ជូនចំពោះគ្រិស្តសាសនិកជនជាតិហេប្រឺ
១១ ជំនឿគឺជាការទុកចិត្តដោយមានទីសំអាងមាំមួនថា អ្វីៗនឹងកើតឡើងដូចសង្ឃឹម+ ហើយជាការឃើញភ័ស្តុតាងដែលនាំឲ្យជឿជាក់ថា អ្វីដែលភ្នែកមើលមិនឃើញពិតជាមានមែន។ ២ ព្រោះដោយមានជំនឿដូចនេះ មនុស្សនៅសម័យបុរាណបានទទួលការបញ្ជាក់ថាព្រះពេញចិត្តពួកគេ។
៣ ដោយសារជំនឿ យើងយល់ឃើញថាអ្វីៗក្នុងសកលលោក*បានត្រូវរៀបចំឡើងដោយប្រសាសន៍របស់ព្រះ។ ហេតុនេះ អ្វីដែលយើងមើលឃើញបានកើតចេញពីអ្វីដែលយើងមើលមិនឃើញ។
៤ ដោយសារជំនឿ អេបិលបានជូនគ្រឿងបូជាដែលមានតម្លៃខ្ពស់ជាងគ្រឿងបូជារបស់កាអ៊ីន+ ហើយដោយសារជំនឿ ព្រះបានបញ្ជាក់ថាគាត់ជាមនុស្សសុចរិត ព្រោះលោកពេញចិត្តអំណោយរបស់គាត់។+ ទោះជាអេបិលស្លាប់ហើយក៏ដោយ គាត់នៅតែនិយាយនៅឡើយ+ តាមរយៈជំនឿរបស់គាត់។
៥ ដោយសារជំនឿ អេណុក+បានត្រូវយកចេញ ដើម្បីកុំឲ្យជួបសេចក្ដីស្លាប់ ហើយគេមិនអាចរកគាត់ឃើញឡើយ ពីព្រោះព្រះបានយកគាត់ចេញ។+ ប៉ុន្តែ មុនពេលដែលគាត់ត្រូវយកចេញ ព្រះបានបញ្ជាក់ថាគាត់ធ្វើឲ្យលោកពេញចិត្ត។ ៦ ម្យ៉ាងទៀត បើគ្មានជំនឿទេ នោះមិនអាចធ្វើឲ្យព្រះពេញចិត្តបានឡើយ ព្រោះអ្នកដែលចូលទៅជិតព្រះ ត្រូវតែជឿថាមានព្រះ ហើយជឿថាលោកឲ្យរង្វាន់ដល់អ្នកដែលខំស្វែងរកលោកអស់ពីចិត្ត។+
៧ ដោយសារជំនឿ ពេលណូអេ+ទទួលការព្រមានពីព្រះស្ដីអំពីការដែលគាត់មិនទាន់ឃើញនៅឡើយ+ នោះគាត់បង្ហាញការកោតខ្លាចចំពោះព្រះ ហើយសង់ទូកធំ+ដើម្បីសង្គ្រោះពួកអ្នកផ្ទះរបស់គាត់។ តាមរយៈជំនឿ គាត់បានបង្ហាញថាពិភពលោកសមនឹងត្រូវបំផ្លាញចោល+ ហើយគាត់បានទទួលមត៌កជាសេចក្ដីសុចរិតដែលមកពីជំនឿ។
៨ ដោយសារជំនឿ ពេលដែលអាប្រាហាំ+បានត្រូវហៅ នោះគាត់ស្ដាប់បង្គាប់ដោយចេញទៅកន្លែងដែលគាត់ត្រូវទទួលជាមត៌ក។ គាត់ចាកចេញទៅ ទោះជាគាត់មិនបានដឹងថាគាត់ទៅកន្លែងណាក៏ដោយ។+ ៩ ដោយសារជំនឿ គាត់បានស្នាក់នៅជាជនបរទេសក្នុងស្រុកដែលព្រះបានសន្យា+ ក៏បានរស់នៅក្នុងត្រសាល+ជាមួយនឹងអ៊ីសាកនិងយ៉ាកុប ជាអ្នកទទួលសេចក្ដីសន្យាដដែលនោះជាមត៌ករួមជាមួយនឹងគាត់។+ ១០ ព្រោះគាត់រង់ចាំក្រុងដែលមានគ្រឹះដ៏ពិត ជាក្រុងដែលមានព្រះជាអ្នកចេញប្លង់*និងជាអ្នកបង្កើត។+
១១ ដោយសារជំនឿ សារ៉ាបានទទួលសមត្ថភាពមានផ្ទៃពោះបង្កើតកូន* ទោះជានាងហួសអាយុនឹងបង្កើតកូនក៏ដោយ+ ពីព្រោះនាងចាត់ទុកថាលោកដែលបានសន្យាការនោះគឺស្មោះត្រង់។* ១២ ម្ល៉ោះហើយ ពីបុរសតែម្នាក់ដែលប្រៀបដូចជាស្លាប់+ មានកូនកើតមក+ដែលមានចំនួនច្រើនដូចផ្កាយនៅលើមេឃ និងដែលរាប់មិនអស់ដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។+
១៣ អ្នកទាំងអស់នោះបានស្លាប់ដោយមានជំនឿ ទោះជាពួកគេមិនបានទទួលអ្វីដែលបានត្រូវសន្យាក៏ដោយ។+ ប៉ុន្តែ ពួកគេបានឃើញការនោះពីចម្ងាយ+ ហើយបានរីករាយនឹងការនោះ ថែមទាំងបានប្រកាសជាចំហថា ពួកគេជាជនបរទេសនិងជាអ្នកស្នាក់នៅបណ្ដោះអាសន្នក្នុងស្រុក។ ១៤ ព្រោះមនុស្សដែលនិយាយដូច្នោះ បញ្ជាក់ថាពួកគេកំពុងស្វែងរកយ៉ាងអស់ពីចិត្តនូវកន្លែងដែលនឹងទៅជារបស់ខ្លួន។ ១៥ ទោះជាយ៉ាងនោះក៏ដោយ ប្រសិនបើពួកគេបន្តនឹកនាដល់កន្លែងដែលពួកគេបានចាកចេញ+ ពួកគេនឹងមានឱកាសត្រឡប់ទៅវិញ។ ១៦ ប៉ុន្តែ ពួកគេកំពុងខំព្យាយាមដើម្បីឲ្យបានកន្លែងដែលប្រសើរជាង ជាកន្លែងរបស់ស្ថានសួគ៌។ ដូច្នេះ ព្រះមិនអៀនខ្មាសទេដែលលោកបានត្រូវហៅថាជាព្រះរបស់ពួកគេ+ ព្រោះលោកបានរៀបចំក្រុងមួយសម្រាប់ពួកគេ។+
១៧ ដោយសារជំនឿ ពេលដែលអាប្រាហាំបានត្រូវល្បងល+ គាត់បានបង្ហាញជំនឿរបស់គាត់ដោយបម្រុងនឹងបូជាអ៊ីសាក ពោលគឺអាប្រាហាំដែលបានទទួលសេចក្ដីសន្យាដោយអំណរ ហៀបនឹងបូជាកូនប្រុសតែមួយរបស់គាត់+ ១៨ ទោះជាព្រះបានមានប្រសាសន៍ទៅគាត់ថា៖ «អ្នកដែលនឹងត្រូវហៅថាកូនចៅ*របស់អ្នក នឹងកើតពីអ៊ីសាក»ក៏ដោយ។+ ១៩ ប៉ុន្តែ គាត់យល់ឃើញថា ព្រះអាចប្រោសឲ្យអ៊ីសាករស់ឡើងវិញ សូម្បីតែស្លាប់ទៅហើយ។ រួចគាត់បានទទួលអ៊ីសាកពីសេចក្ដីស្លាប់ក្នុងន័យធៀបមែន។+
២០ ដោយសារជំនឿ អ៊ីសាកបានឲ្យពរដល់យ៉ាកុប+និងអេសាវ+ស្ដីអំពីអ្វីៗនៅថ្ងៃមុខ។
២១ ដោយសារជំនឿ ពេលដែលយ៉ាកុបជិតស្លាប់+ គាត់ឲ្យពរដល់កូនប្រុសម្នាក់ៗរបស់យ៉ូសែប+ រួចលំឱនកាយគោរពព្រះ*កាលដែលច្រត់លើដំបងរបស់គាត់។+
២២ ដោយសារជំនឿ ពេលដែលយ៉ូសែបជិតស្លាប់ គាត់និយាយអំពីការចាកចេញរបស់កូនចៅអ៊ីស្រាអែល ហើយគាត់ឲ្យបង្គាប់ដល់ពួកគេស្ដីអំពីឆ្អឹងរបស់គាត់។+
២៣ ដោយសារជំនឿ ឪពុកម្ដាយរបស់ម៉ូសេបានលាក់គាត់អស់បីខែ+ក្រោយពីគាត់បានកើតមក ពីព្រោះពួកគាត់ឃើញថាកូនតូចនោះស្អាតណាស់+ ហើយពួកគាត់មិនខ្លាចបង្គាប់របស់ស្ដេចទេ។+ ២៤ ដោយសារជំនឿ ពេលដែលម៉ូសេធំពេញវ័យ+ គាត់មិនព្រមឲ្យគេហៅគាត់ថាជាកូនរបស់កូនស្រីផារ៉ូឡើយ។+ ២៥ គាត់សម្រេចចិត្តឲ្យគេធ្វើបាបគាត់ជាមួយនឹងរាស្ដ្ររបស់ព្រះ ជាជាងសប្បាយមួយរយៈពេលខ្លីនឹងអំពើខុសឆ្គង ២៦ ដោយសារគាត់ចាត់ទុកការរងការជេរប្រមាថក្នុងនាមជាអ្នកដែលព្រះបានតែងតាំង*ថា ជាទ្រព្យវិសេសជាងទ្រព្យទាំងអស់ក្នុងស្រុកអេហ្ស៊ីប ព្រោះគាត់សម្លឹងចំទៅរង្វាន់។ ២៧ ដោយសារជំនឿ គាត់ចេញពីស្រុកអេហ្ស៊ីប+ តែមិនមែនដោយខ្លាចកំហឹងរបស់ស្ដេចទេ+ ព្រោះគាត់បន្តស៊ូទ្រាំយ៉ាងអត់ធ្មត់ ហាក់ដូចជាមើលឃើញព្រះដែលមនុស្សមើលមិនឃើញ។+ ២៨ ដោយសារជំនឿ គាត់បានធ្វើបុណ្យរំលង ហើយប្រោះឈាម ដើម្បីកុំឲ្យទេវតារបស់ព្រះប៉ះពាល់កូនច្បងរបស់ពួកគេ។+
២៩ ដោយសារជំនឿ ពួកគេបានដើរកាត់សមុទ្រក្រហមដូចដើរលើដីគោក។+ ប៉ុន្តែ ពេលដែលជនជាតិអេហ្ស៊ីបដេញតាម នោះទឹកសមុទ្របានលេបពួកគេបាត់។+
៣០ ដោយសារជំនឿ ជនជាតិអ៊ីស្រាអែលបានដើរជុំវិញកំពែងក្រុងយេរីខូអស់៧ថ្ងៃ ហើយកំពែងនោះបានរលំ។+ ៣១ ដោយសារជំនឿ រ៉ាហាបដែលជាស្រីពេស្យាមិនបានវិនាសជីវិតជាមួយនឹងពួកអ្នកដែលមិនស្ដាប់បង្គាប់ឡើយ ពីព្រោះនាងបានទទួលពួកអ្នកស៊ើបការណ៍ដោយរាក់ទាក់។+
៣២ តើខ្ញុំគួររៀបរាប់អំពីអ្នកណាទៀត? ព្រោះគ្មានពេលគ្រប់គ្រាន់ឲ្យខ្ញុំរៀបរាប់អំពីគេឌាន+ បារ៉ាក់+ សាំសុន+ យែបថា+ ដាវីឌ+ ព្រមទាំងសាំយូអែល+ និងពួកអ្នកប្រកាសទំនាយឯទៀតទេ ៣៣ ព្រោះតាមរយៈជំនឿ ពួកគេបានច្បាំងឈ្នះរាជាណាចក្រផ្សេងៗ+ បានធ្វើឲ្យមានសេចក្ដីសុចរិត បានទទួលសេចក្ដីសន្យា+ បានបិទមាត់តោ+ ៣៤ បានទប់កម្ដៅភ្លើង+ បានរួចពីមុខដាវ+ ធ្លាប់ខ្សោយតែបានត្រូវធ្វើឲ្យមានកម្លាំងខ្លាំងក្លា+ បានទៅជាអ្នកច្បាំងអង់អាចក្នុងសង្គ្រាម+ និងបានបំបាក់ទ័ពឈ្លានពាន។+ ៣៥ ស្ត្រីខ្លះបានទទួលអស់អ្នកដែលស្លាប់មកវិញ តាមរយៈការប្រោសឲ្យរស់ឡើងវិញ។+ ប៉ុន្តែ បុរសឯទៀតត្រូវគេធ្វើទារុណកម្ម ដោយសារពួកគេមិនព្រមលះបង់ជំនឿដើម្បីឲ្យរួចខ្លួនទេ។ យ៉ាងនេះ ពួកគេអាចទទួលការប្រោសឲ្យរស់ឡើងវិញដែលប្រសើរជាង។ ៣៦ ចំណែកអ្នកឯទៀតបានត្រូវល្បងលដោយការចំអកមើលងាយ ត្រូវគេវាយ ថែមទាំងត្រូវគេដាក់គុកដាក់ច្រវាក់ទៀតផង។+ ៣៧ ពួកគេត្រូវគេគប់នឹងថ្ម+ ត្រូវគេល្បងល ត្រូវគេអារបណ្ដាច់ខ្លួន និងត្រូវគេសម្លាប់ដោយដាវ។+ ពួកគេស្លៀករោមចៀមនិងរោមពពែ+ ក៏បានខ្វះខាត រងទុក្ខលំបាក+ និងត្រូវគេធ្វើបាប+ ៣៨ ហើយពិភពលោកមិនសមនឹងពួកគេឡើយ។ ពួកគេរស់នៅតាមរអាង+ តំបន់ស្ងាត់ជ្រងំ ភ្នំ និងរូងដី។
៣៩ ប៉ុន្តែ អ្នកទាំងអស់នោះមិនបានទទួលអ្វីដែលព្រះបានសន្យាទេ ទោះជាលោកបានបញ្ជាក់ថាលោកពេញចិត្តពួកគេក៏ដោយ។ ៤០ ពួកគេមិនអាចទៅជាល្អឥតខ្ចោះមុនយើងទេ*+ ព្រោះព្រះឃើញទុកជាមុននូវអ្វីដែលប្រសើរជាងសម្រាប់យើង។