ព្រះយេហូវ៉ាជាព្រះមួយអង្គដែលអត់ធន់
‹ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះហឫទ័យមេត្ដាករុណា ហើយសន្ដោសប្រណីទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសជាបរិបូរ›។—និក្ខមនំ ៣៤:៦
១, ២. (ក) តើអ្នកណាខ្លះនៅអតីតកាលធ្លាប់ទទួលអត្ថប្រយោជន៍ពីការអត់ធន់របស់ព្រះយេហូវ៉ា? (ខ) តើពាក្យ«អត់ធន់»មានន័យអ្វី?
មនុស្សនៅសម័យលោកណូអេ ជនជាតិអ៊ីស្រាអែលដែលដើរឆ្លងកាត់ទីរហោស្ថានជាមួយលោកម៉ូសេ និងសាសន៍យូដានៅសម័យដែលព្រះយេស៊ូគង់លើផែនដីនោះ សុទ្ធតែជាអ្នកស្ថិតក្នុងកាលៈទេសៈខុសៗគ្នាទាំងអស់។ ប៉ុន្តែ ជារូបភាព ពួកគេទាំងអស់គ្នាទទួលអត្ថប្រយោជន៍ពីគុណសម្បត្ដិមួយដ៏សប្បុរសរបស់ព្រះយេហូវ៉ា គឺជាការអត់ធន់របស់ទ្រង់។ គុណសម្បត្ដិនោះបានសង្គ្រោះជីវិតរបស់ជនខ្លះ។ ការអត់ធន់របស់ព្រះយេហូវ៉ាក៏អាចសង្គ្រោះជីវិតយើងផងដែរ។
២ តើការអត់ធន់គឺជាអ្វីទៅ? តើព្រះយេហូវ៉ាអត់ធន់នៅពេលណា? ហើយហេតុអ្វី? ពាក្យថា អត់ធន់ អាចត្រូវបកស្រាយជាការទ្រាំនឹងការធ្វើបាបឬការចាក់រុកដោយចិត្តអត់ធ្មត់ ព្រមជាមួយនឹងការមិនព្រមអស់សង្ឃឹម ដោយប្រាថ្នាចង់ឲ្យទំនាក់ទំនងគ្នីគ្នាត្រូវផ្សះផ្សាឡើងវិញ។ ដូច្នេះ បុគ្គលម្នាក់អត់ធន់ដោយមានគោលបំណង ថែមទាំងគិតដល់ប្រយោជន៍របស់អ្នកដែលកំពុងតែបង្កបញ្ហានោះ។ ក៏ប៉ុន្តែ ការអត់ធន់មិនមែនជាការបណ្ដោយឲ្យមានអំពើអាក្រក់នោះទេ។ ពេលដែលបំណងនៃការអត់ធន់បានសម្រេចហើយ ឬក៏ពេលគ្មានហេតុឲ្យអត់ទ្រាំបាននឹងស្ថានភាពណាមួយតទៅទៀតនោះ ទើបការអត់ធន់នឹងចប់តែម្ដង។
៣. តើអ្វីជាបំណងនៃការអត់ធន់របស់ព្រះយេហូវ៉ា? ហើយតើទ្រង់អត់ធន់ដល់កំរិតណា?
៣ ទោះជាមនុស្សអាចអត់ធន់បានយ៉ាងណាក្ដី តែព្រះយេហូវ៉ាវិញគឺជាគំរូឧត្តមបំផុតពីគុណសម្បត្ដិនេះ។ ក្នុងកំឡុងប៉ុន្មានឆ្នាំតាំងតែពីបាបបានបង្អាក់ទំនាក់ទំនងរវាងព្រះយេហូវ៉ានិងមនុស្សជាតិដែលជាការបង្កើតរបស់ទ្រង់នោះ អ្នកបង្កើតរបស់យើងបានទ្រាំដោយព្រះទ័យអត់ធ្មត់ ថែមទាំងបានផ្ដល់មធ្យោបាយឲ្យមនុស្សដែលប្រែចិត្តវិញ អាចផ្សះផ្សាទំនាក់ទំនងជាមួយនឹងទ្រង់បាន។ (ពេត្រុសទី២ ៣:៩; យ៉ូហានទី១ ៤:១០) ក៏ប៉ុន្តែ ពេលការអត់ធន់របស់ព្រះបានសម្រេចគោលបំណងទ្រង់ហើយ នោះព្រះនឹងចាត់វិធានការបំផ្លាញចោលអ្នកដែលធ្វើអាក្រក់ដោយចេតនា ហើយតាមវិធីនេះទ្រង់នឹងបំបាត់ចោលរបបដ៏អាក្រក់នេះ។—ពេត្រុសទី២ ៣:៧
សមស្របនឹងគុណសម្បត្ដិចំបងរបស់ព្រះ
៤. (ក) ក្នុងបទគម្ពីរហេព្រើរ តើការអត់ធន់មានអត្ថន័យអ្វី? (សូមមើលសម្គាល់ហេតុខាងលើផងដែរ) (ខ) តើព្យាការីណាហ៊ុមពិពណ៌នាអំពីព្រះយេហូវ៉ាយ៉ាងណា? ហើយតើនេះបំភ្លឺឲ្យដឹងនូវអ្វី អំពីការអត់ធន់របស់ព្រះយេហូវ៉ា?
៤ បទគម្ពីរភាសាហេព្រើរ បង្កប់អត្ថន័យនៃពាក្យអត់ធន់ក្នុងពាក្យភាសាហេព្រើរពីរម៉ាត់ ដែលមានន័យត្រង់ៗថា«ប្រវែងនៃរន្ធច្រមុះ»និងត្រូវបកប្រែថា«យឺតនឹងខ្ញាល់»ក្នុងសេចក្ដីបកប្រែពិភពលោកថ្មី។a ព្យាការីណាហ៊ុមបាននិយាយអំពីការអត់ធន់របស់ព្រះដោយថា៖ «ព្រះយេហូវ៉ាទ្រង់យឺតនឹងខ្ញាល់ ហើយមានព្រះចេស្ដាយ៉ាងធំ តែទ្រង់មិនស្ទាក់ស្ទើរក្នុងការដាក់ទោសឡើយ»។ (ណាហ៊ុម ១:៣, ព.ថ.) ហេតុនេះហើយបានជា ការអត់ធន់របស់ព្រះយេហូវ៉ាមិនមែនជាភាពទន់ខ្សោយនោះទេ ហើយក៏មានកំរិតជាក់លាក់ដែរ។ ត្រង់ចំណុចថា ព្រះដែលមានគ្រប់ព្រះចេស្ដាគឺយឺតនឹងខ្ញាល់ តែមានមហិទ្ធិឫទ្ធិសម្បើមណាស់ គឺបញ្ជាក់ថាទ្រង់អត់ធន់ដោយសារទ្រង់ទប់ព្រះទ័យដោយមានបំណង។ ទ្រង់មានអំណាចកាត់ទោស តែទ្រង់ទប់ព្រះទ័យទ្រង់មិនកាត់ទោសភ្លាមៗទេ ដើម្បីឲ្យអ្នកដែលធ្វើខុសមានឱកាសប្រែចិត្តវិញ។ (អេសេគាល ១៨:៣១, ៣២) ម្ល៉ោះហើយ ការអត់ធន់របស់ព្រះយេហូវ៉ាសឲ្យឃើញសេចក្ដីស្រឡាញ់របស់ទ្រង់ ហើយក៏បង្ហាញប្រាជ្ញារបស់ទ្រង់ក្នុងការប្រើអំណាច។
៥. តើយ៉ាងដូចម្ដេចដែលការអត់ធន់របស់ព្រះយេហូវ៉ាសមនឹងយុត្ដិធម៌របស់ទ្រង់?
៥ ការអត់ធន់របស់ព្រះយេហូវ៉ាក៏សមនឹងយុត្ដិធម៌និងសេចក្ដីសុចរិតរបស់ទ្រង់។ ព្រះយេហូវ៉ាបានធ្វើឲ្យលោកម៉ូសេស្គាល់ទ្រង់ជា«ព្រះទ្រង់[ដែល]មានព្រះហឫទ័យមេត្ដាករុណា ហើយទន់សន្ដោស ទ្រង់យឺតនឹងខ្ញាល់[ឬអត់ធន់] ហើយមានសេចក្ដីសប្បុរស នឹងសេចក្ដីទៀងត្រង់ ជាបរិបូរ»។ (និក្ខមនំ ៣៤:៦) ប៉ុន្មានឆ្នាំក្រោយមក លោកម៉ូសេបានច្រៀងសរសើរព្រះយេហូវ៉ាថា៖ «អស់ទាំងផ្លូវទ្រង់ សុទ្ធតែប្រកបដោយយុត្ដិធម៌ ទ្រង់ជាព្រះដ៏ស្មោះត្រង់ ឥតមានសេចក្ដីទុច្ចរិតណាឡើយ ទ្រង់ក៏ត្រឹមត្រូវ ហើយទៀងត្រង់»។ (ចោទិយកថា ៣២:៤) សេចក្ដីមេត្ដាករុណា ការអត់ធន់ យុត្ដិធម៌ និងសេចក្ដីទៀងត្រង់របស់ព្រះយេហូវ៉ាចុះសម្រុងគ្នាទាំងអស់ក្នុងការបង្កើតផល។
ការអត់ធន់របស់ព្រះយេហូវ៉ាមុនទឹកជំនន់
៦. តើព្រះយេហូវ៉ាបានអត់ធ្មត់នឹងកូនចៅរបស់អ័ដាមនិងអេវ៉ាតាមវិធីដ៏ប្រសើរណា?
៦ ការបះបោររបស់អ័ដាមនិងអេវ៉ាបានបំបែកទំនាក់ទំនងរបស់គេជាមួយនឹងព្រះយេហូវ៉ាជាអ្នកដែលបង្កើតនិងស្រឡាញ់គេ។ (លោកុប្បត្តិ ៣:៨-១៣, ២៣, ២៤) ការគ្មានទំនាក់ទំនងនេះមានផលប៉ះពាល់ទៅលើកូនចៅរបស់គេ គឺបាប ភាពឥតគ្រប់ល័ក្ខណ៍ និងសេចក្ដីស្លាប់ដែលគេទទួលជាមត៌ក។ (រ៉ូម ៥:១៧-១៩) ទោះជាគូស្វាមីភរិយាទីមួយនោះគឺជាអ្នកធ្វើបាបដោយចេតនាក្ដី ព្រះយេហូវ៉ានៅតែអនុញ្ញាតឲ្យគេបង្កើតកូន។ ក្រោយមក ទ្រង់រៀបចំមធ្យោបាយមួយឲ្យកូនចៅរបស់អ័ដាមនិងអេវ៉ាផ្សះផ្សាទំនាក់ទំនងជាមួយនឹងទ្រង់វិញ។ (យ៉ូហាន ៣:១៦, ៣៦) សាវ័កប៉ុលពន្យល់ថា៖ «ព្រះ ទ្រង់សំដែងសេចក្ដីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង ដូច្នេះ ដែលបានរាប់ជាសុចរិត ដោយសារព្រះលោហិតទ្រង់ នោះប្រាកដជាយើងនឹងបានរួចចេញពីសេចក្ដីក្រោធ ដោយសារទ្រង់ជាមិនខានលើសទៅទៀត ដ្បិតកាលយើងជាខ្មាំងសត្រូវ បើយើងបានជាមេត្រីនឹងព្រះវិញទៅហើយ ដោយព្រះរាជបុត្រាទ្រង់សុគត ដូច្នេះ ដែលយើងបានជាមេត្រីហើយ នោះប្រាកដជាយើងនឹងបានសង្គ្រោះ ជាមិនខានលើសទៅទៀត ដោយទ្រង់មានព្រះជន្មរស់ឡើងវិញ»។—រ៉ូម ៥:៨-១០
៧. តើព្រះយេហូវ៉ាបានអត់ធន់នឹងមនុស្សមុនទឹកជំនន់យ៉ាងដូចម្ដេច? ហើយហេតុដូចម្ដេចបានជាការបំផ្លាញតំណមនុស្សនោះគឺត្រឹមត្រូវទាំងស្រុង?
៧ ព្រះយេហូវ៉ាបានអត់ធ្មត់នៅសម័យលោកណូអេ។ ជាងមួយសតវត្សមុនទឹកជំនន់មកនោះ«ទ្រង់ទតមើលផែនដី ឃើញថាខូចអាក្រក់ដូច្នេះ ដ្បិតគ្រប់ទាំងសាច់បានបង្ខូចផ្លូវខ្លួននៅផែនដីទៅហើយ»។ (លោកុប្បត្តិ ៦:១២) យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាទ្រង់នៅតែអត់ធ្មត់នឹងមនុស្សមួយរយៈ។ ទ្រង់មានបន្ទូលថា៖ «វិញ្ញាណអញនឹងមិនតវ៉ានឹងមនុស្សជាដរាបទេ ពីព្រោះគេជាសាច់ឈាមប៉ុណ្ណោះ អាយុគេនឹងបានត្រឹមតែ១២០ឆ្នាំវិញ»។ (លោកុប្បត្តិ ៦:៣) រយៈពេល១២០ឆ្នាំនោះបានអនុញ្ញាតឲ្យណូអេមានពេលបង្កើតកូន ហើយក្រោយទទួលដំណឹងអំពីព្រះហឫទ័យរបស់ព្រះ គាត់ក៏អាចមានពេលកសាងទូកមួយនិងព្រមានមនុស្សដទៃនៅសម័យនោះអំពីទឹកជំនន់ដែលនឹងមកដល់នោះដែរ។ សាវ័កពេត្រុសសរសេរថា៖ «សេចក្ដីអត់ធ្មត់[គុណសម្បត្ដិមួយដែលជាប់ទាក់ទងនឹងការអត់ធន់]របស់ព្រះ បានរង់ចាំនៅជំនាន់លោកណូអេ កាលលោកកំពុងតែធ្វើទូកធំ ហើយនៅក្នុងទូកនោះមានមនុស្សតែបន្ដិច គឺ៨នាក់ប៉ុណ្ណោះដែលបានរួចដោយសារទឹក»។ (ពេត្រុសទី១ ៣:២០) គឺពិតមែនដែលថា អ្នកក្រៅពីក្រុមគ្រួសាររបស់ណូអេ«ឥតបានដឹងខ្លួន»ពេលណូអេផ្សព្វផ្សាយទេ។ (ម៉ាថាយ ២៤:៣៨, ៣៩) ក៏ប៉ុន្តែ ដោយព្រះយេហូវ៉ាបញ្ជាឲ្យណូអេសង់ទូកនិងបំរើ«ជាអ្នកប្រកាសប្រាប់ពីសេចក្ដីសុចរិត»អស់ប៉ុន្មានទសវត្សនោះ គឺទ្រង់ផ្ដល់ឲ្យមនុស្សនៅសម័យណូអេមានឱកាសប្រែចិត្តពីអំពើឃោរឃៅរបស់គេនិងវិលមកបំរើទ្រង់វិញ។ (ពេត្រុសទី២ ២:៥; ហេព្រើរ ១១:៧) ការបំផ្លាញចោលតំណមនុស្សអាក្រក់នោះ គឺត្រឹមត្រូវទាំងស្រុង។
គំរូល្អខាងការអត់ធន់ចំពោះជនជាតិអ៊ីស្រាអែល
៨. តើព្រះយេហូវ៉ាបានបង្ហាញការអត់ធន់ចំពោះសាសន៍អ៊ីស្រាអែលយ៉ាងដូចម្ដេច?
៨ ការអត់ធន់របស់ព្រះយេហូវ៉ាចំពោះជនជាតិអ៊ីស្រាអែលបានយូរអង្វែងជាង១២០ឆ្នាំនោះទៅទៀត។ ក្នុងកំឡុង១៥០០ឆ្នាំនៃប្រវត្ដិសាស្ត្រដែលជនជាតិអ៊ីស្រាអែលជារាស្ត្ររបស់ព្រះនោះ កម្រមានគ្រាណាដែលគេមិនបានល្បងលការអត់ធន់របស់ព្រះរហូតដល់ទ្រង់មិនព្រមត្រាប្រណីតទៅទៀតឡើយ។ គ្រាន់តែប៉ុន្មានសប្ដាហ៍ក្រោយគេត្រូវរំដោះដោយអព្ភូតហេតុឲ្យរួចពីអេស៊ីព្ទនោះ គេចាប់ផ្ដើមថ្វាយបង្គំរូបព្រះ ហើយបង្ហាញការមិនគោរពដ៏គួរឲ្យខ្ពើមរអើមចំពោះអ្នកដែលបានសង្គ្រោះគេនោះ។ (និក្ខមនំ ៣២:៤; ទំនុកដំកើង ១០៦:២១) ក្នុងកំឡុងប៉ុន្មានទសវត្សក្រោយមក ជនជាតិអ៊ីស្រាអែលត្អូញត្អែរអំពីម្ហូបអាហារដែលព្រះយេហូវ៉ាបានប្រទានជាអព្ភូតហេតុនៅទីរហោស្ថាន គេរអ៊ូរទាំទាស់នឹងម៉ូសេនិងអើរ៉ុន និយាយប្រឆាំងនឹងព្រះយេហូវ៉ា សហាយស្មន់នឹងអ្នកថ្វាយបង្គំព្រះមិនពិត និងរហូតដល់ចូលរួមការថ្វាយបង្គំព្រះបាលទៀតផង។ (ជនគណនា ១១:៤-៦; ១៤:២-៤; ២១:៥; ២៥:១-៣; កូរិនថូសទី១ ១០:៦-១១) ព្រះយេហូវ៉ាមានហេតុបំផ្លាញរាស្ត្រចោល តែទ្រង់បានអត់ធន់វិញ។—ជនគណនា ១៤:១១-២១
៩. តើព្រះយេហូវ៉ាជាព្រះអត់ធន់យ៉ាងណាក្នុងសម័យបណ្ដាចៅហ្វាយនិងស្តេចនោះ?
៩ ក្នុងកំឡុងសម័យបណ្ដាចៅហ្វាយនោះ សាសន៍អ៊ីស្រាអែលងាកចេញទៅថ្វាយបង្គំរូបព្រះម្ដងហើយម្ដងទៀត។ ពេលគេធ្វើដូច្នេះ ព្រះយេហូវ៉ាឲ្យពួកសត្រូវរបស់គេមកវាយលុក។ ប៉ុន្តែ ពេលគេប្រែចិត្តនិងអំពាវនាវចំពោះទ្រង់ឲ្យបានជំនួយ ទ្រង់បង្ហាញការអត់ធន់ដោយរើសតាំងចៅហ្វាយដើម្បីសង្គ្រោះគេ។ (ពួកចៅហ្វាយ ២:១៧, ១៨) ក្នុងកំឡុងដែលមានបណ្ដាស្តេចជាច្រើននោះ មានតែស្តេចខ្លះទេដែលមានភក្ដីភាពនឹងព្រះយេហូវ៉ា។ សូម្បីតែនៅក្រោមរជ្ជកាលរបស់ស្តេចស្មោះត្រង់ក៏ដោយ ជនានុជនច្រើនតែលាយឡំការថ្វាយបង្គំពិតនឹងមិនពិតចូលជាមួយគ្នា។ ពេលព្រះយេហូវ៉ារើសព្យាការីដើម្បីព្រមានប្រជាជនអំពីលទ្ធផលពីភាពឥតស្មោះត្រង់នោះ គេគ្រាន់តែចង់ស្ដាប់សង្ឃពុករលួយនិងព្យាការីក្លែងក្លាយទៅវិញ។ (យេរេមា ៥:៣១; ២៥:៤-៧) ជនជាតិអ៊ីស្រាអែលបានបៀតបៀននិងរហូតដល់សម្លាប់ចោលព្យាការីស្មោះត្រង់របស់ព្រះយេហូវ៉ាទៀតផង។ (របាក្សត្រទី២ ២៤:២០, ២១; កិច្ចការ ៧:៥១, ៥២) យ៉ាងណាក៏ដោយ ព្រះយេហូវ៉ានៅតែបន្តអត់ធន់ទៀត។—របាក្សត្រទី២ ៣៦:១៥
ការអត់ធន់របស់ព្រះយេហូវ៉ាមិនបានសាបសូន្យឡើយ
១០. តើការអត់ធន់របស់ព្រះយេហូវ៉ាបានចប់នៅពេលណា?
១០ ក៏ប៉ុន្តែ ប្រវត្ដិសាស្ត្រលើកបញ្ជាក់ថា ការអត់ធន់របស់ព្រះមានកំរិត។ នៅឆ្នាំ៧៤០ ម.ស.យ. ព្រះអនុញ្ញាតឲ្យសាសន៍អាស៊ើររំលំចោលរាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធដប់និងចាប់ប្រជាជននោះយកទៅស្រុកអាស៊ើរជាឈ្លើយវិញ។ (ពង្សាវតារក្សត្រទី២ ១៧:៥, ៦) នៅដំណាច់សតវត្សបន្ទាប់នោះ ទ្រង់អនុញ្ញាតឲ្យសាសន៍បាប៊ីឡូនសំរុកលុកលុយចូលរាជាណាចក្រយូដាដែលមានកុលសម្ព័ន្ធពីរ និងបំផ្លាញទីក្រុងយេរូសាឡិមរួមទាំងព្រះវិហារនៅទីនោះផងដែរ។—របាក្សត្រទី២ ៣៦:១៦-១៩
១១. តើព្រះយេហូវ៉ាបានអត់ធន់យ៉ាងដូចម្ដេច សូម្បីពេលដែលទ្រង់កំពុងតែកាត់ទោសក៏ដោយ?
១១ សូម្បីតែពេលព្រះយេហូវ៉ាកំពុងតែកាត់ទោសអ៊ីស្រាអែលនិងយូដាក៏ដោយ ការអត់ធន់របស់ទ្រង់មិនដែលសាបសូន្យឡើយ។ តាមរយៈព្យាការីយេរេមា ព្រះយេហូវ៉ាទាយថាទ្រង់នឹងនាំរាស្ត្ររបស់ទ្រង់មកវិញ។ ព្រះយេហូវ៉ាមានបន្ទូលថា៖ «លុះកាលបានសំរេចគ្រប់៧០ឆ្នាំនៅស្រុកបាប៊ីឡូនហើយ នោះអញនឹងប្រោសឯងរាល់គ្នា ហើយនឹងធ្វើសំរេចដល់ឯងរាល់គ្នា តាមពាក្យល្អរបស់អញ ដោយធ្វើឲ្យឯងរាល់គ្នាវិលមកឯទីនេះវិញ . . . អញនឹងឲ្យឯងរាល់គ្នារកអញឃើញ អញនឹងដោះឯងរាល់គ្នាឲ្យរួចពីសណ្ឋានជាឈ្លើយ ហើយនឹងប្រមូលឯងពីគ្រប់ទាំងសាសន៍ នឹងពីគ្រប់កន្លែងណាដែលអញបានបណ្ដេញឯង»។—យេរេមា ២៩:១០, ១៤
១២. តើអ្វីដែលបង្ហាញថាជនសំណល់ដែលត្រឡប់ទៅស្រុកយូដាវិញមានការដឹកនាំពីព្រះទាំងទាក់ទងនឹងការយាងមករបស់ព្រះមេស្ស៊ី?
១២ សំណល់និរទេសជនសាសន៍យូដា ពិតជាបានត្រឡប់ទៅស្រុកយូដាវិញ និងចាប់ផ្ដើមការថ្វាយបង្គំព្រះយេហូវ៉ាសាជាថ្មីម្ដងទៀត នៅព្រះវិហារដែលត្រូវកសាងឡើងវិញក្នុងទីក្រុងយេរូសាឡិម។ តាមគោលបំណងរបស់ព្រះយេហូវ៉ា ជនសំណល់នេះនឹងទៅជាដូច«ទឹកសន្សើមមកពីព្រះយេហូវ៉ា» ដែលធ្វើឲ្យរីកចំរើននិងមានកម្លាំងចិត្តឡើងវិញ។ គេក៏នឹងក្លាហានហើយមានកម្លាំងដូចជា«សិង្ហនៅកណ្ដាលពួកសត្វព្រៃ»។ (មីកា ៥:៦, ៧) ឃ្លានេះប្រហែលជាបានសម្រេចក្នុងកំឡុងពេលដែលហៅថា សម័យម៉ាខាប៊ី ពេលសាសន៍យូដាបណ្ដេញសត្រូវរបស់គេពីស្រុកសន្យាក្រោមការគ្រប់គ្រងរបស់ក្រុមគ្រួសារម៉ាខាប៊ីនិងសម្ពោធព្រះវិហារម្ដងទៀត ក្រោយនោះបានត្រូវគេបង្ខូច។ ម្ល៉ោះហើយ ស្រុកនោះនិងព្រះវិហារត្រូវរក្សាដើម្បីឲ្យជនសំណល់មួយទៀតដ៏ស្មោះត្រង់អាចទទួលព្រះរាជបុត្រារបស់ព្រះពេលទ្រង់យាងមកទីនោះជាព្រះមេស្ស៊ី។—ដានីយ៉ែល ៩:២៥; លូកា ១:១៣-១៧, ៦៧-៧៩; លូកា ៣:១៥, ២១, ២២
១៣. សូម្បីតែក្រោយសាសន៍យូដាបានធ្វើគុតរាជបុត្ររបស់ព្រះយេហូវ៉ាក៏ដោយ តើព្រះយេហូវ៉ាបន្តបង្ហាញការអត់ធន់យ៉ាងដូចម្ដេច?
១៣ សូម្បីតែក្រោយសាសន៍យូដាបានធ្វើគុតដល់រាជបុត្រារបស់ព្រះយេហូវ៉ាក្ដី ទ្រង់នៅបង្ហាញការអត់ធន់ចំពោះគេអស់បីឆ្នាំកន្លះ ដោយឲ្យតែពួកគេប៉ុណ្ណោះមានឯកសិទ្ធិចូលធ្វើជាពូជអ័ប្រាហាំខាងវិញ្ញាណ។ (ដានីយ៉ែល ៩:២៧)b មុននិងក្រោយឆ្នាំ៣៦ស.យ. សាសន៍យូដាខ្លះតបតាមសេចក្ដីអញ្ជើញនេះ និងត្រង់ចំណុចនេះហើយបានជាប៉ុលស្រដីថា៖ «មានសំណល់សល់ដែលទ្រង់បានរើសតាំង ដោយព្រះគុណដែរ»។—រ៉ូម ១១:៥
១៤. (ក) នៅឆ្នាំ៣៦ស.យ. តើអ្នកណាទៀតត្រូវជូនឯកសិទ្ធិរួមចំណែកពូជខាងវិញ្ញាណរបស់អ័ប្រាហាំ? (ខ) ហើយតើប៉ុលបានពោលពាក្យយ៉ាងណា ដើម្បីបញ្ជាក់ពីអារម្មណ៍របស់គាត់ចំពោះរបៀបព្រះយេហូវ៉ាជ្រើសរើសសមាជិកអ៊ីស្រាអែលខាងវិញ្ញាណនោះ?
១៤ នៅឆ្នាំ៣៦ស.យ. ឯកសិទ្ធិឲ្យរួមចំណែកពូជខាងវិញ្ញាណរបស់អ័ប្រាហាំត្រូវជូនជាលើកដំបូងចំពោះអ្នកដែលមិនមែនជាសាសន៍យូដាឬអ្នកចូលសាសនាយូដា។ អស់អ្នកណាដែលតបតាមការអញ្ជើញ បានទទួលព្រះគុណដែលគ្មានសិទ្ធិទទួលនិងការអត់ធន់ពីព្រះយេហូវ៉ា។ (កាឡាទី ៣:២៦-២៩; អេភេសូរ ២:៤-៧) ប៉ុលបានទទួលស្គាល់ដោយមានកតញ្ញូធម៌យ៉ាងខ្លាំងនូវប្រាជ្ញានិងបំណងនៃការអត់ធន់ដោយសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ា ដែលជាវិធីបង្គ្រប់សមាជិកអ៊ីស្រាអែលខាងវិញ្ញាណឲ្យគ្រប់ចំនួន។ ដូច្នេះប៉ុលឧទានថា៖ «អើហ្ន៎! ប្រាជ្ញា នឹងចំណេះដ៏បរិបូររបស់ព្រះជ្រៅណាស់តើ! ឯព្រះដំរិះរបស់ទ្រង់ តើមានអ្នកណានឹងស្ទង់បាន? ហើយផ្លូវទ្រង់ តើមានអ្នកណានឹងរកតាមបាន?»។—រ៉ូម ១១:២៥, ២៦, ៣៣; កាឡាទី ៦:១៥, ១៦
ការអត់ធន់ប្រយោជន៍ដល់ព្រះនាមទ្រង់
១៥. តើអ្វីជាហេតុចំបងដែលព្រះអត់ធន់? ហើយតើរឿងចំនោទអ្វីដែលត្រូវការពេលវេលាកន្លងទៅទើបមានចម្លើយ?
១៥ ហេតុអ្វីបានជាព្រះយេហូវ៉ាអត់ធន់ម្ល៉េះ? ហេតុចំបងគឺដើម្បីលើកដំកើងសរសើរព្រះនាមបរិសុទ្ធរបស់ទ្រង់ និងបង្ហាញភាពត្រឹមត្រូវនៃអធិបតេយ្យទ្រង់។ (សាំយូអែលទី១ ១២:២០-២២) ចំនោទរបស់សាតាំងដែលទាក់ទងនឹងសីលធម៌នៃរបៀបដែលព្រះយេហូវ៉ាប្រើអធិបតេយ្យទ្រង់ តម្រូវឲ្យពេលវេលាកន្លងទៅ សឹមមានចម្លើយជាក់ស្តែងឲ្យគ្រប់ការបង្កើតមើលឃើញច្បាស់។ (យ៉ូប ១:៩-១១; ៤២:២, ៥, ៦) ហេតុនេះហើយ ពេលរាស្ត្ររបស់ព្រះត្រូវគេជិះជាន់នៅអេស៊ីប ព្រះយេហូវ៉ាមានបន្ទូលទៅកាន់ស្តេចផារ៉ោនថា៖ «អញបានទុកឲ្យឯងរស់នៅវិញ ដើម្បីឲ្យឯងបានឃើញឫទ្ធិបារមីរបស់អញ ហើយឲ្យគេបានប្រកាសប្រាប់ពីឈ្មោះអញទួទៅគ្រប់លើផែនដី»។—និក្ខមនំ ៩:១៦
១៦. (ក) តើតាមរបៀបណាដែលការអត់ធន់របស់ព្រះយេហូវ៉ាបានធ្វើឲ្យទ្រង់មានលទ្ធភាពរៀបចំមនុស្សមួយពួកទុកសំរាប់ព្រះនាមទ្រង់? (ខ) តើដូចម្ដេចដែលព្រះនាមព្រះយេហូវ៉ានឹងត្រូវញែកជាបរិសុទ្ធ និងអធិបតេយ្យរបស់ទ្រង់នឹងត្រូវបញ្ជាក់ថាត្រឹមត្រូវនោះ?
១៦ ប៉ុលដកស្រង់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាទៅកាន់ស្តេចផារ៉ោន ពេលគាត់ពន្យល់ពីមុខនាទីនៃការអត់ធន់របស់ព្រះក្នុងការលើកដំកើងព្រះនាមបរិសុទ្ធរបស់ទ្រង់។ ក្រោយនោះប៉ុលសរសេរថា៖ «ចុះបើសិនជាព្រះទ្រង់ចង់សំដែងសេចក្ដីក្រោធ ព្រមទាំងបើកឲ្យស្គាល់ព្រះចេស្ដា ដល់គ្រឿងប្រដាប់គួរនឹងក្រោធ ដែលរៀបចំឡើងសំរាប់តែត្រូវបំផ្លាញដូច្នេះ ដែលទ្រង់ទ្រាំទ្រដោយអំណត់ជាយូរមកហើយ ហើយបើទ្រង់ចង់បើកឲ្យពួកគ្រឿងប្រដាប់ ដែលគួរនឹងសេចក្ដីមេត្ដាករុណា ដែលទ្រង់បានរៀបចំជាមុន បានស្គាល់សេចក្ដីវិសេសនៃសិរីល្អដ៏បរិបូររបស់ទ្រង់វិញ គឺយើងរាល់គ្នាដែលទ្រង់បានហៅមក មិនមែនពីសាសន៍យូដាតែប៉ុណ្ណោះ គឺពីសាសន៍ដទៃផង នោះធ្វើដូចម្ដេចទៅ ដូចមានសេចក្ដីចែងទុកក្នុងគម្ពីរហូសេ សំដែងមកថា៖ ‹អញនឹងហៅសាសន៍នោះ ដែលមិនមែនជារាស្ត្រអញថាជារាស្ត្រអញវិញ›»។ (រ៉ូម ៩:១៧, ២២-២៥) ដោយព្រោះព្រះយេហូវ៉ាអត់ធន់ នោះទ្រង់បានមានសមត្ថភាពរើសពីគ្រប់ទាំងសាសន៍«រាស្ត្រ១ពួកពីគេ ទុកសំរាប់ព្រះនាមទ្រង់»។ (កិច្ចការ ១៥:១៤) ដោយសារសិរសារបស់គេ ជាព្រះយេស៊ូគ្រីស្ទ នោះ«ពួកបរិសុទ្ធ»គឺជាអ្នកស្នងរាជ្យក្នុងព្រះរាជាណាចក្រដែលព្រះយេហូវ៉ានឹងប្រើដើម្បីញែកព្រះនាមដ៏ឧត្តុង្គឧត្តមរបស់ទ្រង់ចេញជាបរិសុទ្ធនិងបង្ហាញភាពត្រឹមត្រូវនៃអធិបតេយ្យរបស់ទ្រង់។—ដានីយ៉ែល ២:៤៤; ៧:១៣, ១៤, ២៧; វិវរណៈ ៤:៩-១១; ៥:៩, ១០
ការអត់ធន់របស់ព្រះយេហូវ៉ានាំទៅដល់សេចក្ដីសង្គ្រោះ
១៧, ១៨. (ក) តើដោយដូចម្ដេចដែលយើងអាចរិះគន់ព្រះយេហូវ៉ា ថ្វីបើគ្មានចេតនាក្ដីស្តីអំពីការអត់ធន់របស់ទ្រង់នោះ? (ខ) តើយើងត្រូវជំរុញឲ្យមានទស្សនៈយ៉ាងណាចំពោះការអត់ធន់របស់ព្រះយេហូវ៉ា?
១៧ តាំងតែពីមនុស្សបានរងនូវអន្តរាយនៃអំពើបាប រហូតមកដល់បច្ចុប្បន្នកាលនេះ ព្រះយេហូវ៉ាបានបង្ហាញថាទ្រង់គឺជាព្រះមួយអង្គដែលអត់ធន់។ ការអត់ធន់របស់ទ្រង់មុនទឹកជំនន់បានទុកពេលឲ្យមានការព្រមាននិងទុកពេលឲ្យគេអាចសង់ទូកដើម្បីអាចសង្គ្រោះជីវិត។ តែពេលសេចក្ដីអត់ធ្មត់របស់ទ្រង់បានដល់កំរិត នោះទឹកជំនន់បានមក។ ស្រដៀងគ្នាដែរ សព្វថ្ងៃនេះ ព្រះយេហូវ៉ាកំពុងតែអត់ធន់ក្រៃលែង និងនេះប្រហែលជាកំពុងតែបន្តយូរជាងមនុស្សខ្លះបានសង្ឃឹមនោះទៅទៀត។ ក៏ប៉ុន្តែ នេះមិនមែនជាហេតុឲ្យអស់សង្ឃឹមនោះទេ។ ការអស់សង្ឃឹមគឺមិនខុសពីការរិះគន់ព្រះដោយព្រោះទ្រង់អត់ធន់ទេ។ ប៉ុលបានសួរថា៖ «[តើ]អ្នកមើលងាយសេចក្ដីសប្បុរសដ៏ឥតគណនា ព្រមទាំងសេចក្ដីទ្រាំទ្រ នឹងសេចក្ដីអត់ធន់របស់ទ្រង់ ដោយមិនដឹងថា សេចក្ដីសប្បុរសនៃព្រះទាញនាំឲ្យអ្នកបានប្រែចិត្តឬអី?»។—រ៉ូម ២:៤
១៨ គ្មានយើងណាម្នាក់ដែលអាចដឹងជាមុនថា យើងត្រូវការការអត់ធន់របស់ព្រះប៉ុនណាដើម្បីប្រាកដថាទ្រង់នឹងពេញព្រះហឫទ័យនឹងយើងឲ្យទទួលសេចក្ដីសង្គ្រោះនោះទេ។ ប៉ុលទូន្មានថា៖ «ចូរបង្ហើយសេចក្ដីសង្គ្រោះរបស់[យើង]រាល់គ្នា ដោយកោតខ្លាច ហើយញាប់ញ័រចុះ!»។ (ភីលីព ២:១២) សាវ័កពេត្រុសសរសេរទៅកាន់គ្រីស្ទានឯទៀតថា៖ «ព្រះអម្ចាស់មិនផ្អាកសេចក្ដីសន្យារបស់ទ្រង់ ដូចជាមានអ្នកខ្លះគិតស្មាននោះទេ គឺទ្រង់មានព្រះហឫទ័យអត់ធ្មត់នឹងយើងរាល់គ្នាវិញ ដោយមិនចង់ឲ្យអ្នកណាមួយវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ»។—ពេត្រុសទី២ ៣:៩
១៩. តើយើងអាចបានអត្ថប្រយោជន៍ណាខ្លះពីការអត់ធន់របស់ព្រះយេហូវ៉ា?
១៩ ដូច្នេះ កុំបីឲ្យយើងលែងអត់ធ្មត់នឹងរបៀបព្រះយេហូវ៉ាកំពុងតែដោះស្រាយរឿងទាំងនេះឡើយ។ ផ្ទុយទៅវិញ ចូរឲ្យយើងធ្វើតាមឱវាទរបស់ពេត្រុសដោយ«រាប់សេចក្ដីអត់ធ្មត់របស់ព្រះអម្ចាស់នៃយើង ទុកជាសេចក្ដីសង្គ្រោះ»។ តើជាសេចក្ដីសង្គ្រោះរបស់អ្នកណា? គឺជាសេចក្ដីសង្គ្រោះនៃពួកយើងជាដើម ព្រមទាំងអ្នកឯទៀតជាច្រើនដែលនៅតែត្រូវការស្ដាប់«ដំណឹងល្អនេះ ដែលសំដែងពី[ព្រះរាជាណាចក្រ]»។ (ពេត្រុសទី២ ៣:១៥; ម៉ាថាយ ២៤:១៤) នេះនឹងជួយយើងត្រេកអរនឹងការអត់ធន់ដ៏សម្បើមរបស់ព្រះយេហូវ៉ា ថែមទាំងនឹងជំរុញចិត្តយើងឲ្យអត់ធន់ក្នុងទំនាក់ទំនងរបស់យើងជាមួយអ្នកឯទៀត?
[កំណត់សម្គាល់]
a ក្នុងភាសាហេព្រើរ ‹ពាក្យសំរាប់«ច្រមុះ»ឬ«រន្ធច្រមុះ»(អាហ្វ)ត្រូវប្រើជាញឹកញយជាអត្ថបដិរូបសំដៅទៅកំហឹង។ នេះគឺដោយសារមនុស្សដែលខឹងដកដង្ហើមធំឬបញ្ចេញខ្យល់ខ្លាំងៗតាមច្រមុះ។
b ដើម្បីយល់ច្បាស់ជាងអំពីទំនាយនេះ សូមមើលសៀវភៅជាភាសាអង់គ្លេសចំណងជើងថាចូរយកចិត្តទុកដាក់នឹងទំនាយរបស់ដានីយ៉ែល! ទំព័រ១៩១-១៩៤ បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា
តើអ្នកអាចពន្យល់បានទេ?
• តើពាក្យថា«អត់ធន់»មានន័យអ្វីក្នុងព្រះគម្ពីរ?
• តើព្រះយេហូវ៉ាបង្ហាញការអត់ធន់យ៉ាងដូចម្ដេចមុនទឹកជំនន់ ក្រោយការឃុំឃាំងនៅទីក្រុងបាប៊ីឡូន និងសតវត្សទីមួយ?
• តើមានហេតុដ៏សំខាន់ណាខ្លះដែលព្រះយេហូវ៉ាបានអត់ធន់?
• តើយើងគួរមានទស្សនៈយ៉ាងណាចំពោះការអត់ធន់របស់ព្រះយេហូវ៉ា?
[រូបភាពនៅទំព័រ១០]
ការអត់ធន់របស់ព្រះយេហូវ៉ាមុនទឹកជំនន់បានទុក ពេលគ្រប់គ្រាន់ឲ្យមនុស្សប្រែចិត្ត
[រូបភាពនៅទំព័រ១១]
ក្រោយចក្រភពបាប៊ីឡូនបាន រលំបាត់ទៅហើយនោះ សាសន៍យូដាទទួលប្រយោជន៍ ពីការអត់ធន់របស់ព្រះយេហូវ៉ា
[រូបភាពនៅទំព័រ១២]
នៅសតវត្សទីមួយទាំងសាសន៍យូដានិងសាសន៍ឯទៀត បានទទួលប្រយោជន៍ពីការអត់ធន់របស់ព្រះយេហូវ៉ា
[រូបភាពនៅទំព័រ១៣]
បណ្ដាគ្រីស្ទានសព្វថ្ងៃនេះ អាចទទួលប្រយោជន៍ជាច្រើន ពីការអត់ធន់របស់ព្រះយេហូវ៉ា