យ៉ូហាន
១១ មានបុរសដែលឈឺម្នាក់ គាត់ឈ្មោះឡាសា ជាអ្នកភូមិបេថានី ជាភូមិរបស់ម៉ារៀនិងម៉ាថាដែលជាបងស្រីរបស់គាត់។ ២ ឡាសាដែលឈឺនោះ គឺជាប្អូនប្រុសរបស់ម៉ារៀនោះឯងដែលបានយកប្រេងក្រអូបមកលាបលោកម្ចាស់យេស៊ូ ហើយយកសក់របស់នាងជូតជើងរបស់លោកឲ្យស្ងួត។ ៣ ដូច្នេះ បងស្រីៗរបស់គាត់បានចាត់គេឲ្យទៅជម្រាបលោកថា៖ «លោកម្ចាស់! មើល! មិត្តជាទីស្រឡាញ់របស់លោកកំពុងឈឺ»។ ៤ ប៉ុន្តែពេលដែលលោកយេស៊ូឮដូច្នេះ លោកមានប្រសាសន៍ថា៖ «លទ្ធផលនៃជំងឺនេះមិនមែនជាសេចក្ដីស្លាប់ទេ ប៉ុន្តែគឺជាការលើកតម្កើងដល់ព្រះវិញ ដើម្បីបុត្ររបស់ព្រះទទួលការលើកតម្កើងដោយសារជំងឺនោះ»។
៥ លោកយេស៊ូស្រឡាញ់ម៉ាថា ប្អូនរបស់នាង និងឡាសា។ ៦ ទោះជាយ៉ាងនោះក៏ដោយ ពេលដែលលោកឮថាឡាសាកំពុងឈឺ លោកស្នាក់នៅកន្លែងដដែលអស់ពីរថ្ងៃទៀត។ ៧ បន្ទាប់ពីនោះ លោកមានប្រសាសន៍ទៅពួកអ្នកកាន់តាមលោកថា៖ «ចូរយើងទៅតំបន់យូឌាម្ដងទៀត»។ ៨ ពួកអ្នកកាន់តាមនិយាយទៅកាន់លោកថា៖ «រ៉ាប៊ី* ថ្មីៗនេះពួកអ្នកតំបន់យូឌាចង់គប់ដុំថ្មសម្លាប់លោក ដូច្នេះ តើលោកនឹងទៅទីនោះម្ដងទៀតឬ?»។ ៩ លោកយេស៊ូឆ្លើយថា៖ «ក្នុងមួយថ្ងៃមានពន្លឺអស់ដប់ពីរម៉ោង មែនទេ? ប្រសិនបើអ្នកណាដើរក្នុងពន្លឺថ្ងៃ អ្នកនោះមិនទង្គិចនឹងអ្វីឡើយ ពីព្រោះគាត់ឃើញពន្លឺនៃពិភពលោកនេះ។ ១០ ប៉ុន្តែប្រសិនបើអ្នកណាដើរពេលយប់ អ្នកនោះទង្គិចនឹងអ្វីមួយ ពីព្រោះគាត់គ្មានពន្លឺនៅក្នុងខ្លួនឡើយ»។
១១ បន្ទាប់ពីលោកមានប្រសាសន៍អ្វីៗទាំងនោះ លោកក៏មានប្រសាសន៍ទៅពួកគាត់ថា៖ «ឡាសាជាសម្លាញ់របស់យើងបានដេកលក់ទៅហើយ ប៉ុន្តែខ្ញុំនឹងទៅទីនោះដើម្បីដាស់គាត់ពីដំណេក»។ ១២ ដូច្នេះ ពួកអ្នកកាន់តាមនិយាយទៅកាន់លោកថា៖ «លោកម្ចាស់ ប្រសិនបើគាត់បានដេកលក់ នោះគាត់នឹងជាឡើងវិញ»។ ១៣ ក៏ប៉ុន្តែលោកយេស៊ូកំពុងមានប្រសាសន៍អំពីមរណភាពរបស់គាត់ តែពួកគាត់នឹកស្មានថាលោកកំពុងមានប្រសាសន៍អំពីការដេកលក់ធម្មតា។ ១៤ ដូច្នេះ ពេលនោះលោកយេស៊ូមានប្រសាសន៍ប្រាប់ពួកគាត់ដោយត្រង់ថា៖ «ឡាសាបានស្លាប់ហើយ។ ១៥ ម្យ៉ាងទៀត បើគិតពីអ្នករាល់គ្នា ខ្ញុំត្រេកអរដែលខ្ញុំមិនបាននៅទីនោះ ដើម្បីឲ្យជំនឿរបស់អ្នករាល់គ្នាបានរឹងមាំជាង។ ប៉ុន្តែចូរយើងទៅឯគាត់ចុះ»។ ១៦ ដូច្នេះ ថូម៉ាស ដែលគេហៅថាកូនភ្លោះ* និយាយទៅអ្នកកាន់តាមឯទៀតថា៖ «យើងទៅជាមួយនឹងលោកដែរទៅ ដើម្បីយើងអាចស្លាប់ជាមួយនឹងលោក»។
១៧ ម្ល៉ោះហើយ ពេលដែលលោកយេស៊ូទៅដល់ លោកឃើញថាឡាសានៅក្នុងទីបញ្ចុះសពអស់បួនថ្ងៃហើយ។ ១៨ ឯភូមិបេថានីវិញ ភូមិនោះមានចម្ងាយប្រហែលបីគីឡូម៉ែត្រពីក្រុងយេរូសាឡិម។ ១៩ ដូច្នេះ ជនជាតិយូដាជាច្រើននាក់បានមកជួបម៉ាថានិងម៉ារៀដើម្បីសម្រាលទុក្ខពួកគាត់ ដោយសារប្អូនប្រុសរបស់ពួកគាត់បានស្លាប់។ ២០ ម្ល៉ោះហើយ ពេលដែលម៉ាថាបានឮថាលោកយេស៊ូកំពុងមក នាងបានចេញទៅជួបលោក ប៉ុន្តែម៉ារៀបានអង្គុយនៅផ្ទះតទៅទៀត។ ២១ ដូច្នេះ ម៉ាថានិយាយទៅកាន់លោកយេស៊ូថា៖ «លោកម្ចាស់ ប្រសិនបើលោកបាននៅទីនេះ ប្អូនប្រុសរបស់ខ្ញុំមិនបានស្លាប់ទេ។ ២២ ប៉ុន្តែសូម្បីតែនៅគ្រាឥឡូវនេះ ខ្ញុំដឹងថាអ្វីក៏ដោយដែលលោកសុំពីព្រះ នោះព្រះនឹងឲ្យដល់លោក»។ ២៣ លោកយេស៊ូមានប្រសាសន៍ទៅនាងថា៖ «ប្អូនប្រុសរបស់នាងនឹងរស់ឡើងវិញ»។ ២៤ ម៉ាថានិយាយទៅកាន់លោកថា៖ «ខ្ញុំដឹងថាគាត់នឹងរស់ឡើងវិញ នៅថ្ងៃចុងក្រោយពេលដែលមនុស្សស្លាប់ត្រូវប្រោសឲ្យរស់ឡើងវិញ»។ ២៥ លោកយេស៊ូមានប្រសាសន៍ទៅនាងថា៖ «ការរស់ឡើងវិញនិងជីវិតគឺដោយសារខ្ញុំ។ អ្នកណាដែលបង្ហាញជំនឿលើខ្ញុំ ទោះជាអ្នកនោះស្លាប់ទៅក៏ដោយ ក៏នឹងរស់ឡើងវិញ ២៦ ឯអស់អ្នកណាដែលមានជីវិតរស់នៅហើយបង្ហាញជំនឿលើខ្ញុំ អ្នកទាំងនោះនឹងមិនស្លាប់សោះឡើយ។ តើនាងជឿរឿងនេះទេ?»។ ២៧ នាងនិយាយទៅកាន់លោកថា៖ «ចាសលោកម្ចាស់ ខ្ញុំជឿថាលោកជាគ្រិស្ត ជាបុត្រព្រះ និងជាលោកដែលបានចូលមកក្នុងពិភពលោក»។ ២៨ លុះនិយាយចប់ហើយ នាងចេញទៅហៅម៉ារៀជាប្អូនស្រីរបស់នាង ដោយប្រាប់ស្ងាត់ៗថា៖ «លោកគ្រូមកដល់ហើយ លោកកំពុងសួររកប្អូន»។ ២៩ ឮដូច្នេះ នាងក៏ប្រញាប់ក្រោកឡើងចេញទៅឯលោក។
៣០ ពេលនោះ លោកយេស៊ូមិនទាន់ចូលក្នុងភូមិនៅឡើយ ប៉ុន្តែលោកនៅកន្លែងដែលម៉ាថាបានជួបលោកពីមុន។ ៣១ ដូច្នេះ ពេលដែលជនជាតិយូដាដែលនៅជាមួយនឹងម៉ារៀក្នុងផ្ទះ ដើម្បីសម្រាលទុក្ខនាង ឃើញថានាងប្រញាប់ក្រោកឡើងហើយចេញទៅ នោះពួកគេក៏បានទៅតាម ដោយនឹកស្មានថានាងកំពុងចេញទៅទីបញ្ចុះសពដើម្បីយំនៅទីនោះ។ ៣២ រួចពេលដែលម៉ារៀមកដល់កន្លែងដែលលោកយេស៊ូនៅ ហើយឃើញលោក នោះនាងបានលំឱនកាយនៅជិតជើងរបស់លោក ដោយនិយាយថា៖ «លោកម្ចាស់ ប្រសិនបើលោកនៅទីនេះ ប្អូនប្រុសរបស់ខ្ញុំមិនបានស្លាប់ទេ»។ ៣៣ ដូច្នេះ ពេលដែលលោកយេស៊ូឃើញនាងនិងជនជាតិយូដាដែលបានមកជាមួយនឹងនាងកំពុងយំ នោះលោកមានចិត្តក្ដុកក្ដួលក៏រំជួលចិត្ត* យ៉ាងខ្លាំង ៣៤ ហើយលោកមានប្រសាសន៍ថា៖ «តើអ្នករាល់គ្នាបានដាក់គាត់នៅឯណា?» ពួកគាត់ឆ្លើយថា៖ «លោកម្ចាស់ សូមមកមើល»។ ៣៥ លោកយេស៊ូក៏ស្រក់ទឹកភ្នែក។ ៣៦ ដូច្នេះ ជនជាតិយូដាតាំងនិយាយថា៖ «មើល! គាត់ស្រឡាញ់ឡាសាខ្លាំងណាស់!»។ ៣៧ ប៉ុន្តែពួកគេខ្លះនិយាយថា៖ «បុរសនេះបានធ្វើឲ្យបុរសងងឹតភ្នែកនោះអាចមើលឃើញ ដូច្នេះ តើគាត់មិនអាចជួយកុំឲ្យអ្នកនេះស្លាប់បានទេឬ?»។
៣៨ ដូច្នេះ ក្រោយពីលោកយេស៊ូកើតមានចិត្តក្ដុកក្ដួលម្ដងទៀត នោះលោកមកដល់ទីបញ្ចុះសព។ ទីបញ្ចុះសពនោះជារូងថ្ម ហើយមានដុំថ្មមួយបិទមាត់រូង។ ៣៩ លោកយេស៊ូមានប្រសាសន៍ថា៖ «ចូរយកថ្មនោះចេញ»។ ម៉ាថាជាបងស្រីរបស់សព បាននិយាយទៅកាន់លោកថា៖ «លោកម្ចាស់ សពច្បាស់ជាធុំក្លិន ព្រោះបួនថ្ងៃបានកន្លងទៅហើយ»។ ៤០ លោកយេស៊ូមានប្រសាសន៍ទៅនាងថា៖ «តើខ្ញុំមិនបានប្រាប់នាងថា ប្រសិនបើនាងជឿ នោះនាងនឹងឃើញសិរីរុងរឿងរបស់ព្រះទេឬ?»។ ៤១ ដូច្នេះ ពួកគេបានយកថ្មនោះចេញ។ បន្ទាប់មក លោកយេស៊ូងើយភ្នែកទៅលើ ក៏មានប្រសាសន៍ថា៖ «បិតាអើយ ខ្ញុំសូមអរគុណលោកដែលលោកបានស្ដាប់ខ្ញុំ។ ៤២ ពិតមែនតែខ្ញុំដឹងថាលោកតែងតែស្ដាប់ខ្ញុំ ប៉ុន្តែខ្ញុំបាននិយាយដូច្នេះដោយសារមានបណ្ដាជនកំពុងឈរនៅជុំវិញ ដើម្បីពួកគេអាចជឿថាលោកបានចាត់ខ្ញុំឲ្យមក»។ ៤៣ លុះមានប្រសាសន៍អ្វីៗទាំងនេះចប់ហើយ លោកបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ឡាសា! ចូរចេញមក!»។ ៤៤ បុរសដែលស្លាប់នោះបានចេញមកទាំងមានក្រណាត់រុំដៃ ជើង និងមុខរបស់គាត់។ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ចូរស្រាយគាត់ ហើយឲ្យគាត់ទៅចុះ»។
៤៥ ដូច្នេះ ជនជាតិយូដាជាច្រើននាក់ដែលបានមកឯម៉ារៀ ហើយដែលឃើញអ្វីដែលលោកយេស៊ូធ្វើ ក៏ចាប់ផ្ដើមជឿលើលោក។ ៤៦ ប៉ុន្តែពួកគេខ្លះបានចេញទៅប្រាប់ពួកផារិស៊ីអំពីអ្វីៗដែលលោកយេស៊ូបានធ្វើ។ ៤៧ ម្ល៉ោះហើយ ពួកសង្ឃនាយកនិងពួកផារិស៊ីបានហៅក្រុមប្រឹក្សាជាន់ខ្ពស់* មកជុំគ្នា រួចតាំងនិយាយថា៖ «តើយើងត្រូវធ្វើយ៉ាងណាទៅ? ព្រោះបុរសនេះធ្វើសញ្ញាសម្គាល់ជាច្រើន ៤៨ ប្រសិនបើយើងទុកឲ្យគាត់ធ្វើដូច្នេះ ពួកគេទាំងអស់គ្នានឹងជឿលើគាត់ រួចជនជាតិរ៉ូមនិងមកដណ្ដើមយកទាំងកន្លែងគោរពបូជារបស់យើងទាំងជាតិរបស់យើងផង»។ ៤៩ ក៏ប៉ុន្តែម្នាក់ក្នុងចំណោមពួកគេ ឈ្មោះកៃផាស ដែលជាសម្ដេចសង្ឃនៅឆ្នាំនោះ បាននិយាយទៅកាន់ពួកគេថា៖ «អ្នករាល់គ្នាមិនដឹងអ្វីសោះ ៥០ ក៏មិនបានពិចារណាថា គឺមានប្រយោជន៍ដល់អ្នករាល់គ្នាដែលមនុស្សម្នាក់ស្លាប់ដើម្បីបណ្ដាជន ជាជាងជាតិទាំងមូលរបស់យើងត្រូវបំផ្លាញចោល»។ ៥១ ប៉ុន្តែគាត់មិនបាននិយាយដូច្នេះចេញពីគំនិតខ្លួនគាត់ឡើយ តែដោយសារគាត់ជាសម្ដេចសង្ឃនៅឆ្នាំនោះ គាត់ប្រកាសទំនាយថាលោកយេស៊ូត្រូវស្លាប់ដើម្បីជាតិរបស់លោក ៥២ ហើយមិនមែនដើម្បីជាតិរបស់លោកប៉ុណ្ណោះ តែដើម្បីឲ្យលោកប្រមូលកូនទាំងអស់របស់ព្រះដែលនៅខ្ចាត់ខ្ចាយ ឲ្យរួមគ្នាជាក្រុមតែមួយ។ ៥៣ ដូច្នេះ ចាប់តាំងពីថ្ងៃនោះទៅ ពួកគេបានប្រឹក្សាគ្នារកវិធីសម្លាប់លោក។
៥៤ ហេតុនោះ លោកយេស៊ូចាប់ផ្ដើមធ្វើដំណើរដោយស្ងាត់ៗក្នុងចំណោមជនជាតិយូដា ហើយលោកបានចេញពីទីនោះ ទៅក្រុងមួយហៅថាអេប្រាអ៊ីម នៅស្រុកជិតតំបន់ស្ងាត់ជ្រងំ រួចលោកស្នាក់នៅទីនោះជាមួយនឹងពួកអ្នកកាន់តាម។ ៥៥ បុណ្យរំលងរបស់ជនជាតិយូដាគឺជិតដល់ហើយ។ មនុស្សជាច្រើនបានចេញពីជនបទទៅក្រុងយេរូសាឡិមមុនបុណ្យរំលង ដើម្បីសម្អាតខ្លួនឲ្យបរិសុទ្ធតាមច្បាប់។* ៥៦ ដូច្នេះ ពួកគេបានរកលោកយេស៊ូ ហើយពេលដែលកំពុងឈរក្នុងវិហារ ពួកគេក៏តាំងនិយាយគ្នាថា៖ «តើអ្នករាល់គ្នាគិតដូចម្ដេច? តើអ្នកគិតថាលោកនឹងមិនមកបុណ្យនេះសោះឬ?»។ ៥៧ ម្យ៉ាងទៀត ពួកសង្ឃនាយកនិងពួកផារិស៊ីបានបង្គាប់ថា បើអ្នកណាឮថាលោកនៅឯណា អ្នកនោះត្រូវប្រាប់ពួកគេ ដើម្បីពួកគេអាចចាប់លោកបាន។