ម៉ាថាយ
៥ ពេលឃើញបណ្ដាជន លោកក៏ឡើងលើភ្នំ ហើយអង្គុយចុះ។ រួចអ្នកកាន់តាមបានមកឯលោកនៅទីនោះ។ ២ បន្ទាប់មក លោកចាប់ផ្ដើមមានប្រសាសន៍ និងបង្រៀនពួកគេថា៖
៣ «អស់អ្នកដែលស្រេកឃ្លានចំពោះការណែនាំពីព្រះ នោះមានសុភមង្គលហើយ! ពីព្រោះរាជាណាចក្រស្ថានសួគ៌ជារបស់អ្នកទាំងនោះ។
៤ «អស់អ្នកដែលមានទុក្ខព្រួយ នោះមានសុភមង្គលហើយ! ពីព្រោះអ្នកទាំងនោះនឹងទទួលការសម្រាលទុក្ខ។
៥ «អស់អ្នកដែលមានចិត្តស្លូតបូត នោះមានសុភមង្គលហើយ! ពីព្រោះអ្នកទាំងនោះនឹងទទួលផែនដីជាមត៌ក។
៦ «អស់អ្នកដែលស្រេកឃ្លានចំពោះសេចក្ដីសុចរិត នោះមានសុភមង្គលហើយ! ពីព្រោះអ្នកទាំងនោះនឹងបានឆ្អែតស្កប់ស្កល់។
៧ «អស់អ្នកដែលមានចិត្តមេត្ដាករុណា នោះមានសុភមង្គលហើយ! ពីព្រោះអ្នកទាំងនោះក៏នឹងទទួលសេចក្ដីមេត្ដាករុណាផងដែរ។
៨ «អស់អ្នកដែលមានចិត្តបរិសុទ្ធ នោះមានសុភមង្គលហើយ! ពីព្រោះអ្នកទាំងនោះនឹងឃើញព្រះ។
៩ «អស់អ្នកដែលធ្វើឲ្យមានសន្ដិភាព នោះមានសុភមង្គលហើយ! ពីព្រោះមនុស្សនឹងហៅអ្នកទាំងនោះថា‹កូនព្រះ›។
១០ «អស់អ្នកដែលមនុស្សបានបៀតបៀនដោយសារសេចក្ដីសុចរិត នោះមានសុភមង្គលហើយ! ពីព្រោះរាជាណាចក្រស្ថានសួគ៌ ជារបស់អ្នកទាំងនោះ។
១១ «នៅពេលដែលមនុស្សតិះដៀល បៀតបៀន និងនិយាយរឿងអាក្រក់គ្រប់បែបយ៉ាង ដើម្បីបង្កាច់បង្ខូចអ្នករាល់គ្នាដោយព្រោះអ្នកកាន់តាមខ្ញុំ នោះអ្នកមានសុភមង្គលហើយ! ១២ ពីព្រោះគេធ្លាប់បៀតបៀនពួកអ្នកប្រកាសទំនាយ ដែលបានរស់នៅមុនអ្នករាល់គ្នាដូច្នេះដែរ។ ហេតុនេះចូរសប្បាយ ហើយត្រេកអរចុះ! ពីព្រោះអ្នករាល់គ្នាមានរង្វាន់យ៉ាងធំនៅស្ថានសួគ៌។
១៣ «អ្នករាល់គ្នាជាអំបិលនៃផែនដី។ ក៏ប៉ុន្តែ ប្រសិនបើអំបិលបាត់បង់ជាតិប្រៃ តើធ្វើដូចម្ដេចឲ្យមានជាតិប្រៃឡើងវិញបាន? អំបិលនោះនឹងគ្មានប្រយោជន៍អ្វីសោះ គឺសមតែបោះចោលឲ្យមនុស្សដើរជាន់ប៉ុណ្ណោះ។
១៤ «អ្នករាល់គ្នាជាពន្លឺបំភ្លឺពិភពលោក។ ក្រុងមួយដែលស្ថិតនៅលើភ្នំ គឺមិនកំបាំងពីភ្នែកមនុស្សឡើយ។ ១៥ មនុស្សមិនដែលអុជចង្កៀងរួចដាក់ក្រោមប្រដាប់វាល់ស្រូវឡើយ តែពួកគេដាក់លើជើងចង្កៀងវិញ ដើម្បីបំភ្លឺផ្ទះទាំងមូល។ ១៦ ដូចគ្នាដែរ ចូរឲ្យមនុស្សទាំងអស់ឃើញពន្លឺរបស់អ្នក។ យ៉ាងនោះ ពួកគេនឹងសរសើរបិតារបស់អ្នកដែលនៅស្ថានសួគ៌ ពេលដែលឃើញការល្អដែលអ្នករាល់គ្នាប្រព្រឹត្ត។
១៧ «កុំគិតស្មានថា ខ្ញុំបានមកដើម្បីបំផ្លាញច្បាប់* ឬសេចក្ដីបង្រៀនរបស់ពួកអ្នកប្រកាសទំនាយឡើយ។ ខ្ញុំមិនបានមកដើម្បីបំផ្លាញនោះទេ តែដើម្បីធ្វើឲ្យច្បាប់ និងសេចក្ដីបង្រៀនទាំងនោះបានសម្រេចវិញ។ ១៨ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ទោះជាមេឃនិងផែនដីបាត់សូន្យទៅក៏ដោយ ក៏តួអក្សរតូចជាងគេ ឬសញ្ញាបន្តក់មួយក្នុងច្បាប់នឹងមិនបាត់សូន្យឡើយ ទាល់តែច្បាប់ទាំងមូលបានត្រូវសម្រេចគ្រប់ជំពូក។ ១៩ ហេតុនេះ សូម្បីតែបញ្ញត្ដិដែលមនុស្សចាត់ទុកថាមិនសូវសំខាន់ក៏ដោយ បើអ្នកណាល្មើសបញ្ញត្ដិនោះ ហើយបង្រៀនអ្នកឯទៀតឲ្យធ្វើដូច្នោះ អ្នកនោះគឺមិនសមនឹងចូលរាជាណាចក្រស្ថានសួគ៌ឡើយ។ រីឯអ្នកណាដែលប្រព្រឹត្តតាមបញ្ញត្ដិទាំងនោះ ហើយបង្រៀនអ្នកឯទៀតឲ្យប្រព្រឹត្តតាមដែរ អ្នកនោះគឺសមនឹងចូលរាជាណាចក្រស្ថានសួគ៌។ ២០ ពីព្រោះប្រសិនបើការប្រព្រឹត្តរបស់អ្នករាល់គ្នាមិនសុចរិតជាងពួកផារិស៊ី និងពួកអ្នកជំនាញខាងច្បាប់ទេ នោះអ្នកនឹងមិនចូលរាជាណាចក្រស្ថានសួគ៌សោះឡើយ។
២១ «អ្នករាល់គ្នាធ្លាប់ឮអ្វីដែលគេប្រាប់ដល់មនុស្សនៅសម័យបុរាណថា៖ ‹អ្នកមិនត្រូវធ្វើឃាតកម្មឲ្យសោះ តែអ្នកណាដែលធ្វើឃាតកម្ម នឹងត្រូវតុលាការវិនិច្ឆ័យ›។ ២២ ក៏ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលខឹងងំនឹងបងប្អូនខ្លួន អ្នកនោះនឹងត្រូវតុលាការវិនិច្ឆ័យ។ តែអ្នកណាដែលនិយាយទៅកាន់បងប្អូនដោយប្រើពាក្យប្រមាថមើលងាយមិនគួរឲ្យពោល អ្នកនោះនឹងត្រូវវិនិច្ឆ័យដោយតុលាការកំពូល។ រីឯអ្នកដែលប្រើពាក្យថា៖ ‹អាគម្រក់!› អាចទទួលទោសក្នុងភ្លើងជ្រលងភ្នំហ៊ីណុំ។*
២៣ «ដូច្នេះ ប្រសិនបើអ្នកកំពុងយកគ្រឿងបូជាមកទីបូជា ហើយនៅទីនោះអ្នកនឹកឃើញថាបងប្អូនណាម្នាក់កំពុងប្រកាន់ទោសអ្នក ២៤ ចូរទុកគ្រឿងបូជារបស់អ្នកនៅមុខទីបូជា រួចទៅរកជានឹងបងប្អូនអ្នកសិន។ បន្ទាប់មក ចូរត្រឡប់មកបូជាអ្វីទាំងនោះចុះ។
២៥ «កាលដែលធ្វើដំណើរទៅតុលាការជាមួយនឹងអ្នកដែលរកប្ដឹងអ្នក ចូរឆាប់ដោះស្រាយជាមួយនឹងគាត់ ក្រែងគាត់បញ្ជូនអ្នកទៅចៅក្រម រួចចៅក្រមប្រគល់អ្នកទៅមន្ត្រីជំនួយតុលាការ ហើយអ្នកត្រូវជាប់គុក។ ២៦ ពីព្រោះគេប្រាកដជាមិនដោះលែងអ្នកពីគុកទេ ទាល់តែបានសងបំណុលឲ្យអស់ឥតខ្វះមួយសេន។*
២៧ «អ្នករាល់គ្នាធ្លាប់ឮគេថា៖ ‹អ្នកមិនត្រូវផិតក្បត់ឲ្យសោះ›។ ២៨ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលសម្លឹងមើលស្រីរហូតដល់កើតមានចិត្តស្រើបស្រាល អ្នកនោះបានផិតក្បត់ជាមួយនឹងនាងនៅក្នុងចិត្តរួចហើយ។ ២៩ ដូច្នេះ ប្រសិនបើភ្នែកស្ដាំរបស់អ្នក បណ្ដាលឲ្យអ្នកជំពប់ដួល* ចូរខ្វេះវាចេញ ហើយបោះចោលទៅ ពីព្រោះបើអ្នកបាត់បង់ភ្នែកម្ខាង គឺមានប្រយោជន៍ជាងរូបកាយទាំងមូលត្រូវបោះទៅក្នុងជ្រលងភ្នំហ៊ីណុំ។ ៣០ បន្ថែមទៅទៀត ប្រសិនបើដៃស្ដាំរបស់អ្នក បណ្ដាលឲ្យអ្នកជំពប់ដួល ចូរកាត់វាចេញ ហើយបោះចោលទៅ ពីព្រោះបើអ្នកបាត់បង់ដៃម្ខាង គឺមានប្រយោជន៍ជាងរូបកាយទាំងមូលត្រូវបោះទៅក្នុងជ្រលងភ្នំហ៊ីណុំ។
៣១ «ម្យ៉ាងវិញទៀត អ្នករាល់គ្នាធ្លាប់ឮគេថា៖ ‹អ្នកណាដែលលែងលះប្រពន្ធ អ្នកនោះត្រូវឲ្យលិខិតលែងលះទៅនាង›។ ៣២ ក៏ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលលែងលះប្រពន្ធដែលមិនបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* អ្នកនោះធ្វើឲ្យនាងអាចធ្លាក់ខ្លួនទៅជាអ្នកផិតក្បត់។ បន្ថែមទៅទៀត អ្នកណាដែលរៀបការជាមួយនឹងស្រីណាដែលប្ដីលែងដូច្នេះ អ្នកនោះប្រព្រឹត្តអំពើផិតក្បត់។
៣៣ «អ្នករាល់គ្នាក៏ធ្លាប់ឮអ្វីដែលគេប្រាប់ដល់មនុស្សនៅសម័យបុរាណថា៖ ‹អ្នកមិនត្រូវស្បថបំពានឡើយ តែអ្នកត្រូវធ្វើតាមពាក្យសម្បថចំពោះព្រះយេហូវ៉ាកុំខាន›។ ៣៤ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំស្បថឲ្យសោះ។ អ្នកមិនត្រូវស្បថដោយយកស្ថានសួគ៌ជាសាក្សីឡើយ ពីព្រោះនោះជាបល្ល័ង្ករបស់ព្រះ ៣៥ ក៏មិនត្រូវស្បថដោយយកផែនដីជាសាក្សីដែរ ពីព្រោះនោះជាទីកំណល់ជើងរបស់លោក។ កុំស្បថដោយយកក្រុងយេរូសាឡិមជាសាក្សីឡើយ ពីព្រោះនោះជាក្រុងរបស់ស្តេចដ៏ឧត្តុង្គឧត្តម ៣៦ ហើយអ្នកក៏មិនត្រូវយកជីវិត* ខ្លួនមកស្បថដែរ ពីព្រោះសូម្បីតែសក់មួយសរសៃ អ្នកមិនអាចធ្វើឲ្យប្រែជាសឬខ្មៅបានផង។ ៣៧ ប៉ុន្តែ គ្រាន់តែរក្សាសម្ដីប៉ុណ្ណោះ បើថា‹មែន› គឺមែន បើថា‹ទេ› គឺទេ ពីព្រោះសម្ដីណាដែលលើសពីនេះ គឺមកពីមេកំណាច។
៣៨ «អ្នករាល់គ្នាធ្លាប់ឮគេថា៖ ‹បើធ្វើឲ្យអ្នកណាម្នាក់របួសភ្នែក អ្នកត្រូវទទួលទោសឲ្យរបួសភ្នែកដែរ ហើយបើធ្វើឲ្យអ្នកណាម្នាក់បាក់ធ្មេញ អ្នកត្រូវទទួលទោសឲ្យបាក់ធ្មេញដែរ›។ ៣៩ ក៏ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំសងសឹកនឹងមនុស្សទុច្ចរិតឡើយ តែបើអ្នកណាទះកំផ្លៀងស្ដាំរបស់អ្នក ចូរបែរឲ្យគេទះម្ខាងទៀតចុះ ៤០ ហើយប្រសិនបើមានអ្នកណាចង់ប្ដឹងអ្នកទៅតុលាការ ដើម្បីទារយកសម្លៀកបំពាក់ក្នុងរបស់អ្នក នោះចូរឲ្យអ្នកនោះយកសម្លៀកបំពាក់ក្រៅរបស់អ្នកដែរ។ ៤១ បន្ថែមទៅទៀត បើអ្នកដែលមានអំណាចប្រើអ្នកឲ្យធ្វើការ ដោយបញ្ជាឲ្យទៅតាមគាត់មួយគីឡូម៉ែត្រ ចូរទៅជាមួយនឹងគាត់ពីរគីឡូម៉ែត្រចុះ។ ៤២ ពេលមានអ្នកណាសុំអ្វីពីអ្នក ចូរឲ្យទៅអ្នកនោះចុះ ហើយកុំបែរចេញពីអ្នកណាដែលចង់ខ្ចីអ្នកដោយមិនឲ្យការ។
៤៣ «អ្នករាល់គ្នាធ្លាប់ឮគេថា៖ ‹អ្នកត្រូវស្រឡាញ់អ្នកជិតខាង តែត្រូវស្អប់សត្រូវ›។ ៤៤ ក៏ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរបន្តស្រឡាញ់សត្រូវរបស់អ្នក ហើយអធិដ្ឋានដើម្បីអ្នកដែលបៀតបៀនអ្នក ៤៥ ដើម្បីបង្ហាញថាអ្នកជាកូននៃបិតារបស់អ្នកដែលនៅស្ថានសួគ៌ ពីព្រោះលោកធ្វើឲ្យថ្ងៃរះលើមនុស្សអាក្រក់និងមនុស្សល្អ ថែមទាំងបង្អុរភ្លៀងលើមនុស្សសុចរិតនិងមនុស្សទុច្ចរិត។ ៤៦ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់តែអ្នកណាដែលស្រឡាញ់អ្នក តើមានប្រយោជន៍អ្វី? ពួកអ្នកយកពន្ធក៏ធ្វើដូច្នោះដែរ មែនទេ? ៤៧ ហើយបើអ្នករាល់គ្នាសួរសុខទុក្ខតែបងប្អូនរបស់អ្នកប៉ុណ្ណោះ តើមានអ្វីអស្ចារ្យទៅ? ពីព្រោះជនជាតិដទៃធ្វើដូច្នេះដែរ មែនទេ? ៤៨ ហេតុនេះ អ្នករាល់គ្នាត្រូវមានគុណសម្បត្ដិសព្វគ្រប់ ដូចបិតារបស់អ្នកដែលនៅស្ថានសួគ៌ក៏មានគុណសម្បត្ដិសព្វគ្រប់ដែរ។