‹អ្នករាល់គ្នាបានឮនិយាយពីការស៊ូទ្រាំរបស់លោកយ៉ូប›
«អ្នករាល់គ្នាបានឮនិយាយ ពី[«ការស៊ូទ្រាំ»]របស់លោកយ៉ូបទៅហើយ ក៏បានឃើញថាដល់ចុងបំផុត នោះព្រះអម្ចាស់ទ្រង់មានព្រះហឫទ័យមេត្ដាករុណា នឹងសេចក្ដីអាណិតអាសូរពោរពេញដែរ»។—យ៉ាកុប ៥:១១; ព.ថ.
១, ២. តើប្ដីប្រពន្ធមួយគូបានប្រឈមមុខនឹងទុក្ខលំបាកអ្វីខ្លះនៅប្រទេសប៉ូឡូញ?
បងប្រុសហារ៉ូល អាប់ ជាស្មរបន្ទាល់ជិតពីរឆ្នាំ ពេលដែលពលទ័ពរបស់ហ៊ីត្លែបានដណ្ដើមយកទីក្រុងដានហ្សិក(ឥឡូវហៅថាក្ដាន) នៅប្រទេសប៉ូឡូញប៉ែកខាងជើង។ នោះជាគ្រាដ៏ពិបាកនិងប្រកបដោយគ្រោះថ្នាក់សម្រាប់គ្រិស្តសាសនិកពិតដែលរស់នៅទីនោះ។ ទាហានហ្គេស្ដាប៉ូបានព្យាយាមបង្ខំឲ្យហារ៉ូលចុះហត្ថលេខាលើឯកសារមួយ ដែលថាគាត់ព្រមឈប់ធ្វើជាស្មរបន្ទាល់ទៀត ប៉ុន្តែគាត់មិនព្រមចុះហត្ថលេខាទេ។ ក្រោយគាត់ជាប់គុកមួយរយៈ ហារ៉ូលត្រូវគេបញ្ជូនទៅជំរំប្រមូលផ្ដុំឈ្មោះសាក្សិនហោសិន។ ទីនោះគាត់ត្រូវគេគំរាមកំហែងនិងវាយដំម្ដងហើយម្ដងទៀត។ ទាហានម្នាក់នៅទីនោះបានចង្អុលទៅបំពង់ផ្សែងនៅកន្លែងដុតខ្មោច រួចប្រាប់ហារ៉ូលថា៖ «១៤ថ្ងៃទៀត បើឯងនៅតែមិនព្រមឈប់កាន់ជំនឿនោះទេ យើងនឹងសម្លាប់ហើយដុតឯងចោលឲ្យឆេះជាផ្សែង ហើយឯងនឹងឡើងទៅជួបព្រះយេហូវ៉ារបស់ឯងតាមបំពង់ហ្នឹង»។
២ ពេលហារ៉ូលត្រូវគេចាប់ខ្លួននោះ ភរិយារបស់គាត់ឈ្មោះអេលសាមានទារិកាអាយុ១០ខែនៅបៅដោះនៅឡើយ។ ក៏ប៉ុន្តែពួកទាហានហ្គេស្ដាប៉ូពុំបានអនុគ្រោះឲ្យអេលសាទេ ដ្បិតមិនយូរក្រោយនោះ ពួកគេបានពង្រាត់កូនពីគាត់ ហើយចាប់អេលសាបញ្ជូនទៅជំរំប្រមូលផ្ដុំនៅតំបន់អូឈ្វិតដើម្បីប្រហារជីវិត។ ទោះជាយ៉ាងនោះក្ដី អេលសាហើយហារ៉ូលបានរួចរស់ជីវិតអស់ជាច្រើនឆ្នាំ។ ក្នុងទស្សនាវដ្ដីប៉មយាមជាភាសាអង់គ្លេសពី ថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៨០ យើងអាចអានព័ត៌មានថែមទៀតអំពីរបៀបពួកគាត់បានស៊ូទ្រាំ។ ហារ៉ូលបានសរសេរថា៖ «សរុបទៅ ខ្ញុំបានចំណាយអស់១៤ឆ្នាំក្នុងគុកនិងជំរំប្រមូលផ្ដុំផ្សេងៗដោយសារការជឿលើព្រះ។ ធ្លាប់មានគេសួរខ្ញុំថា៖ ‹តើប្រពន្ធរបស់អ្នកបានជួយឲ្យស៊ូទ្រាំទុក្ខវេទនាទាំងអស់នេះឬទេ?›។ គាត់ពិតជាបានជួយខ្ញុំមែន! ពីដើមដំបូងខ្ញុំដឹងថា គាត់មិនព្រមបោះបង់ជំនឿគាត់ទេ ហើយដោយសារខ្ញុំយល់ដូច្នេះ នោះបានផ្ដល់កម្លាំងចិត្តឲ្យខ្ញុំ។ ខ្ញុំដឹងថាគាត់សុខចិត្តឲ្យខ្ញុំស្លាប់ជាជាងឃើញខ្ញុំមានសេរីភាពដោយសារបានបោះបង់ចោលជំនឿ។ . . . អេលសាបានស៊ូទ្រាំទុក្ខលំបាកច្រើនណាស់ក្នុងជំរំប្រមូលផ្ដុំរបស់ជនជាតិអាឡឺម៉ង់»។
៣, ៤. (ក) តើគំរូរបស់អ្នកណាអាចលើកទឹកចិត្តគ្រិស្តសាសនិកពិតឲ្យស៊ូទ្រាំ? (ខ) ហេតុអ្វីព្រះគម្ពីរដាស់តឿនយើងឲ្យពិនិត្យមើលបទពិសោធន៍របស់យ៉ូប?
៣ ដូចស្មរបន្ទាល់ជាច្រើនដឹងរួចហើយនោះ ការរងទុក្ខលំបាកគឺមិនស្រួលទេ។ នេះជាមូលហេតុព្រះគម្ពីរដាស់តឿនគ្រិស្តសាសនិកគ្រប់គ្នាថា៖ «ចូរយកពួកហោរា ដែលបានទាយដោយនូវព្រះនាមព្រះអម្ចាស់ ទុកជាគំរូពីសេចក្ដីទុក្ខលំបាក នឹងពីសេចក្ដីអត់ធ្មត់ចុះ»។ (យ៉ាកុប ៥:១០) តាំងពីរាប់សតវត្សរ៍មុន អ្នកបម្រើជាច្រើនរបស់ព្រះធ្លាប់ត្រូវគេបៀតបៀនដោយឥតហេតុ។ គំរូរបស់«ស្មរបន្ទាល់១ហ្វូងធំ»នោះ អាចលើកទឹកចិត្តយើងឲ្យបន្តរត់ក្នុងទីប្រណាំងខាងវិញ្ញាណដោយស៊ូទ្រាំ។—ហេព្រើរ ១១:៣២-៣៨; ១២:១
៤ ក្នុងព្រះគម្ពីរ កំណត់ហេតុអំពីយ៉ូបលេចធ្លោជាគំរូល្អប្រសើរអំពីការស៊ូទ្រាំ។ យ៉ាកុបបានសរសេរថា «មើល! យើងហៅពួកអ្នកដែលទ្រាំទ្រថាជាអ្នកមានពរ។ ចុះអ្នករាល់គ្នាបានឮនិយាយ ពីសេចក្ដីអត់ធន់[ឬ«ការស៊ូទ្រាំ»]របស់លោកយ៉ូបទៅហើយ ក៏បានឃើញថាដល់ចុងបំផុត នោះព្រះអម្ចាស់ទ្រង់មានព្រះហឫទ័យមេត្ដាករុណា នឹងសេចក្ដីអាណិតអាសូរពោរពេញដែរ»។ (យ៉ាកុប ៥:១១; ព.ថ.) បទពិសោធន៍របស់យ៉ូបបង្ហើបឲ្យឃើញទុកជាមុននូវរង្វាន់របស់មនុស្សស្មោះត្រង់ដែលព្រះយេហូវ៉ាប្រទានពរ។ សំខាន់បំផុត កំណត់ហេតុនោះបញ្ជាក់សេចក្ដីពិតមួយចំនួនដែលផ្ដល់កម្លាំងចិត្តឲ្យយើងក្នុងកំលុងពេលមានទុក្ខលំបាក។ សៀវភៅយ៉ូបជួយឆ្លើយសំណួរដូចតទៅនេះ: នៅពេលជួបទុក្ខលំបាក ហេតុអ្វីបានជាយើងត្រូវខំឲ្យយល់នូវរឿងសំខាន់បំផុតដែលពាក់ព័ន្ធនឹងទុក្ខលំបាកនោះ? តើគុណសម្បត្ដិនិងចិត្តគំនិតបែបណាខ្លះនឹងជួយឲ្យយើងស៊ូទ្រាំ? តើយើងអាចផ្ដល់កម្លាំងចិត្តឲ្យគ្រិស្តសាសនិកគ្នីគ្នាយ៉ាងដូចម្ដេចពេលពួកគាត់មានទុក្ខលំបាក?
ត្រូវយល់ឲ្យបានច្បាស់ពីហេតុការណ៍
៥. នៅពេលយើងប្រឈមមុខទុក្ខលំបាកឬការល្បួង តើអ្វីជារឿងសំខាន់បំផុតដែលយើងត្រូវនឹកចាំ?
៥ ដើម្បីរក្សាលំនឹងខាងវិញ្ញាណនៅចំពោះមុខទុក្ខលំបាក យើងត្រូវតែយល់ឲ្យបានច្បាស់អំពីហេតុការណ៍។ ពុំនោះសោត បញ្ហាផ្ទាល់ខ្លួនអាចធ្វើឲ្យយើងមានគំនិតមិនត្រឹមត្រូវអំពីរឿងខាងវិញ្ញាណ។ ការចោទប្រកាន់ស្តីអំពីភាពស្មោះត្រង់ចំពោះព្រះជាអ្វីសំខាន់បំផុត។ ព្រះវរបិតារបស់យើងនៅស្ថានសួគ៌មានបន្ទូលសុំរូបយើងម្នាក់ៗថា៖ «កូនអើយ! ចូរឲ្យឯងមានប្រាជ្ញាឡើង ហើយឲ្យចិត្តអញបានរីករាយចុះ! ដើម្បីឲ្យអញអាចតបឆ្លើយចំពោះមនុស្សដែលដៀលតិះដល់អញ»។ (សុភាសិត ២៧:១១) នេះជាឯកសិទ្ធិអស្ចារ្យណាស់! ទោះជាយើងមានចំណុចខ្សោយហើយភាពឥតគ្រប់លក្ខណ៍ក៏ពិតមែន តែយើងអាចធ្វើឲ្យព្រះជាអ្នកបង្កើតយើងមានព្រះទ័យរីករាយ។ យើងធ្វើឲ្យព្រះយេហូវ៉ារីករាយ ពេលដែលសេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់ជំរុញឲ្យស៊ូទ្រាំនៅចំពោះមុខទុក្ខលំបាក និងជួយឲ្យប្ដេជ្ញាចិត្តមិនចុះចាញ់ការល្បួង។ សេចក្ដីស្រឡាញ់របស់គ្រិស្តសាសនិកពិតទ្រាំទ្រឬស៊ូទ្រាំអ្វីទាំងអស់ក៏មិនដែលផុតឡើយ។—កូរិនថូសទី១ ១៣:៧, ៨
៦. តើសាតាំងដៀលត្មិះព្រះយេហូវ៉ាយ៉ាងដូចម្ដេច? តើវាធ្វើយ៉ាងនេះដល់កម្រិតណា?
៦ សៀវភៅយ៉ូបសឲ្យឃើញថា អ្នកដែលដៀលត្មិះព្រះយេហូវ៉ាគឺសាតាំង។ សៀវភៅយ៉ូបក៏ឲ្យដឹងដែរថា សត្រូវនេះដែលយើងមើលពុំឃើញ មានចិត្តខូចអាក្រក់ក្រៃលែង ហើយមានគោលបំណងបំផ្លាញចំណងមិត្តភាពរបស់យើងជាមួយព្រះ។ ករណីរបស់យ៉ូបបញ្ជាក់ឲ្យដឹងថា សាតាំងចោទប្រកាន់អ្នកបម្រើទាំងអស់របស់ព្រះយេហូវ៉ាថា ពួកគេគ្រាន់តែចង់ទទួលប្រយោជន៍ប៉ុណ្ណោះ។ ហេតុនេះវាខំរកទីសំអាងថា សេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះអាចរសាយទៅ។ សាតាំងបានចោទប្រកាន់ព្រះរាប់ពាន់ឆ្នាំមកហើយ។ នៅពេលសាតាំងត្រូវទម្លាក់ចេញពីស្ថានសួគ៌មក សំឡេងមួយនៅលើមេឃបានហៅសាតាំង «អានោះដែលចោទប្រកាន់ពីពួកបងប្អូនយើងរាល់គ្នា» ហើយក៏បានថាវាចោទប្រកាន់យ៉ាងនេះ«នៅចំពោះព្រះទាំងយប់ទាំងថ្ងៃ»។ (វិវរណៈ ១២:១០) ដោយស៊ូទ្រាំយ៉ាងស្មោះត្រង់ យើងអាចបង្ហាញថាការចោទប្រកាន់របស់សាតាំងគ្មានមូលដ្ឋានឡើយ។
៧. ថ្វីបើរូបកាយរបស់យើងខ្សោយក៏ដោយ តើការពង្រឹងអ្វីគឺសំខាន់បំផុត?
៧ យើងត្រូវចាំថា អារក្សនឹងឆ្លៀតប្រយោជន៍ពីទុក្ខលំបាកណាដែលយើងមាន ដើម្បីទាញយើងឲ្យឃ្លាតឆ្ងាយពីព្រះយេហូវ៉ា។ តើវាបានល្បួងព្រះយេស៊ូនៅពេលណា? គឺក្រោយព្រះយេស៊ូបានតមអាហារច្រើនថ្ងៃ ហើយកំពុងតែស្រេកឃ្លាន។ (លូកា ៤:១-៣) ក៏ប៉ុន្តែ ព្រះយេស៊ូមានកម្លាំងខាងវិញ្ញាណ ហើយនោះបានផ្ដល់សមត្ថភាពឲ្យទ្រង់បដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការល្បួងរបស់អារក្ស។ ដូច្នេះ ថ្វីបើរូបកាយរបស់យើងខ្សោយដោយសារជំងឺ ជរាភាព ឬអ្វីមួយផ្សេងទៀតក៏ដោយ គឺសំខាន់ណាស់ដែលយើងពង្រឹងកម្លាំងខាងវិញ្ញាណរបស់យើង។ ទោះជា«មនុស្សខាងក្រៅរបស់យើងខ្ញុំ កំពុងតែពុករលួយទៅក៏ពិតមែន» ក៏យើងមិនរសាយការព្យាយាមឡើយ ដ្បិត«នៅខាងក្នុង[យើង]កំពុងតែកែប្រែជាថ្មីឡើង រាល់ថ្ងៃជានិច្ចវិញ»។—កូរិនថូសទី២ ៤:១៦
៨. (ក) តើអារម្មណ៍ធ្លាក់ទឹកចិត្តអាចមានឥទ្ធិពលអាក្រក់មកលើយើងយ៉ាងដូចម្ដេច? (ខ) តើព្រះយេស៊ូបានមានចិត្តគំនិតដូចម្ដេច?
៨ ម្យ៉ាងទៀត ការធ្លាក់ទឹកចិត្តអាចធ្វើឲ្យយើងខ្សោយកម្លាំងខាងវិញ្ញាណដែរ។ ប្រហែលជាបងប្អូនម្នាក់ឆ្ងល់ថា ‹ហេតុអ្វីព្រះយេហូវ៉ាអនុញ្ញាតឲ្យបញ្ហានេះកើតឡើង?›។ ប្រហែលជាបងប្អូនឯទៀតត្រូវគេប្រព្រឹត្តដោយមិនសប្បុរសមកលើខ្លួន ហើយសួរខ្លួនឯងថា ‹ហេតុអ្វីគាត់អាចប្រព្រឹត្តមកលើខ្ញុំយ៉ាងដូច្នេះ យ៉ាងណាមិញគាត់ជាបងប្អូនរួមជំនឿ?›។ អារម្មណ៍បែបនេះអាចនាំឲ្យយើងភ្លេចអំពីរឿងសំខាន់បំផុត ហើយចាប់ផ្ដើមគិតតែពីបញ្ហាលំបាករបស់ខ្លួនប៉ុណ្ណោះវិញ។ យ៉ូបបានមួម៉ៅក្នុងចិត្តនឹងមិត្តបីនាក់ដែលមានគំនិតខុសឆ្គងនោះ។ តាមមើលទៅ អារម្មណ៍នោះបានធ្វើឲ្យគាត់ឈឺចាប់ខាងផ្លូវចិត្តយ៉ាងខ្លាំង បន្ថែមពីលើជំងឺដែលបណ្ដាលឲ្យគាត់ឈឺចុកចាប់ខាងផ្លូវកាយរួចទៅហើយ។ (យ៉ូប ១៦:២០; ១៩:២) ស្រដៀងគ្នាដែរសាវ័កប៉ុលបញ្ជាក់ថា បើយើងខឹងងំ នោះអាច«ឲ្យអារក្សមានឱកាស»។ (អេភេសូរ ៤:២៦, ២៧) គប្បីឲ្យគ្រិស្តសាសនិកពិតយកតម្រាប់តាមព្រះយេស៊ូ ដោយ«ប្រគល់ព្រះអង្គទ្រង់[ឬ«ផ្ញើជីវិត»]ទៅព្រះ ដែលជំនុំជំរះដោយសុចរិតវិញ» គឺព្រះយេហូវ៉ា ជាជាងបញ្ចេញកំហឹងទៅលើអ្នកឯទៀតឬក៏ប្រមូលអារម្មណ៍ទៅលើភាពអយុត្ដិធម៌ដែលយើងកំពុងតែជួបនោះ។ (ពេត្រុសទី១ ២:២១-២៣; ខ.ស.) បើយើង«មានគំនិត»ដូចព្រះយេស៊ូ នោះអាចជួយយ៉ាងច្រើនក្នុងការការពារខ្លួនកុំឲ្យសាតាំងមានឱកាស។—ពេត្រុសទី១ ៤:១
៩. តើព្រះសន្យាអ្វីស្តីអំពីបន្ទុកឬសេចក្ដីល្បួងដែលយើងមាននោះ?
៩ សំខាន់បំផុត យើងមិនត្រូវចាត់ទុកបញ្ហារបស់យើងជាទីសំអាងថា ព្រះមិនសព្វព្រះហឫទ័យនឹងយើងទេ។ ពេលដែលមិត្តក្លែងក្លាយបីនាក់បានវាយប្រហារយ៉ូបដោយសម្ដី ការយល់ច្រឡំថាព្រះលែងសព្វព្រះហឫទ័យនឹងខ្លួនបានធ្វើឲ្យយ៉ូបរឹតតែពិបាកចិត្ត។ (យ៉ូប ១៩:២១, ២២) ព្រះគម្ពីរផ្ដល់ទំនុកចិត្តដល់យើងដោយសរសេរថា «សេចក្ដីអាក្រក់ពុំអាចនឹងល្បួងនាំព្រះហឫទ័យព្រះបានឡើយ ហើយព្រះក៏មិនដែលល្បួងអ្នកណាដែរ»។ (យ៉ាកុប ១:១៣) ផ្ទុយទៅវិញ ព្រះយេហូវ៉ាសន្យាថាទ្រង់នឹងជួយឲ្យយើងស៊ូទ្រាំនឹងបន្ទុកអ្វីក៏ដោយដែលយើងមាន ហើយក៏នឹងប្រោសឲ្យយើងរួចពីសេចក្ដីល្បួងណាដែលយើងជួបប្រទះ។ (ទំនុកដំកើង ៥៥:២២; កូរិនថូសទី១ ១០:១៣) បើយើងចូលទៅជិតព្រះនៅគ្រាមានទុក្ខលំបាក នោះយើងអាចរក្សាឲ្យមានទស្សនៈត្រឹមត្រូវហើយក៏អាចតស៊ូនឹងអារក្សបាន។—យ៉ាកុប ៤:៧, ៨
ជំនួយដើម្បីស៊ូទ្រាំ
១០, ១១. (ក) តើអ្វីបានជួយឲ្យយ៉ូបស៊ូទ្រាំ? (ខ) តើមនសិការជ្រះថ្លាបានជួយឲ្យយ៉ូបស៊ូទ្រាំយ៉ាងដូចម្ដេច?
១០ យ៉ូបបានរក្សាចិត្តស្មោះគ្រប់លក្ខណ៍ជានិច្ច ទោះជាគាត់បានស្ថិតក្នុងស្ថានភាពមួយដែលមើលទៅគួរឲ្យអស់សង្ឃឹមក៏ដោយ ថែមទាំងបានយល់ច្រឡំអំពីមូលហេតុដែលគាត់កំពុងតែរងទុក្ខ ហើយក៏ត្រូវមិត្តបីនាក់ដែលគួរសម្រាលទុក្ខបែរជាវាយប្រហារដោយសម្ដីវិញ។ តើយើងអាចទាញយកមេរៀនអ្វីពីការស៊ូទ្រាំរបស់យ៉ូប? មូលហេតុសំខាន់បំផុតដែលយ៉ូបបានជោគជ័យ គឺដោយសារគាត់បានរក្សាភាពស្មោះត្រង់នឹងព្រះយេហូវ៉ា។ ‹គាត់បានគោរពកោតខ្លាចដល់ព្រះ ក៏ចៀសចេញពីសេចក្ដីអាក្រក់›។ (យ៉ូប ១:១) នោះជាអ្វីដែលគាត់ធ្វើគ្រប់ពេលវេលាជារៀងរាល់ថ្ងៃ។ យ៉ូបមិនព្រមផ្ដាច់ចំណងមិត្តភាពជាមួយព្រះយេហូវ៉ាឡើយ សូម្បីតែនៅពេលគាត់មិនយល់មូលហេតុដែលគាត់កំពុងតែរងទុក្ខក៏ដោយ។ យ៉ូបជឿថា គាត់ត្រូវបម្រើព្រះនៅគ្រាលំបាកនិងគ្រាស្រួលដែរ។—យ៉ូប ១:២១; ២:១០
១១ ហេតុមួយទៀតគឺយ៉ូបមានមនសិការជ្រះថ្លា។ នោះក៏បានជួយសម្រាលទុក្ខគាត់ខ្លះៗដែរ។ យ៉ូបនឹកស្មានថាខ្លួនជិតដល់មរណកាលហើយ ប៉ុន្តែទោះជាយ៉ាងនោះក្ដី គាត់អាចសប្បាយដោយដឹងថា គាត់បានខំអស់ពីសមត្ថភាពដើម្បីជួយអ្នកឯទៀត កាន់តាមខ្នាតតម្រាសុចរិតរបស់ព្រះយេហូវ៉ា ហើយជៀសចេញពីការថ្វាយបង្គំមិនពិត។—យ៉ូប ៣១:៤-១១, ២៦-២៨
១២. តើយ៉ូបមានប្រតិកម្មយ៉ាងណាចំពោះជំនួយដែលគាត់បានទទួលពីអេលីហ៊ូវ?
១២ ក៏ប៉ុន្តែ យ៉ូបនៅតែត្រូវការជំនួយដើម្បីកែប្រែទស្សនៈរបស់គាត់បន្ដិច។ គាត់បានព្រមទទួលជំនួយនោះដោយចិត្តរាបទាប។ លក្ខណៈនោះជាកត្ដាមួយទៀតដែលជួយឲ្យគាត់ស៊ូទ្រាំ។ យ៉ូបបានស្ដាប់ដោយការគោរពចំពោះឱវាទដ៏ល្អរបស់អេលីហ៊ូវ ថែមទាំងបានឲ្យព្រះយេហូវ៉ាកែតម្រង់គាត់។ យ៉ូបបានសារភាពថា៖ «ទូលបង្គំនេះឯងបានពោលពាក្យដែលទូលបង្គំមិនបានយល់ . . . បានជាទូលបង្គំខ្ពើមដល់ខ្លួន ហើយក៏ប្រែចិត្ត ដោយក្រាបនៅក្នុងធូលីដី ហើយនឹងផែះ»។ (យ៉ូប ៤២:៣, ៦) ទោះជាគាត់នៅមានជំងឺញាំញីក្នុងខ្លួនក៏ដោយ យ៉ូបបានត្រេកអរដែលគំនិតរបស់គាត់ដែលបានត្រូវកែតម្រង់ហើយបានជួយឲ្យចូលទៅជិតព្រះជាងមុន។ យ៉ូបបានមានប្រសាសន៍ថា៖ «ទូលបង្គំដឹងថាទ្រង់[ព្រះយេហូវ៉ា]ធ្វើទាំងអស់កើត»។ (យ៉ូប ៤២:២) ដោយសារព្រះយេហូវ៉ាបានពណ៌នាអំពីភាពខ្ពង់ខ្ពស់របស់ទ្រង់ នោះយ៉ូបយល់ច្បាស់ជាងអំពីឋានៈខ្លួនបើប្រៀបនឹងព្រះជាអ្នកបង្កើត។
១៣. តើការបង្ហាញសេចក្ដីមេត្ដាករុណាបានមានប្រយោជន៍យ៉ាងណាសម្រាប់យ៉ូប?
១៣ យ៉ូបក៏ជាគំរូល្អប្រសើរអំពីសេចក្ដីមេត្ដាករុណា។ បុរសបីនាក់នោះដែលគួរសម្រាលទុក្ខយ៉ូប បានធ្វើឲ្យគាត់ឈឺចិត្តខ្លាំងណាស់ តែពេលព្រះយេហូវ៉ាឲ្យយ៉ូបអធិស្ឋានដើម្បីពួកគាត់ យ៉ូបបានស្ដាប់តាមទ្រង់។ ក្រោយនោះ ព្រះយេហូវ៉ាបានប្រោសយ៉ូបឲ្យគាត់ជាឡើងវិញ។ (យ៉ូប ៤២:៨, ១០) យើងអាចឃើញច្បាស់ថា សេចក្ដីល្វីងជូរចត់ក្នុងចិត្តមិនជួយឲ្យយើងស៊ូទ្រាំឡើយ តែសេចក្ដីស្រឡាញ់និងសេចក្ដីមេត្ដាករុណានឹងជួយយើងមែន។ ការកម្ចាត់សេចក្ដីល្វីងជូរចត់នៅក្នុងចិត្តចេញធ្វើឲ្យយើងមានកម្លាំងខាងវិញ្ញាណឡើងវិញ ហើយព្រះយេហូវ៉ាតែងប្រទានពរទៅលើយើងពេលខំធ្វើដូច្នេះ។—ម៉ាកុស ១១:២៥
អ្នកឲ្យឱវាទដែលមានប្រាជ្ញាអាចជួយយើងស៊ូទ្រាំ
១៤, ១៥. (ក) តើគុណសម្បត្ដិអ្វីខ្លះនឹងជួយអ្នកឲ្យឱវាទលើកទឹកចិត្តអ្នកឯទៀត? (ខ) សូមពន្យល់នូវមូលហេតុអេលីហ៊ូវបានជោគជ័យក្នុងការជួយយ៉ូប។
១៤ កំណត់ហេតុអំពីយ៉ូបក៏បង្រៀនយើងអំពីតម្លៃនៃអ្នកឲ្យឱវាទដែលមានប្រាជ្ញា។ អ្នកឲ្យឱវាទបែបនោះ គឺដូចជាបងប្អូនដែល«កើតមកសំរាប់គ្រាលំបាក»។ (សុភាសិត ១៧:១៧) ក៏ប៉ុន្តែ អ្នកខ្លះដែលឲ្យឱវាទអាចធ្វើឲ្យធ្លាក់ទឹកចិត្តច្រើនជាងលើកទឹកចិត្ត ដូចយើងឃើញក្នុងបទពិសោធន៍របស់យ៉ូប។ អ្នកឲ្យឱវាទត្រូវចេះយល់ចិត្ត ចេះបង្ហាញការគោរព ហើយក៏ត្រូវចេះបង្ហាញក្ដីសប្បុរសដូចអេលីហ៊ូ ទើបអាចចាត់ទុកជាអ្នកឲ្យឱវាទដ៏ល្អ។ ជួនកាលអ្នកចាស់ទុំនិងគ្រិស្តសាសនិកឯទៀតដែលមានភាពចាស់ទុំនោះ ប្រហែលជាត្រូវកែតម្រង់គំនិតរបស់បងប្អូនដែលផ្ទុកធ្ងន់ដោយបញ្ហាផ្សេងៗ។ អ្នកដែលត្រូវជូនឱវាទអាចទាញយកមេរៀនជាច្រើនណាស់ពីសៀវភៅយ៉ូប។—កាឡាទី ៦:១; ហេព្រើរ ១២:១២, ១៣
១៥ របៀបអេលីហ៊ូវបាននិយាយជាមួយយ៉ូបបង្កប់នូវមេរៀនល្អៗជាច្រើន។ អេលីហ៊ូវបានអង្គុយស្ដាប់ជាយូរ មុនដែលគាត់តបឆ្លើយនឹងសម្ដីរបស់មិត្តយ៉ូបបីនាក់ដែលមានគំនិតខុសឆ្គងនោះ។ (យ៉ូប ៣២:១១; សុភាសិត ១៨:១៣) អេលីហ៊ូវបានហៅចំឈ្មោះយ៉ូប និងបាននិយាយជាមួយគាត់ដូចជានិយាយជាមួយមិត្តសម្លាញ់ម្នាក់។ (យ៉ូប ៣៣:១) អេលីហ៊ូវមិនបានចាត់ទុកខ្លួនគាត់ល្អជាងយ៉ូប ដូចមិត្តបីនាក់របស់យ៉ូបនោះ។ អេលីហ៊ូបាននិយាយថា៖ «ខ្ញុំបានកើតពីដីឥដ្ឋមកដែរ»។ គាត់មិនចង់និយាយដោយឥតបើគិតហើយធ្វើឲ្យយ៉ូបរឹតតែពិបាកចិត្តទេ។ (យ៉ូប ៣៣:៦, ៧; សុភាសិត ១២:១៨) ជាជាងរិះគន់អ្វីដែលយ៉ូបធ្លាប់ប្រព្រឹត្តនៅអតីតកាល អេលីហ៊ូវបានសរសើរភាពសុចរិតរបស់យ៉ូបវិញ។ (យ៉ូប ៣៣:៣២) សំខាន់បំផុត អេលីហ៊ូវមានទស្សនៈដូចព្រះ ហើយគាត់បានជួយឲ្យយ៉ូបប្រមូលអារម្មណ៍ទៅលើចំណុចថា ព្រះយេហូវ៉ាមិនដែលប្រព្រឹត្តដោយអយុត្ដិធម៌ឡើយ។ (យ៉ូប ៣៤:១០-១២) គាត់បានលើកទឹកចិត្តយ៉ូបឲ្យរង់ចាំព្រះយេហូវ៉ា ជាជាងខំប្រឹងបញ្ជាក់ថាខ្លួនគាត់ជាមនុស្សសុចរិតវិញ។ (យ៉ូប ៣៥:២; ៣៧:១៤, ២៣) អ្នកចាស់ទុំក្នុងក្រុមជំនុំគ្រិស្តសាសនិកពិតនិងបងប្អូនឯទៀតប្រាកដជាអាចទទួលប្រយោជន៍ពីមេរៀនទាំងនោះ។
១៦. តើមិត្តក្លែងក្លាយបីនាក់របស់យ៉ូបបានទៅជាភ្នាក់ងាររបស់សាតាំងយ៉ាងដូចម្ដេច?
១៦ ឱវាទរបស់អេលីហ៊ូវដែលប្រកបដោយប្រាជ្ញា គឺផ្ទុយពីសម្ដីបញ្ឈឺចិត្តរបស់អេលីផាស បីលដាដ និងសូផារ។ ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់ពួកគេថា៖ «ឯងរាល់គ្នាមិនបាននិយាយសេចក្ដីដែលត្រឹមត្រូវពីអញ»។ (យ៉ូប ៤២:៧) ទោះបើពួកគេអះអាងថាគេមានបំណងចិត្តល្អក៏ដោយ ពួកគេបានបណ្ដោយឲ្យខ្លួនទៅជាភ្នាក់ងាររបស់សាតាំង ជាជាងធ្វើជាមិត្តភក្ដីរបស់យ៉ូប។ ពីដើមដំបូងឡើយ ពួកគេទាំងបីនាក់បានសន្និដ្ឋានថាភាពអន្តរាយដែលយ៉ូបជួបប្រទះបានបណ្ដាលមកពីកំហុសរបស់ខ្លួនគាត់។ (យ៉ូប ៤:៧, ៨; ៨:៦; ២០:២២, ២៩) យោងទៅតាមអេលីផាស ព្រះមិនទុកចិត្តអ្នកបម្រើទ្រង់ឡើយ ហើយបើពួកគេប្រព្រឹត្តសុចរិតក្ដីឬទុច្ចរិតក្ដី ទ្រង់មិនខ្វល់ទេ។ (យ៉ូប ១៥:១៥; ២២:២, ៣) អេលីផាសរហូតដល់ចោទប្រកាន់ថា យ៉ូបបានប្រព្រឹត្តអំពើខុសឆ្គង តែតាមពិតគាត់មិនបានប្រព្រឹត្តឡើយ។ (យ៉ូប ២២:៥, ៩) ក៏ប៉ុន្តែអេលីហ៊ូវបានជួយយ៉ូបខាងវិញ្ញាណ ហើយនោះតែងតែជាគោលដៅរបស់អ្នកឲ្យឱវាទដែលមានសេចក្ដីស្រឡាញ់។
១៧. ពេលដែលមានការល្បងល តើយើងគួរនឹកចាំអ្វី?
១៧ កំណត់ហេតុរបស់យ៉ូបបង្កប់មេរៀនមួយទៀតអំពីការស៊ូទ្រាំ។ ព្រះរបស់យើងដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ទតឃើញស្ថានភាពរបស់យើង ហើយទ្រង់សព្វព្រះហឫទ័យនិងមានសមត្ថភាពជួយយើងតាមវិធីផ្សេងៗ។ ពីមុនយើងបានរៀបរាប់បទពិសោធន៍របស់បងស្រីអេលសា អាប់។ សូមគិតអំពីការសន្និដ្ឋានរបស់គាត់។ អេលសាប្រាប់ថា៖ «មុនដែលខ្ញុំត្រូវគេចាប់ខ្លួន ខ្ញុំបានអានសំបុត្ររបស់បងស្រីម្នាក់ដែលប្រាប់ថា ពេលមានការល្បងលជាខ្លាំងក្រៃលែង វិញ្ញាណរបស់ព្រះយេហូវ៉ាធ្វើឲ្យយើងមានចិត្តស្ងប់។ ខ្ញុំបានគិតថាគាត់និយាយពន្លើសបន្ដិច។ ប៉ុន្តែនៅពេលខ្ញុំបានឆ្លងកាត់ការល្បងលខ្លួនឯង ខ្ញុំឃើញថាអ្វីដែលគាត់បានសរសេរគឺពិតមែន។ ពិតជាកើតឡើងដូច្នោះមែន។ ប្រសិនបើអ្នកមិនធ្លាប់មានបទពិសោធន៍បែបនោះ អ្នកប្រហែលជាពិបាកយល់។ ប៉ុន្តែនោះជាអ្វីដែលបានកើតឡើងចំពោះខ្ញុំ។ ព្រះយេហូវ៉ាជួយយើងជានិច្ច»។ អេលសាមិននិយាយអំពីអ្វីដែលព្រះយេហូវ៉ាអាចធ្វើឬធ្លាប់ធ្វើរាប់ពាន់ឆ្នាំមុននៅសម័យយ៉ូបទេ។ គាត់កំពុងតែនិយាយអំពីសម័យយើង។ «ព្រះយេហូវ៉ាជួយយើងជានិច្ច»មែន!។
មានសុភមង្គលហើយ! អស់អ្នកដែលស៊ូទ្រាំ
១៨. តើយ៉ូបបានទទួលប្រយោជន៍អ្វីពីការស៊ូទ្រាំ?
១៨ យើងភាគតិចណាស់នឹងមានទុក្ខវេទនាដ៏ខ្លាំងដូចទុក្ខវេទនារបស់យ៉ូប។ ប៉ុន្តែ មិនថាយើងមានការល្បងលអ្វីក៏ដោយក្នុងលោកិយនេះ យើងមានហេតុត្រឹមត្រូវឲ្យរក្សាភាពស្មោះត្រង់ដូចយ៉ូបដែរ។ តាមពិតការស៊ូទ្រាំបានធ្វើឲ្យជីវិតយ៉ូបកាន់តែប្រសើរ។ ការស៊ូទ្រាំបានធ្វើឲ្យមានគ្រប់លក្ខណៈដែលត្រូវការ។ (យ៉ាកុប ១:២-៤) ការស៊ូទ្រាំក៏បានពង្រឹងចំណងមិត្តភាពរបស់គាត់ជាមួយព្រះ។ យ៉ូបបានបញ្ជាក់ថា៖ «កាលពីដើមត្រចៀកទូលបង្គំបានគ្រាន់តែឮថ្លែងពីទ្រង់ប៉ុណ្ណោះ តែឥឡូវនេះ ភ្នែកទូលបង្គំបានឃើញទ្រង់ជាក់វិញ»។ (យ៉ូប ៤២:៥) ដោយសារសាតាំងពុំអាចធ្វើឲ្យយ៉ូបបោះបង់ចោលចិត្តស្មោះគ្រប់លក្ខណ៍របស់គាត់ នោះបានសឲ្យឃើញថាសាតាំងជាអ្នកភូតភរ។ រាប់រយឆ្នាំក្រោយមក ព្រះយេហូវ៉ានៅតែមានបន្ទូលថាយ៉ូបជាគំរូពីសេចក្ដីសុចរិត។ (អេសេគាល ១៤:១៤) ភាពស្មោះត្រង់របស់គាត់និងការស៊ូទ្រាំរបស់គាត់នៅតែលើកទឹកចិត្តរាស្ត្ររបស់ព្រះសព្វថ្ងៃនេះ។
១៩. ហេតុអ្វីអ្នកគិតថាការស៊ូទ្រាំមានប្រយោជន៍?
១៩ នៅសតវត្សរ៍ទីមួយ ពេលយ៉ាកុបសរសេរសំបុត្រទៅកាន់គ្រិស្តសាសនិកអំពីការស៊ូទ្រាំ គាត់បាននិយាយអំពីអំណរដែលមកពីការស៊ូទ្រាំ។ ហើយគាត់បានលើកឡើងអំពីគំរូរបស់យ៉ូប ដើម្បីរំលឹកពួកគេថា ព្រះយេហូវ៉ាប្រទានរង្វាន់យ៉ាងបរិបូរចំពោះអ្នកបម្រើទ្រង់ដែលស្មោះត្រង់។ (យ៉ាកុប ៥:១១) យើងអាននៅយ៉ូប ៤២:១២ថា៖ «ព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់យ៉ូប នៅជាន់ក្រោយនេះ ជាជាងជាន់ដើមទៅទៀត»។ ព្រះបានប្រទានឲ្យយ៉ូបមានច្រើនជាងមុនមួយជាពីរ ហើយគាត់បានរស់យូរអង្វែងដោយមានសុភមង្គល។ (យ៉ូប ៤២:១៦, ១៧) ស្រដៀងគ្នាដែរ ទុក្ខវេទនាឬការឈឺចាប់ណាដែលយើងស៊ូទ្រាំក្នុងកំលុងជាន់ក្រោយនេះ នឹងត្រូវលុបបំបាត់និងបំភ្លេចចោលក្នុងពិភពលោកថ្មីរបស់ព្រះ។ (អេសាយ ៦៥:១៧; វិវរណៈ ២១:៤) យើងធ្លាប់ឮអំពីការស៊ូទ្រាំរបស់យ៉ូប ហើយយើងបានតាំងចិត្ត ដោយមានជំនួយពីព្រះយេហូវ៉ា ឲ្យយកតម្រាប់តាមគំរូរបស់យ៉ូប។ ព្រះគម្ពីរសន្យាថា៖ «មានពរហើយ មនុស្សណាដែលស៊ូទ្រាំនឹងសេចក្ដីល្បួង ដ្បិតកាលណាត្រូវល្បងល ឃើញថាខ្ជាប់ខ្ជួនហើយ នោះនឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់ទ្រង់សន្យានឹងប្រទានឲ្យដល់អស់អ្នកណាដែលស្រឡាញ់ទ្រង់»។—យ៉ាកុប ១:១២
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើយើងអាចធ្វើឲ្យព្រះយេហូវ៉ាមានព្រះទ័យរីករាយយ៉ាងដូចម្ដេច?
• ពេលដែលយើងមានបញ្ហា ហេតុអ្វីយើងមិនគួរសន្និដ្ឋានថាព្រះមិនសព្វព្រះហឫទ័យនឹងយើង?
• តើកត្ដាអ្វីខ្លះបានជួយឲ្យយ៉ូបស៊ូទ្រាំ?
• តើយើងអាចយកតម្រាប់តាមអេលីហ៊ូវយ៉ាងដូចម្ដេចក្នុងការលើកទឹកចិត្តអ្នកជឿគ្នីគ្នា?
[រូបភាពនៅទំព័រ២០]
អ្នកជូនឱវាទដ៏ល្អ ចេះយល់ចិត្ត ហើយក៏បង្ហាញការគោរពនិងសេចក្ដីសប្បុរស
[រូបភាពនៅទំព័រ២១]
អេលសានិងហារ៉ូលអាប់