យ៉ូហាន
៣ មានបុរសផារិស៊ីម្នាក់ឈ្មោះនីកូដេម ដែលជាអ្នកគ្រប់គ្រងម្នាក់របស់ជនជាតិយូដា។ ២ គាត់មកជួបលោកនៅពេលយប់ ហើយជម្រាបថា៖ «រ៉ាប៊ី* យើងដឹងថាលោកជាអ្នកបង្រៀនដែលមកពីព្រះ ព្រោះគ្មានអ្នកណាអាចធ្វើសញ្ញាសម្គាល់ទាំងប៉ុន្មានដែលលោកធ្វើ លុះត្រាតែព្រះនៅជាមួយនឹងអ្នកនោះ»។ ៣ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកការពិតថា អ្នកណាដែលមិនកើតម្ដងទៀត អ្នកនោះមិនអាចឃើញរាជាណាចក្ររបស់ព្រះបានឡើយ»។ ៤ នីកូដេមសួរលោកថា៖ «តើបុរសវ័យចាស់ម្នាក់អាចកើតម្ដងទៀតដូចម្ដេចបាន? គាត់មិនអាចចូលក្នុងផ្ទៃម្ដាយម្ដងទៀតហើយកើតមកបានឡើយ មែនទេ?»។ ៥ លោកយេស៊ូឆ្លើយថា៖ «ខ្ញុំប្រាប់អ្នកការពិតថា គ្មានអ្នកណាអាចចូលក្នុងរាជាណាចក្ររបស់ព្រះបានឡើយ លុះត្រាតែអ្នកនោះកើតពីទឹកនិងពីសកម្មពល* របស់ព្រះ។ ៦ អ្វីដែលកើតពីសាច់ឈាមគឺជាកូនមនុស្ស ហើយអ្វីដែលកើតពីសកម្មពលរបស់ព្រះគឺជាកូនព្រះ។ ៧ កុំឲ្យពាក្យដែលខ្ញុំប្រាប់អ្នកថា អ្នករាល់គ្នាត្រូវកើតម្ដងទៀតធ្វើឲ្យអ្នកឆ្ងល់ឡើយ។ ៨ ខ្យល់* បក់ទៅទិសណាក៏បាន ហើយអ្នកឮសូរខ្យល់ តែមិនដឹងថាខ្យល់នោះមកពីណានិងកំពុងបក់ទៅណាទេ។ អស់អ្នកដែលកើតពីសកម្មពលរបស់ព្រះក៏ដូច្នោះដែរ»។
៩ នីកូដេមតបទៅលោកថា៖ «តើការទាំងនេះអាចកើតឡើងយ៉ាងដូចម្ដេច?»។ ១០ លោកយេស៊ូតបទៅគាត់ថា៖ «តើអ្នកជាអ្នកបង្រៀនជនជាតិអ៊ីស្រាអែល តែមិនដឹងការទាំងនេះទេឬ? ១១ ខ្ញុំប្រាប់អ្នកការពិតថា យើងនិយាយអំពីអ្វីដែលយើងដឹង ក៏ធ្វើការបញ្ជាក់អំពីអ្វីដែលយើងបានឃើញ ប៉ុន្តែអ្នករាល់គ្នាមិនទទួលការបញ្ជាក់ពីយើងទេ។ ១២ ប្រសិនបើអ្នករាល់គ្នាមិនជឿពេលដែលខ្ញុំប្រាប់នូវអ្វីដែលទាក់ទងនឹងផែនដីទៅហើយ តើអ្នករាល់គ្នានឹងជឿដូចម្ដេចបាន បើខ្ញុំប្រាប់នូវអ្វីដែលទាក់ទងនឹងស្ថានសួគ៌វិញ? ១៣ ម្យ៉ាងទៀត គ្មានមនុស្សណាម្នាក់ធ្លាប់ឡើងទៅស្ថានសួគ៌ឡើយ មានតែលោកដែលបានចុះពីស្ថានសួគ៌ប៉ុណ្ណោះ គឺកូនមនុស្ស។ ១៤ ហើយដូចម៉ូសេបានលើកសត្វពស់ឡើងនៅតំបន់ស្ងាត់ជ្រងំ នោះកូនមនុស្សក៏នឹងត្រូវលើកឡើងដូច្នោះដែរ ១៥ ដើម្បីឲ្យអស់អ្នកដែលជឿលើលោក អាចមានជីវិតដែលគ្មានទីបញ្ចប់។
១៦ «ពីព្រោះព្រះស្រឡាញ់ពិភពលោកដល់ម្ល៉េះបានជាលោកបានឲ្យបុត្រតែមួយ* របស់លោក ដើម្បីឲ្យអស់អ្នកដែលបង្ហាញជំនឿលើបុត្រនោះអាចមានជីវិតដែលគ្មានទីបញ្ចប់ ហើយមិនត្រូវបំផ្លាញឡើយ។ ១៧ ព្រោះព្រះបានចាត់បុត្ររបស់លោកឲ្យចូលក្នុងពិភពលោក មិនមែនដើម្បីវិនិច្ឆ័យពិភពលោកទេ តែដើម្បីឲ្យពិភពលោកអាចត្រូវសង្គ្រោះតាមរយៈបុត្ររបស់លោក។ ១៨ អ្នកណាដែលបង្ហាញជំនឿលើបុត្ររបស់លោក អ្នកនោះមិនទទួលការវិនិច្ឆ័យឡើយ។ ឯអ្នកណាដែលមិនបង្ហាញជំនឿ អ្នកនោះបានត្រូវវិនិច្ឆ័យរួចហើយ ពីព្រោះអ្នកនោះមិនបានបង្ហាញជំនឿលើនាមនៃបុត្រតែមួយ* របស់ព្រះ។ ១៩ នេះជាមូលដ្ឋានសម្រាប់ការវិនិច្ឆ័យ ពោលគឺ ពន្លឺបានចូលក្នុងពិភពលោក តែមនុស្សបានស្រឡាញ់ភាពងងឹតជាជាងពន្លឺនោះ ព្រោះការប្រព្រឹត្តរបស់ពួកគេគឺទុច្ចរិត។ ២០ ព្រោះអ្នកណាដែលប្រព្រឹត្តអំពើអាក្រក់ជាទម្លាប់ អ្នកនោះស្អប់ពន្លឺ ហើយមិនមកឯពន្លឺឡើយ ដើម្បីកុំឲ្យការប្រព្រឹត្តរបស់ខ្លួនត្រូវលាតត្រដាង។ ២១ ប៉ុន្តែអ្នកណាដែលប្រព្រឹត្តអំពើសុចរិត អ្នកនោះមកឯពន្លឺ ដើម្បីសឲ្យឃើញថាការប្រព្រឹត្តរបស់ខ្លួនគឺសមស្របតាមបំណងប្រាថ្នារបស់ព្រះ»។
២២ ក្រោយពីការទាំងនេះ លោកយេស៊ូនិងពួកអ្នកកាន់តាមបានចូលតំបន់យូឌា ហើយលោកបានចំណាយពេលជាមួយនឹងពួកគាត់នៅទីនោះ ក៏បានជ្រមុជទឹក* ឲ្យបណ្ដាជន។ ២៣ ប៉ុន្តែយ៉ូហានកំពុងជ្រមុជទឹកឲ្យគេដែរ នៅអ៊ីណនជិតសាលិម ពីព្រោះនៅទីនោះមានទឹកច្រើន ហើយមានមនុស្សមកឥតដាច់ ដើម្បីឲ្យគាត់ជ្រមុជទឹកឲ្យ ២៤ ព្រោះពេលនោះយ៉ូហានមិនទាន់ត្រូវគេបោះចូលគុកទេ។
២៥ ម្ល៉ោះហើយ ពួកអ្នកកាន់តាមយ៉ូហានបានបង្កជម្លោះជាមួយនឹងជនជាតិយូដាម្នាក់ អំពីរឿងលាងសម្អាតឲ្យបរិសុទ្ធ។ ២៦ ដូច្នេះ ពួកគាត់បានមកឯយ៉ូហានហើយប្រាប់គាត់ថា៖ «រ៉ាប៊ី បុរសដែលបាននៅត្រើយម្ខាងនៃទន្លេយ៉ូដាន់ជាមួយនឹងអ្នក ហើយដែលអ្នកបានធ្វើការបញ្ជាក់ឲ្យនោះ សូមមើល! លោកកំពុងជ្រមុជទឹកឲ្យគេ ហើយមនុស្សទាំងអស់កំពុងទៅឯលោក»។ ២៧ យ៉ូហានតបថា៖ «គ្មានអ្នកណាម្នាក់អាចទទួលអ្វីសោះ លុះត្រាតែអ្នកនោះបានទទួលពីស្ថានសួគ៌។ ២៨ អ្នករាល់គ្នាជាសាក្សីដែលខ្ញុំបាននិយាយថាខ្ញុំមិនមែនជាគ្រិស្តទេ តែខ្ញុំបានត្រូវចាត់ឲ្យមកមុនលោក។ ២៩ កូនក្រមុំនៅជាមួយនឹងអ្នកណា អ្នកនោះជាកូនកំលោះហើយ។ ក៏ប៉ុន្តែ មិត្តភក្ដិរបស់កូនកំលោះក៏ត្រេកអរយ៉ាងខ្លាំងនៅពេលដែលឮសំឡេងរបស់កូនកំលោះ។ ដូច្នេះ អំណររបស់ខ្ញុំបានពេញខ្នាតហើយ។ ៣០ លោកត្រូវតែចម្រើនឡើងតទៅទៀត តែខ្ញុំត្រូវតែបន្តថយចុះ»។
៣១ លោកដែលមកពីស្ថានលើគឺធំជាងអ្នកឯទៀតទាំងអស់។ អ្នកដែលមកពីផែនដី គឺពីផែនដី ក៏និយាយអំពីអ្វីទាក់ទងនឹងផែនដី។ លោកដែលមកពីស្ថានសួគ៌គឺធំជាងអ្នកឯទៀតទាំងអស់។ ៣២ លោកធ្វើការបញ្ជាក់អំពីអ្វីដែលលោកបានឃើញនិងបានឮ ប៉ុន្តែគ្មានមនុស្សណាម្នាក់ព្រមទទួលការបញ្ជាក់របស់លោកឡើយ។ ៣៣ អ្នកណាដែលបានទទួលការបញ្ជាក់របស់លោក បានបោះត្រាបញ្ជាក់ថាព្រះគឺពិតត្រង់មែន។ ៣៤ ព្រោះលោកដែលព្រះបានចាត់ឲ្យមក មានប្រសាសន៍តាមប្រសាសន៍របស់ព្រះ ព្រោះព្រះឲ្យសកម្មពលរបស់លោកដោយមិនមានកម្រិតឡើយ។ ៣៥ បិតាដែលនៅស្ថានសួគ៌ស្រឡាញ់បុត្ររបស់លោក ក៏បានប្រគល់អ្វីៗទាំងអស់ទៅក្នុងដៃរបស់បុត្រលោក។ ៣៦ អ្នកណាដែលបង្ហាញជំនឿលើបុត្ររបស់លោក អ្នកនោះមានជីវិតដែលគ្មានទីបញ្ចប់ រីឯអ្នកណាដែលមិនស្ដាប់បង្គាប់បុត្ររបស់លោក អ្នកនោះនឹងមិនទទួលជីវិតឡើយ តែកំហឹងរបស់ព្រះនៅជាប់នឹងអ្នកនោះ។