សៀវភៅម៉ាកុស
៤ ក្រោយមក លោកចាប់ផ្ដើមបង្រៀននៅឆ្នេរសមុទ្រម្ដងទៀត។ ពេលនោះ មនុស្សច្រើនសន្ធឹកបានមូលគ្នាមកជិតលោក។ ដូច្នេះ លោកក៏ចុះទៅអង្គុយក្នុងទូកមួយ ហើយចេញពីច្រាំងបន្តិច តែបណ្ដាជនបាននៅលើមាត់ច្រាំងវិញ។+ ២ រួចលោកចាប់ផ្ដើមបង្រៀនសេចក្ដីពិតជាច្រើន ដោយប្រើឧទាហរណ៍។+ លោកបានបង្រៀនថា៖+ ៣ «ចូរស្ដាប់ចុះ។ មើល! បុរសម្នាក់បានចេញទៅសាបព្រោះគ្រាប់ពូជ។+ ៤ ពេលដែលគាត់កំពុងសាបព្រោះ នោះគ្រាប់ពូជខ្លះបានធ្លាក់តាមផ្លូវ ហើយមានសត្វស្លាបមកចឹកស៊ីអស់ទៅ។ ៥ គ្រាប់ពូជខ្លះទៀតបានធ្លាក់លើកន្លែងមានផ្ទាំងថ្ម មិនសូវមានដី រួចក៏ដុះចេញផុតពីដីភ្លាមៗ ដោយសារដីនោះរាក់។+ ៦ ប៉ុន្តែ ពេលដែលថ្ងៃរះឡើង វាក៏ស្លោកទៅ ហើយដោយសារឫសចាក់មិនជ្រៅ វាក៏ក្រៀមស្វិត។ ៧ ឯគ្រាប់ពូជខ្លះទៀតបានធ្លាក់លើដីដែលមានដើមបន្លា រួចដើមបន្លាក៏ដុះឡើងគ្របជិតគ្រាប់ពូជនោះ ហើយវាមិនបង្កើតផលឡើយ។+ ៨ ប៉ុន្តែ គ្រាប់ពូជខ្លះបានធ្លាក់លើដីល្អ ហើយបានដុះឡើង រួចបង្កើតផល១ជា៣០ ១ជា៦០ និង១ជា១០០»។+ ៩ ដូច្នេះ លោកពោលបន្ថែមថា៖ «អ្នកណាដែលមានត្រចៀកអាចស្ដាប់ឮ ចូរស្ដាប់ចុះ»។+
១០ ពេលដែលលោកនៅម្នាក់ឯង នោះអ្នកកាន់តាមខ្លះនិងសាវ័កទាំង១២នាក់ ចាប់ផ្ដើមសួរលោកអំពីឧទាហរណ៍ទាំងនោះ។+ ១១ រួចលោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ព្រះបានជួយអ្នករាល់គ្នាឲ្យយល់អាថ៌កំបាំងដ៏ពិសិដ្ឋ+អំពីរាជាណាចក្ររបស់ព្រះ។ ប៉ុន្តែចំពោះអ្នកក្រៅវិញ ពួកគេបានត្រឹមតែឮ តែមិនយល់ឧទាហរណ៍ទាំងនោះទេ។+ ១២ ម្ល៉ោះហើយ ទោះជាពួកគេអាចមើល ក៏នៅតែមើលមិនឃើញ ហើយទោះជាអាចឮ ក៏នៅតែមិនយល់អត្ថន័យ ហើយក៏មិនវិលមកវិញដើម្បីទទួលការអភ័យទោសពីព្រះដែរ»។+ ១៣ លោកមានប្រសាសន៍តទៅទៀតថា៖ «បើអ្នករាល់គ្នាមិនយល់ឧទាហរណ៍នេះ ធ្វើដូចម្ដេចឲ្យយល់ឧទាហរណ៍ឯទៀតបាន?
១៤ «គ្រាប់ពូជដែលបុរសនោះសាបព្រោះ គឺជាបណ្ដាំរបស់ព្រះ។+ ១៥ ដូច្នេះ មនុស្សដែលប្រៀបដូចជាផ្លូវនោះ គឺជាអ្នកដែលបណ្ដាំរបស់ព្រះបានត្រូវសាបព្រោះក្នុងពួកគេ តែកាលបានឮបណ្ដាំរបស់ព្រះភ្លាម សាថានក៏មក+យកបណ្ដាំដែលបានត្រូវសាបព្រោះនោះទៅ។+ ១៦ ចំណែកមនុស្សដែលប្រៀបដូចជាផ្ទាំងថ្ម គឺជាអ្នកដែលឮបណ្ដាំរបស់ព្រះភ្លាម ក៏ទទួលបណ្ដាំនោះដោយអំណរ។+ ១៧ ទោះជាយ៉ាងនោះក៏ដោយ បណ្ដាំរបស់ព្រះគ្មានឫសក្នុងពួកគេឡើយ។ តែពួកគេនៅជាប់បានមួយរយៈ រួចពេលកើតមានទុក្ខលំបាកឬការបៀតបៀនភ្លាមៗដោយសារបណ្ដាំរបស់ព្រះ នោះពួកគេក៏ជំពប់ដួល។ ១៨ ឯមនុស្សខ្លះទៀតដែលប្រៀបដូចជាដីដែលមានដើមបន្លា នោះសំដៅលើអ្នកដែលបានឮបណ្ដាំរបស់ព្រះ+ ១៩ តែការខ្វល់ខ្វាយ+អំពីជីវភាពនៅសម័យ*នេះ ការល្បួងនៃទ្រព្យសម្បត្តិ+ និងចិត្តប្រាថ្នា+ឲ្យបានអ្វីៗផ្សេងទៀត ក៏ចូលមកគ្របបាំងបណ្ដាំរបស់ព្រះជិត មិនឲ្យអ្នកនោះបង្កើតផលឡើយ។ ២០ ចុងក្រោយ មនុស្សដែលប្រៀបដូចជាដីល្អ គឺជាអ្នកដែលស្ដាប់បណ្ដាំរបស់ព្រះ ហើយទទួលដោយអំណរ រួចបង្កើតផល១ជា៣០ ១ជា៦០ និង១ជា១០០»។+
២១ លោកមានប្រសាសន៍ទៅពួកគេតទៅទៀតថា៖ «គេមិនដែលយកចង្កៀងមកដាក់ក្រោមកញ្ឆេ* ឬក្រោមគ្រែឡើយ មែនទេ? ប៉ុន្តែគេយកមកដាក់លើជើងចង្កៀងវិញ+ ២២ ព្រោះថាអ្វីដែលបានត្រូវលាក់ នឹងត្រូវបើកបង្ហាញឲ្យឃើញ ហើយអ្វីដែលបានបិទបាំងយ៉ាងជិត នឹងត្រូវបើកបង្ហាញឲ្យដឹង។+ ២៣ អ្នកណាដែលមានត្រចៀកអាចស្ដាប់ឮ ចូរស្ដាប់ចុះ»។+
២៤ លោកមានប្រសាសន៍ថែមទៀតថា៖ «ចូរយកចិត្តទុកដាក់នឹងអ្វីដែលអ្នកកំពុងឮ។+ អ្នកវាល់ប៉ុនណា អ្នកនឹងទទួលប៉ុណ្ណឹង ហើយអ្នកនឹងទទួលថែមទៀតផង ២៥ ព្រោះថាអ្នកណាដែលមាន នឹងទទួលថែមទៀត+ តែអ្នកណាដែលគ្មាន សូម្បីតែអ្វីដែលអ្នកនោះមាន ក៏នឹងត្រូវដកហូតដែរ»។+
២៦ ដូច្នេះ លោកមានប្រសាសន៍បន្ថែមថា៖ «រាជាណាចក្ររបស់ព្រះគឺដូចពេលបុរសម្នាក់សាបព្រោះគ្រាប់ពូជលើដី។ ២៧ ពេលយប់គាត់ដេក ហើយពេលថ្ងៃគាត់ក្រោក។ ចំណែកគ្រាប់ពូជវិញ វាចេញពន្លកហើយធំឡើង តែគាត់មិនដឹងថាវាដុះតាមរបៀបណាឡើយ។ ២៨ បន្តិចម្ដងៗ ដីបង្កើតផលដោយឯកឯង មុនដំបូងចេញដើម រួចមានកួរ ហើយទីបំផុតមានគ្រាប់។ ២៩ កាលស្រូវទុំហើយ គាត់ទាញកណ្ដៀវមកច្រូត ពីព្រោះរដូវចម្រូតបានមកដល់ហើយ»។
៣០ រួចលោកពោលតទៅទៀតថា៖ «តើយើងអាចប្រដូចរាជាណាចក្ររបស់ព្រះទៅនឹងអ្វី? ឬតើយើងអាចប្រើឧទាហរណ៍អ្វី ដើម្បីពន្យល់អំពីរាជាណាចក្ររបស់ព្រះ? ៣១ រាជាណាចក្ររបស់ព្រះគឺប្រៀបដូចជាគ្រាប់មូស្ដាត។* កាលគេដាំក្នុងដី គ្រាប់នោះជាគ្រាប់តូចបំផុតនៅផែនដី។+ ៣២ តែក្រោយពីបានត្រូវដាំហើយ គ្រាប់នោះដុះឡើងធំជាងដំណាំទាំងអស់ ហើយបែកមែកធំៗ ដូច្នេះសត្វស្លាបនៅលើមេឃអាចមកជ្រកអាស្រ័យក្នុងម្លប់ដើមនោះបាន»។
៣៣ លោកយេស៊ូមានប្រសាសន៍ប្រាប់ពួកគេអំពីបណ្ដាំរបស់ព្រះដោយប្រើឧទាហរណ៍ជាច្រើន+ តាមដែលពួកគេអាចយល់បាន។ ៣៤ លោកមិនដែលមានប្រសាសន៍ទៅពួកគេដោយមិនប្រើឧទាហរណ៍ឡើយ។ ប៉ុន្តែ ពេលលោកនៅដាច់ដោយឡែកពីគេ លោកពន្យល់អ្វីៗទាំងអស់ដល់អ្នកកាន់តាមលោក។+
៣៥ នៅយប់ថ្ងៃនោះ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ចូរយើងឆ្លងទៅត្រើយម្ខាង»។+ ៣៦ ម្ល៉ោះហើយ ក្រោយពីបានឲ្យបណ្ដាជនត្រឡប់ទៅវិញ លោកនិងពួកគាត់បានចូលក្នុងទូក រួចចេញដំណើរទៅតែម្ដង។ នៅពេលនោះ ក៏មានទូកឯទៀតចេញដំណើរទៅជាមួយនឹងលោកដែរ។+ ៣៧ ក្រោយមក មានខ្យល់ព្យុះដ៏ខ្លាំងមួយ ហើយរលកបានបក់បោកវាយផ្ទប់ទូកនោះ រហូតដល់ទឹកចូលជិតពេញ។+ ៣៨ ប៉ុន្តែ លោកកំពុងសម្រាន្តលក់លើខ្នើយនៅកន្សៃទូក។ ដូច្នេះ ពួកគាត់បានដាស់លោក ហើយសួរថា៖ «លោកគ្រូ! តើលោកមិនខ្វល់ថាយើងជិតវិនាសទេឬ?»។ ៣៩ ឮដូច្នេះ លោកក៏ងើបឡើង ហើយស្ដីបន្ទោសខ្យល់ ថែមទាំងស្រដីទៅសមុទ្រថា៖ «ចូរស្ងៀមទៅ!»។+ រួចខ្យល់ក៏ស្ងប់ ហើយក៏កើតមានសភាពស្ងប់ស្ងាត់ក្រៃលែង។ ៤០ ម្ល៉ោះហើយ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ហេតុអ្វីបានជាភ័យខ្លាចដូច្នេះ? តើអ្នកនៅតែមិនទាន់មានជំនឿទេឬ?»។ ៤១ ប៉ុន្តែ ពួកគាត់នឹកស្ញប់ស្ញែងក្នុងចិត្តយ៉ាងខ្លាំង ហើយបានសួរគ្នាថា៖ «តើលោកនេះពិតជាអ្នកណា? សូម្បីតែខ្យល់និងសមុទ្រ ក៏ស្ដាប់បង្គាប់លោកដែរ»។+