ដើមកំណើត
៣ ពស់+ជាសត្វដែលចេះប្រុងប្រយ័ត្ន* លើសអស់ទាំងសត្វព្រៃឯទៀតដែលព្រះយេហូវ៉ាបានបង្កើត។ វាបានសួរស្ត្រីថា៖ «តើព្រះពិតជាមានប្រសាសន៍ថា អ្នកមិនត្រូវបរិភោគផ្លែពីដើមឈើទាំងអស់ក្នុងសួននេះមែនឬ?»។+ ២ ស្ត្រីក៏ឆ្លើយថា៖ «យើងអាចបរិភោគផ្លែពីដើមឈើទាំងអស់នៅក្នុងសួនបាន។+ ៣ ប៉ុន្តែ ព្រះបានមានប្រសាសន៍អំពីផ្លែនៃដើមឈើមួយដែលនៅកណ្ដាលសួននេះថា៖+ ‹អ្នកមិនត្រូវបរិភោគពីដើមនេះឡើយ ថែមទាំងកុំប៉ះពាល់ផង។ បើមិនដូច្នោះទេ អ្នកនឹងស្លាប់ជាមិនខាន›»។ ៤ ពេលនោះ ពស់បាននិយាយទៅកាន់ស្ត្រីថា៖ «អ្នកប្រាកដជាមិនស្លាប់ទេ។+ ៥ ព្រោះព្រះជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគផ្លែពីដើមនោះ ភ្នែកអ្នកនឹងត្រូវបំភ្លឺ ហើយអ្នកនឹងបានដូចព្រះដែរ គឺស្គាល់ល្អស្គាល់អាក្រក់»។+
៦ ដូច្នេះ ស្ត្រីបានសម្លឹងមើលដើមនោះ ហើយឃើញថាផ្លែពីដើមនោះគួរឲ្យចង់បរិភោគ ថែមទាំងគួរឲ្យទាក់ទាញភ្នែកទៀតផង នោះនាងក៏បេះយកមកបរិភោគ។+ ក្រោយមក ពេលដែលនាងនៅជាមួយប្ដី នាងបានចែកឲ្យប្ដី ហើយគាត់ក៏បរិភោគទៅ។+ ៧ រួចមក ភ្នែករបស់ពួកគេបានត្រូវបំភ្លឺ ហើយពួកគេបានឃើញថាពួកគេនៅខ្លួនទទេ។ ដូច្នេះ ពួកគេបានដេរស្លឹកល្វាធ្វើជាប្រដាប់បិទបាំងកេរ្តិ៍ខ្មាស។+
៨ ក្រោយនោះ ពួកគេបានឮសំឡេងរបស់ព្រះយេហូវ៉ា កាលដែលលោកដើរនៅក្នុងសួនពេលខ្យល់បក់ត្រសៀកៗ។* ពេលនោះ បុរសនិងប្រពន្ធរបស់គាត់ បានពួនពីព្រះយេហូវ៉ា នៅក្រោយដើមឈើក្នុងសួន។ ៩ ព្រះយេហូវ៉ាបានហៅរកបុរសនោះម្ដងហើយម្ដងទៀតថា៖ «តើអ្នកនៅឯណា?»។ ១០ នៅទីបំផុត បុរសនោះបានឆ្លើយថា៖ «ខ្ញុំឮសំឡេងលោកនៅក្នុងសួន តែខ្ញុំភ័យខ្លាច ហើយក៏រត់ទៅពួន ព្រោះខ្ញុំនៅខ្លួនទទេ»។ ១១ លោកបានសួរគាត់វិញថា៖ «តើអ្នកណាប្រាប់អ្នកថាខ្លួនអ្នកនៅទទេ?+ តើអ្នកបានបរិភោគផ្លែពីដើមដែលខ្ញុំបានហាមមិនឲ្យបរិភោគឬ?»។+ ១២ បុរសនោះក៏ឆ្លើយថា៖ «ស្ត្រីដែលលោកបានប្រគល់មកឲ្យខ្ញុំនោះ នាងបានឲ្យផ្លែពីដើមនោះមកខ្ញុំ ដូច្នេះ ខ្ញុំក៏បរិភោគទៅ»។ ១៣ បន្ទាប់មក ព្រះយេហូវ៉ាបានសួរស្ត្រីថា៖ «ម្ដេចក៏នាងធ្វើដូច្នេះ?»។ ស្ត្រីបានឆ្លើយតបថា៖ «សត្វពស់វាបានបញ្ឆោតខ្ញុំ ដូច្នេះ ខ្ញុំក៏បរិភោគទៅ»។+
១៤ បន្ទាប់មក ព្រះយេហូវ៉ាបាននិយាយទៅកាន់សត្វពស់ថា៖+ «ដោយសារអ្នកបានធ្វើដូចនោះ អ្នកជាសត្វដែលត្រូវបណ្ដាសា នៅក្នុងពពួកសត្វស្រុកនិងសត្វព្រៃ។ អ្នកនឹងត្រូវលូន ហើយស៊ីធូលីដីអស់មួយជីវិត។ ១៥ ខ្ញុំនឹងធ្វើឲ្យអ្នក+និងស្ត្រី+ក្លាយទៅជាសត្រូវនឹងគ្នា+ ព្រមទាំងពូជអ្នក+និងពូជនាងដែរ។+ ពូជនាងនឹងកិនក្បាលអ្នក+ ហើយអ្នកនឹងចឹកកែងជើងគាត់»។+
១៦ បន្ទាប់មក លោកបាននិយាយទៅកាន់ស្ត្រីថា៖ «ខ្ញុំនឹងធ្វើឲ្យនាងឈឺចាប់កាន់តែខ្លាំងឡើងៗនៅគ្រាដែលមានផ្ទៃពោះ ហើយនាងនឹងសម្រាលកូនមកដោយការឈឺចាប់។ នាងនឹងប្រាថ្នារកប្ដី ហើយប្ដីនឹងត្រួតត្រាលើនាង»។
១៧ ព្រះបានមានប្រសាសន៍ទៅកាន់អាដាម*ថា៖ «ដោយព្រោះអ្នកបានស្ដាប់តាមប្រពន្ធ ហើយបានបរិភោគផ្លែពីដើមដែលខ្ញុំបានបង្គាប់ថា៖+ ‹អ្នកមិនត្រូវបរិភោគពីដើមនេះឡើយ› នោះដីនឹងត្រូវបណ្ដាសាដោយសារអ្នក។+ អ្នកនឹងបរិភោគផលពីដីដោយសេចក្ដីលំបាកអស់មួយជីវិត។+ ១៨ ដីនឹងដុះដើមបន្លានិងស្មៅចង្រៃ ហើយអ្នកត្រូវបរិភោគអស់ទាំងរុក្ខជាតិដែលដុះនៅឯវាល។ ១៩ អ្នកនឹងបានអាហារ*បរិភោគដោយការបែកញើស រហូតដល់អ្នកស្លាប់ហើយត្រឡប់ទៅជាដីវិញ ព្រោះខ្ញុំបានយកអ្នកពីដីមក។+ អ្នកបានត្រូវធ្វើពីដី អ្នកក៏ត្រូវត្រឡប់ទៅជាដីវិញដែរ»។+
២០ ក្រោយមក អាដាមបានដាក់ឈ្មោះប្រពន្ធគាត់ថាអេវ៉ា* ពីព្រោះនាងនឹងក្លាយទៅជាម្ដាយនៃមនុស្សទាំងអស់។+ ២១ ព្រះយេហូវ៉ាបានធ្វើអាវវែងពីស្បែកសត្វ ឲ្យអាដាមនិងប្រពន្ធគាត់ពាក់។+ ២២ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «មើល ឥឡូវមនុស្សស្គាល់ល្អស្គាល់អាក្រក់ដូចយើងហើយ។+ ដូច្នេះ ខ្ញុំត្រូវធ្វើអ្វីមួយ ដើម្បីកុំឲ្យពួកគេអាចលូកដៃទៅបេះផ្លែពីដើមឈើដែលផ្ដល់ជីវិត+យកមកបរិភោគ ហើយរស់ជារៀងរហូត»។ ២៣ រួចមក ព្រះយេហូវ៉ាបានបណ្ដេញគាត់ពីសួនអេដែន+ ឲ្យគាត់ទៅភ្ជួររាស់ដីដែលព្រះបានយកមកបង្កើតគាត់។+ ២៤ ក្រោយពីព្រះបានបណ្ដេញគាត់ លោកបានដាក់ចេរូប៊ីនឲ្យឈរយាមនៅខាងកើតសួនអេដែន+ ព្រមទាំងដាក់ដាវភ្លើងឲ្យវិលឥតឈប់ ដើម្បីការពារផ្លូវទៅឯដើមឈើដែលផ្ដល់ជីវិត។