ចូរជួយសំរាលទុក្ខអស់អ្នកដែលមានទុក្ខព្រួយ
«ព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំ . . . ឲ្យកំសាន្តចិត្ត[«សំរាលទុក្ខ», ព.ថ.]នៃអស់អ្នកណាដែលសោយសោក។—អេសាយ ៦១:១, ២
១, ២. តើយើងគួរជួយសំរាលទុក្ខអ្នកណា? ហើយហេតុអ្វី?
ព្រះយេហូវ៉ាជាព្រះដែលជួយសំរាលទុក្ខគ្រប់បែបយ៉ាងទាំងអស់ និងបង្រៀនយើងឲ្យយកចិត្តទុកដាក់ពេលអ្នកដទៃមានវិបត្ដិភ័យ។ ទ្រង់បង្រៀនយើងឲ្យ«សំរាលទុក្ខអស់អ្នកដែលបាក់ទឹកចិត្ត» និងឲ្យជួយសំរាលទុក្ខអស់អ្នកដែលមានទុក្ខព្រួយ។ (ថេស្សាឡូនិកទី១ ៥:១៤, ខ.ស.) យើងផ្ដល់ជំនួយបែបនេះដល់អ្នកជឿគ្នីគ្នាពេលត្រូវការជាចាំបាច់។ យើងក៏បង្ហាញសេចក្ដីស្រឡាញ់ដល់អស់អ្នកដែលមិនមានជំនឿដូចយើង សូម្បីដល់អស់អ្នកដែលមិនបង្ហាញសេចក្ដីស្រឡាញ់ចំពោះយើងនៅពេលមុន។—ម៉ាថាយ ៥:៤៣-៤៨; កាឡាទី ៦:១០
២ ព្រះយេស៊ូគ្រីស្ទបានអាននិងពន្យល់ថាកិច្ចការដែលមានក្នុងទំនាយនេះគឺទ្រង់ជាអ្នកបំពេញទំនាយ ពោលគឺ៖ «ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ា ទ្រង់សណ្ឋិតលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង . . . ហើយឲ្យកំសាន្តចិត្ត[«សំរាលទុក្ខ», ព.ថ.]នៃអស់អ្នកណាដែលសោយសោក»។ (អេសាយ ៦១:១, ២; លូកា ៤:១៦-១៩) ពួកគ្រីស្ទានចាក់ប្រេងតាំងនៅសម័យនេះក៏បានទទួលស្គាល់តាំងពីយូរមកហើយ ថាកិច្ចការនេះក៏ទាក់ទងនឹងពួកគេដែរ ហើយ«ចៀមឯទៀត»ក៏ចូលរួមយ៉ាងរីករាយជាមួយពួកគេក្នុងកិច្ចការនេះ។—យ៉ូហាន ១០:១៦
៣. ពេលមនុស្សសួរថា៖ ‹ហេតុអ្វីក៏ព្រះអនុញ្ញាតឲ្យមានវិបត្ដិភ័យ?› តើយើងអាចជួយពួកគេយ៉ាងដូចម្ដេច?
៣ ពេលមានមហន្តរាយហើយមនុស្សទទួលការអស់សង្ឃឹម នោះពួកគេតែងសួរថា៖ ‹ហេតុអ្វីក៏ព្រះអនុញ្ញាតឲ្យមានវិបត្ដិភ័យ?› ព្រះគម្ពីរឆ្លើយយ៉ាងច្បាស់នូវសំនួរនោះ។ យ៉ាងណាក៏ដោយ គឺប្រហែលជាត្រូវការពេលវេលាឲ្យបុគ្គលម្នាក់ដែលមិនមែនជាសិស្សព្រះគម្ពីរឲ្យយល់ចម្លើយនោះបានពេញលេញ។ យើងអាចរកជំនួយក្នុងប្រកាសនវត្ថុរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា។a ប៉ុន្តែ ចំពោះមនុស្សខ្លះមុនដំបូង ពេលគេគ្រាន់តែឃើញខគម្ពីរដូចជានៅអេសាយ ៦១:១, ២ បានជួយសំរាលទុក្ខគេទៅហើយ ដ្បិតនេះបញ្ជាក់ថាទ្រង់មានបំណងចង់ឲ្យមនុស្សទទួលការសំរាលទុក្ខ។
៤. តើស្មរបន្ទាល់ម្នាក់នៅប្រទេសប៉ូឡូញអាចជួយក្មេងស្រីដែលពិបាកចិត្តយ៉ាងដូចម្ដេច? ហើយតើបទពិសោធន៍នេះអាចជួយអ្នកឲ្យជួយអ្នកឯទៀតយ៉ាងណា?
៤ យុវវ័យព្រមទាំងមនុស្សចាស់ក៏ត្រូវការការសំរាលទុក្ខដែរ។ នៅប្រទេសប៉ូឡូញ ក្មេងជំទង់ម្នាក់ដែលក្រៀមក្រំចិត្តបានសួរយោបល់ពីមិត្តម្នាក់។ មិត្តនេះដែលជាស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់បានសួរសំនួរដែលមិនមែនចំៗ នេះធ្វើឲ្យគាត់ដឹងថាក្មេងស្រីនេះមានការបារម្ភណាស់ហើយមានសំនួរនិងការសង្ស័យជាច្រើន ដូចជា៖ «ហេតុអ្វីក៏មានអំពើអាក្រក់ច្រើនម្ល៉េះ? ហេតុអ្វីក៏មនុស្សរងទុក្ខវេទនា? ហេតុអ្វីក៏ប្អូនស្រីខ្ញុំដែលពិការរងទុក្ខវេទនា? ហេតុអ្វីក៏សុខភាពបេះដូងខ្ញុំមិនល្អ? សាសនាខ្ញុំប្រាប់ថា នេះជាបំណងព្រះហឫទ័យរបស់ព្រះ។ ប៉ុន្តែ ប្រសិនបើដូច្នេះមែន ខ្ញុំនឹងឈប់ជឿលើទ្រង់!»។ ស្មរបន្ទាល់នេះបានអធិស្ឋានក្នុងចិត្តថ្វាយព្រះយេហូវ៉ា ហើយរួចមកពោលថា៖ «ខ្ញុំសប្បាយចិត្តណាស់ដែលអ្នកបានសួរខ្ញុំអំពីរឿងនេះ។ ខ្ញុំនឹងខំប្រឹងជួយអ្នក»។ ស្មរបន្ទាល់នេះបានរៀបរាប់ថាគាត់ធ្លាប់មានការសង្ស័យដូចនេះដែរពេលនៅក្មេង ហើយស្មរបន្ទាល់ព្រះយេហូវ៉ាបានជួយគាត់។ ស្មរបន្ទាល់នេះបានពន្យល់ថា៖ «ខ្ញុំបានរៀនដឹងថាព្រះមិនចង់ឲ្យមនុស្សរងទុក្ខវេទនាទេ។ ទ្រង់ស្រឡាញ់មនុស្ស ហើយចង់ឲ្យគេទទួលប្រយោជន៍ និងមិនយូរប៉ុន្មានទៀត ទ្រង់នឹងនាំឲ្យមានការផ្លាស់ប្ដូរយ៉ាងធំនៅលើផែនដីនេះ។ ជំងឺ បញ្ហានៃការចាស់ជរា ព្រមទាំងសេចក្ដីស្លាប់នឹងកន្លងទៅ ហើយមនុស្សដែលចេះស្ដាប់បង្គាប់នឹងរស់នៅជារៀងរហូតនៅលើផែនដីនេះ»។ ស្មរបន្ទាល់បានបង្ហាញក្មេងស្រីនេះនូវវិវរណៈ ២១:៣, ៤; យ៉ូប ៣៣:២៥; អេសាយ ៣៥:៥-៧ និងអេសាយ ៦៥:២១-២៥។ ក្រោយពីការពិគ្រោះយ៉ាងយូរ ក្មេងស្រីនេះមានការធូរស្រាលក្នុងចិត្តហើយនិយាយថា៖ «ឥឡូវនេះ ខ្ញុំដឹងអំពីគោលបំណងនៃជីវិតរបស់ខ្ញុំ។ តើខ្ញុំអាចមកជួបអ្នកម្ដងទៀតបានឬទេ?» ស្មរបន្ទាល់បានសិក្សាព្រះគម្ពីរជាមួយនាងពីរដងក្នុងមួយសប្ដាហ៍។
ចូរជួយសំរាលទុក្ខអ្នកដទៃ ដោយប្រើការសំរាលទុក្ខដែលព្រះប្រទាន
៥. ពេលយើងបង្ហាញនូវការអាណិតអាសូរ តើអ្វីនឹងជួយផ្ដល់នូវការសំរាលទុក្ខដ៏ពិតប្រាកដនោះ?
៥ ពេលយើងជួយសំរាលទុក្ខគេ ដោយប្រើពាក្យដែលបង្ហាញការអាណិតអាសូរ នេះគឺជាការត្រឹមត្រូវណាស់។ ដោយពាក្យសំដីនិងរបៀបនិយាយនោះ យើងខំប្រឹងបង្ហាញដល់អ្នកដែលមានទុក្ខព្រួយថា យើងយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីបញ្ហារបស់គាត់។ នេះមិនមែនធ្វើឡើងដោយប្រើពាក្យសំដីដ៏ឥតស្មោះនោះឡើយ។ ព្រះគម្ពីរចែងប្រាប់យើងថា «ដើម្បីឲ្យយើងបានសេចក្ដីសង្ឃឹម ដោយសេចក្ដីអត់ធន់ នឹងសេចក្ដីកំសាន្តចិត្ត[«ការសំរាលទុក្ខ», ព.ថ.]ដោយសារគម្ពីរ»។ (រ៉ូម ១៥:៤) ដោយគិតអំពីរឿងនេះ នៅពេលដ៏សមគួរយើងអាចពន្យល់ថាព្រះរាជាណាចក្រជាអ្វី ហើយយើងអាចបង្ហាញពីព្រះគម្ពីរនូវរបៀបព្រះរាជាណាចក្រព្រះនឹងដោះស្រាយបញ្ហានៅបច្ចុប្បន្ននេះ។ រួចមក យើងអាចវែកញែកនូវមូលហេតុដែលយើងអាចទុកចិត្តលើសេចក្ដីសង្ឃឹមនេះបាន។ តាមរបៀបនេះ យើងនឹងជួយសំរាលទុក្ខបាន។
៦. តើយើងគួរជួយមនុស្សឲ្យយល់អំពីអ្វី ដើម្បីឲ្យពួកគេទទួលប្រយោជន៍ពេញលេញពីការសំរាលទុក្ខក្នុងបទគម្ពីរ?
៦ ដើម្បីទទួលផលប្រយោជន៍ពេញលេញពីការសំរាលទុក្ខដែលយើងផ្ដល់ឲ្យ នោះបុគ្គលម្នាក់ត្រូវស្គាល់អំពីព្រះពិត ថាតើទ្រង់ជាព្រះបែបណា? និងភាពគួរឲ្យទុកចិត្តនៃសេចក្ដីសន្យារបស់ទ្រង់។ ពេលយើងរកវិធីជួយមនុស្សដែលមិនទាន់ជាអ្នកថ្វាយបង្គំព្រះយេហូវ៉ា យកល្អដែលយើងត្រូវពន្យល់ចំណុចដែលមានដូចតទៅ។ (១) ការសំរាលទុកក្នុងព្រះគម្ពីរគឺមកពីព្រះយេហូវ៉ា ជាព្រះដ៏ពិតមួយអង្គ។ (២) ព្រះយេហូវ៉ាគឺជាព្រះដ៏មានព្រះចេស្ដាបំផុត ហើយជាព្រះដែលបង្កើតផ្ទៃមេឃនិងផែនដី។ ទ្រង់ជាព្រះនៃសេចក្ដីស្រឡាញ់ ព្រមទាំងជាព្រះដែលមានសេចក្ដីសប្បុរសនិងសេចក្ដីពិតយ៉ាងបរិបូរ។ (៣) យើងអាចទទួលបាននូវកម្លាំងចិត្តដើម្បីប្រឈមមុខនឹងស្ថានការណ៍ ប្រសិនបើយើងចូលទៅជិតព្រះ ដោយក្រេបយកចំណេះត្រឹមត្រូវពីបន្ទូលរបស់ទ្រង់។ (៤) ព្រះគម្ពីរមានបទគម្ពីរដែលទាក់ទងនឹងសេចក្ដីទុក្ខលំបាកចំៗដែលមនុស្សផ្សេងៗបានប្រឈមមុខ។
៧. (ក) តើការបញ្ជាក់ថាការសំរាលទុក្ខដែលព្រះប្រទាន នោះ«ចំរើនដោយសារព្រះគ្រីស្ទ» មានប្រយោជន៍អ្វី? (ខ) តើអ្នកអាចជួយសំរាលទុក្ខបុគ្គលម្នាក់ដែលដឹងខ្លួនថា គាត់បានប្រព្រឹត្តអំពើអាក្រក់យ៉ាងដូចម្ដេច?
៧ អ្នកខ្លះបានជួយលើកទឹកចិត្តខាងវិញ្ញាណដល់មនុស្សមានទុក្ខព្រួយ ដែលមានចំណេះដឹងអំពីព្រះគម្ពីរ ដោយអានកូរិនថូសទី២ ១:៣-៧។ ពេលគេធ្វើដូច្នេះ ពួកគេបានបញ្ជាក់នូវពាក្យដែលថា «សេចក្ដីក្សាន្តចិត្ត[«ការសំរាលទុក្ខ», ព.ថ.]នៃយើងរាល់គ្នា ក៏ចំរើនដោយសារព្រះគ្រីស្ទ»។ បទគម្ពីរនេះអាចជួយបុគ្គលម្នាក់ឲ្យដឹងថាព្រះគម្ពីរគឺជាប្រភពនៃការសំរាលទុក្ខ ដែលគាត់គួរតែយកមកគិតពិចារណាឲ្យបានមែនទែន។ នេះក៏ទៅជាមូលដ្ឋាននៃការពិគ្រោះថែមទៀត ប្រហែលជានៅឱកាសផ្សេងទៀត។ ប្រសិនបើបុគ្គលម្នាក់គិតថា បញ្ហារបស់គាត់គឺដោយសារអំពើអាក្រក់ដែលគាត់បានប្រព្រឹត្ត នោះយើងមិនគួរថ្កោលទោសគាត់ទេ តែយើងអាចប្រាប់គាត់ថាការដឹងអំពីអ្វីដែលកត់ទុកនៅយ៉ូហានទី១ ២:១, ២ និងទំនុកដំកើង ១០៣:១១-១៤ ពិតជាទីសំរាលទុក្ខមែន។ តាមរបៀបនេះ យើងពិតជាសំរាលទុក្ខអ្នកឯទៀតដោយប្រើការសំរាលទុក្ខដែលព្រះប្រទាន។
ចូរជួយសំរាលទុក្ខអ្នកដែលរងទុក្ខ ដោយអំពើឃោរឃៅនិងការខ្វះខាតលុយកាក់
៨, ៩. តើយើងអាចជួយសំរាលទុក្ខយ៉ាងត្រឹមត្រូវដល់មនុស្ស ដែលរងអំពើឃោរឃៅយ៉ាងដូចម្ដេច?
៨ ជីវិតរបស់មនុស្សច្រើនឥតគណនាបានរងទុក្ខដោយអំពើឃោរឃៅ ពោលគឺអំពើឃោរឃៅដោយបទឧក្រិដ្ឋក្នុងសហគមន៍ ឬអំពើឃោរឃៅដោយសង្គ្រាម។ តើយើងអាចជួយសំរាលទុក្ខគេយ៉ាងដូចម្ដេច?
៩ គ្រីស្ទានពិតប្រុងប្រយ័ត្នមិននិយាយឬធ្វើអ្វី ដែលបង្ហាញថាគាត់កាន់ជើងក្រុមប័ក្សពួកណាមួយក្នុងសង្គ្រាមដែលមាននៅលោកីយ៍នេះ។ (យ៉ូហាន ១៧:១៦) ប៉ុន្តែ គឺជាការត្រឹមត្រូវមែនដែលគេប្រើព្រះគម្ពីរដើម្បីបង្ហាញថា ស្ថានភាពដ៏ពិបាកនៅសព្វថ្ងៃនេះ នឹងមិនមានជារៀងរហូតនោះឡើយ។ ពួកគេអាចអានទំនុកដំកើង ១១:៥ ដើម្បីបង្ហាញនូវព្រះហឫទ័យរបស់ព្រះយេហូវ៉ាចំពោះអស់អ្នកដែលចូលចិត្តអំពើឃោរឃៅ ឬអានទំនុកដំកើង ៣៧:១-៤ ដើម្បីបញ្ជាក់នូវការលើកទឹកចិត្តពីព្រះដែលថា កុំឲ្យយើងសងសឹកដោយខ្លួនឯងឡើយ តែឲ្យទុកចិត្តលើព្រះវិញ។ ពាក្យនៅទំនុកដំកើង ៧២:១២-១៤ បង្ហាញនូវរបៀបដែលសាឡូម៉ូនដ៏ឧត្តម គឺព្រះយេស៊ូគ្រីស្ទកំពុងតែសោយរាជ្យជាស្តេចនៅស្ថានសួគ៌ ហើយថាទ្រង់មានអារម្មណ៍យ៉ាងណាចំពោះមនុស្សគ្មានទោសដែលរងទុក្ខដោយសារអំពើឃោរឃៅនោះ។
១០. ប្រសិនបើអ្នកបានរស់ឆ្លងកាត់សង្គ្រាមជាច្រើន តើបទគម្ពីរក្នុងវគ្គនេះអាចជួយសំរាលទុក្ខអ្នកយ៉ាងណាបាន?
១០ មនុស្សខ្លះបានរស់ឆ្លងកាត់ចម្បាំងជាច្រើនផ្ទួនៗគ្នា កាលដែលក្រុមនិមួយៗប្រយុទ្ធគ្នាដណ្ដើមយកឈ្នះដើម្បីកាន់កាប់តំបន់ណាមួយនោះ។ ពួកគេបានមើលស្រាលនូវសង្គ្រាមនិងលទ្ធផលពីសង្គ្រាមថាជាផ្នែកធម្មតាមួយនៃជីវិតរបស់មនុស្ស។ សេចក្ដីសង្ឃឹមតែមួយគត់ដែលគេអាចគិតឃើញ គឺថាជីវិតគេនឹងបានប្រសើរឡើងប្រសិនបើអាចភៀសខ្លួនទៅប្រទេសមួយទៀត។ ប៉ុន្តែ ពួកគេភាគច្រើនពុំបានទទួលជោគជ័យឡើយ ហើយមនុស្សមួយចំនួនដែលបានខំរត់ភៀសខ្លួនក៏បានស្លាប់ដែរ។ អស់អ្នកដែលបានភៀសខ្លួនទៅប្រទេសមួយទៀតតែងតែឃើញថា គេបានរត់ចេញពីបញ្ហាមួយ ប៉ុន្តែនៅតែជួបបញ្ហាមួយទៀតដដែល។ យើងអាចអានទំនុកដំកើង ១៤៦:៣-៦ ដើម្បីជួយមនុស្សទាំងនេះឲ្យពឹងលើអ្វីដែលអាចទុកចិត្តបានជាង ជាជាងរត់ទៅប្រទេសក្រៅ។ បទទំនាយនៅម៉ាថាយ ២៤:៣, ៧, ១៤ ឬក៏ធីម៉ូថេទី២ ៣:១-៥ អាចជួយពួកគេឲ្យយល់ស្ថានការណ៍បានពេញលេញ និងឲ្យយល់អំពីស្ថានភាពដែលពួកគេកំពុងតែជួបប្រទះនោះថាមានន័យយ៉ាងណា ពោលគឺយើងកំពុងតែរស់នៅក្នុងទីបញ្ចប់នៃរបបលោកីយ៍នេះ។ បទគម្ពីរដូចនៅទំនុកដំកើង ៤៦:១-៣, ៨, ៩ និងអេសាយ ២:២-៤ ក៏អាចជួយពួកគេឲ្យដឹងថា ពិតជាមានសេចក្ដីសង្ឃឹមចំពោះអនាគតដែលប្រកបដោយសន្ដិភាព។
១១. តើបទគម្ពីរណាខ្លះដែលបានសំរាលទុក្ខស្ត្រីម្នាក់ពីប្រទេសមួយនៅទ្វីបអាព្រិចខាងលិច? ហើយហេតុអ្វី?
១១ ក្នុងកំឡុងមានសង្គ្រាមឥតឈប់ឈរក្នុងប្រទេសមួយនៅទ្វីបអាព្រិចខាងលិច នោះស្ត្រីម្នាក់បានខំរត់ទៅស្រុកក្រៅទោះជាមានការបាញ់រះយ៉ាងខ្លាំងក៏ដោយ។ ជីវិតរបស់នាងពោរពេញទៅដោយការភ័យខ្លាច ការសោកសង្រេង និងការបាក់ទឹកចិត្តយ៉ាងខ្លាំង។ ក្រោយមក ក្នុងកាលដែលក្រុមគ្រួសារគាត់រស់នៅប្រទេសក្រៅ ប្ដីរបស់នាងបានសម្រេចចិត្តដុតលិខិតអាពាហ៍ពិពាហ៍ចោល ដើម្បីអាចធ្វើជាសង្ឃ ហើយគាត់បណ្ដេញប្រពន្ធដែលមានផ្ទៃពោះ និងកូនប្រុសអាយុ១០ឆ្នាំឲ្យចេញពីផ្ទះ។ ប៉ុន្តែនៅពេលមានគេអានភីលីព ៤:៦, ៧និងទំនុកដំកើង ៥៥:២២ ជូនប្រពន្ធគាត់ស្ដាប់ ព្រមទាំងអានអត្ថបទផ្សេងៗស្រង់ចេញពីទស្សនាវដ្ដីប៉មយាម និងទស្សនាវដ្ដីភ្ញាក់រឭក! ទើបគាត់បានរកឃើញការសំរាលទុក្ខនិងគោលបំណងក្នុងជីវិត។
១២. (ក) តើព្រះគម្ពីរផ្ដល់ឲ្យការធូរស្បើយអ្វីចំពោះអស់អ្នកដែលខ្វះខាតខាងលុយកាក់? (ខ) តើស្មរបន្ទាល់ម្នាក់ក្នុងប្រទេសមួយនៅអាស៊ីបានជួយអតិថិជនម្នាក់យ៉ាងដូចម្ដេច?
១២ ការហិនហោចផ្នែកសេដ្ឋកិច្ច ធ្វើឲ្យមនុស្សរាប់លាននាក់មានការពិបាកក្នុងជីវិតណាស់។ ជួនកាលនេះគឺដោយសារសង្គ្រាមនិងលទ្ធផលក្រោយសង្គ្រាម។ នៅពេលខ្លះ នយោបាយមិនល្អរបស់រដ្ឋាភិបាលនិងការលោភ ហើយភាពមិនទៀងត្រង់របស់ពួកអ្នកកាន់អំណាចគ្រប់គ្រង បានបំផ្លាញប្រាក់ដែលប្រជាជនបានសន្សំទុក ហើយបានជំរុញឲ្យប្រជាជនបោះបង់នូវទ្រព្យសម្បត្ដិរបស់ខ្លួន។ មនុស្សឯទៀតពុំដែលមានរបស់ប្រើប្រាស់ជាច្រើនទេ។ មនុស្សទាំងអស់នេះពិតជាអាចទទួលការសំរាលទុក្ខដោយដឹងថា ព្រះធានានឹងជួយឲ្យមានការធូរស្បើយចំពោះអស់អ្នកដែលទុកចិត្តលើទ្រង់ ហើយទ្រង់ធានាថានឹងមានលោកីយ៍ដ៏សុចរិត ដែលមនុស្សនឹងគាប់ចិត្តនូវអ្វីដែលគេធ្វើ។ (ទំនុកដំកើង ១៤៦:៦, ៧; អេសាយ ៦៥:១៧, ២១-២៣; ពេត្រុសទី២ ៣:១៣) ពេលស្មរបន្ទាល់ម្នាក់ក្នុងប្រទេសមួយនៅអាស៊ីបានឮអតិថិជននិយាយដែលបញ្ជាក់អំពីការព្រួយចំពោះស្ថានការណ៍សេដ្ឋកិច្ចនៅប្រទេសនោះ គាត់បានពន្យល់ថាអ្វីៗដែលបានកើតឡើងនេះ គឺជាផ្នែកនៃព្រឹត្ដិការណ៍ដែលមានទូទាំងពិភពលោក។ ការពិគ្រោះអំពីម៉ាថាយ ២៤:៣-១៤ និងទំនុកដំកើង ៣៧:៩-១១ នេះបាននាំឲ្យអតិថិជននោះសិក្សាជាទៀងទាត់ជាមួយគាត់។
១៣. (ក) ពេលមនុស្សខកចិត្តនឹងសេចក្ដីសន្យាមិនពិត តើយើងអាចប្រើព្រះគម្ពីរដើម្បីជួយគេយ៉ាងដូចម្ដេច? (ខ) ប្រសិនបើមនុស្សមានអារម្មណ៍ថាស្ថានការណ៍ដ៏អាក្រក់បង្ហាញថាគ្មានព្រះ តើអ្នកអាចខំព្យាយាមវែកញែកជាមួយនឹងគេយ៉ាងដូចម្ដេច?
១៣ នៅពេលមនុស្សបានរងទុក្ខជាច្រើនឆ្នាំឬក៏បានតូចចិត្តនឹងសេចក្ដីសន្យាមិនពិតជាច្រើន ពួកគេប្រហែលជាមានចិត្តដូចពួកអ៊ីស្រាអែលនៅស្រុកអេស៊ីប ដោយសារ‹ពួកគេបាក់ទឹកចិត្ត›នោះពួកគេមិនចង់ស្ដាប់ទេ។ (និក្ខមនំ ៦:៩) ក្នុងករណីបែបនេះ គឺអាចមានប្រយោជន៍ បើបញ្ជាក់របៀបផ្សេងៗដែលព្រះគម្ពីរអាចជួយពួកគេឲ្យប្រឈមមុខដោះស្រាយដោយជោគជ័យនឹងបញ្ហា និងជៀសវាងឧបសគ្គដែលអាចជៀសបានដែលធ្វើឲ្យសៅហ្មងដល់ជីវិតមនុស្សជាច្រើន។ (ធីម៉ូថេទី១ ៤:៨ខ) មនុស្សខ្លះប្រហែលជាចាត់ទុកស្ថានការណ៍ដ៏ពិបាកនេះ ជាភស្តុតាងដែលថាគ្មានព្រះ ឬថាទ្រង់មិនយកព្រះទ័យទុកដាក់នឹងយើងទេ។ អ្នកអាចវែកញែកដោយប្រើបទគម្ពីរដែលត្រូវនឹងកាលៈទេសៈនេះ ដើម្បីជួយគេឲ្យដឹងថាព្រះបានប្រទានជំនួយ ប៉ុន្តែមនុស្សជាច្រើនឥតព្រមទទួលទេ។—អេសាយ ៤៨:១៧, ១៨
ចូរជួយសំរាលទុក្ខអស់អ្នកដែលរងគ្រោះ ដោយព្យុះសង្ឃរានិងកក្រើកដី
១៤, ១៥. ពេលមហន្តរាយមួយបាននាំឲ្យមនុស្សជាច្រើនភ័យតក់ស្លុត តើស្មរបន្ទាល់ព្រះយេហូវ៉ាបានបង្ហាញការយកចិត្តទុកដាក់យ៉ាងណា?
១៤ មហន្តរាយអាចកើតមានឡើងដោយសារព្យុះសង្ឃរា កក្រើកដី អគ្គិភ័យឬក៏ការផ្ទុះអ្វីមួយ។ សេចក្ដីទុក្ខសោកអាចមានជាទូទៅ។ តើយើងអាចធ្វើយ៉ាងណាដើម្បីជួយសំរាលទុក្ខមនុស្សដែលបានរួចរស់ជីវិត?
១៥ មនុស្សត្រូវការដឹងថាមានបុគ្គលម្នាក់ដែលយកចិត្តទុកដាក់។ ក្រោយពីការវាយលុករបស់ភេរវជនក្នុងប្រទេសមួយ មនុស្សជាច្រើនបានភ័យតក់ស្លុត។ មនុស្សជាច្រើនបាត់បង់សមាជិកគ្រួសារ បាត់បង់អ្នកចិញ្ចឹមក្រុមគ្រួសារ និងបាត់បង់មិត្តភក្ដិ។ មនុស្សខ្លះបាត់បង់ការងារ ឬក៏បាត់បង់សុវត្ថិភាពដែលគេធ្លាប់មាន។ ស្មរបន្ទាល់ព្រះយេហូវ៉ាបានព្យាយាមផ្ដល់ជំនួយដល់អស់អ្នកក្នុងសហគមន៍ខ្លួន ដោយបង្ហាញនូវការអាណិតអាសូរនិងផ្ដល់ការសំរាលទុក្ខពីព្រះគម្ពីរ។ មនុស្សជាច្រើនមានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់យើង។
១៦. ពេលមានមហន្តរាយនៅតំបន់មួយក្នុងប្រទេសអែលសាវ៉ាឌរ ហេតុអ្វីក៏ស្មរបន្ទាល់ក្នុងតំបន់នោះមានប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចបំរើផ្សាយ?
១៦ នៅប្រទេសអែលសាវ៉ាឌរ មានការកក្រើកដីយ៉ាងខ្លាំងមួយនៅឆ្នាំ២០០១ ហើយក្រោយមកក៏មានភក់យ៉ាងសម្បើមធ្លាក់ចុះពីលើភ្នំ ដែលសម្លាប់មនុស្សជាច្រើន។ កូនប្រុសដែលមានអាយុ២៥ឆ្នាំរបស់ស្មរបន្ទាល់ម្នាក់ និងប្អូនស្រីពីរនាក់របស់គូដណ្ដឹងនៃកូនប្រុសនេះក៏បានស្លាប់ដែរ។ ម្ដាយនៃយុវបុរសនេះនិងគូដណ្ដឹងរបស់គាត់ក៏បន្តក្នុងកិច្ចបំរើផ្សាយយ៉ាងឆាប់រហ័ស។ មនុស្សជាច្រើនបានប្រាប់គេថា គឺជាព្រះទេដែលមកយកពួកអ្នកស្លាប់ ឬក៏ជាព្រះហឫទ័យរបស់ព្រះ។ ស្មរបន្ទាល់នោះបានដកស្រង់សុភាសិត ១០:២២ ដើម្បីបង្ហាញថាព្រះមិនចង់ឲ្យយើងមានការឈឺចាប់ទេ។ ពួកគេអានរ៉ូម ៥:១២ ដើម្បីបង្ហាញថាសេចក្ដីស្លាប់បានមានមកពីអំពើបាបរបស់មនុស្សម្នាក់ មិនមែនជាបំណងព្រះហឫទ័យរបស់ព្រះទេ។ ពួកគេក៏បានបង្ហាញនូវសារដែលជួយសំរាលទុក្ខនៅទំនុកដំកើង ៣៤:១៨, ទំនុកដំកើង ៣៧:២៩, អេសាយ ២៥:៨ និងវិវរណៈ ២១:៣, ៤។ មនុស្សប្រុងស្ដាប់ដោយចិត្តរីករាយ ជាពិសេសស្ត្រីទាំងពីរនាក់នេះក៏បានបាត់បង់សមាជិកគ្រួសារដោយសារមហន្តរាយដែរ ហើយបន្ទាប់មក ពួកគេអាចចាប់ផ្ដើមការសិក្សាព្រះគម្ពីរជាមួយមនុស្សជាច្រើននាក់។
១៧. ពេលមានមហន្តរាយកើតឡើង តើយើងអាចផ្ដល់ជំនួយយ៉ាងណា?
១៧ ពេលមានមហន្តរាយកើតឡើង អ្នកអាចជួបអ្នកខ្លះដែលត្រូវការជំនួយភ្លាមៗខាងសម្ភារៈ។ នេះប្រហែលជាតម្រូវឲ្យទាក់ទងគ្រូពេទ្យ ជូនបុគ្គលនោះទៅមន្ទីរពេទ្យ ឬក៏ធ្វើអ្វីមួយដើម្បីផ្ដល់ជាម្ហូបអាហារនិងកន្លែងជ្រកកោន។ នៅឆ្នាំ១៩៩៨ ពេលមានមហន្តរាយបែបនេះបានកើតឡើងនៅប្រទេសអ៊ីតាលី អ្នកសារពត៌មានម្នាក់បានសង្កេតឃើញថា ស្មរបន្ទាល់ព្រះយេហូវ៉ា«ចាត់វិធានការធ្វើអ្វីដែលមានប្រយោជន៍ ដោយផ្ដល់ជំនួយដល់អស់អ្នកដែលរងទុក្ខ ហើយគ្មានប្រកាន់មនុស្សកាន់សាសនាណាមួយឡើយ»។ នៅក្នុងប្រទេសខ្លះ ព្រឹត្ដិការណ៍ដែលបានទាយសំរាប់ថ្ងៃជាន់ក្រោយបង្អស់នាំឲ្យមានការរងទុក្ខវេទនាយ៉ាងខ្លាំង។ នៅកន្លែងទាំងនោះ ស្មរបន្ទាល់ព្រះយេហូវ៉ាបង្ហាញថាទំនាយទាំងប៉ុន្មានក្នុងព្រះគម្ពីរ នឹងជួយសំរាលទុក្ខមនុស្សដោយប្រាប់អំពីការធានារ៉ាប់រងរបស់ព្រះគម្ពីរដែលថា ព្រះរាជាណាចក្ររបស់ព្រះនឹងនាំឲ្យមានសន្ដិសុខពិតសំរាប់មនុស្សជាតិ។—សុភាសិត ១:៣៣; មីកា ៤:៤
ចូរជួយសំរាលទុក្ខក្រុមគ្រួសារដែលមានសមាជិកស្លាប់
១៨-២០. ពេលមានសមាជិកម្នាក់ស្លាប់ក្នុងគ្រួសារ តើអ្នកអាចនិយាយឬធ្វើអ្វីដើម្បីជួយសំរាលទុក្ខ?
១៨ ជារៀងរាល់ថ្ងៃមនុស្សរាប់លាននាក់កាន់ទុក្ខ ដោយសារមនុស្សជាទីស្រឡាញ់ទទួលមរណភាព។ អ្នកប្រហែលជាជួបគេ ពេលអ្នកចូលរួមក្នុងកិច្ចបំរើផ្សាយ ឬក៏ពេលអ្នកទៅធ្វើការ។ តើអ្នកអាចនិយាយយ៉ាងណាឬធ្វើអ្វីក្នុងការជួយសំរាលទុក្ខ?
១៩ តើបុគ្គលនោះកំពុងតែមានទុក្ខព្រួយយ៉ាងខ្លាំងឬទេ? តើមានញាតិសន្ដានច្រើនកំពុងតែសោកសង្រេងក្នុងផ្ទះនោះឬទេ? ប្រហែលជាមានអ្វីច្រើនដែលអ្នកចង់និយាយ ប៉ុន្តែការប្រុងប្រយ័ត្នគឺសំខាន់ណាស់។ (សាស្ដា ៣:១, ៧) ការបង្ហាញនូវការអាណិតអាសូរ ដោយទុកឲ្យប្រកាសនវត្ថុព្រះគម្ពីរ (កូនសៀវភៅ ទស្សនាវដ្ដី ឬក៏ខិត្តប័ណ្ណ) ប្រហែលនេះជាទង្វើត្រឹមត្រូវ រួចមក ត្រឡប់ទៅជួបនៅបីបួនថ្ងៃក្រោយ ដើម្បីមើលថាតើគេត្រូវការជំនួយទៀតឬក៏យ៉ាងណា? នៅពេលដ៏សមគួរ ចូរជួយលើកទឹកចិត្តដោយបើកព្រះគម្ពីរមើលនូវចំណុចណាមួយ។ នេះអាចនាំឲ្យមានអានុភាពដ៏ល្អនិងជួយដល់សុខភាពផ្លូវចិត្តទៀតផង។ (សុភាសិត ១៦:២៤; ២៥:១១) អ្នកមិនអាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញដូចព្រះយេស៊ូបានទេ។ ប៉ុន្តែ អ្នកអាចប្រាប់នូវអ្វីដែលព្រះគម្ពីរចែងអំពីស្ថានភាពនៃមនុស្សស្លាប់ តែនេះមិនមែនជាពេលដើម្បីខំជំទាស់ទស្សនៈខុសនោះឡើយ។ (ទំនុកដំកើង ១៤៦:៤; សាស្ដា ៩:៥, ១០; អេសេគាល ១៨:៤) អ្នកអាចអានជាមួយគ្នានូវសេចក្ដីសន្យារបស់ព្រះគម្ពីរ ស្តីអំពីដំណើររស់ឡើងវិញ។ (យ៉ូហាន ៥:២៨, ២៩; កិច្ចការ ២៤:១៥) អ្នកអាចពិគ្រោះអត្ថន័យនៃសេចក្ដីសន្យាទាំងនេះ ប្រហែលដោយប្រើកំណត់ហេតុមួយក្នុងព្រះគម្ពីរអំពីដំណើររស់ឡើង។ (លូកា ៨:៤៩-៥៦; យ៉ូហាន ១១:៣៩-៤៤) ហើយបញ្ជាក់ប្រាប់ពីគុណសម្បត្ដិដ៏សំខាន់ៗរបស់ព្រះដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ ដែលបានប្រទាននូវសេចក្ដីសង្ឃឹមនេះ។ (យ៉ូប ១៤:១៤, ១៥; យ៉ូហាន ៣:១៦) សូមពន្យល់នូវរបៀបដែលអ្នកបានទទួលប្រយោជន៍ពីការបង្រៀននេះ ហើយមូលហេតុដែលអ្នកមានទំនុកចិត្តលើសេចក្ដីសង្ឃឹមទាំងនេះ។
២០ បើអ្នកអញ្ជើញគេឲ្យមកសាលព្រះរាជាណាចក្រ នេះអាចជួយអ្នកដែលកាន់ទុក្ខឲ្យស្គាល់មនុស្សដែលពិតជាស្រឡាញ់អ្នកជិតខាងរបស់ខ្លួន ហើយដែលចេះស្អាងចិត្តគ្នាទៅវិញទៅមក។ ស្ត្រីម្នាក់នៅប្រទេសស៊ុយអែតបានពិសោធដូច្នេះមែន ហើយគាត់បានខំរកមនុស្សបែបនេះតាំងពីយូរមកហើយ។—យ៉ូហាន ១៣:៣៥; ថែស្សាឡូនីចទី១ ៥:១១
២១, ២២. (ក) តើយើងត្រូវធ្វើអ្វី បើយើងចង់ជួយសំរាលទុក្ខនោះ? (ខ) តើអ្នកអាចជួយសំរាលទុក្ខដល់អ្នកដែលស្គាល់បទគម្ពីរហើយយ៉ាងដូចម្ដេច?
២១ ពេលអ្នកដឹងថាបុគ្គលណាម្នាក់កំពុងកាន់ទុក្ខ មិនថាជាសមាជិកក្រុមជំនុំឬអ្នកមិនមានជំនឿដូចគ្នាក្ដី តើពេលខ្លះអ្នកមិនដឹងថាគួរនិយាយឬធ្វើយ៉ាងណាឬទេ? ពាក្យក្រិចដែលបកប្រែថា«សំរាលទុក្ខ»ក្នុងព្រះគម្ពីរមានន័យចំៗថា«ហៅបុគ្គលម្នាក់មកជិតខ្លួន»។ អ្នកសំរាលទុក្ខដ៏ពិត មានន័យថាយើងត្រូវឲ្យអ្នកកាន់ទុក្ខស្រួលទាក់ទងនឹងយើង។—សុភាសិត ១៧:១៧
២២ ចុះយ៉ាងណា ប្រសិនបើបុគ្គលម្នាក់ដែលអ្នកចង់សំរាលទុក្ខគាត់ដឹងអ្វីដែលព្រះគម្ពីរចែងអំពីសេចក្ដីស្លាប់ហើយ ដឹងអំពីតម្លៃលោះ និងអំពីដំណើររស់ឡើងវិញនោះ? គ្រាន់តែវត្តមានរបស់មិត្តម្នាក់ដែលមានជំនឿដូចគ្នានោះ ក៏អាចជួយសំរាលទុក្ខដែរ។ ប្រសិនបើគាត់និយាយ ចូរប្រុងស្ដាប់គាត់ឲ្យមែនទែន។ ហើយអ្នកមិនចាំបាច់និយាយវែងដូចថ្លែងសុន្ទរកថានោះឡើយ។ ប្រសិនបើអានបទគម្ពីរ ចូរចាត់ទុកថានេះគឺមកពីព្រះដែលជួយឲ្យកម្លាំងចិត្តដល់អ្នកទាំងពីរចុះ! ចូរបង្ហាញនូវជំនឿស៊ប់របស់អ្នកទៅលើអ្វីដ៏ពិតដែលព្រះបានសន្យា។ ដោយបង្ហាញនូវសេចក្ដីមេត្ដារបស់ព្រះ និងដោយចែកប្រាប់នូវសេចក្ដីពិតដ៏មានតម្លៃក្នុងព្រះបន្ទូលរបស់ព្រះ ការធ្វើដូច្នេះបង្ហាញថា អ្នកអាចជួយអស់អ្នកដែលកាន់ទុក្ខ និងជួយផ្ដល់ឲ្យកម្លាំងចិត្តដែលមកពី«ព្រះដែលជួយសំរាលទុក្ខគ្រប់បែបយ៉ាងទាំងអស់» គឺព្រះយេហូវ៉ា។—កូរិនថូសទី២ ១:៣, ខ.ស.
[កំណត់សម្គាល់]
a សូមមើលសៀវភៅចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច ជំពូកទី៨ និងកូនសៀវភៅតើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ?
តើអ្នកនឹងនិយាយយ៉ាងណា?
• តើមនុស្សជាច្រើនបន្ទោសអ្នកណាចំពោះវិបត្ដិភ័យ? ហើយតើយើងអាចជួយពួកគេយ៉ាងដូចម្ដេច?
• តើយើងអាចធ្វើអ្វីដើម្បីជួយអ្នកដទៃឲ្យទទួលប្រយោជន៍ពេញលេញពីការសំរាលទុក្ខក្នុងព្រះគម្ពីរ?
• តើមានស្ថានការណ៍ណា ដែលនាំឲ្យមនុស្សជាច្រើនក្នុងតំបន់របស់អ្នកមានសេចក្ដីសោកសង្រេង? ហើយតើអ្នកអាចជួយសំរាលទុក្ខពួកគេយ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ២២]
ការប្រាប់នូវសារ ដែលជួយសំរាលទុក្ខដ៏ពិត ពេលមានមហន្តរាយ
[អ្នកផ្ដល់សិទ្ធិ]
Refugee camp: UN PHOTO 186811/J. Isaac