ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅអេសាយ ផ្នែកទីពីរ
អេសាយបានបំពេញភារកិច្ចរបស់គាត់ជាព្យាការីយ៉ាងស្មោះត្រង់។ សារដែលគាត់ប្រាប់ជាសេចក្ដីទំនាយយ៉ាងធ្ងន់ចំពោះរាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធដប់នោះ បានសម្រេចរួចហើយ។ បន្ទាប់មក អេសាយប្រកាសដំណឹងថែមទៀតអំពីអ្វីដែលនឹងកើតឡើងនៅទីក្រុងយេរូសាឡិម។
ក្រុងយេរូសាឡិមនឹងវិនាសទៅ ហើយប្រជាជនក្នុងក្រុងនោះត្រូវគេចាប់ជាឈ្លើយសឹក។ ប៉ុន្តែ ក្រុងយេរូសាឡិមមិនមែនហិនហោចរហូតទេ។ ក្រោយៗមក គេនឹងស្ថាបនាការថ្វាយបង្គំពិតឡើងវិញ។ នេះហើយជាសារដែលប្រកាសក្នុងសៀវភៅអេសាយ ៣៦:១–៦៦:២៤។a យើងក៏អាចទទួលប្រយោជន៍ពីការពិចារណាអ្វីដែលបានសរសេរក្នុងជំពូកទាំងនេះដែរ ពីព្រោះបទទំនាយជាច្រើនក្នុងជំពូកទាំងប៉ុន្មាននោះមានការសម្រេចសំខាន់ជាងនៅសព្វថ្ងៃនេះឬនៅនាអនាគតឆាប់ៗខាងមុខនេះ។ ជំពូកទាំងប៉ុន្មាននេះក្នុងសៀវភៅអេសាយក៏មានបទទំនាយដ៏អស្ចារ្យអំពីព្រះមេស្ស៊ីដែរ។
«មើល! នឹងមានគ្រាមកដល់»
នៅឆ្នាំទី១៤នៃរាជ្យរបស់ស្តេចហេសេគា (គឺនៅឆ្នាំ៧៣២ មុនគ.ស.) ពួកទ័ពអាសស៊ើរបានចូលលុកលុយស្រុកយូដា។ ព្រះយេហូវ៉ាសន្យាថាទ្រង់នឹងការពារទីក្រុងយេរូសាឡិម។ ពួកអាសស៊ើរឈប់ពាធាពួកយូដាក្រោយទេវតាពិឃាតរបស់ព្រះយេហូវ៉ាបានប្រហារជីវិតទ័ពអាសស៊ើរ១៨៥.០០០នាក់។
ក្រោយៗមក ស្តេចហេសេគាបានឈឺធ្ងន់។ ព្រះយេហូវ៉ាធ្វើតាមសំណូមពររបស់ហេសេគាដោយប្រោសទ្រង់ឲ្យជា ថែមទាំងឲ្យទ្រង់រស់បាន១៥ឆ្នាំទៀត។ ពេលស្តេចសាសន៍បាប៊ីឡូនចាត់រាជទូតទៅជូនពរហេសេគា ទ្រង់ខ្វះប្រាជ្ញាដោយបង្ហាញរាជទ្រព្យទាំងអស់ឲ្យរាជទូតឃើញ។ ជាលទ្ធផល អេសាយប្រាប់ហេសេគានូវបន្ទូលរបស់ព្រះយេហូវ៉ាថា៖ «មើល! នឹងមានគ្រាមកដល់ដែលគេនឹងមកយកអស់ទាំងរបស់ទ្រព្យនៅក្នុងព្រះរាជវាំងនឹងរបស់ទាំងប៉ុន្មានដែលពួកឰយុកោទ្រង់បានសន្សំទុកដរាបដល់សព្វថ្ងៃនេះ នាំទៅឯក្រុងបាប៊ីឡូនឥតទុកឲ្យមានសល់អ្វីឡើយ»។ (អេសាយ ៣៩:៥, ៦) ១០០ឆ្នាំជាងក្រោយមក បទទំនាយនោះបានសម្រេចមែន។
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
៣៨:៨—តើស្រមោលបានជ្រេទៅតាមអ្វី? សាសន៍អេស៊ីបនិងសាសន៍បាប៊ីឡូនបានប្រើនាឡិកាថ្ងៃតាំងពីសតវត្សរ៍ទី៨ មុនគ.ស. ដូច្នេះនាឡិកានេះប្រហែលជាសំដៅទៅលើនាឡិកាថ្ងៃមួយគ្រឿងរបស់ស្តេចអ័ហាស (ឬអេហាស) ដែលជាបិតារបស់ហេសេគា។ ម្យ៉ាងទៀត ពាក្យភាសាហេព្រើរនេះដែលគេបកប្រែថា «នាឡិកាថ្ងៃ»នោះ មានន័យចំៗថា «ជណ្ដើរ» ដូច្នេះឃ្លានេះអាចសំដៅទៅលើជណ្ដើរណាមួយក្នុងរាជវាំង។ ប្រហែលជាមានស្រមោលពីសសរមួយជិតជណ្ដើរនោះដែលគេអាចប្រើដើម្បីរាប់ម៉ោងបាន។
មេរៀនសម្រាប់យើង:
៣៦:២, ៣, ២២: ទោះជាសេបណាបានបាត់បង់ការងាររបស់គាត់ជាឧកញ៉ាម្នាក់ដែលត្រួតត្រាលើរាជដំណាក់ក៏ដោយ គាត់បានបន្តធ្វើកិច្ចការជាស្មៀនហ្លួងទាល់តែមានអ្នកជំនួស។ (អេសាយ ២២:១៥, ១៩) បើយើងឈប់ទទួលភារកិច្ចក្នុងអង្គការរបស់ព្រះយេហូវ៉ាដោយព្រោះហេតុណាមួយ យើងគួរបម្រើទ្រង់តទៅទៀតតាមលទ្ធភាព មែនទេ?
៣៧:១, ១៤, ១៥; ៣៨:១, ២: ក្នុងគ្រាដែលយើងកើតទុក្ខ នោះគួរគប្បីឲ្យយើងអធិស្ឋានទូលអង្វរព្រះយេហូវ៉ានិងទុកចិត្តទាំងស្រុងលើទ្រង់។
៣៧:១៥-២០; ៣៨:២, ៣: ពេលពួកអាសស៊ើរបានពាធាទីក្រុងយេរូសាឡិម ស្តេចហេសេគាខ្វល់ខ្វាយថា ការឈ្នះលើក្រុងយេរូសាឡិមនឹងធ្វើឲ្យអ្នកដទៃមើលងាយព្រះនាមព្រះយេហូវ៉ា។ ពេលហេសេគាដឹងថាទ្រង់នឹងសោយទិវង្គតដោយសារជំងឺនោះ ទ្រង់មិនគិតអំពីអង្គទ្រង់ប៉ុណ្ណោះទេ។ តែហេសេគាខ្វល់ខ្វាយថាបើទ្រង់សោយទិវង្គតទាំងគ្មានកូនស្នងរាជ្យ តើវង្សត្រកូលរបស់ដាវីឌនឹងទៅជាយ៉ាងណា? ហេសេគាក៏ព្រួយថាតើអ្នកណាអាចនាំមុខពលទ័ពឲ្យច្បាំងនឹងពួកអាសស៊ើរ? ដូចហេសេគា ការធ្វើឲ្យព្រះនាមព្រះយេហូវ៉ាបានបរិសុទ្ធនិងការសម្រេចតាមបំណងព្រះហឫទ័យទ្រង់ជាអ្វីដែលយើងចាត់ទុកជារឿងសំខាន់ជាងសេចក្ដីសង្គ្រោះរបស់យើងផ្ទាល់។
៣៨:៩-២០: ចម្រៀងនេះរបស់ស្តេចហេសេគាបង្រៀនថា ក្នុងជីវិតយើង នោះគ្មានអ្វីសំខាន់ជាងការសរសើរព្រះយេហូវ៉ាទេ។
ការ«បង្គាប់ឲ្យក្រុងយេរូសាឡិមបានសង់ឡើងវិញ»
ក្រោយអេសាយទាយថាទីក្រុងយេរូសាឡិមត្រូវបំផ្លាញចោលហើយប្រជាជនត្រូវទៅទីក្រុងបាប៊ីឡូននោះ គាត់ក៏ទាយទៀតថា ពួកគេនឹងស្ដារក្រុងយេរូសាឡិមឡើងវិញ។ (អេសាយ ៤០:១, ២) អេសាយ ៤៤:២៨ ចែងថា គេនឹង«បង្គាប់ឲ្យក្រុងយេរូសាឡិមបានសង់ឡើងវិញ»។ រូបព្រះទាំងប៉ុន្មានរបស់ពួកបាប៊ីឡូនត្រូវដកចោល ប្រៀបដូចជា‹របស់ដែលគេដឹកទៅ›។ (អេសាយ ៤៦:១) ទីក្រុងបាប៊ីឡូនត្រូវបំផ្លាញចោល។ ប្រមាណ២០០ឆ្នាំក្រោយមក ទំនាយទាំងប៉ុន្មាននេះបានសម្រេចទាំងអស់។
ព្រះយេហូវ៉ានឹងចាត់អ្នកបម្រើទ្រង់ឲ្យធ្វើជា«ពន្លឺដល់សាសន៍ដទៃទាំងប៉ុន្មាន»។ (អេសាយ ៤៩:៦) ពួកអ្នកកាន់អំណាចនៅស្រុកបាប៊ីឡូនប្រៀបដូចជា«ផ្ទៃមេឃ»ដែលនឹង«សូន្យបាត់ទៅដូចជាផ្សែង» ហើយរាស្ត្ររបស់ពួកគេនឹង«ស្លាប់ទៅបែបដូច្នោះដែរ»។ ប៉ុន្តែ ‹កូនស្រីនៃក្រុងស៊ីយ៉ូនដែលជាឈ្លើយនឹងដោះចំណងពីកនាងចេញ›។ (អេសាយ ៥១;៦; ៥២:២) ចំពោះអស់អ្នកដែលមកឯព្រះយេហូវ៉ាដើម្បីស្ដាប់បន្ទូលទ្រង់ នោះទ្រង់មានបន្ទូលថា៖ «អញនឹងតាំងសេចក្ដីសញ្ញានឹងឯងរាល់គ្នា ជាសញ្ញាដ៏នៅអស់កល្បជានិច្ច គឺជាសេចក្ដីមេត្ដាករុណាស្មោះត្រង់ដែលបានផ្ដល់ដល់ដាវីឌ»។ (អេសាយ ៥៥:៣) ការរស់ស្របទៅតាមតម្រូវការសុចរិតរបស់ព្រះយេហូវ៉ានឹងនាំឲ្យមាន«ចិត្តរីករាយ»ក្នុងកិច្ចបម្រើទ្រង់។ (អេសាយ ៥៨:១៤) ផ្ទុយទៅវិញ អំពើទុច្ចរិតឬកំហុសរបស់ប្រជាជនអ៊ីស្រាអែល‹បានខណ្ឌនៅកណ្ដាលគេនិងព្រះរបស់ពួកគេ›។—អេសាយ ៥៩:២
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
៤០:២៧, ២៨—ហេតុអ្វីបានជាពួកអ៊ីស្រាអែលបាននិយាយថា «ផ្លូវដែល[ពួកគេ]ប្រព្រឹត្ត នោះលាក់កំបាំងនឹងព្រះយេហូវ៉ា ហើយរឿងរ៉ាវរបស់[ពួកគេ]បានរំលងផុតពីព្រះ»? ប្រជាជនយូដាខ្លះនៅទីក្រុងបាប៊ីឡូនប្រហែលជាមានអារម្មណ៍ថាព្រះយេហូវ៉ាមិនឃើញទុក្ខលំបាករបស់ពួកគេ ឬក៏«មិនអើពើនឹងរកយុត្ដិធម៌»ឲ្យពួកគេ។ (អេសាយ ៤០:២៧, ខ.ស.) ក្រោយមក អេសាយបានរំលឹកពួកគេថា ព្រះដែលជាអ្នកបង្កើតផែនដីអាចទតឃើញទីក្រុងបាប៊ីឡូនហើយទ្រង់មិនដែលល្វើយឬអស់កម្លាំងឡើយ។
៤៣:១៨-២១—ហេតុអ្វីបានជាព្រះយេហូវ៉ាប្រាប់ពួកអ៊ីស្រាអែលដែលវិលទៅស្រុកវិញ ថា‹កុំឲ្យពួកគេនឹកចាំពីការទាំងប៉ុន្មានដែលកន្លងទៅហើយ›? ព្រះយេហូវ៉ាមិនចង់ឲ្យគេបំភ្លេចការដែលទ្រង់បានធ្វើដើម្បីសង្គ្រោះពួកគេពីមុននោះទេ។ ផ្ទុយទៅវិញ ព្រះយេហូវ៉ាចង់ឲ្យពួកគេសរសើរទ្រង់ចំពោះ‹ការថ្មី›ដែលពួកគេនឹងពិសោធផ្ទាល់ខ្លួន។ នេះប្រហែលជាសំដៅទៅលើការវិលត្រឡប់របស់ពួកគេទៅទីក្រុងយេរូសាឡិមដែលឆាប់ដល់ជាងដោយឆ្លងកាត់វាលខ្សាច់ព្រមទាំងមានសុវត្ថិភាពផងដែរ។ ដូចគ្នាដែរ «មនុស្ស១ហ្វូងយ៉ាងធំ»ដែលចេញពី«គ្រាវេទនាយ៉ាងធំ»ក៏នឹងមានអ្វីថ្មីៗដែលផ្ដល់ហេតុឲ្យពួកគេសរសើរព្រះយេហូវ៉ា។—វិវរណៈ ៧:៩, ១៤
៤៩:៦—ដោយសារព្រះមេស្ស៊ីបានផ្សព្វផ្សាយដល់កូនចៅអ៊ីស្រាអែលប៉ុណ្ណោះពេលទ្រង់គង់នៅលើផែនដី តើទ្រង់ធ្វើជា«ពន្លឺដល់សាសន៍ដទៃទាំងប៉ុន្មាន»បានយ៉ាងណា? ព្រះមេស្ស៊ីអាចធ្វើជា«ពន្លឺដល់សាសន៍ដទៃទាំងប៉ុន្មាន»ដោយសារអ្វីដែលកើតឡើងក្រោយទ្រង់សោយទិវង្គត។ ព្រះគម្ពីរបង្ហាញថា អេសាយ ៤៩:៦ សំដៅទៅលើអ្វីដែលសិស្សទ្រង់ធ្វើ។ (កិច្ចការ ១៣:៤៦, ៤៧) នៅសព្វថ្ងៃនេះ ពួកគ្រិស្តសាសនិកដែលសង្ឃឹមឡើងទៅស្ថានសួគ៌មានជំនួយពីមនុស្សមួយហ្វូងយ៉ាងធំដែលកំពុងតែថ្វាយបង្គំព្រះ ហើយពួកគេធ្វើជា«ពន្លឺដល់សាសន៍ដទៃទាំងប៉ុន្មាន»ដោយផ្សាយដំណឹងល្អដល់មនុស្សទាំងឡាយ គឺ«រហូតដល់ចុងផែនដីបំផុត»។—ម៉ាថាយ ២៤:១៤; ២៨:១៩, ២០
៥៣:១០—តើព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយបុត្រាទ្រង់ឲ្យជាំក្នុងន័យអ្វី? ដោយសារព្រះយេហូវ៉ាមានព្រះទ័យអាណិតអាសូរទាំងយោគយល់ផង ទ្រង់ច្បាស់ជាមានព្រះទ័យឈឺចាប់ខ្លាំងណាស់ពេលឃើញបុត្រាទ្រង់រងទុក្ខនោះ។ យ៉ាងណាក៏ដោយ ទ្រង់សព្វព្រះហឫទ័យណាស់ ពេលព្រះយេស៊ូស្ដាប់បង្គាប់បិតាអស់ពីចិត្ត។ ព្រះយេហូវ៉ាក៏សព្វព្រះហឫទ័យចំពោះលទ្ធផលដែលមកពីការរងទុក្ខនិងការសោយទិវង្គតនោះ។—សុភាសិត ២៧:១១; អេសាយ ៦៣:៩
៥៣:១១—តើ«មនុស្សជាច្រើន»ត្រូវស្គាល់ដល់ព្រះមេស្ស៊ីយ៉ាងដូចម្ដេច ដើម្បីឲ្យ«បានសុចរិត»? ពាក្យ «ស្គាល់ដល់ទ្រង់» ភាសាដើមថា ‹ចំណេះដឹងរបស់ទ្រង់›។ (ប្រៀបមើលអេសាយ ៥៣:១១, ខ.ស.) នេះសំដៅទៅលើកំណើតព្រះយេស៊ូនៅលើផែនដី ពេលទ្រង់បានរៀនឲ្យចេះរស់នៅដូចមនុស្ស។ ព្រះយេស៊ូក៏ដឹងអំពីអារម្មណ៍មនុស្សពេលទ្រង់រងទុក្ខដោយអយុត្ដិធម៌ហើយសោយទិវង្គត។ (ហេព្រើរ ៤:១៥) យ៉ាងនេះ ព្រះយេស៊ូថ្វាយយញ្ញបូជាលោះដែលសំខាន់ចាំបាច់ដើម្បីឲ្យព្រះយេហូវ៉ាចាត់ទុកមនុស្សមួយហ្វូងយ៉ាងធំនិងពួកគ្រិស្តសាសនិកដែលសង្ឃឹមឡើងស្ថានសួគ៌ជាមនុស្សសុចរិត។—រ៉ូម ៥:១៩; យ៉ាកុប ២:២៣, ២៥
៥៦:៦—តើ«ពួកសាសន៍ដទៃ»ជាអ្នកណា? ហើយតើពួកគេ«កាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់[ព្រះយេហូវ៉ា]»យ៉ាងដូចម្ដេច? «ពួកសាសន៍ដទៃ»ជាពួក«ចៀមឯទៀត»របស់ព្រះយេស៊ូ។ (យ៉ូហាន ១០:១៦) ពួកគេកាន់ខ្ជាប់តាមសេចក្ដីសញ្ញាឬកិច្ចព្រមព្រៀងថ្មីដោយធ្វើតាមច្បាប់នានានិងចុះចូលទាំងស្រុងនឹងការរៀបចំទាំងឡាយដែលទាក់ទងនឹងកិច្ចព្រមព្រៀងនោះ។ ពួកចៀមឯទៀតទទួលអាហារខាងវិញ្ញាណដូចគ្នានឹងពួកគ្រិស្តសាសនិកដែលសង្ឃឹមឡើងទៅស្ថានសួគ៌ ហើយគាំទ្រពួកគេក្នុងកិច្ចការផ្សព្វផ្សាយនិងការបញ្ចុះបញ្ចូលឲ្យមានសិស្ស។
មេរៀនសម្រាប់យើង:
៤០:១០-១៤, ២៦, ២៨: ព្រះយេហូវ៉ាមានអំណាចខ្លាំងក្លាមែន តែទ្រង់ស្លូត។ ព្រះយេហូវ៉ាមានគ្រប់ព្រះចេស្ដានិងមានប្រាជ្ញាច្រើនជាងគេបង្អស់ ហើយទ្រង់ក៏យល់អ្វីៗទាំងអស់ សូម្បីតែអ្វីដែលយើងគ្មានលទ្ធភាពយល់ក្ដី។
៤០:១៧, ២៣; ៤១:២៩; ៤៤:៩; ៥៩:៤: ការចងសម្ព័ន្ធមិត្តខាងនយោបាយនិងការគោរពរូបព្រះសុទ្ធតែជាការ«ឥតប្រយោជន៍» ពីព្រោះការទុកចិត្តលើពួកនយោបាយនិងរូបព្រះគ្មានតម្លៃអ្វីសោះ។
៤២:១៨, ១៩; ៤៣:៨: បើយើងមិនអើពើចំពោះព្រះបន្ទូលរបស់ព្រះ (ហាក់ដូចជាបិទភ្នែក) និងមិនយកចិត្តទុកដាក់ចំពោះការណែនាំពី‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› (ហាក់ដូចជាបិទត្រចៀក) នោះប្រៀបដូចជាយើងក្លាយជាមនុស្សខ្វាក់និងថ្លង់ក្នុងកិច្ចបម្រើព្រះ។—ម៉ាថាយ ២៤:៤៥
៤៣:២៥: ព្រះយេហូវ៉ាលុបបំបាត់អំពើរំលងរបស់មនុស្សលោក ដោយយល់ដល់នាមទ្រង់។ ការលើកព្រះនាមទ្រង់ឲ្យបានបរិសុទ្ធគឺសំខាន់ជាងការប្រទានជីវិតជារៀងរហូតដល់មនុស្សដោយប្រោសលោះយើងពីចំណងនៃបាបនិងសេចក្ដីស្លាប់។
៤៤:៨: ព្រះយេហូវ៉ាមានភាពនឹងនរហើយរឹងមាំដូចថ្មដា។ ដោយសារទ្រង់គាំទ្រយើង នោះគ្មានហេតុសោះឲ្យយើងខ្លាចធ្វើបន្ទាល់ថាទ្រង់ជាព្រះ!—សាំយូអែលទី២ ២២:៣១, ៣២
៤៤:១៨-២០: យើងត្រូវរក្សាឲ្យមានចិត្តស្មោះចំពោះព្រះយេហូវ៉ាពីព្រោះមនុស្សដែលថ្វាយបង្គំរូបព្រះមិនមានចិត្តបរិសុទ្ធនោះទេ។
៤៦:១០, ១១: ដោយសារព្រះយេហូវ៉ាមានសមត្ថភាពធ្វើឲ្យ‹គំនិតសំរេចរបស់ទ្រង់ស្ថិតស្ថេរនៅ› នេះមានន័យថាទ្រង់អាចបំពេញបំណងព្រះហឫទ័យទ្រង់បាន នោះជាភ័ស្តុតាងជាក់ច្បាស់ថា ទ្រង់ជាព្រះពិត។
៤៨:១៧, ១៨; ៥៧:១៩-២១: បើយើងពឹងព្រះយេហូវ៉ាឲ្យបានសេចក្ដីសង្គ្រោះ ចូលទៅជិតទ្រង់និងស្ដាប់តាមបញ្ញត្ដិទាំងប៉ុន្មានរបស់ទ្រង់ យើងអាចមានសេចក្ដីសុខជាបរិបូរដូចទឹកដែលហូរខ្លាំងតាមទន្លេ ហើយសេចក្ដីសុចរិតរបស់យើងនឹងមានច្រើន ប្រៀបដូចជារលកនៃសមុទ្រដែលតែងតែមានរហូត។ មនុស្សដែលមិនយកចិត្តទុកដាក់ចំពោះព្រះបន្ទូលរបស់ព្រះប្រៀបដូចជា«សមុទ្រដែលចេះតែកំរើក»។ ពួកគេគ្មានសេចក្ដីសុខសោះ។
៥២:៥, ៦: ពួកបាប៊ីឡូនយល់ច្រឡំថា ព្រះពិតជាព្រះមួយអង្គដែលទន់ខ្សោយ។ ពួកគេមិនយល់ថា អ៊ីស្រាអែលដែលជារាស្ត្រទ្រង់បានទៅជាឈ្លើយដោយព្រោះទ្រង់លែងសព្វព្រះហឫទ័យចំពោះពួកគេ។ ពេលអ្នកដទៃកើតទុក្ខ យកល្អកុំឲ្យយើងឆាប់សន្និដ្ឋានពីហេតុដែលគេរងទុក្ខ។
៥២:៧-៩; ៥៥:១២, ១៣: យ៉ាងហោចណាស់មានមូលហេតុបីយ៉ាងឲ្យយើងមានចិត្តរីករាយពេលធ្វើកិច្ចការផ្សព្វផ្សាយនិងការបញ្ចុះបញ្ចូលឲ្យមានសិស្ស។ ទីមួយ មនុស្សដែលមានចិត្តរាបទាបនិងចង់ស្គាល់ព្រះ ពួកគេចាត់ទុកជើងយើងដែលជាអ្នកនាំសារជាអ្វីដែលល្អណាស់! ទីពីរ យើងឃើញព្រះយេហូវ៉ា«ដោយភ្នែករបស់ខ្លួន»ក្នុងន័យថា មានចំណងមេត្រីភាពជិតស្និទ្ធជាមួយនឹងទ្រង់។ ទីបី ក្នុងកិច្ចបម្រើទ្រង់យើងមានភាពចម្រុងចម្រើន។
៥២:១១, ១២: យើងត្រូវមានភាពស្អាតស្អំក្នុងការថ្វាយបង្គំនិងខាងសីលធម៌ ដើម្បីមានលក្ខណៈគ្រប់គ្រាន់ក្នុងការលើកយក«គ្រឿងនៃព្រះយេហូវ៉ា» ដែលសំដៅទៅលើអ្វីៗដែលទ្រង់រៀបចំដើម្បីជួយយើងបម្រើទ្រង់។
៥៨:១-១៤: ការធ្វើពុតត្បុតជាមនុស្សសុចរិតដែលគោរពព្រះ នោះជាការអសារឥតការ។ ការប្រព្រឹត្តរបស់ពួកអ្នកដែលថ្វាយបង្គំព្រះយ៉ាងស្មោះត្រង់ ត្រូវពេញទៅដោយសេចក្ដីស្រឡាញ់ចំពោះបងប្អូនរួមជំនឿ និងបង្ហាញថាខ្លួនពិតជាគោរពព្រះ។—យ៉ូហាន ១៣:៣៥; ពេត្រុសទី២ ៣:១១
៥៩:១៥ខ-១៩: ព្រះយេហូវ៉ារមែងទតឃើញការប្រព្រឹត្តរបស់មនុស្សជាតិ ហើយទ្រង់ក៏ធ្វើអន្តរាគមន៍តាមកំណត់ពេលរបស់ទ្រង់។
ទីក្រុងស៊ីយ៉ូននឹងក្លាយជា«មកុដដ៏រុងរឿង»
អេសាយ ៦០:១ សំដៅទៅលើការស្ដារឡើងវិញនៃការថ្វាយបង្គំពិតនៅសម័យបុរាណហើយនៅសម័យនេះដែរ ដោយចែងថា៖ «ចូរក្រោកឡើងហើយភ្លឺមកចុះ! ដ្បិតពន្លឺរបស់ឯងបានមកដល់ហើយ សិរីល្អនៃព្រះយេហូវ៉ាក៏បានរះឡើងដល់ឯងដែរ»។ ទីក្រុងស៊ីយ៉ូននឹងក្លាយជា«មកុដដ៏រុងរឿងនៅព្រះហស្តនៃព្រះយេហូវ៉ា»។—អេសាយ ៦២:៣
អេសាយបានអធិស្ឋានទូលព្រះយេហូវ៉ាជំនួសពួកយូដាដែលប្រែចិត្តក្នុងអំឡុងពេលនៅស្រុកបាប៊ីឡូន។ (អេសាយ ៦៣:១៥–៦៤:១២) មុនដំបូង អេសាយរៀបរាប់ពីលក្ខណៈខុសគ្នារវាងអ្នកបម្រើពិតនិងអ្នកបម្រើមិនពិត ហើយក្រោយមកគាត់ប្រកាសអំពីពរដែលព្រះយេហូវ៉ានឹងប្រទានដល់អស់អ្នកដែលបម្រើទ្រង់។—អេសាយ ៦៥:១–៦៦:២៤
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
៦១:៨, ៩—តើ«សេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច»សំដៅទៅលើអ្វី? ហើយតើ«ពូជពង្ស»នោះជាអ្នកណា? «សេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច»សំដៅទៅលើកិច្ចព្រមព្រៀងថ្មីដែលព្រះយេហូវ៉ាចុះជាមួយពួកគ្រិស្តសាសនិកដែលនឹងគ្រប់គ្រងនៅស្ថានសួគ៌។ «ពូជពង្ស»នោះជាពួក«ចៀមឯទៀត» គឺមនុស្សរាប់លាននាក់ដែលធ្វើតាមសារដែលពួកគ្រិស្តសាសនិកនោះបានផ្សាយប្រកាស។—យ៉ូហាន ១០:១៦
៦៣:៥—តើសេចក្ដីឃោរឃៅរបស់ព្រះយេហូវ៉ាទប់ទល់ទ្រង់ក្នុងន័យអ្វី? ព្រះគម្ពីរភាសាខ្មែរសម្រាយបកប្រែឃ្លានេះថា«កំហឹង»របស់ព្រះយេហូវ៉ានឹង«គាំទ្រ»ទ្រង់។ កំហឹងរបស់ព្រះយេហូវ៉ាជាលក្ខណៈសុចរិតមួយ ពីព្រោះជាអារម្មណ៍ដែលទ្រង់អាចទប់បាន។ កំហឹងរបស់ព្រះយេហូវ៉ាគាំទ្រទ្រង់ក្នុងន័យថា ជំរុញទ្រង់ឲ្យកាត់ទោសដោយសុចរិត។
មេរៀនសម្រាប់យើង:
៦៤:៦: មនុស្សមិនគ្រប់លក្ខណ៍គ្មានលទ្ធភាពសង្គ្រោះខ្លួនឯងបានឡើយ។ អំពើណាដែលគេធ្វើដើម្បីឲ្យរួចពីទោសនៃបាបរបស់ខ្លួន នោះមានតម្លៃស្មើនឹងអាវកខ្វក់ប៉ុណ្ណោះ។—រ៉ូម ៣:២៣, ២៤
៦៥:១៣, ១៤: ព្រះយេហូវ៉ាប្រទានពរលើអស់អ្នកដែលបម្រើទ្រង់ដោយស្មោះត្រង់ ហើយទ្រង់ប្រទានយ៉ាងបរិបូរនូវអ្វីៗដែលពួកគេត្រូវការដើម្បីបម្រើទ្រង់។
៦៦:៣-៥: ព្រះយេហូវ៉ាស្អប់អំពើពុតត្បុត។
ចូរ«ឲ្យឯងរាល់គ្នាមានសេចក្ដីអំណរ»!
ទំនាយដែលប្រាប់ថា ពួកយូដានៅទីក្រុងបាប៊ីឡូននឹងវិលទៅស្រុកខ្លួនវិញ ច្បាស់ជាបានជួយសម្រាលទុក្ខអ្នកស្មោះត្រង់ទាំងនោះ! ព្រះយេហូវ៉ាមានបន្ទូលថា៖ «[ចូរ]ឲ្យឯងរាល់គ្នាមានសេចក្ដីអំណរហើយរីករាយឡើងជាដរាបចំពោះការដែលអញបង្កើតនោះ។ ដ្បិតមើល! អញនឹងធ្វើឲ្យក្រុងយេរូសាឡិមបានជាទីរីករាយ ហើយប្រជាជនទាំងឡាយជាសេចក្ដីអំណរ»។—អេសាយ ៦៥:១៨
យើងកំពុងតែរស់នៅគ្រាដែលមានភាពងងឹតគ្របលើផែនដី ជាគ្រាដែលអស់ទាំងជនជាតិស្ថិតក្នុងភាពសូន្យសុងឬភាពអន្ធការ។ (អេសាយ ៦០:២) នេះគឺជា«គ្រាលំបាកណាស់»! (ធីម៉ូថេទី២ ៣:១) ដូច្នេះ សាររបស់ព្រះយេហូវ៉ាក្នុងសៀវភៅអេសាយដែលប្រកាសប្រាប់ពីសេចក្ដីសង្គ្រោះ ពិតជាលើកទឹកចិត្តយើងណាស់!—ហេព្រើរ ៤:១២
[កំណត់សម្គាល់]
a បើចង់មើលការពន្យល់អំពីសៀវភៅអេសាយ ១:១–៣៥:១០ សូមមើលអត្ថបទក្នុងទស្សនាវដ្ដីប៉មយាម ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៦ មានចំណងជើងថា «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ គោលសំខាន់ៗពីសៀវភៅអេសាយ ផ្នែកទីមួយ»។