រដ្ឋាភិបាលដែលនឹងនាំមកនូវទីមនោរម
កាលដែលព្រះយេស៊ូវទ្រង់គង់នៅលើផែនដីនៅឡើយ ទ្រង់មានបន្ទូលទៅពួកអ្នកកាន់តាមទ្រង់ ឲ្យអធិស្ឋានសម្រាប់ព្រះរាជាណាចក្រដូចនេះថា៖ «សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។ (ម៉ាថាយ ៦:៩, ១០) ទ្រង់ក៏តែងតែប្រកាសជាញឹកញយអំពី «ដំណឹងល្អពីនគរ»។ (ម៉ាថាយ ៤:២៣) តាមការពិត ទ្រង់បានប្រកាសអំពីរាជាណាចក្រ ច្រើនជាងអ្វីៗផ្សេងទៀតដែលទ្រង់បានមានបន្ទូលមក។ តើមកពីហេតុអ្វី? ពីព្រោះរាជាណាចក្រនេះ ជាគ្រឿងប្រដាប់មួយដែលព្រះនឹងប្រើ ដើម្បីដោះស្រាយបញ្ហាដែលធ្វើឲ្យជីវិតពិបាកនឹងរស់នៅសព្វថ្ងៃនេះ។ ដោយសាររាជាណាចក្រនេះ បន្ដិចទៀតព្រះនឹងបញ្ចប់សង្គ្រាម ទុរ្ភិក្ស ជម្ងឺ និងបទឧក្រិដ្ឋ ហើយទ្រង់នឹងបណ្ដាលឲ្យមានសាមគ្គីភាពនិងសន្ដិភាពវិញ។
តើលោកអ្នកមានបំណងចង់បានជីវិតរស់នៅក្នុងពិភពលោកយ៉ាងដូច្នោះទេ? បើចង់បានមែន លោកអ្នកគួរតែអានសៀវភៅតូចនេះ។ នៅក្នុងសៀវភៅនេះ លោកអ្នកនឹងរៀនដឹងថារាជាណាចក្រគឺជារដ្ឋាភិបាល តែរដ្ឋាភិបាលនេះគឺល្អប្រសើរជាងរដ្ឋាភិបាលផ្សេងៗទាំងអស់ដែលបានគ្រប់គ្រងលើមនុស្សជាតិទៅទៀត។ លោកអ្នកនឹងឃើញនូវទិដ្ឋភាពគួរឲ្យរំភើបចិត្ត ដែលព្រះទ្រង់បានពន្យល់គោលបំណងដែលស្តីពីរាជាណាចក្ររបស់ទ្រង់ បន្ដិចម្ដងៗដល់អ្នកបំរើទ្រង់។ ម្យ៉ាងវិញទៀត លោកអ្នកនឹងឃើញវិធីដែលរាជាណាចក្រនេះ អាចជួយលោកអ្នកសូម្បីតែនៅពេលសព្វថ្ងៃនេះផង។
តាមការពិត លោកអ្នកអាចក្លាយជាអនុរាស្ត្រនៃរាជាណាចក្រព្រះក្នុងគ្រាឥឡូវនេះបាន។ ប៉ុន្តែមុនពេលដែលលោកអ្នកជ្រើសរើសអនុវត្តតាមការនេះ លោកអ្នកត្រូវតែយល់ឲ្យបានច្បាស់លាស់អំពីរាជាណាចក្រនេះ។ ដូច្នេះយើងជំរុញលើកទឹកចិត្តលោកអ្នក ឲ្យធ្វើការពិនិត្យសៀវភៅតូចនេះ ពីព្រោះគ្រប់សេចក្ដីទាំងអស់ដែលសម្ដែងអំពីព្រះរាជាណាចក្រ គឺបានដកស្រង់ចេញពីព្រះគម្ពីរ។
ជាមុនដំបូង សូមអស់លោកអ្នកពិនិត្យមើលថា ហេតុអ្វីបានជាយើងត្រូវការព្រះរាជាណាចក្រជាចាំបាច់ដូច្នេះ។
ក្នុងគ្រាដើមដំបូងនៃប្រវត្ដិសាស្ត្រមនុស្សលោក ព្រះបានបង្កើតមនុស្សមកមានភាពល្អឥតខ្ចោះ ហើយទ្រង់បានដាក់គេនៅក្នុងទីមនោរមមួយ។ នៅគ្រានោះគេមិនត្រូវការព្រះរាជាណាចក្រទេ។
ទោះបីជាយ៉ាងណាក៏ដោយ អ័ដាមនិងអេវ៉ា ដែលជាឪពុកម្ដាយដើមរបស់យើង បានស្ដាប់បង្គាប់សាតាំង ជាទេវតាដែលកំពុងបះបោរមួយរូប។ វានិយាយល្បួងកុហកពួកគេអំពីព្រះ ហើយធ្វើឲ្យពួកគេត្រឡប់ទៅជាអ្នកបះបោរប្រឆាំងនឹងព្រះដូចវាដែរ។ ហេតុដូច្នេះហើយបានជាពួកគេសមនឹងស្លាប់ ពីព្រោះ «ឈ្នួលរបស់អំពើបាប នោះជាសេចក្ដីស្លាប់»។—រ៉ូម ៦:២៣
មនុស្សលោកដែលពោរពេញទៅដោយអំពើបាបនិងភាពមានខ្ចោះ មិនអាចបង្កើតកូនចៅល្អឥតខ្ចោះបានឡើយ។ ដូច្នេះហើយបានជាកូនចៅអ័ដាមទាំងអស់កើតមក ពោរពេញទៅដោយភាពមានខ្ចោះនិងអំពើបាប ហើយពួកគេត្រូវស្លាប់ដែរ។—រ៉ូម ៥:១២
ចាប់ពីពេលនោះមក មនុស្សលោកត្រូវការរាជាណាចក្រព្រះ ដើម្បីជួយស្រោចស្រង់គេចេញពីបណ្ដាសានៃអំពើបាបនិងសេចក្ដីស្លាប់។ ព្រះរាជាណាចក្រនឹងធ្វើឲ្យព្រះលែងមានអកិត្ដិនាមទៀតហើយ ដោយសំអាតព្រះនាមទ្រង់ពីការកុហកដែលសាតាំងបានភូតប្រឆាំងនឹងនាមនោះ។
ព្រះយេហូវ៉ាបានសន្យាប្រទាន «ពូជ»ពិសេសមួយ (ឬកូនចៅ) ដែលនឹងត្រូវកើតមកដើម្បីជួយសង្គ្រោះមនុស្សជាតិឲ្យរួចពីអំពើបាប។ (លោកុប្បត្តិ ៣:១៥) «ពូជ» នេះនឹងទៅជាស្តេចនៃរាជាណាចក្ររបស់ព្រះ។
តើពូជនេះជាអ្នកណាទៅ?
ប្រមាណ២.០០០ឆ្នាំក្រោយពីអ័ដាមបានប្រព្រឹត្តអំពើបាប មានបុរសដ៏ស្មោះត្រង់ចំពោះព្រះម្នាក់ ឈ្មោះអ័ប្រាហាំ។ ព្រះយេហូវ៉ាបានប្រាប់ទៅអ័ប្រាហាំ ឲ្យលោកចាកចេញពីទីក្រុងកំណើតរបស់លោក មករស់នៅតាមជំរំសំពត់(ឬតង់) នៅស្រុករបស់ប៉ាឡេស្ទែន។
អ័ប្រាហាំបានប្រព្រឹត្តតាមបន្ទូលរបស់ព្រះយេហូវ៉ាទាំងអស់ ព្រមទាំងការមួយដ៏ពិបាកក្រៃលែងនោះផង។ ព្រះយេហូវ៉ាបានបង្គាប់ឲ្យលោកយកកូនប្រុសរបស់លោកឈ្មោះអ៊ីសាក យកទៅបូជានៅលើអាសនាចំពោះទ្រង់។
តាមការពិត ព្រះយេហូវ៉ាទ្រង់មិនចង់បានការបូជាជីវិតមនុស្សនោះឡើយ។ ប៉ុន្តែទ្រង់ចង់ឃើញថា តើអ័ប្រាហាំមានសេចក្ដីស្រឡាញ់ប៉ុណ្ណាចំពោះទ្រង់។ អ័ប្រាហាំរៀបសម្លាប់អ៊ីសាកទៅហើយ តែត្រូវបានព្រះយេហូវ៉ាបញ្ឈប់លោកទៅ។
ដោយសារតែជំនឿដ៏ធំរបស់អ័ប្រាហាំ ព្រះយេហូវ៉ាបានសន្យានឹងប្រទានឲ្យស្រុកប៉ាឡេស្ទែនទៅកូនចៅរបស់លោក ហើយទ្រង់មានបន្ទូលសន្យាទៀតថា នឹងប្រទានពូជសន្យា ក្នុងតំណវង្សរបស់លោកហើយនិងតំណពួកកូនចៅអ៊ីសាកផងដែរ។—លោកុប្បត្តិ ២២:១៧, ១៨; ២៦:៤, ៥
អ៊ីសាកមានកូនភ្លោះប្រុសពីរនាក់ គឺអេសាវហើយនិងយ៉ាកុប។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ពូជសន្យានឹងកើតមកតាមតំណយ៉ាកុប។—លោកុប្បត្តិ ២៨:១៣-១៥
យ៉ាកុប ជាអ្នកដែលព្រះយេហូវ៉ាប្រទានឲ្យឈ្មោះហៅថាអ៊ីស្រាអែល លោកបង្កើតបានកូនប្រុស១២នាក់ ក្រោយមកពួកគេក៏មានកូនច្រើនទៀត។ ដូច្នេះកូនចៅរបស់អ័ប្រាហាំ ក៏ចាប់ផ្ដើមចំរើនកើនឡើងៗ។—លោកុប្បត្តិ ៤៦:៨-២៧
ក្នុងកាលដែលមានសេចក្ដីអំណត់អត់បាយយ៉ាងខ្លាំងនៅតំបន់នោះ យ៉ាកុបព្រមទាំងគ្រួសាររបស់លោកបានធ្វើដំណើរចុះទៅនៅស្រុកអេស៊ីព្ទ តាមសេចក្ដីអញ្ជើញរបស់ស្តេចផារ៉ោន ជាមេគ្រប់គ្រងនៃស្រុកអេស៊ីព្ទ។—លោកុប្បត្តិ ៤៥:១៦-២០
នៅក្នុងស្រុកអេស៊ីព្ទ ត្រូវបានគេធ្វើប្រកាសនាថា ពូជសន្យានោះនឹងកើតមកក្នុងតំណកូនចៅយូដា ដែលជាកូនប្រុសរបស់យ៉ាកុប។—លោកុប្បត្តិ ៤៩:១០
លុះដល់កំណត់អាយុយ៉ាកុប លោកបានស្លាប់ទៅហើយនោះ ពូជកូនចៅរបស់លោកបានកើនចំនួនជាច្រើនឡើង រហូតដល់ទៅដូចជាសាសន៍មួយ។ ពេលនោះពួកអេស៊ីព្ទមានសេចក្ដីបារម្ភ ក៏ចាប់ពួកគេទាំងនោះធ្វើជាឈ្លើយបំរើវិញ។—និក្ខមនំ ១:៧-១៤
តាមយថាហេតុនោះ ព្រះយេហូវ៉ាក៏បញ្ជូនម៉ូសេ ដែលជាអ្នកប្រកបទៅដោយសេចក្ដីស្មោះត្រង់ចំពោះព្រះ ឲ្យទៅទាមទារដល់ស្តេចផារ៉ោននៅពេលនោះ ឲ្យបើកឲ្យពួកកូនចៅអ៊ីស្រាអែលមានសេរីភាពនឹងចេញពីស្រុកអេស៊ីព្ទ។—និក្ខមនំ ៦:១០, ១១
តែស្តេចផារ៉ោនមិនយល់ព្រមសោះ ដូច្នេះព្រះយេហូវ៉ាក៏ដាក់សេចក្ដីវេទនាទាំងដប់ប្រការមកលើប្រជាជនអេស៊ីព្ទនោះ។ ដល់សេចក្ដីវេទនាចុងក្រោយបង្អស់ ទ្រង់បានចាត់ទេវតាពិឃាត ឲ្យទៅសម្លាប់អស់ទាំងកូនប្រុសច្បងរបស់សាសន៍អេស៊ីព្ទ។—និក្ខមនំ ជំពូក៧ ទៅ១២
ព្រះមានបន្ទូលទៅកាន់ពួកអ៊ីស្រាអែលថា បើគេសម្លាប់កូនចៀមធ្វើជាអាហារនៅពេលល្ងាចនោះ ហើយយកឈាមខ្លះទៅប្រឡាក់លើធ្នឹមទ្វារ នោះទេវតាពិឃាតនឹងរំលងចេញពីផ្ទះរបស់គេទៅ។ ដូច្នេះពួកកូនច្បងរបស់អ៊ីស្រាអែលត្រូវបានសង្គ្រោះ។—និក្ខមនំ ១២:១-៣៥
ដោយឃើញលទ្ធផលយ៉ាងដូច្នេះ ស្តេចផារ៉ោនក៏បញ្ជាឲ្យពួកអ៊ីស្រាអែលទាំងអស់ចេញពីស្រុកអេស៊ីព្ទទៅ។ ប៉ុន្តែក្រោយមកនោះទ្រង់ក៏ប្ដូរព្រះទ័យវិញ ព្រមទាំងនាំទ័ពដេញតាមក្រោយពួកគេ ដោយចង់ចាប់ពួកគេទាំងអស់ឲ្យត្រឡប់មកវិញ។
ព្រះយេហូវ៉ាបានបើកផ្លូវមួយសម្រាប់ប្រជារាស្ត្រអ៊ីស្រាអែល ឲ្យចេញឆ្លងកាត់តាមបាតសមុទ្រក្រហម។ ហើយនៅពេលដែលស្តេចផារ៉ោន ព្រមទាំងកងទាហានរបស់ទ្រង់ខំដេញតាមពួកអ៊ីស្រាអែលនោះ ពួកគេទាំងអស់គ្នាក៏ត្រូវលង់ទឹកស្លាប់អស់ទៅ។—និក្ខមនំ ១៥:៥-២១
ព្រះយេហូវ៉ាបានដឹកនាំពួកកូនចៅអ៊ីស្រាអែល ទៅដល់ភ្នំមួយហៅថាស៊ីណាយនៅទីហោស្ថាននោះ។ នៅទីនោះ ទ្រង់បានប្រទានក្រិត្យវិន័យរបស់ទ្រង់ដល់គេ ព្រមទាំងមានបន្ទូលថា បើពួកគេកាន់តាមក្រិត្យវិន័យនេះ ពួកគេនឹងបានធ្វើជារាជាណាចក្រដល់ទ្រង់ដែលសុទ្ធតែជាសង្ឃ ហើយជាសាសន៍ពិសិដ្ធដល់ទ្រង់ដែរ។ ដូច្នេះហើយ ដល់ពេលកំណត់មក ពួកកូនចៅអ៊ីស្រាអែលបានទទួលឱកាសនឹងធ្វើជាផ្នែកមួយយ៉ាងសំខាន់នៃរាជាណាចក្រព្រះ។—និក្ខមនំ ១៩:៦; ២៤:៣-៨
បន្ទាប់ពីពួកកូនចៅអ៊ីស្រាអែលបានរស់នៅអស់រយៈពេលប្រហែលជាមួយឆ្នាំនៅភ្នំស៊ីណាយនោះ ព្រះយេហូវ៉ាក៏នាំពួកគេឆ្ពោះទៅស្រុកប៉ាឡេស្ទែន គឺជាស្រុកដែលទ្រង់មានព្រះបន្ទូលសន្យាដល់អ័ប្រាហាំជាបុព្វបុរសរបស់ពួកគេ។
នៅក្នុងស្រុកប៉ាឡេស្ទែន ក្រោយមកព្រះបានអនុញ្ញាតឲ្យមានស្តេចគ្រប់គ្រងលើប្រជារាស្ត្រអ៊ីស្រាអែល។ ពេលនោះ ព្រះក៏មានអាណាចក្រមួយនៅលើផែនដីនេះ។
ស្តេចទីពីររបស់សាសន៍អ៊ីស្រាអែលគឺជាស្តេចដាវីឌ ដែលជាបច្ឆាជនរបស់យូដា។ ស្តេចដាវីឌបានបង្ក្រាបអស់ទាំងសត្រូវរបស់សាសន៍អ៊ីស្រាអែល ហើយទ្រង់ធ្វើទីក្រុងយេរូសាឡិមជាក្រុងរាជធានីនៃសាសន៍នោះ។
ព្រឹត្ដិការណ៍នៅក្នុងជំនាន់ស្តេចដាវីឌ បានបង្ហាញឪយឃើញថា នៅពេលដែលព្រះយេហូវ៉ាគាំទ្រស្តេចណាមួយ គឺគ្មានមេគ្រប់គ្រងនៅលើផែនដីណាមួយអាចបង្ក្រាបស្តេចនោះឡើយ។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ពូជសន្យានឹងកើតមកពីកូនចៅមួយរបស់ស្តេចដាវីឌ។—របាក្សត្រទី១ ១៧:៧, ១១, ១៤
សាឡូម៉ូនជាបុត្ររបស់ស្តេចដាវីឌ ទ្រង់បានឡើងសោយរាជ្យក្រោយពីស្តេចដាវីឌ។ ទ្រង់ប្រកបទៅដោយប្រាជ្ញា ហើយធ្វើឲ្យសាសន៍អ៊ីស្រាអែលចម្រើនឡើង នៅក្រោមការគ្រប់គ្រងរាជ្យរបស់ទ្រង់។
សាឡូម៉ូនបានកសាងព្រះវិហារដ៏វិសេសវិសាលមួយ នៅក្នុងក្រុងយេរូសាឡិមចំពោះព្រះយេហូវ៉ា។ ស្ថានភាពនៅប្រទេសអ៊ីស្រាអែល ក្រោមការគ្រប់គ្រងរាជ្យរបស់ស្តេចសាឡូម៉ូន បានបង្ហាញយើងឲ្យឃើញនូវប្រសិទ្ធពរខ្លះ ដែលព្រះរាជាណាចក្រព្រះនៅអនាគតនឹងផ្ដល់ឲ្យមនុស្សជាតិ។—ពង្សាវតារក្សត្រទី១ ៤:២៤, ២៥
ទោះជាយ៉ាងណាក៏ដោយ ស្តេចជាច្រើនទៀតដែលឡើងគ្រងរាជ្យក្រោយស្តេចសាឡូម៉ូន មិនស្មោះត្រង់ចំពោះព្រះទេ។
ប៉ុន្តែនៅក្នុងកាលដែលពួកកូនចៅដាវីឌ នៅគ្រប់គ្រងរាជ្យក្នុងក្រុងយេរូសាឡិមនៅឡើយនោះ ព្រះយេហូវ៉ាបានប្រើហោរារបស់ទ្រង់ម្នាក់ឈ្មោះអេសាយឲ្យទាយប្រាប់ពីដំណើរអនាគតរបស់ព្រះរាជបុត្រនៃស្តេចដាវីឌដែលនឹងគ្រប់គ្រងដោយសេចក្ដីស្មោះត្រង់លើផែនដីទាំងមូល។ នេះហើយជាពូជដែលបានសន្យាមកនោះ។—អេសាយ ៩:៦, ៧
ហោរាអេសាយបានទាយទុកជាមុនថា ការគ្រប់គ្រងរាជ្យរបស់ទ្រង់នឹងប្រកបទៅដោយភាពរុងរឿងលើសជាងការគ្រប់គ្រងរាជ្យរបស់ស្តេចសាឡូម៉ូនទៅទៀត។—អេសាយ ជំពូក១១និងជំពូក៦៥
ពេលនេះ ជាងពីពេលមុនទៅទៀត អ្នកបំរើរបស់ព្រះយេហូវ៉ាកាន់តែងឿងឆ្ងល់ខ្លាំងឡើងថា តើពូជនេះជាអ្នកណាទៅ។
មុនពេលដែលពូជនេះត្រូវបានមក ស្តេចទាំងអស់នៅស្រុកអ៊ីស្រាអែលបានប្រែទៅជាកំណាច ទាល់តែព្រះយេហូវ៉ាអនុញ្ញាតឲ្យសាសន៍បាប៊ីឡូនច្បាំងបង្ក្រាបសាសន៍អ៊ីស្រាអែលក្នុងឆ្នាំ៦០៧ មុនសករាជយើង (ម.ស.យ.) ហើយប្រជាជនស្ទើរតែទាំងអស់ត្រូវនិរទេសទៅស្រុកបាប៊ីឡូន។ ប៉ុន្តែព្រះទ្រង់មិនបានភ្លេចសេចក្ដីសន្យារបស់ទ្រង់ឡើយ។ ពូជនោះនឹងនៅតែលេចឡើងមកក្នុងតំណវង្សរបស់ស្តេចដាវីឌ។—អេសេគាល ២១:២៥-២៧
ព្រឹត្ដិការណ៍អ្វីៗដែលកើតឡើងដល់ជនជាតិអ៊ីស្រាអែល បង្ហាញឲ្យឃើញថា ថ្វីបើស្តេចមនុស្សប្រកបដោយគតិបណ្ឌិតនិងសេចក្ដីស្មោះត្រង់ អាចផ្ដល់មកផលប្រយោជន៍បានក៏ដោយ តែផលប្រយោជន៍ទាំងនោះសុទ្ធតែមានកម្រិតទេ។ មនុស្សដែលស្មោះត្រង់ទាំងឡាយត្រូវស្លាប់ទៅហើយ និងអ្នកដែលស្នងបន្តប្រហែលជាមិនមានសេចក្ដីស្មោះត្រង់ដូចគ្នាទេ។ ផ្លូវដោះស្រាយរឿងទាំងនេះគឺជាអ្វីទៅ? គឺជាពូជសន្យា។
តាមយថាហេតុនេះ រាប់ពាន់ឆ្នាំក្រោយមក ពូជនោះត្រូវបានលេចចេញមក។ តើអ្នកណាមួយជាពូជនេះ?
ទេវតាមួយអង្គដែលមកពីព្រះ បានផ្ដល់ចម្លើយនេះទៅស្រីក្រមុំជាតិអ៊ីស្រាអែលម្នាក់ដែលមិនទាន់រៀបការនៅឡើយ ឈ្មោះម៉ារា។ ទេវតាបានប្រាប់នាងថា នាងនឹងប្រសូតបានបុត្រមួយ ដែលនាងត្រូវថ្វាយព្រះនាមថាយេស៊ូវ។ នេះជាសេចក្ដីដែលទេវតាបានមានប្រសាសន៍មកថា៖
«បុត្រនោះនឹងបានជាធំឧត្តម ហើយគេនឹងហៅទ្រង់ ជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងប្រទានរាជ្យនៃហ្លួងដាវីឌ ជាឰយុកោទ្រង់ថ្វាយទ្រង់សោយ»។—លូកា ១:៣២, ៣៣
ដូច្នេះព្រះយេស៊ូវនេះហើយ ដែលជាពូជសន្យា ហើយនៅទីបំផុតទ្រង់នឹងទៅជាស្តេចគ្រងរាជាណាចក្ររបស់ព្រះ។ ប៉ុន្តែហេតុអ្វីក៏ព្រះយេស៊ូវមានលក្ខណៈភាពខុសពីបុព្វបុរសទាំងឡាយ ដែលស្មោះត្រង់ហើយមានជីវិតរស់នៅពីមុនមកយ៉ាងដូច្នេះ?
ព្រះយេស៊ូវត្រូវបានប្រសូតមកដោយអព្ភូតហេតុ។ មាតារបស់ទ្រង់ជាស្ត្រីក្រមុំបរិសុទ្ធ ហើយទ្រង់ក៏មិនដែលមានឪពុកជាមនុស្សទេ។ កាលពីមុនមកព្រះយេស៊ូវរស់នៅក្នុងស្ថានសួគ៌ ហើយវិញ្ញាណបរិសុទ្ធរបស់ព្រះ ឬសកម្មពលរបស់ព្រះ បានផ្លាស់ព្រះជន្មរបស់ព្រះយេស៊ូវពីស្ថានសួគ៌ មកនៅក្នុងស្បូនរបស់នាងម៉ារា។ ដូច្នេះហើយ ទ្រង់មិនបានទទួលជាមរដកនូវអំពើបាបរបស់អ័ដាមនោះឡើយ។ ក្នុងព្រះជន្មរស់នៅរបស់ទ្រង់ ព្រះយេស៊ូវមិនបានធ្វើបាបអ្វីឡើយ។—ពេត្រុសទី១ ២:២២
កាលដែលទ្រង់មានព្រះជន្មាយុ៣០ឆ្នាំ ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជទឹក។
ទ្រង់បានប្រកាសដល់បណ្ដាជនទាំងអស់អំពីរាជាណាចក្ររបស់ព្រះ ហើយក្រោយមកទ្រង់បានបញ្ជាក់បង្ហាញថា អង្គទ្រង់ជាស្តេចនៃព្រះរាជាណាចក្រនោះ។—ម៉ាថាយ ៤:២៣; ២១:៤-១១
ទ្រង់ក៏បានបង្កើតឲ្យមានឡើងនូវអព្ភូតហេតុជាច្រើន។
ទ្រង់បានប្រោសមនុស្សមានជម្ងឺឲ្យបានជា។—ម៉ាថាយ ៩:៣៥
ទ្រង់បានសម្ដែងអព្ភូតហេតុដោយផ្ដល់ចំណីអាហារដល់អ្នកស្រេកឃ្លាន។—ម៉ាថាយ ១៤:១៤-២២
ទ្រង់ថែមទាំងបានប្រោសមនុស្សស្លាប់ឲ្យមានជីវិតរស់ឡើងវិញផង។—យ៉ូហាន ១១:៣៨-៤៤
អព្ភូតហេតុទាំងអស់នេះសម្ដែងនូវអ្វីៗដែលទ្រង់នឹងត្រូវធ្វើសម្រាប់មនុស្សលោក ក្នុងនាមជាស្តេចនៃរាជាណាចក្ររបស់ព្រះ។
តើលោកអ្នកនៅចាំទេ នូវរបៀបដែលស្តេចដាវីឌបានធ្វើក្រុងយេរូសាឡិម ជារាជធានីនៃរាជាណាចក្ររបស់ទ្រង់? ព្រះយេស៊ូវមានព្រះបន្ទូលពន្យល់ថា រាជាណាចក្រព្រះនឹងមិនកើតមានឡើងនៅលើផែនដីទេ ប៉ុន្តែនៅក្នុងស្ថានសួគ៌វិញ។ (យ៉ូហាន ១៨:៣៦) ហេតុដូច្នេះហើយ រាជាណាចក្រព្រះត្រូវបានហៅថា «ក្រុងយេរូសាឡិមនៃស្ថានសួគ៌»។—ហេព្រើរ ១២:២២, ២៨
ព្រះយេស៊ូវបានផ្ដល់មកនូវក្រិត្យវិន័យជាច្រើន ដល់អស់អ្នកណាដែលនឹងធ្វើជាអនុរាស្ត្ររបស់ព្រះរាជាណាចក្រនោះ ត្រូវតែគោរពតាម។ សព្វថ្ងៃនេះ ក្រិត្យវិន័យទាំងនេះ បានចែងទុកនៅក្នុងព្រះគម្ពីរ។ ក្រិត្យវិន័យដែលសំខាន់ជាងគេបង្អស់ គឺថាមនុស្សត្រូវស្រឡាញ់ព្រះ និងត្រូវស្រឡាញ់គ្នាទៅវិញទៅមកផង។—ម៉ាថាយ ២២:៣៧-៣៩
ព្រះយេស៊ូវក៏បានធ្វើប្រកាសនាថា ទ្រង់មិនមែនឡើងគ្រងរាជ្យនៅក្នុងព្រះរាជាណាចក្រនោះតែមួយអង្គទ្រង់ប៉ុណ្ណោះឡើយ។ គឺនឹងមានមនុស្សមួយចំនួនដែលត្រូវបានជ្រើសរើសយកទៅស្ថានសួគ៌ ហើយនឹងបានគ្រប់គ្រងរាជ្យជាមួយនឹងទ្រង់នៅទីនោះ។ (លូកា ១២:៣២; យ៉ូហាន ១៤:៣) តើអ្នកនោះមានចំនួនប៉ុន្មាននាក់ទៅ? វិវរណៈ ១៤:១ ឆ្លើយថា៖ ១៤៤.០០០នាក់។
ប្រសិនបើមានតែ១៤៤.០០០នាក់ ដែលអាចចូលស្ថានសួគ៌ទៅគ្រប់គ្រងរាជ្យជាមួយនឹងព្រះយេស៊ូវនោះ តើមនុស្សឯទៀតអាចសង្ឃឹមទៅលើអ្វីទៅ?
ព្រះគម្ពីរបានចែងមកថា៖«ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។—ទំនុកដំកើង ៣៧:២៩
អស់អ្នកដែលនឹងមានជីវិតរស់នៅលើផែនដីអស់កល្បជានិច្ចនោះត្រូវបានហៅថា «ចៀមឯទៀត»។—យ៉ូហាន ១០:១៦
ដូច្នេះសេចក្ដីសង្ឃឹមមានពីរយ៉ាង។ គឺមានចំនួន១៤៤.០០០នាក់ត្រូវបានព្រះយេហូវ៉ាទទួលយកទៅស្ថានសួគ៌ ដើម្បីគ្រងរាជ្យជាមួយនឹងព្រះយេស៊ូវគ្រីស្ទ។ ប៉ុន្តែមនុស្សរាប់លាននាក់ទៀតមានសេចក្ដីសង្ឃឹមដ៏ពិតនឹងរស់នៅលើផែនដីអស់កល្បជានិច្ច ជាអនុរាស្ត្ររបស់ព្រះរាជាណាចក្ររបស់ទ្រង់។—វិវរណៈ ៥:១០
អារក្សសាតាំងស្អប់ព្រះយេស៊ូវណាស់ ហើយវាប្រឆាំងនឹងទ្រង់ដែរ។ ក្រោយពីព្រះយេបានដើរផ្សាយអស់រយៈពេលបីឆ្នាំកន្លះមក សាតាំងបានបណ្ដាលឲ្យគេចាប់ទ្រង់យកទៅធ្វើគុត ដោយដំទ្រង់នៅលើបង្គោលឈើមួយ។ ហេតុអ្វីបានជាព្រះ អនុញ្ញាតឲ្យការនេះកើតឡើង?
សូមចងចាំថា ដោយសារតែយើងជាកូនចៅរបស់អ័ដាម យើងទាំងអស់គ្នាមានអំពើបាប ហើយសមនឹងទទួលសេចក្ដីស្លាប់។—រ៉ូម ៦:២៣
សូមចងចាំដែរថា ដោយសារដំណើរការដ៏មហស្ចារ្យដែលព្រះយេស៊ូវបានប្រសូតមក ទ្រង់ប្រកបទៅដោយភាពល្អឥតខ្ចោះ ហើយមិនសមនឹងទទួលមរណភាពឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ព្រះទ្រង់អនុញ្ញាតឲ្យសាតាំង ‹ចឹកកែងជើងព្រះ យេស៊ូវ› ដើម្បីធ្វើគុតទ្រង់។ ប៉ុន្តែព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញជាសត្តនិករវិញ្ញាណដែលមិនចេះស្លាប់។ ដោយព្រោះទ្រង់នៅមានសិទ្ធិនឹងព្រះជន្មមនុស្សល្អឥតខ្ចោះ ឥឡូវនេះទ្រង់អាចប្រើព្រះជន្មនោះ ដើម្បីទិញលោះមនុស្សឲ្យផុតពីអំពើបាបវិញបាន។—លោកុប្បត្តិ ៣:១៥; រ៉ូម ៥:១២, ២១; ម៉ាថាយ ២០:២៨
ដើម្បីជួយយើងឲ្យយល់បានច្បាស់លាស់នូវអត្ថន័យនៃយញ្ញបូជារបស់ព្រះយេស៊ូវ ព្រះគម្ពីរសម្ដែងអំពីសេចក្ដីទាំងនេះតាមរបៀបមួយហៅថាគំនូរទំនាយ។
ឧទាហរណ៍ តើលោកអ្នកនៅចាំបានទេ កាលដែលព្រះយេហូវ៉ាមានបន្ទូលទៅកាន់អ័ប្រាហាំ ឲ្យយកកូនប្រុសរបស់លោកទៅបូជា ជាការល្បងលមើលនៃសេចក្ដីស្រឡាញ់របស់លោកនោះ?
នេះហើយជាគំនូរទំនាយដែលស្តីពីយញ្ញបូជារបស់ព្រះយេស៊ូវ។ ការនេះបង្ហាញថាសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាចំពោះមនុស្សលោក មានសភាពខ្លាំងក្រៃលែង ដែលបណ្ដាលឲ្យទ្រង់ប្រទានព្រះរាជបុត្រតែមួយរបស់ទ្រង់គឺព្រះយេស៊ូវ ឲ្យមកទទួលមរណភាពសម្រាប់យើងរាល់គ្នាដើម្បីឲ្យយើងអាចទទួលយកជីវិតបាន។—យ៉ូហាន ៣:១៦
តើលោកអ្នកនៅចាំបានទេ ពីរបៀបដែលព្រះយេហូវ៉ាបានជួយសង្គ្រោះដល់ពួកអ៊ីស្រាអែលឲ្យចាកចេញពីស្រុកអេស៊ីព្ទ ហើយក៏បានជួយសង្គ្រោះកូនច្បងរបស់ពួកគេ ដោយមានទេវតាពិឃាតរំលងផុតពួកគេនោះ?—និក្ខមនំ ១២:១២, ១៣
នេះហើយជាគំនូរទំនាយ។ ដូចជាឈាមរបស់កូនចៀមអាចជួយសង្គ្រោះជីវិតពួកកូនច្បងរបស់អ៊ីស្រាអែលយ៉ាងណា ការបង្ហូរព្រះលោហិតរបស់យេស៊ូវក៏អាចជួយសង្គ្រោះជីវិតអស់អ្នកណាដែលជឿទ្រង់ដែរ។ ហើយដូចជាព្រឹត្ដិការណ៍ដែលកើតឡើងនៅវេលារាត្រីនោះ បណ្ដាលឲ្យមានសេរីភាពដល់ពួកអ៊ីស្រាអែលយ៉ាងណា មរណភាពរបស់ព្រះយេស៊ូវ ក៏បណ្ដាលឲ្យមានសេរីភាពដល់មនុស្សលោកពីអំពើបាបនិងសេចក្ដីស្លាប់យ៉ាងនោះដែរ។
ហេតុដូច្នេះហើយបានជាព្រះយេស៊ូវត្រូវបានហៅថា «កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក»។—យ៉ូហាន ១:២៩
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងកាលដែលព្រះយេស៊ូវទ្រង់គង់នៅលើផែនដីនេះនៅឡើយ ទ្រង់ក៏បានប្រមូលពួកសិស្ស ព្រមទាំងបង្ហាត់ពួកគេឲ្យចេះផ្សាយដំណឹងល្អអំពីព្រះ រាជាណាចក្រ ហើយពួកគេក៏ផ្សាយបន្តទៅទៀត ទោះបីក្រោយពីទ្រង់បានទទួលមរណភាពដែរ។—ម៉ាថាយ ១០:៥; លូកា ១០:១
ពួកនេះហើយជាពួកមនុស្សដំបូង ដែលព្រះបានជ្រើសរើសឲ្យគ្រងរាជ្យជាមួយព្រះយេស៊ូវនៅក្នុងអាណាចក្ររបស់ទ្រង់។—លូកា ១២:៣២
តើលោកអ្នកនៅចាំបានទេ ពីសេចក្ដីសន្យារបស់ព្រះចំពោះពួកយូដាថា បើគេគោរពកាន់តាមក្រិត្យវិន័យរបស់ទ្រង់ ពួកគេនឹងបានជា «នគរ. . .ដែលសុទ្ធតែជាសង្ឃ»? នៅពេលនោះពួកគេមានឱកាសអាចចូលរួមចំណែកក្នុងព្រះរាជាណាចក្ររបស់ព្រះ ហើយក៏អាចបំរើជាសង្ឃនៅស្ថានសួគ៌ បើសិនជាគេទទួលយកព្រះយេស៊ូវ។ ប៉ុន្តែពួកគេភាគច្រើនបានបដិសេធមិនទទួលយកព្រះយេស៊ូវទេ។
ដូច្នេះចាប់តាំងពីពេលនោះមក ពួកយូដាលែងបានធ្វើជាសាសន៍ជ្រើសរើសរបស់ព្រះទៀតហើយ។ ឯស្រុកប៉ាឡេស្ទែនក៏លែងបានជាស្រុកដែលព្រះបានសន្យាឲ្យនោះទៀតដែរ។—ម៉ាថាយ ២១:៤៣; ២៣:៣៧, ៣៨
ចាប់តាំងពីសម័យព្រះយេស៊ូវមកដល់សម័យបច្ចុប្បន្នយើងនេះ ព្រះយេហូវ៉ាបានប្រមូលជ្រើសរើសអស់អ្នកទាំងនេះ ដែលនឹងឡើងទៅគ្រងរាជ្យនៅស្ថានសួគ៌ជាមួយនឹងព្រះយេស៊ូវ។ សព្វថ្ងៃ ពួកទាំងនេះនៅមានចំនួនរាប់ពាន់នាក់ដែលនៅរស់លើផែនដីនៅឡើយ។ យើងហៅពួកគេថា អ្នកសំណល់ចាក់ប្រេងតាំង។—វិវរណៈ ១២:១៧
ឥឡូវនេះ លោកអ្នកទើបនឹងយល់អំពីរាជាណាចក្ររបស់ព្រះ ដែលមានសណ្ឋានយ៉ាងណាហើយ។ គឺជារដ្ឋាភិបាលមួយនៅលើស្ថានសួគ៌ ស្តេចរដ្ឋាភិបាលនោះគឺព្រះយេស៊ូវគ្រីស្ទ ហើយមានមនុស្សចំនួន១៤៤.០០០នាក់ជ្រើសរើសយកពីផែនដី ទៅចូលរួមជាមួយនឹងព្រះយេស៊ូវ។ រដ្ឋាភិបាលនេះនឹងគ្រប់គ្រងលើមនុស្សជាតិដែលស្មោះត្រង់នៅលើផែនដីហើយនឹងមានអំណាចចេស្ដា ដែលអាចផ្ដល់សេចក្ដីសុខសាន្តមកលើផែនដីបានដែរ។
បន្ទាប់ពីទ្រង់បានទទួលមរណភាព ព្រះយេស៊ូវត្រូវបានធ្វើឲ្យមានព្រះជន្មរស់ឡើងវិញ ហើយត្រូវបានយាងត្រឡប់ទៅឯស្ថានសួគ៌វិញ។ នៅទីនោះ ទ្រង់បានរង់ចាំបន្ទូលរបស់ព្រះ ដែលនឹងតម្រូវពេលវេលាឲ្យទ្រង់ចាប់ផ្ដើមឡើងសោយរាជ្យជាស្តេចរបស់រាជាណាចក្រនៃព្រះ។ (ទំនុកដំកើង ១១០:១) តើកាលណាទៅការទាំងនេះទើបត្រូវមកដល់?
នៅពេលខ្លះព្រះយេហូវ៉ាបានបញ្ជូនសុបិនឲ្យមនុស្ស ដើម្បីនឹងប្រាប់គេឲ្យបានដឹងនូវទិដ្ឋភាពអំពីព្រះរាជាណាចក្ររបស់ទ្រង់។
នៅក្នុងសម័យរបស់ដានីយ៉ែល ព្រះយេហូវ៉ាបានបញ្ជូនសុបិនមួយនេះទៅដល់ស្តេចនេប៊ូក្នេសា ជាស្តេចនៃស្រុកបាប៊ីឡូន។ សុបិននេះស្តីពីដើមឈើមួយដ៏ធំ។—ដានីយ៉ែល ៤:១០-៣៧
ដើមឈើនោះត្រូវបានកាប់ផ្ដួលចោល ហើយគល់វាមានវ័ណ្ឌព័ទ្ធជុំវិញអស់រយៈ៧ឆ្នាំ។
ដើមឈើនោះតំណាងស្តេចនេប៊ូក្នេសា។ ដោយគល់ដើមឈើនោះមានវ័ណ្ឌព័ទ្ធជុំវិញអស់រយៈ៧ឆ្នាំ ស្តេចនេប៊ូក្នេសាក៏បានបាត់បង់សតិមនុស្សដ៏ត្រឹមត្រូវរបស់ទ្រង់ អស់រយៈ៧ឆ្នាំដែរ។ ទើបក្រោយមក សតិមនុស្សដ៏ត្រឹមត្រូវរបស់ទ្រង់ ត្រូវបានប្រែត្រឡប់មកដូចដើមវិញ។
សេចក្ដីទាំងអស់នេះហើយ ជាគំនូរទំនាយ។ ស្តេចនេប៊ូក្នេសាតំណាងការគ្រប់គ្រងរបស់ព្រះយេហូវ៉ាលើពិភពលោកទាំងមូល។ ជាលើកដំបូង ការគ្រប់គ្រងនេះត្រូវបានអនុវត្តឡើង ដោយពួកកូនចៅស្តេចដាវីឌនៅក្រុងយេរូសាឡិម។ ក្នុងកាលដែលបាប៊ីឡូនបានបង្ក្រាបក្រុងយេរូសាឡិម ក្នុងឆ្នាំ៦០៧មុនសករាជយើង (ម.ស.យ) នៅពេលនោះ តំណវង្សស្តេចត្រូវបានផ្អាកមួយរយៈសិន។ គឺនឹងមិនមានស្តេចឯណាទៀតនៅក្នុងតំណវង្សរបស់ស្តេចដាវីឌទៀតឡើយ «ដរាបដល់អ្នកនោះកើតឡើង ដែលមានច្បាប់ទទួល»។ (អេសេគាល ២១:២៧) អ្នកនោះគឺជាព្រះយេស៊ូវគ្រីស្ទ។
ពីឆ្នាំ៦០៧ម.ស.យ. រហូតមកទាល់នឹងពេលដែលព្រះយេស៊ូវត្រូវឡើងសោយរាជ្យ តើនឹងមានរយៈពេលប៉ុន្មានឆ្នាំ? មានប្រាំពីរឆ្នាំ បើនិយាយខាងទំនាយ គឺស្មើនឹង ២.៥២០ឆ្នាំ។ (វិវរណៈ ១២:៦, ១៤) ហើយ២.៥២០ឆ្នាំ នេះគឺរាប់ពីឆ្នាំ៦០៧ ម.ស.យ. នាំយើងមកនៅឆ្នាំ១៩១៤ ស.យ.។
ដូច្នេះព្រះយេស៊ូវត្រូវបានចាប់ផ្ដើមឡើងសោយរាជ្យក្នុងស្ថានសួគ៌នៅក្នុងឆ្នាំ១៩១៤។ តើការទាំងអស់នោះត្រូវមានអត្ថន័យយ៉ាងណា?
ព្រះគម្ពីរបានប្រាប់យើងនូវអត្ថន័យ តាមចក្ខុនិមិត្តដែលសាវកយ៉ូហានបានឃើញ។
លោកបានឃើញស្ត្រីម្នាក់នៅក្នុងស្ថានសួគ៌ បានសម្រាលកូនមនុស្សប្រុសម្នាក់។—វិវរណៈ ១២:១-១២
ស្ត្រីនោះរូបតំណាងអង្គការសួគ៌ារបស់ព្រះ។ មានទេវតាបំរើរបស់ព្រះជាច្រើនចូលរួបរួមក្នុងអង្គការនោះនៅស្ថានសួគ៌។ កូនមនុស្សប្រុសនោះ រូបតំណាងរាជាណាចក្ររបស់ព្រះដែលបាន «ប្រសូត» មកនៅឆ្នាំ១៩១៤។
តើមានហេតុការណ៍អ្វីកើតឡើងបន្ទាប់មកទៀត? ដោយអង្គទ្រង់ជាស្តេច កិច្ចការដំបូងដែលព្រះយេស៊ូវត្រូវធ្វើ គឺត្រូវបោះទំលាក់សាតាំង ព្រមទាំងទេវតាដែលបះបោរជាមួយវាផង ឲ្យចេញពីស្ថានសួគ៌មកលើផែនដីនេះ។—វិវរណៈ ១២:៩
ព្រះគម្ពីរបានប្រាប់យើងពីលទ្ធផលថា៖ «ដោយហេតុនោះ ឱស្ថានសួគ៌ នឹងពួកអ្នកដែលនៅស្ថាននោះអើយ ចូរអរសប្បាយឡើង តែវេទនាដល់ផែនដី នឹងសមុទ្រវិញ ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្ដីឃោរឃៅជាខ្លាំង ដោយវាដឹងថាពេលវេលាវាខ្លីណាស់ហើយ»។—វិវរណៈ ១២:១២
ដូច្នេះនៅពេលដែលព្រះយេស៊ូវចាប់ផ្ដើមគ្រងរាជ្យនៅលើស្ថានសួគ៌នោះ សត្រូវរបស់ទ្រង់ក៏ធ្វើឲ្យមានសកម្មភាពច្រើនណាស់ដែរនៅផែនដី។ ដូចជាព្រះគម្ពីរបានទាយមកថា ទ្រង់នឹងគ្រងរាជ្យនៅកណ្ដាលអស់ខ្មាំងសត្រូវរបស់ទ្រង់។—ទំនុកដំកើង ១១០:១, ២
តើព្រឹត្ដិការណ៍ទាំងអស់នេះ មានលទ្ធផលយ៉ាងណាចំពោះមនុស្សលោក?
ព្រះយេស៊ូវបានមានបន្ទូលប្រាប់យើងថា៖ នឹងមានសង្គ្រាម ការខ្វះខាតម្ហូបអាហារ ជម្ងឺអាសន្នរោគនិងកក្រើកដី។—ម៉ាថាយ ២៤:៧, ៨; លូកា ២១:១០, ១១
យើងបានសង្កេតឃើញព្រឹត្ដិការណ៍ទាំងនេះកើតឡើងតាំងតែពីឆ្នាំ១៩១៤ម្ល៉េះ ហើយនេះជាហេតុមួយទៀតដែលឲ្យយើងដឹងថារាជាណាចក្រព្រះបានចាប់ផ្ដើមឡើងគ្រងរាជ្យនៅក្នុងពេលនោះ។
ក៏នឹងមាន «សេចក្ដីលំបាកនៅគ្រប់ទាំងសាសន៍ នឹងសេចក្ដីទ័លគំនិត . . . មនុស្សនឹងស្រយុតចិត្តដោយភ័យ»។ (លូកា ២១:២៥, ២៦) យើងបានឃើញការទាំងនោះ តាំងពីឆ្នាំ១៩១៤ផងដែរ។
សាវកប៉ុលបានបន្ថែមសេចក្ដីទៀតថា មនុស្សនឹង «ស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ . . . មិនស្ដាប់បង្គាប់ឪពុកម្ដាយ . . . គ្មានសេចក្ដីអធ្យោគ និយាយបង្កាច់គេ មិនចេះទប់ចិត្ត»។—ធីម៉ូថេទី២ ៣:១-៥
ឥឡូវនេះលោកអ្នកអាចយល់ហើយ នូវហេតុផលដែលជីវិតនៅសព្វថ្ងៃនេះ មានសេចក្ដីវេទនាយ៉ាងដូច្នេះ។ សាតាំងវាសកម្មណាស់។ ប៉ុន្តែព្រះរាជាណាចក្រនៃព្រះក៏សកម្មណាស់ដែរ។
ក្នុងរយៈពេលឆាប់ៗក្រោយពីឆ្នាំ១៩១៤នោះមក អ្នកសំណល់នៃពួកអ្នកមានសេចក្ដីសង្ឃឹមនឹងគ្រងរាជ្យនៅស្ថានសួគ៌ជាមួយព្រះយេស៊ូវ បានចាប់ផ្ដើមផ្សាយដំណឹងល្អពីរាជាណាចក្រព្រះដែលបានស្ថាបនារួចហើយ។ ឥឡូវនេះ កិច្ចការនេះបានត្រូវផ្សព្វផ្សាយពាសពេញលើផែនដីទាំងមូល ដូចជាព្រះយេស៊ូវបានមានបន្ទូលមកអញ្ចឹង។—ម៉ាថាយ ២៤:១៤
តើគោលបំណងនៃកិច្ចការដើរផ្សាយនេះជាអ្វីទៅ?
ទីមួយ គឺផ្សាយប្រាប់មនុស្សទាំងអស់អំពីរាជាណាចក្ររបស់ព្រះ។
ទីពីរ គឺជួយមនុស្សទាំងអស់ឲ្យសម្រេចចិត្តថា តើគេប្រាថ្នាចង់ធ្វើជាអនុរាស្ត្រក្នុងព្រះរាជាណាចក្រនេះឬទេ។
ព្រះយេស៊ូវទ្រង់មានបន្ទូលថា នៅសម័យយើងមនុស្សជាតិទាំងអស់នឹងត្រូវញែកចេញពីគ្នា មួយទៅខាងពួកដូចចៀម ហើយមួយទៀតទៅខាងពួកដូចពពែ។—ម៉ាថាយ ២៥:៣១-៤៦
ពួក «ចៀម» ជាអស់អ្នកដែលស្រឡាញ់ទ្រង់និងបងប្អូនរបស់ទ្រង់។ ពួក «ពពែ» ជាអស់អ្នកដែលមិនស្រឡាញ់ទ្រង់ទេ។
ពួក «ចៀម»នឹងបានទទួលជីវិតដ៏នៅអស់កល្បជានិច្ច ឯពួក «ពពែ»វិញ ឥតបានទទួលទេ។
កិច្ចការញែកចេញនេះបានត្រូវសម្រេច តាមការផ្សាយដំណឹងល្អពីព្រះរាជាណាចក្រ។
នេះគឺជាទំនាយដែលបានទាយមក ដោយហោរាអេសាយ។
«នៅជាន់ក្រោយបង្អស់ នោះភ្នំ ជាទីស្អាងព្រះវិហារនៃព្រះយេហូវ៉ា នឹងបានតាំងឡើងខ្ពស់លើសអស់ទាំងភ្នំធំៗ ហើយនឹងបានដំកើងឡើងជាប្រសើរជាងអស់ទាំងភ្នំតូចៗដែរ អស់ទាំងសាសន៍នឹងចូលហូរហែទៅក្នុងទីនោះ»។—អេសាយ ២:២
មនុស្សលោកឥឡូវនេះ កំពុងជួបប្រទះសម័យ «នៅជាន់ក្រោយបង្អស់»។
«ទីស្អាងព្រះវិហារ» នៃព្រះយេហូវ៉ាដែលជាទីថ្វាយបង្គំ ត្រូវបាន «ដំកើងឡើង» ប្រសើរជាងអស់ទាំងសាសនាមិនពិត។
«ឯប្រជាជាតិជាច្រើន គេនឹងទៅដោយពោលថា៖ ‹ចូរយើងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា ដល់ព្រះវិហារនៃព្រះរបស់ពួកយ៉ាកុបចុះ ទ្រង់នឹងបង្រៀនយើងពីផ្លូវរបស់ទ្រង់ នោះយើងនឹងដើរតាមផ្លូវទាំងនោះ› »។—អេសាយ ២:៣
ដូច្នេះប្រជាជនជាច្រើនដែលមកពីអស់ទាំងសាសន៍ នឹងចូលទៅថ្វាយបង្គំព្រះយេហូវ៉ា ហើយគេអញ្ជើញអ្នកដទៃទៀតឲ្យចូលរួមជាមួយពួកគេដែរ។ គេរៀនអំពីរបៀបដែលគេត្រូវប្រព្រឹត្តតាមព្រះហឫទ័យនៃព្រះយេហូវ៉ា។
«នោះគេនឹងយកដាវរបស់ខ្លួនដំធ្វើជាផាលនង្គ័ល ហើយលំពែងគេធ្វើជាដង្កាវវិញ នគរ១នឹងមិនលើកដាវទាស់នឹងនគរ១ទៀតឡើយ ក៏មិនហាត់រៀនធ្វើសឹកសង្គ្រាមទៀតដែរ»។—អេសាយ ២:៤
អស់អ្នកណាដែលថ្វាយបង្គំព្រះយេហូវ៉ា នោះប្រកបទៅដោយសាមគ្គីភាពនិងសន្ដិភាពដែរ។
ជាលទ្ធផលនៃសកម្មភាពរបស់ព្រះរាជាណាចក្រនេះ ឥឡូវមានចំនួនប្រជាជនជាច្រើនលាននាក់ហើយនៅជុំវិញពិភពលោកនេះ ដែលជាអនុរាស្ត្រនៃព្រះរាជាណាចក្រ។
ពួកគេប្រមូលផ្ដុំគ្នានៅជុំវិញពួកអ្នកសំណល់ ជាជននៅសល់ដែលសង្ឃឹមនឹងទៅនៅស្ថានសួគ៌ហើយនឹងគ្រងរាជ្យជាមួយព្រះគ្រីស្ទ។
ពួកគេទទួលម្ហូបអាហារខាងវិញ្ញាណ ពីអង្គការរបស់ព្រះ។—ម៉ាថាយ ២៤:៤៥-៤៧
ពួកគេជាភាតរភាពនៃគ្រីស្ទានអន្តរជាតិ ដែលសម្ដែងសេចក្ដីស្រឡាញ់យ៉ាងស្មោះស្ម័គ្រចំពោះគ្នាទៅវិញទៅមក។—យ៉ូហាន ១៣:៣៥
ពួកគេសប្បាយរីករាយនឹងភាពសុខសាន្តក្នុងសតិ ហើយសេចក្ដីសង្ឃឹមសម្រាប់អនាគត។—ភីលីព ៤:៧
មិនយូរប៉ុន្មានទៀតទេ ដំណឹងល្អនឹងត្រូវប្រកាសដល់ទីបញ្ចប់។ ឯ «ចៀម»នឹងត្រូវបានប្រមូលមកទាំងអស់។ នៅពេលកំណត់នោះ តើព្រះរាជាណាចក្រនឹងត្រូវធ្វើអ្វីទៀត?
តើលោកអ្នកនៅចាំបានទេថា ស្តេចដាវីឌដ៏ស្មោះត្រង់បានបង្ក្រាបអស់ទាំងខ្មាំងសត្រូវរបស់ប្រជាជននៃព្រះ? ពិតប្រាកដណាស់ ព្រះ យេស៊ូវដ៏ជាស្តេច ទ្រង់នឹងធ្វើដូច្នោះដែរ។
នៅពេលមួយ ស្តេចនេប៊ូក្នេសាបានយល់សុបិនឃើញរូបចម្លាក់ដ៏ធំសម្បើមមួយ ដែលជាតំណាងចក្រភពទាំងឡាយនៅពិភពលោក ផ្ដើមឡើងពីសម័យរបស់ទ្រង់ ដរាបមកដល់បច្ចុប្បន្នយើងនេះ។
បន្ទាប់មក ទ្រង់បានទតឃើញថ្មមួយដុំបានធ្លាក់ចុះពីកំពូលភ្នំមក ហើយកំទេចរូបចម្លាក់នោះឲ្យបាក់បែកខ្ទេចខ្ទីទៅ។ ដុំថ្មនោះតំណាងរាជាណាចក្រនៃព្រះ។
នេះគឺជារឿងស្តីអំពីការបំផ្លាញប្រព័ន្ធនៃរបស់ដ៏អាក្រក់ទាំងអស់ក្នុងបច្ចុប្បន្ននេះ។—ដានីយ៉ែល ២:៤៤
នេះគឺជារបស់ខ្លះ ដែលព្រះរាជាណាចក្រនឹងត្រូវបណ្ដួលចោល។
សាសនាក្លែងបន្លំនឹងត្រូវបាត់ទៅ ដូចជាថ្មត្បាល់កិនយ៉ាងធំបោះទំលាក់ទៅក្នុងសមុទ្រយ៉ាងដូច្នោះដែរ។—វិវរណៈ ១៨:២១
ហេតុដូច្នេះហើយ បានជាអស់អ្នកដែលស្រឡាញ់ព្រះយេហូវ៉ា ត្រូវបានលើកទឹកចិត្តជំរុញឲ្យចាកចេញពីសាសនាក្លែងបន្លំក្នុងពេលឥឡូវនេះ។—វិវរណៈ ១៨:៤
ក្រោយមកទៀត ព្រះយេស៊ូវដ៏ជាស្តេច ទ្រង់នឹង «កាប់អស់ទាំងសាសន៍ . . . ហើយទ្រង់នឹងឃ្វាលគេ ដោយដំបងដែក»។—វិវរណៈ ១៩:១៥
ដោយហេតុនេះ ពួកស្មរបន្ទាល់ព្រះយេហូវ៉ា ទោះបីជាគេបង់ពន្ធរបស់គេ ហើយនិងកាន់តាមបញ្ញត្តរបស់ម្ចាស់ទឹកដីក៏ដោយ ក៏គេពុំធ្វើឲ្យជាប់ទាក់ទងនឹងរឿងនយោបាយឡើយ។
នៅទីបំផុត សាតាំងខ្លួនវា ដែលជា «នាគ»ដ៏ធំត្រូវបានបោះទំលាក់ចោលទៅក្នុងជង្ហុកធំ។—វិវរណៈ ២០:២, ៣
លើកលែងតែពួក «ចៀម» ប៉ុណ្ណោះ គឺជាពួកអ្នកដែលចុះចូលចំពោះព្រះយេស៊ូវដ៏ជាស្តេច នឹងបាននៅរស់រួចពីសេចក្ដីទុក្ខវេទនានេះ។—ម៉ាថាយ ២៥:៣១-៣៤, ៤១, ៤៦
សាវកយ៉ូហានបានឃើញនូវចក្ខុនិមិត្តនៃហ្វូង «ចៀម» ដែលរស់នៅផុតពីសេចក្ដីទុក្ខវេទនានោះ។
«ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារហើយគ្រប់ទាំងភាសា ក៏ឈរនៅមុខបល្ល័ង្ក នឹងកូនចៀមទាំងពាក់អាវសវែង ហើយកាន់ធាងចាកនៅដៃ»។—វិវរណៈ ៧:៩
«ហ្វូងយ៉ាងធំ»គឺជាមនុស្សទាំងឡាយដែលបានទទួលការផ្សាយអំពីដំណឹងល្អនេះ។
អ្នកទាំងនោះជាពួកអ្នកដែលបាន «ចេញពីគ្រាវេទនាយ៉ាងធំមក»។—វិវរណៈ ៧:១៤
«ធាងចាក» បង្ហាញឲ្យឃើញថាពួកគេអបអរសាទរ ទទួលស្វាគមន៍ព្រះយេស៊ូវដ៏ជាស្តេចរបស់ ពួកគេ។
ដែលគេស្លៀកពាក់«អាវសវែង» បញ្ជាក់ថា ពួកគេមានសេចក្ដីជំនឿលើយញ្ញបូជារបស់អង្គព្រះយេស៊ូវ។
«កូនចៀម»គឺជាព្រះយេស៊ូវគ្រីស្ទ។
តើនៅពេលនោះ មានប្រសិទ្ធពរអ្វីខ្លះដែលធ្វើឲ្យពួកគេមានចិត្តរីករាយ? តើអ្នកនៅចាំបានទេ ពីការសប្បាយរីករាយក្នុងប្រទេសអ៊ីស្រាអែល ក្នុងកាលដែលស្តេចសាឡូម៉ូនដ៏ស្មោះត្រង់កំពុងតែបានសោយរាជ្យនៅទីនោះ? ការនេះជាគំរូដ៏តូចមួយ ដែលតំណាងពីសេចក្ដីសប្បាយរីករាយដែលនឹងកើតឡើងនៅលើផែនដី ក្រោមការគ្រងរាជ្យរបស់ព្រះយេស៊ូវដ៏ជាស្តេច។
នឹងកើតមានសន្ដិភាពដ៏ពិតក្នុងចំណោមមនុស្សជាតិទាំងឡាយ ព្រមទាំងរវាងមនុស្សនិងសត្វផង គឺដូចហោរាអេសាយបានទាយទុកពីមុនមកនោះ។—ទំនុកដំកើង ៤៦:៩; អេសាយ ១១:៦-៩
ដូចជាព្រះយេស៊ូវបានប្រោសអ្នកមានជម្ងឺគ្រប់យ៉ាងឲ្យជា ក្នុងកាលដែលទ្រង់គង់នៅលើផែនដីនេះ ទ្រង់ក៏នឹងដកយកចេញអស់ទាំងជម្ងឺ ពីមនុស្សទាំងអស់យ៉ាងនោះដែរ។—អេសាយ ៣៣:២៤
ដូចជាទ្រង់បានប្រទានចំណីអាហារដល់ហ្វូងមនុស្សដ៏ធំនោះ ទ្រង់ក៏នឹងបំបាត់ចោលការអត់ឃ្លានចេញពីមនុស្សជាតិទាំងអស់យ៉ាងនោះដែរ។—ទំនុកដំកើង ៧២:១៦
ដូចជាទ្រង់បានប្រោសមនុស្សស្លាប់ឲ្យមានជីវិតរស់ឡើងវិញ ដូច្នេះទ្រង់ក៏នឹងប្រោសឲ្យមានជីវិតឡើងវិញ ដល់អស់អ្នកដែលបានស្លាប់ទៅហើយ ដែលពុំមានឱកាសពេញលេញក្នុងការបញ្ចុះបញ្ចូលខ្លួនគេចំពោះរាជាណាចក្រនៃព្រះ។—យ៉ូហាន ៥:២៨, ២៩
បន្ដិចម្ដងៗ ទ្រង់នឹងធ្វើឲ្យមនុស្សជាតិត្រឡប់ទៅកាន់ភាពល្អឥតខ្ចោះដូចដើមវិញ ដែលអ័ដាមបានធ្វើឲ្យបាត់បង់នោះ។
តើនោះមិនមែនជាអនាគតដ៏ល្អអស្ចារ្យទេឬ? តើលោកអ្នកចង់ឃើញអនាគតនេះទេ? ប្រសិនជាលោកអ្នកចូលចិត្ត ឥឡូវនេះសូមលោកអ្នកខំប្រឹងធ្វើការយ៉ាងណា ដើម្បីឲ្យលោកអ្នកអាចចុះចូលចំពោះរាជាណាចក្រនៃព្រះ ហើយនឹងអាចក្លាយទៅជា «ចៀម»មួយរូបផងដែរ។
សូមសិក្សាព្រះគម្ពីរ ហើយបានយល់ដឹងអំពីព្រះយេហូវ៉ាដ៏ជាព្រះនិងព្រះយេស៊ូវគ្រីស្ទ។—យ៉ូហាន ១៧:៣
សូមចូលរួបរួមជាមួយអ្នកឯទៀតដែលជាអនុរាស្ត្រនៃព្រះរាជាណាចក្រនេះដែរ។—ហេព្រើរ ១០:២៥
សូមរៀនពីច្បាប់នៃព្រះរាជាណាចក្រ ហើយនិងប្រព្រឹត្តតាមច្បាប់នោះ។—អេសាយ ២:៣, ៤
សូមថ្វាយជីវិតរបស់លោកអ្នកដើម្បីបំរើព្រះយេហូវ៉ា ហើយធ្វើបុណ្យជ្រមុជទឹក។—ម៉ាថាយ ២៨:១៩, ២០
សូមជៀសឲ្យផុតពីសេចក្ដីអាក្រក់ ដូចជាអំពើលួចប្លន់ សេចក្ដីកុហក អសិលធម៌ ហើយនិងការប្រមឹក ដែលព្រះយេហូវ៉ាមិនសព្វព្រះ ហឫទ័យចំពោះរឿងនោះឡើយ។—កូរិនថូសទី១ ៦:៩-១១
សូមចូលរួមក្នុងការផ្សាយបង្រៀនពីដំណឹងល្អនៃព្រះរាជាណាចក្រនេះ។—ម៉ាថាយ ២៤:១៤
បន្ទាប់មក ដោយមានជំនួយពីព្រះ លោកអ្នកនឹងឃើញទីមនោរមដែលអ័ដាមបានបាត់បង់សម្រាប់កូនចៅរបស់គាត់ ឲ្យត្រឡប់ជាមានដូចដើមវិញ ហើយលោកអ្នកនឹងឃើញសេចក្ដីសន្យានេះត្រូវបានសម្រេចដូច្នេះថា៖ «ខ្ញុំមានឮសំឡេង១យ៉ាងខ្លាំង ចេញពីស្ថានសួគ៌មកថា ‹មើល! រោងឧបោសថរបស់ព្រះ បាននៅជាមួយនឹងមនុស្សហើយ ទ្រង់នឹងគង់នៅជាមួយនឹងគេ គេនឹងធ្វើជារាស្ត្ររបស់ទ្រង់ ហើយព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេ ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្ដីមុនទាំងប៉ុន្មានបានកន្លងបាត់ទៅហើយ› »។—វិវរណៈ ២១:៣, ៤
[តារាងនៅទំព័រ២០]
(ដើម្បីមើលឃើញទាំងអស់ សូមមើលសៀវភៅ)
៦០៧ ម.ស.យ. ១៩១៤ ស.យ.
ម.ស.យ. ស.យ.
៥០០ ១.០០០ ១.៥០០ ២.០០០ ២.៥២០
[រូបភាពនៅទំព័រ១១]
អ័ប្រាហាំ
អ៊ីសាក
យ៉ាកុប
យូដា
ដាវីឌ
[រូបភាពនៅទំព័រ១៤]
១៤៤.០០០
[រូបភាពនៅទំព័រ១៦]
អ័ដាម
ព្រះយេស៊ូវ