ប្រវត្តិហេតុទី២
៣៣ ពេលម៉ាណាសេ+បានទៅជាស្ដេច គាត់មានអាយុ១២ឆ្នាំ។ គាត់បានគ្រប់គ្រងនៅក្រុងយេរូសាឡិមអស់រយៈពេល៥៥ឆ្នាំ។+
២ គាត់បានប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត គឺប្រព្រឹត្តអំពើដ៏គួរឲ្យស្អប់ខ្ពើម តាមប្រជាជាតិនានាដែលព្រះយេហូវ៉ាបានបណ្ដេញចេញពីមុខជនជាតិអ៊ីស្រាអែល។+ ៣ គាត់បានសង់ទីខ្ពស់ពិសិដ្ឋនៅកន្លែងផ្សេងៗឡើងវិញ គឺជាទីខ្ពស់ដែលហេសេគាឪពុកគាត់បានបំផ្លាញចោល។+ គាត់ក៏បានសង់ទីបូជាសម្រាប់ព្រះបាល ហើយធ្វើបង្គោលឈើពិសិដ្ឋ។* គាត់ថែមទាំងបានក្រាបគោរពចំពោះផ្កាយទាំងប៉ុន្មាននៅលើមេឃទៀតផង។+ ៤ គាត់ក៏បានសង់ទីបូជានានានៅក្នុងវិហារព្រះយេហូវ៉ានៅក្រុងយេរូសាឡិម+ ជាកន្លែងដែលព្រះយេហូវ៉ាធ្លាប់មានប្រសាសន៍ថា៖ «ទីនេះជាតំណាងនាមខ្ញុំជាដរាប»។+ ៥ បន្ថែមទៅទៀត គាត់បានសង់ទីបូជាផ្សេងៗសម្រាប់គោរពបូជាដល់ផ្កាយទាំងប៉ុន្មាននៅលើមេឃ ក្នុងទីធ្លាទាំងពីរនៃវិហារព្រះយេហូវ៉ា។+ ៦ មិនត្រឹមតែប៉ុណ្ណោះ គាត់បានដុតកូនប្រុសៗរបស់គាត់ជូនជាគ្រឿងបូជា+នៅជ្រលងហ៊ីណំ។*+ គាត់ថែមទាំងមើលប្រផ្នូល ប្រើវេទមន្ត+ ហើយតែងតាំងគ្រូខាបនិងគ្រូទាយទៀតផង។+ គាត់បានប្រព្រឹត្តអំពើអាក្រក់យ៉ាងច្រើនក្រៃលែងនៅចំពោះព្រះយេហូវ៉ា ហើយនេះបានធ្វើឲ្យលោកមានកំហឹងជាខ្លាំង។
៧ គាត់បានឲ្យគេឆ្លាក់រូបព្រះ ហើយយកទៅដាក់ក្នុងវិហាររបស់ព្រះពិត+ ជាកន្លែងដែលព្រះបានប្រាប់ដាវីឌនិងសាឡូម៉ូនកូនគាត់ថា៖ «ខ្ញុំបានញែកវិហារនេះនិងក្រុងយេរូសាឡិម ទុកជាបរិសុទ្ធសម្រាប់នាមខ្ញុំរហូតតទៅ។ កន្លែងនេះខ្ញុំបានជ្រើសរើសពីចំណោមកុលសម្ព័ន្ធទាំងប៉ុន្មាននៃអ៊ីស្រាអែល។+ ៨ បើជនជាតិអ៊ីស្រាអែលធ្វើតាមយ៉ាងដិតដល់ នូវបញ្ញត្តិទាំងប៉ុន្មានរបស់ខ្ញុំ និងការសម្រេចក្ដី ហើយគ្រប់ទាំងច្បាប់ដែលម៉ូសេជាអ្នកបម្រើខ្ញុំឲ្យពួកគេ នោះខ្ញុំនឹងមិនឲ្យពួកគេខ្ចាត់ព្រាត់ចេញពីទឹកដីដែលខ្ញុំបានឲ្យដល់បុព្វបុរសរបស់ពួកគេទៀតឡើយ»។ ៩ ប៉ុន្តែ ម៉ាណាសេចេះតែនាំឲ្យពួកយូដានិងអ្នកក្រុងយេរូសាឡិមបែរចេញពីព្រះ ហើយប្រព្រឹត្តអំពើអាក្រក់ក្រៃលែងលើសប្រជាជាតិនានាដែលព្រះយេហូវ៉ាបានបំផ្លាញពីមុខពួកគេទៅទៀត។+
១០ ព្រះយេហូវ៉ាតែងតែព្រមានម៉ាណាសេនិងបណ្ដាជន តែពួកគេមិនបានស្ដាប់តាមទេ។+ ១១ ដូច្នេះ ព្រះយេហូវ៉ាបានបណ្ដាលឲ្យពួកមេទ័ពស្ដេចស្រុកអាស៊ីរី មកច្បាំងនឹងពួកយូដា។ ពេលនោះ គេចាប់បានម៉ាណាសេ ហើយដាក់កន្លុះ*គាត់ ព្រមទាំងដាក់ខ្នោះស្ពាន់ រួចនាំយកទៅស្រុកបាប៊ីឡូន។ ១២ ក្នុងគ្រាដែលគាត់មានទុក្ខវេទនា គាត់បានអង្វរសុំសេចក្ដីមេត្តាពីព្រះយេហូវ៉ាជាព្រះរបស់គាត់ ហើយគាត់បានបន្ទាបខ្លួនយ៉ាងខ្លាំងនៅចំពោះមុខព្រះនៃបុព្វបុរសរបស់គាត់។ ១៣ គាត់បានអធិដ្ឋានអង្វរព្រះឥតឈប់ ដូច្នេះលោកបានបង្ហាញសេចក្ដីអាណិតមេត្តាចំពោះគាត់ ហើយធ្វើតាមពាក្យអង្វរសុំរបស់គាត់។ បន្ទាប់មក លោកបានឲ្យគាត់ត្រឡប់ទៅក្រុងយេរូសាឡិមវិញ ហើយឲ្យគាត់គ្រប់គ្រងជាស្ដេចម្ដងទៀត។+ ពេលនោះហើយដែលម៉ាណាសេបានដឹងថាព្រះយេហូវ៉ាគឺជាព្រះដ៏ពិត។+
១៤ ក្រោយមក គាត់បានសង់កំពែងយ៉ាងខ្ពស់នៅក្រៅក្រុងដាវីឌ+នាប៉ែកខាងលិចនៃប្រភពទឹកគីហុន+ក្នុងជ្រលងភ្នំ រហូតទៅដល់ទ្វារត្រី។+ គាត់ក៏បានសង់កំពែងចាប់ពីទ្វារត្រី រហូតទៅដល់អូផែលដែរ។+ បន្ថែមទៅទៀត គាត់បានដាក់ពួកមេទ័ពឲ្យប្រចាំការនៅបណ្ដាក្រុងដ៏រឹងមាំក្នុងស្រុកយូដា។ ១៥ បន្ទាប់មក គាត់បានយករូបព្រះរបស់ជនជាតិដទៃនិងរូបឆ្លាក់ ចេញពីវិហារព្រះយេហូវ៉ា។+ គាត់ក៏បានបំផ្លាញទីបូជានានាដែលគាត់បានសង់នៅក្រុងយេរូសាឡិម និងនៅលើភ្នំដែលមានវិហារព្រះយេហូវ៉ា។+ រួចគាត់បានឲ្យគេជញ្ជូនយកទៅបោះចោលនៅក្រៅក្រុង។ ១៦ គាត់ក៏បានសង់ទីបូជារបស់ព្រះយេហូវ៉ាឡើងវិញ+ ហើយចាប់ផ្ដើមជូនគ្រឿងបូជានៃមេត្រីភាព+ និងគ្រឿងបូជាសម្រាប់អរគុណ+នៅលើទីបូជានោះ។ មិនត្រឹមតែប៉ុណ្ណោះ គាត់ក៏បានប្រាប់ពួកយូដាឲ្យបម្រើព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលសាជាថ្មី។ ១៧ ដូច្នេះ បណ្ដាជនក៏ចាប់ផ្ដើមជូនគ្រឿងបូជាដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ តែពួកគេធ្វើដូច្នោះនៅលើទីខ្ពស់ពិសិដ្ឋដូចពីមុនដដែល។
១៨ រីឯកិច្ចការទាំងប៉ុន្មានដែលម៉ាណាសេបានធ្វើ និងសេចក្ដីអធិដ្ឋានរបស់គាត់ ព្រមទាំងពាក្យសម្ដីរបស់ពួកអ្នកដែលទទួលការបើកបង្ហាញពីព្រះដែលបាននិយាយទៅកាន់គាត់ក្នុងនាមព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល គឺសុទ្ធតែបានត្រូវកត់ទុកក្នុងសៀវភៅនៃបណ្ដាស្ដេចស្រុកអ៊ីស្រាអែល។ ១៩ ក្នុងនោះក៏មានសេចក្ដីអធិដ្ឋានរបស់ម៉ាណាសេ+ និងរបៀបដែលព្រះបានបំពេញតាមការអង្វរសុំរបស់គាត់ ព្រមទាំងរាល់ការប្រព្រឹត្តខុសឆ្គងនិងគ្រប់ទង្វើមិនស្មោះត្រង់របស់គាត់+ ហើយក៏មានការបញ្ជាក់អំពីកន្លែងផ្សេងៗដែលគាត់បានសង់ទីខ្ពស់ពិសិដ្ឋ រួមទាំងការដំឡើងបង្គោលឈើពិសិដ្ឋ*+ និងការឆ្លាក់រូបព្រះមិនពិតមុនគាត់បានបន្ទាបខ្លួន។ អ្វីៗទាំងអស់នេះសុទ្ធតែបានត្រូវកត់ទុកក្នុងសៀវភៅរបស់ពួកអ្នកដែលទទួលការបើកបង្ហាញពីព្រះ។ ២០ ក្រោយមក ម៉ាណាសេបានស្លាប់ ហើយគេបានបញ្ចុះសពគាត់នៅវិមានរបស់គាត់។ រួចមក អេម៉ុនជាកូន បានគ្រប់គ្រងបន្ទាប់ពីគាត់។+
២១ ពេលអេម៉ុន+បានទៅជាស្ដេច គាត់មានអាយុ២២ឆ្នាំ។ គាត់បានគ្រប់គ្រងនៅក្រុងយេរូសាឡិមអស់រយៈពេលពីរឆ្នាំ។+ ២២ គាត់តែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត ដូចម៉ាណាសេឪពុកគាត់បានប្រព្រឹត្តដែរ។+ គាត់បានជូនគ្រឿងបូជាដល់រូបព្រះទាំងប៉ុន្មានដែលម៉ាណាសេបានឲ្យគេឆ្លាក់+ ហើយគាត់គោរពបម្រើដល់រូបព្រះទាំងនោះជានិច្ច។ ២៣ ប៉ុន្តែ គាត់មិនបានបន្ទាបខ្លួននៅចំពោះព្រះយេហូវ៉ា+ ដូចឪពុកគាត់ទេ។+ ផ្ទុយទៅវិញ គាត់បានធ្វើឲ្យខ្លួនមានទោសកាន់តែខ្លាំង។ ២៤ ក្រោយមក ពួកអ្នកបម្រើរបស់អេម៉ុនបានឃុបឃិតគ្នាក្បត់នឹងគាត់+ ហើយក៏សម្លាប់គាត់នៅក្នុងវិមានគាត់ទៅ។ ២៥ ប៉ុន្តែ បណ្ដាជនបានសម្លាប់ពួកអ្នកក្បត់ទាំងនោះចោល។+ រួចមក ពួកគេក៏បានតែងតាំងយ៉ូសៀស+ជាកូនរបស់អេម៉ុន ឲ្យគ្រប់គ្រងបន្ទាប់ពីគាត់។