សកម្មភាព
២ ក្នុងអំឡុងបុណ្យថ្ងៃទីហាសិប ពួកគាត់ទាំងអស់គ្នានៅជុំគ្នានៅកន្លែងតែមួយ ២ ស្រាប់តែមានសូរសំឡេងពីលើមេឃ ដូចសន្ធឹកខ្យល់បក់យ៉ាងខ្លាំង ឮពេញផ្ទះដែលពួកគាត់អង្គុយ។ ៣ រួចពួកគាត់ឃើញអ្វីដែលមើលទៅដូចជាអណ្ដាតភ្លើងជាច្រើនលេចមក ហើយចែកគ្នាទៅសណ្ឋិតលើពួកគាត់ម្នាក់មួយៗ ៤ រួចពួកគាត់គ្រប់គ្នាក៏បានពេញទៅដោយសកម្មពល* បរិសុទ្ធរបស់ព្រះ ហើយចាប់តាំងនិយាយជាភាសាផ្សេងៗ តាមដែលសកម្មពលនោះបានឲ្យពួកគាត់និយាយ។
៥ នៅពេលនោះ នៅក្រុងយេរូសាឡិម មានជនជាតិយូដាមកពីគ្រប់ប្រទេសនៅក្រោមមេឃ ហើយពួកគេជាអ្នកកោតខ្លាចព្រះ។ ៦ ដូច្នេះ ពេលដែលសូរសំឡេងនោះបានឮឡើង បណ្ដាជនបានមូលគ្នា ក៏តាំងងឿងឆ្ងល់ ពីព្រោះពួកគេម្នាក់ៗកំពុងឮពួកគាត់និយាយភាសារបស់ពួកគេរៀងៗខ្លួន។ ៧ ពួកគេបានភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏បានឆ្ងល់ថា៖ «មើល! អ្នកទាំងអស់នេះជាអ្នកស្រុកកាលីឡេ មែនទេ? ៨ ចុះហេតុអ្វីបានជាយើងកំពុងឮភាសាកំណើតរបស់យើងរៀងៗខ្លួនដូច្នេះ? ៩ ជនជាតិផាធា មេឌី អេឡាំ និងអ្នកមកពីតំបន់មេសូប៉ូតាមៀ តំបន់យូឌា កាប៉ាដូគា ប៉ុនតុស និងតំបន់អាស៊ី* ១០ និងព្រីគា ប៉ាមភីលា អេស៊ីប និងតំបន់លីប៊ីនៅជិតគីរេន អ្នកដែលធ្វើដំណើរមកពីក្រុងរ៉ូម ទាំងជនជាតិយូដាទាំងអ្នកដូរសាសនា* ១១ អ្នកកោះក្រេត និងជនជាតិអារ៉ាប់ យើងកំពុងឮពួកគេនិយាយអំពីការដ៏រុងរឿងរបស់ព្រះ ជាភាសារបស់យើង»។ ១២ ពួកគេទាំងអស់គ្នាបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ងឿងឆ្ងល់ ហើយនិយាយគ្នាថា៖ «តើការនេះមានន័យដូចម្ដេច?»។ ១៣ ក៏ប៉ុន្តែអ្នកឯទៀតបានចំអកឲ្យពួកគេ ក៏តាំងនិយាយថា៖ «ពួកគេស្រវឹងស្រាផ្អែមហើយ»។
១៤ ប៉ុន្តែពេត្រុសបានក្រោកឡើងជាមួយនឹងសាវ័កដប់មួយនាក់ទៀត ក៏បានបន្លឺសំឡេងនិយាយទៅកាន់ពួកគេថា៖ «អ្នកតំបន់យូឌា និងអ្នកក្រុងយេរូសាឡិមទាំងឡាយអើយ សូមប្រុងស្ដាប់ពាក្យរបស់ខ្ញុំ ហើយសូមជ្រាបថា ១៥ ការពិតអ្នកទាំងនេះមិនស្រវឹងស្រាដូចអ្នករាល់គ្នានឹកស្មាននោះទេ ពីព្រោះគឺម៉ោងទីបី* ហើយ។ ១៦ ផ្ទុយទៅវិញ នេះជាអ្វីដែលបានត្រូវប្រកាសតាមរយៈយ៉ូអែល ជាអ្នកប្រកាសទំនាយថា៖ ១៧ ‹ព្រះមានប្រសាសន៍ថា៖ «នៅគ្រាចុងក្រោយ ខ្ញុំនឹងចាក់សកម្មពលខ្លះរបស់ខ្ញុំទៅលើមនុស្សគ្រប់ប្រភេទ* ហើយកូនប្រុសនិងកូនស្រីរបស់អ្នករាល់គ្នានឹងប្រកាសទំនាយ ហេតុការណ៍ផ្សេងៗនឹងត្រូវបើកបង្ហាញឲ្យយុវជនក្នុងចំណោមអ្នករាល់គ្នាឃើញក្នុងគំនិត ហើយបុរសវ័យចាស់ក្នុងចំណោមអ្នករាល់គ្នានឹងមានការយល់សប្ដិពិសេស ១៨ នៅគ្រានោះ សូម្បីតែខ្ញុំបម្រើប្រុសខ្ញុំបម្រើស្រីរបស់ខ្ញុំ ក៏ខ្ញុំនឹងចាក់សកម្មពលខ្លះរបស់ខ្ញុំទៅលើពួកគេដែរ រួចពួកគេនឹងប្រកាសទំនាយ។ ១៩ ខ្ញុំក៏នឹងធ្វើការអស្ចារ្យនៅមេឃខាងលើ និងសញ្ញាសម្គាល់នៅផែនដីខាងក្រោម គឺឈាម ភ្លើង និងកំសួលផ្សែង។ ២០ ថ្ងៃនឹងទៅជាងងឹត ហើយលោកខែនឹងទៅជាឈាម មុនថ្ងៃដ៏ធំនិងរុងរឿងរបស់ព្រះយេហូវ៉ាមកដល់។ ២១ ឯអស់អ្នកណាដែលហៅរកនាមព្រះយេហូវ៉ា អ្នកនោះនឹងត្រូវសង្គ្រោះ»›។
២២ «ជនជាតិអ៊ីស្រាអែលអើយ ចូរស្ដាប់ពាក្យនេះ៖ លោកយេស៊ូ ពីក្រុងណាសារ៉ែត ជាបុរសម្នាក់ដែលព្រះបានសម្ដែងឲ្យអ្នករាល់គ្នាឃើញជាចំហ ដោយការដែលប្រកបដោយឫទ្ធានុភាព សញ្ញាសម្គាល់ និងការដ៏គួរឲ្យកោតស្ងើច ដែលព្រះបានធ្វើតាមរយៈលោកនៅកណ្ដាលអ្នករាល់គ្នា ដូចអ្នករាល់គ្នាដឹងហើយ។ ២៣ បុរសនេះបានត្រូវប្រគល់ឲ្យអ្នករាល់គ្នាតាមបំណងប្រាថ្នានិងការដឹងជាមុនរបស់ព្រះ ហើយអ្នករាល់គ្នាបានយកបុរសនោះទៅបោះដែកគោលភ្ជាប់នឹងបង្គោលឈើ ក៏បានសម្លាប់លោក ដោយដៃរបស់មនុស្សប្រឆាំងច្បាប់។ ២៤ ប៉ុន្តែព្រះបានប្រោសលោកឲ្យរស់ឡើងវិញ ដោយស្រាយចំណងនៃសេចក្ដីស្លាប់ ពីព្រោះលោកមិនអាចត្រូវចងទុកដោយសេចក្ដីស្លាប់តទៅទៀតបានឡើយ។ ២៥ ព្រោះដាវីឌបាននិយាយអំពីលោកថា៖ ‹ខ្ញុំឃើញព្រះយេហូវ៉ានៅមុខខ្ញុំជានិច្ច។ ដោយសារលោកនៅខាងស្ដាំខ្ញុំ ខ្ញុំនឹងមិនត្រូវធ្វើឲ្យរង្គោះរង្គើឡើយ។ ២៦ ហេតុនេះ ចិត្តខ្ញុំក៏រីករាយ ហើយអណ្ដាតខ្ញុំក៏បានត្រេកអរក្រៃលែង។ ម្យ៉ាងទៀត ខ្ញុំនឹងរស់ដោយមានសេចក្ដីសង្ឃឹម ២៧ ពីព្រោះលោកនឹងមិនទុកឲ្យព្រលឹង* ខ្ញុំនៅក្នុងផ្នូរ* ក៏នឹងមិនឲ្យសាច់របស់អ្នកដែលមានភក្ដីភាពចំពោះលោកខូចទៅដែរ។ ២៨ លោកបានសម្ដែងឲ្យខ្ញុំស្គាល់ផ្លូវដែលនាំទៅឯជីវិត។ លោកនឹងបំពេញចិត្តខ្ញុំដោយសេចក្ដីរីករាយ ដោយសារទឹកមុខរបស់លោក›។
២៩ «បងប្អូនអើយ ខ្ញុំសូមនិយាយដោយក្លាហានទៅកាន់អ្នករាល់គ្នាអំពីដាវីឌ ជាមេគ្រួសារថា គាត់ក៏បានស្លាប់ហើយបានត្រូវបញ្ចុះ ហើយកន្លែងដែលសពរបស់គាត់បានត្រូវបញ្ចុះ ក៏នៅជាមួយនឹងយើងរហូតដល់ថ្ងៃនេះ។ ៣០ ដូច្នេះ ដោយសារគាត់ជាអ្នកប្រកាសទំនាយ ហើយដឹងថាព្រះបានស្បថនឹងគាត់ថា លោកនឹងតែងតាំងម្នាក់ពីពូជពង្សរបស់គាត់ឲ្យអង្គុយលើបល្ល័ង្ក ៣១ គាត់បានឃើញទុកជាមុនក៏បាននិយាយអំពីការប្រោសគ្រិស្ត* ឲ្យរស់ឡើងវិញថា លោកមិនបានត្រូវទុកចោលក្នុងផ្នូរ* ហើយសាច់របស់លោកក៏មិនបានខូចទៅដែរ។ ៣២ គឺលោកយេស៊ូនេះហើយ ដែលព្រះបានប្រោសឲ្យរស់ឡើងវិញ ហើយយើងទាំងអស់គ្នាជាសាក្សីអំពីការពិតនោះ។ ៣៣ ដូច្នេះ ដោយសារលោកបានត្រូវតម្កើងឲ្យនៅខាងស្ដាំព្រះ ក៏បានទទួលសកម្មពលបរិសុទ្ធពីបិតានៅស្ថានសួគ៌ដូចអ្វីដែលបានត្រូវសន្យា នោះលោកបានចាក់សកម្មពលនេះមកលើយើង ដូចអ្នករាល់គ្នាកំពុងឃើញនិងឮ។ ៣៤ ដាវីឌមិនបានឡើងទៅស្ថានសួគ៌ឡើយ ប៉ុន្តែគាត់បាននិយាយដោយផ្ទាល់ថា៖ ‹ព្រះយេហូវ៉ាមានប្រសាសន៍ទៅលោកម្ចាស់របស់ខ្ញុំថា៖ «ចូរអង្គុយនៅខាងស្ដាំខ្ញុំ ៣៥ រហូតដល់ខ្ញុំដាក់ពួកសត្រូវរបស់អ្នក ជាកំណល់កល់ជើងអ្នក»›។ ៣៦ ដូច្នេះ ត្រូវឲ្យពូជពង្សអ៊ីស្រាអែលទាំងឡាយដឹងជាក់ច្បាស់ថា លោកយេស៊ូដែលអ្នករាល់គ្នាបានព្យួរនឹងបង្គោលឈើ* ជាអ្នកដែលព្រះបានតែងតាំងជាលោកម្ចាស់និងជាគ្រិស្ត»។
៣៧ ឮដូច្នេះ ពួកគេបានស្ដាយជាខ្លាំង ក៏បាននិយាយទៅកាន់ពេត្រុសនិងពួកសាវ័កឯទៀតថា៖ «បងប្អូនអើយ តើយើងគួរធ្វើយ៉ាងណា?»។ ៣៨ ពេត្រុសនិយាយទៅកាន់ពួកគេថា៖ «ចូរប្រែចិត្ត ហើយអ្នករាល់គ្នាម្នាក់ៗត្រូវទទួលការជ្រមុជទឹក* ដោយនូវនាមលោកយេស៊ូគ្រិស្ត ដើម្បីឲ្យការខុសឆ្គង* របស់អ្នករាល់គ្នាបានត្រូវអភ័យទោសឲ្យ រួចអ្នករាល់គ្នានឹងទទួលសកម្មពលបរិសុទ្ធរបស់ព្រះជាអំណោយទាន។ ៣៩ ព្រោះនេះជាអ្វីដែលបានត្រូវសន្យាដល់អ្នករាល់គ្នា កូនចៅរបស់អ្នករាល់គ្នា និងអស់អ្នកដែលនៅឆ្ងាយ គឺអស់អ្នកណាដែលព្រះយេហូវ៉ាជាព្រះរបស់យើង ហៅឲ្យមកឯលោក»។ ៤០ គាត់បាននិយាយពាក្យជាច្រើនទៀតដើម្បីបញ្ជាក់ឲ្យបានសព្វគ្រប់ ក៏ដាស់តឿនពួកគេម្ដងហើយម្ដងទៀតថា៖ «ចូរញែកខ្លួនចេញពីមនុស្សជំនាន់នេះដែលមានចិត្តវៀចវេរ កុំឲ្យអ្នករាល់គ្នាត្រូវបំផ្លាញចោល»។ ៤១ ដូច្នេះ អស់អ្នកដែលបានជឿពាក្យរបស់គាត់យ៉ាងអស់ពីចិត្តបានទទួលការជ្រមុជទឹក ហើយនៅថ្ងៃនោះប្រហែលបីពាន់នាក់* បានត្រូវបន្ថែម។ ៤២ ពួកគេបន្តប្រុងស្ដាប់សេចក្ដីបង្រៀនរបស់ពួកសាវ័ក ក៏បានចែកអ្វីៗទាំងអស់ជាមួយគ្នា ហើយបរិភោគជាមួយគ្នា ព្រមទាំងបានព្យាយាមក្នុងសេចក្ដីអធិដ្ឋាន។
៤៣ មនុស្ស* គ្រប់គ្នាចាប់តាំងមានចិត្តកោតខ្លាច ហើយការអស្ចារ្យនិងសញ្ញាសម្គាល់ជាច្រើនក៏បានចាប់ផ្ដើមកើតឡើងតាមរយៈពួកសាវ័ក។ ៤៤ អស់អ្នកណាដែលទៅជាអ្នកជឿបាននៅជាមួយគ្នា ហើយមានអ្វីៗទាំងអស់ជាមួយគ្នា។ ៤៥ ពួកគេក៏លក់ដីនិងរបស់របរដែលខ្លួនមាន រួចយកប្រាក់មកចែកដល់គ្រប់គ្នាតាមសេចក្ដីត្រូវការរបស់អ្នកទាំងនោះ។ ៤៦ ហើយពួកគេបានជួបជុំគ្នានៅឯវិហារជារៀងរាល់ថ្ងៃ ក៏បានបរិភោគអាហារជាមួយគ្នាក្នុងផ្ទះរបស់ពួកគេ ដោយសេចក្ដីស្មោះនិងចិត្តត្រេកអរជាខ្លាំង ៤៧ ព្រមទាំងសរសើរព្រះ ហើយបណ្ដាជនទាំងឡាយបានពេញចិត្តនឹងពួកគេ។ ជារៀងរាល់ថ្ងៃ នៅដំណាលគ្នានោះ ព្រះយេហូវ៉ាបានបន្តនាំអស់អ្នកដែលកំពុងត្រូវសង្គ្រោះឲ្យមកចូលរួមជាមួយនឹងពួកគេ។