អេភេសូរ
៥ ដូច្នេះ ចូរយកតម្រាប់តាមព្រះ ក្នុងនាមជាកូនជាទីស្រឡាញ់របស់លោក ២ ចូរបន្តរស់នៅដោយបង្ហាញសេចក្ដីស្រឡាញ់ ដូចគ្រិស្តបានស្រឡាញ់អ្នករាល់គ្នា ហើយបានប្រគល់ខ្លួនលោកដើម្បីអ្នករាល់គ្នា ទុកជាគ្រឿងបូជានិងក្លិនក្រអូបជូនព្រះ។
៣ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវទាំងនិយាយអំពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* អំពើស្មោកគ្រោក ឬការលោភលន់ឡើយ ធ្វើដូច្នេះទើបសមគួរចំពោះពួកអ្នកបរិសុទ្ធ ៤ ក៏មិនត្រូវមានការប្រព្រឹត្តដែលគួរឲ្យខ្មាស ការនិយាយពាក្យផ្ដេសផ្ដាស ការនិយាយកំប្លែងអាសអាភាស ព្រោះការទាំងនេះមិនសមរម្យទេ តែត្រូវអរគុណព្រះវិញ។ ៥ ព្រោះអ្នករាល់គ្នាដឹង ហើយក៏យល់ច្បាស់ថា គ្មានអ្នកណាម្នាក់ដែលជាអ្នកប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ មនុស្សស្មោកគ្រោក ឬអ្នកលោភលន់ (ដែលទុកជាការគោរពបូជារូបព្រះ) មានមត៌កក្នុងរាជាណាចក្ររបស់គ្រិស្តនិងរបស់ព្រះឡើយ។
៦ កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាដោយពាក្យអសារឥតការឡើយ ព្រោះដោយសារការទាំងនោះ កំហឹងរបស់ព្រះនឹងមកលើពួកអ្នកមិនស្ដាប់បង្គាប់។ ៧ ដូច្នេះ កុំរួមចំណែកជាមួយនឹងពួកគេ ៨ ព្រោះអ្នករាល់គ្នាធ្លាប់ជាភាពងងឹត តែឥឡូវជាពន្លឺវិញ ពីព្រោះអ្នករាល់គ្នាជារបស់លោកម្ចាស់។ ចូរបន្តរស់នៅជាកូននៃពន្លឺ ៩ ព្រោះផលនៃពន្លឺមានគុណធម៌ សេចក្ដីសុចរិត និងសេចក្ដីពិតគ្រប់យ៉ាង។ ១០ ចូរពិចារណាជានិច្ចដើម្បីឲ្យដឹងប្រាកដអំពីអ្វីដែលលោកម្ចាស់ពេញចិត្ត ១១ ហើយឈប់រួមចំណែកជាមួយនឹងពួកគេក្នុងការប្រព្រឹត្តដែលមិនកើតផលនិងជាការប្រព្រឹត្តខាងភាពងងឹត តែចូរប្រដៅតម្រង់ពួកគេវិញ ១២ ព្រោះការដែលពួកគេធ្វើដោយសម្ងាត់ សូម្បីតែយកមកនិយាយ ក៏គួរឲ្យខ្មាសទៅហើយ។ ១៣ ឯការទាំងអស់ដែលកំពុងត្រូវលាតត្រដាង ត្រូវសឲ្យឃើញដោយពន្លឺ ព្រោះអ្វីៗទាំងអស់ដែលកំពុងត្រូវសឲ្យឃើញ គឺជាពន្លឺ។ ១៤ ដូច្នេះ មានសេចក្ដីដែលចែងថា៖ «អ្នកដេកលក់អើយ! ចូរភ្ញាក់ឡើង ហើយរស់ពីស្លាប់ឡើងវិញ រួចគ្រិស្តនឹងភ្លឺចាំងមកលើអ្នក»។
១៥ ម្ល៉ោះហើយ ចូរយកចិត្តទុកដាក់ឲ្យដិតដល់ចំពោះការប្រព្រឹត្ត* របស់ខ្លួន កុំឲ្យប្រព្រឹត្តដូចមនុស្សឥតប្រាជ្ញា តែដូចមនុស្សដែលប្រកបដោយប្រាជ្ញាវិញ ១៦ ដោយប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត* ព្រោះយើងរស់នៅសម័យដ៏ទុច្ចរិត។ ១៧ ហេតុនេះ កុំធ្វើជាមនុស្សឥតវិចារណញ្ញាណ តែចូរយល់អំពីបំណងប្រាថ្នារបស់ព្រះយេហូវ៉ា។ ១៨ ម្យ៉ាងទៀត កុំស្រវឹងស្រាឡើយ ព្រោះនោះនាំឲ្យប្រព្រឹត្តអំពើអបាយមុខ តែចូរឲ្យបានពេញទៅដោយសកម្មពល* របស់ព្រះជានិច្ច ១៩ និយាយគ្នាដោយបទទំនុកតម្កើង ពាក្យសរសើរព្រះ ចម្រៀងគោរពប្រណិប័តន៍ ហើយច្រៀងនិងលេងភ្លេងបន្ទរតាមជូនព្រះយេហូវ៉ាក្នុងចិត្ត ២០ ក្នុងនាមលោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង ដោយអរគុណព្រះដែលជាបិតារបស់យើងចំពោះអ្វីៗទាំងអស់ជានិច្ច។
២១ ចូរចុះចូលនឹងគ្នាទៅវិញទៅមក ដោយកោតខ្លាចគ្រិស្ត។ ២២ ចូរឲ្យប្រពន្ធចុះចូលនឹងប្ដី ដូចចុះចូលនឹងលោកម្ចាស់ ២៣ ពីព្រោះប្ដីជាប្រមុខរបស់ប្រពន្ធ ដូចគ្រិស្តជាប្រមុខនៃក្រុមជំនុំ ជារូបកាយរបស់លោកដែលលោកបានសង្គ្រោះ។ ២៤ តាមពិត ចូរឲ្យប្រពន្ធចុះចូលនឹងប្ដីក្នុងគ្រប់ការទាំងអស់ ដូចក្រុមជំនុំចុះចូលនឹងគ្រិស្ត។ ២៥ ប្ដីទាំងឡាយអើយ ចូរស្រឡាញ់ប្រពន្ធជាដរាប ដូចគ្រិស្តបានស្រឡាញ់ក្រុមជំនុំ ហើយបានប្រគល់ខ្លួនលោកដើម្បីក្រុមជំនុំ ២៦ ដើម្បីលោកអាចញែកក្រុមជំនុំជាបរិសុទ្ធ ធ្វើឲ្យស្អាតដោយសម្អាតជាមួយនឹងទឹកដែលជាបណ្ដាំរបស់ព្រះ ២៧ ដើម្បីលោកអាចនាំក្រុមជំនុំមកនៅចំពោះមុខលោក ដោយមានភាពរុងរឿង ឥតមានប្រឡាក់ ជ្រួញ ឬលក្ខណៈឯទៀតបែបនោះឡើយ តែដើម្បីឲ្យបានបរិសុទ្ធ ឥតសៅហ្មងវិញ។
២៨ យ៉ាងនោះ ប្ដីត្រូវស្រឡាញ់ប្រពន្ធដូចស្រឡាញ់រូបកាយរបស់ខ្លួន។ អ្នកណាដែលស្រឡាញ់ប្រពន្ធរបស់ខ្លួន អ្នកនោះស្រឡាញ់ខ្លួនឯង ២៩ ព្រោះគ្មានអ្នកណាស្អប់រូបកាយ* របស់ខ្លួនទេ តែគេតែងចិញ្ចឹមហើយស្រឡាញ់ថ្នាក់ថ្នម ដូចគ្រិស្តប្រព្រឹត្តនឹងក្រុមជំនុំ ៣០ ពីព្រោះយើងជាអវយវៈនៃរូបកាយរបស់លោក។ ៣១ «ហេតុនេះ បុរសនឹងចាកចេញពីឪពុកនិងម្ដាយខ្លួន ហើយនឹងនៅជាប់ជាមួយនឹងប្រពន្ធរបស់គាត់ រួចពួកគេទាំងពីរនាក់នឹងទៅជាសាច់ឈាមតែមួយ»។ ៣២ អាថ៌កំបាំងដ៏ពិសិដ្ឋនេះអស្ចារ្យណាស់។ ខ្ញុំកំពុងនិយាយអំពីគ្រិស្តនិងក្រុមជំនុំ។ ៣៣ ទោះជាយ៉ាងនោះក៏ដោយ ចូរអ្នករាល់គ្នាម្នាក់ៗស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចស្រឡាញ់ខ្លួនអ្នក ឯប្រពន្ធត្រូវគោរពប្ដីយ៉ាងជ្រាលជ្រៅ។