សំបុត្ររបស់យ៉ាកុប
១ ពីខ្ញុំ យ៉ាកុប+ ដែលជាខ្ញុំបម្រើរបស់ព្រះនិងរបស់លោកម្ចាស់យេស៊ូគ្រិស្ត ជូនចំពោះកុលសម្ព័ន្ធទាំង១២ដែលបែកខ្ញែកគ្នាទៅកន្លែងផ្សេងៗ៖
ជម្រាបសួរ!
២ បងប្អូនខ្ញុំអើយ ពេលអ្នករាល់គ្នាជួបទុក្ខលំបាកផ្សេងៗ ចូរចាត់ទុកថាការនោះជាអំណរសុទ្ធសាធ+ ៣ ព្រោះអ្នកដឹងថា ពេលជំនឿរបស់អ្នកបានត្រូវសាកល្បងយ៉ាងនេះ នោះធ្វើឲ្យអ្នកចេះស៊ូទ្រាំ។+ ៤ បើអ្នកបន្តស៊ូទ្រាំ នេះនឹងបង្វឹកបង្ហាត់អ្នកឲ្យបានពេញលក្ខណៈ* ហើយអ្នកនឹងគ្មានគុណវិបត្តិ ក៏មិនខ្វះគុណសម្បត្តិណាមួយសោះឡើយ។+
៥ ម្ល៉ោះហើយ ប្រសិនបើក្នុងចំណោមអ្នករាល់គ្នា មានអ្នកណាម្នាក់ខ្វះប្រាជ្ញា ចូរឲ្យអ្នកនោះសុំព្រះម្ដងហើយម្ដងទៀតចុះ+ ព្រោះលោកឲ្យដោយចិត្តទូលាយដល់មនុស្សទាំងអស់ ហើយលោកមិនស្ដីបន្ទោស*ឡើយ។+ ធ្វើដូច្នេះ អ្នកនោះនឹងទទួលប្រាជ្ញាមែន។+ ៦ ប៉ុន្តែ ចូរឲ្យអ្នកនោះបន្តសុំដោយមានជំនឿ+ និងដោយមិនសង្ស័យសោះ+ ព្រោះអ្នកណាដែលសង្ស័យ អ្នកនោះដូចជារលកសមុទ្រដែលរំពើកចុះឡើងទៅតាមខ្យល់។ ៧ តាមពិត អ្នកនោះមិនគួររំពឹងថាខ្លួននឹងទទួលអ្វីពីព្រះយេហូវ៉ា*ឡើយ។ ៨ អ្នកនោះមានចិត្តពីរ+ ហើយក៏មិននឹងធឹងក្នុងគ្រប់ការទាំងអស់ដែរ។
៩ ប៉ុន្តែ ចូរឲ្យបងប្អូនដែលជាអ្នកក្ររីករាយ ដោយសារបានត្រូវលើកតម្កើង+ ១០ ហើយចូរឲ្យបងប្អូនដែលជាអ្នកមានរីករាយ ដោយសារបានត្រូវបន្ទាប+ ពីព្រោះអ្នកមាននឹងរោយទៅដូចផ្កានៅឯវាល ១១ គាត់នឹងបាត់សូន្យទៅក្នុងកាលដែលគាត់កំពុងដេញតាមទ្រព្យសម្បត្តិ ដូចរុក្ខជាតិប្រែជាស្លោក ផ្កាវាក៏ជ្រុះ ហើយភាពស្រស់ស្អាតនៃរុក្ខជាតិនោះក៏បាត់សូន្យទៅ ក្រោយថ្ងៃរះបញ្ចេញកម្ដៅខ្លាំងក្រៃលែង។+
១២ អ្នកណាដែលបន្តស៊ូទ្រាំនឹងទុក្ខលំបាក អ្នកនោះមានសុភមង្គល+ ពីព្រោះពេលដែលព្រះយេហូវ៉ា*ពេញចិត្តអ្នកនោះ អ្នកនោះនឹងទទួលមកុដជីវិត+ ដែលព្រះបានសន្យាឲ្យដល់អស់អ្នកដែលរក្សាសេចក្ដីស្រឡាញ់ចំពោះលោក។+ ១៣ ពេលដែលជួបទុក្ខលំបាក កុំឲ្យអ្នកណានិយាយថា៖ «ព្រះកំពុងល្បងលខ្ញុំ»។ ព្រោះគ្មានអ្នកណាអាចល្បងលព្រះដោយសេចក្ដីអាក្រក់ឡើយ ហើយព្រះក៏មិនល្បងលអ្នកណាដោយសេចក្ដីអាក្រក់ដែរ។ ១៤ ប៉ុន្តែ មនុស្សម្នាក់ៗត្រូវល្បងលដោយសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនទាក់ទាញនិងល្បួងលួងលោម។+ ១៥ រួចមក ពេលដែលសេចក្ដីប៉ងប្រាថ្នានោះចាប់មានគភ៌ នោះក៏សម្រាលចេញជាអំពើខុសឆ្គង* ហើយកាលណាអំពើខុសឆ្គងបានសម្រេចហើយ នោះនាំឲ្យស្លាប់។+
១៦ បងប្អូនជាទីស្រឡាញ់អើយ កុំភាន់ច្រឡំឡើយ។ ១៧ ព្រោះគ្រប់ទាំងរបស់ល្អនិងអំណោយដ៏ល្អឥតខ្ចោះ សុទ្ធតែមកពីស្ថានលើ+ ព្រោះរបស់ទាំងនោះមកពីបិតានៃពន្លឺនានានៅលើមេឃ+ ហើយលោកមិនប្រែប្រួលដូចស្រមោលឡើយ។+ ១៨ ដោយសារជាបំណងប្រាថ្នារបស់លោក នោះលោកបាននាំយើងមកដោយបណ្ដាំនៃសេចក្ដីពិត។+ លោកធ្វើដូច្នេះ ដើម្បីឲ្យយើងបានដូចជាផលដំបូងពីចំណោមមនុស្សជាតិ។+
១៩ បងប្អូនជាទីស្រឡាញ់អើយ ចូរដឹងថាមនុស្សម្នាក់ៗត្រូវរហ័សស្ដាប់ មិនរហ័សនិយាយ+ មិនរហ័សខឹង+ ២០ ព្រោះកំហឹងរបស់មនុស្សមិននាំឲ្យធ្វើអ្វីត្រឹមត្រូវដែលព្រះពេញចិត្តទេ។*+ ២១ ដូច្នេះ ចូរលះចោលអ្វីៗទាំងអស់ដែលកខ្វក់ និងអំពើអាក្រក់គ្រប់បែបយ៉ាង*+ ហើយចូរទទួលដោយចិត្តស្លូតបូតនូវបណ្ដាំរបស់ព្រះដែលបានត្រូវដាំក្នុងអ្នករាល់គ្នា គឺជាបណ្ដាំដែលអាចសង្គ្រោះជីវិត*អ្នករាល់គ្នា។
២២ ក៏ប៉ុន្តែ ចូរអ្នករាល់គ្នាទៅជាអ្នកដែលប្រព្រឹត្តតាមបណ្ដាំរបស់ព្រះ+ ហើយកុំបញ្ឆោតខ្លួនដោយវែកញែកខុសថា គ្រាន់តែឮគឺគ្រប់គ្រាន់ហើយ។ ២៣ ព្រោះប្រសិនបើអ្នកណាជាអ្នកដែលឮបណ្ដាំរបស់ព្រះ តែមិនមែនជាអ្នកប្រព្រឹត្តតាម+ អ្នកនោះគឺដូចជាមនុស្សម្នាក់ដែលឆ្លុះមុខ*ក្នុងកញ្ចក់។ ២៤ ព្រោះគាត់ឆ្លុះមុខខ្លួនឯង រួចចេញទៅ ហើយភ្លេចភ្លាមថា ខ្លួនគាត់ជាមនុស្សបែបណា។ ២៥ ប៉ុន្តែ អ្នកណាដែលពិនិត្យមើលច្បាប់ល្អឥតខ្ចោះ+ដែលនាំឲ្យមានសេរីភាព ហើយព្យាយាមធ្វើតាមជានិច្ច អ្នកនោះនឹងមានសុភមង្គលក្នុងការនោះ ពីព្រោះអ្នកនោះបានទៅជាអ្នកដែលធ្វើការនោះ មិនមែនជាអ្នកដែលឮ រួចភ្លេចទៅវិញទេ។+
២៦ ប្រសិនបើអ្នកណាគិតថាខ្លួនជាអ្នកគោរពប្រណិប័តន៍ព្រះ តែមិនទប់អណ្ដាតខ្លួន+ អ្នកនោះកំពុងបញ្ឆោតចិត្តខ្លួន ហើយការគោរពប្រណិប័តន៍របស់អ្នកនោះគឺគ្មានប្រយោជន៍ទេ។ ២៧ តាមទស្សនៈរបស់លោកដែលជាព្រះនិងជាបិតារបស់យើង របៀបគោរពប្រណិប័តន៍ដែលស្អាតស្អំនិងឥតសៅហ្មងនោះគឺ៖ យើងត្រូវថែរក្សាកូនកំព្រា+និងស្ត្រីមេម៉ាយ+ដែលកំពុងរងទុក្ខវេទនា+ ហើយយើងត្រូវរក្សាខ្លួនមិនឲ្យប្រឡូកប្រឡាក់នឹងពិភពលោកនេះ។+