សំបុត្រទី១ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស
៧ ឥឡូវ ខ្ញុំសូមឆ្លើយនឹងអ្វីៗដែលអ្នករាល់គ្នាបានសរសេរមកខ្ញុំ។ ប្រសិនបើបុរសណាម្នាក់មិនពាល់ស្ត្រីណាម្នាក់*សោះ នោះជាការល្អប្រសើរ។ ២ ក៏ប៉ុន្តែ ដោយសារមានអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*កើតឡើងជារឿយៗ ចូរឲ្យបុរសម្នាក់ៗមានប្រពន្ធរៀងៗខ្លួន+ ហើយឲ្យស្ត្រីម្នាក់ៗមានប្ដីរៀងៗខ្លួនចុះ។+ ៣ ប្ដីត្រូវបំពេញករណីយកិច្ច*ចំពោះប្រពន្ធ ហើយប្រពន្ធក៏ត្រូវបំពេញករណីយកិច្ច*ចំពោះប្ដីនាងដែរ។+ ៤ ប្រពន្ធមិនមែនជាម្ចាស់លើរូបកាយរបស់ខ្លួនទេ តែគឺជាប្ដីវិញ។ ដូចគ្នាដែរ ប្ដីមិនមែនជាម្ចាស់លើរូបកាយរបស់ខ្លួនឡើយ តែគឺជាប្រពន្ធវិញ។ ៥ កុំបង្អត់គ្នាឡើយ លើកលែងតែបានព្រមព្រៀងគ្នា ហើយសម្រាប់តែមួយរយៈពេលប៉ុណ្ណោះ ដើម្បីឲ្យអ្នករាល់គ្នាអាចទុកពេលសម្រាប់អធិដ្ឋាន។ រួចមក អាចរួមគ្នាម្ដងទៀត ដើម្បីកុំឲ្យសាថាន*បន្តល្បួងអ្នករាល់គ្នា ដោយសារអ្នករាល់គ្នាទប់ចិត្តមិនបាន។ ៦ ខ្ញុំនិយាយដូច្នេះដើម្បីបើកសិទ្ធិឲ្យអ្នករាល់គ្នា មិនមែនជាបង្គាប់ទេ។ ៧ ប៉ុន្តែ ខ្ញុំក៏ចង់ឲ្យមនុស្សទាំងអស់ដូចខ្ញុំដែរ។ ទោះជាយ៉ាងនោះក៏ដោយ មនុស្សម្នាក់ៗបានទទួលអំណោយរៀងៗខ្លួន+ពីព្រះ ម្នាក់បានយ៉ាងនេះ ម្នាក់ទៀតបានយ៉ាងនោះ។
៨ ឥឡូវខ្ញុំសូមប្រាប់អ្នកដែលគ្មានគូអាពាហ៍ពិពាហ៍ និងស្ត្រីមេម៉ាយថា ជាការល្អប្រសើរ បើអ្នករាល់គ្នានៅដូចខ្ញុំ។+ ៩ ប៉ុន្តែ ប្រសិនបើទប់ចិត្តមិនបានទេ ចូររៀបការទៅចុះ ព្រោះបើរៀបការ នោះគឺប្រសើរជាងមានតណ្ហារោលរាល។+
១០ ខ្ញុំសូមបង្គាប់អ្នកដែលបានរៀបការហើយ តាមការពិតមិនមែនខ្ញុំទេ គឺជាលោកម្ចាស់ដែលបង្គាប់ថា ប្រពន្ធមិនគួរចាកចោលប្ដីឡើយ។+ ១១ ប៉ុន្តែ ប្រសិនបើនាងចាកចោលប្ដីមែន នាងមិនត្រូវរៀបការទៀតទេ ឬក៏នាងត្រូវរកជានឹងប្ដីវិញ។ ឯប្ដីមិនគួរចាកចោលប្រពន្ធឡើយ។+
១២ ប៉ុន្តែចំពោះអ្នកឯទៀត មិនមែនលោកម្ចាស់ប្រាប់ទេ តែខ្ញុំសូមប្រាប់ថា៖+ ប្រសិនបើបងប្រុសណាម្នាក់មានប្រពន្ធដែលមិនមែនជាអ្នកជឿ តែនាងយល់ព្រមរួមរស់ជាមួយនឹងគាត់ នោះគាត់មិនត្រូវចាកចោលនាងឡើយ ១៣ ហើយប្រសិនបើស្ត្រីណាម្នាក់មានប្ដីដែលមិនមែនជាអ្នកជឿ តែគាត់យល់ព្រមរួមរស់ជាមួយនឹងនាង នោះនាងមិនត្រូវចាកចោលគាត់ឡើយ។ ១៤ ព្រោះប្ដីដែលមិនមែនជាអ្នកជឿបានត្រូវចាត់ទុកជាបរិសុទ្ធដោយសារប្រពន្ធ ឯប្រពន្ធដែលមិនមែនជាអ្នកជឿបានត្រូវចាត់ទុកជាបរិសុទ្ធដោយសារប្ដី។ បើមិនដូច្នេះ កូនរបស់អ្នករាល់គ្នានឹងត្រូវចាត់ទុកជាស្មោកគ្រោក តែឥឡូវកូនរបស់អ្នករាល់គ្នាគឺបរិសុទ្ធ។ ១៥ ប៉ុន្តែ ប្រសិនបើគូដែលមិនមែនជាអ្នកជឿចាកចោល ចូរឲ្យគាត់ទៅចុះ។ ក្នុងករណីនេះ បងប្រុសឬបងស្រីនោះគ្មានកាតព្វកិច្ចចំពោះគូដែលចាកចោលទេ តែព្រះបានផ្ដល់សេចក្ដីសុខសាន្តឲ្យអ្នករាល់គ្នា។+ ១៦ ប្រពន្ធអើយ បើនាងបន្តរស់នៅជាមួយនឹងប្ដី ប្រហែលជានាងអាចនឹងសង្គ្រោះប្ដីបាន។+ ប្ដីអើយ បើអ្នកបន្តរស់នៅជាមួយនឹងប្រពន្ធ ប្រហែលជាអ្នកអាចនឹងសង្គ្រោះប្រពន្ធបាន។
១៧ ទោះជាយ៉ាងណាក៏ដោយ ចូរម្នាក់ៗរក្សាសភាពរបស់ខ្លួន ឲ្យដូចចំណែកដែលព្រះយេហូវ៉ា*បានផ្ដល់ឲ្យពេលដែលលោកបានហៅ។+ ខ្ញុំបង្គាប់ក្រុមជំនុំទាំងឡាយឲ្យធ្វើដូច្នេះ។ ១៨ បើមានបុរសណាដែលព្រះបានហៅ ក្រោយពីបានទទួលការកាត់ចុងស្បែក*រួច+ ចូរឲ្យបុរសនោះបន្តនៅក្នុងសភាពនោះចុះ។ បើមានបុរសណាដែលព្រះបានហៅដោយមិនទាន់ទទួលការកាត់ចុងស្បែកទេ ចូរឲ្យបុរសនោះបន្តស្ថិតក្នុងសភាពនោះចុះ។+ ១៩ ការកាត់ចុងស្បែកគ្មានន័យទេ ឯការមិនកាត់ចុងស្បែកក៏គ្មានន័យដែរ+ តែការធ្វើតាមបញ្ញត្ដិរបស់ព្រះទើបមានន័យ។+ ២០ ចូរគ្រប់គ្នារក្សាសភាពដែលខ្លួនមាន ពេលដែលបានត្រូវហៅ។+ ២១ បើព្រះបានហៅអ្នកពេលដែលអ្នកនៅជាខ្ញុំបម្រើ ចូរកុំខ្វល់ចិត្តអំពីរឿងនោះឡើយ។+ ប៉ុន្តែ បើអ្នកអាចមានសេរីភាពបាន ចូរឆក់យកឱកាសនោះ។ ២២ ព្រោះក្នុងលោកម្ចាស់ អ្នកណាដែលបានត្រូវហៅពេលដែលនៅជាខ្ញុំបម្រើ អ្នកនោះទទួលសេរីភាព ហើយទៅជារបស់លោកម្ចាស់។+ ដូចគ្នាដែរ អ្នកណាដែលបានត្រូវហៅពេលដែលមានសេរីភាព អ្នកនោះជាខ្ញុំបម្រើរបស់គ្រិស្ត។ ២៣ អ្នករាល់គ្នាបានត្រូវទិញក្នុងតម្លៃថ្លៃណាស់។+ ចូរឈប់ធ្វើជាខ្ញុំបម្រើរបស់មនុស្ស។ ២៤ បងប្អូនអើយ ចូរម្នាក់ៗរក្សាសភាពដែលខ្លួនមានពេលដែលព្រះបានហៅ ហើយចូររក្សាចំណងមិត្តភាពជាមួយនឹងព្រះ។
២៥ ចំណែកឯអ្នកដែលនៅលីវ* ខ្ញុំគ្មានបទបញ្ជាណាមួយពីលោកម្ចាស់ទេ។ ប៉ុន្តែ ខ្ញុំសូមជូនយោបល់+ ក្នុងនាមជាអ្នកស្មោះត្រង់ម្នាក់ដែលបានទទួលសេចក្ដីមេត្តាករុណាពីលោកម្ចាស់។ ២៦ ពេលគិតដល់គ្រាលំបាកនេះ ខ្ញុំយល់ឃើញថាគឺជាការល្អបំផុត បើអ្នករក្សាសភាពដែលខ្លួនមាននៅឥឡូវនេះ។ ២៧ បើអ្នកមានប្រពន្ធហើយ ចូរឈប់រកវិធីដោះខ្លួនចេញពីនាង។+ បើអ្នកគ្មានប្រពន្ធ*ទេ ចូរឈប់រកប្រពន្ធ។ ២៨ ប៉ុន្តែ ប្រសិនបើអ្នករៀបការ នោះមិនមែនជាការខុសឆ្គង*ទេ ហើយប្រសិនបើអ្នកដែលនៅលីវ*រៀបការ នោះក៏មិនមែនជាការខុសឆ្គងដែរ។ ប៉ុន្តែ អ្នកដែលរៀបការនឹងមានការលំបាកផ្សេងៗក្នុងជីវិត។* ក៏ប៉ុន្តែ ខ្ញុំកំពុងជួយអ្នករាល់គ្នាឲ្យរួចពីការលំបាកនោះ។
២៩ ម្យ៉ាងទៀត បងប្អូនអើយ ខ្ញុំសូមប្រាប់ថា ពេលវេលានៅសល់តែបន្តិចទេ។+ ចាប់ពីពេលនេះទៅ អ្នកដែលមានប្រពន្ធត្រូវដូចជាអ្នកដែលគ្មានប្រពន្ធវិញ ៣០ ហើយអ្នកដែលយំត្រូវដូចជាអ្នកដែលមិនយំ ឯអ្នកដែលត្រេកអរត្រូវដូចជាអ្នកដែលមិនត្រេកអរ ហើយអ្នកដែលទិញត្រូវដូចជាអ្នកដែលគ្មានអ្វីសោះ ៣១ ឯអ្នកដែលប្រើអ្វីៗរបស់ពិភពលោកនេះត្រូវដូចជាអ្នកដែលមិនប្រើប្រាស់ពេញលេញ ព្រោះស្ថានភាពពិភពលោកនេះកំពុងប្រែប្រួល។ ៣២ ខ្ញុំពិតជាចង់ឲ្យអ្នករាល់គ្នារួចពីកង្វល់។ បុរសដែលមិនរៀបការខ្វល់ខ្វាយអំពីអ្វីៗដែលទាក់ទងនឹងកិច្ចបម្រើលោកម្ចាស់ ពោលគឺរបៀបដែលគាត់អាចធ្វើឲ្យលោកម្ចាស់ពេញចិត្ត។ ៣៣ ប៉ុន្តែ បុរសដែលរៀបការហើយ ខ្វល់ខ្វាយអំពីអ្វីៗដែលទាក់ទងនឹងពិភពលោកនេះ+ ពោលគឺរបៀបដែលគាត់អាចធ្វើឲ្យប្រពន្ធពេញចិត្ត ៣៤ ដូច្នេះ គាត់បានត្រូវបែងចែកជាពីរ។ ម្យ៉ាងទៀត ស្ត្រីដែលមិនរៀបការឬស្ត្រីក្រមុំខ្វល់ខ្វាយអំពីអ្វីៗដែលទាក់ទងនឹងកិច្ចបម្រើលោកម្ចាស់+ ដើម្បីនាងអាចបរិសុទ្ធទាំងចិត្តទាំងកាយ។ ក៏ប៉ុន្តែ ស្ត្រីដែលរៀបការហើយ ខ្វល់ខ្វាយអំពីអ្វីៗដែលទាក់ទងនឹងពិភពលោកនេះ ពោលគឺរបៀបដែលនាងអាចធ្វើឲ្យប្ដីពេញចិត្ត។ ៣៥ ប៉ុន្តែ ខ្ញុំនិយាយដូចនេះដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា មិនមែនដើម្បីឲ្យអ្នកជាប់ចំណងទេ តែដើម្បីជំរុញចិត្តអ្នកឲ្យធ្វើអ្វីដែលសមរម្យ និងដើម្បីអ្នកអាចបម្រើលោកម្ចាស់អស់ពីចិត្តដោយគ្មានអ្វីបំបែរអារម្មណ៍។
៣៦ ប៉ុន្តែ ប្រសិនបើមានអ្នកណាម្នាក់គិតថាការប្រព្រឹត្តរបស់ខ្លួនគឺមិនសមរម្យព្រោះនៅលីវ* ហើយបើអ្នកនោះមិនក្មេងពេក អ្នកនោះត្រូវធ្វើដូចតទៅនេះ៖ ចូរឲ្យអ្នកនោះរៀបការទៅ បើចង់រៀបការ។ នោះមិនមែនជាការខុសឆ្គងទេ។+ ៣៧ ប៉ុន្តែ ប្រសិនបើអ្នកណាបានតាំងចិត្តរឹងមាំ ហើយគិតថាខ្លួនមិនចាំបាច់រៀបការ តែអាចគ្រប់គ្រងចិត្តខ្លួនឯងបាន ហើយបានសម្រេចចិត្តថានឹងនៅលីវ* នោះគាត់នឹងសម្រេចការបានល្អ។+ ៣៨ ដូច្នេះ អ្នកណាដែលរៀបការ អ្នកនោះក៏សម្រេចការបានល្អដែរ តែអ្នកណាដែលមិនរៀបការ អ្នកនោះនឹងសម្រេចការបានល្អជាង។+
៣៩ ប្រពន្ធត្រូវនៅជាប់នឹងប្ដី ដរាបណាប្ដីនៅរស់។+ ប៉ុន្តែ ប្រសិនបើប្ដីរបស់នាងស្លាប់* នោះនាងមានសេរីភាពអាចរៀបការជាមួយនឹងអ្នកណាក៏បាន ឲ្យតែអ្នកនោះជាអ្នកកាន់តាមលោកម្ចាស់។+ ៤០ ប៉ុន្តែតាមយោបល់ខ្ញុំ នាងនឹងមានសុភមង្គលច្រើនជាង ប្រសិនបើនាងមិនរៀបការម្ដងទៀត។ ខ្ញុំដឹងប្រាកដថាខ្ញុំក៏បានទទួលការណែនាំពីឫទ្ធានុភាពរបស់ព្រះដែរ។