ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៦-១២ ខែកញ្ញា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ការបំភ្លឺច្បាប់ ៣៣-៣៤
«ចូរពឹងជ្រកក្នុង‹ដៃដែលទ្រជាដរាប›របស់ព្រះយេហូវ៉ាចុះ!»
it-2-E ទំ.៥១
យេស៊ូរុន
គឺជាឋានៈមួយរបស់ជនជាតិអ៊ីស្រាអែល។ យោងទៅតាមសេចក្ដីបកប្រែគម្ពីរសេបធួជីនភាសាក្រិច ពាក្យ«យេស៊ូរុន»បានត្រូវបកប្រែថា «ជាទីស្រឡាញ់»។ ពាក្យ«យេស៊ូរុន»គួររំលឹកជនជាតិអ៊ីស្រាអែលអំពីកិច្ចព្រមព្រៀងដែលពួកគេបានធ្វើជាមួយព្រះយេហូវ៉ា និងថាពួកគេគួររក្សាភាពស្មោះត្រង់ចំពោះលោក។ (បច. ៣៣:៥, ២៦; អេ. ៤៤:២) នៅការបំភ្លឺច្បាប់៣២:១៥ ពាក្យយេស៊ូរុនបានត្រូវប្រើក្នុងន័យផ្ទុយ។ ជាជាងរស់នៅស្របតាមអត្ថន័យនៃពាក្យយេស៊ូរុន ជនជាតិអ៊ីស្រាអែលបានបះបោរ បោះបង់ចោលអ្នកបង្កើតពួកគេ ហើយមើលងាយអ្នកដែលសង្គ្រោះពួកគេ។
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-2-E ទំ.៤៣៩ វ.៣
ម៉ូសេ
ម៉ូសេស្លាប់ពេលគាត់មានអាយុ១២០ឆ្នាំ។ គម្ពីរបានបញ្ជាក់អំពីកម្លាំងរបស់ម៉ូសេដោយថា៖ «ភ្នែកគាត់មិនបានខ្សោយទេ ហើយកម្លាំងរបស់គាត់ក៏មិនបានចុះថយដែរ»។ ព្រះយេហូវ៉ាបានបញ្ចុះសពគាត់ ហើយរហូតមកដល់ឥឡូវ គ្មានអ្នកណាដឹងអំពីកន្លែងបញ្ចុះសពគាត់ទេ។ (បច. ៣៤:៥-៧) ដូច្នេះ នេះជួយការពារជនជាតិអ៊ីស្រាអែលឲ្យរួចផុតពីអន្ទាក់របស់សាសនាមិនពិត ដោយមិនធ្វើទីបូជានៅផ្នូររបស់គាត់។ តាមមើលទៅមេកំណាចព្យាយាមប្រើសពរបស់ម៉ូសេក្នុងគោលបំណងអាក្រក់មួយចំនួន ដោយសារយូដាសដែលជាអ្នកកាន់តាម និងជាប្អូនប្រុសរបស់លោកយេស៊ូបានសរសេរថា៖ «ពេលដែលមហាទេវតាមីកែលមានទំនាស់ជាមួយនឹងមេកំណាច ហើយជំទាស់អំពីសពរបស់ម៉ូសេ នោះលោកមិនហ៊ានផ្ដន្ទាទោសដោយពាក្យប្រមាថទេ។ ផ្ទុយទៅវិញ លោកមានប្រសាសន៍ថា៖ ‹សូមឲ្យព្រះយេហូវ៉ាស្ដីបន្ទោសអ្នកចុះ!›»។ (យូ. ៩) មុនឆ្លងចូលស្រុកកាណាន ក្រោមការដឹកនាំរបស់យ៉ូស្វេ ជនជាតិអ៊ីស្រាអែលបានធ្វើពិធីកាន់ទុក្ខសម្រាប់ម៉ូសេអស់៣០ថ្ងៃ។—បច. ៣៤:៨
ថ្ងៃទី២០-២៦ ខែកញ្ញា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យ៉ូស្វេ ៣-៥
«ព្រះយេហូវ៉ានឹងឲ្យពរដល់អ្នកដែលប្រព្រឹត្តដោយជំនឿ»
it-2-E ទំ.១០៥
ទន្លេយ៉ូដាន់
ធម្មតាផ្នែកនៃទន្លេយ៉ូដាន់នៅទាបជាងសមុទ្រកាលីឡេ មានជម្រៅពីមួយម៉ែត្រទៅ៣ម៉ែត្រ ហើយប្រហែលមានបណ្ដោយ២៧ម៉ែត្រទៅ៣០ម៉ែត្រ។ ប៉ុន្តែនៅរដូវផ្ការីក ទឹកទន្លេយ៉ូដាន់ឡើងលិចច្រាំងទន្លេ ហើយមានជម្រៅកាន់តែជ្រៅនិងមានបណ្ដោយវែងជាងធម្មតា។ (យ៉ូស. ៣:១៥) ពេលមានទឹកជន់ឡើងដូច្នេះ ជនជាតិអ៊ីស្រាអែលដែលរួមបញ្ចូលបុរស ស្ត្រីនិងក្មេងៗមិនអាចឆ្លងកាត់ទន្លេយ៉ូដាន់ដោយសុវត្ថិភាពឡើយ ជាពិសេសនៅជិតក្រុងយេរីខូ។ ខ្សែទឹកនៅទីនោះហូរលឿនណាស់ ហើយថ្មីៗនេះអ្នកដែលងូតទឹកនៅទន្លេនោះបានត្រូវទឹកកួចយកទៅ។ ផ្ទុយទៅវិញ ព្រះយេហូវ៉ាធ្វើអព្ភូតហេតុដោយបញ្ឈប់ទឹកទន្លេយ៉ូដាន់មិនឲ្យហូរ ហើយនាំឲ្យបណ្ដាជនអ៊ីស្រាអែលឆ្លងទន្លេនោះលើដីស្ងួត។ (យ៉ូស. ៣:១៤-១៧) ប៉ុន្មានសតវត្សរ៍ក្រោយមក អព្ភូតហេតុបែបនេះបានកើតឡើងចំពោះអេលីយ៉ាពេលគាត់នៅជាមួយអេលីសេ និងម្ដងទៀតពេលដែលអេលីសេនៅម្នាក់ឯង។—២បស. ២:៧, ៨, ១៣, ១៤
ថ្ងៃទី២៧ ខែកញ្ញា–ថ្ងៃទី៣ ខែតុលា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យ៉ូស្វេ ៦-៧
w៩៧-E ១៥/៨ ទំ.២៨ វ.២
ហេតុអ្វីត្រូវរាយការណ៍ពីអ្វីដែលអាក្រក់?
មូលហេតុមួយដែលយើងត្រូវរាយការណ៍ពីអំពើខុសឆ្គងគឺដើម្បីរក្សាភាពស្អាតស្អំនៅក្នុងក្រុមជំនុំ។ ព្រះយេហូវ៉ាគឺជាព្រះដែលស្អាតស្អំ ហើយបរិសុទ្ធ។ ដូច្នេះ លោកក៏តម្រូវឲ្យអ្នកបម្រើរបស់លោកទាំងអស់ស្អាតស្អំខាងការគោរពប្រណិប័តន៍ និងខាងសីលធម៌ដែរ។ បណ្ដាំរបស់លោកដាស់តឿនថា៖ «ក្នុងនាមជាកូនដែលស្ដាប់បង្គាប់ ចូរឈប់បណ្ដោយខ្លួនទៅតាមសេចក្ដីប៉ងប្រាថ្នាដែលអ្នករាល់គ្នាធ្លាប់មាន កាលដែលអ្នករាល់គ្នាមិនទាន់មានចំណេះអំពីព្រះនៅឡើយ។ ប៉ុន្តែ ចូរទៅជាមនុស្សបរិសុទ្ធក្នុងការប្រព្រឹត្តទាំងអស់ ដូចព្រះដ៏បរិសុទ្ធដែលបានហៅអ្នករាល់គ្នា ព្រោះបទគម្ពីរចែងថា៖ ‹អ្នករាល់គ្នាត្រូវតែបរិសុទ្ធ ព្រោះខ្ញុំបរិសុទ្ធ›»។ (១ពេ. ១:១៤-១៦) ពេលបុគ្គលណាម្នាក់ប្រព្រឹត្តអំពើស្មោកគ្រោកឬអំពើខុសឆ្គង នោះអាចនាំឲ្យក្រុមជំនុំទាំងមូលលែងមានភាពបរិសុទ្ធ ហើយព្រះយេហូវ៉ាលែងពេញចិត្តនឹងពួកគេទៀត បើបុគ្គលនោះមិនបានត្រូវប្រដៅតម្រង់ឬមិនបានត្រូវដកចេញពីក្រុមជំនុំ។—សូមពិនិត្យបន្ថែមយ៉ូស្វេ ជំពូកទី៧
ថ្ងៃទី៤-១០ ខែតុលា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យ៉ូស្វេ ៨-៩
«មេរៀនពីកំណត់ហេតុអំពីពួកអ្នកក្រុងគីបៀន»
it-1-E ទំ.៩៣០-៩៣១
ពួកអ្នកក្រុងគីបៀន
ទំនាក់ទំនងជាមួយយ៉ូស្វេ។ នៅសម័យរបស់យ៉ូស្វេ សាសន៍ហេវីរស់នៅក្នុងក្រុងគីបៀន ដែលជាសាសន៍មួយក្នុងចំណោមសាសន៍ទាំង៧នៃសាសន៍កាណានដែលនឹងត្រូវបំផ្លាញ។ (បច. ៧:១, ២; យ៉ូស. ៩:៣-៧) ពួកអ្នកក្រុងគីបៀនក៏បានត្រូវហៅថាជនជាតិអាម៉ូរីដែរ ហើយឈ្មោះនេះពេលខ្លះបានសំដៅទៅលើជនជាតិកាណានទាំងអស់។ (២សាំ. ២១:២; សូមពិនិត្យបន្ថែម ដក. ១០:១៥-១៨; ១៥:១៦) ខុសពីជនជាតិកាណានដ៏ទៃ ពួកអ្នកក្រុងគីបៀនទទួលស្គាល់ថាទោះជាពួកគេមានកម្លាំងទ័ព ហើយមានទីក្រុងដ៏រឹងមាំក្ដី តែអ្វីៗទាំងនេះនឹងមិនអាចយកឈ្នះពួកអ៊ីស្រាអែលទេ ដោយសារព្រះយេហូវ៉ាបានច្បាំងជំនួសពួកអ៊ីស្រាអែល។ ដូច្នេះ ក្រោយការបំផ្លាញក្រុងយេរីខូ និងអៃ ពួកបុរសពីក្រុងគីបៀនជាមួយនឹងពួកអ្នកតំណាងទីក្រុងនៃសាសន៍ហេវីបីឯទៀតគឺក្រុងកេភីរ៉ា ក្រុងបៀរ៉ូត និងក្រុងគារីអាតយារីម (យ៉ូស. ៩:១៧) បានទៅជួបយ៉ូស្វេនៅក្រុងគីលកាលដោយមានគោលបំណងចង់ចុះកិច្ចព្រមព្រៀងសន្តិភាព។ ពួកអ្នកតំណាងក្រុងគីបៀនបានស្លៀកសម្លៀកបំពាក់ និងពាក់ស្បែកជើងសង្រែកចាស់មានបំណះ និងយកថង់ស្បែកចាស់មានបំណះសម្រាប់ដាក់ស្រានិងនំប៉័ងក្រៀមផុយផង។ ពួកគេធ្វើដូច្នេះដើម្បីបន្លំថាពួកគេមកពីស្រុកឆ្ងាយ ហើយមិនប្រឆាំងនឹងការដណ្ដើមយកទឹកដីរបស់ពួកអ៊ីស្រាអែលទេ។ ពួកគេទទួលស្គាល់ថាព្រះយេហូវ៉ាបានជួយពួកអ៊ីស្រាអែលយកឈ្នះស្រុកអេហ្ស៊ីប និងស្ដេចទាំងពីររបស់សាសន៍អាម៉ូរីគឺស៊ីហុន និងអុក។ ប៉ុន្តែ ដោយប្រាជ្ញាពួកគេមិនបាននិយាយអំពីអ្វីដែលបានកើតឡើងនៅក្រុងយេរីខូនិងអៃទេ ដោយសារដំណឹងនេះមិនទាន់ទៅដល់«ស្រុកឆ្ងាយណាស់»របស់ពួកគេមុនពួកគេបានចាកចេញពីស្រុកនោះ។ ពួកអ្នកតំណាងជនជាតិអ៊ីស្រាអែលបានពិនិត្យមើល និងទទួលយកភ័ស្តុតាងរបស់ពួកគេ ហើយធ្វើកិច្ចព្រមព្រៀងនិងទុកជីវិតឲ្យពួកគេ។—យ៉ូស. ៩:៣-១៥
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-1-E ទំ.១០៣០
ការព្យួរ
ក្រោមច្បាប់ដែលព្រះយេហូវ៉ាបានឲ្យពួកអ៊ីស្រាអែល ឧក្រិដ្ឋជនខ្លះបានត្រូវព្យួរនៅលើបង្គោលឈើក្រោយស្លាប់ ជាអ្នកដែល«ត្រូវបណ្ដាសាពីព្រះ» និងបានត្រូវបង្ហាញនៅទីសាធារណៈដើម្បីជាការព្រមាន។ ដូច្នេះ សពដែលបានព្យួរឡើងត្រូវគេដាក់ចុះមុនពេលយប់ ហើយយកទៅបញ្ចុះក្រោយមក ដោយសារការទុកសពនៅលើបង្គោលឈើពេញមួយយប់ នឹងធ្វើឲ្យទឹកដីដែលព្រះយេហូវ៉ាបានប្រគល់ឲ្យពួកអ៊ីស្រាអែលទៅជាមិនស្អាតបរិសុទ្ធ។ (បច. ២១:២២, ២៣) ជនជាតិអ៊ីស្រាអែលធ្វើតាមច្បាប់នេះ ទោះបីជាអ្នកដែលត្រូវប្រហារជីវិតមិនមែនជាជនជាតិអ៊ីស្រាអែលក៏ដោយ។—យ៉ូស. ៨:២៩; ១០:២៦, ២៧
ចូរខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ
it-1-E ទំ.៥២០
កិច្ចព្រមព្រៀង
គឺជាកិច្ចសន្យារវាងមនុស្សពីរនាក់ឬច្រើនជាង ថាពួកគេនឹងធ្វើឬមិនធ្វើអ្វីមួយ។ ពាក្យភាសាហេប្រឺ បេរីតបានត្រូវប្រើជាង២៨០ដងក្នុងគម្ពីរភាសាហេប្រឺ ហើយច្រើនជាង៨០ដងនៅក្នុងសៀវភៅប្រាំក្បាលដំបូងដែលម៉ូសេបានសរសេរ។ ពាក្យនេះមានន័យថា«កិច្ចព្រមព្រៀង» ដែលស្រដៀងនឹងពាក្យដែលគេប្រើខាងផ្នែកច្បាប់ថា«កិច្ចសន្យា»។ នេះបានបញ្ជាក់នៅលើអក្សរចារឹកខូនីហ្វម ដែលត្រូវបានរកឃើញនៅឆ្នាំ១៩២៧ នៅក្រុងអូដណា ដែលជាទីក្រុងរបស់សាសន៍ដ៏ទៃពីសម័យបុរាណនៅជិតក្រុងហាម៉ាត។ ឯកសារស្រាវជ្រាវមួយបានបញ្ជាក់ថា៖ «ព័ត៌មាននៅលើផ្ទាំងអក្សរចារឹកទាំង២[ក្នុងចំណោម១៥ដែលបានត្រូវរកឃើញ]គឺស្រួលយល់។ ផ្ទាំងទី១មានតារាងឈ្មោះ... ហើយផ្ទាំងទី២មានតារាងម្ហូបអាហារ។ ផ្ទាំងទី១ជាកិច្ចសន្យាដែលបញ្ជាក់ថាបុរសម្នាក់... បានយល់ព្រមបម្រើបុគ្គលណាម្នាក់ឬបំពេញភារកិច្ចណាមួយ។ ផ្ទាំងទី២ដែលបានត្រូវសរសេរដោយអ្នកកត់ត្រាច្បាប់ដដែលនោះ បញ្ជាក់អំពីព័ត៌មានជាក់លាក់នៃកិច្ចសន្យានោះ ហើយប្រាប់ថាពួកបុរសទាំងនោះនឹងត្រូវទទួលម្ហូបអាហារប៉ុន្មានសម្រាប់កិច្ចការដែលពួកគេបានធ្វើ... បេរីតឬ‹កិច្ចព្រមព្រៀង›របស់ជនជាតិអ៊ីស្រាអែលគឺជាចំណុចសំខាន់ចំពោះពួកអ្នកដែលទទួលស្គាល់នាមរបស់ព្រះយេហូវ៉ា។ នេះគឺជាឯកសារបន្ថែមក្រៅពីគម្ពីរដំបូងដែលបញ្ជាក់អំពីពាក្យនេះ ដែលបានត្រូវរកឃើញពីសម័យមុន ពោលគឺនៅដើមសតវត្សរ៍ទី១៤មុនគ.ស» (Bulletin of the American Schools of Oriental Research, February 1.951, p. 22.)។
ក្នុងសេចក្ដីបកប្រែបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច ពាក្យដៃអាធឺគេបានត្រូវបកប្រែថា«កិច្ចព្រមព្រៀង» «បណ្ដាំមត៌ក» និង«សញ្ញា»។ ប៉ុន្តែ សព្វវចនាធិប្បាយរបស់លោកម៉ាក់ខ្លិនថុកនិងលោកស្ត្រង (ឆ្នាំ១៨៩១) បានពន្យល់អំពី«កិច្ចព្រមព្រៀង»ថា៖ «មើលទៅពាក្យនេះបញ្ជាក់អត្ថន័យត្រឹមត្រូវ ដូច្នេះមិនចាំបាច់បង្កើតឬប្រើពាក្យណាផ្សេងឡើយ។ សេចក្ដីបកប្រែសេបធួជីនជាភាសាក្រិចបានប្រើពាក្យកិច្ចព្រមព្រៀងជាទៀងទាត់ពេលបកពាក្យភាសាហេប្រឺបេរីត ដោយមិនបានប្រើពាក្យបណ្ដាំមត៌ក ឬសញ្ញានោះទេ។ បន្ថែមទៅទៀត ក្នុងករណីភាគច្រើន ពាក្យដែលបានប្រើនៅសញ្ញាចាស់សម្រាប់‹កិច្ចព្រមព្រៀង›ក៏បានត្រូវបកប្រែដូច្នេះក្នុងសញ្ញាថ្មីដែរ»។
it-1-E ទំ.៥២៥ វ.១
កិច្ចព្រមព្រៀង
កិច្ចព្រមព្រៀងផ្សេងៗ។ (ក) យ៉ូស្វេនិងពួកមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែលបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងពួកអ្នកក្រុងគីបៀនឲ្យពួកគេរួចរស់ជីវិត។ ទោះជាពួកគេគឺជាជនជាតិកាណានដែលព្រះបានដាក់បណ្ដាសា ហើយដែលជនជាតិអ៊ីស្រាអែលត្រូវបំផ្លាញចោលក៏ដោយ ប៉ុន្តែដោយសារកិច្ចព្រមព្រៀងជាអ្វីដែលមិនអាចបំបាត់បាន នោះពួកអ៊ីស្រាអែលបានទុកជីវិតឲ្យពួកគេ។ ប៉ុន្តែ ពួកគេត្រូវបណ្ដាសាពេលដែលពួកគេបានក្លាយទៅជាអ្នកកាប់ប្រមូលអុស និងដងទឹកឲ្យបណ្ដាជនអ៊ីស្រាអែល។ (យ៉ូស. ៩:១៥, ១៦, ២៣-២៧)
ថ្ងៃទី១១-១៧ ខែតុលា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យ៉ូស្វេ ១០-១១
«ព្រះយេហូវ៉ាច្បាំងជំនួសជនជាតិអ៊ីស្រាអែល»
it-1-E ទំ.៥០
អាដូណាយសេដិក
ជាស្ដេចនៃទីក្រុងយេរូសាឡិមនៅពេលដែលពួកអ៊ីស្រាអែលបានដណ្ដើមយកទឹកដីដែលព្រះបានសន្យា។ ស្ដេចអាដូណាយសេដិកបានរួមដៃគ្នាជាមួយនឹងរាជាណាចក្រឯទៀតដែលនៅខាងលិចទន្លេយ៉ូដាន់ក្នុងបំណងបញ្ឈប់កងទ័ពរបស់យ៉ូស្វេ។ (យ៉ូស. ៩:១-៣) ប៉ុន្តែ សាសន៍ហេវីដែលរស់នៅក្រុងគីបៀនបានធ្វើកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងយ៉ូស្វេ។ ដូច្នេះ ដោយមិនចង់បាត់បង់កងទ័ពថែមទៀត ស្ដេចអាដូណាយសេដិករួមកងកម្លាំងជាមួយស្ដេចសាសន៍អាម៉ូរីទាំងបួន ហើយឡោមព័ទ្ធក្រុងគីបៀននិងលើកទ័ពទៅច្បាំងនឹងពួកគេ។ យ៉ូស្វេបានសង្គ្រោះអ្នកក្រុងគីបៀនយ៉ាងអស្ចារ្យ ហើយបានយកឈ្នះកងទ័ពដែលរួមគ្នាដោយស្ដេចទាំងប្រាំនោះ។ ក្រោយមកស្ដេចទាំងប្រាំនោះបានរត់ទៅក្រុងម៉ាកេដា ហើយជាប់ខ្លួននៅក្នុងរូងភ្នំ។ យ៉ូស្វេបានសម្លាប់ស្ដេចអាដូណាយសេដិក និងស្ដេចបួនអង្គទៀតនៅមុខកងទ័ពរបស់ពួកគេ ហើយក្រោយមកព្យួរស្ដេចទាំងនោះនៅលើបង្គោលឈើ។ នៅទីបំផុត សពរបស់ស្ដេចទាំងនោះត្រូវយកទៅបោះចោលក្នុងរូងភ្នំ ដែលបានក្លាយទៅជាទីបញ្ចុះសពរបស់ពួកគេ។—យ៉ូស. ១០:១-២៧
it-1-E ទំ.១០២០
ដុំទឹកកក
ព្រះយេហូវ៉ាបានប្រើដុំទឹកកក។ ដុំទឹកកកគឺជាកម្លាំងមួយដែលព្រះយេហូវ៉ាបានប្រើដើម្បីសម្រេចតាមប្រសាសន៍របស់លោក និងដើម្បីបង្ហាញអំពីឫទ្ធានុភាពរបស់លោក។ (ចសព. ១៤៨:១, ៨; អេ. ៣០:៣០) ព្រឹត្តិការណ៍ទី១អំពីដុំទឹកកកគឺកើតឡើងនៅក្នុងសេចក្ដីវេទនាទី៧នៅស្រុកអេហ្ស៊ីប។ ពេលនោះដុំទឹកកកធ្លាក់មកបំផ្លាញចំការ ដើមឈើ ហើយសម្លាប់ទាំងមនុស្សទាំងសត្វ ប៉ុន្តែមិនបានប៉ះពាល់ដល់ជនជាតិអ៊ីស្រាអែលដែលរស់នៅស្រុកកូសែនទេ។ (ដច. ៩:១៨-២៦; ចសព. ៧៨:៤៧, ៤៨; ១០៥:៣២, ៣៣) ក្រោយមកនៅស្រុកសន្យា ពេលជនជាតិអ៊ីស្រាអែលនៅក្រោមការដឹកនាំរបស់យ៉ូស្វេ បានទៅសង្គ្រោះអ្នកក្រុងគីបៀន ហើយស្ដេចសាសន៍អាម៉ូរីទាំងប្រាំបានរួមដៃគ្នាមកប្រឆាំង នោះព្រះយេហូវ៉ាបានប្រើដុំទឹកកកដើម្បីវាយប្រហារស្ដេចទាំងនោះ។ នៅពេលនោះ ចំនួនមនុស្សដែលស្លាប់ដោយសារដុំទឹកកកច្រើនជាងចំនួនមនុស្សដែលស្លាប់ដោយសារការប្រយុទ្ធគ្នា។—យ៉ូស. ១០:៣-៧, ១១
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
w០៩ ១៥/៣ ទំ.៣២ វ.៥
សំណួរពីអ្នកអាន
គម្ពីររៀបរាប់អំពីឈ្មោះសៀវភៅមួយចំនួន ហើយសៀវភៅទាំងនោះអាចមានប្រយោជន៍មែន តែយើងមិនគួរសន្និដ្ឋានថាសៀវភៅទាំងនោះបានត្រូវសរសរក្រោមការដឹកនាំរបស់ព្រះទេ។ ក៏ប៉ុន្តែ ព្រះយេហូវ៉ាបានរក្សាទុកសៀវភៅទាំងអស់ដែលជា«បណ្ដាំរបស់ព្រះនៃយើង» ហើយសៀវភៅទាំងនេះនឹង«នៅស្ថិតស្ថេរជាដរាប»។ (អេ. ៤០:៨) ពិតមែន អ្វីដែលព្រះយេហូវ៉ាបានសម្រេចឲ្យកត់ទុកក្នុងសៀវភៅទាំង៦៦ក្បាលក្នុងគម្ពីរ គឺជាអ្វីដែលយើងត្រូវការដើម្បីជួយយើងឲ្យ«មានសមត្ថភាពពេញលេញ និងត្រៀមលក្ខណៈសព្វគ្រប់ដើម្បីធ្វើការល្អគ្រប់យ៉ាង»។—២ធី. ៣:១៦, ១៧
ថ្ងៃទី១៨-២៤ ខែតុលា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យ៉ូស្វេ ១២-១៤
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-1-E ទំ.៩០២-៩០៣
កេបាល
ព្រះយេហូវ៉ាបានរួមបញ្ចូល«ទឹកដីក្រុងកេបាល»ក្នុងចំណោមតំបន់ផ្សេងៗដែលជនជាតិអ៊ីស្រាអែលត្រូវដណ្ដើមយកនៅសម័យយ៉ូស្វេ។ (យ៉ូស. ១៣:១-៥) ប៉ុន្តែអ្នកខ្លះបាននិយាយថា នេះគឺមិនត្រឹមត្រូវទេ ដោយសារទីក្រុងកេបាលស្ថិតនៅខាងជើងឆ្ងាយណាស់ពីស្រុកអ៊ីស្រាអែល (ប្រហែល១០០គីឡូម៉ែត្រខាងជើងពីទឹកដីរបស់កុលសម្ព័ន្ធដាន់) ហើយតាមមើលទៅក្រុងនោះមិនដែលស្ថិតនៅក្រោមអំណាចរបស់ជនជាតិអ៊ីស្រាអែលទេ។ បណ្ឌិតគម្ពីរខ្លះបាននិយាយថា ឯកសារជាភាសាហេប្រឺនៅខនេះខ្លះប្រហែលជាបានខូច ដូច្នេះគេប៉ាន់ស្មានថាខនេះចង់បញ្ជាក់ថា«ទឹកដីនៅជាប់ស្រុកល្បាណូន» ឬ‹រហូតដល់ព្រំដែនអ្នកក្រុងកេបាល›។ ក៏ប៉ុន្តែ សូមចាំថាសេចក្ដីសន្យារបស់ព្រះយេហូវ៉ានៅយ៉ូស្វេ ១៣:២-៧ មានល័ក្ខខ័ណ្ឌ។ ដូច្នេះ ជនជាតិអ៊ីស្រាលអែលប្រហែលមិនបានទទួលទឹកដីក្រុងកេបាលទេដោយសារពួកគេមិនបានស្ដាប់បង្គាប់។—សូមពិនិត្យបន្ថែម យ៉ូស. ២៣:១២, ១៣
ថ្ងៃទី២៥-៣១ ខែតុលា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យ៉ូស្វេ ១៥-១៧
«ចូរការពារមត៌កដ៏មានតម្លៃរបស់អ្នក»
it-1-E ទំ.១០៨៣ វ.៣
ទីក្រុងហេប្រុន
កាលដែលជំរុំរបស់ជនជាតិអ៊ីស្រាអែលនៅផ្នែកខាងត្បូងនៃស្រុកកាណាន អ្នកក្រុងហេប្រុនរួមបញ្ចូលទាំងស្ដេចរបស់ពួកគេ (តាមមើលទៅអ្នកដែលស្នងរាជ្យរបស់ហូហាំ) បានត្រូវបំផ្លាញនិងសម្លាប់ចោល។ (យ៉ូស. ១០:៣៦, ៣៧) ក៏ប៉ុន្តែ ទោះជាក្រោមការដឹកនាំរបស់យ៉ូស្វេ ជនជាតិអ៊ីស្រាអែលបានយកឈ្នះជនជាតិកាណានក៏ដោយ តែតាមមើលទៅពួកគេមិនបានទុកទ័ពខ្លះដើម្បីការពារទឹកដីនោះទេ។ ក្រោយមក ពេលជនជាតិអ៊ីស្រាអែលទៅច្បាំងនៅកន្លែងផ្សេង សាសន៍អេណាគីមចូលមករស់នៅទីក្រុងហេប្រុន។ ដូច្នេះ អស់មួយរយៈក្រោយមក កាលែប (ឬកូនប្រុសយូដាក្រោមការដឹកនាំរបស់កាលែប) ត្រូវដណ្ដើមយកទីក្រុងនោះម្ដងទៀត។ (យ៉ូស. ១១:២១-២៣; ១៤:១២-១៥; ១៥:១៣, ១៤; អសក. ១:១០) ដំបូងឡើយទីក្រុងហេប្រុនបានត្រូវប្រគល់ឲ្យកាលែបពីកុលសម្ព័ន្ធយូដា តែក្រោយមកបានត្រូវធ្វើជាទីក្រុងពំនាក់វិញ។ ក្រុងនោះក៏ក្លាយទៅជាក្រុងរបស់ពួកសង្ឃដែរ។ ប៉ុន្តែ ‹ដីវាលនិងភូមិផ្សេងៗរបស់ក្រុងនោះ›បានត្រូវប្រគល់ជូនកាលែបជាមត៌ក។—យ៉ូស. ១៤:១៣, ១៤; ២០:៧; ២១:៩-១៣
it-1-E ទំ.៨៤៨
បង្ខំគេឲ្យធ្វើការយ៉ាងធ្ងន់
ការ«បង្ខំគេឲ្យធ្វើការយ៉ាងធ្ងន់»ជាទម្លាប់មួយដែលគេចូលចិត្តធ្វើនៅសម័យគម្ពីរ ជាពិសេសពេលអ្នកដែលឈ្នះក្នុងសង្គ្រាមបានចាប់ខាងអ្នកដែលចាញ់យកទៅធ្វើជាខ្ញុំបម្រើ។ (បច. ២០:១១; យ៉ូស. ១៦:១០; ១៧:១៣; អេធ. ១០:១; អេ. ៣១:៨; បទំ. ១:១) ជនជាតិអ៊ីស្រាអែលធ្លាប់ជាខ្ញុំបម្រើជនជាតិអេហ្ស៊ីប ហើយក្រោមការត្រួតត្រារបស់ពួកអេហ្ស៊ីប ពួកគេបានត្រូវបង្ខំឲ្យធ្វើការធ្ងន់ៗដើម្បីសង់ឃ្លាំងនៅក្នុងទីក្រុងភីថំនិងរ៉ាមស៊ីស។ (ដច. ១:១១-១៤) ក្រោយជនជាតិអ៊ីស្រាអែលបានចូលទៅស្រុកសន្យា ជាជាងធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ាដែលឲ្យបណ្ដេញឬបំផ្លាញជនជាតិកាណានទាំងអស់ចេញពីស្រុកនោះ ពួកគេបានបង្ខំជនជាតិកាណានឲ្យធ្វើការយ៉ាងធ្ងន់ និងធ្វើជាខ្ញុំបម្រើរបស់ពួកគេវិញ។ នេះមានឥទ្ធិពលអាក្រក់ទៅលើជនជាតិអ៊ីស្រាអែល ដោយសារពួកគេបានត្រូវល្បួងឲ្យគោរពប្រណិប័តន៍ព្រះមិនពិត។ (យ៉ូស. ១៦:១០; អសក. ១:២៨; ២:៣, ១១, ១២) ស្ដេចសាឡូម៉ូននៅតែបន្តបង្ខំកូនចៅនៃសាសន៍កាណានឲ្យធ្វើការធ្ងន់ៗ នេះរួមបញ្ចូលសាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស។—១បស. ៩:២០, ២១
it-1-E ទំ.៤០២ វ.៣
កាណាន
ទោះជាជនជាតិកាណានជាច្រើនរួចរស់ជីវិត ហើយមិនព្រមចុះចូលនឹងជនជាតិអ៊ីស្រាអែលក៏ដោយ តែយើងអាចនិយាយថា៖ «ព្រះយេហូវ៉ាបានឲ្យទឹកដីទាំងអស់ដល់ជនជាតិអ៊ីស្រាអែល តាមពាក្យដែលលោកបានស្បថថានឹងឲ្យដល់បុព្វបុរសរបស់ពួកគេ» ហើយលោកបានឲ្យពួកគេមាន«សេចក្ដីសុខសាន្តគ្រប់ទិសទី» ព្រមទាំង«ក្នុងចំណោមសេចក្ដីសន្យាដ៏ប្រសើរទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានធ្វើជាមួយនឹងកូនចៅអ៊ីស្រាអែល លោកបានធ្វើឲ្យសេចក្ដីសន្យាទាំងអស់ក្លាយជាការពិត។ គ្មានសេចក្ដីសន្យាណាមួយដែលមិនកើតឡើងឡើយ»។ (យ៉ូស. ២១:៤៣-៤៥) នៅជុំវិញទឹកដីជនជាតិអ៊ីស្រាអែល គ្មានអ្នកណាហ៊ានវាយប្រហារពួកគេឡើយ។ ព្រះយេហូវ៉ាបានមានប្រសាសន៍ថាលោកនឹងបណ្ដេញជនជាតិកាណាន«បន្តិចម្ដងៗ» ដើម្បីកុំឲ្យសត្វព្រៃកើនឡើងច្រើនក្នុងស្រុកនោះ។ (ដច. ២៣:២៩, ៣០; បច. ៧:២២) ជនជាតិកាណានមានគ្រឿងចម្បាំងដែលខ្លាំងជាង ដូចជារទេះចម្បាំងនីមួយៗមានដែកវែងមុតស្រួចចេញពីដុំកង់រទេះ។ ប៉ុន្តែព្រះយេហូវ៉ានឹងជួយពួកអ៊ីស្រាអែលឲ្យយកឈ្នះជនជាតិកាណាន តែបើជនជាតិអ៊ីស្រាអែលបរាជ័យក្នុងការទៅដណ្ដើមយកតំបន់ណាមួយរបស់ពួកគេ នោះមិនមែនដោយសារព្រះយេហូវ៉ាមិនបានធ្វើតាមសេចក្ដីសន្យាយរបស់លោកឡើយ។ (យ៉ូស. ១៧:១៦-១៨; អសក. ៤:១៣) ផ្ទុយទៅវិញ កំណត់ហេតុបង្ហាញថាពេលជនជាតិអ៊ីស្រាអែលបរាជ័យ នេះគឺដោយសារពួកគេមិនបានបង្ហាញភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា។—ជប. ១៤:៤៤, ៤៥; យ៉ូស. ៧:១-១២
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
w១៥-E ១៥/៧ ទំ.៣២
តើអ្នកដឹងទេ?
តើនៅអ៊ីស្រាអែលសម័យបុរាណមានតំបន់ព្រៃច្រើនដូចបានរៀបរាប់ក្នុងគម្ពីរឬទេ?
គម្ពីររៀបរាប់អំពីតំបន់ខ្លះនៅក្នុងស្រុកសន្យាដែលមានព្រៃឈើ«ច្រើនសន្ធឹក»។ (១បស. ១០:២៧; យ៉ូស. ១៧:១៥, ១៨) ប៉ុន្តែ សព្វថ្ងៃនេះមានតំបន់ជាច្រើនដែលត្រូវគេកាប់ព្រៃចោល ដូច្នេះពួកគេឆ្ងល់ថា តើពិតជាធ្លាប់មានព្រៃច្រើននៅទីនោះពេលមុនទេ?
សៀវភៅមួយពន្យល់ថា៖«នៅអ៊ីស្រាអែលសម័យបុរាណមានព្រៃច្រើនជាងអ្វីដែលយើងអាចឃើញសព្វថ្ងៃ»។ (Life in Biblical Israel) នៅតំបន់ខ្ពង់រាបគ្របដណ្ដប់ទៅដោយដើមស្រល់ម្យ៉ាង និងដើមអុកច្រើនសន្ធឹក។ នៅស្រុកទំនាប ដែលជាតំបន់រវាងជើងភ្នំនិងឆ្នេរសមុទ្រមេឌីទែរ៉ានេ ក៏សម្បូរដើមឧទុម្ពរដែរ។
សៀវភៅមួយដែលពន្យល់អំពីរុក្ខជាតិដែលមានក្នុងសម័យគម្ពីរបានចែងថា កន្លែងខ្លះនៅស្រុកអ៊ីស្រាអែលឥឡូវនេះលែងមានដើមឈើទៀតហើយ។ (Plants of the Bible) តើមានអ្វីកើតឡើង? សៀវភៅនោះពន្យល់ថា នេះកើតឡើងបន្តិចម្ដងៗដោយថា៖ «មនុស្សជាតិតែងតែបង្ខូចធម្មជាតិ ភាគច្រើនដោយសារពួកគេចង់ពង្រីកដីដើម្បីធ្វើចំការ ធ្វើលំនៅ ឬធ្វើអ្វីផ្សេងទៀត»។