សៀវភៅលូកា
២១ ពេលដែលលោកក្រឡេកភ្នែកទៅ លោកក៏ឃើញពួកអ្នកមានកំពុងដាក់អំណោយជាប្រាក់ ក្នុងប្រដាប់ដាក់កាក់សម្រាប់ឃ្លាំងប្រាក់។+ ២ រួចលោកឃើញស្ត្រីមេម៉ាយក្រីក្រម្នាក់ដាក់កាក់តូចពីរដែលមានតម្លៃតិចណាស់។*+ ៣ លោកក៏មានប្រសាសន៍ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ពិតមែនតែស្ត្រីមេម៉ាយនេះក្រីក្រ តែនាងបានដាក់ច្រើនជាងពួកគេទាំងអស់។+ ៤ ព្រោះពួកគេបានដាក់ប្រាក់សំណល់របស់ខ្លួនជាអំណោយ ចំណែកឯនាងវិញ ពិតមែនតែនាងខ្វះខាត* តែនាងបានដាក់ប្រាក់ទាំងអស់ដែលនាងមានសម្រាប់ចិញ្ចឹមជីវិត»។+
៥ លុះក្រោយមក ពេលដែលអ្នកខ្លះកំពុងនិយាយអំពីរបៀបដែលវិហារបានតុបតែងដោយថ្មល្អប្រណីតនិងអ្វីៗដែលទុកជូនព្រះ+ ៦ នោះលោកមានប្រសាសន៍ថា៖ «ចំណែកឯអ្វីៗទាំងនេះដែលអ្នករាល់គ្នាឃើញ នឹងមានគ្រាមកដល់ពេលដែលថ្មទាំងអស់នៅទីនេះនឹងត្រូវទម្លាក់ចុះដល់ដី ហើយនឹងគ្មានថ្មណានៅត្រួតលើថ្មណាទៀតឡើយ»។+ ៧ រួចមក ពួកគាត់សួរលោកថា៖ «លោកគ្រូ តើការទាំងនេះនឹងកើតឡើងនៅពេលណា? ហើយតើអ្វីនឹងជាសញ្ញាសម្គាល់នៅពេលដែលការទាំងនេះជិតកើតឡើង?»។+ ៨ លោកមានប្រសាសន៍ថា៖ «ចូរប្រយ័ត្ន កុំឲ្យអ្នកណាបំភាន់អ្នករាល់គ្នាឡើយ+ ព្រោះមនុស្សជាច្រើននឹងមកដោយអាងឈ្មោះខ្ញុំ ហើយពោលថា៖ ‹ខ្ញុំនេះហើយជាអ្នកនោះ› ក៏នឹងថា៖ ‹ពេលកំណត់គឺជិតដល់ហើយ›។ ដូច្នេះ កុំទៅតាមពួកគេឡើយ។+ ៩ ម្យ៉ាងទៀត ពេលដែលអ្នកឮអំពីសង្គ្រាមនិងចលាចល កុំភ័យស្លុតឡើយ ព្រោះការទាំងនេះត្រូវតែកើតឡើងជាមុនសិន។ ប៉ុន្តែ ទីបញ្ចប់នឹងមិនមកដល់ភ្លាមទេ»។+
១០ បន្ទាប់មក លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ប្រជាជាតិមួយនឹងលើកទ័ពទៅច្បាំងនឹងប្រជាជាតិមួយ+ ហើយរាជាណាចក្រមួយនឹងលើកទ័ពទៅច្បាំងនឹងរាជាណាចក្រមួយ+ ១១ ក៏នឹងមានរញ្ជួយដីជាខ្លាំងនៅកន្លែងផ្សេងៗ ថែមទាំងមានការអត់ឃ្លាននិងរោគរាតត្បាតពីកន្លែងមួយទៅកន្លែងមួយ+ ហើយមនុស្សនឹងឃើញអ្វីដែលគួរឲ្យខ្លាច ព្រមទាំងឃើញសញ្ញាសម្គាល់ដ៏អស្ចារ្យនៅលើមេឃ។*
១២ «ប៉ុន្តែ មុនការទាំងអស់នេះកើតឡើង មនុស្សនឹងចាប់អ្នករាល់គ្នាថែមទាំងបៀតបៀន+ ក៏នឹងបញ្ជូនអ្នករាល់គ្នាទៅសាលាប្រជុំនិងទៅគុក។ អ្នករាល់គ្នានឹងត្រូវគេនាំទៅឯស្ដេចនិងពួកអភិបាល ព្រោះតែឈ្មោះខ្ញុំ។+ ១៣ ក៏ប៉ុន្តែ ការនោះនឹងហុចឱកាសឲ្យអ្នករាល់គ្នាធ្វើជាសាក្សី។ ១៤ ដូច្នេះ ចូរតាំងចិត្តថា អ្នកមិនហាត់របៀបនិយាយការពារខ្លួនទុកជាមុនឡើយ+ ១៥ ព្រោះខ្ញុំនឹងផ្ដល់ឲ្យអ្នករាល់គ្នាមានពាក្យនិយាយនិងប្រាជ្ញា ទោះជាពួកអ្នកប្រឆាំងរួមគ្នាក៏ដោយ ក៏ពួកគេមិនអាចជំទាស់ឬប្រកែកឈ្នះបានដែរ។+ ១៦ បន្ថែមទៅទៀត សូម្បីតែឪពុកម្ដាយ បងប្អូន ញាតិសន្ដាន និងមិត្តភក្ដិ ក៏នឹងក្បត់អ្នករាល់គ្នាដែរ ហើយអ្នករាល់គ្នាខ្លះនឹងត្រូវគេសម្លាប់។+ ១៧ មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ព្រោះតែឈ្មោះខ្ញុំ។+ ១៨ ទោះជាយ៉ាងនោះក៏ដោយ សូម្បីតែសក់អ្នករាល់គ្នាមួយសរសៃ នឹងមិនវិនាសបាត់ទៅសោះឡើយ។+ ១៩ បើអ្នករាល់គ្នាស៊ូទ្រាំដល់ទីបញ្ចប់ នោះអ្នករាល់គ្នានឹងរក្សាជីវិតខ្លួន។+
២០ «ម្យ៉ាងទៀត ពេលដែលអ្នករាល់គ្នាឃើញកងទ័ពបោះជំរំជុំវិញក្រុងយេរូសាឡិម+ ចូរដឹងថានាងជិតត្រូវបំផ្លិចបំផ្លាញហើយ។+ ២១ ដូច្នេះ ចូរឲ្យអ្នកដែលនៅតំបន់យូឌាចាប់ផ្ដើមរត់ទៅតំបន់ភ្នំ+ ចូរឲ្យពួកអ្នកដែលនៅក្នុងនាងចាកចេញទៅ ហើយកុំឲ្យពួកអ្នកដែលនៅជនបទចូលក្នុងនាងឡើយ ២២ ពីព្រោះនោះជាគ្រាដែលព្រះនឹងសងសឹក ដើម្បីឲ្យអ្វីៗទាំងអស់ដែលបានត្រូវសរសេរទុកក្លាយជាការពិត។ ២៣ នៅគ្រានោះ ស្ត្រីដែលមានផ្ទៃពោះនិងស្ត្រីដែលនៅបំបៅកូន ត្រូវវេទនាណាស់!+ ព្រោះនឹងមានទុក្ខវេទនាខ្លាំងក្រៃលែងនៅក្នុងស្រុក ហើយបណ្ដាជននេះនឹងទទួលទោស។ ២៤ ពួកគេក៏នឹងដួលស្លាប់ដោយដាវ ហើយនឹងត្រូវចាប់ជាឈ្លើយនាំទៅប្រទេសទាំងឡាយ+ ឯក្រុងយេរូសាឡិមនឹងត្រូវជាន់ឈ្លីដោយប្រជាជាតិនានា* រហូតដល់គ្រាកំណត់នៃប្រជាជាតិនានាបានចប់សព្វគ្រប់។+
២៥ «ម្យ៉ាងទៀត នឹងមានសញ្ញាសម្គាល់នៅលើថ្ងៃ ខែ និងផ្កាយ+ ហើយនៅលើផែនដីប្រជាជាតិនានានឹងព្រួយបារម្ភជាខ្លាំង ក៏ទាល់គំនិតដោយសារសូរគ្រាំគ្រេងនៃសមុទ្រដែលកំពុងបក់បោក។ ២៦ ពីព្រោះកម្លាំងធម្មជាតិនៅលើមេឃនឹងត្រូវអង្រួន នោះមនុស្សនឹងសន្លប់បាត់ស្មារតីដោយសារភ័យខ្លាចនិងព្រួយបារម្ភអំពីអ្វីដែលជិតកើតឡើងនៅគ្រប់ទីអាស្រ័យនៅផែនដី។ ២៧ នៅពេលនោះ ពួកគេនឹងឃើញកូនមនុស្ស+មកក្នុងពពក ទាំងមានឫទ្ធានុភាពនិងសិរីរុងរឿងអស្ចារ្យ។+ ២៨ ប៉ុន្តែ ពេលដែលការទាំងនេះចាប់ផ្ដើមកើតឡើង ចូរឈរឲ្យត្រង់ខ្លួន ហើយងើបមុខឡើង ព្រោះសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាគឺជិតដល់ហើយ»។
២៩ រួចមក លោកលើកឧទាហរណ៍មួយប្រាប់ពួកគាត់ថា៖ «ចូរកត់សម្គាល់ដើមល្វាតូចនិងដើមឈើឯទៀត។+ ៣០ ពេលដែលអ្នកឃើញពួកវាចេញពន្លក នោះអ្នកដឹងថារដូវក្ដៅគឺជិតដល់ហើយ។ ៣១ ដូចគ្នាដែរ ពេលដែលអ្នករាល់គ្នាឃើញការទាំងនេះកំពុងកើតឡើង ចូរដឹងថារាជាណាចក្ររបស់ព្រះគឺជិតដល់ហើយ។ ៣២ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ជំនាន់នេះនឹងមិនកន្លងបាត់ឡើយ ទាល់តែការទាំងអស់កើតឡើង។+ ៣៣ មេឃនិងផែនដីនឹងកន្លងបាត់ទៅ តែពាក្យរបស់ខ្ញុំនឹងមិនកន្លងបាត់ឡើយ។+
៣៤ «ប៉ុន្តែ កុំភ្លេចខ្លួនឲ្យសោះ ក្រែងលោការផឹកនិងការបរិភោគហួសប្រមាណ+ និងកង្វល់អំពីជីវិតពង្វក់ចិត្តអ្នករាល់គ្នា+ ស្រាប់តែថ្ងៃនោះមកដល់ភ្លាមមួយរំពេច ៣៥ ដូចជាលប់+ ព្រោះថ្ងៃនោះនឹងមកគ្របលើមនុស្សទាំងអស់នៅផែនដី។ ៣៦ ដូច្នេះ ចូរចាំយាមជានិច្ច+ ព្រមទាំងអធិដ្ឋានអង្វរសុំគ្រប់ពេលវេលា+ ដើម្បីឲ្យរួចផុតពីការទាំងអស់នេះដែលត្រូវកើតឡើង និងដើម្បីឲ្យបានឈរនៅមុខកូនមនុស្ស»។+
៣៧ ម្ល៉ោះហើយ ពេលថ្ងៃលោកបង្រៀននៅឯវិហារ តែពេលយប់លោកចេញទៅស្នាក់នៅឯភ្នំហៅថាភ្នំដើមអូលីវ។ ៣៨ បណ្ដាជនទាំងឡាយតែងតែចូលក្នុងវិហារតាំងពីព្រលឹមដើម្បីស្ដាប់លោក។