ចូរប្រយ័ត្ននឹងពួកគ្រូក្លែងក្លាយ!
«នឹងមានគ្រូក្លែងក្លាយក្នុងពួកអ្នករាល់គ្នាដែរ»។—ពេត្រុសទី២ ២:១
១. តើយូដាសមានបំណងនឹងសរសេរអំពីអ្វី ហេតុអ្វីក៏គាត់បានផ្លាស់ប្ដូរប្រធានរឿងរបស់គាត់?
នេះជាអ្វីដ៏គួរឲ្យរន្ធត់មែន! ពួកគ្រូក្លែងក្លាយក្នុងចំណោមក្រុមជំនុំគ្រីស្ទាននៅសតវត្សទីមួយ! (ម៉ាថាយ ៧:១៥; កិច្ចការ ២០:២៩, ៣០) យូដាស ជាប្អូនប្រុសរបស់ព្រះយេស៊ូបានដឹងអំពីព្រឹត្ដិការណ៍នេះ។ គាត់មានប្រសាសន៍ថា គាត់មានបំណងនឹងសរសេរទៅពួកជឿគ្នីគ្នា «ពីសេចក្ដីសង្គ្រោះ ដែលសំរាប់យើងទាំងអស់គ្នា» ប៉ុន្តែ គាត់បានពន្យល់ថា៖ «ខ្ញុំមានសេចក្ដីបង្ខំនឹងសរសេរ ផ្ញើមកអ្នករាល់គ្នា ទាំងទូន្មានឲ្យខំតយុទ្ធ ដើម្បីការពារសេចក្ដីជំនឿ»។ ហេតុអ្វីក៏យូដាសបានផ្លាស់ប្ដូរប្រធានរឿងរបស់គាត់? ពីព្រោះ គាត់មានប្រសាសន៍ថា «មានមនុស្សខ្លះបានលួចចូល[ក្រុមជំនុំ] . . . ដែលបំផ្លាស់ព្រះគុណរបស់ព្រះនៃយើងរាល់គ្នា ឲ្យទៅជាសេចក្ដីអាសអាភាស»។—យូដាស ៣, ៤
២. ហេតុអ្វីក៏ពេត្រុសទី២ ជំពូក ២ និងសៀវភៅយូដាសមានភាពស្រដៀងគ្នាម្ល៉េះ?
២ តាមប្រមើលទៅ យូដាសបានសរសេរសំបុត្រនេះ បន្ដិចក្រោយពីពេត្រុសបានសរសេរសំបុត្រទីពីររបស់គាត់។ យូដាសច្បាស់ជាដឹងអំពីសំបុត្ររបស់ពេត្រុសហើយ។ ប្រាកដហើយ គាត់បានសម្ដែងគំនិតដូចគ្នាច្រើនក្នុងសំបុត្រនៃការដាស់តឿនដ៏មានឥទ្ធិពលរបស់គាត់។ ដូច្នេះ កាលដែលយើងពិចារណាមើល ពេត្រុសទី២ ជំពូក ២ យើងនឹងកត់សម្គាល់នូវភាពស្រដៀងគ្នាជាមួយនឹងសំបុត្ររបស់យូដាស។
លទ្ធផលនៃការបង្រៀនក្លែងក្លាយ
៣. តើអ្វីដែលបានកើតឡើងក្នុងអតីតកាល ដែលពេត្រុសមានប្រសាសន៍ថានឹងកើតឡើងម្ដងទៀត?
៣ ក្រោយពីពេត្រុសបានដាស់តឿនបងប្អូនរបស់គាត់ឲ្យយកចិត្តទុកដាក់នឹងទំនាយ គាត់មានប្រសាសន៍ថា៖ «តែកាលពីដើម មានហោរាក្លែងក្លាយ នៅក្នុងពួកជន[អ៊ីស្រាអែលពីសម័យបុរាណ] ដូចជានឹងមានគ្រូក្លែងក្លាយក្នុងពួកអ្នករាល់គ្នាដែរ»។ (ពេត្រុសទី២ ១:១៤–២:១) រាស្ត្ររបស់ព្រះក្នុងពីសម័យដើម បានទទួលទំនាយពិត ប៉ុន្តែ ពួកគេត្រូវតែខំពុះពារនឹងការបង្រៀនដ៏ពុករលួយនៃពួកព្យាការីក្លែងក្លាយ។ (យេរេមា ៦:១៣, ១៤; ២៨:១-៣, ១៥) យេរេមាបានសរសេរថា៖ «ក្នុងពួកហោរានៅក្រុងយេរូសាឡិម នោះអញក៏ឃើញមានសេចក្ដីគួរស្បើមណាស់ដែរ គេប្រព្រឹត្តសេចក្ដីកំផិត ហើយដើរតាមតែសេចក្ដីកំភូតទទេ»។—យេរេមា ២៣:១៤
៤. ហេតុអ្វីក៏ពួកគ្រូក្លែងក្លាយសមនឹងទទួលសេចក្ដីហិនវិនាស?
៤ ក្នុងការរៀបរាប់នូវអ្វីដែលពួកគ្រូក្លែងក្លាយនឹងធ្វើក្នុងក្រុមជំនុំគ្រីស្ទាន ពេត្រុសបានសរសេរថា៖ «គេនឹងលួចនាំបញ្ចូលបក្សពួកដែលបង្ខូចបំផ្លាញ គេមិនព្រមស្គាល់ព្រះដ៏ជាម្ចាស់[ព្រះយេស៊ូគ្រីស្ទ] ដែលបានលោះគេនោះឡើយ ក៏នាំសេចក្ដីវិនាសដ៏ឆាប់រហ័សឲ្យមកលើគេផង»។ (ពេត្រុសទី២ ២:១; យូដាស ៤) លទ្ធផលក្រោយបំផុតនៃនិកាយិកនិយមបែបនេះ គឺពិភពគ្រីស្ទសាសនា ដែលយើងស្គាល់សព្វថ្ងៃនេះ។ ពេត្រុសបង្ហាញនូវមូលហេតុដែលពួកគ្រូក្លែងក្លាយទាំងនេះ សមទទួលសេចក្ដីហិនវិនាស៖ «នឹងមានមនុស្សជាច្រើនទៅតាមផ្លូវវិនាសរបស់គេ នោះផ្លូវពិតនឹងត្រូវសេចក្ដីប្រមាថមើលងាយ ដោយព្រោះគេដែរ»។—ពេត្រុសទី២ ២:២
៥. ចំពោះអ្វីដែលពួកគ្រូក្លែងក្លាយត្រូវទទួលខុសត្រូវនោះ?
៥ ចូរគិតអំពីរឿងនេះ! ដោយសារឥទ្ធិពលនៃពួកគ្រូក្លែងក្លាយ មនុស្សជាច្រើនក្នុងក្រុមជំនុំ នឹងក្លាយទៅជាជាប់ទាក់ទងនឹងមារយាទអាវ៉ាសែ។ ពាក្យក្រិកបានបកប្រែ «មារយាទអាវ៉ាសែ» ឲ្យអត្ថន័យថា ភាពសុខសីលធម៌, ឥតមានការទប់ទល់ចិត្ត, ឥតគប្បី, ភាពអាសគ្រាម, ចរិយាដែលឥតខ្មាស។ មុននេះ ពេត្រុសបានមានប្រសាសន៍ថា ពួកគ្រីស្ទានបាន«រួចពីសេចក្ដីពុករលួយនៅក្នុងលោកីយ៍នេះ ដែលកើតអំពីសេចក្ដីប៉ងប្រាថ្នា»។ (ពេត្រុសទី២ ១:៤) ប៉ុន្តែ មនុស្សខ្លះនឹងត្រឡប់ឯសេចក្ដីពុករលួយនោះ ហើយពួកគ្រូក្លែងក្លាយក្នុងក្រុមជំនុំ គឺជាអ្នកដែលទទួលខុសត្រូវទាំងស្រុង! ដូច្នេះហើយផ្លូវនៃសេចក្ដីពិតនឹងឥតមានកេរ្ដិ៍ឈ្មោះ។ នេះគឺជាការស្ដាយមែន! យ៉ាងប្រាកដហើយ នេះជារឿងដែលស្មរបន្ទាល់ព្រះយេហូវ៉ាទាំងអស់សព្វថ្ងៃនេះ ត្រូវប្រុងប្រយ័ត្នឲ្យមែនទែន។ យើងមិនត្រូវភ្លេចថា ដោយសារចរិយារបស់យើង យើងអាចនាំឲ្យមានការសរសើរដល់ព្រះយេហូវ៉ានិងរាស្ត្ររបស់ទ្រង់ ឬក៏ធ្វើឲ្យខូចកិត្ដិយសលើគេដែរ។—សុភាសិត ២៧:១១; រ៉ូម ២:២៤
ការបង្រៀនក្លែងក្លាយផ្ដើមមានឡើង
៦. តើអ្វីដែលជំរុញពួកគ្រូក្លែងក្លាយ ហើយតើតាមរបៀបណាដែលគេស្វែងរកអ្វីដែលចង់បាន?
៦ យ៉ាងប្រាជ្ញា យើងកត់សម្គាល់នូវរបៀបដែលពួកគ្រូក្លែងក្លាយបានផ្ដើមគំនិតដ៏ពុករលួយរបស់គេ។ មុនដំបូង ពេត្រុសមានប្រសាសន៍ថា គេនឹងធ្វើឡើងដោយសម្ងាត់ ឬតាមរបៀបដែលឥតលាក់លាម ដ៏ចេះកលល្បិច។ គាត់មានប្រសាសន៍ទៀតថា៖ «ដោយគេមានចិត្តលោភ នោះគេនឹងប្រើអ្នករាល់គ្នាឲ្យបានចំណេញ ដោយពោលពាក្យបញ្ឆោតបំពោត»។ សេចក្ដីប្រាថ្នាដ៏កំណាញ់ជាអ្វីដែលជំរុញពួកគ្រូក្លែងក្លាយឲ្យធ្វើដូច្នេះ ដូចបានបញ្ជាក់មកដោយសេចក្ដីបកប្រែព្រះគម្ពីរយេរូសាឡិម៖ «ពួកគេនឹងខំប្រឹងយ៉ាងខ្នះខ្នែងដើម្បីទិញអ្នកសំរាប់ខ្លួនគេ ដោយពាក្យសំដីបញ្ឆោត»។ ស្រដៀងគ្នានេះ សេចក្ដីបកប្រែព្រះគម្ពីររបស់លោកជែម្ស ម៉ូហ្វាត់ ចែងនៅទីនេះថា៖ «ដោយគេមានចិត្តលោភ នោះគេនឹងបោកប្រាសបងប្អូន ដោយពោលពាក្យដែលប្រសប់»។ (ពេត្រុសទី២ ២:១, ៣) ការពោលពាក្យនៃពួកគ្រូក្លែងក្លាយ ប្រហែលដូចជាគួរឲ្យជឿចំពោះបុគ្គល ដែលឥតប្រុងប្រយ័ត្នខាងវិញ្ញាណ ប៉ុន្តែ ពាក្យសំដីរបស់គេបានពោលឡើងដោយផ្ចិតផ្ចង់ «ដើម្បីទិញ»មនុស្ស ប្រលោមទាក់ចិត្តមនុស្ស ឲ្យជាប្រយោជន៍ដ៏កំណាញ់នៃពួកអ្នកបំភាន់ទៅវិញ។
៧. តើទស្សនវិជ្ជាអ្វីដែលបានក្លាយទៅជាប្រជាប្រិយក្នុងសតវត្សទីមួយ?
៧ ប្រាកដហើយ ពួកគ្រូក្លែងក្លាយក្នុងសតវត្សទីមួយ បានមានឥទ្ធិពលដោយគំនិតលោកីយ៍ដែលមាននៅជំនាន់នោះ។ ក្នុងគ្រាដែលពេត្រុសសរសេរសំបុត្ររបស់គាត់ ទស្សនវិជ្ជាមួយ ដែលហៅថា ប្រព័ន្ធទស្សនវិជ្ជាបានក្លាយទៅជាប្រជាប្រិយ។ ពួកអ្នកប្រកាន់ទស្សនវិជ្ជានេះ បានជឿថារឿងទាំងអស់ជាអាក្រក់ ហើយមានតែអ្វីដែលទាក់ទងនឹងវិញ្ញាណទេ ដែលល្អនោះ។ ដូច្នេះ ពួកគេខ្លះមានប្រសាសន៍ថា មិនជាមានបញ្ហាទេ ដែលបុរសម្នាក់ធ្វើអ្វីលើរូបកាយរបស់គាត់។ ដល់ក្រោយមក គេបាននិយាយថា បុរសនឹងឥតមានរូបកាយនេះទេ។ ដូច្នេះ គេបានសន្និដ្ឋានថា របស់ខាងរូបកាយ—រួមបញ្ចូលកាម—បាបគឺមិនជាសំខាន់ទេ។ តាមប្រមើលទៅ ទស្សនៈបែបនេះបានចាប់ផ្ដើមមានឥទ្ធិពលលើមនុស្សខ្លះដែលអះអាងកាន់សាសនាគ្រីស្ទាន។
៨, ៩. (ក) តើការវែកញែកដ៏វៀចវេរអ្វី ដែលមានឥទ្ធិពលលើពួកគ្រីស្ទានពីដើម? (ខ) យោងទៅតាមយូដាស តើមនុស្សខ្លះក្នុងក្រុមជំនុំបានធ្វើអ្វី?
៨ អ្នកប្រាជ្ញខាងព្រះគម្ពីរម្នាក់ បានកត់សម្គាល់ថា«មានមនុស្សខ្លះក្នុងសាសនា ដែលបានធ្វើឲ្យពុករលួយដល់លទ្ធិនៃអនុគ្រោះ» ឬក៏ «ព្រះគុណដែលគ្មានសិទ្ធិទទួល»។ (អេភេសូរ ១:៥-៧) យោងទៅតាមលោក ការវែកញែករបស់មនុស្សខ្លះមានដូចនេះ៖ «តើអ្នកនិយាយថា[ព្រះគុណដែលគ្មានសិទ្ធិទទួល] គឺមានច្រើនដើម្បីគ្របបាបរបស់យើងទាំងអស់ឬ? . . . ដូច្នេះ សូមឲ្យយើងបន្តប្រព្រឹត្តអំពើបាប ពីព្រោះ[ព្រះគុណដែលគ្មានសិទ្ធិទទួល]អាចលុបចោលបាបទាំងអស់។ តាមពិត បើយើងប្រព្រឹត្តអំពើបាបច្រើន នោះនឹងមាន[ព្រះគុណដែលគ្មានសិទ្ធិទទួល] នឹងធ្វើប្រតិបត្ដិការច្រើនដែរ»។ តើអ្នកដែលឮការវែកញែកដ៏វៀចវេរជាងនេះទេ?
៩ សាវ័កប៉ុលបានរាប់ថាជាខុស ដោយគិតយ៉ាងនេះអំពីមេត្ដាករុណារបស់ព្រះ ពេលដែលគាត់បានសួរថា៖ «តើត្រូវឲ្យយើងចេះតែប្រព្រឹត្តអំពើបាបទៅទៀត ដើម្បីឲ្យព្រះគុណបានចំរើនឡើងឬអី»? គាត់ក៏បានសួរទៀតថា៖ «តើគួរឲ្យយើងប្រព្រឹត្តអំពើបាប ដោយព្រោះនៅក្រោមព្រះគុណ មិននៅក្រោមក្រិត្យវិន័យឬអី»? ចំពោះសំនួរនិមួយៗ ប៉ុលបានឆ្លើយយ៉ាងច្បាស់ថា៖ «ទេ មិនគួរឡើយ»! (រ៉ូម ៦:១, ២, ១៥) យ៉ាងច្បាស់ណាស់ ដូចយូដាសសង្កេតឃើញ មនុស្សខ្លះបាន«បំផ្លាស់ព្រះគុណរបស់ព្រះនៃយើងរាល់គ្នា ឲ្យទៅជាសេចក្ដីអាសអាភាស»។ ប៉ុន្តែ ពេត្រុសកត់សម្គាល់ថាចំពោះពួកបែបនេះ ‹សេចក្ដីហិនវិនាសរបស់គេក៏មិនងុយងោកដែរ›។—យូដាស ៤; ពេត្រុសទី២ ២:៣
គំរូដែលទុកជាការព្រមាន
១០, ១១. តើពេត្រុសបានផ្ដល់ឲ្យគំរូដែលទុកជាការព្រមានបីអ្វី?
១០ ដើម្បីបញ្ជាក់ថា ព្រះនឹងចាត់វិធានការប្រឆាំងមនុស្សប្រព្រឹត្តអាក្រក់ដោយចេតនានោះ ពេត្រុសបានផ្ដល់ពីបទគម្ពីរនូវគំរូដែលជាការព្រមានបីយ៉ាង។ ទីមួយ គាត់សរសេរថា៖ «ព្រះមិនបានប្រណី ដល់ពួកទេវតាដែលបានធ្វើអំពើបាប»។ ចំពោះពួកទេវតាទាំងនេះ យូដាសមានប្រសាសន៍ថា «មិនបានរក្សាសណ្ឋានដើមរបស់ខ្លួន គឺជាទេវតាដែលបោះបង់ចោលទីលំនៅចេញ»នៅស្ថានសួគ៌។ ពួកគេបានចុះមកផែនដីមុនទឹកជំនន់ ហើយបានប្រែក្រឡាក្នុងរូបកាយមនុស្ស ដើម្បីរួមដំណេកនឹងកូនស្រីរបស់មនុស្ស។ ជាការដាក់ទណ្ឌកម្មចំពោះចរិយាដ៏មិនត្រឹមត្រូវ ដែលឥតធម្មតានោះ ពួកគេបានត្រូវបោះទំលាក់ទៅក្នុង «ជង្ហុកជ្រៅបំផុត» ឬដូចដំណើររឿងរបស់យូដាស បានចែងថា ពួកគេបានត្រូវ«ឃុំក្នុងសេចក្ដីងងឹត ទាំងជាប់ចំណងអស់កល្បជានិច្ច ទុកសំរាប់នឹងជំនុំជំរះនៅថ្ងៃដ៏ធំនោះ»។—ពេត្រុសទី២ ២:៤; យូដាស ៦; លោកុប្បត្តិ ៦:១-៣
១១ បន្ទាប់មក ពេត្រុសសំដៅទៅមនុស្សនៃជំនាន់លោកណូអេ។ (លោកុប្បត្តិ ៧:១៧-២៤) គាត់មានប្រសាសន៍ថា ក្នុងជំនាន់លោកណូអេ ព្រះ«ទ្រង់មិនបានប្រណីដល់លោកីយពីចាស់បុរាណ ក្នុងកាលដែលទ្រង់បានធ្វើឲ្យទឹកជន់លិចពួកមនុស្សទមិលល្មើស»។ ចំណុចចុងក្រោយ ពេត្រុសបានសរសេរថា ព្រះបាន«ទុកជាគំរូដល់ពួកមនុស្សតទៅមុខ ដែលគិតរស់នៅដោយសេចក្ដីទមិលល្មើស» ដោយ«បញ្ឆេះក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ាឲ្យទៅជាផែះ»។ យូដាសឲ្យពត៌មានថែមទៀត ថាពួកទាំងនោះនឹង«បានប្រគល់ខ្លួនទៅប្រព្រឹត្តសេចក្ដីកំផិតដូចគ្នា ទាំងបណ្ដោយទៅតាមសាច់ដទៃ»។ (ពេត្រុសទី២ ២:៥, ៦; យូដាស ៧) ពួកបុរសមិនគ្រាន់តែមានការរួមដំណេកខុសច្បាប់ជាមួយនឹងស្ត្រី ប៉ុន្តែ ត្រអាលនឹងកាមនៃពួកបុរសដទៃ ព្រមទាំងបានត្រអាលនឹងកាមជាមួយសត្វផង។—លោកុប្បត្តិ ១៩:៤, ៥; លេវីវិន័យ ១៨:២២-២៥
១២. យោងទៅតាមពេត្រុស តើតាមរបៀបណាដែលមារយាទសុចរិតបានត្រូវទទួលរង្វាន់?
១២ ប៉ុន្តែ ក្នុងពេលដំណាលគ្នានេះ ពេត្រុសកត់សម្គាល់ថា ព្រះយេហូវ៉ាជាអ្នកប្រទានរង្វាន់ដល់អស់អ្នកដែលបំរើទ្រង់ដោយស្មោះត្រង់។ ជាឧទាហរណ៍ គាត់បានរៀបរាប់នូវរបៀបដែលព្រះ«បានជួយសង្គ្រោះលោកណូអេ ទាំងអស់គ្នាមាន៨នាក់ ដែលលោកជាអ្នកប្រកាសប្រាប់ពីសេចក្ដីសុចរិត» ពេលដែលទ្រង់ធ្វើឲ្យទឹកជន់។ គាត់ក៏បានប្រាប់អំពីការរំដោះរបស់ព្រះយេហូវ៉ានៃ«លោកឡុត ជាអ្នកសុចរិតឲ្យរួច» ក្នុងជំនាន់នៃក្រុងសូដុំម ដោយបញ្ចប់ពាក្យរបស់គាត់ ថា៖ «ព្រះអម្ចាស់ទ្រង់ចេះប្រោសមនុស្សដែលគោរពប្រតិបត្ដិដល់ទ្រង់ ឲ្យរួចពីសេចក្ដីល្បួង ហើយនឹងឃុំទុកមនុស្សទុច្ចរិត សំរាប់នឹងធ្វើទោសក្នុងថ្ងៃជំនុំជំរះវិញ»។—ពេត្រុសទី២ ២:៥, ៧-៩
ការប្រព្រឹត្តដែលសមទទួលទណ្ឌកម្ម
១៣. តើអ្នកណាជាពិសេស ដែលបានទុកសំរាប់ការជំនុំជំរះ ហើយក្នុងសុបិនអ្វីដែលគេប្រព្រឹត្តនោះ?
១៣ ពេត្រុសបង្ហាញជាក់លាក់នៃពួកបុគ្គល ដែលជាពិសេសបានទុកសំរាប់ការជំនុំជំរះរបស់ព្រះ ដោយនិយាយថា«ពួកអស់អ្នកដែលដើរតាមសាច់ឈាមជាដើម ដែលគេមានសេចក្ដីប៉ងប្រាថ្នាខាងឯការស្មោកគ្រោក ហើយក៏មើលងាយដល់អស់ទាំងអំណាចត្រួតត្រាដែរ»។ យើងសឹងតែអាចយល់នូវកំហឹងរបស់ពេត្រុស កាលដែលគាត់មានប្រសាសន៍ថា៖ «គេជាពួកព្រហើន មានក្បាលរឹង ដែលមិនខ្លាចនឹងជេរប្រមាថដល់ទាំងពួកប្រសើរឧត្តមផង»។ យូដាសសរសេរថា «មនុស្សទាំងនេះ . . . នឹកតែពីផ្លូវខូចអាក្រក់ . . . ហើយជេរប្រមាថដល់ពួកប្រសើរឧត្តមផង»។ (ពេត្រុសទី២ ២:១០; យូដាស ៨) សុបិនរបស់គេ គឺប្រហែលជាអំពីកាមដ៏ឥតបរិសុទ្ធ ដែលគិតតែពីការស្វែងរកនៃការចំអែតកាមដ៏ឥតសីលធម៌។ ប៉ុន្តែ ក្នុងន័យណា ដែលគេ«មើលងាយដល់អស់ទាំងអំណាចត្រួតត្រា» ហើយ«ជេរប្រមាថដល់ពួកប្រសើរឧត្តមផង»?
១៤. ក្នុងន័យអ្វីដែលពួកគ្រូក្លែងក្លាយ«មើលងាយដល់អស់ទាំងអំណាចត្រួតត្រា» ហើយ«ជេរប្រមាថដល់ពួកប្រសើរឧត្តមផង»?
១៤ គេធ្វើដូច្នេះ ក្នុងរបៀបថា គេស្អប់អំណាចដែលបានតែងតាំងមកដោយព្រះ។ ពួកអ្នកចាស់ទុំគ្រីស្ទានតំណាងព្រះយេហូវ៉ាដ៏រុងរឿង និងបុត្រារបស់ទ្រង់ ហើយជាលទ្ធផល គឺមានសិរីរុងរឿងខ្លះដែលបានប្រទានដល់គេ។ ពិតមែន គេក៏មានធ្វើខុស ដូចពេត្រុសដែរ ប៉ុន្តែ បទគម្ពីរដាស់តឿនពួកសមាជិកនៃក្រុមជំនុំ ឲ្យចុះចូលដល់ពួកបុគ្គលបែបនេះ។ (ហេព្រើរ ១៣:១៧) គុណវិបត្ដិរបស់គេ គឺមិនមែនជាមូលហេតុក្នុងការជេរប្រមាថមើលងាយគេទេ។ ពេត្រុសនិយាយថា ពួកទេវតាមិនបាន«ប្រមាថដល់ពួកនោះ [ពួកគ្រូក្លែងក្លាយ]» ទោះជាសមនឹងធ្វើបែបនេះក៏ដោយ។ ពេត្រុសនិយាយទៀតថា៖ «តែដោយព្រោះគេជេរប្រមាថដល់ការដែលគេមិនស្គាល់ នោះគេនឹងត្រូវវិនាសបាត់ក្នុងការខូចអាក្រក់របស់គេអស់រលីង ដូចជាសត្វតិរច្ឆាន ដែលកើតមកសំរាប់តែឲ្យគេចាប់ ហើយកាប់សម្លាប់ប៉ុណ្ណោះដែរ»។—ពេត្រុសទី២ ២:១០-១៣
«ក្នុងពេលកំពុងដែលគេស៊ីលៀងជាមួយនឹងអ្នករាល់គ្នា»
១៥. តើអ្វីជាកលល្បិចនៃពួកគ្រូក្លែងក្លាយ ហើយនៅទីណាដែលគេស្វែងរកការប្រលោមរបស់គេ?
១៥ ទោះបីជាពួកបុរសដ៏ពុករលួយទាំងនេះ«ជាពួកអ្នកដែលរាប់ការស្រើបស្រាលនៅពេលថ្ងៃ ទុកជាការត្រេកអរសប្បាយ» ហើយ«គេជាស្នាមប្រឡាក់ ហើយជាសេចក្ដីស្មោកគ្រោក» តែពួកគេក៏វៀចវេរដែរ។ ពួកគេប្រព្រឹត្ត‹យ៉ាងស្ងាត់› ដោយប្រើ«ពាក្យបញ្ឆោតបំពោត» ដូចពេត្រុសបានសរសេរទុកមុននេះ។ (ពេត្រុសទី២ ២:១, ៣, ១៣) ដូច្នេះ ពួកគេប្រហែលជាមិនប្រកួតដោយចេញឲ្យឃើញ ដល់ការខំប្រឹងរបស់ពួកអ្នកចាស់ទុំដើម្បីតំកើងខ្នាតគំរូសីលធម៌របស់ព្រះ ឬស្វែងរកដ៏ឥតលាក់លាមនៃការចំអែតខាងកាម។ ផ្ទុយទៅវិញ ពេត្រុសនិយាយថា គេប្រព្រឹត្តនូវការ«ត្រេកអរដោយសេចក្ដីបញ្ឆោតរបស់ខ្លួន ក្នុងពេលកំពុងតែដែលគេស៊ីលៀងជាមួយនឹងអ្នករាល់គ្នា»។ ហើយយូដាសសរសេរថា៖ «ពួកនោះជាដុំស្មោកគ្រោក ក្នុងពេលដែលអ្នករាល់គ្នាបរិភោគ ជាមួយគ្នាដោយស្រឡាញ់»។ (យូដាស ១២) ត្រូវហើយ ដូចជាដុំថ្មដែលរឆេករឆូចនៅក្រោមទឹក ដែលអាចច្រៀកបាតទូក ដែលបណ្ដាលឲ្យពួកបើកទូកដែលឥតប្រុងប្រយ័ត្នលង់ទឹកស្លាប់ នោះពួកគ្រូក្លែងក្លាយធ្វើឲ្យពុករលួយដល់ពួកឥតប្រុងប្រយ័ត្ន ដែលគេធ្វើពុតជាស្រឡាញ់ ក្នុង«ពេលដែលអ្នករាល់គ្នាបរិភោគ ជាមួយគ្នាដោយស្រឡាញ់»។
១៦. (ក) តើអ្វីជា‹អាហាររួមគ្នាដោយស្រឡាញ់› ហើយក្នុងស្ថានការណ៍យ៉ាងណា ដែលមនុស្សឥតសីលធម៌សហប្រតិបត្ដិការសព្វថ្ងៃនេះ? (ខ) តើពួកគ្រូក្លែងក្លាយគិតសំដៅលើអ្នកណា ដូច្នេះ តើបុគ្គលបែបនេះត្រូវធ្វើយ៉ាងណា?
១៦ តាមប្រមើលទៅ ‹អាហាររួមគ្នាដោយស្រឡាញ់›ទាំងនេះ ជាគ្រាជប់លៀងដែលពួកគ្រីស្ទានក្នុងសតវត្សទីមួយ បានមករួមគ្នាដើម្បីទទួលទានអាហារ។ ស្មរបន្ទាល់ព្រះយេហូវ៉ាសព្វថ្ងៃនេះ ក៏មករួមជាមួយគ្នា ប្រហែលជាពិធីរៀបការ ពិចនិច ឬក៏សំរាប់ការរួមប្រជុំគ្នានៅរាត្រីមួយ។ តើតាមរបៀបណាដែលពួកបុគ្គលបែបនេះប្រើព្រឹត្ដិការណ៍បែបនេះ ដើម្បីនឹងប្រលោមអ្នករងគ្រោះ? ពេត្រុសសរសេរថា៖ «គេមានចិត្តនឹកឃើញតែស្រីសំផឹង . . . ក៏បិទនុយចាប់ព្រលឹងមនុស្សដែលមិនខ្ជាប់ខ្ជួន»។ គេគិតតែ«មានចិត្តធ្លាប់ខាងឯសេចក្ដីលោភ» លើពួកមិនមុតមាំខាងវិញ្ញាណ ដែលមិនបានធ្វើសេចក្ដីពិតឲ្យបានពេញលេញខ្លួនគេ។ ដូច្នេះ ចូរយកទុកជាគំរូនូវអ្វីដែលបានកើតឡើងក្នុងសម័យពេត្រុស ហើយចូរឲ្យប្រុងប្រយ័ត្ន! ចូរទប់ទល់នឹងការដាក់ស្នើណាមួយ ហើយកុំឲ្យបំភាន់ដោយស្នេហ៍ឬសម្រស់របស់អ្នកណា ដែលចង់ប្រព្រឹត្តអំពើឥតសីលធម៌!—ពេត្រុសទី២ ២:១៤
‹តាមផ្លូវរបស់ព្យាការីបាឡាម›
១៧. តើអ្វីជា‹ផ្លូវរបស់ព្យាការីបាឡាម› ហើយតើនេះមានឥទ្ធិពលយ៉ាងណាលើពួកអ៊ីស្រាអែល២៤.០០០នាក់?
១៧ «មនុស្សដែលត្រូវបណ្ដាសា»ទាំងនេះ បានស្គាល់សេចក្ដីពិតជាយូរយារដែរហើយ។ គេប្រហែលជាមើលទៅ ជាមនុស្សដ៏សកម្មក្នុងក្រុមជំនុំ។ ប៉ុន្តែ ពេត្រុសមានប្រសាសន៍ថា៖ «គេបានបោះបង់ចោលផ្លូវទៀងត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់ហោរាបាឡាមជាកូនបេអ៊រ ដែលស្រឡាញ់កំរៃនៃការទុច្ចរិត»។ (ពេត្រុសទី២ ២:១៤, ១៥) ផ្លូវរបស់ព្យាការីបាឡាម គឺដើម្បីឲ្យទូន្មាននៃការប្រលោមដ៏ឥតសីលធម៌ សំរាប់ជាប្រយោជន៍ផ្ទាល់ខ្លួនគាត់។ គាត់បានប្រាប់ស្តេចបាឡាក សាសន៍ម៉ូអាប់ ថាព្រះនឹងដាក់បណ្ដាសាពួកអ៊ីស្រាអែល ប្រសិនបើអាចប្រលោមរាស្ត្រឲ្យប្រព្រឹត្តអំពើសហាយស្មន់។ ជាលទ្ធផល រាស្ត្រជាច្រើនរបស់ព្រះបានត្រូវប្រលោមដោយពួកស្ត្រីម៉ូអាប់ ហើយ២៤.០០០នាក់បានត្រូវស្លាប់ ដោយសារចរិយាដ៏ឥតសីលធម៌របស់គេ។—ជនគណនា ២៥:១-៩; ៣១:១៥, ១៦; វិវរណៈ ២:១៤
១៨. តើបាឡាមបានខំតស៊ូយ៉ាងណា ហើយលទ្ធផលបង្ហាញឲ្យឃើញយ៉ាងណាសំរាប់ពួកគ្រូក្លែងក្លាយ?
១៨ ពេត្រុសកត់សម្គាល់ថាបាឡាមបានត្រូវបង្អាក់ ពេលដែលសត្វលារបស់គាត់បាននិយាយដាក់គាត់ ប៉ុន្តែ បាឡាម«ដែលស្រឡាញ់កំរៃនៃការទុច្ចរិត»ដល់ម្ល៉េះ ទោះជារឿងនោះបានកើតឡើងក៏ដោយ គាត់ឥតបានឈប់បន្ត«សេចក្ដីចំកួតរបស់គាត់»ទេ។ (ពេត្រុសទី២ ២:១៥, ១៦) នេះគឺអាក្រក់ក្រៃលែងមែន! វេទនាហើយដល់ពួកដែលមានលក្ខណៈដូចបាឡាម ដែលខំប្រឹងធ្វើឲ្យពុករលួយដល់រាស្ត្រព្រះ ដោយល្បួងគេឲ្យប្រព្រឹត្តអំពើឥតសីលធម៌! បាឡាមបានស្លាប់ដោយសារអំពើអាក្រក់របស់គាត់ ជាការបង្ហាញឲ្យឃើញនូវអ្វីដែលកើតឡើងដល់មនុស្សដែលកាន់តាមផ្លូវរបស់គាត់។—ជនគណនា ៣១:៨
ការប្រលោមដ៏កំណាចរបស់គេ
១៩, ២០. (ក) តើពួកអ្នកដែលមានលក្ខណៈដូចបាឡាមអាចប្រៀបធៀបនឹងអ្វី ហើយហេតុអ្វី? (ខ) តើគេល្បួងអ្នកណា ហើយតាមរបៀបណា? (គ) ហេតុអ្វីក៏យើងអាចនិយាយថា ការប្រលោមរបស់គេគឺកំណាច ហើយតើយើងអាចការពារខ្លួនយើងនិងអ្នកដទៃពីពួកគេដូចម្ដេច?
១៩ ក្នុងការរៀបរាប់ពួកអ្នកដែលមានលក្ខណៈដូចបាឡាម ពេត្រុសបានសរសេរថា៖ «ពួកអ្នកទាំងនោះសុទ្ធតែជារន្ធទឹក[ឬអណ្ដូង]ខ្សោះ ជាពពកដែលខ្យល់ព្យុះបក់ផាត់»។ ចំពោះអ្នកធ្វើដំណើរដ៏ស្រេកទឹកក្នុងទីរហោស្ថាន អណ្ដូងរីងអាចមានន័យជាសេចក្ដីស្លាប់។ ដូច្នេះហើយ «ដែលសេចក្ដីងងឹតសូន្យឈឹង បានបម្រុងទុកឲ្យ»ពួកដែលមានសភាពបែបនេះ! ពេត្រុសនិយាយទៀតថា៖ «ដ្បិតគេនិយាយសេចក្ដីអំនួតអួតយ៉ាងសម្បើម ទាំងបិទនុយដែលប្រកបដោយសេចក្ដីសំរើបខាងសាច់ឈាម នឹងសេចក្ដីខូចអាក្រក់ទាំងប៉ុន្មាន ដើម្បីចាប់ពួកអស់អ្នក ដែលទើបតែនឹងរួចចេញពីពួកវង្វេង»។ ពួកគេប្រលោមមនុស្សឥតពិសោធ ដោយ«សន្យាឲ្យអ្នកទាំងនោះបានសេរីភាព» កាលដែល«ខ្លួនគេនៅជាប់ជាបាវបំរើរបស់សេចក្ដីពុករលួយ»។—ពេត្រុសទី២ ២:១៧-១៩; កាឡាទី ៥:១៣
២០ ការប្រលោមនៃពួកគ្រូដ៏ពុករលួយបែបនេះ គឺកំណាចណាស់។ ជាឧទាហរណ៍ គេប្រហែលជានិយាយថា៖ ‹ព្រះជ្រាបថាយើងទន់ខ្សោយ ហើយងប់ទៅលើកាមរាគ។ ដូច្នេះ បើសិនជាយើងប្រព្រឹត្ត ហើយបំពេញនឹងកាមរាគរបស់យើង ព្រះនឹងមានព្រះទ័យមេត្ដាករុណា។ ប្រសិនបើយើងសារភាពបាបរបស់យើង ទ្រង់នឹងអភ័យទោសឲ្យយើង ដូចជាកាលដែលយើងបានមកស្គាល់សេចក្ដីពិតដំបូងដែរ›។ ចូរចាំថា អារក្សបានប្រើវិធីបែបនេះជាមួយនឹងអេវ៉ាដែរ ដោយសន្យាថា នាងអាចប្រព្រឹត្តបាបដោយដំណើរគ្មានទោស។ ក្នុងករណីអេវ៉ា វាអះអាងថា ប្រព្រឹត្តបាបប្រឆាំងព្រះនឹងផ្ដល់ឲ្យនាងមានពន្លឺនិងសេរីភាព។ (លោកុប្បត្តិ ៣:៤, ៥) ប្រសិនបើយើងជួបប្រទះមនុស្សដ៏ពុករលួយបែបនេះ ដែលនៅក្នុងក្រុមជំនុំ យើងមានកាតព្វកិច្ចដើម្បីការពារខ្លួនយើង និងអ្នកដទៃ ដោយរាយការណ៍ប្រាប់ដល់ពួកមើលខុសត្រូវក្នុងក្រុមជំនុំគ្រីស្ទាន។—លេវីវិន័យ ៥:១
ការពារដោយចំណេះត្រឹមត្រូវ
២១-២៣. (ក) តើអ្វីជាលទ្ធផលនៃការមិនប្រព្រឹត្តតាមចំណេះត្រឹមត្រូវ? (ខ) តើបញ្ហាអ្វីទៀតដែលពេត្រុសពិគ្រោះ ដែលនឹងពិចារណាមើលក្នុងអត្ថបទជាបន្ទាប់?
២១ ពេត្រុសបញ្ចប់ភាគនេះនៃសំបុត្ររបស់គាត់ ដោយរៀបរាប់លទ្ធផលនៃការមិនប្រព្រឹត្តតាមចំណេះត្រឹមត្រូវ ដែលគាត់បានមានប្រសាសន៍មកមុននេះ ដែលថា«ជីវិត នឹងសេចក្ដីគោរពប្រតិបត្ដិដល់ព្រះ» គឺសំខាន់ចាំបាច់។ (ពេត្រុសទី២ ១:២, ៣, ៨) គាត់សរសេរថា៖ «ពីព្រោះក្រោយដែលបានរួចពីសេចក្ដីស្មោកគ្រោក របស់លោកីយនេះ ដោយបានស្គាល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះហើយ បើអ្នកណាត្រឡប់ទៅជាជាប់ទាក់ទិន ឲ្យសេចក្ដីទាំងនោះបានបង្ក្រាបខ្លួនវិញ នោះសណ្ឋានក្រោយរបស់អ្នកនោះ បានអាក្រក់ជាងមុនទៅទៀត»។ (ពេត្រុសទី២ ២:២០) គួរឲ្យស្ដាយមែន! បុគ្គលបែបនេះក្នុងសម័យពេត្រុសបានបោះបង់ចោលសេចក្ដីសង្ឃឹមដ៏មានតម្លៃនៃជីវិតអមតនៅស្ថានសួគ៌ ចំពោះការចំអែតខាងកាមដ៏ខ្លី។
២២ ដូច្នេះ ពេត្រុសមានប្រសាសន៍ថា៖ «ដ្បិតបើមិនបានស្គាល់ផ្លូវសុចរិតសោះ នោះជាជាងបានស្គាល់ រួចបែរចេញពីសេចក្ដីបញ្ញត្តបរិសុទ្ធ ដែលបានប្រគល់មកហើយនោះវិញ តែមានការកើតមកដល់គេ ដូចជាពាក្យទំនៀមពិតដែលថា «ឆ្កែបានត្រឡប់ទៅស៊ីកំអួតវា ឯជ្រូកញីដែលគេលាងស្អាតហើយ បានទៅននៀលនៅក្នុងខ្នាចវិញ›»។—ពេត្រុសទី២ ២:២១, ២២; សុភាសិត ២៦:១១
២៣ បញ្ហាមួយទៀតដែលឃើញជាក់ស្តែង បានចាប់មានឥទ្ធិពលលើពួកគ្រីស្ទានសម័យដើម ក៏ដូចមានលើពួកមនុស្សខ្លះក្នុងសម័យនេះដែរ។ នៅសម័យនោះ មនុស្សខ្លះបានត្អូញត្អែរអំពីវត្តមានរបស់ព្រះគ្រីស្ទ ដែលដូចជាមិនមានមកដល់។ សូមឲ្យយើងពិចារណាមើលនូវរបៀបដែលពេត្រុសពិគ្រោះអំពីរឿងនេះ។
តើអ្នកនៅចាំទេ?
◻ តើពេត្រុសផ្ដល់ឲ្យគំរូទុកជាការព្រមានបីណា?
◻ តើតាមរបៀបណាដែលពួកគ្រូក្លែងក្លាយ‹មើលងាយដល់អស់ទាំងអំណាចត្រួតត្រា›?
◻ តើអ្វីជាផ្លូវរបស់ព្យាការីបាឡាម ហើយតើតាមរបៀបណាដែលពួកកាន់តាមផ្លូវនេះ ខំប្រឹងប្រលោមអ្នកដទៃនោះ?
◻ តើមានលទ្ធផលអ្វី ដោយឥតប្រព្រឹត្តតាមចំណេះត្រឹមត្រូវ?