ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅយ៉ូប
បុរសឈ្មោះយ៉ូប ជាមេដឹកនាំគ្រួសារម្នាក់ដែលរស់នៅស្រុកអ៊ូសនាសម័យបុរាណ បច្ចុប្បន្នទីក្រុងនេះស្ថិតនៅក្នុងឧបទ្វីបអារ៉ាប់។ ខណៈនោះប្រជាជនអ៊ីស្រាអែលមួយចំនួនធំរស់នៅប្រទេសអេស៊ីប។ ថ្វីបើគាត់មិនមែនជាជាតិអ៊ីស្រាអែលក៏ដោយ យ៉ូបជាអ្នកថ្វាយបង្គំព្រះយេហូវ៉ាម្នាក់។ ព្រះគម្ពីរបានសរសេរពីគាត់ថា«ដ្បិតគ្មានអ្នកណាមួយ នៅផែនដីឲ្យដូចគាត់ឡើយ ជាអ្នកដែលគ្រប់លក្ខណ៍ហើយទៀងត្រង់ ក៏កោតខ្លាចដល់ព្រះហើយជៀសចេញពីសេចក្ដីអាក្រក់ផង»។ (យ៉ូប ១:៨) រឿងនេះកើតឡើងនៅចន្លោះពេលនៃជីវិតរបស់អ្នកបម្រើព្រះយេហូវ៉ាដែលមានកេរ្ដិ៍ឈ្មោះល្អពីររូបពោលគឺយ៉ូសែប កូនប្រុសរបស់យ៉ាកុបនិងព្យាការីម៉ូសេ។
ម៉ូសេដែលត្រូវបានសន្មតថាជាអ្នកសរសេរសៀវភៅយ៉ូប ទំនងជាបានដឹងរឿងយ៉ូបពេលដែលគាត់បានរស់អស់៤០ឆ្នាំនៅស្រុកម៉ាឌាន។ ស្រុកម៉ាឌានស្ថិតនៅជិតស្រុកអ៊ូស។ ប្រហែលជាពេលដែលពួកអ៊ីស្រាអែលរស់នៅជិតស្រុកអ៊ូស ក្នុងកំលុងពេលជិតផុតកំណត់៤០ឆ្នាំដែលពួកគេស្នាក់អាស្រ័យនៅទីរហោស្ថាន នោះម៉ូសេធ្លាប់បានឮអំពីជីវិតចុងក្រោយរបស់យ៉ូប។a កំណត់ហេតុអំពីបទពិសោធន៍របស់យ៉ូបបានចងក្រងឡើងល្អដល់ម្ល៉េះ បានជាគេចាត់ទុកថា ជាស្នាដៃឯកផ្នែកអក្សរសាស្ត្រ។ ប៉ុន្តែ បន្ថែមទៅទៀតកំណត់ហេតុអំពីយ៉ូបអាចឆ្លើយនូវសំណួរជាច្រើនដូចជា: ហេតុអ្វីមនុស្សល្អត្រូវរងទុក្ខ? ហេតុអ្វីព្រះយេហូវ៉ាអនុញ្ញាតឲ្យមានអំពើអាក្រក់ជួជាតិ? តើមនុស្សឥតគ្រប់លក្ខណ៍អាចរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ចំពោះព្រះបានឬទេ? ដោយហេតុថាសៀវភៅយ៉ូបជាផ្នែកមួយនៃព្រះគម្ពីរ សារពីសៀវភៅនោះរស់នៅ ហើយពូកែផង សូម្បីតែនៅសព្វថ្ងៃនេះ។—ហេព្រើរ ៤:១២
«សូមឲ្យថ្ងៃដែលខ្ញុំកើតមកត្រូវវិនាស»
ថ្ងៃមួយនៅចំពោះព្រះភ័ក្ដ្រព្រះយេហូវ៉ា សាតាំងបង្កើតការសង្ស័យស្តីពីចិត្តស្មោះគ្រប់ល័ក្ខណ៍របស់យ៉ូប។ ព្រះយេហូវ៉ាយល់ព្រមឲ្យសាតាំងល្បងលយ៉ូប និងបណ្ដាលឲ្យគាត់ទទួលទុក្ខវេទនាផ្ទួនៗគ្នា។ ក៏ប៉ុន្តែយ៉ូបបដិសេធ«ប្រមាថដល់ព្រះ»។—យ៉ូប ២:៩
មិត្តសម្លាញ់របស់យ៉ូបទាំងបីនាក់ក៏មកដល់ដើម្បី«រួមទុក្ខជាមួយ[គាត់]»។ (យ៉ូប ២:១១) ពួកគេអង្គុយជាមួយគាត់យ៉ាងស្ងៀមស្ងាត់ រហូតដល់យ៉ូបបើកមាត់ពោលថា៖«សូមឲ្យថ្ងៃដែលខ្ញុំកើតមកត្រូវវិនាសទៅ . . . មានកូនមកចាប់ទំផ្ទៃនោះ»។ (យ៉ូប ៣:៣) គាត់ប្រាថ្នាចង់ទៅ«ជាកូនដែលមិនបានឃើញពន្លឺឡើយ» ឬក៏កូនកើតមកហើយស្លាប់។—យ៉ូប ៣:១១, ១៦
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
១:៤—តើកូនរបស់យ៉ូបធ្វើបុណ្យខួបកំណើតឬទេ? ទេ ពួកគេមិនធ្វើបុណ្យខួបកំណើតទេ។ ភាសាដើមនៃពាក្យ‹ថ្ងៃ›ក្នុងខនេះ អ្នកខ្លះគេបានយល់ច្រឡំនឹងថ្ងៃបុណ្យខួបកំណើត។ ប៉ុន្តែភាសាហេព្រើរពាក្យ«ថ្ងៃ»›និង«ថ្ងៃបុណ្យខួបកំណើត»ក៏មានន័យខុសគ្នាដែរ។ (លោកុប្បត្តិ ៤០:២០) នៅយ៉ូប ១:៤ ពាក្យ‹ថ្ងៃ›ប្រើសម្រាប់សម្គាល់ចន្លោះពេល ចាប់ពីថ្ងៃរះរហូតដល់ថ្ងៃលិច។ កួនប្រុសទាំងប្រាំពីរនាក់របស់យ៉ូប ទំនងជាបានរក្សាទម្លាប់ជួបជុំគ្នាជាគ្រួសារជប់លៀងគ្រប់ប្រាំពីរថ្ងៃក្នុងមួយឆ្នាំម្ដង។ ដោយសារគេដាក់វេនគ្នាម្នាក់ម្ដង កូនប្រុសៗរបស់គាត់ គេតែងជប់លៀងគ្នា នៅផ្ទះគេ«រៀងខ្លួនតាមវេន»។
១:៦; ២:១—តើនរណាខ្លះបានចូលទៅគាល់នៅចំពោះព្រះយេហូវ៉ា? ក្នុងចំណោមអស់អ្នកដែលបានចូលទៅគាល់នៅចំពោះព្រះយេហូវ៉ាមានព្រះរាជាបុត្រាស្ងួនភ្ងាតែមួយរបស់ទ្រង់ គឺព្រះបន្ទូល ពួកទេវតាស្មោះត្រង់ និង‹កូនឯទៀតរបស់ព្រះ›ជាពួកទេវតាដែលមិនស្ដាប់បង្គាប់ទ្រង់ រួមបញ្ចូលអារក្សសាតាំង។ (យ៉ូហាន ១:១, ១៨) សាតាំងព្រមទាំងពួកបិសាច បានត្រូវបណ្ដេញចេញពីស្ថានសួគ៌ មិនយូរប៉ុន្មាន ក្រោយពីព្រះរាជាណាចក្ររបស់ព្រះបានស្ថាបនាឡើងនៅឆ្នាំ១៩១៤។ (វិវរណៈ ១២:១-១២) ដោយអនុញ្ញាតឲ្យពួកគេចូលទៅចំពោះទ្រង់ ព្រះយេហូវ៉ាបានបង្ហាញដល់សត្តនិករវិញ្ញាណទាំងអស់ អំពីចំណោទដែលសាតាំងបានចោទឡើង។
១:៧; ២:២—តើព្រះយេហូវ៉ាបានមានបន្ទូលផ្ទាល់ទៅសាតាំងឬ? ព្រះគម្ពីរមិនបានបញ្ជាក់ល្អិតល្អន់អំពីរបៀបដែលព្រះយេហូវ៉ាទាក់ទងជាមួយបុគ្គលវិញ្ញាណទេ។ យ៉ាងណាក៏ដោយ ព្យាការីមីកាមានចក្ខុនិមិត្តមួយ ដែលគាត់បានឃើញទេវតាមួយរូបទាក់ទងផ្ទាល់ជាមួយព្រះយេហូវ៉ា។ (ពង្សាវតារក្សត្រទី១ ២២:១៤, ១៩-២៣) ដូច្នេះហើយ ហាក់ដូចជាព្រះយេហូវ៉ាបានមានបន្ទូលទៅសាតាំងផ្ទាល់។
១:២១—តើតាមរបៀបណាយ៉ូបអាចត្រឡប់ទៅ«ផ្ទៃម្ដាយ»? តាំងពីពេលដែលព្រះយេហូវ៉ាបានសូនធ្វើជាមនុស្សពី «ធូលីដី» ពាក្យ«ម្ដាយ»ទីនេះប្រើក្នុងន័យប្រៀបធៀបសំដៅទៅដី។—លោកុប្បត្តិ ២:៧
២:៩—តើប្រពន្ធយ៉ូបបានគិតដូចម្ដេចពេលដែលគាត់ប្រាប់ប្ដីរបស់គាត់ ចូរប្រមាថព្រះហើយស្លាប់? ប្រពន្ធរបស់យ៉ូបបានរងទុក្ខដោយសារការបាត់បង់គ្រប់យ៉ាងដូចប្ដីគាត់ដែរ។ គាត់មានការឈឺចាប់ ដោយឃើញប្ដីរបស់គាត់ធ្លាប់មានសុខភាពល្អ ធ្លាក់ខ្លួនវេទនាដោយជំងឺម្យ៉ាងដែលគួរឲ្យខ្ពើមរអើម។ គាត់បានបាត់បង់កូនជាទីស្រឡាញ់របស់គាត់ទៀត។ គាត់ប្រហែលជាខ្វល់ខ្វាយក្នុងចិត្តជាខ្លាំងដោយសាររឿងរ៉ាវទាំងអស់នោះ ហើយបានធ្វើឲ្យគាត់គិតមិនឃើញដល់អ្វីដែលពិតជាសំខាន់ ពោលគឺទំនាក់ទំនងរបស់ពួកគេជាមួយព្រះ។
មេរៀនសម្រាប់យើង:
១:៨-១១; ២:៣-៥: ក្រៅពីការប្រព្រឹត្តនិងពាក្យសម្ដីសមល្អ ចិត្តស្មោះគ្រប់លក្ខណ៍ តម្រូវឲ្យមានបំណងចិត្តត្រឹមត្រូវក្នុងការបម្រើព្រះយេហូវ៉ា ដូចបានបង្ហាញក្នុងករណីរបស់យ៉ូប។
១:២១, ២២: យើងអាចបង្ហាញថាសាតាំងជាអ្នកភូតភរដោយរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា ទោះជានៅក្រោមកាលៈទេសៈស្រួលឬលំបាកក្ដី។—សុភាសិត ២៧:១១
២:៩, ១០: ដូចយ៉ូប យើងត្រូវតែរក្សាសេចក្ដីជំនឿឲ្យរឹងមាំ សូម្បីតែសមាជិកគ្រួសារគ្រប់រូប មិនឲ្យតម្លៃដល់ការស្វែងរកអ្វីខាងវិញ្ញាណ ឬគាបសង្កត់ឲ្យយើងធ្វើការសម្រុះសម្រួល ឬក៏ឲ្យលះចោលសេចក្ដីជំនឿរបស់យើងក៏ដោយ។
២:១៣: មិត្តសំឡាញ់ទាំងបីនាក់របស់យ៉ូប មិនបាននិយាយអំពីព្រះនិងសេចក្ដីសន្យារបស់ទ្រង់បន្ដិចសោះ ដើម្បីលើកទឹកចិត្តគាត់ពីព្រោះពួកគេគ្មានទស្សនៈដូចព្រះ។
«ខ្ញុំមិនព្រមលះចោលសំដីដែលថាខ្លួនខ្ញុំត្រឹមត្រូវឡើយ!»
ចំណុចសំខាន់ដែលមិត្តសំឡាញ់ទាំងបីនាក់របស់យ៉ូបលើកមកនិយាយគឺថាយ៉ូបធ្លាប់បានធ្វើអ្វីមួយអាក្រក់ណាស់ បានជាព្រះដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងបែបនេះ។ អេលីផាសចាប់ផ្ដើមនិយាយមុន។ ប៊ីលដាឌបន្តពីអេលីផាសដោយប្រើពាក្យចំអកបញ្ឈឺចិត្តខ្លាំងជាងអេលីផាស។ សូផារវិញប្រើពាក្យកាន់តែប្រមាថមើលងាយរឹតតែខ្លាំងជាងថែមទៀត។
យ៉ូបមិនព្រមទទួលការវែកញែកមិនត្រឹមត្រូវរបស់ពួកអ្នកមកសួរសុខទុក្ខគាត់។ ដោយមិនអាចយល់ថាហេតុអ្វីបានជាព្រះអនុញ្ញាតឲ្យគាត់រងទុក្ខវេទនាបែបនេះ នោះគាត់ខ្វល់ខ្វាយហួសប្រមាណដើម្បីដោះសាថាខ្លួនគាត់ត្រឹមត្រូវទេ។ យ៉ាងណាក៏ដោយ យ៉ូបស្រឡាញ់ព្រះយេហូវ៉ាហើយបន្លឺថា«ខ្ញុំមិនព្រមលះចោលសំដីដែលថាខ្លួនខ្ញុំត្រឹមត្រូវឡើយ ដរាបដល់ខ្ញុំស្លាប់ផង»។—យ៉ូប ២៧:៥
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
៧:១; ១៤:១៤—តើពាក្យថា«អ្នកស៊ីឈ្នួល»ឬ «រវាងសង្គ្រាមវេទនា»មានន័យដូចម្ដេច? សេចក្ដីទុក្ខព្រួយរបស់យ៉ូបគឺខ្លាំងហួសប្រមាណ ដែលធ្វើឲ្យគាត់គិតថាជីវិតគាត់ជាជីវិតយ៉ាប់យ៉ឺន ពិបាក ជីវិតអ្នកស៊ីឈ្នួល។ (យ៉ូប ១០:១៧) ដោយសារមនុស្សម្នាក់ត្រូវទៅក្នុងផ្នូរ ចាប់តាំងពីពេលគេស្លាប់រហូតដល់ដំណើររស់ឡើងវិញ នោះគឺជាពេលដែលគេត្រូវតែរង់ចាំ។ យ៉ូបប្រដូចពេលនោះទៅនឹងជីវិតរបស់អ្នកស៊ីឈ្នួលដែលត្រូវធ្វើការជាទម្ងន់ដូចជាជីវិតរបស់កងទ័ព។
៧:៩, ១០; ១០:២១; ១៦:២២—តើបទគម្ពីរទាំងនេះបង្ហាញថាយ៉ូបមិនជឿទៅលើដំណើររស់ឡើងវិញទេឬ? យ៉ូបអធិប្បាយអំពីអនាគតឆាប់ៗរបស់គាត់។ បើដូច្នេះ តើគាត់ចង់មានន័យអ្វី? មូលហេតុមួយគឺបើគាត់ស្លាប់ គ្មានអ្នកជំនាន់គាត់ណាម្នាក់នឹងឃើញគាត់ឡើយ។ តាមទស្សនៈរបស់ពួកគេ គាត់មិនដែលត្រឡប់មកឯផ្ទះគាត់ ឬក៏គ្មាននរណានឹងស្គាល់គាត់រហូតដល់ពេលកំណត់របស់ព្រះ។ យ៉ូបក៏ប្រហែលជាចង់មានន័យថា គ្មាននរណាម្នាក់ត្រឡប់ពីផ្នូរមកវិញបាន ដោយខ្លួនឯងទេ។ គឺថា យ៉ូបជឿលើដំណើររស់ឡើងវិញដែលបានចែងយ៉ាងច្បាស់នៅ យ៉ូប ១៤:១៣-១៥។
១០:១០—តើតាមរបៀបណាព្រះយេហូវ៉ា ‹ចាក់យ៉ូបចេញដូចជាទឹកដោះហើយឲ្យគាត់កកខន់ដូចជាផែនទឹកដោះ›? នេះគឺការពណ៌នាជាកំណាព្យអំពីរបៀបដែលយ៉ូបកកើតនៅក្នុងផ្ទៃម្ដាយរបស់គាត់។
១៩:២០, ខ.ស.—តាមភាសាដើម តើយ៉ូបប្រើសំនួនវោហារអ្វី ដែលមានន័យថាគាត់«រួចបានតែជីវិតប៉ុណ្ណោះ»? ហើយហេតុអ្វីបានជាគាត់ប្រើពាក្យសំនួនវោហារនោះ? យោងទៅតាមសម្គាល់ហេតុក្នុងព្រះគម្ពីរភាសាខ្មែរសម្រាយ យ៉ូបប្រើពាក្យភាសាដើមថា«ខ្ញុំរក្សាទុកបានតែស្បែកធ្មេញប៉ុណ្ណោះ»។ ដោយនិយាយថាគាត់បានរក្សាទុកតែស្បែក របស់អ្វី ដែលមើលទៅដូចជាអត់មានស្បែកនោះ យ៉ូបប្រហែលជាចង់បញ្ជាក់ន័យថាគាត់បានរួចតែខ្លួនប៉ុណ្ណោះ។
មេរៀនសម្រាប់យើង:
៤:៧, ៨; ៨:៥, ៦; ១១:១៣-១៥: យើងមិនត្រូវឆាប់សន្មតថាមនុស្សរងទុក្ខម្នាក់ កំពុងតែទទួលលទ្ធផលពីអ្វីគេបានធ្វើ ដែលព្រះមិនសព្វព្រះទ័យនោះ។
៤:១៨, ១៩; ២២:២, ៣: ឱវាទរបស់យើងត្រូវតែមានមូលដ្ឋានលើបន្ទូលរបស់ព្រះ មិនមែនលើមតិផ្ទាល់ខ្លួនទេ។—ធីម៉ូថេទី២ ៣:១៦
១០:១: ការជូរចត់របស់យ៉ូបបានបំបែរអារម្មណ៍គាត់ដល់ម្ល៉េះ បានជាមិនបានគិតពីមូលហេតុផ្សេងទៀត ដែលបានបណ្ដាលឲ្យគាត់រងទុក្ខលំបាក។ យើងមិនត្រូវតូចចិត្ត ពេលដែលយើងកំពុងតែរងទុក្ខ ពិសេសដោយសារយើងយល់ច្បាស់អំពីបញ្ហាដែលជាប់ទាក់ទិន។
១៤:៧, ១៣-១៥; ១៩:២៥; ៣៣:២៤: កាលណាសាតាំងបណ្ដាលឲ្យយើងមានសេចក្ដីល្បងលណាមួយ នោះសេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញជួយគាំទ្រយើង។
១៦:៥; ១៩:២: ពាក្យសម្ដីរបស់យើងគួរតែលើកទឹកចិត្ត ហើយពង្រឹងកម្លាំងអ្នកឯទៀត ជាជាងធ្វើឲ្យគេអាក់អន់ចិត្ត។—សុភាសិត ១៨:២១
២២:៥-៧: ការជូនឱវាទផ្អែកទៅលើការចោទប្រកាន់ដែលមិនមានភ័ស្តុតាងច្បាស់លាស់នោះគ្មានតម្លៃ និងនាំឲ្យខូចខាត។
២៧:២; ៣០:២០, ២១: ការរក្សាចិត្តស្មោះគ្រប់លក្ខណ៍មិនតម្រូវភាពគ្រប់ល័ក្ខណ៍ទេ។ យ៉ូបដាក់កំហុសលើព្រះគឺខុសទាំងស្រុង។
២៧:៥: មានតែយ៉ូបខ្លួនឯងប៉ុណ្ណោះអាចសម្រេចបោះបង់ចោលចិត្តស្មោះគ្រប់លក្ខណ៍របស់ខ្លួនបាន ដោយហេតុថាចិត្តស្មោះគ្រប់លក្ខណ៍អាស្រ័យទៅលើសេចក្ដីស្រឡាញ់របស់មនុស្សម្នាក់ចំពោះព្រះ។ ហេតុដូច្នេះហើយ យើងត្រូវបណ្ដុះសេចក្ដីស្រឡាញ់ដ៏ខ្លាំងក្លាចំពោះព្រះយេហូវ៉ា។
២៨:១-២៨: មនុស្សដឹងពីកន្លែងដែលមានរតនសម្បត្ដិនៅក្នុងដី។ ពេលគេចង់ស្វែងរករតនសម្បត្ដិទាំងនោះ ដោយការវាងវៃពួកគេជីករូងឬផ្លូវក្រោមដី ដែលគ្មានសត្វហើរដែលចាប់រំពាណាអាចឃើញឡើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រាជ្ញារបស់ព្រះបានមកដោយការកោតខ្លាចព្រះយេហូវ៉ា។
២៩:១២-១៥: យើងស្ម័គ្រចិត្តបង្ហាញសេចក្ដីស្រឡាញ់សប្បុរសដល់អស់អ្នកក្រីក្រលំបាក។
៣១:១, ៩-២៨: យ៉ូបបានតាំងគំរូសម្រាប់យើងក្នុងការដែលគាត់បានជៀសចេញពីការចែចង់ ការផិតក្បត់ សម្ភារៈនិយម ការថ្វាយបង្គំរូបព្រះ ហើយមិនប្រព្រឹត្តដោយឥតមេត្ដា និងអយុត្ដិធម៌ចំពោះអ្នកដទៃ។
«ទូលបង្គំ . . . ប្រែចិត្ត ដោយក្រាបនៅក្នុងធូលីដី ហើយនឹងផែះ»
បុរសវ័យក្មេងម្នាក់ឈ្មោះអេលីហ៊ូវ បានប្រឹងស្ដាប់ដោយចិត្តអត់ធ្មត់នូវការជជែកវែកញែកនោះ។ ឥឡូវនេះគាត់ចាប់ផ្ដើមនិយាយដោយចិត្តអង់អាច។ គាត់កែតម្រង់យ៉ូបនិងអ្នកដែលធ្វើទុក្ខបុកម្នេញគាត់ទាំងបីរូប។
គ្រាន់តែអេលីហ៊ូវនិយាយចប់ភ្លាម ព្រះយេហូវ៉ាផ្ដល់ចម្លើយតាមរយៈខ្យល់កួច។ ទ្រង់មិនបានពន្យល់អំពីមូលហេតុនៃការរងទុក្ខវេទនារបស់យ៉ូបទេ។ ក៏ប៉ុន្តែ ព្រះដ៏គ្រប់ព្រះចេស្ដាធ្វើឲ្យយ៉ូបដឹងច្បាស់អំពីព្រះចេស្ដាដ៏មហិមា និងប្រាជ្ញាដ៏អស្ចារ្យរបស់ទ្រង់ ដោយសួរសំណួរមួយចំនួន។ យ៉ូបទទួលស្គាល់ថាខ្លួនបាននិយាយដោយខ្វះការយល់ដឹង ហើយពោលថា៖ «បានជាទូលបង្គំខ្ពើមដល់ខ្លួន ហើយក៏ប្រែចិត្ត ដោយក្រាបនៅក្នុងធូលីដី ហើយនឹងផែះ»។ (យ៉ូប ៤២:៦) ពេលដែលទុក្ខលំបាករបស់យ៉ូបត្រូវចប់ នោះចិត្តស្មោះគ្រប់លក្ខណ៍របស់គាត់នាំឲ្យមានលទ្ធផលល្អ។
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
៣២:១-៣—តើអេលីហ៊ូវបានមកដល់ពីពេលណា? គំរប់ប្រាំពីរថ្ងៃដែលមិត្តសម្លាញ់យ៉ូបទាំងបីនាក់មិននិយាយទៅគាត់មួយម៉ាត់សោះ នោះយ៉ូបចាប់ផ្ដើមបើកមាត់ អេលីហ៊ូវច្បាស់ជាអង្គុយជិតនោះដែរ ដោយហេតុនោះហើយបានជាគាត់ឮការពិភាក្សាទាំងអស់។—យ៉ូប ៣:១, ២
៣៤:៧—តើតាមរបៀបណាយ៉ូបដូចមនុស្ស«ដែល . . . ផឹកសេចក្ដីឡកឡឺយដូចជាផឹកទឹក»? ក្នុងដំណាក់កាលដ៏សែនវេទនានេះ យ៉ូបសុខចិត្តចាត់ទុកការសើចចំអករបស់អ្នកដែលមកសួរសុខទុក្ខគាត់ទាំងបីនាក់ ជាការសើចចំអកឲ្យខ្លួនគាត់វិញ ទោះបីពួកគេពិតជាបាននិយាយប្រឆាំងនិងព្រះក៏ដោយ។ (យ៉ូប ៤២:៧) ដូច្នេះហើយ គាត់បានផឹកសេចក្ដីឡកឡឺយដូចជាមនុស្សម្នាក់បានផឹកទឹកដោយក្ដីរីករាយដែរ។
មេរៀនសម្រាប់យើង:
៣២:៨, ៩: ប្រាជ្ញាមិនមែនមកតាមវ័យតែប៉ុណ្ណោះទេ។ ប្រាជ្ញាបានមកពីចំណេះពិតនៃព្រះបន្ទូលរបស់ព្រះ និងការដឹកនាំដោយព្រះវិញ្ញាណរបស់ទ្រង់។
៣៤:៣៦: ចិត្តស្មោះគ្រប់លក្ខណ៍ត្រូវបង្ហាញឲ្យឃើញដោយការស៊ូទ្រាំការល្បងលរហូតដល់ទីបំផុតទោះបីជាតាមវិធីណាក៏ដោយ។
៣៥:២: អេលីហ៊ូវបានស្ដាប់ដោយយកចិត្តទុកដាក់ និងបានបញ្ជាក់ឲ្យចំបញ្ហាមុនពេលនិយាយចេញ។ (យ៉ូប ១០:៧; ១៦:៧; ៣៤:៥) មុនពេលជូនឱវាទ អ្នកចាស់ទុំគ្រីស្ទានត្រូវស្ដាប់ដោយប្រុងប្រយ័ត្ន ឲ្យមានភ័ស្តុតាង និងយល់ឲ្យច្បាស់អំពីបញ្ហាដែលបានលើកឡើង។—សុភាសិត ១៨:១៣
៣៧:១៤; ៣៨:១-៣៩:៣០: បើយើងរំពឹងគិតអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះយេហូវ៉ាដែលជាការសម្ដែងនូវតេជានុភាពនិងប្រាជ្ញារបស់ទ្រង់ នោះធ្វើឲ្យយើងចេះដាក់ខ្លួននិងជួយយើងឃើញថាការបង្ហាញភាពត្រឹមត្រូវនៃអធិបតីភាពរបស់ទ្រង់ ពិតជាសំខាន់ជាងប្រយោជន៍ផ្ទាល់ខ្លួនទៅទៀត។—ម៉ាថាយ ៦:៩, ១០
៤០:១-៤: ពេលយើងមានអារម្មណ៍ចង់រអ៊ូរទាំនឹងព្រះដ៏គ្រប់ទាំងចេស្ដា យើងត្រូវតែ‹យកដៃខ្ទប់មាត់វិញ›។
៤០:១៥-៤១:៣៤: សត្វដំរីទឹក និងសត្វក្រពើពិតជាមានថាមពលអស្ចារ្យមែន! ដើម្បីស៊ូទ្រាំក្នុងកិច្ចបម្រើព្រះ យើងក៏ដូចគ្នាដែរត្រូវការកម្លាំងអំពីព្រះ ដែលជាអ្នកបង្កើតសត្វដ៏ខ្លាំងក្លានេះ។ គឺទ្រង់ហើយដែលចម្រើនកម្លាំងដល់យើង។—ភីលីព ៤:១៣
៤២:១-៦: ការស្ដាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា និងការចងចាំអំពីការសម្ដែងឫទ្ធិបារមីរបស់ទ្រង់ ជួយឲ្យយ៉ូប«ឃើញព្រះ»ឬយល់សេចក្ដីពិតអំពីទ្រង់។ (យ៉ូប ១៩:២៦) នេះបានតម្រង់ការគិតគូររបស់គាត់។ ពេលយើងទទួលការកែតម្រង់ដោយមានមូលដ្ឋានលើព្រះគម្ពីរ យើងត្រូវប្រញាប់ទទួលស្គាល់កំហុស ហើយធ្វើការកែប្រែ។
ចូរបណ្ដុះ«សេចក្ដីអត់ធន់របស់លោកយ៉ូប»
សៀវភៅយ៉ូបបង្ហាញយ៉ាងច្បាស់ថា ព្រះមិនទទួលខុសត្រូវចំពោះទុក្ខលំបាករបស់មនុស្សជាតិទេ។ គឺជាសាតាំងវិញ។ ការអនុញ្ញាតឲ្យមានទុក្ខវេទនានៅផែនដី ផ្ដល់ឱកាសដល់យើងឲ្យបង្ហាញពីទស្សនៈរបស់ខ្លួនយើងផ្ទាល់ ស្តីពីអធិបតេយ្យនៃព្រះយេហូវ៉ា និងចិត្តស្មោះគ្រប់លក្ខណ៍របស់យើង។
ដូចយ៉ូប អស់អ្នកដែលស្រឡាញ់ព្រះយេហូវ៉ានិងត្រូវល្បងល។ កំណត់ហេតុពីយ៉ូបផ្ដល់ឲ្យយើងនូវទំនុកចិត្តដែលយើងអាចស៊ូទ្រាំបាន។ នេះរំឭកយើងថាបញ្ហារបស់យើងគ្រាន់តែជាបណ្ដោះអាសន្នប៉ុណ្ណោះ។ «អ្នករាល់គ្នាបានឮនិយាយ ពីសេចក្ដីអត់ធន់របស់លោកយ៉ូបទៅហើយ ក៏បានឃើញ . . . [ពីលទ្ធផល]ដល់ចុងបំផុត»ដូចបាន រៀបរាប់នៅយ៉ាកុប ៥:១១។ ព្រះយេហូវ៉ាបានប្រទានពរដល់យ៉ូបដោយសារគាត់បានរក្សាចិត្តស្មោះគ្រប់លក្ខណ៍។ (យ៉ូប ៤២:១០-១៧) នេះជាសេចក្ដីសង្ឃឹមដ៏អស្ចារ្យដែលមាននៅចំពោះមុខយើងគឺជីវិតអស់កល្បជានិច្ចលើផែនដីសួនមនោរម្យ! ហេតុដូច្នេះហើយ សូមយើងតាំងចិត្តរក្សាចិត្តស្មោះគ្រប់លក្ខណ៍ដូចយ៉ូបដែរ។—ហេព្រើរ ១១:៦
[កំណត់សម្គាល់]
a សៀវភៅយ៉ូបរៀបរាប់អំពីព្រឹត្ដិការណ៍ដែលកើតឡើងជាង១៤០ឆ្នាំរវាងឆ្នាំ១៦៥៧ និង១៤៧៣មុនគ.ស.។
[រូបភាពនៅទំព័រ៣១]
តើយើងអាចរៀនអ្វីខ្លះ អំពី«សេចក្ដីអត់ធន់របស់លោកយ៉ូប»?