សៀវភៅយ៉ូហាន
១១ នៅភូមិបេថានី មានបុរសម្នាក់ឈ្មោះឡាសា គាត់កំពុងឈឺ ហើយបងប្អូនស្រីរបស់គាត់ឈ្មោះម៉ារៀនិងម៉ាថា ក៏រស់នៅក្នុងភូមិនោះដែរ។+ ២ ឡាសាដែលឈឺនោះ គឺជាប្អូនប្រុសរបស់ម៉ារៀ ដែលបានយកប្រេងក្រអូបមកចាក់លាបលើលោកម្ចាស់យេស៊ូ ហើយយកសក់មកជូតជើងរបស់លោកឲ្យស្ងួត។+ ៣ ដូច្នេះ បងស្រីៗរបស់គាត់បានចាត់គេឲ្យទៅជម្រាបលោកថា៖ «លោកម្ចាស់! មើល! មិត្តជាទីស្រឡាញ់របស់លោកកំពុងឈឺ»។ ៤ ប៉ុន្តែ ពេលដែលលោកយេស៊ូឮដូច្នេះ លោកមានប្រសាសន៍ថា៖ «លទ្ធផលនៃជំងឺនេះមិនមែនជាសេចក្ដីស្លាប់ទេ តែគឺជាការលើកតម្កើងព្រះវិញ+ ដើម្បីឲ្យបុត្ររបស់ព្រះទទួលការលើកតម្កើងដោយសារជំងឺនេះ»។
៥ លោកយេស៊ូស្រឡាញ់ម៉ាថា ម៉ារៀ និងឡាសា។ ៦ ក៏ប៉ុន្តែ ពេលដែលលោកឮថាឡាសាកំពុងឈឺ លោកបន្តស្នាក់នៅកន្លែងដដែលអស់ពីរថ្ងៃទៀត។ ៧ បន្ទាប់ពីពីរថ្ងៃនោះ លោកមានប្រសាសន៍ទៅពួកអ្នកកាន់តាមលោកថា៖ «ចូរយើងទៅតំបន់យូឌាម្ដងទៀត»។ ៨ ពួកអ្នកកាន់តាមនិយាយទៅកាន់លោកថា៖ «រ៉ាប៊ី*+ ថ្មីៗនេះពួកអ្នកតំបន់យូឌាចង់យកថ្មគប់សម្លាប់លោក+ ដូច្នេះ តើលោកនឹងទៅទីនោះម្ដងទៀតឬ?»។ ៩ លោកយេស៊ូឆ្លើយថា៖ «ក្នុងមួយថ្ងៃមានពន្លឺ១២ម៉ោង មែនទេ?+ ប្រសិនបើអ្នកណាដើរក្នុងពន្លឺថ្ងៃ អ្នកនោះនឹងមិនជំពប់ដួលដោយសារអ្វីឡើយ ពីព្រោះគាត់ឃើញពន្លឺនៃពិភពលោកនេះ។ ១០ ប៉ុន្តែ ប្រសិនបើអ្នកណាដើរពេលយប់ អ្នកនោះនឹងជំពប់ដួល ពីព្រោះគាត់គ្មានពន្លឺនៅក្នុងខ្លួនឡើយ»។
១១ បន្ទាប់ពីលោកមានប្រសាសន៍អ្វីៗទាំងនោះ លោកក៏បន្ថែមទៀតថា៖ «ឡាសាជាសម្លាញ់របស់យើងបានដេកលក់ទៅហើយ+ ប៉ុន្តែខ្ញុំនឹងទៅទីនោះដើម្បីដាស់គាត់ពីដំណេក»។ ១២ ពួកអ្នកកាន់តាមនិយាយទៅលោកថា៖ «លោកម្ចាស់ ប្រសិនបើគាត់បានដេកលក់ នោះគាត់នឹងជាឡើងវិញ»។ ១៣ ក៏ប៉ុន្តែ លោកយេស៊ូកំពុងមានប្រសាសន៍អំពីមរណភាពរបស់គាត់ តែពួកគាត់នឹកស្មានថាលោកកំពុងមានប្រសាសន៍អំពីការដេកលក់ធម្មតា។ ១៤ ដូច្នេះ លោកយេស៊ូក៏ប្រាប់ពួកគាត់ដោយត្រង់ថា៖ «ឡាសាបានស្លាប់ហើយ។+ ១៥ ប៉ុន្តែ ខ្ញុំត្រេកអរដែលខ្ញុំមិនបាននៅទីនោះ ពីព្រោះអ្វីដែលខ្ញុំបម្រុងធ្វើនឹងពង្រឹងជំនឿអ្នករាល់គ្នា។ ចូរយើងទៅឯគាត់ចុះ»។ ១៦ ដូច្នេះ ថូម៉ាសដែលគេហៅថាកូនភ្លោះ ក៏និយាយទៅអ្នកកាន់តាមឯទៀតថា៖ «ចូរយើងទៅជាមួយនឹងលោកដែរ ដើម្បីយើងអាចស្លាប់ជាមួយនឹងលោក»។+
១៧ ពេលដែលលោកយេស៊ូទៅដល់ លោកឃើញថាឡាសានៅក្នុងទីបញ្ចុះសពអស់បួនថ្ងៃហើយ។ ១៨ ឯភូមិបេថានីនោះ មានចម្ងាយប្រហែលបីគីឡូម៉ែត្រ*ពីក្រុងយេរូសាឡិម។ ១៩ មានជនជាតិយូដាជាច្រើននាក់បានមកសម្រាលទុក្ខម៉ាថានិងម៉ារៀ ដោយសារប្អូនប្រុសរបស់ពួកនាងបានស្លាប់។ ២០ ពេលម៉ាថាបានឮថាលោកយេស៊ូកំពុងមក នាងបានចេញទៅជួបលោក តែម៉ារៀ+អង្គុយនៅផ្ទះតទៅទៀត។ ២១ រួចម៉ាថានិយាយទៅកាន់លោកយេស៊ូថា៖ «លោកម្ចាស់ ប្រសិនបើលោកបាននៅទីនេះ ប្អូនប្រុសរបស់ខ្ញុំនឹងមិនស្លាប់ទេ។ ២២ ប៉ុន្តែ សូម្បីតែនៅគ្រាឥឡូវនេះ ខ្ញុំដឹងថាអ្វីក៏ដោយដែលលោកសុំពីព្រះ នោះព្រះនឹងឲ្យដល់លោក»។ ២៣ លោកយេស៊ូមានប្រសាសន៍ទៅនាងថា៖ «ប្អូនប្រុសរបស់នាងនឹងរស់ឡើងវិញ»។ ២៤ ម៉ាថានិយាយទៅកាន់លោកថា៖ «ខ្ញុំដឹងថាគាត់នឹងរស់ឡើងវិញ ពេលដែលមនុស្សស្លាប់ត្រូវប្រោសឲ្យរស់ឡើងវិញ+នៅថ្ងៃចុងក្រោយបង្អស់»។ ២៥ លោកយេស៊ូមានប្រសាសន៍ទៅនាងថា៖ «ការរស់ឡើងវិញនិងការមានជីវិតគឺដោយសារខ្ញុំ។+ អ្នកណាដែលបង្ហាញជំនឿលើខ្ញុំ ទោះជាអ្នកនោះស្លាប់ក៏ដោយ ក៏នឹងរស់ឡើងវិញដែរ។ ២៦ ឯអស់អ្នកណាដែលមានជីវិតរស់នៅ ហើយបង្ហាញជំនឿលើខ្ញុំ អ្នកទាំងនោះនឹងមិនស្លាប់សោះឡើយ។+ តើនាងជឿទេ?»។ ២៧ នាងឆ្លើយទៅលោកថា៖ «ចាសលោកម្ចាស់ ខ្ញុំជឿថាលោកជាគ្រិស្ត ជាបុត្ររបស់ព្រះ និងជាអ្នកដែលបានចូលមកក្នុងពិភពលោក»។ ២៨ លុះនិយាយចប់ហើយ នាងទៅហៅម៉ារៀជាប្អូនស្រីរបស់នាង ដោយប្រាប់ស្ងាត់ៗថា៖ «លោកគ្រូ+មកដល់ហើយ លោកកំពុងសួររកប្អូន»។ ២៩ ឮដូច្នេះ នាងក៏ប្រញាប់ក្រោកឡើងចេញទៅឯលោក។
៣០ ពេលនោះ លោកយេស៊ូមិនទាន់ចូលក្នុងភូមិនៅឡើយ ប៉ុន្តែលោកនៅកន្លែងដែលម៉ាថាបានជួបលោក។ ៣១ ពេលជនជាតិយូដាដែលកំពុងសម្រាលទុក្ខម៉ារៀក្នុងផ្ទះ ឃើញនាងប្រញាប់ក្រោកឡើង ហើយចេញទៅ នោះពួកគេក៏ចេញទៅតាមនាង ដោយនឹកស្មានថានាងកំពុងចេញទៅទីបញ្ចុះសព+ដើម្បីយំនៅទីនោះ។ ៣២ ពេលម៉ារៀមកដល់កន្លែងដែលលោកយេស៊ូនៅ ហើយឃើញលោក នោះនាងបានលំឱនកាយនៅជិតជើងលោក ដោយនិយាយថា៖ «លោកម្ចាស់ ប្រសិនបើលោកនៅទីនេះ ប្អូនប្រុសរបស់ខ្ញុំច្បាស់ជាមិនស្លាប់ទេ»។ ៣៣ កាលដែលលោកយេស៊ូឃើញនាងនិងជនជាតិយូដាដែលបានមកជាមួយនឹងនាងកំពុងយំ នោះលោកមានចិត្តក្ដុកក្ដួល ក៏រំជួលចិត្តយ៉ាងខ្លាំង។ ៣៤ លោកមានប្រសាសន៍ថា៖ «តើអ្នករាល់គ្នាបានដាក់គាត់នៅឯណា?»។ ពួកគាត់ឆ្លើយថា៖ «លោកម្ចាស់ សូមមកមើល»។ ៣៥ លោកយេស៊ូក៏ស្រក់ទឹកភ្នែក។+ ៣៦ ឃើញដូច្នេះ ជនជាតិយូដាក៏និយាយថា៖ «មើល! គាត់ស្រឡាញ់ឡាសាខ្លាំងណាស់!»។ ៣៧ ប៉ុន្តែ ពួកគេខ្លះនិយាយថា៖ «អ្នកនេះបានធ្វើឲ្យបុរសងងឹតភ្នែកនោះមើលឃើញ+ ដូច្នេះតើគាត់មិនអាចជួយកុំឲ្យអ្នកនេះស្លាប់ទេឬ?»។
៣៨ ក្រោយពីលោកយេស៊ូមកដល់ទីបញ្ចុះសព លោកក៏មានចិត្តក្ដុកក្ដួលម្ដងទៀត។ ទីបញ្ចុះសពនោះជារូងថ្ម ហើយមានដុំថ្មមួយបិទមាត់រូង។ ៣៩ លោកយេស៊ូមានប្រសាសន៍ថា៖ «ចូរយកថ្មនោះចេញ»។ ម៉ាថាជាបងស្រីរបស់សព បាននិយាយទៅកាន់លោកថា៖ «លោកម្ចាស់ សពច្បាស់ជាធុំក្លិន ព្រោះបួនថ្ងៃបានកន្លងទៅហើយ»។ ៤០ លោកយេស៊ូមានប្រសាសន៍ទៅនាងថា៖ «តើខ្ញុំមិនបានប្រាប់នាងថា ប្រសិនបើនាងជឿ នោះនាងនឹងឃើញសិរីរុងរឿងរបស់ព្រះទេឬ?»។+ ៤១ ដូច្នេះ ពួកគេបានយកថ្មនោះចេញ។ បន្ទាប់មក លោកយេស៊ូងើយភ្នែកទៅលើ+ ក៏មានប្រសាសន៍ថា៖ «បិតាអើយ ខ្ញុំសូមអរគុណលោកដែលលោកបានស្ដាប់ខ្ញុំ។ ៤២ ពិតមែនតែខ្ញុំដឹងថាលោកតែងតែស្ដាប់ខ្ញុំ ប៉ុន្តែខ្ញុំនិយាយដូច្នេះដោយសារមានបណ្ដាជនកំពុងឈរនៅជុំវិញ ដើម្បីពួកគេអាចជឿថាលោកបានចាត់ខ្ញុំឲ្យមក»។+ ៤៣ លុះមានប្រសាសន៍ចប់ហើយ លោកបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ឡាសា! ចូរចេញមក!»។+ ៤៤ បុរសដែលស្លាប់នោះបានចេញមកទាំងមានក្រណាត់រុំដៃ ជើង និងមុខរបស់គាត់។ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ចូរស្រាយគាត់ ដើម្បីឲ្យគាត់ដើរបាន»។
៤៥ ដូច្នេះ ជនជាតិយូដាជាច្រើននាក់ដែលមកឯម៉ារៀ បានឃើញអ្វីដែលលោកយេស៊ូធ្វើ ក៏ចាប់ផ្ដើមមានជំនឿលើលោក។+ ៤៦ ប៉ុន្តែ ពួកគេខ្លះបានចេញទៅប្រាប់ពួកផារិស៊ីអំពីអ្វីដែលលោកយេស៊ូបានធ្វើ។ ៤៧ ម្ល៉ោះហើយ ពួកសង្ឃនាយកនិងពួកផារិស៊ីបានហៅក្រុមប្រឹក្សាជាន់ខ្ពស់*មកជុំគ្នា រួចនិយាយថា៖ «តើយើងត្រូវធ្វើយ៉ាងណា? ព្រោះបុរសនេះធ្វើសញ្ញាសម្គាល់ជាច្រើន។+ ៤៨ ប្រសិនបើយើងទុកឲ្យគាត់ធ្វើដូច្នេះ ពួកគេទាំងអស់គ្នានឹងជឿគាត់ រួចជនជាតិរ៉ូមនឹងមកដណ្ដើមយកទាំងកន្លែង*របស់យើងទាំងជាតិរបស់យើងផង»។ ៤៩ ក៏ប៉ុន្តែ ម្នាក់ក្នុងចំណោមពួកគេ ឈ្មោះកៃផាស+ ដែលជាសម្ដេចសង្ឃនៅឆ្នាំនោះ បាននិយាយទៅកាន់ពួកគេថា៖ «អ្នករាល់គ្នាមិនដឹងអ្វីសោះ ៥០ ហើយមិនបានពិចារណាថា គឺមានប្រយោជន៍ដល់អ្នករាល់គ្នាដែលមនុស្សម្នាក់ស្លាប់ដើម្បីបណ្ដាជន ជាជាងជាតិទាំងមូលរបស់យើងត្រូវបំផ្លាញចោល»។ ៥១ ប៉ុន្តែ គាត់មិនបាននិយាយដូច្នេះចេញពីគំនិតរបស់គាត់ឡើយ តែដោយសារគាត់ជាសម្ដេចសង្ឃនៅឆ្នាំនោះ គាត់ប្រកាសទំនាយថាលោកយេស៊ូត្រូវស្លាប់ដើម្បីជាតិរបស់លោក ៥២ ហើយមិនមែនដើម្បីជាតិរបស់លោកប៉ុណ្ណោះ តែដើម្បីឲ្យលោកប្រមូលកូនទាំងអស់របស់ព្រះដែលនៅខ្ចាត់ខ្ចាយ ឲ្យរួមគ្នាជាក្រុមតែមួយ។ ៥៣ ដូច្នេះ ចាប់តាំងពីថ្ងៃនោះមក ពួកគេបានប្រឹក្សាគ្នារកវិធីសម្លាប់លោក។
៥៤ ហេតុនោះ លោកយេស៊ូលែងបង្ហាញខ្លួនជាសាធារណៈក្នុងចំណោមជនជាតិយូដាទៀត តែលោកបានចេញពីទីនោះ ទៅក្រុងមួយហៅថាអេប្រាអ៊ីម+ ដែលនៅជិតតំបន់ស្ងាត់ជ្រងំ រួចលោកស្នាក់នៅទីនោះជាមួយនឹងពួកអ្នកកាន់តាម។ ៥៥ បុណ្យរំលង+របស់ជនជាតិយូដាគឺជិតដល់ហើយ។ មនុស្សជាច្រើនបានចេញពីជនបទទៅក្រុងយេរូសាឡិមមុនបុណ្យរំលង ដើម្បីសម្អាតខ្លួនឲ្យស្អាតបរិសុទ្ធតាមច្បាប់។* ៥៦ ពួកគេរកមើលលោកយេស៊ូ ហើយពេលដែលពួកគេកំពុងឈរក្នុងវិហារ ពួកគេនិយាយគ្នាថា៖ «តើអ្នករាល់គ្នាគិតដូចម្ដេច? តើអ្នកគិតថាលោកនឹងមិនមកបុណ្យនេះសោះឬ?»។ ៥៧ ម្យ៉ាងទៀត ពួកសង្ឃនាយកនិងពួកផារិស៊ីបានបង្គាប់ថា បើអ្នកណាឮថាលោកយេស៊ូនៅឯណា អ្នកនោះត្រូវប្រាប់ពួកគេ ដើម្បីពួកគេអាចចាប់លោកបាន។