ម៉ាថាយ
១១ ពេលដែលលោកយេស៊ូបានណែនាំអ្នកកាន់តាមទាំងដប់ពីរនាក់រួចហើយ លោកចេញពីទីនោះដើម្បីទៅបង្រៀននិងផ្សព្វផ្សាយនៅក្រុងឯទៀត។
២ ក៏ប៉ុន្តែ ដោយសារនៅក្នុងគុក យ៉ូហានបានឮអំពីការដែលគ្រិស្តបានធ្វើ នោះគាត់ចាត់អ្នកកាន់តាមគាត់ ៣ ឲ្យសួរលោកថា៖ «តើលោកជាអ្នកដែលត្រូវមកឬ? ឬក៏យើងត្រូវរង់ចាំអ្នកមួយទៀត?»។ ៤ លោកយេស៊ូតបឆ្លើយថា៖ «ចូរទៅប្រាប់យ៉ូហាននូវអ្វីដែលអ្នកកំពុងឮហើយឃើញ ៥ គឺមនុស្សងងឹតភ្នែកកំពុងមើលឃើញ មនុស្សខ្វិនកំពុងដើរ មនុស្សកើតឃ្លង់បានជាស្អាត មនុស្សថ្លង់កំពុងស្ដាប់ឮ មនុស្សស្លាប់កំពុងត្រូវប្រោសឲ្យរស់ឡើងវិញ ហើយដំណឹងល្អកំពុងត្រូវផ្សព្វផ្សាយដល់មនុស្សក្រីក្រ។ ៦ ឯអ្នកណាដែលមិនរកហេតុឲ្យសង្ស័យលើខ្ញុំ* អ្នកនោះមានសុភមង្គលហើយ»។
៧ ពេលដែលអ្នកទាំងនោះចេញទៅវិញ នោះលោកយេស៊ូមានប្រសាសន៍ទៅកាន់បណ្ដាជនអំពីយ៉ូហានថា៖ «តើអ្នករាល់គ្នាបានចេញទៅតំបន់ស្ងាត់ជ្រងំដើម្បីមើលអ្វី? តើបានចេញទៅមើលដើមត្រែងមួយដែលយោលចុះយោលឡើងទៅតាមខ្យល់ឬ? ៨ បើមិនដូច្នេះ តើអ្នករាល់គ្នាបានចេញទៅមើលអ្វី? ទៅមើលបុរសម្នាក់ដែលមានសម្លៀកបំពាក់ទន់ល្មឿយឬ? ពួកអ្នកដែលនៅក្នុងលំនៅស្តេច ទើបមានសម្លៀកបំពាក់ទន់ល្មើយ។ ៩ បើមិនដូច្នេះ តើអ្នករាល់គ្នាបានចេញទៅមើលអ្វីទៅ? ទៅមើលអ្នកប្រកាសទំនាយឬ? ត្រូវហើយ! ខ្ញុំក៏ប្រាប់អ្នករាល់គ្នាថា គាត់មិនត្រឹមតែជាអ្នកប្រកាសទំនាយប៉ុណ្ណោះទេ។ ១០ អ្វីដែលបានត្រូវសរសេរថា៖ ‹មើល! ខ្ញុំនឹងចាត់អ្នកនាំពាក្យរបស់ខ្ញុំឲ្យទៅមុនអ្នក ហើយគាត់នឹងរៀបចំផ្លូវឲ្យអ្នក› គឺអំពីអ្នកនេះហើយ។ ១១ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ក្នុងចំណោមមនុស្សទាំងអស់ដែលធ្លាប់រស់នៅ គ្មានអ្នកណាលេចមកដែលធំជាងយ៉ូហាន ជាអ្នកជ្រមុជទឹកឡើយ។ ប៉ុន្តែអ្នកដែលតូចជាងគេក្នុងរាជាណាចក្រស្ថានសួគ៌គឺធំជាងគាត់។ ១២ តែតាំងពីគ្រាយ៉ូហានដែលជាអ្នកជ្រមុជទឹក រហូតមកដល់ឥឡូវនេះ រាជាណាចក្រស្ថានសួគ៌ជាគោលដៅដែលមនុស្សសង្វាតឈានទៅឈោងចាប់ ហើយអស់អ្នកដែលសង្វាតឈានទៅក៏ឈោងចាប់បាន។ ១៣ ពីព្រោះអ្នកប្រកាសទំនាយគ្រប់រូបនិងច្បាប់* បានទាយរហូតមកដល់គ្រាយ៉ូហាន ១៤ ហើយបើអ្នករាល់គ្នាយល់ថាត្រូវ អ្នកនោះឯងជា‹អេលីយ៉ា ដែលត្រូវមក›។ ១៥ អ្នកណាដែលមានត្រចៀក ចូរស្ដាប់ចុះ។
១៦ «តើខ្ញុំអាចប្រដូចមនុស្សជំនាន់នេះទៅនឹងអ្នកណា? ជំនាន់នេះគឺដូចកូនក្មេងដែលអង្គុយនៅផ្សារ ហើយស្រែកប្រាប់កូនក្មេងឯទៀត ១៧ ថា៖ ‹យើងបានផ្លុំខ្លុយឲ្យឯងរាល់គ្នា តែឯងមិនបានរាំទេ។ យើងបានទ្រហោ តែឯងរាល់គ្នាមិនបានគក់ទ្រូងកើតទុក្ខឡើយ›។ ១៨ ដូចគ្នាដែរ ពេលដែលយ៉ូហានមក គាត់មិនបានពិសាអាហារ ពិសាស្រា ដូចអ្នកឯទៀតទេ តែគេនិយាយថា៖ ‹គាត់មានវិញ្ញាណកំណាចចូល›។ ១៩ ពេលដែលកូនមនុស្សមក លោកបានពិសាអាហារ ពិសាស្រាដូចអ្នកឯទៀត។ ក៏ប៉ុន្តែ គេនៅតែនិយាយថា៖ ‹មើល! បុរសនេះល្មោភស៊ី ក៏ជាអ្នកផឹកស្រា ហើយជាមិត្តភក្ដិរបស់អ្នកយកពន្ធនិងអ្នកប្រព្រឹត្តអំពើខុសឆ្គង!›។ ទោះជាគេនិយាយយ៉ាងនោះក៏ដោយ អំពើសុចរិតដែលមនុស្សម្នាក់ធ្វើ បង្ហាញថាអ្នកនោះមានប្រាជ្ញា»។
២០ រួចមក លោកចាប់ផ្ដើមបន្ទោសក្រុងទាំងប៉ុន្មានដែលជាកន្លែងលោកបានធ្វើការដែលប្រកបដោយឫទ្ធានុភាពភាគច្រើន ពីព្រោះអ្នកក្រុងទាំងនោះមិនបានប្រែចិត្ត។ ២១ លោកមានប្រសាសន៍ថា៖ «ក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាណាស់! និងក្រុងបេតសេដាអើយ! អ្នកក៏ត្រូវវេទនាណាស់ដែរ! ពីព្រោះប្រសិនបើការប្រកបដោយឫទ្ធានុភាពដែលបានកើតឡើងនៅទីនោះ បានកើតឡើងនៅក្នុងក្រុងទីរ៉ុសនិងស៊ីដូនវិញ អ្នកក្រុងទាំងនោះមុខជាបានប្រែចិត្តជាយូរយារមកហើយ ទាំងស្លៀកបាវអង្គុយក្នុងផេះផង។ ២២ ដូច្នេះ ខ្ញុំប្រាប់អ្នកថា នៅថ្ងៃវិនិច្ឆ័យសេចក្ដី ក្រុងទីរ៉ុសនិងក្រុងស៊ីដូននឹងទទួលទោសស្រាលជាងអ្នក។ ២៣ ចំណែកអ្នកវិញ ក្រុងកាពើណិមអើយ តើអ្នកនឹងត្រូវលើកតម្កើងដល់មេឃឬ? អ្នកនឹងចុះទៅក្នុងផ្នូរ* វិញ ពីព្រោះប្រសិនបើការប្រកបដោយឫទ្ធានុភាពដែលបានកើតឡើងនៅទីនោះ បានកើតឡើងនៅក្រុងសូដុមវិញ ក្រុងនោះមុខជាបានគង់នៅរហូតមកដល់ឥឡូវនេះ។ ២៤ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃវិនិច្ឆ័យសេចក្ដី ក្រុងសូដុមនឹងទទួលទោសស្រាលជាងអ្នក»។*
២៥ នៅពេលនោះ លោកយេស៊ូមានប្រសាសន៍ថា៖ «ឱបិតា ជាម្ចាស់ស្ថានសួគ៌និងផែនដី ខ្ញុំសូមសរសើរលោកនៅមុខមនុស្ស ពីព្រោះលោកបានលាក់អ្វីៗទាំងនេះពីអ្នកប្រាជ្ញនិងអ្នកចេះដឹង តែបានបើកសម្ដែងឲ្យកូនតូចៗយល់វិញ ២៦ ពីព្រោះនេះគឺសមស្របតាមបំណងប្រាថ្នារបស់លោកជាបិតា។ ២៧ បិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំហើយ។ គ្មានអ្នកណាស្គាល់បុត្ររបស់ព្រះច្បាស់ជាងព្រះដែលជាបិតា ហើយគ្មានអ្នកណាស្គាល់ព្រះដែលជាបិតាច្បាស់ជាងបុត្ររបស់លោក និងអ្នកដែលបុត្ររបស់លោកសុខចិត្តបើកសម្ដែងឲ្យស្គាល់នោះទេ។ ២៨ អស់អ្នកដែលធ្វើការនឿយហត់ហើយមានបន្ទុកធ្ងន់អើយ! ចូរមកឯខ្ញុំចុះ ហើយខ្ញុំនឹងធ្វើឲ្យអ្នកមានកម្លាំងចិត្តឡើងវិញ។ ២៩ ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំ ពីព្រោះខ្ញុំស្លូត ក៏មានចិត្តរាបទាបផង នោះអ្នករាល់គ្នានឹងមានកម្លាំងចិត្តឡើងវិញ។ ៣០ ពីព្រោះនឹមរបស់ខ្ញុំស្រួលពាក់ ហើយបន្ទុកខ្ញុំក៏ស្រាល»។