ជំពូកទី៥
អ្នកត្រួតពិនិត្យដែលឃ្វាលហ្វូងចៀម
កាលដែលលោកយេស៊ូបំពេញកិច្ចបម្រើនៅផែនដី លោកបានបង្ហាញថាលោកគឺជា«គង្វាលដ៏ល្អប្រសើរ»។ (យ៉ូន. ១០:១១) ពេលលោកឃើញបណ្ដាជនដែលខំដើរតាមលោក នោះ«លោកមានចិត្តអាណិតអាសូរពួកគេ ពីព្រោះពួកគេបានត្រូវគេធ្វើទុក្ខ និងទុកចោលឲ្យនៅរាត់រាយដូចសត្វចៀមដែលគ្មានគង្វាល»។ (ម៉ាថ. ៩:៣៦) ពេត្រុសនិងសាវ័កឯទៀតបានសង្កេតឃើញរបៀបដែលលោកយកចិត្តទុកដាក់ចំពោះអ្នកឯទៀតដោយសេចក្ដីស្រឡាញ់។ លោកយេស៊ូពិតជាខុសគ្នាឆ្ងាយណាស់ពីគង្វាលក្លែងក្លាយនៅស្រុកអ៊ីស្រាអែលដែលបោះបង់ហ្វូងចៀមចោលឲ្យនៅរាត់រាយគ្មានអ្នកថែរក្សា ហើយមិនផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារទាល់តែសោះ! (អេស. ៣៤:៧, ៨) លោកយេស៊ូបានបង្រៀនហ្វូងចៀម ហើយបានថែរក្សាពួកគេ រហូតដល់លះបង់ជីវិតដើម្បីពួកគេទៀតផង។ ដោយសារគំរូល្អប្រសើររបស់លោក ពួកសាវ័កបានរៀនអំពីរបៀបជួយឲ្យអ្នកដែលមានជំនឿត្រឡប់មកឯព្រះយេហូវ៉ាវិញ ព្រោះលោកជា«គង្វាលដែលរក្សាការពារជីវិតរបស់[ពួកគេ]»។—១ពេ. ២:២៥
២ នៅពេលមួយ កាលដែលលោកយេស៊ូមានប្រសាសន៍ទៅពេត្រុស លោកសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការឃ្វាលនិងការឲ្យចំណីហ្វូងចៀម។ (យ៉ូន. ២១:១៥-១៧) ពេត្រុសច្បាស់ជាចាំមិនភ្លេចនូវចំណុចនោះ។ ក្រោយមកគាត់បានឲ្យឱវាទដល់អ្នកចាស់ទុំក្នុងក្រុមជំនុំគ្រិស្តសាសនិកនៅសម័យដើមថា៖ «ចូរឃ្វាលហ្វូងចៀមរបស់ព្រះដែលនៅក្រោមការថែទាំរបស់អ្នករាល់គ្នា មិនមែនឃ្វាលដោយបង្ខំចិត្តទេ តែដោយស្ម័គ្រចិត្ត ហើយមិនមែនដោយចង់បានប្រយោជន៍ផ្ទាល់ខ្លួនឡើយ តែដោយស្មោះអស់ពីចិត្ត ក៏មិនមែនដោយធ្វើជាចៅហ្វាយលើពួកអ្នកដែលជាមត៌ករបស់ព្រះដែរ តែដោយធ្វើជាគំរូដល់ហ្វូងចៀម»។ (១ពេ. ៥:១-៣) ឱវាទរបស់ពេត្រុសក៏សំខាន់ចំពោះអ្នកត្រួតពិនិត្យក្នុងក្រុមជំនុំសព្វថ្ងៃនេះដែរ។ ដោយយកតម្រាប់លោកយេស៊ូ អ្នកចាស់ទុំបំពេញភារកិច្ចស្ម័គ្រពីចិត្តនិងដោយស្មោះអស់ពីចិត្តទុកជាគំរូដល់ហ្វូងចៀម កាលដែលពួកគាត់នាំមុខក្នុងកិច្ចបម្រើព្រះយេហូវ៉ា។—ហេ. ១៣:៧
ដោយយកតម្រាប់លោកយេស៊ូ អ្នកចាស់ទុំបំពេញភារកិច្ចស្ម័គ្រពីចិត្តនិងដោយស្មោះអស់ពីចិត្តទុកជាគំរូដល់ហ្វូងចៀម កាលដែលពួកគាត់នាំមុខក្នុងកិច្ចបម្រើព្រះយេហូវ៉ា
៣ យើងដឹងគុណព្រះយេហូវ៉ាចំពោះពួកអ្នកត្រួតពិនិត្យនៅក្នុងក្រុមជំនុំ ដែលបានត្រូវតែងតាំងដោយសកម្មពលរបស់ព្រះ។ យើងទទួលផលប្រយោជន៍ជាច្រើនពីកិច្ចការរបស់ពួកគាត់។ ជាឧទាហរណ៍ ពួកអ្នកត្រួតពិនិត្យផ្ដល់ការលើកទឹកចិត្តនិងការយកចិត្តទុកដាក់ចំពោះបងប្អូនទាំងអស់គ្នាក្នុងក្រុមជំនុំ។ រៀងរាល់សប្ដាហ៍ ពួកគាត់ព្យាយាមក្នុងការដឹកនាំកិច្ចប្រជុំក្រុមជំនុំដែលពង្រឹងជំនឿរបស់យើងទាំងអស់គ្នា។ (រ៉ូម ១២:៨) ដោយសារពួកគាត់ខំការពារហ្វូងចៀមពីអ្វីណាឬអ្នកណាក៏ដោយដែលអាចមានឥទ្ធិពលអាក្រក់ នោះយើងមានអារម្មណ៍ថាយើងមានសុវត្ថិភាព។ (អេ. ៣២:២; ទីត. ១:៩-១១) ពួកគាត់នាំមុខក្នុងកិច្ចបម្រើផ្សាយ ហើយនេះលើកទឹកចិត្តយើងឲ្យបន្តផ្សព្វផ្សាយដំណឹងល្អជាទៀងទាត់។ (ហេ. ១៣:១៥-១៧) តាមរយៈ«អំណោយជាមនុស្ស»ទាំងនេះ ព្រះយេហូវ៉ាបានផ្ដល់អ្វីដែលចាំបាច់ ដើម្បីធ្វើឲ្យក្រុមជំនុំមាំមួនឡើង។—អេភ. ៤:៨, ១១, ១២
តម្រូវការដើម្បីធ្វើជាអ្នកត្រួតពិនិត្យ
៤ ដើម្បីឲ្យប្រាកដថាក្រុមជំនុំទទួលការថែរក្សាយ៉ាងត្រឹមត្រូវ បុរសដែលបានត្រូវតែងតាំងជាអ្នកត្រួតពិនិត្យ ត្រូវបំពេញតម្រូវការក្នុងបណ្ដាំរបស់ព្រះ។ លុះត្រាតែពួកគាត់បំពេញតម្រូវការទាំងនោះ ទើបអាចនិយាយថាពួកគាត់បានត្រូវតែងតាំងដោយសកម្មពលបរិសុទ្ធ។ (សកម្ម. ២០:២៨) តម្រូវការក្នុងគម្ពីរសម្រាប់អ្នកត្រួតពិនិត្យគ្រិស្តសាសនិកគឺខ្ពង់ខ្ពស់ ពីព្រោះពួកគាត់មានភារកិច្ចធ្ងន់ធ្ងរ។ ប៉ុន្តែតម្រូវការទាំងនោះមិនខ្ពស់ពេកឡើយ ព្រោះបុរសជាគ្រិស្តសាសនិកដែលពិតជាស្រឡាញ់ព្រះយេហូវ៉ាហើយចង់ឲ្យលោកប្រើពួកគាត់ អាចបំពេញតម្រូវការទាំងនោះបាន។ អ្នកត្រួតពិនិត្យគួរបង្ហាញឲ្យមនុស្សគ្រប់គ្នាឃើញថា ពួកគាត់អនុវត្តគោលការណ៍គម្ពីរក្នុងជីវិតប្រចាំថ្ងៃ។
ដើម្បីឲ្យប្រាកដថាក្រុមជំនុំទទួលការថែរក្សាយ៉ាងត្រឹមត្រូវ បុរសដែលបានត្រូវតែងតាំងជាអ្នកត្រួតពិនិត្យ ត្រូវបំពេញតម្រូវការក្នុងបណ្ដាំរបស់ព្រះ
៥ ក្នុងសំបុត្រទី១ដែលសាវ័កប៉ូលសរសេរទៅកាន់ធីម៉ូថេ និងក្នុងសំបុត្រដែលគាត់សរសេរទៅកាន់ទីតុស គាត់បញ្ជាក់អំពីតម្រូវការសម្រាប់អ្នកត្រួតពិនិត្យ។ ធីម៉ូថេទី១ ៣:១-៧ ចែងថា៖ «ប្រសិនបើបុរសណាកំពុងព្យាយាមឲ្យបានមុខងារជាអ្នកត្រួតពិនិត្យ គាត់ចង់បានកិច្ចការដ៏ល្អប្រសើរ។ ដូច្នេះ អ្នកត្រួតពិនិត្យត្រូវជាអ្នកដែលគ្មានកន្លែងបន្ទោស មានប្រពន្ធតែមួយ ប្រព្រឹត្តដោយមានតុល្យភាព ដឹងខុសត្រូវ មានសណ្ដាប់ធ្នាប់ ចេះទទួលអ្នកឯទៀតដោយរាក់ទាក់ មានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីបង្រៀន មិនមែនជាអ្នកប្រមឹកស្រា ឬអ្នកវាយតប់ តែជាមនុស្សសមហេតុផល មិនមែនជាអ្នកដែលចូលចិត្តឈ្លោះប្រកែក មិនស្រឡាញ់ប្រាក់ កំពុងដឹកនាំពួកអ្នកផ្ទះរបស់ខ្លួនយ៉ាងល្អប្រសើរ មានកូនដែលចុះចូល ថែមទាំងមានភាពនឹងធឹងគ្រប់ជំពូក (ប្រសិនបើអ្នកណាម្នាក់មិនចេះដឹកនាំពួកអ្នកផ្ទះរបស់ខ្លួន តើអ្នកនោះអាចថែរក្សាក្រុមជំនុំរបស់ព្រះយ៉ាងដូចម្ដេចបាន?) មិនមែនជាអ្នកដែលទើបនឹងជឿថ្មី ក្រែងលោគាត់បែរជាក្រអឺតក្រអោង រួចទទួលការផ្ដន្ទាទោសដូចមេកំណាចបានទទួល។ ម្យ៉ាងទៀត គាត់ត្រូវមានឈ្មោះល្អក្នុងចំណោមអ្នកក្រៅ ដើម្បីកុំឲ្យគាត់ទទួលការតិះដៀល ហើយធ្លាក់ចូលអន្ទាក់របស់មេកំណាច»។
៦ ប៉ូលបានសរសេរទៅកាន់ទីតុសថា៖ «ហេតុនេះហើយបានជាខ្ញុំទុកអ្នកនៅកោះក្រេត គឺដើម្បីឲ្យអ្នកកែតម្រង់អ្វីដែលខុស ហើយតែងតាំងបុរសចាស់ទុំនៅក្រុងនីមួយៗ ដូចខ្ញុំបានបង្គាប់។ ប្រសិនបើមានបុរសណាម្នាក់គ្មានកន្លែងចាប់កំហុសបាន មានប្រពន្ធតែមួយ មានកូនជាអ្នកជឿដែលមិនត្រូវគេចោទប្រកាន់ថាជាអ្នកប្រព្រឹត្តអំពើអបាយមុខហើយមិនមែនជាកូនពិបាកគ្រប់គ្រង។ ព្រោះក្នុងនាមជាអ្នកចាត់ចែងដែលព្រះបានតែងតាំង នោះអ្នកត្រួតពិនិត្យត្រូវគ្មានកន្លែងចាប់កំហុសបាន មិនប្រកាន់តែគំនិតខ្លួន មិនឆាប់ខឹង មិនមែនជាអ្នកប្រមឹកស្រា មិនមែនជាអ្នកវាយតប់ មិនស្វះស្វែងរកវិធីឲ្យបានប្រយោជន៍ផ្ទាល់ខ្លួន។ ប៉ុន្តែចេះទទួលអ្នកឯទៀតដោយរាក់ទាក់ ស្រឡាញ់សេចក្ដីល្អ ដឹងខុសត្រូវ ជាមនុស្សសុចរិត មានភក្ដីភាព ចេះទប់ចិត្ត។ កាន់ខ្ជាប់តាមបណ្ដាំដ៏គួរឲ្យទុកចិត្ត ក្នុងរបៀបដែលគាត់បង្រៀន ដើម្បីគាត់អាចបំផុសទឹកចិត្តអ្នកឯទៀតតាមរយៈសេចក្ដីបង្រៀនដែលមានប្រយោជន៍ ហើយកែតម្រង់អ្នកដែលនិយាយប្រឆាំងសេចក្ដីបង្រៀននោះ»។—ទីតុស ១:៥-៩
៧ តាមមើលទៅ តម្រូវការក្នុងគម្ពីរសម្រាប់ពួកអ្នកដែលចង់ធ្វើជាអ្នកត្រួតពិនិត្យប្រហែលជាពិបាកបំពេញ ក៏ប៉ុន្តែ បងប្អូនប្រុសៗដែលជាគ្រិស្តសាសនិក មិនគួរឈប់ព្យាយាមឲ្យបានមុខងារនោះឡើយ។ ពេលពួកគាត់បង្ហាញគុណសម្បត្តិថ្លៃថ្លាជាគ្រិស្តសាសនិកដែលអ្នកត្រួតពិនិត្យត្រូវមាន នោះពួកគាត់ក៏លើកទឹកចិត្តអ្នកឯទៀតក្នុងក្រុមជំនុំឲ្យធ្វើដូចគ្នាដែរ។ ប៉ូលបានសរសេរថាពួកបុរសដែលជា«អំណោយជាមនុស្ស»បានត្រូវផ្ដល់ឲ្យក្រុមជំនុំ ដើម្បី«កែតម្រង់ពួកអ្នកបរិសុទ្ធ ដើម្បីបំពេញកិច្ចបម្រើ ដើម្បីធ្វើឲ្យរូបកាយរបស់គ្រិស្តបានមាំមួនឡើង រហូតដល់យើងទាំងអស់គ្នាមានឯកភាពក្នុងជំនឿនិងចំណេះត្រឹមត្រូវអំពីបុត្រព្រះ រហូតដល់មានភាពជាបុរសពេញវ័យ ហើយស្មើកម្រិតកម្ពស់របស់គ្រិស្ត»។—អេភ. ៤:៨, ១២, ១៣
៨ អ្នកត្រួតពិនិត្យមិនមែនជាបុរសវ័យក្មេងឬមនុស្សដែលទើបនឹងជឿថ្មីឡើយ តែជាមនុស្សដែលមានបទពិសោធន៍ក្នុងការរស់នៅជាគ្រិស្តសាសនិក ហើយមានចំណេះជាច្រើនអំពីគម្ពីរ ព្រមទាំងយល់ធ្លុះជ្រៅអំពីបទគម្ពីរដែរ។ បន្ថែមទៅទៀត ពួកគាត់ស្រឡាញ់ក្រុមជំនុំយ៉ាងស្មោះ។ ពួកគាត់ក៏ចេះនិយាយដោយក្លាហានដើម្បីកែតម្រង់អ្នកដែលធ្វើអំពើខុសឆ្គងដែរ។ យ៉ាងនេះអ្នកត្រួតពិនិត្យការពារហ្វូងចៀមពីមនុស្សណាដែលចង់ទាញយកប្រយោជន៍ពីពួកគេ។ (អេ. ៣២:២) បងប្អូនទាំងឡាយក្នុងក្រុមជំនុំទទួលស្គាល់ថា អ្នកត្រួតពិនិត្យជាអ្នកដែលមានភាពចាស់ទុំនិងជំនឿមាំមួន ហើយជាអ្នកដែលយកចិត្តទុកដាក់យ៉ាងស្មោះចំពោះហ្វូងចៀមរបស់ព្រះ។
៩ ពួកអ្នកដែលមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលការតែងតាំងជាអ្នកត្រួតពិនិត្យ ប្រព្រឹត្តដោយប្រាជ្ញាក្នុងជីវិតប្រចាំថ្ងៃ។ បើអ្នកត្រួតពិនិត្យមានប្រពន្ធ គាត់ត្រូវធ្វើតាមខ្នាតតម្រារបស់គ្រិស្តសាសនិកស្ដីអំពីអាពាហ៍ពិពាហ៍ ពោលគឺមានប្រពន្ធតែមួយ ហើយកំពុងដឹកនាំពួកអ្នកផ្ទះរបស់ខ្លួនយ៉ាងល្អប្រសើរ។ បើអ្នកត្រួតពិនិត្យមានកូនជាអ្នកជឿដែលចុះចូល ថែមទាំងមានភាពនឹងធឹងគ្រប់ជំពូក ហើយមិនត្រូវគេចោទប្រកាន់ថាជាអ្នកប្រព្រឹត្តអំពើអបាយមុខហើយមិនមែនជាកូនពិបាកគ្រប់គ្រង នោះអ្នកឯទៀតក្នុងក្រុមជំនុំអាច និយាយជាមួយអ្នកត្រួតពិនិត្យនោះដោយមានទំនុកចិត្ត ដើម្បីសុំឱវាទនិងយោបល់អំពីរឿងដែលទាក់ទងជីវិតគ្រួសារនិងរបៀបរស់នៅជាគ្រិស្តសាសនិក។ អ្នកត្រួតពិនិត្យជាអ្នកដែលគ្មានកន្លែងបន្ទោស ហើយគ្មានកន្លែងចាប់កំហុសបាន ព្រមទាំងមានឈ្មោះល្អ សូម្បីតែពីអ្នកក្រៅ។ គាត់ក៏នឹងមិនប្រព្រឹត្តមិនសមរម្យ ដូច្នេះគេនឹងគ្មានហេតុត្រឹមត្រូវដើម្បីចោទប្រកាន់គាត់ ហើយធ្វើឲ្យខូចកេរ្ដិ៍ឈ្មោះក្រុមជំនុំឡើយ។ គាត់ក៏មិនមែនជាអ្នកដែលបានត្រូវប្រដៅតម្រង់នៅពេលថ្មីៗដោយសារបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរដែរ។ ដោយសារគាត់ទុកគំរូដ៏ល្អប្រសើរ បងប្អូនក្នុងក្រុមជំនុំចង់យកតម្រាប់គាត់ ហើយពួកគេអាចទុកចិត្តទាំងស្រុងថាគាត់នឹងជួយពួកគេឲ្យមានរបៀបរស់នៅជាគ្រិស្តសាសនិកពិត។—១កូ. ១១:១; ១៦:១៥, ១៦
១០ បុរសដែលមានគុណសម្បត្តិបែបនេះក្នុងក្រុមជំនុំគ្រិស្តសាសនិក មានតួនាទីស្រដៀងនឹងតួនាទីរបស់បុរសចាស់ទុំនៃជនជាតិអ៊ីស្រាអែលសម័យបុរាណ។ ពួកគាត់ជាអ្នកដែល«មានប្រាជ្ញា មានយោបល់» និងមានបទពិសោធន៍។ (ចោ. ១:១៣) ពួកអ្នកចាស់ទុំមិនមែនជាមនុស្សល្អឥតខ្ចោះឡើយ។ ក៏ប៉ុន្តែ បងប្អូនក្នុងក្រុមជំនុំនិងមនុស្សក្នុងសហគមន៍ដឹងថា ពួកអ្នកចាស់ទុំជាអ្នកទៀងត្រង់ និងជាអ្នកកោតខ្លាចព្រះដែលបានបង្ហាញអស់មួយរយៈពេលថា ពួកគាត់ធ្វើគ្រប់ការទាំងអស់សមស្របតាមគោលការណ៍គម្ពីរ។ ដោយសារពួកគាត់គ្មានកន្លែងបន្ទោសបាន នោះពួកគាត់អាចនិយាយដោយក្លាហាននៅក្នុងក្រុមជំនុំ។—រ៉ូម ៣:២៣
១១ បងប្រុសៗដែលមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើជាអ្នកត្រួតពិនិត្យ ត្រូវប្រព្រឹត្តដោយមានតុល្យភាពក្នុងរឿងផ្ទាល់ខ្លួន និងក្នុងការប្រព្រឹត្តចំពោះអ្នកឯទៀត។ ពួកគាត់មិនមែនជាមនុស្សជ្រុលនិយមទេ ផ្ទុយទៅវិញ របៀបរស់នៅរបស់ពួកគាត់គឺប្រកបដោយតុល្យភាពនិងការចេះទប់ចិត្ត។ ពួកគាត់ចេះប្រមាណក្នុងការបរិភោគ ក្នុងការសម្រាកលម្ហែកាយ និងក្នុងការកម្សាន្ត។ ពួកគាត់ក៏ចេះប្រមាណក្នុងការពិសាស្រាដែរ ដើម្បីកុំឲ្យគេមានហេតុចោទថាពួកគាត់ស្រវឹងស្រាឬជាអ្នកប្រមឹកស្រាឡើយ។ បុគ្គលដែលលែងមានសមត្ថភាពគ្រប់គ្រងខ្លួនដោយសារឥទ្ធិពលស្រា នឹងពិបាកទប់ចិត្តណាស់ ហើយក៏មិនអាចឃ្វាលបងប្អូនឬបំពេញភារកិច្ចក្នុងក្រុមជំនុំបានដែរ។
១២ ដើម្បីត្រួតពិនិត្យក្រុមជំនុំ បងប្រុសម្នាក់គួរបង្ហាញថាគាត់មានសណ្ដាប់ធ្នាប់មួយកម្រិត។ អាការក្រៅ ផ្ទះ និងកិច្ចការប្រចាំថ្ងៃរបស់គាត់បង្ហាញថាគាត់មានរបៀបរៀបរយ។ បុរសបែបនេះមិនបង្អែបង្អង់ទេ តែពេលដឹងថាត្រូវធ្វើអ្វីមួយ គាត់រៀបចំឲ្យបានល្អដើម្បីធ្វើកិច្ចការនោះ។ គាត់ធ្វើតាមគោលការណ៍របស់ព្រះជានិច្ច។
១៣ អ្នកត្រួតពិនិត្យត្រូវជាមនុស្សសមហេតុផល។ គាត់ត្រូវចេះធ្វើការជាមួយអ្នកឯទៀតក្នុងក្រុមអ្នកចាស់ទុំដោយមានសាមគ្គីភាព ហើយត្រូវចេះសហការជាមួយពួកគាត់។ គាត់ក៏គួរមានទស្សនៈត្រឹមត្រូវចំពោះខ្លួនគាត់ ហើយមិនតម្រូវខ្លាំងពេកពីអ្នកឯទៀត។ ដោយសារអ្នកត្រួតពិនិត្យជាមនុស្សសមហេតុសមផល នោះគាត់មិនមែនជាមនុស្សដែលគិតថាយោបល់របស់ខ្លួនគឺល្អជាងយោបល់របស់អ្នកចាស់ទុំឯទៀតទេ។ អ្នកចាស់ទុំទាំងនោះប្រហែលជាមានគុណសម្បត្តិឬសមត្ថភាពដែលគាត់មិនមានទេ។ អ្នកចាស់ទុំម្នាក់ដែលជាមនុស្សសមហេតុសមផលធ្វើការសម្រេចចិត្តដោយផ្អែកលើបទគម្ពីរទាំងស្រុង ហើយព្យាយាមធ្វើតាមគំរូរបស់លោកយេស៊ូគ្រិស្ត។ (ភី. ២:២-៨) អ្នកចាស់ទុំមិនមែនជាអ្នកដែលចូលចិត្តឈ្លោះប្រកែកឬវាយតប់ទេ ប៉ុន្តែចេះបង្ហាញការគោរពចំពោះអ្នកឯទៀត ហើយចាត់ទុកថាអ្នកឯទៀតប្រសើរជាងខ្លួន។ គាត់មិនប្រកាន់តែគំនិតខ្លួនដោយតែងតែទាមទារឲ្យអ្នកឯទៀតទទួលយកយោបល់របស់គាត់ឡើយ។ គាត់មិនមែនជាមនុស្សឆាប់ខឹង ផ្ទុយទៅវិញគាត់ធ្វើឲ្យមានសន្តិភាពជាមួយនឹងអ្នកឯទៀត។
១៤ ស្រដៀងគ្នាដែរ បុរសដែលមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីបម្រើជាអ្នកត្រួតពិនិត្យក្នុងក្រុមជំនុំត្រូវដឹងខុសត្រូវ។ នេះមានន័យថាគាត់មានចិត្តធ្ងន់ ហើយចេះពិចារណាវែងឆ្ងាយមុននឹងធ្វើការវិនិច្ឆ័យ។ គាត់យល់ច្បាស់អំពីគោលការណ៍របស់ព្រះយេហូវ៉ា និងរបៀបអនុវត្តគោលការណ៍ទាំងនោះ។ បុគ្គលដែលដឹងខុសត្រូវពេញចិត្តទទួលឱវាទនិងការណែនាំ។ គាត់មិនមែនជាមនុស្សលាក់ពុតទេ។
១៥ ប៉ូលបានរំលឹកទីតុសថា អ្នកត្រួតពិនិត្យក៏ជាអ្នកដែលស្រឡាញ់សេចក្ដីល្អ។ គាត់គួរជាមនុស្សសុចរិត ហើយមានភក្ដីភាព។ គុណសម្បត្តិទាំងនេះគឺសឲ្យឃើញក្នុងរបៀបដែលគាត់ប្រព្រឹត្តចំពោះអ្នកឯទៀត ហើយក្នុងរបៀបដែលគាត់កាន់ខ្ជាប់អ្វីដែលល្អនិងត្រឹមត្រូវ។ គាត់បង្ហាញភក្ដីភាពចំពោះព្រះយេហូវ៉ាជានិច្ច ហើយតែងតែកាន់តាមគោលការណ៍សុចរិតរបស់លោក។ គាត់អាចរក្សារឿងសម្ងាត់បាន។ គាត់ក៏ចេះទទួលអ្នកឯទៀតដោយរាក់ទាក់ ដោយប្រើពេល កម្លាំង និងអ្វីៗដែលគាត់មាន ដើម្បីជាប្រយោជន៍ដល់អ្នកឯទៀត។—សកម្ម. ២០:៣៣-៣៥
១៦ ដើម្បីបំពេញភារកិច្ចរបស់គាត់ដោយមានប្រសិទ្ធភាព អ្នកត្រួតពិនិត្យត្រូវមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីបង្រៀន។ យោងទៅតាមពាក្យរបស់ប៉ូលទៅកាន់ទីតុស អ្នកត្រួតពិនិត្យត្រូវ«កាន់ខ្ជាប់តាមបណ្ដាំដ៏គួរឲ្យទុកចិត្ត ក្នុងរបៀបដែលគាត់បង្រៀន ដើម្បីគាត់អាចបំផុសទឹកចិត្តអ្នកឯទៀតតាមរយៈសេចក្ដីបង្រៀនដែលមានប្រយោជន៍ ហើយកែតម្រង់អ្នកដែលនិយាយប្រឆាំងសេចក្ដីបង្រៀននោះ»។ (ទីត. ១:៩) ក្នុងការបង្រៀន អ្នកត្រួតពិនិត្យមានសមត្ថភាពវែកញែក បង្ហាញភ័ស្តុតាង បញ្ជាក់ហេតុផលដល់អ្នកដែលជំទាស់ ហើយពន្យល់បទគម្ពីរតាមរបៀបដែលពង្រឹងជំនឿអ្នកឯទៀតនិងធ្វើឲ្យពួកគេជឿជាក់។ អ្នកត្រួតពិនិត្យត្រូវមានសមត្ថភាពបង្រៀនដូចនេះ ទោះជានៅពេលដែលមានអំណោយផល ឬនៅពេលដែលមានការលំបាកក្ដី។ (២ធី. ៤:២) ដោយសារអ្នកត្រួតពិនិត្យមានចិត្តអត់ធ្មត់ គាត់អាចប្រដៅតម្រង់ដោយចិត្តស្លូតបូតបុគ្គលដែលបានធ្វើខុស ក៏អាចធ្វើឲ្យអ្នកដែលសង្ស័យជឿជាក់វិញ ហើយជំរុញចិត្តអ្នកនោះឲ្យធ្វើកិច្ចការល្អដោយមានមូលដ្ឋានលើជំនឿ។ បើបងប្រុសម្នាក់មានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីបង្រៀនមនុស្សមួយក្រុមធំ ឬបើគាត់ចេះបង្រៀនបងប្អូនម្នាក់ៗក្នុងក្រុមជំនុំ នោះបញ្ជាក់ថាគាត់បានបំពេញតម្រូវការដ៏សំខាន់នេះសម្រាប់អ្នកត្រួតពិនិត្យ។
១៧ ជាការសំខាន់ដែលពួកអ្នកចាស់ទុំចូលរួមយ៉ាងខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ។ អ្នកចាស់ទុំក៏គួរបង្ហាញតាមរបៀបនេះដែរថា ពួកគាត់កំពុងព្យាយាមយកតម្រាប់លោកយេស៊ូដែលចាត់ទុកការផ្សព្វផ្សាយដំណឹងល្អជាអ្វីដែលសំខាន់ណាស់។ លោកយេស៊ូយកចិត្តទុកដាក់ចំពោះអ្នកកាន់តាមលោក ដោយជួយឲ្យពួកគាត់ចេះផ្សព្វផ្សាយដំណឹងល្អដោយមានប្រសិទ្ធភាព។ (ម៉ាក. ១:៣៨; លូក. ៨:១) ពេលអ្នកចាស់ទុំតាំងចិត្តចំណាយពេលក្នុងកិច្ចបម្រើផ្សាយ ទោះជាពួកគាត់ជាប់រវល់ក្ដី នោះធ្វើឲ្យបងប្អូនទាំងអស់ក្នុងក្រុមជំនុំមានចិត្តខ្នះខ្នែងដូចពួកគាត់ដែរ។ ម្យ៉ាងទៀត ពេលពួកអ្នកចាស់ទុំផ្សព្វផ្សាយជាមួយសមាជិកក្រុមគ្រួសាររបស់ពួកគាត់ និងជាមួយបងប្អូនឯទៀតក្នុងក្រុមជំនុំ នោះមានការ«លើកទឹកចិត្តគ្នាទៅវិញទៅមក»។—រ៉ូម ១:១១, ១២
១៨ ស្ដាប់ទៅ តម្រូវការទាំងអស់នេះប្រហែលជាច្រើនពេកសម្រាប់បុគ្គលដែលបម្រើជាអ្នកត្រួតពិនិត្យ។ គ្មានអ្នកត្រួតពិនិត្យណាម្នាក់ដែលអាចបំពេញខ្នាតតម្រាខ្ពង់ខ្ពស់ក្នុងគម្ពីរយ៉ាងល្អឥតខ្ចោះបានទេ។ ក៏ប៉ុន្តែ មិនគួរមានអ្នកចាស់ទុំណាម្នាក់ក្នុងក្រុមជំនុំដែលខ្វះគុណសម្បត្តិណាមួយខ្លាំង រហូតដល់អាចចាត់ទុកនេះជាបញ្ហាធំឡើយ។ អ្នកចាស់ទុំម្នាក់ៗអាចមានគុណសម្បត្តិលេចធ្លោខុសៗគ្នា។ ជាលទ្ធផល ក្រុមអ្នកចាស់ទុំនឹងមានគុណសម្បត្តិទាំងអស់ដែលចាំបាច់ ដើម្បីត្រួតពិនិត្យក្រុមជំនុំរបស់ព្រះយ៉ាងត្រឹមត្រូវ។
១៩ ពេលក្រុមអ្នកចាស់ទុំលើកឈ្មោះបងប្រុសឯទៀតដើម្បីតែងតាំងជាអ្នកត្រួតពិនិត្យ ពួកគាត់គួរគិតអំពីពាក្យរបស់សាវ័កប៉ូលដែលថា៖ «ខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នានៅទីនោះថា កុំគិតថាខ្លួនមានតម្លៃលើសពីអ្វីដែលត្រូវគិត តែចូរមានគំនិតសមហេតុសមផល តាមដែលព្រះបានផ្ដល់ជំនឿមួយកម្រិតដល់អ្នករាល់គ្នាម្នាក់ៗ»។ (រ៉ូម ១២:៣) អ្នកចាស់ទុំម្នាក់ៗគួរចាត់ទុកថាខ្លួនជាអ្នកតូចជាងគេ។ កាលដែលពិនិត្យមើលគុណសម្បត្តិរបស់បងប្អូនឯទៀត អ្នកចាស់ទុំមិនគួរធ្វើជា«មនុស្សសុចរិតហួសល្បត់»ឡើយ។ (សាស្ដ. ៧:១៦) ដោយផ្អែកលើតម្រូវការក្នុងគម្ពីរសម្រាប់អ្នកចាស់ទុំ ក្រុមអ្នកចាស់ទុំគួរពិចារណាថា តើបងប្រុសនោះបានបំពេញតម្រូវការបានល្មមគ្រប់គ្រាន់ឬយ៉ាងណា។ ពេលអ្នកចាស់ទុំពិចារណាអំពីបុរសម្នាក់ដែលអាចទទួលមុខងារជាអ្នកត្រួតពិនិត្យ ពួកគាត់គួរនឹកចាំថាគ្មានបុរសណាម្នាក់ដែលល្អឥតខ្ចោះឡើយ។ ពួកគាត់ក៏មិនត្រូវមានចិត្តល្អៀងឬលាក់ពុតដែរ តែត្រូវបង្ហាញការគោរពចំពោះខ្នាតតម្រាសុចរិតរបស់ព្រះយេហូវ៉ា ហើយត្រូវគិតអំពីផលប្រយោជន៍របស់ក្រុមជំនុំ។ ពួកគាត់នឹងអធិដ្ឋានមុនលើកឈ្មោះបងប្រុសណាម្នាក់ ក៏នឹងធ្វើតាមការណែនាំពីសកម្មពលបរិសុទ្ធរបស់ព្រះផងដែរ។ នេះជាភារកិច្ចធ្ងន់ធ្ងរមួយរបស់ពួកគាត់ ហើយពួកគាត់ត្រូវបំពេញភារកិច្ចនេះសមស្របតាមការដាស់តឿនរបស់ប៉ូលដែលថា៖ «កុំឆាប់ដាក់ដៃលើបុរសណាម្នាក់ឡើយ»។—១ធី. ៥:២១, ២២
ផលដែលបង្កើតដោយសកម្មពលរបស់ព្រះ
២០ បុរសដែលមានគុណសម្បត្តិគ្រប់គ្រាន់ស្របតាមគម្ពីរបង្ហាញថា សកម្មពលបរិសុទ្ធកំពុងដឹកនាំពួកគាត់ ក៏បង្ហាញផលដែលបង្កើតដោយសកម្មពលរបស់ព្រះក្នុងជីវិតរបស់ពួកគាត់ដែរ។ ប៉ូលបានរៀបរាប់អំពីគុណសម្បត្តិ៩យ៉ាងដែលបង្កើតដោយសកម្មពលរបស់ព្រះ គឺ «សេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត ចិត្តធ្ងន់ សេចក្ដីសប្បុរស គុណធម៌ ជំនឿ ចិត្តស្លូតបូត ការចេះទប់ចិត្ត»។ (កាឡ. ៥:២២, ២៣) អ្នកត្រួតពិនិត្យដែលមានគុណសម្បត្តិដូចនេះ ធ្វើឲ្យបងប្អូនមានកម្លាំងចិត្តឡើងវិញ ហើយជួយឲ្យក្រុមជំនុំមានសាមគ្គីភាពក្នុងកិច្ចបម្រើពិសិដ្ឋ។ ការប្រព្រឹត្តប្រចាំថ្ងៃ និងលទ្ធផលល្អពីកិច្ចការរបស់ពួកគាត់ ជាភ័ស្តុតាងដែលបញ្ជាក់ថាពួកគាត់បានត្រូវតែងតាំងដោយសកម្មពលបរិសុទ្ធ។—សកម្ម. ២០:២៨
បុរសដែលធ្វើឲ្យមានសាមគ្គីភាព
២១ គឺជាការសំខាន់ចាំបាច់ដែលពួកអ្នកចាស់ទុំសហការគ្នា ដើម្បីធ្វើឲ្យមានសាមគ្គីភាពក្នុងក្រុមជំនុំ។ ពួកគាត់ប្រហែលជាមានបុគ្គលិកលក្ខណៈខុសគ្នាឆ្ងាយណាស់ ប៉ុន្តែពួកគាត់រក្សាសាមគ្គីភាពជាក្រុម ដោយស្ដាប់យោបល់របស់អ្នកចាស់ទុំឯទៀតទាំងបង្ហាញការគោរព ទោះជាមិនយល់ស្របគ្នាក្នុងគ្រប់រឿងទាំងអស់ដែលយកមកពិភាក្សាក៏ដោយ។ ដរាបណាមិនមានការបំពានលើគោលការណ៍គម្ពីរណាមួយ ដរាបនោះអ្នកចាស់ទុំម្នាក់ៗគួរសុខចិត្តធ្វើតាម ហើយគាំទ្រការសម្រេចចិត្តរបស់ក្រុមអ្នកចាស់ទុំ។ ការសុខចិត្តធ្វើតាមអ្នកចាស់ទុំឯទៀត បង្ហាញថាបុគ្គលម្នាក់កំពុងត្រូវដឹកនាំដោយ«ប្រាជ្ញាពីស្ថានលើ»ដែល«ធ្វើឲ្យសន្តិភាព»និង«សមហេតុផល»។ (យ៉ា. ៣:១៧, ១៨) គ្មានអ្នកចាស់ទុំណាម្នាក់គួរគិតថាខ្លួនប្រសើរជាងអ្នកចាស់ទុំឯទៀត ក៏មិនគួរមានអ្នកចាស់ទុំណាម្នាក់ដែលព្យាយាមត្រួតត្រាលើអ្នកចាស់ទុំឯទៀតដែរ។ នៅពេលក្រុមអ្នកចាស់ទុំសហការគ្នាដើម្បីជាប្រយោជន៍ដល់ក្រុមជំនុំ តាមការពិតពួកគាត់កំពុងសហការជាមួយនឹងព្រះយេហូវ៉ា។—១កូ. ជំ.១២; កូឡ. ២:១៩
ការព្យាយាមដើម្បីទទួលមុខងារ
២២ បងប្រុសគ្រិស្តសាសនិកដែលមានភាពចាស់ទុំ គួរប្រាថ្នាឲ្យបានមុខងារជាអ្នកត្រួតពិនិត្យ។ (១ធី. ៣:១) ក៏ប៉ុន្តែ មុខងារនោះតម្រូវឲ្យឧស្សាហ៍ធ្វើការហើយលះបង់ប្រយោជន៍ខ្លួន។ បងប្រុសដែលព្យាយាមដើម្បីទទួលមុខងារជាអ្នកត្រួតពិនិត្យខំជួយបងប្អូន ជាពិសេសខាងការគោរពប្រណិប័តន៍ព្រះ។ ពួកគាត់ក៏ខំប្រឹងបំពេញតម្រូវការក្នុងគម្ពីរដែរ។
ស្ថានភាពផ្ទាល់ខ្លួនអាចប្រែប្រួល
២៣ បងប្រុសម្នាក់ដែលធ្លាប់បម្រើយ៉ាងស្មោះត្រង់អស់ជាច្រើនឆ្នាំ អាចធ្លាក់ខ្លួនឈឺ ឬមានពិការភាពផ្សេងទៀត។ ប្រហែលជាគាត់មានអាយុច្រើន ហើយមិនអាចបន្តបំពេញភារកិច្ចជាអ្នកត្រួតពិនិត្យតទៅទៀត។ ទោះជាយ៉ាងនោះក៏ដោយ បងប្អូននៅតែគួរគោរពគាត់ ហើយចាត់ទុកគាត់ជាអ្នកចាស់ទុំ ដរាបណាគាត់ជាអ្នកដែលបានត្រូវតែងតាំង។ គាត់មិនចាំបាច់លាឈប់ពីមុខងារនោះ ដោយសារតែគាត់ពិបាកបំពេញភារកិច្ចឡើយ។ គាត់នៅតែសមនឹងទទួលកិត្តិយសមួយជាពីរ ដូចអ្នកចាស់ទុំឯទៀតទាំងអស់ដែលកំពុងបម្រើអស់ពីសមត្ថភាពដើម្បីឃ្វាលហ្វូងចៀម។
២៤ ក៏ប៉ុន្តែ បើបងប្រុសម្នាក់មានអារម្មណ៍ថា គឺល្អជាងបើលាឈប់ពីមុខងារជាអ្នកត្រួតពិនិត្យ ដោយសារស្ថានភាពរបស់គាត់ប្រែប្រួល ហើយគាត់ពិបាកបម្រើតទៅទៀត នោះគាត់អាចសម្រេចចិត្តលាឈប់បាន។ (១ពេ. ៥:២) បងប្អូនគួរតែគោរពគាត់ជានិច្ច។ គាត់នៅតែអាចជួយក្រុមជំនុំយ៉ាងច្រើន ទោះជាគាត់លែងមានកិច្ចការនិងភារកិច្ចជាអ្នកចាស់ទុំក៏ដោយ។
មុខងារផ្សេងៗក្នុងក្រុមជំនុំ
២៥ ពួកអ្នកចាស់ទុំមានភារកិច្ចផ្សេងៗក្នុងក្រុមជំនុំ។ ក្រុមជំនុំនីមួយៗមានអ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំ លេខាធិការនៃក្រុមជំនុំ អ្នកត្រួតពិនិត្យកិច្ចបម្រើ អ្នកដឹកនាំការសិក្សាទស្សនាវដ្ដីប៉មយាម និងអ្នកត្រួតពិនិត្យកិច្ចប្រជុំកិច្ចបម្រើនិងជីវិត។ អ្នកចាស់ទុំជាច្រើននាក់បម្រើជាអ្នកត្រួតពិនិត្យក្រុម។ ពួកអ្នកចាស់ទុំបម្រើតាមមុខងារទាំងនេះដោយគ្មានរយៈពេលកំណត់ទេ។ ក៏ប៉ុន្តែ បើអ្នកចាស់ទុំម្នាក់រើចេញពីក្រុមជំនុំ ឬមិនអាចបំពេញភារកិច្ចរបស់គាត់ដោយសារមានបញ្ហាសុខភាព ឬលែងមានគុណសម្បត្តិគ្រប់គ្រាន់ស្របតាមតម្រូវការក្នុងគម្ពីរ នោះអ្នកចាស់ទុំម្នាក់ទៀតនឹងត្រូវជ្រើសរើសឲ្យបំពេញភារកិច្ចនោះវិញ។ ក្នុងក្រុមជំនុំដែលមានអ្នកចាស់ទុំតិច ប្រហែលជាអ្នកចាស់ទុំម្នាក់ត្រូវមានភារកិច្ចច្រើនជាងមួយ ទម្រាំដល់បងប្រុសឯទៀតមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលការតែងតាំងជាអ្នកចាស់ទុំ។
២៦ អ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំជាអ្នកដឹកនាំកិច្ចប្រជុំរបស់ក្រុមអ្នកចាស់ទុំ។ ដូច្នេះ គាត់សហការជាមួយអ្នកចាស់ទុំឯទៀតដោយចិត្តរាបទាប ដើម្បីឃ្វាលហ្វូងចៀមរបស់ព្រះ។ (រ៉ូម ១២:១០; ១ពេ. ៥:២, ៣) គាត់គួរតែពូកែចាត់ចែងកិច្ចការ ហើយបំពេញមុខងាររបស់គាត់យ៉ាងអស់ពីចិត្ត។—រ៉ូម ១២:៨
២៧ លេខាធិការជាអ្នកមើលការខុសត្រូវលើឯកសាររបស់ក្រុមជំនុំ។ គាត់ក៏មានភារកិច្ចជម្រាបអ្នកចាស់ទុំឯទៀត ពេលក្រុមជំនុំទទួលសំបុត្រនិងព័ត៌មានសំខាន់ៗ។ បើចាំបាច់ អ្នកចាស់ទុំឬជំនួយការខាងកិច្ចបម្រើម្នាក់ទៀតដែលមានសមត្ថភាព អាចត្រូវចាត់តាំងឲ្យជួយគាត់។
២៨ អ្នកត្រួតពិនិត្យកិច្ចបម្រើជាអ្នកមើលការខុសត្រូវលើការរៀបចំសម្រាប់កិច្ចបម្រើផ្សាយ និងសកម្មភាពឯទៀតដែលទាក់ទងនឹងកិច្ចបម្រើផ្សាយ។ គាត់រៀបចំធ្វើទស្សនកិច្ចជាទៀងទាត់នៅក្រុមផ្សព្វផ្សាយទាំងអស់ ហេតុនេះ នៅចុងសប្ដាហ៍មួយជារៀងរាល់ខែ គាត់ទៅលេងក្រុមមួយ។ ក្នុងក្រុមជំនុំតូចដែលមានក្រុមផ្សព្វផ្សាយតែពីរបីប៉ុណ្ណោះ អ្នកត្រួតពិនិត្យកិច្ចបម្រើអាចទៅលេងក្រុមនីមួយៗពីរដងក្នុងមួយឆ្នាំ។ ក្នុងអំឡុងទស្សនកិច្ចរបស់គាត់ គាត់នឹងដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ទៅផ្សព្វផ្សាយជាមួយក្រុមនោះ ហើយជួយអ្នកផ្សាយក្នុងការត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍និងបង្រៀនគម្ពីរ។
អ្នកត្រួតពិនិត្យក្រុម
២៩ ឯកសិទ្ធិដ៏ល្អប្រសើរមួយនៅក្នុងក្រុមជំនុំគឺបម្រើជាអ្នកត្រួតពិនិត្យក្រុម។ ភារកិច្ចរបស់បងប្រុសនេះរួមបញ្ចូល (១) យកចិត្តទុកដាក់យ៉ាងសកម្មចំពោះជំនឿរបស់បងប្អូនម្នាក់ៗក្នុងក្រុមផ្សព្វផ្សាយ (២) ជួយឲ្យបងប្អូនម្នាក់ៗក្នុងក្រុមចូលរួមកិច្ចផ្សព្វផ្សាយជាទៀងទាត់ ដោយមានចិត្តខ្នះខ្នែងនិងមានអំណរ ហើយ (៣) ជួយនិងបង្ហាត់ជំនួយការខាងកិច្ចបម្រើក្នុងក្រុម ឲ្យមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីអាចទទួលភារកិច្ចផ្សេងៗក្នុងក្រុមជំនុំ។ ក្រុមអ្នកចាស់ទុំសម្រេចចិត្តជាមួយគ្នាអំពីបងប្រុសណាដែលអាចធ្វើតាមចំណុចទាំងអស់នេះឲ្យបានល្អបំផុត។
៣០ បើអាចធ្វើបាន អ្នកត្រួតពិនិត្យក្រុមគួរជាអ្នកចាស់ទុំ ដោយសារនេះជាភារកិច្ចសំខាន់។ បើមិនដូច្នេះទេ ជំនួយការខាងកិច្ចបម្រើដែលមានសមត្ថភាពអាចធ្វើបាន ទម្រាំដល់អ្នកចាស់ទុំម្នាក់អាចបំពេញភារកិច្ចនោះវិញ។ ជំនួយការខាងកិច្ចបម្រើដែលបំពេញភារកិច្ចនេះបានត្រូវហៅថា ជំនួយការក្រុម ព្រោះគាត់មិនបំពេញភារកិច្ចជាអ្នកត្រួតពិនិត្យក្នុងក្រុមជំនុំទេ។ ផ្ទុយទៅវិញ គាត់បំពេញភារកិច្ចនេះក្រោមការដឹកនាំរបស់ពួកអ្នកចាស់ទុំ។
៣១ ផ្នែកសំខាន់មួយនៃកិច្ចការរបស់អ្នកត្រួតពិនិត្យក្រុម គឺការនាំមុខក្នុងកិច្ចបម្រើផ្សាយ។ ដោយសារគាត់ផ្សព្វផ្សាយជាទៀងទាត់ ហើយមានចិត្តខ្នះខ្នែងនិងចិត្តរំភើបក្នុងកិច្ចបម្រើផ្សាយ នេះនឹងលើកទឹកចិត្តអ្នកផ្សាយឯទៀតក្នុងក្រុមរបស់គាត់។ អ្នកផ្សាយតែងទទួលប្រយោជន៍និងការលើកទឹកចិត្តពីការផ្សព្វផ្សាយជាមួយគ្នា ដូច្នេះ ជាការល្អបើមានកិច្ចប្រជុំផ្សព្វផ្សាយនៅម៉ោងដែលស្រួលសម្រាប់អ្នកផ្សាយភាគច្រើន។ (លូក. ១០:១-១៦) អ្នកត្រួតពិនិត្យក្រុមត្រូវប្រាកដជានិច្ចថាមានតំបន់ផ្សាយគ្រប់គ្រាន់។ ជាទូទៅ គាត់នឹងដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ហើយរៀបចំអ្នកផ្សាយសម្រាប់ការផ្សព្វផ្សាយថ្ងៃនោះ។ នៅពេលដែលគាត់មិនអាចដឹកនាំបាន គាត់គួរសុំឲ្យអ្នកចាស់ទុំ ជំនួយការខាងកិច្ចបម្រើ ឬអ្នកផ្សាយម្នាក់ទៀតដែលមានគុណសម្បត្តិគ្រប់គ្រាន់ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ។
៣២ អ្នកត្រួតពិនិត្យក្រុមគួររៀបចំទុកជាមុនសម្រាប់ទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យកិច្ចបម្រើ ដោយប្រាប់ក្រុមអំពីទស្សនកិច្ចនោះ ហើយបំផុសឲ្យមានចិត្តរំភើបចំពោះផលប្រយោជន៍ដែលពួកគេនឹងទទួលពីទស្សនកិច្ចនោះដែរ។ បើអ្នកផ្សាយទាំងអស់ក្នុងក្រុមដឹងច្បាស់អំពីការរៀបចំនោះ ពួកគេនឹងរំភើបចិត្តគាំទ្រ។
៣៣ មានមូលហេតុត្រឹមត្រូវដែលក្រុមផ្សព្វផ្សាយនីមួយៗជាក្រុមតូចៗ។ នោះផ្ដល់ឱកាសឲ្យអ្នកត្រួតពិនិត្យក្រុមស្គាល់បងប្អូនក្នុងក្រុមច្បាស់។ ដូចគង្វាលដែលប្រកបដោយសេចក្ដីស្រឡាញ់ គាត់យកចិត្តទុកដាក់នឹងបងប្អូនម្នាក់ៗក្នុងក្រុមរបស់គាត់។ គាត់ព្យាយាមជួយពួកគេក្នុងកិច្ចបម្រើផ្សាយ ហើយលើកទឹកចិត្តឲ្យពួកគេរួមចំណែកក្នុងកិច្ចប្រជុំក្រុមជំនុំ។ គាត់ក៏ព្យាយាមធ្វើអ្វីៗដែលចាំបាច់ដើម្បីជួយបងប្អូនម្នាក់ៗឲ្យរក្សាជំនឿមាំមួន។ ពួកអ្នកដែលឈឺឬធ្លាក់ទឹកចិត្តនឹងទទួលប្រយោជន៍ពេលអ្នកត្រួតពិនិត្យក្រុមទៅសួរសុខទុក្ខពួកគេ។ បើអ្នកត្រួតពិនិត្យក្រុមផ្ដល់យោបល់ដែលលើកទឹកចិត្ត ឬផ្ដល់ឱវាទដោយសប្បុរស នេះអាចជំរុញចិត្តបងប្អូនខ្លះឲ្យព្យាយាមទទួលឯកសិទ្ធិថែមទៀតក្នុងក្រុមជំនុំ ម្ល៉ោះហើយ ពួកគេអាចជួយបងប្អូនរួមជំនឿបានច្រើនជាង។ អ្នកត្រួតពិនិត្យក្រុមនឹងយកចិត្តទុកដាក់ខ្លាំងបំផុតចំពោះបងប្អូនក្នុងក្រុមរបស់គាត់។ ក៏ប៉ុន្តែ ក្នុងនាមជាអ្នកចាស់ទុំនិងជាគង្វាល គាត់បង្ហាញសេចក្ដីស្រឡាញ់និងការយកចិត្តទុកដាក់ចំពោះបងប្អូនទាំងអស់គ្នាក្នុងក្រុមជំនុំ ហើយគាត់ប្រុងប្រៀបជួយអ្នកណាដែលមានសេចក្ដីត្រូវការ។—សកម្ម. ២០:១៧, ២៨
៣៤ ភារកិច្ចមួយរបស់អ្នកត្រួតពិនិត្យក្រុម គឺជួយប្រមូលសេចក្ដីរាយការណ៍អំពីកិច្ចបម្រើផ្សាយ ពីពួកអ្នកដែលនៅក្នុងក្រុមរបស់គាត់។ រួចគាត់ជូនសេចក្ដីរាយការណ៍ទាំងនេះទៅលេខាធិការ។ អ្នកផ្សាយម្នាក់ៗអាចជួយអ្នកត្រួតពិនិត្យក្រុម ដោយជូនសេចក្ដីរាយការណ៍ឲ្យបានឆាប់បំផុត។ ពួកគេអាចធ្វើដូច្នេះដោយជូនសេចក្ដីរាយការណ៍ដល់អ្នកត្រួតពិនិត្យក្រុមនៅចុងខែ ឬដោយដាក់ក្នុងប្រអប់នៅសាលប្រជុំដែលទុកសម្រាប់សេចក្ដីរាយការណ៍អំពីកិច្ចបម្រើផ្សាយ។
គណៈកម្មាធិការកិច្ចបម្រើក្រុមជំនុំ
៣៥ គណៈកម្មាធិការកិច្ចបម្រើក្រុមជំនុំមានសមាជិកបីនាក់ ពោលគឺ អ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំ លេខាធិការនៃក្រុមជំនុំ និងអ្នកត្រួតពិនិត្យកិច្ចបម្រើ។ គណៈកម្មាធិការនេះមានភារកិច្ចមួយចំនួន។ ជាឧទាហរណ៍ គណៈកម្មាធិការកិច្ចបម្រើធ្វើការសម្រេចចិត្តចំពោះការស្នើសុំរៀបអាពាហ៍ពិពាហ៍ឬធ្វើបុណ្យសពនៅឯសាលប្រជុំ ហើយចាត់ចែងអ្នកផ្សាយឲ្យចូលរួមក្រុមផ្សាយណាមួយ។ គណៈកម្មាធិការនេះក៏ផ្ដល់ការអនុញ្ញាតដែរ ពេលបងប្អូនដាក់ពាក្យសុំធ្វើជាអ្នកត្រួសត្រាយពេញពេលឬអ្នកត្រួសត្រាយជំនួយ ឬពេលបងប្អូនដាក់ពាក្យសុំសម្រាប់កិច្ចបម្រើផ្សេងទៀត។ គណៈកម្មាធិការកិច្ចបម្រើបំពេញកិច្ចការនៅក្រោមការដឹកនាំរបស់ក្រុមអ្នកចាស់ទុំ។
៣៦ ការិយាល័យសាខាបានផ្ដល់ការណែនាំស្ដីអំពីរបៀបដែលបងប្រុសបីនាក់នេះ ព្រមទាំងអ្នកដឹកនាំការសិក្សាទស្សនាវដ្ដីប៉មយាម អ្នកត្រួតពិនិត្យកិច្ចប្រជុំកិច្ចបម្រើនិងជីវិត និងសមាជិកឯទៀតក្នុងក្រុមអ្នកចាស់ទុំ គួរបំពេញភារកិច្ចរបស់ពួកគាត់។
៣៧ ក្រុមអ្នកចាស់ទុំក្នុងក្រុមជំនុំនីមួយៗប្រជុំគ្នានៅពេលផ្សេងៗក្នុងអំឡុងមួយឆ្នាំ ដើម្បីពិភាក្សាអំពីការរីកចម្រើនរបស់ក្រុមជំនុំក្នុងការគោរពប្រណិប័តន៍ព្រះ។ ពួកគាត់ជួបជុំគ្នាពេលមានទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យប្រចាំមណ្ឌល ហើយប្រហែលបីខែក្រោយទស្សនកិច្ចនីមួយៗ ពួកគាត់ប្រជុំគ្នាម្ដងទៀត។ បន្ថែមទៅទៀត អ្នកចាស់ទុំអាចជួបជុំគ្នានៅពេលណាក៏បាន តាមកាលៈទេសៈ។
ចូរចុះចូល
៣៨ អ្នកត្រួតពិនិត្យជាមនុស្សមិនល្អឥតខ្ចោះ។ ទោះជាយ៉ាងនេះក៏ដោយ ក្រុមជំនុំបានត្រូវលើកទឹកចិត្តឲ្យចុះចូលចំពោះពួកគាត់ ព្រោះនេះជារបៀបរៀបចំរបស់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ានឹងវិនិច្ឆ័យអ្នកត្រួតពិនិត្យស្របតាមការប្រព្រឹត្តរបស់ពួកគាត់។ ពួកគាត់ជាតំណាងលោកនិងការគ្រប់គ្រងរបស់លោក។ ហេប្រឺ ១៣:១៧ ប្រាប់ថា៖ «ចូរស្ដាប់បង្គាប់ហើយចុះចូលនឹងពួកអ្នកដែលនាំមុខអ្នករាល់គ្នា ព្រោះពួកគេកំពុងថែរក្សាអ្នករាល់គ្នា ហើយទទួលខុសត្រូវអំពីរបៀបដែលពួកគេបានធ្វើការនោះ។ ដូច្នេះ ពួកគេអាចធ្វើការនេះដោយមានអំណរ មិនមែនដោយដកដង្ហើមធំទេ ព្រោះបើដូច្នេះនឹងនាំឲ្យអ្នករាល់គ្នាបង់ប្រយោជន៍វិញ»។ ដូចព្រះយេហូវ៉ាបានប្រើសកម្មពលបរិសុទ្ធដើម្បីតែងតាំងបុរសម្នាក់ លោកក៏ប្រើសកម្មពលដដែលនោះដើម្បីដកឯកសិទ្ធិបម្រើជាអ្នកត្រួតពិនិត្យ ពីបុរសណាដែលមិនបង្ហាញផលដែលបង្កើតដោយសកម្មពលរបស់ព្រះ និងដែលមិនមានរបៀបរស់នៅសមស្របតាមតម្រូវការក្នុងគម្ពីរ។
៣៩ យើងពិតជាដឹងគុណអ្នកត្រួតពិនិត្យក្នុងក្រុមជំនុំ ដែលខំប្រឹងធ្វើការនិងទុកគំរូល្អប្រសើរ។ ពេលដែលប៉ូលសរសេរសំបុត្រទៅកាន់ក្រុមជំនុំនៅក្រុងថែស្សាឡូនិច គាត់បានដាស់តឿនពួកគេថា៖ «បងប្អូនអើយ ឥឡូវយើងសុំអ្នករាល់គ្នាគោរពពួកអ្នកដែលធ្វើការនឿយហត់ក្នុងចំណោមអ្នករាល់គ្នា ព្រមទាំងដឹកនាំអ្នករាល់គ្នាក្នុងកិច្ចបម្រើលោកម្ចាស់ ហើយដាស់តឿនអ្នករាល់គ្នា ហើយឲ្យតម្លៃខ្ពស់ដល់ពួកគាត់ដោយសេចក្ដីស្រឡាញ់ ដោយសារកិច្ចការរបស់ពួកគាត់»។ (១ថែ. ៥:១២, ១៣) ដោយសារអ្នកត្រួតពិនិត្យក្នុងក្រុមជំនុំខំប្រឹងធ្វើការ នោះធ្វើឲ្យយើងមានអំណរនិងស្រួលជាងក្នុងការបំពេញកិច្ចបម្រើព្រះ។ បន្ថែមទៅទៀត ក្នុងសំបុត្រទី១ដែលប៉ូលសរសេរទៅកាន់ធីម៉ូថេ គាត់បានបញ្ជាក់អំពីចិត្តគំនិតដែលពួកអ្នកក្នុងក្រុមជំនុំគួរមានចំពោះអ្នកត្រួតពិនិត្យ ដោយប្រាប់ថា៖ «ត្រូវចាត់ទុកបុរសចាស់ទុំដែលដឹកនាំយ៉ាងល្អប្រសើរថា គួរនឹងទទួលកិត្តិយសមួយជាពីរ ជាពិសេសអ្នកដែលធ្វើការនឿយហត់ក្នុងការនិយាយនិងការបង្រៀនអំពីបណ្ដាំរបស់ព្រះ»។—១ធី. ៥:១៧
មុខងារផ្សេងទៀតក្នុងអង្គការព្រះ
៤០ ជួនកាល អ្នកចាស់ទុំខ្លះទទួលការតែងតាំងឲ្យបម្រើជាសមាជិកក្រុមដែលទទួលខុសត្រូវផ្នែកទៅជួបអ្នកជំងឺ។ អ្នកចាស់ទុំឯទៀតបម្រើជាសមាជិកគណៈកម្មាធិការខាងសម្ព័ន្ធការពេទ្យ។ ពួកគាត់ទៅជួបគ្រូពេទ្យនិងមន្ទីរពេទ្យ ដើម្បីប្រាប់អំពីវិធីព្យាបាលថ្មីៗ ហើយលើកទឹកចិត្តគ្រូពេទ្យឲ្យបន្តព្យាបាលសាក្សីព្រះយេហូវ៉ាដោយមិនប្រើឈាម។ អ្នកត្រួតពិនិត្យឯទៀតជួយឲ្យកិច្ចការរាជាណាចក្រព្រះជឿនទៅមុខ ដោយចូលរួមសាងសង់និងថែទាំសាលប្រជុំឬសាលសន្និបាត ឬដោយបម្រើជាសមាជិកគណៈកម្មាធិការមហាសន្និបាត។ យើងទាំងអស់គ្នាឲ្យតម្លៃចំពោះកិច្ចការជាច្រើនរបស់បងប្រុសទាំងនេះដែលសុខចិត្តចំណាយកម្លាំងនិងពេលវេលាតាមរបៀបនេះ។ យើងច្បាស់ជាចង់«រក្សាឲ្យមានការគោរពដ៏ជ្រាលជ្រៅចំពោះបងប្រុសបែបនោះ»។—ភី. ២:២៩
អ្នកត្រួតពិនិត្យប្រចាំមណ្ឌល
៤១ គណៈអភិបាលតែងតាំងអ្នកចាស់ទុំដែលមានគុណសម្បត្តិគ្រប់គ្រាន់ឲ្យបម្រើជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌល។ ការិយាល័យសាខាចាត់អ្នកត្រួតពិនិត្យទាំងនោះឲ្យទៅជួបក្រុមជំនុំក្នុងមណ្ឌលរបស់ពួកគាត់។ តាមធម្មតាពួកគាត់ធ្វើដូច្នេះពីរដងក្នុងមួយឆ្នាំ។ ម្ដងម្កាលពួកគាត់ក៏ទៅជួបអ្នកត្រួសត្រាយដែលបម្រើនៅតំបន់ដាច់ស្រយាលដែរ។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលរៀបចំកាលវិភាគដើម្បីធ្វើទស្សនកិច្ចនៅក្រុមជំនុំនីមួយៗ ហើយជម្រាបក្រុមជំនុំឲ្យបានយូរល្មមទុកជាមុន ដើម្បីឲ្យពួកគេទទួលប្រយោជន៍ច្រើនបំផុតពីទស្សនកិច្ចនោះ។
៤២ អ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំនាំមុខធ្វើការរៀបចំផ្សេងៗ ដើម្បីឲ្យទស្សនកិច្ចនោះពង្រឹងជំនឿរបស់បងប្អូនទាំងឡាយ។ (រ៉ូម ១:១១, ១២) ពេលអ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំទទួលព័ត៌មានអំពីទស្សនកិច្ចនិងតម្រូវការរបស់អ្នកត្រួតពិនិត្យប្រចាំមណ្ឌល(និងប្រពន្ធរបស់គាត់ បើមាន) នោះគាត់នឹងសុំបងប្រុសផ្សេងៗជួយគាត់រៀបចំកន្លែងស្នាក់នៅនិងអ្វីៗផ្សេងទៀតដែលចាំបាច់ សម្រាប់អ្នកត្រួតពិនិត្យប្រចាំមណ្ឌល។ បន្ទាប់មក គាត់ធ្វើឲ្យប្រាកដថាបងប្អូនទាំងអស់គ្នា រួមបញ្ចូលអ្នកត្រួតពិនិត្យប្រចាំមណ្ឌល ដឹងអំពីការរៀបចំទាំងនេះ។
៤៣ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនឹងទាក់ទងអ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំ ស្ដីអំពីកាលវិភាគសម្រាប់កិច្ចប្រជុំ រួមបញ្ចូលកិច្ចប្រជុំសម្រាប់ផ្សព្វផ្សាយ។ កិច្ចប្រជុំទាំងនេះនឹងត្រូវរៀបចំស្របតាមយោបល់របស់អ្នកត្រួតពិនិត្យប្រចាំមណ្ឌល និងស្របតាមការណែនាំពីការិយាល័យសាខា។ ពួកអ្នកចាស់ទុំត្រូវជម្រាបបងប្អូនទាំងឡាយទុកជាមុន អំពីម៉ោងនិងទីកន្លែងនៃកិច្ចប្រជុំដែលនឹងមានជាមួយក្រុមជំនុំ ជាមួយអ្នកត្រួសត្រាយ និងជាមួយអ្នកចាស់ទុំនិងជំនួយការខាងកិច្ចបម្រើ ព្រមទាំងទីកន្លែងនិងម៉ោងសម្រាប់កិច្ចប្រជុំផ្សព្វផ្សាយផងដែរ។
៤៤ នៅពេលរសៀលថ្ងៃអង្គារ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនឹងពិនិត្យមើលឯកសារផ្សេងៗ ពោលគឺ កាតរបាយការណ៍សកម្មភាពផ្សព្វផ្សាយ ឯកសារចំនួនអ្នកចូលរួមកិច្ចប្រជុំក្រុមជំនុំ ឯកសារអំពីតំបន់ផ្សាយ និងពិនិត្យគណនេយ្យ។ នេះនឹងជួយគាត់យល់អំពីសេចក្ដីត្រូវការខ្លះរបស់ក្រុមជំនុំ និងរបៀបដែលគាត់អាចជួយអ្នកដែលមានភារកិច្ចបំពេញនិងរក្សាឯកសារទាំងនោះ។ អ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំ គួររៀបចំឲ្យអ្នកត្រួតពិនិត្យប្រចាំមណ្ឌលទទួលឯកសារទាំងអស់នោះជាមុន។
៤៥ ក្នុងអំឡុងទស្សនកិច្ច អ្នកត្រួតពិនិត្យប្រចាំមណ្ឌលឆ្លៀតពេលនិយាយជាមួយបងប្អូនម្នាក់ៗនៅកិច្ចប្រជុំ ក្នុងកិច្ចបម្រើផ្សាយ ពេលបរិភោគ និងនៅពេលផ្សេងទៀត។ ម្យ៉ាងទៀត គាត់ជួបជុំជាមួយអ្នកចាស់ទុំនិងជំនួយការខាងកិច្ចបម្រើ ដើម្បីឲ្យឱវាទពីគម្ពីរ យោបល់ និងការលើកទឹកចិត្ត ដោយសារនេះនឹងជួយពួកគាត់បំពេញភារកិច្ចខាងការឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅក្រោមការថែទាំរបស់ពួកគាត់។ (សុភ. ២៧:២៣; សកម្ម. ២០:២៦-៣២; ១ធី. ៤:១១-១៦) អ្នកត្រួតពិនិត្យប្រចាំមណ្ឌលក៏ជួបជុំជាមួយនឹងអ្នកត្រួសត្រាយដែរ ដើម្បីលើកទឹកចិត្តពួកគាត់ ហើយជួយដោះស្រាយបញ្ហាដែលពួកគាត់ប្រហែលជាជួបប្រទះក្នុងកិច្ចបម្រើផ្សាយ។
៤៦ ប្រសិនបើមានបញ្ហាផ្សេងទៀតដែលត្រូវដោះស្រាយ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនឹងធ្វើអ្វីដែលអាចធ្វើបានដើម្បីជួយដោះស្រាយបញ្ហានោះ ក្នុងសប្ដាហ៍នៃទស្សនកិច្ចរបស់គាត់ក្នុងក្រុមជំនុំ។ បើមិនអាចដោះស្រាយបញ្ហានោះរួចរាល់ក្នុងអំឡុងទស្សនកិច្ច អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនឹងជួយអ្នកចាស់ទុំ ឬអ្នកឯទៀតដែលពាក់ព័ន្ធនឹងបញ្ហានោះ ឲ្យស្រាវជ្រាវការណែនាំដែលមានមូលដ្ឋានលើគម្ពីរ។ ប្រសិនបើការិយាល័យសាខាត្រូវចូលរួមដោះស្រាយបញ្ហា អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនិងអ្នកចាស់ទុំក្នុងក្រុមជំនុំ នឹងផ្ញើរបាយការណ៍ល្អិតល្អន់ទៅការិយាល័យសាខាអំពីបញ្ហានោះ។
៤៧ ពេលធ្វើទស្សនកិច្ចនៅក្រុមជំនុំ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនឹងចូលរួមកិច្ចប្រជុំរបស់ក្រុមជំនុំ។ កិច្ចប្រជុំទាំងនេះអាចផ្លាស់ប្ដូរម្ដងម្កាល ស្របតាមការណែនាំពីការិយាល័យសាខា។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនឹងថ្លែងសុន្ទរកថាដែលលើកទឹកចិត្ត ដាស់តឿន ណែនាំ និងពង្រឹងជំនឿរបស់ក្រុមជំនុំ។ គាត់ព្យាយាមជួយបងប្អូនបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា លោកយេស៊ូគ្រិស្ត និងអង្គការរបស់ព្រះ។
៤៨ គោលបំណងសំខាន់មួយនៃទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យប្រចាំមណ្ឌល គឺលើកទឹកចិត្តបងប្អូនឲ្យផ្សព្វផ្សាយយ៉ាងខ្នះខ្នែង ហើយប្រាប់យោបល់អំពីរបៀបដែលពួកគេអាចផ្សព្វផ្សាយដោយមានប្រសិទ្ធភាព។ បងប្អូនជាច្រើនក្នុងក្រុមជំនុំប្រហែលជាអាចផ្លាស់ប្ដូរកាលវិភាគរបស់ខ្លួន ដើម្បីចូលរួមយ៉ាងពេញលេញក្នុងកិច្ចផ្សព្វផ្សាយនៅសប្ដាហ៍នោះ។ បងប្អូនខ្លះប្រហែលជាអាចត្រួសត្រាយជំនួយក្នុងខែដែលមានទស្សនកិច្ចនោះ។ បងប្អូនណាដែលចង់ផ្សព្វផ្សាយជាមួយអ្នកត្រួតពិនិត្យប្រចាំមណ្ឌលឬប្រពន្ធគាត់ អាចណាត់ពេលជាមួយពួកគាត់ទុកជាមុន។ ការនាំអ្នកត្រួតពិនិត្យប្រចាំមណ្ឌលឬប្រពន្ធរបស់គាត់ទៅបង្រៀនសិស្សគម្ពីរ ឬត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍ អាចផ្ដល់ប្រយោជន៍ជាច្រើន។ ពេលអ្នកគាំទ្រការរៀបចំនេះយ៉ាងពេញលេញក្នុងអំឡុងទស្សនកិច្ច នេះពិតជាមានតម្លៃ។—សុភ. ២៧:១៧
៤៩ ជារៀងរាល់ឆ្នាំ មានសន្និបាតប្រចាំមណ្ឌលពីរ ដែលបានត្រូវរៀបចំសម្រាប់មណ្ឌលនីមួយៗ។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលទទួលខុសត្រូវចាត់ចែងការរៀបចំនៃសន្និបាតទាំងពីរនេះ។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលតែងតាំងអ្នកត្រួតពិនិត្យសន្និបាត និងជំនួយការអ្នកត្រួតពិនិត្យសន្និបាត។ ពួកគាត់សហការជាមួយអ្នកត្រួតពិនិត្យប្រចាំមណ្ឌលក្នុងការរៀបចំសន្និបាត។ នេះមានន័យថា អ្នកត្រួតពិនិត្យប្រចាំមណ្ឌលអាចប្រមូលអារម្មណ៍ទៅលើកម្មវិធីសន្និបាត។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលក៏តែងតាំងបងប្រុសឯទៀតដែលមានសមត្ថភាព ឲ្យមើលការខុសត្រូវលើផ្នែកផ្សេងៗដែរ។ ម្យ៉ាងទៀត ម្ដងម្កាលគាត់នឹងរៀបចំឲ្យមានការត្រួតពិនិត្យគណនេយ្យរបស់មណ្ឌល។ នៅសន្និបាតប្រចាំមណ្ឌលមួយជារៀងរាល់ឆ្នាំ ភ្ញៀវដែលជាតំណាងការិយាល័យសាខានឹងថ្លែងសុន្ទរកថា។ ដោយសារចម្ងាយ ឬអគារសម្រាប់ធ្វើសន្និបាតនោះតូច មណ្ឌលខ្លះបានត្រូវចែកជាផ្នែកៗ ហើយផ្នែកនីមួយៗមានសន្និបាតប្រចាំមណ្ឌល។
៥០ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលផ្ញើសេចក្ដីរាយការណ៍អំពីកិច្ចផ្សព្វផ្សាយរបស់គាត់ទៅការិយាល័យសាខានៅដំណាច់ខែនីមួយៗ។ ប្រហែលជាគាត់ត្រូវបង់ចំណាយខ្លះ ដូចជាចំណាយសម្រាប់ធ្វើដំណើរ អាហារ កន្លែងស្នាក់នៅ និងអ្វីផ្សេងទៀតដែលចាំបាច់ដើម្បីបំពេញកិច្ចការរបស់គាត់។ ក៏ប៉ុន្តែ បើក្រុមជំនុំមិនបានជួយបង់ថ្លៃចំណាយនោះទេ គាត់អាចស្នើសុំទៅការិយាល័យសាខាបាន។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលជឿជាក់ថា ប្រសិនបើពួកគាត់បន្តស្វែងរករាជាណាចក្ររបស់ព្រះយេហូវ៉ាជាមុន នោះពួកគាត់នឹងមានអ្វីដែលពួកគាត់ត្រូវការ ដូចដែលលោកយេស៊ូបានសន្យា។ (លូក. ១២:៣១) ក្រុមជំនុំទាំងឡាយគួរនឹកចាំអំពីឯកសិទ្ធិក្នុងការទទួលពួកគាត់ដោយរាក់ទាក់ ពីព្រោះពួកគាត់ខំប្រឹងបម្រើបងប្អូន។—៣យ៉ូន. ៥-៨
គណៈកម្មាធិការការិយាល័យសាខា
៥១ ក្នុងការិយាល័យសាខានីមួយៗនៃសាក្សីព្រះយេហូវ៉ាទូទាំងផែនដី មានបងប្រុសយ៉ាងតិចបីនាក់ដែលមានភាពចាស់ទុំនិងគុណសម្បត្តិគ្រប់គ្រាន់ស្របតាមគម្ពីរ បម្រើជាគណៈកម្មាធិការការិយាល័យសាខា ដើម្បីមើលការខុសត្រូវកិច្ចបម្រើផ្សាយក្នុងប្រទេសដែលបានត្រូវកំណត់ឲ្យ។ សមាជិកម្នាក់ក្នុងគណៈកម្មាធិការនោះ បម្រើជាអ្នកចាត់ចែងកិច្ចការគណៈកម្មាធិការការិយាល័យសាខា។
៥២ សមាជិកគណៈកម្មាធិការការិយាល័យសាខាយកចិត្តទុកដាក់ចំពោះរឿងណាដែលទាក់ទងនឹងក្រុមជំនុំទាំងឡាយក្នុងតំបន់ដែលស្ថិតនៅក្រោមការមើលការខុសត្រូវរបស់ការិយាល័យសាខា។ គណៈកម្មាធិការនេះត្រួតពិនិត្យការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះទូទាំងតំបន់ដែលស្ថិតនៅក្រោមការមើលការខុសត្រូវរបស់ការិយាល័យសាខា ហើយធ្វើឲ្យប្រាកដថាក្រុមជំនុំនិងមណ្ឌលបានត្រូវរៀបចំឡើងដើម្បីបំពេញតម្រូវការក្នុងតំបន់ផ្សាយ។ គណៈកម្មាធិការការិយាល័យសាខាក៏យកចិត្តទុកដាក់ចំពោះសាសនទូត និងសកម្មភាពរបស់អ្នកត្រួសត្រាយពិសេស អ្នកត្រួសត្រាយពេញពេល និងអ្នកត្រួសត្រាយជំនួយ។ នៅពេលមានសន្និបាតនិងមហាសន្និបាត គណៈកម្មាធិការនេះធ្វើការរៀបចំនិងការចាត់ចែងកិច្ចការផ្សេងៗដើម្បីឲ្យ«អ្វីៗទាំងអស់ប្រព្រឹត្តទៅយ៉ាងត្រឹមត្រូវ និងដោយរបៀបរៀបរយ»។—១កូ. ១៤:៤០
៥៣ គណៈកម្មាធិការប្រចាំប្រទេសអាចត្រូវតែងតាំងនៅប្រទេសខ្លះដែលនៅក្រោមការមើលខុសត្រូវរបស់គណៈកម្មាធិការការិយាល័យសាខាដែលនៅប្រទេសផ្សេងទៀត។ ដូច្នេះ គណៈកម្មាធិការប្រចាំប្រទេសអាចត្រួតពិនិត្យកិច្ចបម្រើក្នុងប្រទេសនោះឲ្យបានដិតដល់ជាង។ គណៈកម្មាធិការនេះយកចិត្តទុកដាក់នឹងរឿងផ្សេងៗដែលទាក់ទងនឹងបេតអែល មើលការខុសត្រូវចំពោះសំបុត្រនិងសេចក្ដីរាយការណ៍ផ្សេងៗ ហើយគណៈកម្មាធិការនេះក៏មើលការខុសត្រូវចំពោះសកម្មភាពទូទៅក្នុងតំបន់នោះដែរ។ គណៈកម្មាធិការប្រចាំប្រទេសសហការជាមួយគណៈកម្មាធិការការិយាល័យសាខា ដើម្បីជួយឲ្យកិច្ចការរាជាណាចក្រព្រះជឿនទៅមុខ។
៥៤ គណៈអភិបាលតែងតាំងអស់អ្នកដែលបម្រើជាសមាជិកគណៈកម្មាធិការការិយាល័យសាខា និងគណៈកម្មាធិការប្រចាំប្រទេស។
តំណាងមន្ទីរចាត់ការ
៥៥ ម្ដងម្កាល គណៈអភិបាលធ្វើការរៀបចំដើម្បីឲ្យបងប្រុសៗដែលមានគុណសម្បត្តិគ្រប់គ្រាន់ធ្វើទស្សនកិច្ចនៅការិយាល័យសាខានីមួយៗទូទាំងផែនដី។ បងប្រុសម្នាក់ដែលបម្រើក្នុងមុខងារនេះហៅថាតំណាងមន្ទីរចាត់ការ។ ភារកិច្ចចម្បងរបស់គាត់ គឺដើម្បីផ្ដល់ការលើកទឹកចិត្តដល់ក្រុមគ្រួសារបេតអែល ហើយជួយគណៈកម្មាធិការការិយាល័យសាខាដោះស្រាយបញ្ហាណា ឬឆ្លើយសំណួរណាដែលពួកគាត់មានអំពីកិច្ចបម្រើផ្សាយនិងការបង្រៀនអ្នកឯទៀតឲ្យធ្វើជាអ្នកកាន់តាមលោកយេស៊ូ។ តំណាងមន្ទីរចាត់ការក៏ជួបជុំជាមួយនឹងអ្នកត្រួតពិនិត្យប្រចាំមណ្ឌលមួយចំនួន ហើយម្ដងម្កាលគាត់ក៏នឹងជួបជុំជាមួយសាសនទូតដែរ។ ពេលធ្វើដូច្នេះ តំណាងមន្ទីរចាត់ការពិភាក្សាអំពីបញ្ហានិងសេចក្ដីត្រូវការរបស់ពួកគាត់ ហើយផ្ដល់ការលើកទឹកចិត្តស្ដីអំពីសកម្មភាពសំខាន់បំផុត ពោលគឺកិច្ចបម្រើផ្សាយនិងការបង្រៀនអ្នកឯទៀតឲ្យកាន់តាមលោកយេស៊ូ។
៥៦ តំណាងមន្ទីរចាត់ការផ្ដោតអារម្មណ៍យ៉ាងខ្លាំងទៅលើអ្វីដែលកំពុងកើតឡើងក្នុងតំបន់ដែលស្ថិតនៅក្រោមការមើលការខុសត្រូវរបស់ការិយាល័យសាខា ជាពិសេសអ្វីដែលកំពុងកើតឡើងក្នុងកិច្ចបម្រើផ្សាយនិងសកម្មភាពផ្សេងទៀតរបស់ក្រុមជំនុំនានា។ បើមានពេលគ្រប់គ្រាន់ គាត់ក៏អាចទៅលេងការិយាល័យបកប្រែដែរ។ ពេលតំណាងមន្ទីរចាត់ការធ្វើទស្សនកិច្ចនៅការិយាល័យសាខាណាមួយ គាត់ចូលរួមក្នុងកិច្ចផ្សព្វផ្សាយរាជាណាចក្រព្រះតាមដែលអាចធ្វើបាន។
កាលដែលយើងបន្តចុះចូលចំពោះអ្នកត្រួតពិនិត្យដែលបានត្រូវតែងតាំងឲ្យឃ្វាលហ្វូងចៀម នោះយើងកាន់តែមានសាមគ្គីភាពជាមួយប្រមុខនៃក្រុមជំនុំ គឺលោកយេស៊ូគ្រិស្ត
ការត្រួតពិនិត្យដែលប្រកបដោយសេចក្ដីស្រឡាញ់
៥៧ យើងពិតជាទទួលប្រយោជន៍ច្រើនណាស់ពីការខំប្រឹងព្យាយាម និងការថែរក្សាដោយសេចក្ដីស្រឡាញ់របស់បុរសគ្រិស្តសាសនិកដែលមានភាពចាស់ទុំ។ កាលដែលយើងបន្តចុះចូលចំពោះអ្នកត្រួតពិនិត្យដែលបានត្រូវតែងតាំងឲ្យឃ្វាលហ្វូងចៀម នោះយើងកាន់តែមានសាមគ្គីភាពជាមួយប្រមុខនៃក្រុមជំនុំ គឺលោកយេស៊ូគ្រិស្ត។ (១កូ. ១៦:១៥-១៨; អេភ. ១:២២, ២៣) ជាលទ្ធផល ក្រុមជំនុំទាំងឡាយទូទាំងពិភពលោកទទួលសកម្មពលរបស់ព្រះ ហើយបណ្ដាំរបស់ព្រះដឹកនាំកិច្ចការរបស់លោកទូទាំងផែនដី។—ទំនុក. ១១៩:១០៥