់យូស៊ីប៊ាស មិនមែនជាផ្នែកនៃព្រះគម្ពីរទេ ប៉ុន្តែពាក្យទាំងនេះសមស្របនឹងអ្វីដែលព្រះគម្ពីរចែងមក។ ឧទាហរណ៍ មកដល់៦២ ស.យ. ពេត្រុសបាននៅស្រុកបាប៊ីឡូន—ឆ្ងាយពីក្រុងយេរូសាឡិម។ (ពេត្រុសទី១ ៥:១៣) ប៉ុន្តែ ក្នុងឆ្នាំ៥៦ ស.យ. ហើយប្រហែលជារហូតដល់ឆ្នាំ៦៦ ស.យ. គណៈអភិបាលច្បាស់ជាមានសកម្មភាពក្នុងក្រុងយេរូសាឡិម។
ការចាត់ចែងក្នុងសម័យទំនើប
៧. បើប្រៀបធៀបនឹងគណៈអភិបាលនៃសតវត្សទីមួយ តើមានការខុសគ្នាដ៏សំខាន់យ៉ាងណារវាងគណៈអភិបាលសព្វថ្ងៃនេះ?
៧ តាំងពីឆ្នាំ៣៣ ស.យ. រហូតមកដល់សេចក្ដីវេទនាលើក្រុងយេរូសាឡិម គណៈអភិបាល តាមមើលទៅ គឺមានតែពួកគ្រីស្ទានជាតិយូដាប៉ុណ្ណោះ។ ក្នុងកំឡុងទស្សនកិច្ចរបស់លោកក្នុងឆ្នាំ៥៦ស.យ. ប៉ុលបានដឹងថាមានពួកគ្រីស្ទានយូដាជាច្រើនក្នុងក្រុងយេរូសាឡិម ថ្វីបើ«ជឿដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ដ៏ឧត្តមនៃយើង» គឺនៅ«មានសេចក្ដីឧស្សាហ៍ខ្មីឃ្មាតកាន់តាមក្រិត្យវិន័យ[ម៉ូសេ]ទាំងអស់»។c (យ៉ាកុប ២:១; កិច្ចការ ២១:២០-២៥) ពួកយូដាបែបនេះ ប្រហែលជាមានការពិបាកនឹងទទួលព្រមថា សាសន៍ដទៃអាចធ្វើជាសមាជិកនៃគណៈអភិបាល។ ប៉ុន្តែ ក្នុងសម័យទំនើបនេះ គឺមានការកែប្រែផ្សេងទៀតក្នុងគណៈអភិបាល។ សព្វថ្ងៃនេះ គណៈអភិបាលនេះគឺមានគ្រីស្ទានចាក់ប្រេងតាំងដែលមកពីសាសន៍ដទៃទាំងអស់គ្នា ហើយព្រះយេហូវ៉ាបានប្រទានពរយ៉ាងបរិបូរដល់ការមើលខុសត្រូវរបស់គេ។—អេភេសូរ ២:១១-១៥
៨, ៩. តើមានព្រឹត្ដិការណ៍អ្វីកើតឡើងដល់គណៈអភិបាលក្នុងសម័យទំនើបនេះ?
៨ តាំងពីសាជីវកម្មនៃសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋប៉ិនស៊ីវ៉ានី ក្នុងឆ្នាំ១៨៨៤រហូតដល់១៩៧២ ប្រធាននៃសមាគមមានអំណាចច្រើនក្នុងអង្គការរបស់ព្រះយេហូវ៉ា កាលដែលគណៈអភិបាលបានចូលរួមជិតដិតជាមួយក្រុមប្រឹក្សានៃអ្នកដឹកនាំរបស់សមាគម។ ពរដែលបានទទួលក្នុងឆ្នាំទាំងនោះ សឲ្យឃើញថាព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងការរៀបចំនោះ។ រវាងឆ្នាំ១៩៧២និង១៩៧៥ គណៈអភិបាលបានពង្រីកដល់មានសមាជិក១៨នាក់។ ការរៀបចំនេះ គឺបានយកគំរូពីការរៀបចំក្នុងសតវត្សទីមួយ ដែលអំណាចយ៉ាងសម្បើមបានធ្លាក់លើគណៈដែលបានពង្រីកនេះ ដែលមានអ្នកខ្លះជាអ្នកដឹកនាំនៃសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋប៉ិនស៊ីវ៉ានី។
៩ តាំងពីឆ្នាំ១៩៧៥ មួយចំនួននៃបុគ្គល១៨នាក់នេះបានបញ្ចប់កិច្ចការរបស់គេនៅលើផែនដីហើយ។ ពួកគេមានជ័យជំនះលើលោកីយ៍ ហើយបាន‹អង្គុយជាមួយព្រះយេស៊ូលើបល្ល័ង្កនៅស្ថានសួគ៌របស់ទ្រង់›។ (វិវរណៈ ៣:២១) ចំពោះរឿងនេះនិងមូលហេតុឯទៀត ឥឡូវនេះគណៈអភិបាលមានសមាជិកដប់នាក់ ដែលរួមបញ្ចូលបុគ្គលម្នាក់ដែលបានបន្ថែមក្នុងឆ្នាំ១៩៩៤។ សឹងតែពួកគេទាំងអស់គ្នាមានអាយុចាស់ហើយ។ យ៉ាងណាក៏ដោយ ពួកបងប្អូនចាក់ប្រេងតាំងទាំងនេះត្រូវបានទទួលជំនួយយ៉ាងល្អ កាលដែលគេបំពេញភារៈដ៏ធ្ងន់ទាំងឡាយ។ តើការជំនួយនោះរកឃើញនៅឯណា? ការសង្កេតមើលនៅព្រឹត្ដិការណ៍ដែលកើតឡើង ក្នុងចំណោមប្រជារាស្ត្ររបស់ព្រះនឹងឆ្លើយប្រាប់។
ការគាំទ្រសំរាប់សាសន៍អ៊ីស្រាអែលនៃព្រះ
១០. តើអ្នកណាដែលបានចូលរួមជាមួយពួកចាក់ប្រេងតាំងក្នុងកិច្ចបំរើរបស់ព្រះយេហូវ៉ាក្នុងកំឡុងគ្រាចុងបំផុត ហើយតើនេះបានទាយមកយ៉ាងណា?
១០ ក្នុងឆ្នាំ១៨៨៤សឹងតែពួកអ្នកទាំងអស់ដែលចូលរួមជាមួយសាសន៍អ៊ីស្រាអែលនៃព្រះ ជាពួកគ្រីស្ទានចាក់ប្រេងតាំង។ ប៉ុន្តែ បន្ដិចម្ដងៗ ក្រុមមួយទៀតបានចាប់ផ្ដើមលេចមក ហើយក្នុងឆ្នាំ១៩៣៥ ក្រុមនេះត្រូវបានសម្គាល់ជា«ហ្វូងធំ»នៃវិវរណៈជំពូក៧។ ដោយមានសេចក្ដីសង្ឃឹមខាងផែនដី ពួកទាំងនេះតំណាង‹របស់នៅផែនដី› ដែលព្រះយេហូវ៉ាមានបំណងនឹងប្រមូលចូលជាមួយគ្នាក្នុងព្រះគ្រីស្ទ។ (អេភេសូរ ១:១០) ពួកគេតំណាង«ចៀមឯទៀត» ក្នុងរឿងប្រៀបប្រដូចនៃក្រោលចៀម។ (យ៉ូហាន ១០:១៦) តាំងពីឆ្នាំ១៩៣៥ ពួកចៀមឯទៀតជាច្រើនបានចូលក្នុងអង្គការព្រះយេហូវ៉ា។ ពួកគេបាន«រសាត់មកដូចជាពពក ហើយហើរមកឯបង្អួចរបស់ខ្លួនគ្រប់គ្នា ដូចជាព្រាប»។ (អេសាយ ៦០:៨) ដោយព្រោះពួកហ្វូងចៀមឯទៀតមានចំនួនកើនឡើង ហើយពួកចាក់ប្រេងតាំងមានគ្នាតិចឡើងៗ កាលដែលគេចប់កិច្ចការលើផែនដីពេលស្លាប់ទៅនោះ ពួកចៀមឯទៀតដែលមានសមត្ថភាពមានមុខនាទីជាច្រើនក្នុងសកម្មភាពគ្រីស្ទាន។ តើក្នុងរបៀបណា?
១១. តើមានភារកិច្ចអ្វីខ្លះដែលមានសំរាប់តែពួកគ្រីស្ទានចាក់ប្រេងតាំងមុនៗ ដែលបានប្រគល់ដល់ពួកចៀមឯទៀត?
១១ ការប្រកាសសេចក្ដីសរសើររបស់ព្រះយេហូវ៉ា តែងតែជាភារៈដ៏ពិសេសនៃ«សាសន៍បរិសុទ្ធ»របស់ព្រះ។ ប៉ុលបាននិយាយអំពីរឿងនេះ ជាយញ្ញបូជានៃព្រះវិហារមួយ ហើយចំពោះអ្នកណាដែលនឹងបំរើជា«ពួកសង្ឃ» ព្រះយេស៊ូបានឲ្យមុខងារទៅផ្សាយនិងបង្រៀន។ (និក្ខមនំ ១៩:៥, ៦; ពេត្រុសទី១ ២:៤, ៩; ម៉ាថាយ ២៤:១៤; ២៨:១៩, ២០; ហេព្រើរ ១៣:១៥, ១៦) យ៉ាងណាក្ដី ប៉មយាម ១ សីហា ១៩៣២ បានលើកទឹកចិត្តអស់អ្នកដែលតំណាងយ៉ូណាដាប ឲ្យចូលរួមក្នុងសកម្មភាពនេះ។ ប្រាកដហើយ មនុស្សជាច្រើននៃចៀមឯទៀតបានចូលរួមរួចទៅហើយ។ សព្វថ្ងៃនេះ ការផ្សាយសឹងតែទាំងអស់ត្រូវបានធ្វើដោយពួកចៀមឯទៀត ដែលជាផ្នែកដ៏ធំមួយនៃការ«បំរើ[ព្រះ] នៅក្នុងព្រះវិហារទាំងយប់ទាំងថ្ងៃ»។ (វិវរណៈ ៧:១៥) ស្រដៀងគ្នាដែរ ក្នុងដើមដំបូងនៃប្រវត្ដិសាស្ត្រទំនើបនៃប្រជារាស្ត្ររបស់ព្រះយេហូវ៉ា ពួកចាស់ទុំក្នុងក្រុមជំនុំគឺពួកគ្រីស្ទានចាក់ប្រេងតាំង ជា«ផ្កាយ»នៅខាងដៃស្ដាំព្រះយេស៊ូគ្រីស្ទ។ (វិវរណៈ ១:១៦, ២០) ប៉ុន្តែ ប៉មយាម ១ ឧសភា ១៩៣៧ បានប្រកាសថាពួកចៀមឯទៀតមានសមត្ថភាពអាចធ្វើជាប្រធានត្រួតពិនិត្យ។ ទោះបីជាមានពួកបុរសចាក់ប្រេងតាំងក៏ដោយ ក៏អាចប្រើពួកចៀមឯទៀត បើសិនជាពួកបុរសចាក់ប្រេងតាំងមិនអាចធ្វើភារកិច្ចរបស់គេបាន។ សព្វថ្ងៃនេះ ពួកចាស់ទុំក្នុងក្រុមជំនុំសឹងតែទាំងអស់ គឺពួកចៀមឯទៀត។
១២. តើមានឧទាហរណ៍អ្វីក្នុងបទគម្ពីរចំពោះពួកចៀមឯទៀតដែលមានសមត្ថភាព ក្នុងការទទួលភារៈដ៏ធ្ងន់ខាងអង្គការ?
១២ តើជាការខុសឬក្នុងការឲ្យភារកិច្ចដ៏ធ្ងន់ជាច្រើនដល់ពួកចៀមឯទៀតនោះ? អត់ទេ នេះគឺធ្វើតាមគំរូមុនៗក្នុងប្រវត្ដិសាស្ត្រ។ ពួកបរទេសកាន់ជំនឿយូដាខ្លះ (ប្រទេសក្រៅ) មានឋានៈដ៏សំខាន់ក្នុងអ៊ីស្រាអែលពីសម័យបុរាណ។ (សាំយូអែលទី២ ២៣:៣៧, ៣៩; យេរេមា ៣៨:៧-៩) ក្រោយពីនិរទេសទៅស្រុកបាប៊ីឡូន ពួកនេធីនិមដែលមានសមត្ថភាព (ពួកអ្នកបំរើក្នុងព្រះវិហារដែលមិនមែនជាតិអ៊ីស្រាអែល) បានទទួលភារកិច្ចនៃកិច្ចបំរើព្រះវិហារ ដែលនៅមុនៗជារបស់ផងពួកលេវីតែប៉ុណ្ណោះ។ (អែសរ៉ា ៨:១៥-២០; នេហេមា ៧:៦០) ក្រៅពីនេះ ម៉ូសេ ដែលបានឃើញក្នុងចក្ខុនិមិត្តនៃការផ្លាស់ប្រែទ្រង់ទ្រាយជាមួយព្រះយេស៊ូ បានទទួលឱវាទដ៏ល្អពីយេត្រូ ជាសាសន៍ម៉ាឌាន។ ក្រោយមក លោកបានសុំឲ្យកូនយេត្រូ ឈ្មោះ ហូបាប់ឲ្យដឹកនាំពួកគេឆ្លងកាត់ទីរហោស្ថាន។—និក្ខមនំ ១៨:៥, ១៧-២៤; ជនគណនា ១០:២៩
១៣. ដោយផ្ទេរភារកិច្ចយ៉ាងរាបទាបឲ្យពួកចៀមឯទៀតដែលមានសមត្ថភាព តើពួកចាក់ប្រេងតាំងធ្វើតាមគំរូរបស់អ្នកណា?
១៣ មកដល់ចុងបញ្ចប់នៃ៤០ឆ្នាំក្នុងទីរហោស្ថាន ម៉ូសេ ដោយដឹងថាខ្លួនមិនអាចចូលទៅស្រុកសន្យានោះបាន ក៏បានអធិស្ឋានឲ្យព្រះយេហូវ៉ាប្រទានបុគ្គលម្នាក់ដែលនឹងមកជំនួសលោក។ (ជនគណនា ២៧:១៥-១៧) ព្រះយេហូវ៉ាមានបន្ទូលប្រាប់លោកឲ្យប្រគល់មុខតំណែងនេះដល់យ៉ូស្វេ នៅពីមុខមនុស្សទាំងឡាយ ហើយម៉ូសេបានធ្វើដូច្នេះមែន ទោះបីលោកនៅមានកម្លាំងកាយ ហើយមិនបានឈប់បំរើជនជាតិអ៊ីស្រាអែលភ្លាមនោះឡើយ។ (ចោទិយកថា ៣:២៨; ៣៤:៥-៧,៩) ដោយមានចិត្តគំនិតរាបទាបស្រដៀងគ្នានេះ ពួកអ្នកចាក់ប្រេងតាំងក៏បានប្រគល់ភារកិច្ចរឹតតែច្រើនទៀតដល់ពួកបុរសដែលមានសមត្ថភាព ក្នុងចំណោមពួកចៀមឯទៀតដែរ។
១៤. តើមានទំនាយណាខ្លះដែលប្រាប់អំពីការកើនឡើងនៃមុខនាទីនៃពួកចៀមឯទៀតខាងអង្គការ?
១៤ ការប្រគល់ឲ្យពួកចៀមឯទៀតនូវភារកិច្ចរឹតតែច្រើនក្នុងអង្គការ ក៏ជាអ្វីដែលបានទាយមកដែរ។ សាការីបានទាយប្រាប់ថា បុគ្គលភីលីស្ទីនដែលមិនមែនជាសាសន៍អ៊ីស្រាអែលនឹងបាន«ដូចជាចៅហ្វាយនៅស្រុកយូដា»។ (សាការី ៩:៦, ៧) ពួកចៅហ្វាយគឺជាមេកុលសម្ព័ន្ធ ដូច្នេះសាការីបាននិយាយថា អតីតសត្រូវរបស់អ៊ីស្រាអែល នឹងយកការថ្វាយបង្គំពិត ហើយនិងក្លាយទៅដូចជាមេកុលសម្ព័ន្ធក្នុងស្រុកសន្យា។ ម្យ៉ាងទៀត ដោយសំដៅទៅសាសន៍អ៊ីស្រាអែលនៃព្រះ ព្រះយេហូវ៉ាមានបន្ទូលថា៖ «ពួកសាសន៍ដទៃនឹងឃ្វាលហ្វូងសត្វឲ្យឯង ហើយមនុស្សប្រទេសក្រៅនឹងភ្ជួររាស់ ហើយថែរក្សាចំការទំពាំងបាយជូរឲ្យឯង តែឯឯងរាល់គ្នា នឹងបានហៅថាជាសង្ឃរបស់ព្រះយេហូវ៉ា មនុស្សទាំងឡាយនឹងហៅឯងរាល់គ្នាជាអ្នកគោរពដល់ព្រះនៃយើងរាល់គ្នា»។ (អេសាយ ៦១:៥, ៦) «ពួកសាសន៍ដទៃ» និង«មនុស្សប្រទេសក្រៅ» គឺជាពួកចៀមឯទៀត។ គឺត្រូវបានផ្ទេរភារកិច្ចជាច្រើនដល់ពួកទាំងនេះ ដើម្បីឲ្យទទួលកិច្ចការរឹតតែច្រើនទៀត កាលដែលពួកអ្នកចាក់ប្រេងតាំងដែលនៅសល់ដែលមានអាយុចាស់ទៅៗ ហើយបញ្ចប់កិច្ចការនៅផែនដីរបស់គេ រួចទៅបំរើក្នុងន័យដ៏ពេញលេញជា«សង្ឃរបស់ព្រះយេហូវ៉ា»នៅស្ថានសួគ៌ ដែលព័ទ្ធជុំវិញបល្ល័ង្ករបស់ព្រះយេហូវ៉ាជា«អ្នកគោរពដល់ព្រះនៃយើងរាល់គ្នា»។—កូរិនថូសទី១ ១៥:៥០-៥៧; វិវរណៈ ៤:៤, ៩-១១; ៥:៩, ១០
«ដំណមនុស្ស . . . ដែលត្រូវកើតខាងមុខ»
១៥. ក្នុងគ្រាចុងបញ្ចប់នេះ តើក្រុមគ្រីស្ទានមួយណាដែលមានអាយុ«ចាស់» ហើយតើក្រុមមួយណាដែលតំណាង«ដំណមនុស្ស . . . ដែលត្រូវកើតឡើងខាងមុខ»?
១៥ ពួកអ្នកចាក់ប្រេងតាំងដែលនៅសល់មានចិត្តខ្នះខ្នែង ក្នុងការបង្ហាត់ពួកចៀមឯទៀតសំរាប់ភារកិច្ចជាច្រើន។ ទំនុកដំកើង ៧១:១៨ ចែងថា៖ «ឱព្រះអង្គអើយ សូមកុំលះបង់ចោលទូលបង្គំឡើយ ទោះទាំងវេលាដែលទូលបង្គំចាស់សក់ស្កូវហើយផង ដរាបដល់ទូលបង្គំ បានថ្លែងប្រាប់ពីព្រះចេស្ដាទ្រង់ ដល់ដំណមនុស្សជាន់ក្រោយ នឹងពីឥទ្ធានុភាពទ្រង់ ដល់ពួកអ្នកដែលត្រូវកើតខាងមុខ»។ ក្នុងការអធិប្បាយលើខនេះ ប៉មយាម ១៥ ធ្នូ ១៩៤៨ បានចង្អុលប្រាប់ថាក្រុមជំនុំនៃពួកគ្រីស្ទានចាក់ប្រេងតាំង គឺប្រាកដជាមានអាយុចាស់ហើយ។ ទស្សនាវដ្ដីនេះក៏ចែងថា ពួកចាក់ប្រេងតាំង«សង្ឃឹមមើលទៅមុខរកដោយពន្លឺនៃទំនាយព្រះគម្ពីរ ហើយមើលដំណមនុស្សថ្មី»។ តើនេះគឺសំដៅទៅពួកណាជាពិសេស? ប៉មយាម បានចែងថា៖ «ព្រះយេស៊ូមានបន្ទូលអំពីពួកគេជា‹ពួកចៀមឯទៀត›របស់ទ្រង់›»។ ‹ដំណមនុស្សដែលនឹងត្រូវកើតខាងមុខ› សំដៅទៅមនុស្សដែលនឹងរស់នៅក្រោមការចាត់ចែងថ្មីខាងផែនដី ដែលត្រូវគ្រប់គ្រងដោយព្រះរាជាណាចក្រនៃស្ថានសួគ៌។
១៦. តើ‹ដំណមនុស្សដែលត្រូវកើតឡើងខាងមុខ›រង់ចាំដ៏រំភើបចំពោះពរអ្វីខ្លះ?
១៦ ព្រះគម្ពីរមិនបានចែងថានៅពេលណាដែលពួកគ្រីស្ទានចាក់ប្រេងតាំងទាំងអស់ នឹងចាកចេញពីពួកចៀមឯទៀតនៃ‹ដំណមនុស្សដែលត្រូវកើតខាងមុខ› ហើយឲ្យបានសិរីល្អជាមួយព្រះយេស៊ូគ្រីស្ទ។ ប៉ុន្តែ ពួកអ្នកចាក់ប្រេងតាំងទាំងនេះមានការទុកចិត្តថា ពេលវេលាចំពោះរឿងនេះគឺជិតមកដល់ហើយ។ ព្រឹត្ដិការណ៍ទាំងឡាយដែលបានទាយប្រាប់ក្នុងទំនាយដ៏ឧត្តមរបស់ព្រះយេស៊ូអំពី«គ្រាចុងបញ្ចប់» កំពុងតែបានសម្រេចតាំងពីឆ្នាំ១៩១៤។ នេះបង្ហាញថាសេចក្ដីហិនវិនាសនៃលោកីយ៍នេះគឺកាន់តែជិតមកដល់ហើយ។ (ដានីយ៉ែល ១២:៤; ម៉ាថាយ ២៤:៣-១៤; ម៉ាកុស ១៣:៤-២០; លូកា ២១:៧-២៤) មិនយូរប៉ុន្មានទៀត ព្រះយេហូវ៉ានឹងនាំចូលពិភពលោកថ្មី ដែល‹ដំណមនុស្សដែលត្រូវកើតខាងមុខ›នឹង‹បានព្រះរាជាណាចក្រ[វិស័យខាងផែនដី]ជាមរតក ដែលបានរៀបចំទុកសំរាប់ពួកគេ តាំងពីកំណើតលោកីយ៍មក›។ (ម៉ាថាយ ២៥:៣៤) ពួកគេមានចិត្តយ៉ាងរំភើបក្នុងការរង់ចាំការធ្វើឲ្យមានសួនមនោរម្យឡើងវិញ និងការរស់ឡើងវិញនៃមនុស្សស្លាប់រាប់លាននាក់ចេញពីហាដេស។ (វិវរណៈ ២០:១៣) តើនឹងមានពួកអ្នកចាក់ប្រេងតាំងនៅទីនោះ ដើម្បីស្វាគមន៍ពួករស់ឡើងវិញទាំងនេះទេ? ក្នុងឆ្នាំ១៩២៥ ប៉មយាម ១ ឧសភា មានប្រសាសន៍ថា៖ «យើងមិនគួរវិនិច្ឆ័យតាមអំពើចិត្តនូវអ្វីដែលព្រះធ្វើឬមិនធ្វើនោះទេ។ . . . [ប៉ុន្តែ]យើងត្រូវបានបណ្ដាលឲ្យសន្និដ្ឋានថា ពួកសមាជិកនៃក្រុមជំនុំ[ពួកគ្រីស្ទានចាក់ប្រេងតាំង] នឹងបានសិរីល្អ មុននឹងដំណើររស់ឡើងវិញនៃពួកពីបុរាណដែលគួររស់ឡើង [ពួកស្មរបន្ទាល់ស្មោះត្រង់មុនសម័យគ្រីស្ទាន]»។ ស្រដៀងគ្នានេះដែរ ក្នុងការពិគ្រោះថាតើអ្នកចាក់ប្រេងតាំងខ្លះនឹងមានជីវិតរស់នៅដើម្បីស្វាគមន៍ពួករស់ឡើងវិញ ប៉មយាម ១ កញ្ញា ១៩៨៩ បានចែងថា៖ «នេះគឺមិនចាំបាច់សោះឡើយ»។d
១៧. តើឯកសិទ្ធិដ៏អស្ចារ្យអ្វីដែលពួកចាក់ប្រេងតាំង ជាក្រុម នឹងចូលរួមជាមួយស្តេច ព្រះយេស៊ូគ្រីស្ទ?
១៧ ប្រាកដហើយ យើងមិនដឹងថាមានអ្វីនឹងកើតឡើងក្នុងករណីនៃគ្រីស្ទានចាក់ប្រេងតាំងនិមួយៗទេ។ ប៉ុន្តែវត្តមាននៃម៉ូសេនិងអេលីយ៉ាជាមួយព្រះយេស៊ូក្នុងចក្ខុនិមិត្តនៃការផ្លាស់ប្រែទ្រង់ទ្រាយ បង្ហាញថាគ្រីស្ទានចាក់ប្រេងតាំងដែលរស់ឡើងវិញ នឹងនៅជាមួយព្រះយេស៊ូ នៅពេលដែលទ្រង់យាងមកក្នុងសិរីល្អ ដើម្បី«សងដល់គ្រប់គ្នា តាមការដែលបានធ្វើរៀងខ្លួន» កាលដែលទ្រង់ជំនុំជំរះនិងសម្រេចតាមការជំនុំជំរះនេះ។ ម្យ៉ាងវិញទៀត យើងចាំនូវសេចក្ដីសន្យារបស់ព្រះយេស៊ូ ដែលថាពួកគ្រីស្ទានចាក់ប្រេងតាំងដែលបាន‹ឈ្នះ›នឹងចូលរួមជាមួយទ្រង់ក្នុងការ‹ឃ្វាលសាសន៍ដោយដំបងដែក›នៅឯអើម៉ាគេដូន។ នៅពេលដែលព្រះយេស៊ូយាងមកក្នុងសិរីល្អ ពួកគេនឹងអង្គុយជាមួយទ្រង់ទាំង«ជំនុំជំរះពូជអំបូរអ៊ីស្រាអែលទាំង១២»។ ជាមួយព្រះយេស៊ូ គេនឹង‹កិនអារក្សសាតាំងនៅក្រោមជើងរបស់គេ›។—ម៉ាថាយ ១៦:២៧–១៧:៩; ១៩:២៨; វិវរណៈ ២:២៦, ២៧; ១៦:១៤, ១៦; រ៉ូម ១៦:២០; លោកុប្បត្តិ ៣:១៥; ទំនុកដំកើង ២:៩; ថែស្សាឡូនីចទី២ ១:៩, ១០
១៨. (ក) តើអ្វីជាស្ថានការណ៍ចំពោះ‹ការយកចូលរបស់នៅស្ថានសួគ៌ជាមួយព្រះគ្រីស្ទ›? (ខ) តើយើងអាចនិយាយអ្វីអំពី‹ការយកចូលនៃរបស់នៅផែនដីជាមួយព្រះគ្រីស្ទ›?
១៨ ស្របទៅតាមការចាត់ចែងរបស់ទ្រង់ ព្រះយេហូវ៉ាគឺកំពុងតែបន្ត‹យកចូលគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ›។ ចំពោះ«របស់នៅស្ថានសួគ៌» រាជបំណងទ្រង់កំពុងបានសម្រេចហើយ។ ការផ្សំផ្គុំនៃព្រះយេស៊ូជាមួយពួក១៤៤.០០០នាក់ក្នុងស្ថានសួគ៌សំរាប់«រៀបវិវាហមង្គលនៃកូនចៀម»គឺជិតមកដល់ហើយ។ ដូច្នេះហើយ បានជាមានបងប្អូនជាច្រើននៃពួកចៀមឯទៀតដែលមានគំនិតចាស់ទុំជាយូរយារមកហើយ ដែលតំណាង«របស់នៅផែនដី» បានទទួលភារកិច្ចដ៏ធ្ងន់ជាច្រើនដើម្បីគាំទ្រពួកបងប្អូនចាក់ប្រេងតាំង។ នេះជាគ្រាដ៏រំភើបចិត្តណាស់ដែលយើងកំពុងតែរស់នៅ! ជាការគួរឲ្យរំភើបចិត្តមែន ដោយឃើញគោលបំណងរបស់ព្រះយេហូវ៉ាជឿនទៅកាន់សេចក្ដីសម្រេច! (អេភេសូរ ១:៩, ១០; ៣:១០-១២; វិវរណៈ ១៤:១; ១៩:៧, ៩) ហើយពួកចៀមឯទៀតមានការអរសប្បាយណាស់ ក្នុងការគាំទ្រពួកបងប្អូនចាក់ប្រេងតាំងរបស់គេ កាលដែលក្រុមទាំងពីរបំរើជាមួយគ្នាជា«ហ្វូងតែមួយ» នៅក្រោម«អ្នកគង្វាលតែមួយ» ដោយចុះចូលនឹងស្តេច ព្រះយេស៊ូគ្រីស្ទ ហើយដើម្បីជាសិរីល្អនៃព្រះមហាក្សត្រសកលលោក ព្រះយេហូវ៉ា!—យ៉ូហាន ១០:១៦; ភីលីព ២:៩-១១
[កំណត់សម្គាល់]
a សូមមើលប៉មយាម ១ សីហា ១៩៨១ ទំព័រ ១៦-២៦ (ភាសាអង់គ្លេស)
b ជាឧទាហរណ៍ ចាប់ផ្ដើមពីឆ្នាំ១៩១៤ «រូបភាពល្ខោនអំពីដំណើរបង្កើត»—ដែលមានសម្លេងហើយមានបួនភាគ—ត្រូវបានបញ្ចាំងទូទាំងនៃបស្ចិមប្រទេស។
c ចំពោះមូលហេតុដែលពួកគ្រីស្ទានជាតិយូដាខ្លះមានចិត្តខ្នះខ្នែងចំពោះក្រិត្យវិន័យ សូមមើល Insight on the Scriptures, បោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉កជាសាជីវកម្ម ក្បាលទី២ ទំព័រ ១១៦៣-៤
d សូមមើល ប៉មយាម ១៥ សីហា ១៩៩០ ទំព័រ ៣០-១; ១៥ ធ្នូ ១៩៩០ ទំព័រ ៣០(ភាសាអង់គ្លេស)
តើអ្នកអាចពន្យល់បានទេ?
◻ តើតាមរបៀបណាដែលអង្គការរបស់ព្រះជឿនទៅមុខក្នុងសតវត្សទីមួយ?
◻ តើតាមរបៀបណាដែលគណៈអភិបាលបានកើតឡើង ក្នុងប្រវត្ដិសាស្ត្រទំនើបនៃស្មរបន្ទាល់ព្រះយេហូវ៉ា?
◻ តើបទគម្ពីរអ្វីខ្លះបង្ហាញពីការឲ្យអំណាចដល់ពួកចៀមឯទៀតក្នុងអង្គការរបស់ព្រះយេហូវ៉ា?
◻ តើតាមរបៀបណាដែល«របស់នៅស្ថានសួគ៌» និង«របស់នៅផែនដី» បានប្រមូលឲ្យមកចូលជាមួយគ្នាក្នុងព្រះគ្រីស្ទ?