ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៣-៩ ខែមករា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | អ្នកសម្រេចក្ដី ១៥-១៦
ចូរខំស្វែងរកចំណេះពីបណ្ដាំរបស់ព្រះ
w០៥-E ១៥/៣ ទំ.២៧ វ.៦
សាំសុនទទួលជ័យជំនះដោយសារកម្លាំងពីព្រះយេហូវ៉ា!
សាំសុនបានផ្ចង់អារម្មណ៍ក្នុងការសម្រេចគោលបំណងរបស់គាត់ ពោលគឺការបំផ្លាញពួកភីលីស្ទីន។ គាត់បានស្នាក់នៅក្នុងផ្ទះរបស់ស្ត្រីពេស្យាម្នាក់នៅក្រុងកាសាដើម្បីគាត់អាចវាយប្រហារសត្រូវរបស់ព្រះ។ ប៉ុន្តែ សាំសុនមិនបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ជាមួយនឹងស្ត្រីពេស្យានោះទេ។ គាត់បានចាកចេញពីផ្ទះរបស់ស្ត្រីនោះនៅកណ្ដាលអធ្រាត្រ ហើយចាប់ទាញទ្វារកំពែងក្រុង និងសសរទាំងពីរ។ បន្ទាប់មក គាត់បានលីអ្វីទាំងអស់នោះ យកទៅលើកំពូលភ្នំនៅទល់មុខក្រុងហេប្រុន ដែលមានចម្ងាយ៦០គីឡូម៉ែត្រ។ នេះអាចកើតឡើងបានដោយសារព្រះពេញចិត្ត ហើយផ្ដល់កម្លាំងឲ្យគាត់។—អ្នកសម្រេចក្ដី ១៦:១-៣
ថ្ងៃទី១០-១៦ ខែមករា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | អ្នកសម្រេចក្ដី ១៧-១៩
«ការមិនធ្វើតាមច្បាប់របស់ព្រះនាំឲ្យមានបញ្ហា»
it-2-E ទំ.៣៩០-៣៩១
មីកា
១. ជាបុរសម្នាក់ដែលមកពីកុលសម្ព័ន្ធអេប្រាអ៊ីម។ គាត់បានបំពានបញ្ញត្ដិទី៨នៃបញ្ញត្ដិទាំង១០ប្រការ (ដច. ២០:១៥) ដោយលួចប្រាក់១.១០០កាក់ពីម្ដាយរបស់គាត់។ ពេលគាត់សារភាពហើយឲ្យប្រាក់ទៅម្ដាយវិញ ម្ដាយគាត់បាននិយាយថា៖ «ម៉ែនឹងប្រគល់ប្រាក់ទាំងនេះទុកជារបស់បរិសុទ្ធជូនព្រះយេហូវ៉ា។ ម៉ែចង់ឲ្យកូនប្រើប្រាក់ទាំងនេះដើម្បីឆ្លាក់រូបព្រះ និងធ្វើរូបសំណាកសម្រាប់កូនផ្ទាល់។ ឥឡូវកូនទុកប្រាក់ទាំងនេះចុះ»។ ក្រោយមក ម្ដាយគាត់បានយក២០០កាក់ទៅឲ្យជាងប្រាក់ ដែលបានឆ្លាក់«រូបព្រះ និងរូបសំណាក» រួចរូបទាំងពីរនោះបានត្រូវយកទៅដាក់ក្នុងផ្ទះរបស់មីកា។ មីកាមាន«ផ្ទះមួយសម្រាប់រូបព្រះ» ហើយគាត់បានធ្វើអាវអេផូឌ និងរូបធេរ៉ាភីម ព្រមទាំងតែងតាំងកូនប្រុសម្នាក់របស់គាត់ ឲ្យបម្រើជាសង្ឃសម្រាប់គាត់។ ទោះជាគាត់បានរៀបចំអ្វីទាំងនោះដើម្បីចង់លើកកិត្តិយសព្រះយេហូវ៉ាក៏ដោយ តែតាមពិតគាត់កំពុងធ្វើខុសធ្ងន់ធ្ងរដោយបំពានបញ្ញត្តិដែលហាមមិនឲ្យគោរពបូជារូបព្រះ (ដច. ២០:៤-៦) ហើយមិនធ្វើតាមការរៀបចំរបស់ព្រះយេហូវ៉ាស្ដីអំពីត្រសាល និងគណៈសង្ឃ។ (អសក. ១៧:១-៦; បច. ១២:១-១៤) ក្រោយមក មីកាបានជួបយុវជនម្នាក់ឈ្មោះយ៉ូណាថាន ជាកូនចៅរបស់គើសោម ដែលជាកូនរបស់ម៉ូសេ ហើយបានឲ្យគាត់ស្នាក់នៅក្នុងផ្ទះ ថែមទាំងបានជួលគាត់ឲ្យធ្វើជាសង្ឃសម្រាប់គាត់ដែរ។ (អសក. ១៨:៤, ៣០) មីកាយល់ខុសថាព្រះពេញចិត្តនឹងអ្វីដែលគាត់បានធ្វើ ដោយនិយាយថា៖ «ពេលនេះ ខ្ញុំដឹងថាព្រះយេហូវ៉ានឹងឲ្យពរខ្ញុំជាមិនខាន»។ (អសក. ១៧:៧-១៣) ប៉ុន្តែយ៉ូណាថានមិនមែនជាកូនចៅរបស់អេរ៉ុនទេ ដូច្នេះគាត់មិនមានសិទ្ធិធ្វើជាសង្ឃឡើយ ហើយនេះបានធ្វើឲ្យកំហុសរបស់មីកាកាន់តែធ្ងន់ធ្ងរថែមទៀត។—ជប. ៣:១០
it-2-E ទំ.៣៩១ វ.២
មីកា
មិនយូរក្រោយពីនេះ មីកានិងពួកអ្នកជិតខាងបានប្រមូលគ្នាដេញតាមពួកកុលសម្ព័ន្ធដាន់។ ពេលតាមទាន់ពួកគេ មីកានិយាយថា៖ «ពួកអ្នកបានយករូបព្រះរបស់ខ្ញុំ ថែមទាំងនាំសង្ឃរបស់ខ្ញុំទៅទៀត... ឥឡូវ ខ្ញុំគ្មានសល់អ្វីទេ»។ នៅពេលនោះពួកកុលសម្ព័ន្ធដាន់បានព្រមានមីកាថា ពួកគេនឹងវាយប្រហារគាត់ បើគាត់នៅតែបន្តដេញតាមនិងស្រែកគំហកដាក់ពួកគេ។ ដោយឃើញថាពួកគេមានកម្លាំងច្រើនជាងខ្លួន នោះមីកាបានត្រឡប់ទៅផ្ទះវិញ។ (អសក. ១៨:២២-២៦) ក្រោយមក ពួកកុលសម្ព័ន្ធដាន់បានចាប់យកនិងបំផ្លាញក្រុងឡាអ៊ីស ហើយបានសាងសង់ទីក្រុងរបស់ពួកគេនៅទីនោះ។ យ៉ូណាថាននិងកូនៗរបស់គាត់បានក្លាយទៅជាសង្ឃរបស់ពួកកុលសម្ព័ន្ធដាន់ ហើយ«រូបឆ្លាក់របស់មីកាបានត្រូវតម្កល់ទុកនៅក្រុងនោះ ក្នុងអំឡុងពេលដែលត្រសាលរបស់ព្រះពិតនៅក្រុងស៊ីឡូរ»។—អសក. ១៨:២៧-៣១
ចូរខំស្វែងរកចំណេះពីបណ្ដាំរបស់ព្រះ
ថ្ងៃទី១៧-២៣ ខែមករា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | អ្នកសម្រេចក្ដី ២០-២១
«ចូរបន្តសុំការណែនាំពីព្រះយេហូវ៉ា»
w១១-E ១៥/៩ ទំ.៣២ វ.២
តើអ្នកអាចធ្វើដូចភីនេហាសពេលជួបការពិបាកឬទេ?
ក្រោយពីពួកអ្នកក្រុងគីបៀ ដែលមកពីកុលសម្ព័ន្ធបេនយ៉ាមីន បានរំលោភនិងសម្លាប់ប្រពន្ធរបស់លេវីម្នាក់យ៉ាងសាហាវព្រៃផ្សៃ នោះកុលសម្ព័ន្ធឯទៀតបានចេញទៅច្បាំងនឹងកុលសម្ព័ន្ធបេនយ៉ាមីន។ (អសក. ២០:១-១១) ពួកគេបានអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ាមុននឹងចេញទៅច្បាំង ប៉ុន្តែពួកគេបានបរាជ័យពីរដង ថែមទាំងបាត់បង់ទាហានជាច្រើន។ (អសក. ២០:១៤-២៥) តើពួកគេគិតថាព្រះមិនតបឆ្លើយចំពោះសេចក្ដីអធិដ្ឋានរបស់ពួកគេឬ? តើព្រះយេហូវ៉ាពិតជាចង់ឲ្យពួកគេសងសឹងនឹងកុលសម្ព័ន្ធបេនយ៉ាមីនឬទេ?
w១១-E ១៥/៩ ទំ.៣២ វ.៤
តើអ្នកអាចធ្វើដូចភីនេហាសពេលជួបការពិបាកឬទេ?
តើយើងអាចរៀនមេរៀនអ្វីពីកំណត់ហេតុនេះ? បញ្ហាខ្លះក្នុងក្រុមជំនុំនៅតែមាន ទោះជាពួកអ្នកចាស់ទុំខំព្យាយាមដោះស្រាយ និងអធិដ្ឋានសុំជំនួយពីព្រះក៏ដោយ។ បើរឿងនេះកើតឡើង ពួកអ្នកចាស់ទុំអាចនឹកចាំពីប្រសាសន៍របស់លោកយេស៊ូដែលថា៖ «ចូរសុំ[ឬអធិដ្ឋាន]ឥតឈប់ នោះអ្នកនឹងទទួល ចូររកឥតឈប់ នោះអ្នកនឹងរកឃើញ ចូរគោះទ្វារឥតឈប់ នោះទ្វារនឹងត្រូវបើកឲ្យ»។ (លូកា ១១:៩) ទោះបីជាមិនទទួលចម្លើយភ្លាមៗក្ដី ពួកអ្នកចាស់ទុំអាចជឿជាក់ថាព្រះយេហូវ៉ានឹងតបឆ្លើយចំពោះសេចក្ដីអធិដ្ឋានរបស់ពួកគាត់នៅពេលត្រឹមត្រូវបំផុត។
ចូរខំស្វែងរកចំណេះពីបណ្ដាំរបស់ព្រះ
w១៤-E ១/៥ ទំ.១១ វ.៤-៦
តើអ្នកដឹងទេ?
តើខ្សែដង្ហក់បានត្រូវប្រើយ៉ាងដូចម្ដេចក្នុងសង្គ្រាមនៅសម័យបុរាណ?
ខ្សែដង្ហក់គឺជាអាវុធដែលដាវីឌបានប្រើដើម្បីសម្លាប់កូលីយ៉ាត។ តាមមើលទៅ ដាវីឌបានរៀនពីរបៀបប្រើអាវុធនេះពេលគាត់នៅជាក្មេងឃ្វាលចៀម។—សាំយូអែលទី១ ១៧:៤០-៥០
ខ្សែដង្ហក់ធ្វើពីស្បែកឬក្រណាត់ ហើយភ្ជាប់ខ្សែនៅចុងទាំងសងខាង។ គេប្រើវាដោយដាក់ថ្មរលោងឬមូល ទំហំប្រហែលជា៥ទៅ៧.៥សង់ទីម៉ែត្រ ដែលមានទម្ងន់ជាង២៥០ក្រាម នៅក្នុងថ្នក់ក្រណាត់នោះ។ គាត់គ្រវីខ្សែដង្ហក់នោះនៅលើក្បាល ហើយក្រោយមកពន្លែងខ្សែម្ខាង ដើម្បីឲ្យដុំថ្មនោះហោះចេញទៅចំគោលដៅពេញមួយទំហឹងដៃ។
អ្នកបុរាណវត្ថុវិទ្យាបានធ្វើការជីកដីនៅប៉ែកមជ្ឈិមបូព៌ា ហើយបានរកឃើញខ្សែដង្ហក់ជាច្រើនក្នុងសង្គ្រាមពីសម័យបុរាណ។ អ្នកដែលមានជំនាញប្រើខ្សែដង្ហក់យ៉ាងស្ទាត់ អាចចោលដុំថ្មក្នុងល្បឿន ១៦០ទៅ២៤០គីឡូម៉ែត្រក្នុងមួយម៉ោង។—អ្នកសម្រេចក្ដី ២០:១៦
ថ្ងៃទី២៤-៣០ ខែមករា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | រូថ ១-២
ចូរខំស្វែងរកចំណេះពីបណ្ដាំរបស់ព្រះ
ចូរខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ
ia-E ទំ.៤៣-៤៤ វ.៥-៩
តើក្រុមគ្រួសារគឺជាអ្វី?
៥ ក្រោយពីរូថបានយកស្រូវដែលនាងបានប្រមូលទៅបោករួចហើយ នាងបានស្រូវមួយអេហ្វាឬ២២លីត្រ។ ស្រូវនោះមានទម្ងន់ប្រហែល១៤គីឡូក្រាម។ នាងបានចងស្រូវដែលនាងបានប្រមូលនោះនឹងក្រណាត់ ហើយទូលលើក្បាល។ ក្រោយមក នាងបានដើរទៅក្រុងបេថ្លេហិមនៅពេលព្រលប់។—រូថ ២:១៧
៦ ណាអូមីពេញចិត្តពេលឃើញកូនប្រសាស្រីរបស់ខ្លួន ហើយគាត់ប្រហែលជាភ្ញាក់ផ្អើលពេលដែលឃើញថានាងបានទូលស្រូវដែលធ្ងន់បែបនេះនៅលើក្បាល។ រូថបានខ្ចប់ទុកអាហារខ្លះដែលបូអូសបានរៀបចំសម្រាប់កម្មកររបស់គាត់យកទៅឲ្យម្ដាយ ដូច្នេះពួកគាត់ទាំងពីរនាក់បានបរិភោគអាហារនោះជាមួយគ្នា។ ណាអូមីបានសួរថា៖ «ថ្ងៃនេះ តើកូនទៅប្រមូលស្រូវនៅឯណា? ហើយតើកូនធ្វើការនៅកន្លែងណា? សូមឲ្យអ្នកដែលបង្ហាញចិត្តសប្បុរសចំពោះកូនបានទទួលពរ»។ (រូថ ២:១៩) ណាអូមីបានយកចិត្តទុកដាក់នឹងអ្វីដែលបានកើតឡើងចំពោះរូថ ហើយការដែលរូថអាចប្រមូលស្រូវបានច្រើនដូច្នេះ នេះជាភស្តុតាងដែលបញ្ជាក់ថាមានបុគ្គលណាម្នាក់បានកត់សម្គាល់នាង ហើយបានប្រព្រឹត្តយ៉ាងសប្បុរសចំពោះស្ត្រីមេម៉ាយម្នាក់នេះ។
៧ រូថបានប្រាប់ណាអូមីអំពីសេចក្ដីសប្បុរសដែលបូអូសបានប្រព្រឹត្តមកលើនាងដែលនាំឲ្យណាអូមីតបឆ្លើយថា៖ «សូមឲ្យគាត់ទទួលពរពីព្រះយេហូវ៉ា ជាព្រះដែលតែងតែមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះមនុស្សរស់និងមនុស្សស្លាប់»។ (រូថ ២:២០) ណាអូមីបានយល់ថាសេចក្ដីសប្បុរសដែលបូអូសបានប្រព្រឹត្តគឺមកពីព្រះយេហូវ៉ា ដែលជំរុញទឹកចិត្តអ្នកបម្រើរបស់លោកឲ្យប្រព្រឹត្តដោយចិត្តទូលាយហើយលោកក៏នឹងផ្ដល់រង្វាន់ចំពោះការល្អទាំងអស់ដែលពួកគេបានធ្វើ។—សូមអាន សុភាសិត ១៩:១៧
៨ ណាអូមីបានលើកទឹកចិត្តរូថឲ្យទទួលយកជំនួយពីបូអូសក្នុងការប្រមូលស្រូវក្នុងស្រែរបស់គាត់ ហើយនៅជិតស្ត្រីវ័យក្មេងឯទៀតរបស់បូអូស ដើម្បីកុំឲ្យអ្នកឯទៀតធ្វើបាបនាង។ រូថបានធ្វើតាមយោបល់នោះ។ នាងបាន«បន្តរស់នៅជាមួយនឹងម្ដាយក្មេករហូតតទៅ»។ (រូថ ២:២២, ២៣) ពាក្យទាំងនោះរៀបរាប់អំពីគុណសម្បត្តិដ៏ល្អបំផុតរបស់នាងគឺសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់។ គំរូរបស់រូថអាចជំរុញចិត្តយើងឲ្យសួរខ្លួនឯងថា តើយើងឲ្យតម្លៃក្រុមគ្រួសាររបស់យើង គាំទ្រអ្នកជាទីស្រឡាញ់របស់យើងដោយស្មោះត្រង់ ហើយផ្ដល់ជំនួយពេលដែលពួកគេត្រូវការឬទេ? ព្រះយេហូវ៉ានឹងកត់សម្គាល់សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ដែលយើងបានបង្ហាញ។
៩ តើយើងអាចនិយាយថារូថនិងណាអូមីគឺជាក្រុមគ្រួសារមួយទេ? អ្នកខ្លះគិតថាក្រុមគ្រួសារ«ពិតប្រាកដ»ត្រូវតែមានប្ដី ប្រពន្ធ កូនប្រុស កូនស្រី និងជីដូនជីតាជាដើម។ ប៉ុន្តែគំរូរបស់រូថនិងណាអូមីរំលឹកយើងថា អ្នកបម្រើរបស់ព្រះយេហូវ៉ាអាចបើកចិត្តឲ្យទូលាយ ហើយធ្វើឲ្យក្រុមគ្រួសារមួយពោរពេញទៅដោយភាពកក់ក្ដៅ សេចក្ដីសប្បុរសនិងសេចក្ដីស្រឡាញ់ ទោះបីជាមានគ្នាតិចក៏ដោយ។ តើអ្នកឲ្យតម្លៃក្រុមគ្រួសារដែលអ្នកមានឬទេ? លោកយេស៊ូរំលឹកអ្នកកាន់តាមរបស់លោកថាក្រុមជំនុំគ្រិស្តសាសនិកគឺជាក្រុមគ្រួសារមួយទោះជាអ្នកគ្មានក្រុមគ្រួសារក៏ដោយ។—ម៉ាកុស ១០:២៩, ៣០
ថ្ងៃទី៣១ ខែមករា–ថ្ងៃទី៦ ខែកុម្ភៈ
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | រូថ ៣-៤
ចូរកសាងនិងរក្សាកេរ្ដិ៍ឈ្មោះល្អ
w១២-E ១/១០ ទំ.២២ វ.៥
«ស្ត្រីល្អប្រសើរម្នាក់»
បូអូសបាននិយាយទៅកាន់រូថ ហើយពាក្យសម្ដីដ៏ទន់ភ្លន់របស់គាត់ច្បាស់ជាបានសម្រាលទុក្ខនាង។ គាត់និយាយថា៖ «កូនស្រីអើយ សូមព្រះយេហូវ៉ាឲ្យពរនាង។ លើកនេះនាងបានបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ ខ្លាំងជាងលើកមុនទៅទៀត ព្រោះនាងមិនបានទៅរកបុរសក្មេងៗ ទោះជាបុរសនោះជាអ្នកក្រឬជាអ្នកមានក៏ដោយ»។ (រូថ ៣:១០) «លើកមុន»សំដៅទៅលើពេលដែលនាងបានមកស្រុកអ៊ីស្រាអែលជាមួយណាអូមី ហើយមើលថែគាត់។ «លើកនេះ»សំដៅទៅលើអ្វីដែលនាងកំពុងធ្វើនៅឥឡូវនេះ។ បូអូសកត់សម្គាល់ថាស្ត្រីវ័យក្មេងដូចរូថអាចរកប្ដីក្មេងបានយ៉ាងងាយស្រួល មិនថាជាអ្នកមានឬអ្នកក្រក៏ដោយ។ ប៉ុន្តែ នាងមិនត្រឹមតែចង់ធ្វើល្អចំពោះណាអូមីប៉ុណ្ណោះទេ តែក៏ចង់ធ្វើល្អចំពោះប្ដីរបស់ណាអូមីដែលបានស្លាប់ទៅដែរ ដោយបន្សល់ទុកនូវវង់ត្រកូលរបស់គាត់ក្នុងស្រុកកំណើតគាត់។ យើងមិនភ្ញាក់ផ្អើលទេដែលបូអូសស្រឡាញ់នាងដោយសារនាងមិនបានគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។
w១២-E ១/១០ ទំ.២៣ វ.១
«ស្ត្រីល្អប្រសើរម្នាក់»
រូថច្បាស់ជាសប្បាយចិត្តខ្លាំងណាស់ពេលដែលគាត់គិតអំពីអ្វីដែលបូអូសបាននិយាយថានាងបានត្រូវគេស្គាល់ថាជា«ស្ត្រីល្អប្រសើរម្នាក់»! នាងមានកេរ្ដិ៍ឈ្មោះដូច្នេះដោយសារតែនាងចង់ស្គាល់ព្រះយេហូវ៉ានិងបម្រើលោក។ នាងក៏បានបង្ហាញចិត្តសប្បុរស ហើយយល់អារម្មណ៍ណាអូមីនិងជនរួមជាតិរបស់គាត់ ដោយសុខចិត្តសម្របខ្លួនទៅតាមទំនៀមទម្លាប់ដែលនាងមិនធ្លាប់ស្គាល់ពីមុន។ បើយើងយកតម្រាប់តាមជំនឿរបស់រូថ នោះយើងនឹងព្យាយាមបង្ហាញការគោរពចំពោះទំនៀមទម្លាប់របស់អ្នកឯទៀត។ បើយើងធ្វើដូច្នេះ យើងក៏នឹងមានកេរ្ដិ៍ឈ្មោះដ៏ល្អប្រសើរដែរ។
w១២-E ១/១០ ទំ.២៤ វ.៣
«ស្ត្រីល្អប្រសើរម្នាក់»
បូអូសបានរៀបការជាមួយរូថ។ ក្រោយមក យើងអានថា៖ «ព្រះយេហូវ៉ាបានឲ្យនាងមានផ្ទៃពោះ ហើយនាងកើតបានកូនប្រុសមួយ»។ ពួកស្ត្រីនៅក្រុងបេថ្លេហិមបានឲ្យពរណាអូមី ហើយសរសើររូថថានាងវិសេសជាងការដែលណាអូមីមានកូនប្រុស៧នាក់ទៅទៀត។ រួចមក យើងរៀនថាកូនប្រុសរបស់រូថគឺជាជីតារបស់ស្ដេចដាវីឌ។ (រូថ ៤:១១-២២) រីឯលោកយេស៊ូគ្រិស្តបានត្រូវកើតចេញពីពូជពង្សរបស់ដាវីឌ។—ម៉ាថាយ ១:១
ចូរខំស្វែងរកចំណេះពីបណ្ដាំរបស់ព្រះ
ថ្ងៃទី៧-១៣ ខែកុម្ភៈ
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | សាំយូអែលទី១ ១-២
«ចូរអធិដ្ឋានទៅព្រះយេហូវ៉ាឲ្យអស់ពីចិត្ត»
ia-E ទំ.៥៥ វ.១២
នាងបានអធិដ្ឋានទៅព្រះដោយអស់ពីចិត្ត
១២ ហាណាគឺជាគំរូដ៏ល្អសម្រាប់រាស្ត្ររបស់ព្រះស្ដីអំពីការអធិដ្ឋាន។ ព្រះយេហូវ៉ាអញ្ជើញរាស្ត្ររបស់លោកឲ្យនិយាយជាមួយលោកដោយអស់ពីចិត្តនិងឥតលាក់លៀម ហើយជម្រាបលោកអំពីអ្វីៗទាំងអស់ដែលមាននៅក្នុងចិត្តរបស់ពួកគេដូចជាកូនក្មេងនិយាយប្រាប់ឪពុកម្ដាយជាទីស្រឡាញ់ ដែលពួកគេទុកចិត្ត។ (សូមអាន ចម្រៀងសរសើរព្រះ ៦២:៨; ថែស្សាឡូនិចទី១ ៥:១៧) សាវ័កពេត្រុសបានត្រូវដឹកនាំឲ្យសរសេរពាក្យដ៏គួរឲ្យសម្រាលទុក្ខអំពីសេចក្ដីអធិដ្ឋានទៅព្រះយេហូវ៉ាថា៖ «កាលដែលអ្នករាល់គ្នាផ្ទេរកង្វល់ទាំងអស់ទៅព្រះ ពីព្រោះលោករមែងគិតអំពីអ្នករាល់គ្នា»។—១ពេ. ៥:៧
w០៧-E ១៥/៣ ទំ.១៦ វ.៤
របៀបដែលហាណាមានសេចក្ដីសុខសាន្ត
តើយើងអាចទាញមេរៀនអ្វីខ្លះពីគំរូរបស់ហាណា? ពេលយើងអធិដ្ឋានទៅព្រះយេហូវ៉ាយើងអាចប្រាប់លោកអំពីកង្វល់ និងអារម្មណ៍របស់យើង ហើយសុំជំនួយពីលោកដោយអស់ពីចិត្ត។ បើយើងមិនអាចធ្វើអ្វីផ្សេងទៀតដើម្បីដោះស្រាយបញ្ហាទាំងនោះទេ យើងគួរទុកបញ្ហាទាំងអស់នោះឲ្យព្រះយេហូវ៉ាជាអ្នកដោះស្រាយ។ ការធ្វើដូច្នេះជាវិធីល្អបំផុត។—សុភាសិត ៣:៥, ៦
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
ថ្ងៃទី១៤-២០ ខែកុម្ភៈ
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | សាំយូអែលទី១ ៣-៥
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
ថ្ងៃទី២១-២៧ ខែកុម្ភៈ
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | សាំយូអែលទី១ ៦-៨
«តើអ្នកណាជាស្ដេចរបស់អ្នក?»
it-2-E ទំ.១៦៣ វ.១
រាជាណាចក្ររបស់ព្រះ
ការសុំឲ្យមានស្ដេចជាមនុស្ស។ ជិត៤០០ឆ្នាំក្រោយដែលជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេហ្ស៊ីប និងជាង៨០០ឆ្នាំក្រោយដែលព្រះធ្វើកិច្ចព្រមព្រៀងជាមួយអាប្រាហាំ ពួកគេបានសុំឲ្យមានស្ដេចជាមនុស្សដឹកនាំពួកគេ ដូចសាសន៍ដទៃដែលនៅជុំវិញពួកគេដែរ។ សំណូមពររបស់ពួកគេបង្ហាញថាពួកគេបដិសេធការគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ (១សាំ. ៨:៤-៨) ពិតមែន ពួកគេទំនងជារំពឹងថា ព្រះនឹងតាំងរាជាណាចក្រមួយឡើងស្របតាមសេចក្ដីសន្យារបស់លោកចំពោះអាប្រាហាំនិងយ៉ាកុប។ ពួកគេមានសេចក្ដីសង្ឃឹមថែមទៀតដែលថានេះនឹងកើតឡើង ដោយផ្អែកលើទំនាយដែលយ៉ាកុបបានទាយចំពោះយូដា (ដក. ៤៩:៨-១០) ប្រសាសន៍របស់ព្រះយេហូវ៉ាចំពោះជនជាតិអ៊ីស្រាអែលក្រោយចេញពីស្រុកអេហ្ស៊ីប (ដច. ១៩:៣-៦) រួមទាំងច្បាប់ម៉ូសេ (បច. ១៧:១៤, ១៥) និងអ្វីដែលព្រះបានបណ្ដាលឲ្យបាឡាមទាយ (ជប. ២៤:២-៧, ១៧)។ ហាណាដែលជាម្ដាយរបស់សាំយូអែលក៏បានរៀបរាប់អំពីសេចក្ដីសង្ឃឹមនេះនៅក្នុងសេចក្ដីអធិដ្ឋានរបស់នាងដែរ។ (១សាំ. ២:៧-១០) ទោះជាយ៉ាងនោះក៏ដោយ ព្រះយេហូវ៉ាមិនទាន់បានបើកបង្ហាញ«អាថ៌កំបាំងដ៏ពិសិដ្ឋ»អំពីរាជាណាចក្រ ពេលវេលាដែលលោកនឹងតាំងឡើង ឬព័ត៌មានល្អិតល្អន់អំពីរាជាណាចក្រនោះ ដូចជាគ្រប់គ្រងនៅស្ថានសួគ៌ឬផែនដីនោះឡើយ។ ហេតុនេះ ជនជាតិអ៊ីស្រាអែលបានធ្វើអ្វីលើសពីសិទ្ធិ ដោយសុំឲ្យមានស្ដេចជាមនុស្ស។
w១១-E ១/១ ទំ.២៧ វ.១
សាំយូអែលស៊ូទ្រាំទោះជាជួបរឿងខកចិត្តក៏ដោយ
ពេលដែលសាំយូអែលអធិដ្ឋានប្រាប់ព្រះយេហូវ៉ាអំពីរឿងនេះ សូមកត់សម្គាល់របៀបដែលលោកតបឆ្លើយ ដោយមានប្រសាសន៍ថា៖ «ចូរធ្វើតាមពាក្យសម្ដីទាំងអស់របស់បណ្ដាជនចុះ។ ពួកគេមិនមែនបដិសេធអ្នកទេ តែពួកគេបដិសេធខ្ញុំវិញ ព្រោះពួកគេមិនចង់ឲ្យខ្ញុំធ្វើជាស្ដេចរបស់ពួកគេឡើយ»។ ពាក្យនោះពិតជាសម្រាលទុក្ខសាំយូអែលមែន តែក៏បង្ហាញអំពីការមើលងាយរបស់ជនជាតិអ៊ីស្រាអែលទៅលើព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតដែរ។ ព្រះយេហូវ៉ាបានប្រាប់អ្នកប្រកាសទំនាយរបស់លោកឲ្យព្រមានពួកគេអំពីផលវិបាកដែលមកពីការមានស្ដេចជាមនុស្ស។ ទោះជាសាំយូអែលបានព្រមានពួកគេអំពីបញ្ហាទាំងនោះក៏ដោយ ក៏ពួកគេនៅតែនិយាយថា៖ «ទេ! យើងចង់បានស្ដេចគ្រប់គ្រងលើយើង»។ ក្រោយមក សាំយូអែលបានតែងតាំងស្ដេចដែលព្រះយេហូវ៉ាបានជ្រើសរើស។—១សាំយូអែល ៨:៧-១៩
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
ថ្ងៃទី២៨ ខែកុម្ភៈ–ថ្ងៃទី៦ ខែមីនា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | សាំយូអែលទី១ ៩-១១
w៩៥-E ១៥/១២ ទំ.១០ វ.១
សាសន៍អាំម៉ូនជាសាសន៍ដែលប្រព្រឹត្តដោយព្រហើន
ពេលព្រះយេហូវ៉ាបង្ហាញសេចក្ដីសប្បុរសទៅកាន់សាសន៍អាំម៉ូន ពួកគេបានតបទៅលោកវិញដោយព្រហើន។ ព្រះយេហូវ៉ាមិនបានព្រងើយកន្តើយនឹងការគំរាមកំហែងរបស់ពួកគេទេ។ «ពេលសុលឮពាក្យទាំងនោះ[របស់ណាហាស] ឫទ្ធានុភាពរបស់ព្រះបានមានឥទ្ធិពលទៅលើគាត់ ហើយគាត់ខឹងយ៉ាងខ្លាំង»។ ក្រោមការដឹកនាំនៃឫទ្ធានុភាពរបស់ព្រះ សុលបានប្រមូលកងទ័ព៣៣០.០០០នាក់ដើម្បីវាយសម្លាប់ពួកសាសន៍អាំម៉ូន ហើយទាហានដែលសេសសល់ «ពួកគេរត់ខ្ចាត់ខ្ចាយរៀងៗខ្លួនអស់ទៅ»។—សាំយូអែលទី១ ១១:៦, ១១