ផ្លូវនៃសេចក្ដីស្រឡាញ់នឹងមិនដែលផុតឡើយ
«ចូរសង្វាតឲ្យបានអំណោយទាន យ៉ាងវិសេសទៅចុះ ប៉ុន្តែ ខ្ញុំនឹងបង្ហាញផ្លូវ១ដ៏ប្រសើរលើសលែងទៅទៀត»។—កូរិនថូសទី១ ១២:៣១
១-៣. (ក) តើការរៀនឲ្យចេះសម្ដែងសេចក្ដីស្រឡាញ់ គឺដូចគ្នានឹងការរៀនភាសាថ្មីមួយយ៉ាងដូចម្ដេច? (ខ) តើមានកត្ដាអ្វីខ្លះដែលអាចធ្វើឲ្យការរៀនសម្ដែងសេចក្ដីស្រឡាញ់ជាអ្វីដ៏ពិបាកមួយ?
តើអ្នកដែលបានប៉ុនប៉ងរៀនភាសាថ្មីមួយទេ? នេះគឺជាកិច្ចការដ៏ពិបាកមួយ! ប្រាកដហើយ កូនក្មេងម្នាក់អាចរៀនភាសាថ្មីបាន ដោយគ្រាន់តែឮភាសាមួយនោះ។ ខួរក្បាលរបស់វាអាចស្រូបយកយ៉ាងស្រួលនូវសម្លេង និងអត្ថន័យនៃពាក្យ ហើយមិនយូរប៉ុន្មាន ក្មេងតូចនេះគឺអាចនិយាយយ៉ាងថ្នឹក ប្រហែលជានិយាយដោយឥតឈប់ឈរផង។ ចំពោះមនុស្សពេញវ័យវិញ គឺមិនដូច្នេះទេ។ យើងប្រហែលជាស្វែងរកក្នុងវចនានុក្រមភាសាបរទេសនេះម្ដងហើយម្ដងទៀត ឲ្យគ្រាន់តែចេះថ្នឹកនឹងឃ្លាដ៏ស្រួលៗក្នុងភាសានេះ។ ប៉ុន្តែ ក្រោយមក ដោយមានការពិសោធន៍ច្រើនជាមួយនឹងភាសាថ្មីនេះ នោះយើងចាប់ផ្ដើមគិតក្នុងភាសាថ្មីនេះ ហើយការនិយាយភាសានេះ ក៏ក្លាយទៅជាស្រួលដែរ។
២ ការរៀនឲ្យចេះសម្ដែងសេចក្ដីស្រឡាញ់ ក៏ដូចគ្នានឹងការរៀនភាសាថ្មីមួយដែរ។ ពិតមែន គុណសម្បត្ដិនេះរបស់ព្រះ គឺមានមួយកំរិតនៅក្នុងមនុស្ស។ (លោកុប្បត្តិ ១:២៧; ប្រៀបមើល យ៉ូហានទី១ ៤:៨) ប៉ុន្តែ ការរៀនឲ្យចេះសម្ដែងសេចក្ដីស្រឡាញ់ គឺតម្រូវឲ្យមានការខំប្រឹងណាស់ ជាពិសេសក្នុងគ្រាសព្វថ្ងៃនេះ នៅគ្រាដែលមិនសូវមានសេចក្ដីស្រឡាញ់តាមធម្មតា។ (ធីម៉ូថេទី២ ៣:១-៥) ហើយនៅពេលខ្លះក៏មានអញ្ចឹង នៅក្នុងក្រុមគ្រួសារគេដែរ។ ត្រូវហើយ មនុស្សជាច្រើនបានធំឡើងក្នុងបរិយាការ ដែលពុំសូវមានការថ្លែងពាក្យស្រឡាញ់ ហើយជួនកាលឥតមានតែម្ដង។ (អេភេសូរ ៤:២៩-៣១; ៦:៤) ដូច្នេះ តើយើងអាចរៀនឲ្យចេះសម្ដែងសេចក្ដីស្រឡាញ់យ៉ាងដូចម្ដេចទៅ សូម្បីតែយើងកម្រពិសោធន៍សេចក្ដីស្រឡាញ់នោះ?
៣ ព្រះគម្ពីរអាចជួយបាន។ នៅក្នុងកូរិនថូសទី១ ១៣:៤-៨ ប៉ុលមិនដែលបកស្រាយពីសេចក្ដីស្រឡាញ់ដោយគ្មានអារម្មណ៍នោះទេ តែបានពណ៌នាយ៉ាងច្បាស់នូវការប្រតិបត្ដិចំពោះសេចក្ដីស្រឡាញ់ដ៏ខ្ពស់បំផុតបែបនេះ។ ការពិចារណាមើលខទាំងនេះ នឹងជួយយើងឲ្យយល់នូវលក្ខណៈនៃគុណសម្បត្ដិនេះរបស់ព្រះ ហើយប្រដាប់យើងបានប្រសើរជាងដើម្បីឲ្យចេះសម្ដែងសេចក្ដីស្រឡាញ់។ ចូរឲ្យយើងពិនិត្យមើលលក្ខណៈខ្លះៗនៃសេចក្ដីស្រឡាញ់ ដែលបានពណ៌នាដោយប៉ុល។ លក្ខណៈនេះយើងនឹងដាក់ជាក្រុមទូលំទូលាយ យោងទៅតាមផ្នែកបីយ៉ាង៖ ចរិយាទូទៅរបស់យើង រួចមកតាមន័យត្រង់ៗ គឺទំនាក់ទំនងរបស់យើងជាមួយអ្នកឯទៀត និងក្រោយបំផុត ខាងឯការស៊ូទ្រាំរបស់យើង។
សេចក្ដីស្រឡាញ់ជួយយើងឈ្នះលើចិត្តអំនួត
៤. តើព្រះគម្ពីរផ្ដល់ឲ្យការយល់ធ្លុះយ៉ាងណាចំពោះសេចក្ដីច្រណែន?
៤ ក្រោយពីពាក្យផ្ដើមអំពីសេចក្ដីស្រឡាញ់ នោះប៉ុលបានសរសេរជូនពួកកូរិនថូសថា៖ «សេចក្ដីស្រឡាញ់មិនចេះឈ្នានីស»។ (កូរិនថូសទី១ ១៣:៤) សេចក្ដីច្រណែនក៏អាចសម្ដែងដោយចិត្តមិនសប្បាយ ដែលឈ្នានីសនឹងការរីកចំរើន ឬក៏ការសម្រេចនៃអ្នកឯទៀត។ សេចក្ដីច្រណែនបែបនេះគឺបំផ្លិចបំផ្លាញ ខាងរូបកាយ ចិត្ត និងខាងវិញ្ញាណ។—សុភាសិត ១៤:៣០; រ៉ូម ១៣:១៣; យ៉ាកុប ៣:១៤-១៦
៥. តើតាមរបៀបណាដែលសេចក្ដីស្រឡាញ់ជួយយើង ឲ្យឈ្នះលើការច្រណែន នៅពេលដែលយើងមើលទៅដូចជា បានត្រូវគេមិនរាប់ចូលក្នុងឯកសិទ្ធិខាងព្រះធិបតេយ្យណាមួយនោះ?
៥ ដោយដឹងអំពីរឿងនេះ សូមសួរខ្លួនថា ‹តើខ្ញុំទៅជាមានចិត្តច្រណែន នៅពេលដែលគេមិនបានរាប់ខ្ញុំចូលក្នុងឯកសិទ្ធិខាងព្រះធិបតេយ្យណាមួយឬ›? បើឆ្លើយថាមែន សូមកុំឲ្យអស់សង្ឃឹមឡើយ។ យ៉ាកុបជាអ្នកសរសេរព្រះគម្ពីររំឭកយើងថា «ការទទូចចង់ឈ្នានីស» គឺសណ្ឋិតនៅក្នុងមនុស្សឥតគ្រប់ល័ក្ខណ៍ទាំងអស់។ (យ៉ាកុប ៤:៥, ព.ថ.) ការស្រឡាញ់បងប្អូនរបស់អ្នក អាចជួយអ្នកឲ្យស្ដារឡើងវិញនូវតុល្យភាពរបស់អ្នក។ នេះនឹងជួយអ្នកឲ្យមានចិត្តរីករាយជាមួយនឹងអស់អ្នកដែលរីករាយ ហើយមិនត្រូវចាត់ទុកជាការអាក់អន់ចិត្តផ្ទាល់ខ្លួន នៅពេលបុគ្គលណាម្នាក់ទទួលពរឬទទួលពាក្យសរសើរនោះ។—ប្រៀបមើល សាំយូអែលទី១ ១៨:៧-៩
៦. តើស្ថានការណ៍ដ៏ធ្ងន់ធ្ងរអ្វីដែលបានកើតឡើង នៅក្នុងក្រុមជំនុំកូរិនថូសនៅសតវត្សទីមួយ?
៦ ប៉ុលនិយាយថែមថា សេចក្ដីស្រឡាញ់«មិនចេះអួតខ្លួន ក៏មិនដែលមានចិត្តធំផង»។ (កូរិនថូសទី១ ១៣:៤) ប្រសិនបើយើងមានការប៉ិនប្រសប់ឬក៏សមត្ថភាពណាខ្លះ គឺមិនចាំបាច់អួតអាងនោះទេ។ តាមប្រមើលទៅ នេះបានជាបញ្ហាមួយ របស់ពួកបុរសខ្លះដែលមានមហិច្ឆតា ដែលបានត្រូវចូលក្រុមជំនុំរបស់ពួកកូរិនថូសនោះ។ គឺប្រហែលជាពួកគេមានសមត្ថភាពខ្លាំងជាង ក្នុងការបញ្ចេញមតិ ឬក៏មានប្រសិទ្ធភាពច្រើនជាងក្នុងការធ្វើអ្វីមួយ។ ការអួតអាងខ្លួនគេ ប្រហែលជាបានបណ្ដាលឲ្យមានការបែកបាក់ កើតមានបក្សពួកនៅក្នុងក្រុមជំនុំ។ (កូរិនថូសទី១ ៣:៣, ៤; កូរិនថូសទី២ ១២:២០) ស្ថានការណ៍នេះបានក្លាយទៅជាធ្ងន់ធ្ងរដល់ម្ល៉េះ ដែលក្រោយមកប៉ុលបានស្តីប្រដៅពួកកូរិនថូស ដោយព្រោះគេបាន«ទ្រាំទ្រនឹងមនុស្សល្ងង់ខ្លៅ» ដែលប៉ុលបានពណ៌នាដោយរិះគន់ថា ជា«ពួកសាវ័កយ៉ាងធំ»។—កូរិនថូសទី២ ១១:៥, ១៩, ២០
៧, ៨. សូមបង្ហាញពីព្រះគម្ពីរនូវរបៀបដែលយើងអាចប្រើ ការប៉ិនប្រសប់ណាដែលយើងមានពីកំណើត ដើម្បីបណ្ដុះបណ្ដាលឲ្យមានសាមគ្គីភាព។
៧ ស្ថានការណ៍ស្រដៀងនេះក៏អាចកើតឡើងសព្វថ្ងៃនេះដែរ។ ជាឧទាហរណ៍ មនុស្សខ្លះប្រហែលមានការទោរទន់ក្នុងការអួតអំពីសេចក្ដីសម្រេចរបស់គេ នៅក្នុងកិច្ចបំរើផ្សាយ ឬអំពីឯកសិទ្ធិរបស់គេនៅក្នុងអង្គការរបស់ព្រះ។ ទោះជាយើងមានជំនាញឬសមត្ថភាពពិសេសណាមួយ ដែលអ្នកឯទៀតនៅក្នុងក្រុមជំនុំឥតមាននោះ តើនេះគួរឲ្យយើងមានមូលហេតុទៅជាមានចិត្តធំឬ? យ៉ាងណាក៏ដោយ យើងត្រូវប្រើការប៉ិនប្រសប់ណាមួយដែលយើងមានពីកំណើត ដើម្បីបណ្ដុះបណ្ដាលឲ្យមានសាមគ្គីភាព មិនមែនដើម្បីអួតអាងអំពីខ្លួនយើងនោះទេ។—ម៉ាថាយ ២៣:១២; ពេត្រុសទី១ ៥:៦
៨ ប៉ុលបានសរសេរថា ទោះជាក្រុមជំនុំមានអវយវៈជាច្រើនក៏ដោយ តែ«ព្រះទ្រង់បានផ្សំរូបកាយ»។ (កូរិនថូសទី១ ១២:១៩-២៦) ពាក្យភាសាក្រិកដែលបានបកប្រែ«ផ្សំ» បង្ហាញនូវការបញ្ចូលដែលស្រុះស្រួលគ្នា ដូចជាការលាយពណ៌អីចឹង។ ដូច្នេះ គ្មានបុគ្គលណាម្នាក់នៅក្នុងក្រុមជំនុំ ត្រូវមានចិត្តធំអំពីសមត្ថភាពរបស់គាត់ ហើយខំប្រឹងជិះជាន់លើអ្នកឯទៀតនោះឡើយ។ ចិត្តធំនិងមហិច្ឆតា គឺឥតមានចំណែកនៅក្នុងអង្គការរបស់ព្រះទេ។—សុភាសិត ១៦:១៩; កូរិនថូសទី១ ១៤:១២; ពេត្រុសទី១ ៥:២, ៣
៩. តើគំរូដ៏ព្រមានអ្វីដែលព្រះគម្ពីរផ្ដល់ឲ្យអំពីបុគ្គល ដែលស្វែងរកតែប្រយោជន៍របស់ខ្លួនគេនោះ?
៩ សេចក្ដីស្រឡាញ់«មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន»។ (កូរិនថូសទី១ ១៣:៥) មនុស្សម្នាក់ដែលមានចិត្តស្រឡាញ់ នោះមិនប្រើអ្នកឯទៀតដើម្បីជាប្រយោជន៍របស់ខ្លួនគាត់ឡើយ។ ព្រះគម្ពីរមានគំរូព្រមានក្នុងរឿងនេះ។ ដើម្បីពន្យល់៖ យើងអានអំពីនាងដេលីឡា នាងយេសិបិល និងនាងអ័ថាលា ជាពួកស្ត្រីដែលបានប្រើអ្នកឯទៀតសំរាប់គោលបំណងដ៏កំណាញ់របស់គេ។ (ពួកចៅហ្វាយ ១៦:១៦; ពង្សាវតារក្សត្រទី១ ២១:២៥; របាក្សត្រទី២ ២២:១០-១២) ហើយអាប់សាឡំមដែលជាបុត្ររបស់ស្តេចដាវីឌ ក៏ជាបុគ្គលម្នាក់ដូចនេះដែរ។ គាត់តែងទៅជិតអស់អ្នកដែលបានមកទីក្រុងយេរូសាឡិមសំរាប់ការជំនុំជំរះ ហើយនិងពោលបញ្ឆិតបញ្ឆៀងយ៉ាងលាក់ពុតថា តុលាការរបស់ស្តេច ឥតមានការចាប់អារម្មណ៍នឹងបញ្ហារបស់គេទេ។ រួចមក គាត់នឹងពោលថា អ្វីដែលតុលាការត្រូវការនោះ គឺបុរសដែលមានចិត្តកក់ក្ដៅដូចគាត់! (សាំយូអែលទី២ ១៥:២-៤) ប្រាកដហើយ អាប់សាឡំមមិនបានយកចិត្តទុកដាក់ នឹងពួកដែលបានត្រូវសង្កត់សង្កិននោះទេ ក៏ប៉ុន្តែយកចិត្តទុកដាក់តែនឹងខ្លួនគាត់ប៉ុណ្ណោះ។ ជាស្តេចដែលបានត្រូវរើសតាំងដោយខ្លួនឯង នោះគាត់មានឥទ្ធិពលលើចិត្តមនុស្សជាច្រើននាក់។ ប៉ុន្តែនៅក្រោយមក អាប់សាឡំមបានទទួលបរាជ័យយ៉ាងហិនហោច។ ពេលស្លាប់ទៅនោះ គាត់មិនទាំងបានទទួលបុណ្យបញ្ចុះសពដ៏សមរម្យនោះផង។—សាំយូអែលទី២ ១៨:៦-១៧
១០. តើតាមរបៀបណាដែលយើងបង្ហាញ ថាយើងស្វែងរកប្រយោជន៍សំរាប់អ្នកឯទៀត?
១០ នេះជាការព្រមានមួយដល់ពួកគ្រីស្ទានសព្វថ្ងៃនេះ។ មិនថាប្រុសឬស្រី តែដោយចរិតពីកំណើត នោះយើងប្រហែលមានអំណាចក្នុងការបញ្ចុះបញ្ចូលឲ្យគេជឿតាម។ បើនិយាយឲ្យចំទៅ គឺជាការស្រួលសំរាប់យើងក្នុងការធ្វើឲ្យគេយល់ព្រមតាមចិត្តរបស់យើង ដោយនិយាយច្រើនតែឯង ឬក៏ដោយផ្ចាញ់ផ្ចាលនឹងអស់អ្នកដែលមានទស្សនៈផ្សេងពីយើង។ ប៉ុន្តែ ប្រសិនបើយើងពិតជាប្រកបដោយសេចក្ដីស្រឡាញ់ នោះយើងនឹងស្វែងរកប្រយោជន៍ចំពោះអ្នកដទៃវិញ។ (ភីលីព ២:២-៤) យើងនឹងមិនឆ្លៀតយកប្រយោជន៍ពីអ្នកដទៃ ឬផ្សាយគំនិតដែលគួរឲ្យសង្ស័យ ហាក់ដូចជាមានតែទស្សនៈរបស់យើងទេដែលសារៈសំខាន់ គ្រាន់តែដោយព្រោះយើងមានការពិសោធន៍ ឬក៏មានជំហរក្នុងអង្គការរបស់ព្រះ។ ផ្ទុយទៅវិញ យើងនឹងនឹកចាំនូវសុភាសិតព្រះគម្ពីរ ដែលថា៖ «សេចក្ដីឆ្មើងឆ្មៃនាំមុខសេចក្ដីហិនវិនាស ហើយចិត្តព្រហើនក៏នាំឲ្យដួលចុះដែរ»។—សុភាសិត ១៦:១៨
សេចក្ដីស្រឡាញ់ក៏ធ្វើឲ្យមានទំនាក់ទំនងដ៏សុខសាន្ត
១១. (ក) តើតាមរបៀបណាដែលយើងបង្ហាញសេចក្ដីស្រឡាញ់ ដែលប្រកបដោយសេចក្ដីសប្បុរសនិងដែលសមគួរនោះ? (ខ) តើយើងអាចបង្ហាញថាយើងមិនសប្បាយនឹងសេចក្ដីទុច្ចរិតយ៉ាងដូចម្ដេច?
១១ ប៉ុលក៏បានសរសេរថា សេចក្ដីស្រឡាញ់គឺ«សប្បុរស» ហើយថាសេចក្ដីស្រឡាញ់«មិនដែលប្រព្រឹត្តបែបមិនគួរសម»។ (កូរិនថូសទី១ ១៣:៤, ៥) ត្រូវហើយ សេចក្ដីស្រឡាញ់នឹងមិនអនុញ្ញាតឲ្យយើងប្រព្រឹត្តដោយទ្រគោះ និយាយដោយថោកទាបបាតផ្សា ឬក៏តាមរបៀបដ៏ឥតចេះគោរពនោះឡើយ។ ផ្ទុយទៅវិញ យើងនឹងគិតដល់អារម្មណ៍របស់អ្នកឯទៀត។ ជាឧទាហរណ៍ មនុស្សម្នាក់ដែលប្រកបដោយសេចក្ដីស្រឡាញ់ នឹងជៀសវាងធ្វើអ្វី ដែលធ្វើឲ្យទាស់ទែងដល់មនសិការរបស់អ្នកឯទៀត។ (ប្រៀបមើល កូរិនថូសទី១ ៨:១៣) សេចក្ដីស្រឡាញ់«មិនដែលអរសប្បាយចំពោះសេចក្ដីទុច្ចរិតឡើយ គឺអរសប្បាយតែនឹងសេចក្ដីស្មោះត្រង់វិញ»។ (កូរិនថូសទី១ ១៣:៦) ប្រសិនបើយើងស្រឡាញ់ក្រិត្យវិន័យរបស់ព្រះយេហូវ៉ា នោះយើងនឹងមិនបិទភ្នែកដល់អំពើឥតសីលធម៌ ឬក៏បានត្រូវកំសាន្តដោយអ្វីដែលព្រះស្អប់នោះឡើយ។ (ទំនុកដំកើង ១១៩:៩៧) សេចក្ដីស្រឡាញ់នឹងជួយយើងស្វែងរកអំណរ ក្នុងអ្វីដែលស្អាងចិត្ត ជាជាងក្នុងអ្វីដែលបំផ្លាញនោះ។—រ៉ូម ១៥:២; កូរិនថូសទី១ ១០:២៣, ២៤; ១៤:២៦
១២, ១៣. (ក) តើយើងគួរប្រព្រឹត្តយ៉ាងណា នៅពេលបុគ្គលណាម្នាក់ធ្វើឲ្យយើងអាក់អន់ចិត្តនោះ? (ខ) សូមពណ៌នាគំរូពីព្រះគម្ពីរ ដើម្បីបង្ហាញថា សូម្បីតែកំហឹងដែលសមត្រឹមត្រូវ នោះអាចបណ្ដាលឲ្យយើងប្រព្រឹត្តដោយល្ងង់ខ្លៅបាន។
១២ ប៉ុលសរសេរថាសេចក្ដីស្រឡាញ់ «មិនរហ័សខឹង» («មិនចិត្តស្រាល» សេចក្ដីបកប្រែព្រះគម្ពីររបស់ភីលីព)។ (កូរិនថូសទី១ ១៣:៥) ពិតហើយ គឺគ្រាន់តែជាការធម្មតាទេ ជាមនុស្សឥតគ្រប់ល័ក្ខណ៍ ដែលយើងក្លាយទៅជាជ្រួលច្រាលក្នុងចិត្ត ឬក៏មានកំហឹងខ្លាំងមួយកំរិត នៅពេលដែលបុគ្គលណាម្នាក់ធ្វើឲ្យយើងអាក់អន់ចិត្តនោះ។ ប៉ុន្តែ គឺនឹងត្រូវជាការខុសវិញ បើយើងរក្សាទុកក្នុងចិត្តយ៉ាងយូរនូវកំហុសគេ ឬក៏បន្តទុកកំហឹងនោះ។ (ទំនុកដំកើង ៤:៤; អេភេសូរ ៤:២៦) បើមិនទប់ចិត្តទេ នោះសូម្បីតែកំហឹងដែលសមមាន ប្រហែលបណ្ដាលឲ្យយើងប្រព្រឹត្តដោយល្ងង់ខ្លៅ ហើយព្រះយេហូវ៉ាក៏ចាត់ទុកឲ្យយើងទទួលខុសត្រូវចំពោះរឿងនេះដែរ។—លោកុប្បត្តិ ៣៤:១-៣១; ៤៩:៥-៧; ជនគណនា ១២:៣; ២០:១០-១២; ទំនុកដំកើង ១០៦:៣២, ៣៣
១៣ មនុស្សខ្លះបានអនុញ្ញាតឲ្យភាពឥតគ្រប់ល័ក្ខណ៍នៃអ្នកឯទៀត ឲ្យមានឥទ្ធិពលលើសេចក្ដីសម្រេចចិត្តរបស់គេ ថានឹងទៅកិច្ចប្រជុំគ្រីស្ទាន ឬក៏ចូលរួមនៅក្នុងកិច្ចបំរើផ្សាយ។ នៅពេលមុនៗ ពួកអ្នកទាំងនេះជាច្រើនបានខំតយុទ្ធយ៉ាងខ្លាំងចំពោះជំនឿ ដោយប្រហែលជាស៊ូទ្រាំនឹងការប្រឆាំងក្នុងគ្រួសារ និងការចំអកមើលងាយពីពួកធ្វើការជាមួយជាដើម។ ពួកគេបានស៊ូទ្រាំឧបសគ្គបែបនេះ ពីព្រោះគេបានចាត់ទុករឿងទាំងនេះ ជាការល្បងលនូវចិត្តស្មោះគ្រប់ល័ក្ខណ៍ ហើយនេះគឺត្រឹមត្រូវមែន។ ប៉ុន្តែតើមានអ្វីកើតឡើង នៅពេលដែលបុគ្គលគ្រីស្ទានគ្នីគ្នាម្នាក់និយាយ ឬក៏ធ្វើអ្វីមួយដែលមិនប្រកបដោយសេចក្ដីស្រឡាញ់នោះ? តើនេះមិនមែនជាការល្បងលនូវចិត្តស្មោះគ្រប់ល័ក្ខណ៍ដែរទេឬ? ប្រាកដហើយ ព្រោះបើយើងនៅមានចិត្តខឹង នោះយើងអាច«ឲ្យអារក្សមានឱកាស»។—អេភេសូរ ៤:២៧
១៤, ១៥. (ក) តើការ«ប្រកាន់ទោស»មានន័យយ៉ាងណា? (ខ) តើយើងអាចយកតម្រាប់តាមព្រះយេហូវ៉ាក្នុងការអត់ឱនទោសយ៉ាងដូចម្ដេច?
១៤ ដោយមានមូលហេតុល្អ ប៉ុលនិយាយបន្ថែមថា សេចក្ដីស្រឡាញ់«មិនប្រកាន់ទោស»។ (កូរិនថូសទី១ ១៣:៥) នៅទីនេះ គាត់ប្រើពាក្យខាងគណនេយ្យ តាមមើលទៅ ហាក់ដូចជាសរសេរទុកនូវកំហុសនៅក្នុងសៀវភៅបញ្ជី ដើម្បីកុំឲ្យភ្លេច។ តើប្រកបដោយសេចក្ដីស្រឡាញ់ឬទេ ដោយកត់ទុកក្នុងគំនិតជាអចិន្ត្រៃយ៍នូវពាក្យឈឺចាប់ឬអំពើ ដូចជាយើងនឹងត្រូវពិនិត្យមើលនៅអនាគតនោះ? យើងមានចិត្តរីករាយណាស់ ដែលព្រះយេហូវ៉ាមិនពិនិត្យពិច័យយើង តាមរបៀបដ៏គ្មានមេត្ដានេះ! (ទំនុកដំកើង ១៣០:៣) ត្រូវហើយ នៅពេលដែលយើងប្រែចិត្ត នោះទ្រង់លុបចេញកំហុសរបស់យើង។—កិច្ចការ ៣:១៩
១៥ យើងអាចយកតម្រាប់តាមព្រះយេហូវ៉ាក្នុងរឿងនេះ។ យើងមិនត្រូវឆាប់អន់ចិត្តហួសហេតុពេក នៅពេលដែលអ្នកណាម្នាក់ មើលទៅហាក់ដូចជាមើលងាយយើងនោះ។ បើយើងឆាប់ខឹងនោះ យើងប្រហែលជាធ្វើឲ្យខ្លួនយើងឈឺចិត្តកាន់តែខ្លាំងឡើង ជាងបុគ្គលដែលបានធ្វើឲ្យយើងអន់ចិត្តនោះអាចធ្វើទៅទៀត។ (សាស្ដា ៧:៩, ២២) ផ្ទុយទៅវិញ យើងត្រូវចាំថា សេចក្ដីស្រឡាញ់«ជឿទាំងអស់»។ (កូរិនថូសទី១ ១៣:៧) ប្រាកដហើយ គ្មានយើងណាម្នាក់ចង់ធ្វើជាមនុស្សដែលស្រួលបញ្ឆោតនោះទេ។ ប៉ុន្តែ យើងមិនត្រូវមានចិត្តសង្ស័យហួសហេតុនឹងបំណងចិត្តរបស់បងប្អូនរបស់យើងដែរ។ កន្លែងណាដែលធ្វើទៅបាន ចូរឲ្យយើងសន្មត់ថា បុគ្គលឯទៀតឥតមានបំណងចិត្តអាក្រក់នោះទេ។—កូល៉ុស ៣:១៣
សេចក្ដីស្រឡាញ់ជួយយើងឲ្យស៊ូទ្រាំ
១៦. តើក្នុងកាលៈទេសៈណា ដែលសេចក្ដីស្រឡាញ់អាចជួយយើងឲ្យមានចិត្តអត់ធ្មត់?
១៦ ប៉ុលប្រាប់យើងថា «សេចក្ដីស្រឡាញ់តែងតែអត់ធ្មត់»។ (កូរិនថូសទី១ ១៣:៤) សេចក្ដីស្រឡាញ់ជួយយើងឲ្យស៊ូទ្រាំនឹងស្ថានការណ៍ដ៏ពិបាក ប្រហែលជាមាននៅក្នុងរយៈពេលយូរអង្វែង។ ជាឧទាហរណ៍ ពួកគ្រីស្ទានជាច្រើននាក់ បានរស់ជាច្រើនឆ្នាំនៅក្នុងក្រុមគ្រួសារ ដែលមិនត្រូវគ្នាខាងសាសនា។ អ្នកឯទៀតគឺនៅលីវ មិនមែនដោយចិត្តចង់នោះទេ ប៉ុន្តែពីព្រោះគេពុំអាចរកបានគូស្រករដែលសមរម្យ«ក្នុងព្រះអម្ចាស់»។ (កូរិនថូសទី១ ៧:៣៩; កូរិនថូសទី២ ៦:១៤) រួចមក គឺមានពួកដែលតស៊ូនឹងបញ្ហាខាងសុខភាពដែលធ្វើឲ្យខ្សោយ។ (កាឡាទី ៤:១៣, ១៤; ភីលីព ២:២៥-៣០) ពិតហើយ នៅក្នុងរបបដ៏ឥតគ្រប់ល័ក្ខណ៍នេះ គ្មានអ្នកណាម្នាក់ដែលមានស្ថានការណ៍ក្នុងជីវិត ដែលឥតត្រូវការការស៊ូទ្រាំបែបណាមួយនោះឡើយ។—ម៉ាថាយ ១០:២២; យ៉ាកុប ១:១២
១៧. តើអ្វីដែលនឹងជួយយើងឲ្យស៊ូទ្រាំទាំងអស់?
១៧ ប៉ុលធានារ៉ាប់រងយើងថា សេចក្ដីស្រឡាញ់«ក៏គ្របបាំងទាំងអស់ . . . សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់»។ (កូរិនថូសទី១ ១៣:៧) សេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានឹងជួយយើងឲ្យរងទុក្ខស្ថានការណ៍ណាមួយ ប្រយោជន៍ឲ្យសេចក្ដីសុចរិត។ (ម៉ាថាយ ១៦:២៤; កូរិនថូសទី១ ១០:១៣) យើងមិនស្វែងរកទុក្ករកម្មទេ។ ផ្ទុយទៅវិញ គោលដៅរបស់យើងគឺដើម្បីរស់នៅឲ្យបានសុខ គឺជីវិតដែលស្ងៀមស្ងាត់។ (រ៉ូម ១២:១៨; ថែស្សាឡូនីចទី១ ៤:១១, ១២) យ៉ាងណាក៏ដោយ នៅពេលមានការល្បងលនៃសេចក្ដីជំនឿ នោះយើងសុខចិត្តស៊ូទ្រាំរបស់ទាំងនេះ ជាផ្នែកនៃការធ្វើជាសិស្សគ្រីស្ទាន។ (លូកា ១៤:២៨-៣៣) កាលដែលយើងស៊ូទ្រាំ យើងខំរក្សាទស្សនៈដ៏វិជ្ជមាន ដោយសង្ឃឹមរកផលល្អនៅក្នុងស្ថានការណ៍ដ៏ពិបាកនោះ។
១៨. តើតាមរបៀបណាដែលត្រូវការការស៊ូទ្រាំ សូម្បីនៅពេលល្អនោះ?
១៨ សេចក្ដីវេទនាមិនមែនជាកាលៈទេសៈតែមួយ ដែលតម្រូវឲ្យមានការស៊ូទ្រាំនោះទេ។ នៅពេលខ្លះ ដើម្បីស៊ូទ្រាំមានន័យថាឲ្យនៅស្ថិតស្ថេរ ដើម្បីបន្តនៅតាមផ្លូវត្រឹមត្រូវ មិនថាយើងមានស្ថានការណ៍ដ៏ពិបាកនៅបច្ចុប្បន្នកាលនេះឬក៏យ៉ាងណា។ ការស៊ូទ្រាំរួមបញ្ចូលការរក្សាកាលវិភាគដ៏ល្អខាងវិញ្ញាណ។ ជាឧទាហរណ៍ តើមានការចូលរួមដ៏មានអត្ថន័យនៅក្នុងកិច្ចផ្សាយ ដែលស្របតាមនឹងកាលៈទេសៈរបស់អ្នកឬទេ? តើអ្នកកំពុងអាននិងរំពឹងគិតលើបន្ទូលរបស់ព្រះ និងទូលជាមួយព្រះវរបិតានៅស្ថានសួគ៌តាមរយៈការអធិស្ឋានឬទេ? តើអ្នកទៅប្រជុំក្រុមជំនុំជារឿយៗឬទេ ហើយតើអ្នកទទួលប្រយោជន៍ពីការលើកទឹកចិត្តគ្នាទៅវិញទៅមក ជាមួយអ្នកជឿគ្នីគ្នាឬទេ? បើអីចឹង មិនថាយើងមានគ្រាល្អឥឡូវនេះឬនៅក្នុងស្ថានការណ៍ដ៏ពិបាកក៏ដោយ នោះអ្នកកំពុងតែស៊ូទ្រាំហើយ។ ចូរកុំនឿយណាយឡើយ «ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់ យើងនឹងច្រូតបានហើយ»។—កាឡាទី ៦:៩
សេចក្ដីស្រឡាញ់—«ផ្លូវ១ដ៏ប្រសើរលើសលែង»
១៩. តើសេចក្ដីស្រឡាញ់ជា«ផ្លូវ១ដ៏ប្រសើរលើសលែង»យ៉ាងដូចម្ដេច?
១៩ ប៉ុលបានបញ្ជាក់នូវសារៈសំខាន់នៃការសម្ដែងសេចក្ដីស្រឡាញ់ ដោយហៅគុណសម្បត្ដិនេះរបស់ព្រះ ជា«ផ្លូវ១ដ៏ប្រសើរលើសលែង»។ (កូរិនថូសទី១ ១២:៣១) តើ«ប្រសើរលើសលែង»ក្នុងន័យយ៉ាងណា? ប៉ុលទើបតែបានរៀបរាប់អំពីអំណោយនៃវិញ្ញាណ ដែលមានទូទៅក្នុងចំណោមពួកគ្រីស្ទាននៅសតវត្សទីមួយ។ អ្នកខ្លះអាចទាយទំនាយ អ្នកឯទៀតបានត្រូវមានអំណាចប្រោសជម្ងឺឲ្យជា អ្នកឯទៀតបានត្រូវទទួលសមត្ថភាព ក្នុងការចេះនិយាយភាសាផ្សេងៗ។ ប្រាកដហើយ ជាអំណោយដ៏អស្ចារ្យមែន! ប៉ុន្តែ ប៉ុលបានប្រាប់ពួកកូរិនថូសថា៖ «ទោះបើខ្ញុំចេះនិយាយ ជាភាសារបស់មនុស្សជាតិទាំងប៉ុន្មាន នឹងភាសារបស់ពួកទេវតាផង តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំបានត្រឡប់ដូចជាលង្ហិនដែលឮខ្ទរ ឬដូចជាឈឹង ដែលឮទ្រហឹងប៉ុណ្ណោះ បើខ្ញុំចេះអធិប្បាយ ហើយស្គាល់អស់ទាំងសេចក្ដីអាថ៌កំបាំង នឹងគ្រប់ទាំងចំណេះវិជ្ជា ហើយបើខ្ញុំមានគ្រប់ទាំងសេចក្ដីជំនឿល្មមនឹងឲ្យភ្នំរើចេញបាន តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំមិនជាអ្វីទេ»។ (កូរិនថូសទី១ ១៣:១, ២) ត្រូវហើយ សូម្បីតែការប្រព្រឹត្តដែលអាចទៅជាមានតម្លៃ ក៏ក្លាយទៅជា«ការស្លាប់» ប្រសិនបើបំណងចិត្តចំពោះការធ្វើនេះ មិនបានធ្វើឡើងដោយសេចក្ដីស្រឡាញ់ចំពោះព្រះ និងចំពោះអ្នកជិតខាងនោះ។—ហេព្រើរ ៦:១
២០. ហេតុអ្វីក៏ត្រូវការខំប្រឹងជានិច្ច បើយើងចង់បណ្ដុះបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់នោះ?
២០ ព្រះយេស៊ូប្រទានឲ្យមូលហេតុមួយទៀត ដែលយើងត្រូវបណ្ដុះបណ្ដាលឲ្យមានគុណសម្បត្ដិនៃព្រះនេះ ជាសេចក្ដីស្រឡាញ់។ គាត់មានប្រសាសន៍ថា៖ «បើអ្នកស្រឡាញ់គ្នាទៅវិញទៅមក មនុស្សទាំងអស់មុខជាដឹងថា អ្នករាល់គ្នាពិតជាសាវ័ករបស់ខ្ញុំមែន»។ (យ៉ូហាន ១៣:៣៥; ព្រះគម្ពីរភាសាខ្មែរសម្រាយ) ពាក្យថា«បើ» គឺទុកឲ្យគ្រីស្ទានម្នាក់ៗថាតើគាត់នឹងរៀនឲ្យចេះសម្ដែងសេចក្ដីស្រឡាញ់បានទេ។ យ៉ាងណាក៏ដោយ ដែលគ្រាន់តែរស់នៅក្នុងប្រទេសបរទេស ក៏នឹងមិនជំរុញយើងឲ្យរៀននិយាយភាសាថ្មីរបស់គេនោះឡើយ។ យ៉ាងដូច្នេះដែរ ដែលគ្រាន់តែទៅប្រជុំនៅឯសាលប្រជុំ ឬសេពគប់ជាមួយគ្រីស្ទានគ្នីគ្នា ក៏នឹងមិនបង្រៀនយើងឲ្យសម្ដែងសេចក្ដីស្រឡាញ់ដោយស្វ័យប្រវត្ដិនោះឡើយ។ ការរៀន«ភាសា»នេះ ត្រូវការការខំប្រឹងជានិច្ច។
២១, ២២. (ក) តើយើងត្រូវប្រព្រឹត្តយ៉ាងណា បើយើងមិនបំពេញពេញលេញនឹងលក្ខណៈខ្លះនៃសេចក្ដីស្រឡាញ់ ដែលបានត្រូវពិគ្រោះដោយប៉ុលនោះ? (ខ) តើតាមរបៀបណា ដែលអាចបានត្រូវនិយាយថា «សេចក្ដីស្រឡាញ់មិនដែលផុតឡើយ»?
២១ នៅពេលខ្លះ អ្នកនឹងមិនបានបំពេញពេញលេញតាមលក្ខណៈនៃសេចក្ដីស្រឡាញ់ ដែលបានត្រូវពិគ្រោះដោយប៉ុល។ ប៉ុន្តែ ចូរកុំធ្លាក់ទឹកចិត្តឡើយ។ ចូរយកចិត្តទុកដាក់នឹងខ្លួនអ្នកដោយចិត្តអត់ធ្មត់ចុះ។ ចូរបន្តមើលព្រះគម្ពីរ និងអនុវត្តតាមគោលការណ៍នោះចុះ ក្នុងការប្រស្រ័យទាក់ទងជាមួយអ្នកឯទៀត។ ចូរកុំភ្លេចនូវគំរូដែលព្រះយេហូវ៉ាបានទុកសំរាប់យើងនោះ។ ប៉ុលបានដាស់តឿនពួកអេភេសូរថា៖ «ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្ដោស ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នា ដោយព្រះគ្រីស្ទដែរ»។—អេភេសូរ ៤:៣២
២២ ដូចជាការរៀននិយាយភាសាថ្មី ជាយថាហេតុនឹងនាំឲ្យនិយាយបានស្រួល នោះនៅក្រោយមក អ្នកក៏នឹងឃើញថា ការសម្ដែងសេចក្ដីស្រឡាញ់ក៏នឹងបានស្រួលដែរ។ ប៉ុលធានារ៉ាប់រងយើងថា «សេចក្ដីស្រឡាញ់មិនដែលផុតឡើយ»។ (កូរិនថូសទី១ ១៣:៨) មិនដូចអំណោយដ៏អព្ភូតហេតុនៃវិញ្ញាណ នោះសេចក្ដីស្រឡាញ់នឹងមិនដែលឈប់មានឡើយ។ ដូច្នេះ ចូរបន្តរៀនដើម្បីសម្ដែងគុណសម្បត្ដិនេះរបស់ព្រះចុះ។ ដូចជាប៉ុលហៅនោះ សេចក្ដីស្រឡាញ់គឺជា«ផ្លូវ១ដ៏ប្រសើរលើសលែង»។
តើអ្នកអាចពន្យល់បានទេ?
◻ តើសេចក្ដីស្រឡាញ់អាចជួយយើងឲ្យឈ្នះលើចិត្តអំនួតយ៉ាងដូចម្ដេច?
◻ តើតាមរបៀបណាដែលសេចក្ដីស្រឡាញ់ ជួយយើងឲ្យបណ្ដុះបណ្ដាលឲ្យមានការសុខសាន្តនៅក្នុងក្រុមជំនុំ?
◻ តើសេចក្ដីស្រឡាញ់អាចជួយយើងឲ្យស៊ូទ្រាំយ៉ាងដូចម្ដេច?
◻ តើតាមរបៀបណាដែលសេចក្ដីស្រឡាញ់ជា«ផ្លូវតែ១ដ៏ប្រសើរលើសលែង»នោះ?
[រូបភាពនៅទំព័រ២៩]
សេចក្ដីស្រឡាញ់នឹងជួយយើងឲ្យបំភ្លេចនូវកំហុសរបស់អ្នកជឿគ្នីគ្នារបស់យើង